តើតំបន់ណាខ្លះនឹងអាចកាត់ចូលរាជធានីភ្នំពេញ ជាមួយនឹងផែនការពង្រីកក្រុងក្នុង កាំរង្វង់១០០គីឡូម៉ែត្រក្រឡា

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ តំបន់ជាយក្រុងមួយចំនួន នឹងកាត់ចូលរាជធានីភ្នំពេញ ដើម្បីពង្រីកគ្រប់កាំររង្វង់១០០គីឡូម៉ែត្រក្រឡា សម្រាប់ចន្លោះឆ្នាំ២០១៥ ២០៣៥ខាងមុខ។

តំបន់ដែលគេកំពុងមើលឃើញថា នឹងត្រូវកាត់ចូលរាជធានីភ្នំពេញ អាចស្ថិតនៅទិសទាំង៤ នៃរាជធានីភ្នំពេញ រូមមានស្រុកកណ្តាលស្ទឹង ស្រុកពញ្ញាឮ ស្រុកមុខកំពូល ស្រុកល្វាឯម និងស្រុកខ្សាច់កណ្តាល នៃខេត្តខេត្តកណ្តាលជាដើម។

ទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោកយិន លាងគង់បានមានប្រសាសន៍  ឲ្យដឹងនាព្រឹកថ្ងៃទី១២ កក្កដានេះថា តាមរយៈអនុក្រិតស្តីពីការដាក់ឲ្យអនុវត្តប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញ របស់រាជរដ្ឋាភិបាលបាននិងកំពុងបង្ហាញថា រដ្ឋាភិបាលបាននិងកំពុងពង្រីកនូវផែនការមេរបស់ខ្លួន ដើម្បីពង្រីកទីក្រុងបន្ថែម ដើម្បីឆ្លើយតបនឹងកំនើននគរូបនីយកម្ម សេដ្ឋកិច្ច និងកំនើនប្រជាពលរដ្ឋរបស់ក្រុងភ្នំពេញ ដែលរំពឹងនឹងកើនដល់៦លាននាក់នៅឆ្នាំ២០៣៥ខាងមុខ។

លោកបន្តថា “គោលនយោបាយបង្ខិតជនបទមកកាន់តែកៀករាជធានី និងពង្រីករាជធានីភ្នំពេញ ឲ្យស្របតាមនិន្នាការរីកចម្រើននៃសេដ្ឋកិច្ចសង្គម កំពុងធ្វើឡើងស្របគ្នានឹងការរីកចម្រើនរបស់ជាតិ”។លោកបន្តថា “ផែនការពង្រីកទទីក្រុងតាមបែបលំនាំាំទីក្រុងហូជីម៉ិញ ទីក្រុងហាណូយ និងប្រទេសក្នុងតំបន់ដទៃទៀត ជាដំណើរក្នុងទិសដៅត្រឹមត្រូវមួយ ដើម្បីកាត់បន្ថយភាពក្រីក្រផង និងពង្រីកមូលដ្ឋាននៃការរីកចម្រើនរបស់ប្រទេសជាតិផង”។

យោងតាមការសិក្សាមួយបានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) នៅរាជធានីភ្នំពេញបច្ចុប្បន្នមានប្រមាណ៣០% នៃផលិតផលក្នុងស្រុកសរុប របស់ប្រទេសកម្ពុជា ដែលមានទំហំទឹកប្រាក់លើសពី១,៣ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

យោងតាមអនុក្រឹត្យស្ដីពី ការដាក់ឱ្យអនុវត្តប្លង់គោលប្រើប្រាស់ដី រាជធានីភ្នំពេញឆ្នាំ២០៣៥ ដែលចេញផ្សាយកាលពីថ្មីៗនេះ បានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុបរាជធានីភ្នំពេញ បច្ចុប្បន្នមានប្រហែល៣០%នៃផលិតផលក្នុង ស្រុកសរុបរបស់ប្រទេសកម្ពុជា គឺលើសពី១,៣ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

ចំនួនប្រជាជនដែលធ្វើបម្លាស់ទី ទៅមកប្រចាំថ្ងៃចូលភ្នំពេញ គឺប្រហែល២៥០ ០០០នាក់ និងពលករ ដែលមកបំពេញការងារក្នុងរាជធានីភ្នំពេញ មានប្រមាណ៤០០ ០០០នាក់។ ដូច្នេះចំនួន “ប្រជាជន រស់នៅជាប្រចាំ”របស់រាជធានីភ្នំពេញមានប្រមាណច្រើនជាង២ ០០០ ០០០នាក់។

ការបោះទីតាំង នៃសកម្មភាពសេដ្ឋកិច្ចនានា ក៏មិនសុទ្ធតែស្ថិតនៅក្នុងព្រំដែនរដ្ឋបាលនៃរាជធានីភ្នំពេញសព្វថ្ងៃនេះដែរ ពោលគឺស្ថិតនៅក្នុងទីក្រុងតាខ្មៅ និងនៅតាមប    ណ្ដោយផ្លូវជាតិលេខ៣និងលេខ៤។ អមផ្លូវជាតិលេខ៤ សព្វថៃ្ងទទួលរោងចក្ររោង៥០នៅក្នុងរយៈចម្ងាយ២០គីឡូម៉ែត្រ ដែលរាប់ពីព្រំដែនរដ្ឋបាលនៃរាជធានី។

យោងតាមអនុក្រឹត្យដដែលនេះឱ្យដឹងថា ដោយផ្អែកលើយុទ្ធសាស្ត្រចតុកោណផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងគោនយោបាយជាតិស្ដីពី ការរៀបចំដែនដីរបស់រាជរដ្ឋាភិបាលកម្ពុជា ចក្ខុវិស័យនៃយុទ្ធសាស្ត្រតម្រង់ទិសអភិវឌ្ឍន៍ រាជធានិភ្នំពេញ គឺភ្នំពេញជាក្រុងរាជធានី ជាបេះដូងរបស់ប្រទេសកម្ពុជា ដែលស្ថិតនៅចំណុចពិសេសនៃប្រសព្វទន្លេបួនហៅថាទន្លេបួនមុខ ដែលជាអត្តសញ្ញាតែមួយគ្មានពីរ ជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ចពាណិជ្ជកម្ម វប្បធម៌ ប្រកបដោយសក្ដានុពលប្រកួតប្រជែង ជាមួយការអភិវឌ្ឍមួយប្រកបដោយវឌ្ឍនភាព សមធម៌ និងចីរភាព ។

ផែនការតម្រង់ទិសអភិវឌ្ឍន៍ផ្នែកនគរូបនីយកម្ម សំដៅធានាការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចរបស់រដ្ឋ ក្នុងផែនការដីរាជធានីភ្នំពេញ ឱ្យមានប្រសិទ្ធភាព និងមាននិរន្តរភាព ពិសេសដើម្បីតម្រង់ទិសការវិនិយោគសាធារណៈ និងឯកជន ក៏ដូចជាការវិនិយោគរបស់ដៃគូ អភិវឌ្ឍទាំងអស់ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០៣៥។ យុទ្ធសាស្ត្រនេះនឹងជួយសាលារាជធានីភ្នំពេញ ប្រជាជនទាំងអស់ វិនិយោគិនព្រមទាំងដៃគូអភិវឌ្ឍនានា ឱ្យចូលរួមអភិវឌ្ឍទីក្រុងប្រកបដោយសណ្ដាប់ធ្នាប់ល្អ ហើយក៏ធ្វើឱ្យមានវឌ្ឍនភាពដល់ការវិនិយោគនានាដោយកាត់បន្ថយ ឬបញ្ចៀសបាននូវហានិភ័យនានាជាអតិបរមា។

