ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ការបង្កើតអាជីវកម្មនានាមិនថា តែនៅក្នុងប្រទេសកម្ពុជាឬនៅបណ្ដាប្រទេសណាៗ គឺមានទម្រង់ជាការចូលហ៊ុនគ្នា និងការបង្កើតអាជីវកម្មតែម្នាក់ឯង ។ ការបង្កើតអាជីវកម្មតែម្នាក់ឯង មានហានិភ័យខ្ពស់ តែក៏មានគុណប្រយោជន៍ខ្ពស់ដែរ បើសិនជាការរកស៊ីចំណេញ។
លោកបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia ជាបុគ្គលជោគជ័យលើវិស័យអច លនវត្ថុមួយរូបនៅកម្ពុជា បានមានប្រសាសន៍ពាក់ព័ន្ធ នឹងការបង្កើតអាជីវកម្មតែម្នាក់ឯងនិងការបង្កើតអាជីវកម្មដោយចូលហ៊ុនគ្នា។
លោកនិយាយថា “ការបង្កើតអាជីវកម្មតែម្នាក់ឯង បើសិនជាចំណេញ គឺចំណេញខ្ពស់ តែបើខាតគឺខាតធ្ងន់តែម្ដង”។ លោកបន្តថា “មុខរបរឬអាជីវកម្មដែលមានម្ចាស់តែមួយពិបាក ក្នុងការគិតគូរឬពិភាក្សាទេ សូម្បីតែប្រាក់ចំណេញអត់ពិបាកក្នុងការបែងចែកទេ។ ចង់ដឹងប្រាក់ចំណេញរបស់យើងប៉ុន្មាននោះ គ្រាន់តែយកចំណូលទាំងអស់ដកចំណាយយើងនឹងឃើញចំណេញ”។
លោកបន្តថា ប្រាក់ចំណេញដែលបានមកពីអាជីវកម្មមានម្ចាស់តែមួយ គឺម្ចាស់អាជីវកម្មមិនពិបាក ក្នុងការបែងចេញប្រាក់ចំណេញទេ ដូច្នេះចំណេញប៉ុន្មានគឺយកងទាំងអស់តែម្ដង។
លោកឧកញ៉ាគីម ហ៊ាងបានបន្តថា មានមនុស្សជាច្រើនចូលចិត្តរកស៊ីតែឯង ដោយមិនចូលចិត្តចូលហ៊ុនគ្នាធ្វើអាជីវកម្មឡើយ ពីព្រោះពួកគាត់បើចំណេញអត់ចាំបាច់ ក្នុងការចែកទៅអ្នកណាផ្សេងឡើយ។ លោកលើកទឹកចិត្តដល់ម្ចាស់អាជីវកម្ម ឬអ្នកដែលមានបំណងបង្កើតអាជីវកម្ម បើអាចគួររកស៊ីតែម្នាក់ឯង ដោយមិនចាំបាច់ចូលហ៊ុនគ្នាទេ។
លោកបានបន្តទៀតថា ការរកស៊ីបង្កើតអាជីវកម្មតែម្នាក់ឯង ក៏មានបញ្ហានៅក្នុងហ្នឹងច្រើនដែរ ហើយនៅពេលជួបបញ្ហា អត់មានអ្នកណាជួយដោះស្រាយទេ តែបើសិនជារកស៊ីដោយមានអ្នកចូលហ៊ុនគ្នា ពេលជួបបញ្ហាមានគ្នាច្រើនដោះស្រាយ ព្រោះមនុស្សច្រើនគំនិតច្រើន ។
លោកបន្តទៀតថា “ការបង្កើតអាជីវកម្ម ដោយមិនមានការចូលហ៊ុនពីភាគីណាផ្សេងទៀត បើសិនជាខាតក៏ខាតច្រនដែរ ដូច្នេះការធ្វើអាជីវកម្មតែឯង វាក៏មានគុណវិបត្តិនៅក្នុងនោះដែរ”។
លោកបញ្ជាក់ថា ការរកស៊ីតែម្នាក់ឯង មានចំណុចល្អគឺចំណេញយើងយកតែម្នាក់ឯង តែបើខាតក៏ខាតតែឯងដែរ។ យើងក្រលេកទៅមើលក្រុមហ៊ុនធំៗ នៅលើពិភពលោក មិនមានម្ចាស់តែឯងនោះទេ គឺតែងតែមានការចូលរួមពីភាគហ៊ុនច្រើន ពីព្រោះក្រុមហ៊ុនធំៗតែងតែមានបញ្ហាប្រកួតប្រជែង ដូច្នេះហើយគឺត្រូវមានការដោះស្រាយ ដោយមានមនុស្សច្រើន៕