បូកគោលែនដ៏គម្រោង2 បង្ហាញទស្សនទាននៃការអភិវឌ្ឍន៍ថ្មី កាន់តែប្លែក និងទាក់ទាញ

បូកគោលែនដ៏

ដោយៈ សហសេវិក

កំពតៈ ដោយសារអតិថិជនផ្តល់ទំនុកចិត្ត ភាពជឿជាក់ និងមានការគាំទ្រយ៉ាងខ្លាំងដល់ Bokor Land គម្រោងទី1 កន្លងមក បច្ចុបន្បន៏នេះគម្រោងBokor Land បានធ្វើការបើកលក់ដីលំហែរគម្រោងទី2បន្តទៀត លើផ្ទៃដីទំហំ14.5ហិកតា ដែលមានទីតាំងលើផ្លូវជាតិលេខ43 ភូមិទ្វាថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។

Bokor Land គម្រោងទី2មានសម្រស់កាន់តែស្អាត ជាមួយនិងក្បាច់រចនាម៉ូតខ្លោងទ្វាពណ៍បៃតងបែបធម្មជាតិ តាមដងផ្លូវនីមួយៗ ក្នុងគម្រោងអមទៅដោយសួនផ្កាចំរុះនិងរុក្ខជាតិបៃតងកាន់តែទាក់ទាញភ្នែក ពិសេសជាងនេះទៅទៀតក្នុងគម្រោង ក៏មានសួនច្បារលំហែរទំហំ 3000មការ៉េ នៅចំចំនុចកណ្តាលនៃគម្រោងសំរាប់លំហែរកាយ អង្គុយអានសៀវភៅ ហាត់ប្រាណ ក្មេងៗលេងកំសាន្ត និងអាចបោះតង់កេងកំសាន្តនាពេលរាត្រីផងដែរ។

ក្នុងគម្រោងមានរៀបចំប្រពន្ធ័ហេដ្ឋារចនាសម្ពន្ធ័ទឹក ភ្លើង លូ ផ្លូវតាមស្តង់ដា ព្រមទាំបំពាក់អំពូល Sola បំភ្លឺផ្លូវទាំងមូលក្នុងគម្រោង ទំហំដីឡូតិ៏កាន់តែធំជាងមុន មានប្រភេទទំហំ15x30m និង20x40mសំរាប់ធ្វើការជ្រើសរើស។

កក់ថ្ងៃនេះនឹងទទួលបានកាបញ្ចោះតំលៃចាប់ពី3000$ដល់10000$/ឡូតិ៏ ការបង់ប្រាក់ងាយស្រួល និងមានរយៈពេលវែង លោកអ្នកអាចបង់រំលស់ផ្ទាល់ ជាមួយគម្រោង រយៈពេល5ឆ្នាំដោយឥតការប្រាក់។

ប្រញាប់ឡើង កក់500$ភ្លាម ចូលធ្វើផ្ទះលំហែរបានភ្លាមៗ !!!Bokor Landជាកន្លែងផ្តល់ក្តីសុខ និងសុភមង្គលក្នុងគ្រួសាអ្នក!!!

☎️ទរស័ព្ទផ្នែកលក់គម្រោងផ្ទាល់ 086 399 686; 095 585 049៕

រាជធានីភ្នំពេញជាចលករសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ភ្នំពេញជារាជធានីនៃព្រះរាជាណាចក្រកម្ពុជាហើយក៏ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម សេវាកម្ម នយោបាយអប់រំ វប្បធម៌ ។ រាជធានីភ្នំពេញក៏ជាមជ្ឈមណ្ឌលវិនិយោគដ៏មានសក្ដានុពលផងដែរ ដូច្នេះហើយទើបរដ្ឋាភិបាលកំណត់ថា រាជធានីភ្នំពេញគឺជាចលករសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា។

យោងតាមទៅតាមអនុក្រឹត្យស្ដីពីការដាក់ឱ្យអនុវត្តប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញ របស់រាជរដ្ឋាភិបាលកម្ពុជាបានឱ្យដឹងថា រាជធានីភ្នំពេញមានមុខងារជារាជធានីភ្នំពេញប្រមូលផ្ដុំនូវសកម្មភាពនយោបាយ និងសេដ្ឋកិច្ចដែលអាចមានផលិតផលក្នុងស្រុកសរុបរហូតដល់ប្រហែល១,៣ពាន់លានដុល្លារអាមេរិក គឺស្មើនឹង៣១ភាគរយនៃផលិតផល្នុងស្រុកសរុបរបស់ជាតិ ហើយដែលបច្ចុប្បន្នផលទុនសរុបប្រចាំឆ្នាំបានកើនលើសពី១០០០ដុល្លារអាមេរិកទៅហើយសម្រាប់មនុស្សម្នាក់ គឺស្មើនឹងជិត៤ដងច្រើនជាងផលិតផលក្នុងស្រុកមធ្យមនៃប្រជាជនម្នាក់ដែលរស់នៅតាមខេត្តនានា។

ដូច្នេះរាជធានីភ្នំពេញ មានភាពធូរធាជាងតំបន់ដទៃទៀតនៃប្រទេសកម្ពុជា ។ប៉ុន្តែរាជធានីភ្នំពេញ ក៏នៅតែមានភាពទន់ខ្សោយនៅឡើយ បើប្រៀបធៀបនឹងផលិតផលក្នុងស្រុកសរុបសម្រាប់ប្រជាជនម្នាក់នៅក្នុងទីក្រុងបាងកកដែលមានចំនួនច្រើនជាងនេះ១០ដង។

នៅក្នុងអនុក្រឹត្យដដែលនេះថា ភ្នំពេញគឺជាប៉ូសេវាកម្មកណ្ដាលមួយក្នុងតំបន់ដែលប្រមូលផ្ដុំនូវប្រជាជនជាង៦លាននាក់នៅក្នុងកាំរង្វង់ចម្ងាយ១០០គីឡូម៉ែត្រជុំវិញ ដែលប្រហាក់ប្រហែលនឹងទីក្រុងធំៗមួយចំនួននៅអាស៊ីអាគ្នេយ៍ ។