​តាមផែនការរាជរដ្ឋាភិបាល នឹងយករាជធានីភ្នំពេញជាប៉ូល សេវាកម្មកណ្ដាលមួយក្នុងតំបន់ដែលប្រមូលផ្ដុំប្រជាជនជាង៦លាននាក់ នៅក្នុងកាំរង្វង់ចម្ងាយ១០០គីឡូម៉ែត្រជុំវិញ ដែលប្រហាក់ប្រហែលនឹងទីក្រុងធំៗមួយចំនួននៅអាស៊ាន ដូចជា ទីក្រុងបាងកក មានប្រជាជន៩លាននាក់ ទីក្រុងហូជីមិញមានប្រជាជន៧លាននាក់ ទីក្រុងហាណូយមាន៨លាននាក់ ទីក្រុងសិង្ហបុរីមាន៤លាននាក់ និងកូឡាឡាំពួរមាន៤លាននាក់៕

 

រដ្ឋាភិបាលគ្រោងពង្រីកទៅជាផ្លូវ៤គន្លងលើកំណាត់ផ្លូវជាតិលេខ៧ ស្គន់-កំពង់ចាម នាពេលឆាប់ៗ

ដោយៈ ម៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាគ្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៧ ស្គន់-កំពង់ចាម ទៅជាផ្លូវ៤គន្លង ប្រវែងប្រមាណជាង៤៥គីឡូម៉ែត្រ ចាប់ពីទីប្រជុំជនស្គន់ ស្រុកជើងព្រៃ រហូតដល់គល់ស្ពាន គីហ្សូណា ក្រុងកំពង់ចាម។

លោកអ៊ុន ចាន់ដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នេះ បានចូលរួមអមដំណើរ លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន អញ្ជើញចុះពិនិត្យ និងសិក្សាលំអិតលើគម្រោងផ្លូវ៤គន្លង។

ការសិក្សាលំអិតលើគម្រោងផ្លូវ៤គន្លងនេះ គឺស្ថិតនៅលើណាត់ផ្លូវជាតិលេខ៧ ចាប់ពីទីប្រជុំជនស្គន់ ស្រុកជើងព្រៃ រហូតដល់គល់ស្ពាន គីហ្សូណា ក្រុងកំពង់ចាម ដែលមានប្រវែងប្រមាណជាង៤៥គីឡូម៉ែត្រ ដែលជាចំណងដៃថ្មីស្រឡាងមួយទៀតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

កាលពីទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលបានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំការងារគម្រោងជួសជុល និងសាងសង់ផ្លូវជាតិលេខ៧(ត្បូងឃ្មុំ-ក្រចេះ) និងផ្លូវជាតិលេខ៣(កំពត-វាលរេញ) ក្រោមហិរញប្បទានរបស់ធនាគារពិភពលោក។

គម្រោងសាងសង់ធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៧នេះ មានប្រវែងសរុប១៦៤ គីឡូម៉ែត្រ ដោយលើកកម្ពស់គុណភាពផ្លូវពីកៅស៊ូពីរស្រទាប់ស្តើង (DBST) ទៅជាបេតុងកៅស៊ូ បែងចែកជាបីការដ្ឋានធំៗ ប្រើប្រាស់រយៈពេលសាងសង់ចំនួន១៨ខែ និងរយៈពេលថែទាំចំនួន៣៦ខែ សាងសង់ដោយក្រុមហ៊ុនចិន ត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុនកូរ៉េ និងចំណាយថវិកាសរុបប្រមាណ៣៦.៤៥៦.០៦៤,៧៥ដុល្លារអាមេរិក៕

រដ្ឋាភិបាលកំណត់ប៉ូលសំខាន់ៗចំនួន៤សម្រាប់ការអភិវឌ្ឍបន្ទាប់នាពេលអនាគត

ដោយៈ ប៊ី

ភ្នំពេញៈ រដ្ឋាភិបាល គ្រោងធ្វើរចនាសម្ព័ន្ធនៃប៉ូលប្រមូលផ្តុំបន្ទាប់ ក្នុងកម្រិតទីប្រជុំជនក្រុងយ៉ាងហោចណាស់ចំនួន៤ ដើម្បីបម្រើសេវាកម្មនៃទីប្រជុំជនក្រុង បន្ទាប់ពីទីក្រុងភ្នំពេញ។ នេះបើយោងតាមអនុក្រឹត្យស្ដីពីការដាក់ឱ្យអនុវត្តប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញឆ្នាំ២០៣៥ ដែលចេញផ្សាយកាលពីថ្មីៗនេះ។

សម្រាប់ពេលបច្ចុប្បន្ននេះ សារៈសំខាន់នៃមុខងារកណ្តាល និងសេវាកម្មនានាក្នុងកម្រិតទីក្រុងធំ គឺប្រមូលផ្តុំនៅក្នុងខណ្ឌកណ្តាលក្រុងទាំងបួន។

នៅព្រំប្រទល់ខាងត្បូងរាជធានីភ្នំពេញ និងនៅក្នុងខេត្តកណ្តាល តាខ្មៅគឺជាច្រកចូលផ្នែកខាងត្បូងនៃទីប្រជុំជនក្រុង ហើយក៍ជាប៉ូល ប្រមូលផ្តុំបន្ទាប់មួយរបស់ភ្នំពេញ ដែលយើងត្រូវតែពង្រឹងដើម្បីបម្រើសេវានៅផ្នែកខាងត្បូងនៃទីប្រជុំជនក្រុង។

នៅក្នុងក្របខ័ណ្ឌនៃប្លង់គោល គួរតែបានគ្រោងធ្វើរចនាសម្ព័ន្ធនៃប៉ូលប្រមូលផ្តុំបន្ទាប់ ក្នុងកម្រិតទីប្រជុំជនក្រុងយ៉ាងហោចណាស់ចំនួនបួន មួយនៅចន្លោះស្ថានីយរថភ្លើងថ្មីដែលត្រូវបាន ស្នើឱ្យសាងសង់ឡើងនៅផ្នែកច្រកចូលខាងលិច និងតំបន់អាកាសយានដ្ឋាន ប៉ូលប្រមូលផ្តុំបន្ទាប់ មួយទៀត អាចនឹងត្រូវបានគ្រោងធ្វើឡើងនៅផ្នែកច្រកចូលខាងជើងនៃទីប្រជុំជនក្រុង ដែលនៅទីនោះការវិវត្តនគរូបនីយកម្មជាខ្សែបន្ទាត់នៅតាមបណ្ដោយទន្លេ នឹងមានកាន់តែច្រើននៅជុំវិញបឹងខាងជើង។

ការរៀបចំប៉ែកខាងត្បូងនៃតំបន់ចតុមុខ ជាមួយនឹងទំនប់ការពារនៅច្រកចូលទន្លេបាសាក់ ច្បារអំពៅនឹងផ្ដល់នូវឱកាសក្នុងការកសាងប៉ូលសេវាកម្មថ្មីមួយទៀតសម្រាប់តំបន់នគរូបនីយកម្មធំៗនាពេលអនាគត។

ការរៀបចំទីក្រុងអូឡាំពិកនៅផ្នែកខាងជើង ដែលនឹងមានការស្ថាបនាបន្ថែមនូវពហុកីឡដ្ឋាន សម្រាប់ល្បែងកីឡាអាស៊ាននាពេលខាងមុខរួមជាមួយការអភិវឌ្ឍចម្រុះ នឹងបានធ្វើឱ្យកើតចេញ ជាប៉ូលបន្ទាប់រណបឱ្យរាជធានីភ្នំពេញ។

