ដោយៈសុខុម
ប៉េកាំង: ប្រទេសចិន បានធ្វើការរឹតបន្តឹងលើការសាងសង់ អគារខ្ពស់កប់ពពកក្នុងទីក្រុងតូចៗ ហើយការរឹតបន្តឹងនេះគឺជាផ្នែកមួយ នៃការបង្រ្កាបលើគម្រោងអភិវឌ្ឍន៍ចាយលុយខ្ជះខ្ជាយពីសំណាក់រដ្ឋាភិបាលថ្នាក់មូលដ្ឋាននានា ដើម្បីបង្អួតឱ្យគេស្ញប់ស្ញែង។
យោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី២៧ តុលា ឱ្យដឹងថា ក្រសួងលំនៅដ្ឋាន និងអភិវឌ្ឍន៍ទីក្រុង-ជនបទបានប្រកាសកាលពីថ្ងៃទី២៦ តុលា ថា ប្រសិនបើគ្មានការអនុម័តពិសេសទេនោះ ទីក្រុងតូចៗនានាដែលមានប្រជាជន តិចជាង៣លាននាក់មិនអាចសាងសង់ អគារមានកំពស់ខ្ពស់លើសពី១៥០ម៉ែត្រឡើយ ហើយទីក្រុងដែលមានប្រជាជនច្រើនជាងនេះ មិនអាចសាងសង់អគារខ្ពស់លើស២៥០ម៉ែត្របានឡើយ។
វិធានការក្ដៅនេះបន្ថែមពីលើបម្រាមមានស្រាប់មួយ ដែលហាមមិនឱ្យសាងសង់អគារខ្ពស់លើសពី៥០០ម៉ែត្រ។
ក្រសួងដដែលបានបញ្ជាក់ថា មន្ត្រីណាដែលអនុម័តគម្រោងបែបនេះ បំពានច្បាប់ថ្មីនេះ “នឹងត្រូវទទួលខុសត្រូវមួយជីវិត” ប៉ុន្តែមិនបញ្ជាក់ឱ្យច្បាស់ឡើយ។
ប្រទេសចិន មានអគារជាច្រើនដែលជាប់ ក្នុងចំណោមអគារខ្ពស់ៗបំផុតក្នុងពិភពលោករួមមានទាំងអគារ Shanghai Tower កម្ពស់៦៣២ម៉ែត្រ និងអគារ Ping An Finance Center កម្ពស់៥៦៦,១ម៉ែត្រនៅក្រុងស៊ឹនជិន (Shenzhen) ផងដែរ។
ប្រទេសចិនទទួលស្គាល់ថា ការសាងសង់អគារខ្ពស់ៗចំណេញដី ជាងការសាងសង់អគារទាបៗ ប៉ុន្តែទន្ទឹមនេះខ្លួនក៏មានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា មន្ត្រីមូល ដ្ឋានកំពុងបន្តសាងសង់អគារខ្ពស់ៗទាំងងងឹតងងុល ដោយមិនយកចិត្តទុកដាក់លើការអនុវត្តជាក់ស្តែង និងសុវត្ថិភាព។
ជាក់ស្ដែងកាលពីដើមឆ្នាំនេះ អគារ៧១ជាន់មួយដែលមានកម្ពស់៣៥៦ម៉ែត្រក្នុងទីក្រុងស៊ឹនជិន បានញ័ររញ្ជួយម្ដងហើយម្ដងទៀត បង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងអំពីសុវត្ថិភាព។ លទ្ធផលនៃការស៊ើបអង្កេតបានរកឃើញថា មូលហេតុនៃការញ័រជញ្ជួយនោះគឺដោយសារបង្គោលអង់តែនកម្ពស់ជាង៥០ម៉ែត្រ នៅលើកំពូលនៃអគារនេះត្រូវខ្យល់បក់បោកខ្លាំង។
មិនយូរប៉ុន្មានក្រោយពីឧប្បត្តិហេតុអគារញ័ររញ្ជួយនេះ រដ្ឋាភិបាលចិនបានចេញបម្រាមទូទាំងប្រទេសកាលពីខែកក្កដា លើការសាងសង់អគារមិនឱ្យលើសពី៥០០ម៉ែ ត្រ។ អគារដែលញ័ររញ្ជួយនៅក្រុងស៊ឹនជិន ខាងលើនេះត្រូវបានដាក់ឱ្យដំណើរការឡើងវិញក្នុងខែកញ្ញា បន្ទាប់ពីបង្គោលអង់តែននោះត្រូវបានរុះរើចេញ។
ក្រសួងដដែលនិយាយថា ទន្ទឹមនេះរដ្ឋាភិបាលថ្នាក់មូលដ្ឋាន ក៏ត្រូវចុះត្រួតពិនិត្យអគារខ្ពស់ៗកប់ពពកដែលមានស្រាប់ផងដែរ ដូចជាការត្រួតពិនិត្យលើគ្រឹះ តួសំណង់ ការផ្គត់ផ្គង់ថាមពល ទឹក និងឧស្ម័ន សម្ភារៈដែលបានប្រើប្រាស់ ភាពធន់ទ្រាំរបស់អគារទៅនឹងការរញ្ជួយដី និងការការពារពីអគ្គិភ័យជាដើម៕ Reuters ៕