អ្នកវិនិយោគបរទេសដែលចូលមកកម្ពុជា តំបន់មុនគេដែលសម្លឹងមើលសម្រាប់ការវិនិយោគរបស់គេគឺរាជធានីភ្នំពេញ បន្ទាប់មកគឺខេត្តសក្ដានុលបន្តបន្ទាប់ ក្នុងនោះខេត្តព្រះសីហនុនិងខេត្តសៀមរាបគឺជាខេត្តបន្តបន្ទាប់ពីរាជធានីភ្នំពេញ។

តាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានបង្ហាញផងដែរថា គម្រោងវិនិយោគជាច្រើនដែលទទួលបានសិទ្ធិសាងសង់ភាគច្រើនគឺនៅរាជធានីភ្នំពេញ ទាំងសំណង់និងគម្រោងវិននិយោគនានាទៀត ដូច្នេះហើយទើបរាជធានីភ្នំពេញត្រូវការពង្រីកផ្ទៃដីបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការកំណើនប្រជាពលរដ្ឋនៅក្នុងទីក្រុងមួយនេះជារៀងរាល់ឆ្នាំ៕

អារ៉ាប៊ីសាអូឌីត ចុះកិច្ចព្រមព្រៀងត្រីភាគីដើម្បីផ្តល់ផ្ទះចំនួន១០,០០០យូនីតដល់គ្រួសារពលរដ្ឋក្រីក្រ

សុខុម

ក្រុងរីយ៉ាដ: កម្មវិធីលំនៅដ្ឋានអភិវឌ្ឍន៍អារ៉ាប៊ីសាអូឌីត បានចុះកិច្ចព្រមព្រៀងត្រីភាគីមួយដើម្បីផ្ដល់លំនៅដ្ឋានចំនួន១០,០០០យូនីតដែលមានតម្លៃសរុប៥៣៣លានដុល្លារ សម្រាប់គ្រួសារដែលមានតម្រូវការចាំបាច់បំផុតដើម្បីឱ្យពួកគេមានផ្ទះផ្ទាល់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន Arab News ចុះផ្សាយនៅថ្ងៃទី១០ កក្កដា នេះ។

ទីភ្នាក់ងារព័ត៌មានអារ៉ាប៊ីសាអូឌីត Saudi Press Agency ចុះផ្សាយថា កិច្ចព្រមព្រៀងត្រីភាគីនេះធ្វើឡើងជាមួយអង្គការសប្បុរសធម៌ Alwaleed Philanthropies និងក្រុមហ៊ុនអភិវឌ្ឍន៍កំនៅដ្ឋាន National Developmental Housing Corporation (Sakan) ដែលគ្រប់គ្រងដោយរដ្ឋ។

កិច្ចព្រមព្រៀងធំបំផុតនៅក្នុងវិស័យលំនៅដ្ឋានអភិវឌ្ឍន៍នេះ គឺជាការបន្តកិច្ចព្រមព្រៀងមួយចំនួនដែលបានបញ្ចប់ជាមួយអង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នម្ចាស់ជំនួយនានា។

លោក Majid bin Abdullah Al-Hogail រដ្ឋមន្ត្រីលំនៅដ្ឋានអារ៉ាប៊ីសាអូឌីត បានលើកឡើងថា កិច្ចព្រមព្រៀងសហប្រតិបត្តិការត្រីភាគីនេះធ្វើឡើងក្នុងក្របខណ្ឌ ដើម្បីធ្វើឱ្យការចូលរួមរបស់វិស័យលំនៅដ្ឋានក្នុងកម្មវិធីអភិវឌ្ឍន៍ថ្នាក់ជាតិមានភាពសកម្មផុសសុល និងដើម្បីបង្កើនការលើកកម្ពស់ផ្នែកសេដ្ឋកិច្ច និងសង្គមនៅក្នុងព្រះរាជាណាចក្រមួយនេះ។

ការផ្គត់ផ្គង់លំនៅដ្ឋានថ្មីៗក្នុងប្រទេសអារ៉ាប់ប៊ីសាអូឌីត បានកើនឡើងខ្លាំងក្នុងត្រីមាសទី១ នៅពេលដែលកម្មវិធីលំនៅដ្ឋាន Sakani និង Wafi របស់រដ្ឋាភិបាលបានជំរុញការសាងសង់លំនៅដ្ឋានដែលមានតម្លៃសមរម្យសម្រាប់ពលរដ្ឋក្នុងស្រុកដែលមិនសូវធូរធារខ្លាំង។ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ លំនៅដ្ឋានចំនួន៣៤៤,០០០យូនីតត្រូវបានសាងសង់សម្រាប់ទីផ្សារនៅក្នុងព្រះរាជាណាចក្រនេះ៕

ឧកញ៉ាលឹម ហេងៈ សេចក្តីព្រាងច្បាប់វិនិយោគថ្មីដែលទើបអនុម័តជាដែកឆក់សម្រាប់ទាក់ទាញវិនិយោគមកកាន់កម្ពុជា

ដោយៈ ប៊ី

ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជាអះអាងថា សេចក្តីព្រាងច្បាប់វិនិយោគថ្មី ដែលទើបត្រូវបានរាជរដ្ឋាភិបាលអនុម័តកាលពីម្សិលមិញ នឹងក្លាយជាដែកឆក់ស្រូបទាញវិនិយោគបន្ថែមមកកម្ពុជា ស្របពេលកម្ពុជាសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនជាមួយនឹងបណ្តាប្រទេសធំៗ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានបង្ហាញពីការគាំទ្រ ចំពោះច្បាប់វិនិយោគថ្មី បន្ទាប់ពីសេចក្ដីព្រាងច្បាប់នេះ ត្រូវបានអនុម័តដោយរាជរដ្ឋាភិបាល នៅក្នុងកិច្ចប្រជុំពេញអង្គនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១។

លោកឧកញ៉ាបានថ្លែងថា ក្នុងនាមសភាពាណិជ្ជកម្មកម្ពុជា សូមអបអរសារទរចំពោះច្បាប់វិនិយោគថ្មី ដែលបានដាក់ចេញ ព្រោះសភាពាណិជ្ជកម្មកម្ពុជា និងដៃគូពាក់ព័ន្ធបានចូលរួមប្រជុំពីរលើក ហើយជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានផ្ដល់ធាតុចូលជាច្រើនដល់ច្បាប់ថ្មីនេះ។