ជាទីបញ្ចប់ ការអភិវឌ្ឍដែលកំពុងតែមានដំណើរការនៅតំបន់ជាយក្រុងប៉ែកនិរតី បង្ហាញអំពីហេតុផលនៃការអភិវឌ្ឍមជ្ឈមណ្ឌលសេវាកម្មមួយ ដែលនឹងអាចមានការអភិវឌ្ឍនៅតាម បណ្ដោយបឹងក្រពើនៅចំណុចប្រសព្វរវាងច្រកចូលថ្មីរបស់ទីក្រុងនៅខាងត្បូងនិងផ្លូវចោមចៅ៕

ប្រាក់ចំណូលប្រចាំឆ្នាំរបស់ប្រជាពលរដ្ឋនៅក្រុងភ្នំពេញមានទំហំជាង១៣០០លានដុល្លារក្នុងមួយឆ្នាំ

ដោយៈ ម៉ាណេត

ភ្នំពេញៈ យោងតាមការសិក្សាមួយបានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) នៅរាជធានីភ្នំពេញបច្ចុប្បន្នមានប្រមាណ៣០%នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជា ដែលមានទំហំទឹកប្រាក់លើសពី១,៣ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

យោងតាមអនុក្រឹត្យស្ដីពីការដាក់ឱ្យអនុវត្តប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញឆ្នាំ២០៣៥ ដែលចេញផ្សាយកាលពីថ្មីៗនេះ បានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុបរាជធានីភ្នំពេញបច្ចុប្បន្នមានប្រហែល៣០%នៃផលិតផលក្នុង ស្រុកសរុបរបស់ប្រទេសកម្ពុជា គឺលើសពី១,៣ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

បច្ចុប្បន្ន មានប្រជាជនច្រើនជាង១៥០ ០០០នាក់នៃទីប្រជុំជនក្រុងភ្នំពេញ ដែលរស់នៅ ខាងក្រៅព្រំដែនរាជធានី ពោលគឺនៅក្នុងខេត្តកណ្តាល ជាពិសេសនៅតាខ្មៅដែលជាផ្លូវចូលភាគ ខាងត្បូង និងនៅច្រកចូលផ្សេងទៀតតាមបណ្តោយផ្លូវជាតិលេខ១ លេខ៣ លេខ៤ និងលេខ៥។

ចំនួនប្រជាជនដែលធ្វើបម្លាស់ទីទៅមកប្រចាំថ្ងៃចូលភ្នំពេញគឺប្រហែល២៥០ ០០០នាក់ និងពលករ ដែលមកបំពេញការងារក្នុងរាជធានីភ្នំពេញ មានប្រមាណ៤០០ ០០០នាក់។ ដូច្នេះ ចំនួន “ប្រជាជន រស់នៅជាប្រចាំ”របស់រាជធានីភ្នំពេញមានប្រមាណច្រើនជាង២ ០០០ ០០០នាក់។ ការបោះទីតាំងនៃសកម្មភាពសេដ្ឋកិច្ចនានា ក៏មិនសុទ្ធតែស្ថិតនៅក្នុងព្រំដែនរដ្ឋបាលនៃរាជធានីភ្នំពេញសព្វ ថ្ងៃនេះដែរ ពោលគឺស្ថិតនៅក្នុងទីក្រុងតាខ្មៅ និងនៅតាមបណ្ដោយផ្លូវជាតិលេខ៣និងលេខ៤។ អមផ្លូវជាតិលេខ៤ សព្វថៃ្ងទទួលរោងចក្ររោង៥០នៅក្នុងរយៈចម្ងាយ២០គីឡូម៉ែត្រដែលរាប់ពី ព្រំដែនរដ្ឋបាលនៃរាជធានី។

ព្រំដែនរដ្ឋបាលទាំងនេះបង្កបញ្ហាដល់ការគ្រប់គ្រងក្រុងរួចទៅហើយ ឧទាហរណ៍ដូចជា ការត្រូវផ្គត់ផ្គង់ទឹកស្អាតឬការគ្រប់គ្រងកាកសំណល់នៃទីប្រជុំជនក្រុង ដែលលាតសន្ធឹងរហូតដល់ ខេត្តកណ្តាល។

វិទ្យាស្ថានជាតិស្ថិតិប៉ាន់ប្រមាណថា ក្រុងភ្នំពេញ នឹងមានប្រជាជនរស់នៅផ្ទាល់ និងអចិន្ត្រៃយ៍ចំនួនប្រហែល១ ៩៨៣ ០៤០នាក់នៅពេលអនាគតឆ្នាំ២០៣៥ ដែលស្របនឹងឆ្នាំន ទិសដៅប្លង់គោលនេះ។ សាលារាជធានីភ្នំពេញបានធ្វើចំណោលប៉ាន់ស្មានថានឹងមានប្រជាជន ប្រហែល២ ២៦៦ ២៨៩នាក់ នៅក្នុងទីប្រជុំជនក្រុងភ្នំពេញ ដោយរាប់បញ្ចូលទាំងប្រជាជន នៃឃុំនានាជាប់នឹងទីក្រុងនៃទីប្រជុំជននៅក្នុងខេត្តកណ្តាលផងដែរ ហើយប៉ាន់ប្រមាណថាមាន ប្រជាជនចំនួន២ ៥៤៤ ៦៥៩នាក់ ដែលនឹងរស់នៅក្នុងទីក្រុងធំទាំងមូលនោះ។

ដូច្នេះ ប្រជាជន ពាក់កណ្តាលនៃខេត្តកណ្តាលនឹងត្រូវផ្សារភ្ជាប់ជាមួយនឹងការងារនៅក្នុងទីប្រជុំជនរាជធានីភ្នំពេញ សម្រាប់ឆ្នាំគោលដៅនគម្រោងប្លង់គោលនេះ ជាមួយនឹងការរីកឡើងនូវផ្ទៃដីទីក្រុងធំមួយ។ នេះជាបញ្ហាប្រឈមសម្រាប់ការចង់បានប្រសិទ្ធភាពនៃការគ្រប់គ្រងដែនដីមួយធំសម្រាប់ ការធ្វើគម្រោងផែនការអភិវឌ្ឍន៍ ក៏ដូចជារបៀបរបបគ្រប់គ្រងដែលសមស្របបំផុតមួយដើម្បី ឆ្លើយតបនឹងតម្រូវការនៃការអភិវឌ្ឍជារាជធានីភ្នំពេញមួយធំ(Greater Phnom Penh)៕

ហេដ្ឋារចនាសម្ព័ន្ឋធំៗចំនួន៥កំពុងសាងសង់ ដើម្បីឆ្លើយតបនឹងគោលដៅក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបាននិងកំពុងពន្លឿន ការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋធំៗជាច្រើន ដើម្បីសម្រួលការដឹកជញ្ជូន និងឆ្លើយតបនឹងគោលដៅប្រែក្លាយប្រទេសពីប្រាក់ចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ខាងមុខ។

ផែនការប្រកបដោយមហិច្ឆតា និងពង្រីកមូលដ្ឋានប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់នេះ ជាការវិនិយោគដ៏ធំសម្បើម ដើម្បីរុញសេដ្ឋកិច្ចកម្ពុជាឈានទៅមុខមួយកម្រិតទៀត។

ផ្លូវជាតិលេខ៥
ផ្លូវជាតិលេខ៥ ដែលមានប្រវែងជាង៣០០គីឡូម៉ែត្រ កំពុងសាងសង់ពង្រីកយ៉ាងសកម្ម ជាមួយនឹងជំនួយហិរញ្ញប្បទាន ពីរដ្ឋាភិបាលជប៉ុនជាង៥០០លានដុល្លារអាមេរិក។ គិតរហូតមកទល់ពេលនេះ ផ្លូវជាតិមួយខ្សែ ដែលត្រូវបានចាត់ទុកជាហាយវេអាស៊ាននេះ បាននិងំពុងសម្រេចបានប្រមាណ៥០ភាគរយហើយ។
ផ្លូវជាតិលេខ៥ ជាផ្លូវស្ថិតនៅក្នុងផែនការអភិវឌ្ឍន៍ត្បូង ត្បូងនៃច្រករបៀងអាស៊ាន ដែលតភ្ជាប់ពីប្រទេសថៃ មកកាន់រាជធានីភ្នំពេញ ឆ្ពោះទៅប្រទេសវៀតណាម។

