ដោយៈគង់ សូរិយា
ភ្នំពេញៈ ប្រធានសមាគមអចលនទ្រព្យសកល(GRA) លោកឧកញ៉ាសំ សុខនឿនបានមានប្រសាសន៍ថា ការបើកដំណើរការសេដ្ឋកិច្ចឡើងវិញរបស់រដ្ឋាភិបាល បាននិងកំពុងធ្វើឲ្យវិស័យអចលនទ្រព្យងើបឡើងវិញ និងសកម្មភាពអាជីវកម្មដទៃទៀតបានចាប់ផ្តើមដំណើរការល្អប្រសើរ។
លោកឧកញ៉ាសំ សុខនឿនបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២៨ តុលានេះថា លោកសង្កេតឃើញថាមួយរយៈចុងក្រោយនេះ បន្ទាប់ពីសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសជាសាធារណៈ បើកដំណើរកការសេដ្ឋកិច្ច និងទទួលភ្ញៀវទេសចរណ៍វ៉ាក់សាំងឡើងវិញជាផ្លូវការ ពិសេសដំណើរការអាជីវកម្មនានាឡើងវិញ បានធ្វើឲ្យប្រជាពលរដ្ឋមានទំនុកចិត្ត ទៅលើការបើកសេដ្ឋកិច្ចឡើងវិញ ដោយពួកគាត់បានបញ្ចេញលុយទិញលក់អចលនទ្រព្យឡើងវិញ។
លោកបន្តថា “ប្រជាពលរដ្ឋកម្ពុជាលែងផ្អឹបទុកសាច់ប្រាក់ហើយ ពួកគេចាប់ផ្តើមបញ្ចេញសម្រាប់ការវិនិយោគ លើអចលនទ្រព្យឡើងវិញហើយ ស្របពេលវិស័យអចលទ្រព្យបានផ្តល់ផលចំណេញយ៉ាងច្រើន ដល់អ្នកវិនិយោគជាតិ និងអន្តរជាតិ”។លោកបន្តថា “មួយរយៈចុងក្រោយនេះ សន្ទុះនៃការរទិញមានការកើនឡើង ដោយសារប្រជាពលរដ្ឋមានភាពកក់ក្តៅនឹងរដ្ឋាភិបាល ពួកគាត់បានចាក់វ៉ាក់សាំងស្ទើរគ្រប់គ្នាអស់ហើយ”។
លោកឧកញ៉ាសំ សុខនឿនបានបន្តថា សកម្មភាពអាជីវកម្មនានា ទាំងសាលារៀន ភោជនីយដ្ឋាន សណ្ឋាគារ និងសេវាកម្មអាជីវកម្មដទៃទៀតបានបើកឡើងវិញ ជាមូលដ្ឋានដ៏ត្រឹមត្រូវ ព្រោះបើចង់ឲ្យសេដ្ឋកិច្ចដំណើរការឡើងវិញ គឺចលនានៃការចំណាយប្រាក់កើតឡើង ហើយជាលទ្ឋផលយើងឃើញថា ការបញ្ចេញសាច់ប្រាក់ក្នុងសេដ្ឋកិច្ចបានដំណើរការបន្តិចម្តងៗហើយ៕