លោកឧកញ៉ាបានថ្លែងដូច្នេះថា “ពេលច្បាប់ថ្មីនេះដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំនេះ ឬដើមឆ្នាំក្រោយនោះ វាជាឱកាសល្អ ទន្ទឹមនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ, កិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប-RCEP) ព្រមទាំងមានប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ជាមួយអាមេរិក និងអង់គ្លេស ព្រមទាំងមានប្រព័ន្ធអនុគ្រោះពន្ធ EBA ជាមួយសហគមអឺរ៉ុប ដែលទាំងអស់នេះ ខ្ញុំជឿជាក់ថាច្បាប់ថ្មីនេះ ជាដែកឆក់សម្រាប់ទាក់ទាញវិនិយោគបន្ថែមទៀតមកកាន់កម្ពុជា”។

លោកឧកញ៉ាបន្ថែមថា នេះក៏ទន្ទឹមពេលដែលប្រមុខរាជរដ្ឋាភិបាល បានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការកែទម្រង់ស៊ីជម្រៅ ផ្នែកសេដ្ឋកិច្ចនេះ ដើម្បីដើរឲ្យទាន់សភាពការណ៍ នៃការដាក់ឧស្សាហកម្មឌីជីថល នេះជាយុទ្ធសាស្ដ្រដ៏ល្អ ហើយជាការលើកទឹកចិត្តបន្ថែម សម្រាប់អ្នកវិនិយោគក្នុងស្រុក ក៏ដូចជាបរទេស ដែលអាចទទួលបានផលប្រយោជន៍ពីពីច្បាប់វិនិយោគថ្មីនេះផងដែរ។

លោកឧកញ៉ាបានបន្តថា ច្បាប់ថ្មីនេះក៏មានតំណភ្ជាប់ពីសហគ្រាសធុនតូច និងមធ្យម អ្នកផលិតផលក្នុងស្រុក ដែលផលិតផ្គត់ផ្គង់ឲ្យរោងចក្រសហគ្រាស ដែលមកវិនិយោគ ដើម្បីជាវត្ថុធាតុដើមក្នុងការនាំចេញ និងការលើកទឹកចិត្តផ្នែកពន្ធជាដើម។ លោកបញ្ជាក់ថា «កន្លងមកយើងមានបញ្ហាប្រឈមរឿងការផ្គត់ផ្គង់ក្នុងស្រុក ដើម្បីកែច្នៃមានជាប់ VAT ប៉ុន្ដែនៅពេលដែលមានច្បាស់ថ្មីនេះ ខ្ញុំគិតថាអាចនឹងរួច VAT ហើយក៏ជាការលើកទឹកចិត្តឲ្យសហគ្រាសធុនតូច និងមធ្យម មានលទ្ធភាពផ្គត់ផ្គង់ ដល់រោងចក្រសហគ្រាស ដែលវិនិយោគនាំចេញ»។

អ្វីដែលពិសេសជាងនេះទៀតនោះ ច្បាប់ថ្មីអនុញ្ញាតឲ្យអនុគណៈកម្មការវិនិយោគខេត្តអាចអនុម័តគម្រោងមានទឹកប្រាក់ធំជាងមុន ដែលច្បាប់ចាស់មានត្រឹម២លានដុល្លារប៉ុណ្ណោះ។

លោកឧកញ៉ាអះអាងថា ក្នុងពេលចូលរួមកិច្ចប្រជុំ សម្រាប់ជាធាតុចូលក្នុងសេចក្តីព្រាងច្បាប់វិនិយោគថ្មី វិស័យឯកជនបានស្នើសុំឲ្យ អនុគណៈកម្មការវិនិយោគខេត្តអាចអនុម័តគម្រោងវិនិយោគក្នុងតម្លៃក្រោម ១០លានដុល្លារ ដែលការធ្វើបែបនេះ នឹងជួយបង្ខិតរោងចក្រសហគ្រាស ទៅកាន់បណ្ដាខេត្តផ្សេងៗ ងាយស្រួលឲ្យប្រជាពលរដ្ឋ និងកម្មករមានការងារធ្វើនៅនឹងកន្លែង នេះជាការជួយកាត់បន្ថយភាពក្រីក្រ ដោយមិនចំបាច់ចំណាកស្រុក មកកាន់រាជធានីភ្នំពេញ ឬទៅស្រុកក្រៅ ដើម្បីរកការងារធ្វើជាដើម៕

វិនិយោគិនអចលនទ្រព្យធំមួយនៅកម្ពុជាអះអាងថា កូវីដ១៩ជាឱកាសក្នុងការបន្ថែមល្បឿនវិនិយោគ

ដោយៈ លក្ខិណា

ភ្នំពេញ៖ អ្នកវិនិយោគនៅក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា អ្នកឧកញ៉ាសៀ ឬទ្ធី ដែលគេដឹងថាជាអ្នកវិនិយោគចម្រុះមួយនៅកម្ពុជា បានបញ្ជាក់ថានៅក្នុងវិបត្តិនៃជំងឺកូវីដ១៩អ្នកវិនិយោគមិនគួរបង្អង់ល្បឿននៃការវិនិយោគនោះទេ តែផ្ទុយទៅវិញគួរតែបន្ថែមល្បឿននិងនិយាយថានៅក្នុងវិបត្តិនេះ វាជាឱកាសនៃការបន្ថែមល្បឿនសម្រា់បវិនិយោគ។

អ្នកឧកញ៉ាសៀ ឬទ្ធីជាអ្នកវិនិយោគលើគម្រោងអគារខ្ពស់ៗនៅកម្ពុជា ជាអ្នកវិនិយោគលើលំនៅឋានតម្លៃសមរម្យដំបូងគេនៅកម្ពុជា ជាអ្នកវិនិយោគលើវិស័យដឹកជញ្ជូន និងតំបន់សេដ្ឋកិច្ចពិសេសផងដែរ ។ នៅក្នុងវិបត្តិនៃជំងឺកូវីដ១៩អ្នកឧកញ៉ាថា បើសិនជាយើងបន្ថយល្បឿនឬពន្លត់ម៉ាស៊ីន អ្នកដទៃទៀតគេនឹងទៅ មុខចោលហើយ មិននៅចាំយើងទេ ដូច្នេះទោះយើងត្រូវសម្លឹងពីឱកាសនៅក្នុងពេលមានបញ្ហា ដែលអាចធ្វើការវិនិយោគជាបន្តបន្ទាប់ដោយសម្លឹងមើលទៅលើតើអ្វីដែលមានតម្រូវការនិងនៅតែមានទីផ្សារសម្រាប់រកប្រាក់ចំនេញនៅក្នុងវិបត្តិ ។