ផ្លូវជាតិលេខ១០
ផ្លូវជាតិលេខ១០បាននិងកំពុងសាងសង់យ៉ាងសកម្មផងដែរ ដែលរហូតមកទល់ពេលនេះ ការស្ថាបនាសម្រេចបានលើស៥០ភាគរយហើយ។ វាជាជំនួញហិរញ្ញប្បទានពី
រដ្ឋាភិបាលចិន ដែលជាប្រទេសជាមិត្ត ដែលបានជួយកម្ពុជាយ៉ាងច្រើនក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ ដើម្បីរុញសេដ្ឋកិច្ចកម្ពុជាឈានទៅកាន់កម្រិតថ្មីមួយទៀត។

វាជាផ្លូវប្រវត្តិសាស្រ្ត ដែលតភ្ជាប់តំបន់ភូមិភាគពាយ័ព្យ ទៅកាន់តំបន់ឆ្នេរជាលើកដំបូង ដោយផ្លូវនេះចាកចេញពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិសាត់ និងឆ្ពោះទៅកាន់ខេត្តកោះកុង។

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងថា ផ្លួវជាតិដ៏សំខាន់នេះ មិនត្រឹមតែជាការធ្វើសមាហរណកម្មផ្ទៃក្នុងកម្ពុជានោះទេ ប៉ុន្តែវាជាការជួយកាត់បន្ថយការពឹងផ្អែកសេដ្ឋកិច្ចលើប្រទេសជិតខាង តាមរយៈការដឹកទំនិញពីភូមិភាគពាយ័ព្យ ទៅកាន់កំពង់ផែទឹកជ្រៅនៅខេត្តកោះកុង ហើយនាំចេញដោយផ្ទាល់ទៅកាន់ប្រទេសទី៣។

ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ
ស្ថិតក្នុងគម្រោងនៃគំនិតផ្លូចផ្តើមខ្សែក្រវ៉ាត់១ ផ្លូ វ១របស់ប្រទេសចិន ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុប្រវែងប្រមាណ១៩០គីឡូម៉ែត្រ និងចំណាយថវិកាសាងសង់អស់ប្រមាណ១៩០០លានដុល្លារអាមេរិក បាននិងកំពុងក្លាយជាគមនាគមន៍ដ៏សំខាន់ ក្នុងការសម្រួលការដឹកជញ្ជូន និងកាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូនផងដែរ។

បើតាមលោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា នៅពេលសាងសង់រួចផ្លូវល្បឿនលឿននេះ នឹងអាចឲ្យរថយន្តបើកបរក្នុងល្បឿនចន្លោះពី១០០ ទៅ១២០គីឡូម៉ែត្រក្នុងមួយម៉ោង ដដែលធ្វើឲ្យការដឹកជញ្ជូនពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ ចំណាយពេលត្រឹម២ម៉ោងទៅ២ម៉ោងកន្លះប៉ុណ្ណោះ។

រហូតមកទល់ពេលនេះ ការស្ថាបនាផ្លូវល្បឿនលឿនជាប្រវត្តិសាស្រ្តនេះ សម្រេចបានប្រមាណ៦០ភាគរយហើយ។ ផ្លូវនេះគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣ឋខាងមុខនេះ។

ព្រលានសៀមរាបថ្មី
លើសពីការសម្រួលការដឹកជញ្ជូនតាមផ្លូវគោក រដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីបាន និងកំពុងពង្រីកការតភ្ជាប់ផ្លូវអាកាសផងដែរ ដោយបច្ចុប្បន្នព្រលានយន្តហោះអន្តរជាតិ ខេត្តសៀមរាប កម្រិត4E ដែលអាចឲ្យយន្តហោះខ្នាតធំចុះចតបាន បាននិងកំពុងពន្លឿនការស្ថាបនា ដោយរហូតមកទល់ពេលនេះការសាងសង់សម្រេចបានប្រមាណ៦០ភាគរយផងដែរ។

ព្រលានយន្តហោះនេះ ស្ថិតក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ចំណាយថវិកាសាងសង់អស់ប្រមាណ៩០០លានដុល្លារអាមេរិក និងវិនិយោគដោយក្រុមហ៊ុនយូណានមកពីប្រទេសចិន។

ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី
គំរោងវិនិយោគដ៏ធំនេះ បានធ្វើឲ្យកម្ពុជាឈានទៅកាន់កម្រិតថ្មីមួយទៀត ដោយអ្នកឧកញ៉ាពុង ឃាវសែអគ្គនាយកក្រុមហ៊ុនOCICបានអះអាងថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលវិនិយោគអស់ទឹកប្រាក់ប្រមាណ១៥០០លានដុល្លារ លើផ្ទៃដី២៦០០ហិកតា នឹងក្លាយជាព្រលានយន្តហោះធំកម្រិតទី៩នៅលើពិភពលោក។

រហូតមកទល់ពេលនេះ ព្រលានយន្តហោះនេះបាន និងកំពុងសាងសង់ដំណាក់កាលទី១ ដែលនឹងបញ្ចប់នៅឆ្នាំ២០២៣ ដែលមានសមត្ថភាពទទួលអ្នកដំណើរឆ្លងកាត់១៥លាននាក់។ តាមផែនការព្រលានយន្តហោះនេះ នឹងបញ្ចប់ការសាងសង់ដំណាក់កាលទី១ នៅឆ្នាំ២០២៣ខាងមុខ មុននឹងពង្រីកដំណាក់កាលទី២នៅឆ្នាំ២០៣០ និងដំណាក់កាលទី៣នៅឆ្នាំ២០៥០ខាងមុខ។

ព្រលានយន្តហោះ ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ បាននិងកំពុងធ្វើឲ្យតម្លៃអចលនទ្រព្យ នៅជុំវិញតំបន់នេះកើនឡើងយ៉ាងខ្លាំង៕

ចង់ទៅទស្សនារមណីយដ្ឋានភ្នំខ្នងផ្សារ ត្រូវដឹងពីអ្វីខ្លះពីការធ្វើដំណើរបែបផ្សងព្រេង?

ដោយៈគង់ ម៉ាលីន

កំពង់ស្ពឺៈ ជារមណីយដ្ឋានស្ថិតនៅលើកំពូលភ្នំយ៉ាងខ្ពស់ និងពិបាកធ្វើដំណើរ ភ្នំខ្នងផ្សារ ស្ថិតក្នុងខេត្តកំពង់ស្ពឺ កំពុងតែមានភាពទាក់ទាញសម្រាប់ដំណើរកំសាន្តបែបផ្សងព្រេង និងគយគន់ទេសភាពដ៏ឆើតឆាយ។

រមណីយដ្ឋានអេកូធម្មជាតិខ្នងផ្សារ ស្ថិតនៅក្នុងភូមិតាំងបំពង ភូមិរលាក់កងជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ខ្នងផ្សារមានទីតាំងប្រសព្វមុំបីដែលផ្សាភ្ជាប់ខេត្តចំនួនបីគឺ កោះកុង កំពង់ស្ពឺ និងពោធិ៍សាត់។

យោងតាមលោកឧកញ៉ាស្រី ចាន់ថន ដែលបានសរសេររុះលេចពីរមណីយដ្ឋាននេះលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនបានឲ្យដឹងថា ចំនុចពិសេសនៃតំបន់នេះគឺពេលព្រឹកព្រលឹមយើងអាចគយគន់ ទស្សនាភាពស្រស់ស្អាតនៃរស្មីព្រះអាទិត្យរះ ពីលើកំពូលខ្នងផ្សារ និងគយគន់ថ្ងៃរាបលិចនៅខ្នងសំពៅ ឬអាចគយគន់ថ្ងៃលិចពីខ្នងកាំភ្លើងមកកាន់ ខ្នងសំពៅ។

ទស្សីយភាពនៃពពកអ័ព្ទដ៏រស់រវើក ដែលអណ្ដែតចេញពីជ្រលង នៃខ្នងសំពៅហូទៅកាន់ខ្នងផ្សារ ប្រៀបបានហ្នឹងជ្រោះពពកដ៏ស្រស់ត្រកាល។ វាលស្មៅខៀវខ្ចីលាយលំជាមួយពពករសាត់អណ្ដែតលើភ្នំខ្នងសំពៅ ដែលពោរពេញដោយវាលស្មៅខៀវខ្ចី នារដូវ រស្សា ហើយលឿងទុំនារដូវប្រាំង បានញាំងអោយភ្ញៀវទេសចរណ៍ចាប់ចិត្តក្រៃលេង។

១.ការធ្វើដំណើរទៅកាន់ខ្នងផ្សារ
យើងត្រូវធ្វើដំណើរទៅដល់ រង្វង់មូលទីរួមស្រុក ឱរ៉ាល់ រួចយើងបន្តដំណើរ តាមផ្លូវលំ ប្រមាណ៣០គីឡូ ឆ្ពោះទៅដល់ ភូមិរលាក់កងជើង ប៉ុន្តែយើងត្រូវចូលទៅទីស្នាក់ការបរិស្ថាន ដែលនៅក្នុងភូមិ ដើម្បីស្រង់ឈ្មោះអ្នកឡើងភ្នំ ដើម្បីមន្ត្រីបរិស្ថានស្រួលក្នុងការគ្រប់គ្រង ព្រោះវាជាតំបន់អភិរៈជួភ្នំក្រវ៉ាញ ដែលកាន់កាប់ដោយមន្ត្រីបរិស្ថាននៅទីនោះ។ ដើម្បីឡើងទៅខ្នងផ្សារ យើងតម្រូវអោយយកអ្នកនាំផ្លូវម្នាក់ ឬ២នាក់ គឺអ្នកភូមិសហគមន៍ដោយផ្ដល់សេវាខ្លះដល់ពួកគាត់។

យើងក៏អាចស្វែងរកសេវាកម្មផ្សេងៗ ពីប្រជាសហគមន៍ ដូចជា សេវាដឹកដោយម៉ូតូ ឬគោយន្តដល់ជើងភ្នំ សេវាធ្វើម្ហូបអាហារ សេវាជួយសែងអីវ៉ាន់ សេវាជួលតង់ ជាដើម។ រួចហើយបានយើងអាចធ្វើដំណើរទៅជើងភ្នំ ដែលចំណាយពេលលើគោយន្តប្រម៉ាណជា២ម៉ោង បើម៉ូតូប្រហែល១ម៉ោង មុនពេលយើងអាច បន្តរដំណើរថ្មើជើង ទៅកាន់ជំរុំម្ដុំខ្នងសំពៅ ឬយើងអាចទៅបោះជំរុំនៅលើកំពូលក៏បានតាមចំណង់ចំនូលចិត្ត។

២. ការត្រៀមខ្លួន
មុនពេលឡើងភ្នំៈ យើងគួរត្រៀមលំហាត់ប្រាណតិចតួច ប្រសិនបើអាច ដូចជាការត់ ការដើ ឬលំហាត់ប្រាណបែប ABS ជាដើម។

សម្ភារៈចាំបាច់ពេលយើងដើរជំរើសទី១ (ប្រសិនបើយើងមានថវិកា)៖ ស្បែកជើងដើរភ្នំឬព្រៃ (តម្លៃពី២៥ ទៅ១០០ដុល្លារ ល្មមប្រើ) ខោអាវដែលស្ដើង (ខោមួយប្រហែល១០ទៅ៥០ដុល្លារ អាវមួយ១០ទៅ២០ដុល្លារ) កាបូបទឹកដែលមានចំនុះ១លីត ទៅ២លីត(តម្លៃប្រហែល២០ទៅ៥០ដុល្លារ) ឈើច្រត់ដែលស្រាលល្មម (គួរយក២បើសិនអ្នកមិនសូវដើរ)តម្លៃប្រហែលជា១០ទៅ២៥ដុល្លារក្នុងមួយដើម។

កាបូបស្ពាយសម្រាប់ដើរព្រៃ(ដែលមាន កន្លែងដាក់អីវ៉ាន់គ្រប់គ្រាន់ និងមានខ្សែរកាបូបប្អិបដើមទ្រូងជាដើម ៕ល៕) តម្លៃវាចាប់ផ្ដើមពី (៣០ដុល្លារទៅ១០០ដុល្លារ)។

សម្ភារៈចាំបាច់ពេលយើងដើរជំរើសទី២
ប្រសិនបើយើងពុំមានពេល ឬថវិការគ្រប់គ្រាន់ យើងអាចលៃលកតាមការគួរ ប៉ុន្តែមិនគួរយកខោអាចទៅច្រើនពេកឡើយ ឬខោអាវដែលក្រាសនិងធ្ងន់ពេកឡើយ។ យើងអាចយកដប់ទឹក២លីតទៅដោយខ្លួនឯង បន្តែរត្រូវមានកន្លែងដាក់ អោយត្រឹមត្រូវជៀសវាងការយួរដោយដៃ។

សម្ភារៈសម្រាប់គេងជំរើសទី១៖ តង់ ឬអង្រឹង ភួយ (Sleeping Bag) ខ្នើយខ្យល់ សម្ភារៈ អត់ក៏បានមានក៏បាន (ស្រោមដៃ កម្រាលពូកខ្យល់)។

សម្ភារៈសម្រាប់គេង ជំរើសទី២៖ ប្រើប្រាស់សេវាកម្មសហគមន៍ ជួលអង្រឹងង តង់គាត់ ដើម្បីបង្កើនចំណូលដល់ប្រជាសហគមន៍ក្នុងតំបន់។

ការត្រៀមម្ហូបអាហារ និងទឹកជំរើសទី១ យកអាហារក្រៀមៗ និងកញ្ចប់ដែលវាស្រាលល្មម និងមិនងាយធំខ្លិន ជៀសវាងដាក់គ្រឿងកំប៉ុងទៅច្រើនពេក នាំអោយធ្ងន់។ ញាំចេកណាំវ៉ាមុនឡើង ជាជំនួយដ៏មានប្រសិទ្ធភាព។ សម្ភារៈ ចំអិនអាហារដែលស្រាលល្មម សំភារៈដាំទឹក និងសម្រាប់ដោះទាល់បន្ទោបង់ក៏ចាំបាច់ដែរ។

ការត្រៀមម្ហូបអាហារ និងទឹកជំរើសទី២៖ ប្រើប្រាស់សេវាសហគមន៍ ឬក្រុមអ្នកនាំភ្ញៀវឯកជន អោយគេជួយរៀបចំមួយគ្រប់យើង យកតែសម្ភារៈផ្ទាល់ខ្លួនចាំបាច់ ដូចជាខោអាវ និងភេសជ្ជៈ ថ្នាំបន្ទិចបន្ទួច។