អ្នកឧកញ៉ាបន្តថា ជាការពិតណាស់កូវីដ១៩ ពិតជាធ្វើឱ្យមានបញ្ហានិងផលប៉ះពាល់ គ្រាន់តែថាមានវិស័យខ្លះប៉ះពាល់តិច វិស័យខ្លះទៀតប៉ះពាលខ្លាំង ក្នុងនោះយើងឃើញថាវិស័យទេសចរណ៍ទទួលផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ហើយវិស័យដែលពាក់ព័ន្ធនឹងទេសចរណ៍ក៏ប៉ះពាល់ដែរ ។ ប៉ុន្តែនៅក្នុងវិបត្តិនៃយើងឃើញថាវិស័យផ្សេងទៀតមិនត្រឹមតែមិនប៉ះពាល់ទេ វាបែរជារីកចម្រើនដូចជាវិស័យកសិកម្ម ។

អ្នកឧកញ៉ាបន្ថែមថាទន្ទឹមនឹងវិបត្តិកូវីដ១៩នេះដែរ ក៏មានវិនិយោគិនបរទេសបានចូលមកកម្ពុជាដើម្បីស្វែងរកដៃគូវិនិយោគនៅក្នុងប្រទេសកម្ពុជា ដូចជាវិនិយោគិនអាមេរិកនិងប្រទេសផ្សេង ។ អ្វីដែលកម្ពុជានិងវិនិយោគិនក្នុងស្រុកត្រូវធ្វើនោះគឺភាពស្របច្បាប់និងធនធានមនុស្សច្បាស់លាស់ដើម្បីបម្រើជូន វិនិយោគិនមកពីបរទេស ។ លោកថា “អ្នកវិនិយោគក្នុងស្រុកទាំងអស់ ត្រូវធ្វើអ្វីដែលស្របច្បាប់ ដូចជាបង់ពន្ធជូនរដ្ឋត្រឹមត្រូវ រកស៊ីមានបញ្ជីស្នាមច្បាស់លាស់ និងមានបុគ្គលិកដែលមានទំនួលខុសត្រូវនឹងការងារ ។ នៅពេលវិនិយោគិនបរទេសចូលមកគេនឹងចង់ចាប់ដៃរកស៊ីជាមួយគ្នា “។

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឱ្យដឹងថា ស្ថិតនៅក្នុងវិបត្តិកូវីដ១៩នេះ កម្ពុជានៅតែទទួលបានទុនវិនិយោគជាបន្តបន្ទាប់ពីបរទេស និងវិនិយោគិនក្នុងស្រុកទៅលើការអភិវឌ្ឍគម្រោងវិនិយោគជាច្រើន ។ ការណ៍នេះ បានជំរុញឱ្យសេដ្ឋកិច្ចកម្ពុជានៅតែមានសកម្មភាពនិងជៀសវាងនូវការដួលរលំនៃសេដ្ឋកិច្ចនៅក្នុងវិបត្តិកូវីដ១៩ ៕

អ្នកជំនាញៈ វិស័យអចលនទ្រព្យនៅជាយក្រុងនៅតែមានសក្ដានុពលសម្រាប់វិនិយោគទុកចំណេញ

ដោយៈ ម៉ាណេត

ភ្នំពេញៈ អ្នកជំនាញបានបង្ហើបពីតំបន់មួយចំនួននៅទីក្រុងភ្នំពេញ ពិសេសតំបន់នៅជាយក្រុង ដែលនៅតែមានសក្ដានុពល ក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ ដែលអាចយកផលចំណេញបានខ្ពស់ ក្រោយវិបត្តិកូវីដ១៩បានបញ្ចប់។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ស៊ីអិល រៀលធី លោកស៊ា ឆៃលីន បានថ្លែងប្រាប់នៅក្នុងសប្តាហ៍នេះថា វិនិយោគិនគួរសម្លឹងការវិនិយោគនៅតំបន់ជាយក្រុងភ្នំពេញ ពិសេសនៅភាគខាងត្បូង និងក្រវាត់ក្រុងទីបី ដោយសារតែតំបន់នោះមានការអភិវឌ្ឍលឿន និងមិនទាន់មានការអភិវឌ្ឍន៍ឆ្អែត ដូច្នេះវិនិយោគនៅតែអាចរកផលចំណេញពីតំបន់ទាំងនេះបាន។

លោកបានថ្លែងបន្តថា បើនិយាយពីការវិនិយោគអចលនទ្រព្យសម្រាប់ផលចំណេញ គឺភាគច្រើនគេនិយាយពីការវិនិយោគលើវិស័យដីធ្លីនេះតែម្តង។ លោកបានបន្តថា អំឡុងពេលដែលវិបត្តិនេះ នៅពេលដែលវិនិយោគិនឆ្លាតវៃណា អាចរកបានអចលនទ្រព្យណាមួយដែលមានតម្លៃក្រោមទីផ្សារ និងរួចទិញយកសម្រាប់យកផលចំណេញនាពេលអនាគត នេះគឺជាឱកាសមួយដ៏ល្អប្រសើរ ។

លោកបន្តថា ដើម្បីទទួលបានផលចំណេញ នៅពេលខាងមុខអ្នកវិនិយោគគួរ ការវិនិយោគពីពេលឥឡូវនេះនៅពេលដែលវិបត្តិកូវីដបញ្ចប់ តម្លៃអចលនទ្រព្យនឹងកើនឡើងខ្លាំង នៅពេលនោះហើយដែលអ្នកវិនិយោគទទួលបានផលចំណេញខ្ពស់ពីការវិនិយោគវិស័យអចលនទ្រព្យរបស់ខ្លួន។