កំណត់ចំណាំ
រាល់អីវ៉ាន់ដែលយើងយកទៅត្រូវដាក់អោយត្រឹមត្រូវ កុំរនែងរនោង ឬវេចខ្ចប់និងចងជាមួយកាបូបអោយបានត្រឹមត្រូវ យកល្អកុំអោយមានអ្វីផ្សេងនៅជាប់ដៃ ក្រៅតែពីឈើច្រត់។ ស្បែកជើង និងកាបូបស្ពាយ ដើរតួរនាទីសំខាន់ជាងគេ ក្នុងដំណើរឡើងភ្នំ បើមានលុយគួរចំណាយលើវា។

ត្រៀមថ្នាំដែលចាំបាច់ បើសិនយើងមានប្រតិកម្ម ជាមួយធម្មជាតិឬុរុក្ខជាតិណាមួយ។

សូមជួយរក្សាអនាម័យ និងចំប្រមូលសម្រាមអោយបានត្រឹមត្រូវ ដុតចោលដោយផ្ទាល់ប្រសិនបើអាច យកចុះមកវិញនូវសំបកដបដែលអាចកែឆ្នៃ ដើម្បីសហគមន៍ខ្នងផ្សា កាន់តែស្រស់បំព្រង។

៣. ប្ប្រវត្តខ្លះៗពីខ្នងផ្សារ
លោក ជឹម ជឿន សមាជិកនៃសហគមន៍ ការពារធម្មជាតិរលាក់កងជើង បានប្រាប់ឲ្យដឹងថា គេហៅ ខ្នងផ្សារ នេះគឺជាពាក្យដែលចាស់ៗ ហៅតាំងពីយូរណាស់រហូតមកដល់សព្វថ្ងៃ ហើយនៅឆ្នាំ១៩៩៣ ឬមុនឆ្នាំ៩៣ សម័យខ្មែរក្រហមនៅទីនេះ គឺជាទីតាំងលក់ដូរទំនិញតិចតួច ជាលក្ខណៈគ្រួសាររបស់បងប្អូន អ្នកភូមិដែលរស់នៅទីនេះ ទើបគេហៅទីនេះថា ខ្នងផ្សារ ផ្សារនេះគឺជាផ្សារលក់ដូរ មិនមែនឈឺផ្សា ផ្សាដែក ឬខ្នងសា នោះទេ។

ត្រង់ពាក្យ ខ្នងផ្សារ លោក ជឹម ជឿន បញ្ជាក់ថា ខ្នងផ្សារ មិនមែន ខ្នងផ្សា ហើយក៏មិនមែនខ្នងសា ដែរ។ ផ្សារ នេះ គឺ ផ្សា មាន “រ” គឺមកពីពាក្យ ទីផ្សារ ឬផ្សារលក់ដូរ។

ជាមួយគ្នានេះ ហ៊ុន សៅ ប្រធានសហគមន៍ការពារធម្មជាតិរលាក់កងជើងបញ្ជាក់ថា ទីតាំងនេះ គឺជាទីតាំងផ្សារលក់ដូរតាំងយូរណាស់មកហើយ បើចាស់ៗនៅទីនេះនិយាយតៗគ្នាថា នៅទីនេះក៏មានប្រវត្តិ និងរឿងដំណាលនិយាយតៗគ្នាដែរ។

អភិបាលខេត្តកំពង់ស្ពឺលោកវ៉ី សំណាង ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍភាព និងទិសដៅបន្តរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា តំបន់ភ្នំខ្នងផ្សារ នេះគឺមិនមែនទើបកើតមានបច្ចុប្បន្ននោះទេ តំបន់នេះមានយូរណាស់ហើយ រាប់រយតំណមនុស្ស។

លោកបន្តថា “ប្រវត្តិដែលខ្ញុំបាទបានសិក្សាស្រាវជ្រាវនោះ នៅតំបន់នោះមានផូស៊ីលជាប់ទៅនឹងជញ្ជាំងថ្ម គេថាទីនោះគឺជាអតីតសមុទ្រ ហើយកន្លែងនេះមានសំពៅលិចនៅទីនេះ យូរទៅក្លាយជាភ្នំកន្លែងសំពៅលិចនោះហៅថា “ខ្នងសំពៅ” ហើយស្រូវនៅលើសំពៅនោះ ដែលហូរចេញនោះ ក៏បានក្លាយជាភ្នំដែលសព្វថ្ងៃ គេហៅថា “ខ្នងស្រូវ”។

ចំណែកលោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ស្ពឺ បានប្រាប់ឲ្យដឹងថា នៅតំបន់ភ្នំខ្នងផ្សារ ដែលជាកន្លែងភ្ញៀវទេសចរមកឡើង និងបោះតង់កម្សាន្តនេះខាងមន្ទីរ ក៏ដូចជា ក្រសួងមិនទាន់បានចុះទៅពិនិត្យ និងស្រាវជ្រាវស្វែងរកប្រវត្តិ និងសំណល់ផូស៊ីស ទាន់ទងនៅតំបន់នៅនៅឡើយនោះទេ តែការងារនេះខាងមន្ទីរនឹងចុះទៅពិនិត្យ និងស្រាវជ្រាវនាពេលខាងមុខ។

ដើម្បីធ្វើដំណើរទៅកាន់ទីនោះ គឺយើងត្រូវធ្វើដំណើតាមផ្លូវជាតិលេខ៤ ទៅកាន់ទីរួមខេត្តកំពង់ស្ពឺ ក្រោយឆ្លងស្ពានខេត្តកំពង់ស្ពឺប្រមាណជាង១គីឡូ យើងបត់តាមស្តុបតេឡា (ច្បារមន) ទៅស្តាំ ប្រមាណ១គីឡូ យើងនឹងឃើញផ្លូវបត់ឆ្វេង ដែលមានស្លាកសញ្ញាប្រាប់ផ្លូវទៅ ឱរ៉ាល់ ។ បត់ចូលតាមច្រកឱរ៉ាល់ (ផ្លូវ៤៤) ប្រហែល៥០គីឡូម៉ែត្រ យើងនឹងដល់រង្វង់មូលឱរ៉ាល់ រួចយើងបន្តដំណើរទៅមុខ តាមផ្លូវលំប្រមាណ៣៥គីឡូ ដោយជិះកាត់ តេទឹកពុះ យើងនឹងទៅដល់ ភូមិរលាក់កងជើង ដែលជាភូមិនៃភ្នំខ្នងផ្សារ៕

ក្រុមហ៊ុននាវាកម្សាន្តធំបំផុតលើពិភពលោកសាងសង់អាផាតម៉ិនលក់លើនាវាជាមួយតម្លៃខ្ពស់កប់ពពក

ដោយៈសុខុម

អន្តរជាតិៈ យើងធ្លាប់តែឮថាផ្ទះបណ្ដែតទឹក ប៉ុន្តែពេលដែលឮថាផ្ទះប្រណីតប្រភេទអាផាតម៉ិន ត្រូវបានសាងសង់នៅលើនាវាកម្សាន្ត វាពិតជាស្ទើរមិនគួរឱ្យជឿ។ ទោះជាយ៉ាងណា វាជាការពិតមួយដ៏គួរឱ្យភ្ញាក់ផ្អើល។

ដោយមានប្រវែងវែងរហូតដល់ទៅ២២២ម៉ែត្រ Somnio នឹងក្លាយជានាវាកម្សាន្តធំបំផុតក្នុងពិភពលោក “ទាំងប្រវែង និងទំហំ” នៅពេលនាវានេះ ត្រូវបានសាងសង់បញ្ចប់ជាស្ថាពរ និងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៤។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយនៅខែកក្កដា នេះ។

អាផាតម៉ិញដ៏ប្រណីតលើនាវាកំសាន្តធំជាងគេនេះ មានតម្លៃរហូតដល់១១លានដុល្លារអាមេរិកក្នុងមួយយូនីត។
នាវា Somnio ជាភាសាឡាតាំងដែលមានន័យថា “ក្ដីសុបិន” ត្រូវបានរចនាប្លង់ដោយក្រុមហ៊ុនឌីហ្សាញនាវាអង់គ្លេស Winch Design និងក្រុមហ៊ុនឌីហ្សាញនាវាស៊ុយអែត Tillberg Design of Sweden ហើយនឹងត្រូវសាងសង់ដោយក្រុមន័រវែស VARD ក្នុងតម្លៃប្រមាណ៦០០លានដុល្លារ។

នៅលើនាវាកម្សាន្តខ្នាតយក្សនេះ មានអាផាតម៉ិនប្រណីត រហូតដល់ទៅ៣៩យូនីតនៅលើជាន់ទាំង៦របស់វា ព្រមទាំងភោជនីយដ្ឋាន បារ និងក្លឹបមាត់ឆ្នេរខ្សាច់នៅលើនោះផងដែរ ជាមួយនឹងសេវាកម្មកម្រិតសណ្ឋាគារផ្កាយ៧។
ទោះជាយ៉ាងណា ដំណើរការទិញអាផាតម៉ិនប្រណីត នៅលើនាវាកម្សាន្តនេះត្រូវធ្វើឡើង “តាមរយៈការអញ្ជើញប៉ុណ្ណោះ”។ នេះមានន័យថា ទោះជាយើងមានលុយចង់ទិញដោយគ្មានការអញ្ជើញក៏មិនអាចទិញបានដែរ រីឯតម្លៃខ្ពស់កប់ពពកចាប់ពី១១លានដុល្លារឡើងទៅ។

អ្នកនាំពាក្យគម្រោងនេះ បានបញ្ជាក់ប្រាប់សារព័ត៌មាន CNN Travel ថា អាផាតម៉ិនមួយចំនួនមានម្ចាស់កក់រួចទៅហើយ។

អត្តសញ្ញាណរបស់ម្ចាស់អាផាតម៉ិនទាំងនេះ នឹងត្រូវបានរក្សាការសម្ងាត់។អ្នកទិញទាំងនោះ នឹងទទួលបានសេវាបម្រើលំដាប់សណ្ឋាគារផ្កាយ៧ទាំង “សម្រាប់តម្រូវការនៅលើនាវា និងតម្រូវការនៅលើគោក” ហើយនេះមិនទាន់ទាំងរាប់បញ្ចូល ឯកសិទ្ធិពិសេសដែលពួកគេមានផ្ទះនៅលើនាវាកម្សាន្តធំបំផុតក្នុងពិភពលោកផងទេ។

យោងតាមសេក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុនឌីហ្សាញ Winch Design ឱ្យដឹងថា អាផាតម៉ិននីមួយៗ ក្នុងចំណោមអាផាតម៉ិនទាំង៣៩យូនីត នឹងត្រូវដេគ័រទៅតាមការកុម្ម៉ង់របស់អ្នកទិញ ប៉ុន្តែកន្លែងហាត់ប្រាណ បណ្ណាល័យ ព្រមទាំងកន្លែងទទួលទានអាហារទាំងខាងក្នុង និងខាងក្រៅក៏ត្រូវបានផ្ដល់ជូនផងដែរ។

កាពីទែន Erik Bredhe ដែលជាសហស្ថាបនិកនាវាកម្សាន្ត Somnio បានចេញសេចក្តីថ្លែងការណ៍ថា “Somnio នឹងក្លាយជាកំពូលនាវាកម្សាន្ត ប្រភេទលំនៅដ្ឋានតែមួយគត់លើពិភពលោក ហើយត្រូវបានរចនាឡើងស្របតាមស្តង់ដារអន្តរជាតិ។ ម្ចាស់អាផាតម៉ិនទាំងនេះ នឹងទទួលបានបទពិសោធន៍រស់ពិសេស គ្មានពីរនៅតាមសមុទ្រជាមួយនាវិក និងកម្មវិធីដំណើរកម្សាន្ត ទូទាំងពិភពលោកឥតឈប់ឈរ ទៅកាន់គោលដៅដែលត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំង”៕

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹកប្រឹក្សាក្រុងបូកគោ នឹងធ្វើឡើងនៅចុងខែកក្កដានេះ

ដោយៈគង់ សូរិយា

កំពតៈ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ ដែលមានបេក្ខភាពខាងគណបក្សនយោបាយចំនួនបួនចូលរួម។

ថ្លែងនៅក្នុង ពិធីជួបសំណេះសំណសួរសុខទុក្ខ ដល់សមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ទាំងបី នៃអង្គរបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ កាលពីសប្តាហ៍មុនលោកជាវ តាយ ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពត បាននាំប្រសាសន៍ ផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេច ប្រធានគណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានេះលោកបានលើកឡើងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោខេត្តកំពត ដែលរៀបចំឡើង ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ធ្វើឡើងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ ដែលមានគណបក្សនយោបាយចំនួនចូលរួម គឺណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សសញ្ជាតិកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច។

លោកបន្តថា ការចុះមកសំណេះសំណាល សួរសុខទុក្ខនាពេលនេះ ព្រោះចង់ដឹង អំពីការត្រៀមលក្ខណៈរបស់អង្គបោះឆ្នោត គឺធ្វើយ៉ាងណាជំរុញឲ្យដំណើរកា នៃការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន នឹងទទួលបានលទ្ធផលជោគជ័យជូនគណបក្ស។

លោកជាវ តាយ ផ្តាំផ្ញើដល់សមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ទាំង១៧ រូប នៃសង្កាត់ទាំងបី ដែលជាអង្គបោះឆ្នោត ត្រូវត្រៀម ឯកសារឲ្យបានត្រឹមត្រូវគ្រប់គ្រាន់ និងថែរក្សាសុខភាព ឲ្យបានល្អ ហើយឯកឧត្តមសង្ឃឹមថា ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ គណបក្សប្រជាជនពិតជានឹងទទួលបានជោគជ័យ ដើម្បីបន្តកិច្ចអភិវឌ្ឍន៍ មូលដ្ឋានឲ្យបានកាន់តែរីកចំរើន នឹងធ្វើឲ្យជីវភាពប្រជាពលរដ្ឋ កាន់តែល្អប្រសើរថែមទៀត៕

ទូតអាមេរិកៈបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែមានភាពទាក់ទាញវិនិយោគិនអាមេរិកកាន់តែច្រើន

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ បរិយាកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ គឺអាចទាក់ទាញវិនិយោគិនអាមេរិក មកបណ្ដាក់ទុនបន្ថែមកាន់តែច្រើននាពេលអនាគត ហើយកាន់តែទាក់ទាញបន្ថែមទៀតនោះ ដោយសារតែកត្តាមួយចំនួន ដែលជាការសម្រួលដល់វិនិយោគិនអាមេរិក។

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហអាមេរិកប្រចាំកម្ពុជាបានលើកឡើងកាលពីចុងសប្តាហ៍មុនថា បរិយាកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុ​ប្បន្ននេះ នឹងអាចទាក់ទាញវិនិយោគិនអាមេរិក ចូលមកបណ្ដាក់ទុនវិនិយោគបន្ថែមទៀត ជាពិសេសកិច្ចសហការរវាងវិនិយោគិនអាមេរិក និងវិនិយោគិនកម្ពុជា ដែលអាចបង្កើតជាក្រុមហ៊ុនវិនិយោគធំៗនៅក្នុងប្រទេសកម្ពុជា។

លោកបន្តថា “តាមរយៈបទពិសោធន៍របស់លោក នៅក្នុងប្រទេសកម្ពុជាប៉ុន្មានឆ្នាំនេះលោកមើលឃើញថា បរិយាកាសនៅក្នុងប្រទេសកម្ពុជា គឺមានភាពងាយស្រួលសម្រា​ប់វិនិយោគិនអាមេរិកចូលមកបណ្ដាក់ទុន”។