ជាមួយគ្នានេះដែរ លោកឌឹត ចណ្ណានាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ ឡាក់គី រៀលធី បានថ្លែងឱ្យដឹងថា ចលនានៃការទិញលក់អចលនទ្រព្យបានចាប់ផ្តើមកម្រើកបន្តិច បន្ទាប់ពីរដ្ឋាភិបាលបានបន្ធូរបន្ថយដល់ការធ្វើដំណើររបស់ប្រជាជន។

លោកបានថ្លែងថា ជាធម្មតា អ្នកវិនិយោគ ឬអ្នករកទទួលទាននៅក្នុងវិស័យអចលនទ្រព្យមិនសូវជាចេះនៅស្ងាមនោះទេ ហើយការបន្ធូរបន្ថយដល់ការធ្វើដំណើររបស់ប្រជាជន បានធ្វើឱ្យប្រជាជន ពិសេសអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យចាប់ផ្តើមបន្តសកម្មភាពវិនិយោគរបស់ពួកគាត់ឡើងវិញ។

ជាមួយគ្នានេះដែរ លោកមើលឃើញថា សកម្មភាពទិញលក់មានការកម្រើកឡើងនៅជាយក្រុង ពិសេសការទិញលក់លំនៅដ្ឋាន និងដីធ្លីនៅជាយក្រុង ហើយនៅតាមខណ្ឌនៅជាយក្រុង ឃើញមានសកម្មភាពកម្រើកឡើងវិញ ទាំងនៅខណ្ឌសែនសុខ និងខណ្ឌដង្កោជាដើម។

លោកបានថ្លែងបន្តថា មួយរយៈពេលចុងក្រោយនេះ តំបន់ជាយក្រុងនៅទិសទាំងអស់នៃរាជធានីភ្នំពេញមានរីកលូតលាស់ព្រមគ្នាតែម្តង ខណៈតំបន់នៅជាយក្រុងនៅប៉ែកខាងកើតនៅមានតម្លៃសមរម្យជាងបន្តិច ដោយសារស្ពានមិនទាន់សាងសង់ ប៉ុន្តែចលនានៃការទិញលក់នៅតែមាន៕

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចំនួន៤លានដូសនឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃនេះ

ដោយៈ ប៊ី

ភ្នំពេញៈ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ៤លានដូសថែមទៀតពីប្រទេសចិន នឹងមកដល់ប្រទេសកម្ពុជាបន្តទៀត នៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១នេះ។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា វ៉ាក់សាំងដែលដឹកនាំមកដល់នៅថ្ងៃស្អែកនេះ មានវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៣លានដូស និងវ៉ាក់សាំងស៊ីណូហ្វាម ១លានដូស។ លោកស្រី បានបញ្ជាក់ថា វ៉ាក់សាំង៤លានដូសនេះ គឺជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា។

គិតចាប់តាំងពីថ្ងៃទី៧ ខែកុម្ភៈ ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងចំនួន១២លានដូសរួចហើយ។ ក្នុងនោះវ៉ាក់សាំងស៊ីណូហ្វាមជាជំនួយរបស់ចិន មានចំនួន ២.២លានដូស, វ៉ាក់សាំងអាស្ត្រាហ្សេនីកា ជំនួយរបស់ខូវ៉ាក់ចំនួន ៣២៤,០០០ដូស និងវ៉ាក់សាំងចំនួន ៩.៥លានដូស ជាការបញ្ជាទិញរបស់កម្ពុជា ពីប្រទេសចិន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសថ្លែងសារពិសេស កាលពីថ្ងៃទី០១ ខែកក្កដា បានឱ្យដឹងថា នៅខែកក្កដា និងខែសីហា ឆ្នាំ២០២១នេះ កម្ពុជានឹងទទួលបានវ៉ាក់សាំងចំនួន ៩លានដូសពីប្រទេសចិន ដែលជាចំនួនវ៉ាក់សាំងគម្រប់ ២០លានដូសតាមផែនការដែលរាជរដ្ឋាភិបាលស្វះស្វែងរក ដើម្បីចាក់ជូនប្រជាពលរដ្ឋ។

វ៉ាក់សាំង គឺឧបករណ៍យុទ្ធសាស្ត្រមួយសម្រាប់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក៏ដូចជាការពារសុខភាពរបស់ប្រជាពលរដ្ឋពីជំងឺកូវីដ១៩។ តាមរយៈវ៉ាក់សាំង ដែលកម្ពុជាទទួលបានជាបន្តបន្ទាប់ ជួយឱ្យកម្ពុជាសម្រេចផែនការលើការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋផងដែរ។

គិតត្រឹមថ្ងៃទី០៩ ខែកក្កដា កម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក៏ដូចជាជនបរទេសនៅកម្ពុជា បានចំនួនជាង ៤.៧៩លាននាក់ហើយ ស្មើនឹងជាង ៤៧.៩៣ភាគរយ នៃចំនួនប្រជាពលរដ្ឋត្រូវចាក់ក្នុងផែនការ។

លទ្ធផលដែលសម្រេចបានលើការងារចាក់វ៉ាក់សាំងនេះ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុករដ្ឋាភិបាលចិន គឺជាអ្នកគាំទ្រដ៏ខ្លាំងក្លាមួយលើកម្មវិធីចាក់វ៉ាក់សាំង។

សម្តេចតេជោ បានលើកឡើងថា បើគ្មានការជួយគាំទ្ររបស់ចិនទេនោះ កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋមិនបាន ២០ម៉ឺននាក់នោះឡើយ។ កាលពីថ្ងៃទី០១ ខែកក្កដា សម្តេចតេជោ ហ៊ុន សែន បានប្រកាសយកចិត្តធ្វើជាបង្អែកយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់វ៉ាក់សាំងមកកម្ពុជាផងដែរ៕

សិក្សាលំអិតៈតើអ្វីជាគម្រោងធំៗរបស់រដ្ឋាភិបាល ស្ថិតក្នុងផែនការមេអភិវឌ្ឍរាជធានីភ្នំពេញឆ្នាំ២០៣៥