លោកបន្តថា “ការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅក្នុងប្រទេសកម្ពុជា ឃើញថាមានតម្លាភាពត្រឹមត្រូវ មានច្បាប់មានទំលាប់ច្បា​ស់លាស់ ហើយសេដ្ឋកិច្ចកម្ពុជាក៏ឃើញថា មានកំណើនជាបន្តបន្ទាប់ផងដែរ។ ដូច្នេះយើងជឿថាក្រុមហ៊ុនអាមេរិក ដែលចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា នឹងកាន់តែរីកចម្រើនទៅមុខ និងមានដំណើរការល្អ”។

លោកឯកអគ្គរដ្ឋទូតបានបន្តទៀតថា វិនិយោគិនអាមេរិក ដែលចូលមកកម្ពុជាស្វែងរកការវិនិយោគនានា គឺមិនមានការលំបាកពីបញ្ហាភាសានោះទេ ។ បុគ្គលិកកម្មករនៅក្នុងប្រទេសកម្ពុជាមួយចំនួនធំ អាចនិយាយភាសាអង់គ្លេសបាន ជាមួយនឹងជំនាញច្បាស់​លាស់ ដែលជាកត្តាសម្រួលដល់វិនិយោគិនរបស់យើង ក្នុងការចូលមកស្វែងរកការវិនិយោគ និងបណ្ដាក់ទុនវិនិយោគ ។

ជាមួយគ្នានេះ លោក Gary Freedman វិនិយោគិនអាមេរិកមួយរូបដែលចូលបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា និងបានសហការជាមួយក្រុមហ៊ុនដឹកជញ្ជូនក្នុងស្រុកមួយបានឱ្យដឹងថា ក្រុមហ៊ុនដឹកជញ្ជូន ដែលមានបទពិសោធន៍ជាង១០០ឆ្នាំនៅសហរដ្ឋអាមេរិក បានសម្លឹងមើលឃើញថា វិស័យដឹកជញ្ជូនសាច់ប្រាក់នៅកម្ពុជា គឺមានសក្ដានុពលក្នុងការធ្វើប្រតិបត្តិ ដូច្នេះហើយទើបក្រុមហ៊ុនរបស់លោក បានចូលកម្ពុជានិងបានសហការជាមួយក្រុមហ៊ុន ដឹកជញ្ជូនក្នុងស្រុករបស់កម្ពុជា WorldBride Secure Logistics ដើម្បីបង្កើតប្រតិបត្តិការដឹកជញ្ជូនក្រោមស្លាក Brink’s ហើយនឹងផ្ដល់នូវប្រតិបត្តិការដ៏ល្អជូនអតិថិជននៅក្នុងប្រទេសកម្ពុជា ។

អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Worldbridge Group ក៏បានឱ្យដឹងផងដែរថា ក្នុងនាមជាអ្នកវិនិយោគនៅក្នុងប្រទេស លោកពិតជារីករាយនៅពេលមានក្រុមហ៊ុនលំដាប់អន្តរជាតិកាន់តែច្រើន ចូលមកក្នុងប្រទេសយើង ដើម្បីស្វែងរកឱកាសវិនិយោគ។

លោកបន្តថា តាមរយៈក្រុមហ៊ុនដែលមានបទពិសោធន៍ ធ្វើអាជីវកម្មនិងប្រតិបត្តិការជាង១០០ឆ្នាំ ក្រុមហ៊ុននេះនឹងផ្ដល់ប្រយោជន៍ដល់កម្ពុជា នូវបទពិសោធន៍និងមេរៀនជាច្រើនដល់កម្ពុជា ជាពិសេសជំនាញសម្រាប់ធនធានមនុស្សកម្ពុជា។ តាមរយៈក្រុមហ៊ុនដែលមានអាយុកាលជាង១០០ឆ្នាំនេះដែរ នឹងស្រូបទាញវិនិយោគិនអាមេរិក និងក្រុមហ៊ុនធំៗលំដាប់អន្តរជាតិជាច្រើនទៀត ចូលមកក្នុងប្រទេស ដើម្បីស្វែងរកការវិនិយោគទៅតាមជំនាញរបស់ពួកគេ៕

សកម្មភាពទិញលក់ដីនៅក្រុងព្រះសីហនុចាប់ផ្តើមកំរើកឡើងវិញបណ្តើរៗហើយ

ដោយៈស៊ីវ ម៉េង

ព្រះសីហនុៈ សកម្មភាពទិញលក់ដីធ្លីនៅខេត្ត និងក្រុងព្រះសីហនុ បានចាប់ផ្តើមកំរើកឡើងវិញបណ្តើរៗហើយ។នេះបើតាម លោកឃាង ភារម្យអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ។

លោកឃាង ភារម្យបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីចុងសប្តាហ៍មុនថា សកម្មភាពនៃការទិញលក់ដីធ្លី បន្ទាប់ពីភាពស្ងប់ស្ងាត់ដោយសារវិបត្តិកូវីដ បច្ចុប្បន្ននេះ​មានចលនាដោះដូរដូរធ្លីបណ្តើរៗហើយ ប៉ុន្តែសកម្មភាពទិញលក់ទាំងនោះ ស្ថិតនៅក្នុងទ្រង់ទ្រាយតូចនៅឡើយ។ លោកបន្តទៀតថា ចំណែកតម្លៃដីធ្លីមិនបានកើនឡើងនោះទេ ព្រោះក្នុងស្ថានភាពនេះ​ យើងពិបាកកំណត់ពីតម្លៃដីពិតប្រាកដណាស់ ដោយសារតម្លៃស្ថិតនៅលើការចចាររវាងអ្នកទិញ និងអ្នកលក់ជាក់ស្តែង។

លោកបន្តថា “សកម្មភាពទិញលក់បានចាប់ផ្តើម មានចលនាឡើងវិញនេះ ដោយ​សារការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាល ដែលប្រជាពលរដ្ឋអាចធ្វើដំណើរចេញចូលខេត្តព្រះសីហនុបាន”។ លោកបន្តថា “អ្វីៗបើសិនជាយើងដកបញ្ហាជំងឺកូវីដ១៩ចេញ សកម្ម​ភាពសេដ្ឋកិច្ចនៅខេត្តព្រះសីហនុ នឹងមានភាពប្រសើរឡើងវិញហើយ”។

លោកឃាង ភារម្យបានបន្តថា ជាមួយគ្នានេះសកម្មភាពនៃការសាងសង់ឡើងវិញ និងការសាងសង់គំរោងបន្ត លោកនៅតែសង្កេតឃើញថាគំរោងធំៗ ដែលជាគំរោងរបស់វិនិយោគិនអន្តរជាតិធំៗ ដែលមានលុយ Back Up គ្រប់គ្រាន់ ពួកគេនៅតែបន្តសាងសង់គម្រោងរបស់ពូកគេដដែល។

ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអច​លនវត្ថុកម្ពុជាធ្លាប់បានមានប្រសាសន៍ថា ខេត្តព្រះសីហនុ ជាខេត្តមានសក្តានុពលមួយ ដែលនឹងមានការរីកចម្រើន កាន់តែលឿននាពេលអនាគត ខណៈអ្នកវិនិយោគអន្តរជាតិ យើងរំពឹងពួកគាត់ត្រលប់មកវិញនៅឆ្នាំ២០២២ខាងមុខនេះ។

លោកបន្តថា “អ្នកវិនិយោគចិនបានជ្រើសរើសរបៀបវិនិយោគជាសហគមន៍ ដែលបច្ចុប្បន្នយើងឃើញពួកគាត់់ បានបោះទុនវិនិយោគច្រើននៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុច្រើនជាងគេ”៕