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ ជាមួយនឹងមហិច្ឆតាពង្រីកទីក្រុងកាន់តតែធំ ដើម្បីពង្រីកវិសាលភាពនៃការអភិវឌ្ឍ ដោយសារកំនើនសេដ្ឋកិច្ច នគរូបនីយកម្ម រដ្ឋាភិបាលនឹងអនុម័តនូវគំរោងធំៗចំនួន៩ជាអាទិភាព។

យោងតាមផែនការមេអភិវឌ្ឍក្រុងដល់ឆ្នាំ២០៣៥ រដ្ឋាភិបាលសម្រេចយកគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ៩គម្រោង ជាគម្រោងដែលត្រូវអនុម័តបន្ទាន់ តើមានគម្រោងអ្វីខ្លះ ហើយតាំងពីឆ្នាំ២០១៥ ដែលចេញផែនការមេមកទល់បច្ចុប្បន្ន មានគម្រោងណាខ្លះចាប់ផ្ដើមហើយ និងគម្រោងណាខ្លះនៅមិនទាន់អនុវត្តន៍។
ទី១ ការអនុម័តបទប្បញ្ញត្តិ និងប្លង់នៃការបម្រុងទុកធំៗនៃវិស័យសាធារណៈ ផ្លូវធំៗ ផ្លូវដែក និងការបង្ហូរទឹកនៅតំបន់ជាយក្រុងនានា

ផែនការនេះត្រូវបានអនុវត្តខ្លះៗ ហើយជាក់ស្ដែងដូចជា សេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងដីចំណីផ្លូវនៅតាមបណ្តាញផ្លូវថ្នល់ និងផ្លូវរថភ្លើង ដែលកំពុងត្រៀម ដោយក្រសួងសាធារណៈការ និងដឹកជញ្ជូន។ ច្បាប់ថ្មីនេះ គឺដើម្បីជួយឱ្យសមត្ថកិច្ចពាក់ព័ន្ធងាយស្រួលក្នុងការដោះស្រាយ ផលប៉ះពាល់ដល់ប្រជាជន ក្នុងករណីរដ្ឋមានគម្រោងស្ដារហេដ្ឋារចនាសម្ព័ន្ធណាមួយ។

លើសពីនេះ ក្រសួងក៏កំពុងបន្តពិនិត្យ លើសេចក្ដីសម្រេចលើច្បាប់ស្តីពី ទឹកកខ្វក់ និងប្រព័ន្ធលូ ឡើងវិញ ពោលគឺនឹងពន្លឿនឱ្យច្បាប់នេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការឱ្យបានលឿនបំផុតផងដែរ។

ទី២ ការអនុម័តកំណត់ទីតាំងស្ថានីយ៍រថភ្លើងសម្រាប់ទំនិញ និងទីតាំងផែស្ងួតធំ នៅសំរោង ខណ្ឌពោធិ៍សែនជ័យ
មិនទាន់មានប្រភពព័ត៌មាន ដែលបញ្ជាក់ពីវិវឌ្ឍនភាព នៃគម្រោងនេះនៅឡើយទេ ទាក់ទងនឹងគំរោងនេះថា តើមានការវិវត្តបែបណា និងត្រូវវិនិយោគបែបណានាពេលអនាគត។

ទី៣ ការអនុម័តជាគោលការណ៍នូវគម្រោងផ្លូវដែកភ្នំពេញ-ហូជីមិញ
តាមផែនការ គម្រោងនេះនឹងមានការសាងសង់ស្ពានមួយ ឆ្លងទន្លេមេគង្គនៅភ្នំពេញ និងផ្លូវដែក ដែលតភ្ជាប់ពីស្ថានីយសំរោង ទៅតំបន់ជាយក្រុងខាងត្បូងឆ្លងកាត់ទន្លេបាសាក់ផងដែរ។ មកទល់បច្ចុប្បន្ន គម្រោងនៅមិនទាន់អនុវត្ត តែក្រសួងប្រកាសថាគម្រោងនៅតែស្ថិតក្នុងបញ្ជីគម្រោងអាទិភាពរបស់រដ្ឋ តែនឹងគិតគូរក្រោយផ្លូវល្បឿនលឿន។

ទី៤ ការស្ថាបនាពង្រីកបន្តនូវផ្លូវចុះចតរបស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
ជាក់ស្ដែង ជំនួសឱ្យការពង្រីកផ្លូវចុះចត នៅព្រលានដែលមានស្រាប់ រដ្ឋាភិបាលបានអនុម័ត គម្រោងសាងសង់ព្រលានថ្មីនៅខេត្តកណ្តាល ដែលមកទល់ពេលនេះសម្រេចបានប្រមាណ៤០ភាគរយហើយ ដោយគ្រោងបញ្ចប់និងដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០២៣។

ទី៥ ការស្ថាបនានូវទំនប់មួយ និងការធ្វើច្រាំងបេតុងជាច្រកចូលរបស់ទន្លេបាសាក់
គម្រោងនេះ ឃើញថាសាលាក្រុងកំពុងអនុវត្តបណ្ដើរៗ។ ឧទាហរណ៍ដូចជា កាលពីខែមីនាកន្លងទៅ សាលាខណ្ឌច្បារអំពៅ បានចុះបោះបង្គោលកំណត់ទីតាំង ដើម្បីស្ថាបនាផ្លូវ និងច្រាំងទន្លេបាសាក់ត្រើយខាងកើត ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ រហូតដល់កោះនរា។

ទី៦ ការកំណត់ស្តង់ដាដែលមានអគារខ្ពស់ៗ នៅច្បារអំពៅនៅបឹងក្រពើ បឹងពោងពាយទល់មុខទន្លេបាសាក់ និងបឹងកក់

រហូតមកទល់ពេលនេះ មិនទាន់មានប្រភពព័ត៌មាន ដែលបញ្ជាក់ពីវិវឌ្ឍនភាពនៃគម្រោងនេះនៅឡើយទេ ប៉ុន្តែគេហទំព័រ Propertyarea.asia នឹងធ្វើបច្ចុប្បន្នភាពជូននាពេលបន្តបន្ទាប់ទៀត។

ទី៧ ការកំណត់ទីតាំងទីលានចាក់សំរាម និងការកែលម្អទីតាំងចាក់សំរាមដង្កោ
តាមផែនការគម្រោងនេះ នឹងធ្វើឡើងក្រោមរូបភាពនៃការវិនិយោគ ជារោងចក្រកែច្នៃសំរាម និងការរៀបចំសួនឧទ្យាននៅទីលានចាក់សំរាមមានជ័យ។ ចាប់តាំងពីឆ្នាំ ២០១៥ ក៏មានព័ត៌មានមួយចំនួនទាន់ទិននឹងវិស័យនេះ។ ជាក់ស្ដែង កាលពីខែមីនាឆ្នាំ ២០២០ ក្រសួងរ៉ែ និងថាមពល បង្ហាញផែនការចង់អភិវឌ្ឍគម្រោងបំប្លែង សំណល់រឹងទីប្រជុំជន ទៅជាថាមពលអគ្គិសនី នៅទីលានចាក់សំរាមរបស់រាជធានីភ្នំពេញ។

គម្រោ​​ងនេះសហការដោយ ADB និងក្រុមហ៊ុន Infrastructure of Asia របស់សិង្ហបូរី។

លើសពីនេះ កាលពីដើមឆ្នាំ ២០២១ ក្រសួងបរិស្ថាន ក៏បានស្នើឱ្យក្រុមហ៊ុនសិង្ហបុរី Infrastructure Asia (IA) និង Singapore Corporation Enterprise (SCE) ជួយសិក្សារៀបចំផែនការប្លង់មេ សម្រាប់ការសាងសង់ទីលានចាក់សំរាមថ្មី មួយនៅរាជធានីភ្នំពេញ។

កាលពីឆ្នាំមុននេះ ក៏មានក្រុមហ៊ុនជប៉ុនចង់វិនិយោគសាងសង់ រោងចក្រផលិតថាមពលពីការដុតសំរាមនៅកម្ពុជាផងដែរ។

ទី៨ ការកំណត់តំបន់អេកូឡូស៊ីព្រែកព្នៅ
គម្រោងនេះកំពុងអនុវត្តន៍បណ្តើរហើយ ដោយកាលពីខែមីនា កន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្ដើមដាំដើមឈើលើដីជាង៧៥ហិកតា នៅបឹងតាមោក ក្នុងខណ្ឌព្រែកព្នៅ។ គម្រោងនេះ នឹងប្រែក្លាយតំបន់នោះជាឧទ្យាជាតិដ៏ធំមួយ។ តាមផែនការ គម្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៣ តែអាចនឹងយឺតយ៉ាវបន្ដិចដោយសារបញ្ហាកូវីដ។

ទី៩ ការអនុវត្តការថែរក្សា និងលើកតម្កើងមជ្ឈមណ្ឌលប្រវត្តិសាស្ត្រ
មិនទាន់មានប្រភពព័ត៌មាន ដែលបញ្ជាក់ពីវិវឌ្ឍនភាព នៃគម្រោងនេះនៅឡើយទេ ប៉ុន្តែ Propertyarea.asia នឹងធ្វើបច្ចុប្បន្នភាពជូនជាបន្តបន្ទាប់ទៀត។

ប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញនេះ អាចត្រូវកែសម្រួលក្នុងរយៈពេល៥ឆ្នាំម្តង ក្នុងករណីចាំបាច់នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម៕

ក្រុមការងារ”ង”ផ្នែកធនាគារនិងមីក្រូហិរញ្ញវត្ថុបើកកិច្ចប្រជុំដើម្បីលើកពីបញ្ហាប្រឈមនិងដំណោះស្រាយ

ដោយៈគង់ សិរីម៉ាលីនណា

ភ្នំពេញៈ ក្រុមការងារ “ង” “ផ្នែកសេវាធនាគារ និងហិរញ្ញវត្ថុ” ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនបានបើកកិច្ចប្រជុំរួមគ្នា ដើម្បីលើកឡើងពីបញ្ហាប្រឈមនិងស្វែងរកដំណោះស្រាយ ក្នុងអំឡុងវិបត្តិកូវីដ១៩។

កិច្ចប្រជុំនេះក៏មានការចូលរួមពីសំណាក់ ឧកញ៉ាលឹម ហេង អនុប្រធានសភាពាណិ​ជ្ជកម្មកម្ពុជា និងអ្នកសម្របសម្រួលក្រុមការងារទាំង១៣ផ្នែកឯកជន និងវត្តមានចូលរួម លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងចូលរួមពីលោកឧកញ៉ា លោក លោកស្រី អនុសហប្រធានក្រុមការងារ “ង” “ផ្នែកសេវាធនាគារ និងហិរញ្ញវត្ថុ” ផ្នែកឯកជន និងវត្តមានសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា តំណាងសមាគមគ្រឹះស្ថានធនាគារ-មីក្រូហិរញ្ញវត្ថុ នឹងតំណាងក្រុមហ៊ុន សមាគមធានារាប់រង និង​សមាជិក សមាជិកាពាក់ព័ន្ធនឹងវិស័យនេះជាច្រើនទៀតផងដែរ។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិគ្រោះពិភាក្សាទៅលើបញ្ហាប្រឈមកន្លងមករបស់ផ្នែកឯកជនពាក់ព័ន្ធ នឹងវិស័យសេវាធនាគារ និងហិរញ្ញវត្ថុ ផ្នែកឯកជនដែលមានការប៉ះពាល់ ជាពិសេសបញ្ហាដែលកើតមានឡើង នៅក្នុងបរិបទនៃជំងឺកូវីដ-១៩ ដែ​លកំពុងតែឆ្លងរាលដាលយ៉ាងខ្លាំង នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងដើម្បីប្រមូលយកបញ្ហាប្រឈម កង្វល់ សំណូមពរ របស់ផ្នែកឯកជនទាំងអស់ ដើម្បីស្នើសុំដំណោះស្រាយពីសំណាក់ដៃគូគឺធនាគារជាតិ នៃកម្ពុជា និងស្ថាប័នរដ្ឋពាក់ព័ន្ធមួយចំនួនទៀតនាពេលខាងមុខ។

ជាលទ្ធផល កិច្ចប្រជុំបានពិគ្រោះពិភាក្សាទៅលើបញ្ហាប្រឈម កង្វល់ សំណើសំណូមពរ ដែលនៅសេសសល់ពុំទាន់ដោះស្រាយជាច្រើន និងឯកភាពគ្នាក្នុងការដាក់បញ្ចូលថ្មីៗមួយចំនួនទៀត ទៅក្នុងការស្នើសុំដំណោះស្រាយ ការបំភ្លឺពីសំណាក់ដៃគូរដ្ឋាភិបាលពាក់ព័ន្ធ៕

ក្រុមហ៊ុនតៃវ៉ាន់ Foxconn កំពុងចរចាសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីតម្លៃច្រើនពាន់លានដុល្លារនៅអាមេរិក

ដោយៈសុខុម

ក្រុងតៃប៉ិ: ក្រុមហ៊ុនតៃវ៉ាន់ Foxconn ដែលជាអ្នកផ្គត់ផ្គង់ដ៏ធំរបស់ក្រុមហ៊ុនយក្សអាមេរិក Apple Inc បានទម្លាយឱ្យដឹងកាលពីថ្ងៃសុក្រ ទី៩ កក្កដា ថា ពេលនេះខ្លួនកំពុងចរចាជាមួយរដ្ឋ Wisconsin ក្នុងសហរដ្ឋអាមេរិក ជុំវិញគម្រោងសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី (EV) នៅទីនោះ។

យោងតាមការចុះផ្សាយរបស់សាព័ត៌មាន CNA ឱ្យដឹងថា គម្រោងសាងសង់រោងចក្រតម្លៃច្រើនពាន់លានដុល្លារ របស់ក្រុមហ៊ុនបច្ចេកវិទ្យា Foxconn ដែលជាក្រុមហ៊ុនចុះកិច្ចសន្យាផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិកនេះ គឺដើម្បីបង្កើនប្រភពប្រាក់ចំណូលរបស់ខ្លួន។

ក្រុមហ៊ុន Foxconn និងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក Fisker Inc អះអា​ងថា ក្រុមហ៊ុនទាំងពីរបានឈានដល់កិច្ចព្រមព្រៀង ដំណាក់កាលចុងក្រោយហើយសម្រា​ប់ការដំឡើងរថយន្ត។ ក្រុមហ៊ុនទាំងពីរមិនបានបញ្ជាក់ពីទីតាំងទេ ប៉ុន្តែនាយកប្រតិ​បត្តិក្រុមហ៊ុន Fisker Inc បានបង្ហើបថា ទីតាំងរោងចក្ររបស់ក្រុមហ៊ុន Foxconn ប្រហែលជានៅស្ថិតនៅក្នុងរដ្ឋ Wisconsin។

ក្រុមហ៊ុន Foxconnបានចេញសេចក្តីថ្លែងការណ៍ថា ខ្លួនបានចាប់ផ្តើមចរចាជាមួយរដ្ឋ Wisconsin ហើយ។ សេចក្ដីថ្លែងការណ៍មានខ្លឹមសារថា “ក្រុមហ៊ុន Foxconn បានចូលរួមជាមួយ Wisconsin Economic Development Corporation ដែលជាទីភ្នាក់ងារសម្របសម្រួលរវាងវិស័យរដ្ឋ និងឯកជន ដើម្បីពិភាក្សាអំពីផែនការរបស់ក្រុមហ៊ុន ដែលចង់ផលិតរថយន្តអគ្គិសនី។

ក្រុមហ៊ុន Foxconn មានសុទិដ្ឋិនិយមចំពោះការចាប់ដៃគូ សហការរបស់យើងជាមួយ WEDC ហើយយើងទន្ទឹងរង់ចាំការពិភាក្សាបន្តទៀត”។

ទោះជាយ៉ាងណា ក្រុមហ៊ុនពីរមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតឡើយ។ កាលពីខែមេសា ដើមឆ្នាំនេះ ក្រុមហ៊ុន Foxconn បានបង្ហើបពីគម្រោងសាងសង់រោងចក្រមួយនៅក្នុងរដ្ឋ Wisconsin ជាមួយនឹងទំហំវិនិយោគ រហូតដល់ទៅ១០ពាន់លានដុល្លារអាមេរិក គួរឱ្យភ្ញាក់ផ្អើល។

មួយខែមុននេះ ប្រធានក្រុមហ៊ុន Foxconn បានបង្ហើបថា ខ្លួនប្រហែលជាផលិតរថយន្តអគ្គិសនីនៅក្នុងរដ្ឋ Wisconsin ប៉ុន្តែអាចនឹងជ្រើសយកទីតាំងប្រទេសម៉ិកស៊ិក ក៏ថាបាន ហើយនឹងធ្វើការសម្រេចចិត្តឱ្យច្បាស់នៅឆ្នាំនេះ។

ប្រហែលមួយឆ្នាំកន្លងទៅនេះ ក្រុមហ៊ុន Foxconn បានប្រកាសកិច្ចព្រមព្រៀងជាច្រើនរបស់ខ្លួន ជុំវិញការផលិតរថយន្តអគ្គិសនី ជាមួយក្រុមហ៊ុនអាមេរិក Fisker Inc ក្រុមហ៊ុនចិន Byton ក្រុមហ៊ុនចិន Zhejiang Geely Holding Group និងក្រុមហ៊ុនហូឡង់ Fiat Chrysler ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Stellantis NV។

ក្រុមហ៊ុន Foxconn មានមហិច្ឆតាធំចង់ក្ដោបក្ដាប់ ចំណែកទីផ្សារផ្គត់ផ្គង់គ្រឿងបង្គុំ ឬសេវាកម្ម ដល់ការផលិតរថយន្តអគ្គិសនីទូទាំងពិភពលោក ឱ្យបាន១០%នៅត្រឹមឆ្នាំ២០២៥ ទៅឆ្នាំ២០២៧។

អ្នកជំនាញមើលឃើញថា ការបណ្ដោយឱ្យបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យា ហក់ចូលប្រឡូក ក្នុងទីផ្សាររថយន្តយ៉ាងឆាប់រហ័សបែបនេះ អាចបង្កការគំរាមកំហែងដល់បណ្ដាក្រុមហ៊ុនផលិតរថយន្តជើងចាស់នៅក្នុងទីផ្សារ៕