ការនាំចេញកង់ពីកម្ពុជាសម្រេចបានទឹកប្រាក់២៥៤លានដុល្លារជាមួយកំណើនជាង៣១ភាគរយ

ដោយៈគង់ សិរីម៉ាលីនណា

ភ្នំពេញៈ មន្រ្តីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា គិតចាប់ពីខែមករា ត្រឹមខែឧសភា ឆ្នាំ២០២១នេះ ការនាំកង់ចេញពីកម្ពុជាសរុបចំនួនប្រមាណ១លានគ្រឿង គិតជាទឹកប្រាក់ចំនួន ប្រមាណជាង២៥៤លានដុល្លារអាម៉េរិក កើនឡើងជាង៣១ភាគរយ បៀបធៀបរយៈពេលដូចគ្នានឹងឆ្នាំ២០២០។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាមន្រ្តីអ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១កន្លងមកថា ការនាំចេញកង់ទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយនេះ មានការកើនឡើងគួរឲ្យកត់សម្គាល់ ខណៈដែលកម្ពុជាទទួលបានរោងចក្រតម្លើងកង់ជាច្រើន ក្នុងនោះបានប្រើប្រាស់វត្ថុធាតុដើ មជាគ្រឿងបង្គុំ និងបន្លាស់តម្លើងជាផលិតផលសម្រេចដើម្បីនាំចេញ។

លោកឲ្យដឹងទៀតថា “គិតមកទល់ពេលនេះ កម្ពុជាឈានដល់ការផលិតគ្រឿងបន្លា​ស់ជាបំណែកៗដោយខ្លួនឯងដើម្បីតម្លើង ដោយកាត់បន្ថយការនាំចូល ជាអតិបរិមា​”។ លោកបន្តថា “កំណើននៃការផលិត ការបញ្ជាទិញ និងការនាំចេញបានកើនឡើងបន្តិចម្ដងៗ ជាក់ស្តែងបច្ចុប្បន្ននេះ ទីផ្សារនាំចេញរបស់កម្ពុជាកំពុងលេចធ្លោ បើធៀបនឹងផលិត​ផលផ្សេងៗ”។

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ក្នុងរយ:ពេល៥ខែ ដើមឆ្នាំ២០២១នេះ ការនាំកង់ចេញពីកម្ពុជាមានចំនួន៤៥ប្រទេស រួមមាន ហូឡង់ អាល្លឺម៉ង់ អង់គ្លេស ប៊ែលហ្សិក អាម៉េរិក មានទំហំទឹកប្រាក់សរុបចំនួនប្រមាណ២១៥លានដុល្លារ និងការនាំចេញទៅកាន់ប្រទេសផ្សេងៗទៀត សរុបប្រមាណជាង២៥៤លានដុល្លារ៕

រដ្ឋាភិបាលគ្រោងពង្រីកព្រំដែនរាជធានីភ្នំពេញនៅក្នុងរង្វង់ទំហំ៣០គីឡូម៉ែត្រជុំវិញដើម្បីឆ្លើយតបនឹងភាពរីកចម្រើន

ដោយៈ ម៉ាណេត

ភ្នំពេញៈ រាជរដ្ឋាភិបាលអាចពង្រីកព្រំដែនរាជធានីភ្នំពេញ នៅក្នុងរង្វង់ទំហំ៣០គីឡូម៉ែត្រជុំវិញ ដោយគិតពីចំណុចកណ្ដាលនៃរាជធានីភ្នំពេញ ដើម្បីឱ្យមានមាត្រដ្ឋានដែនដីមួយដូចនឹងទំហំ នៃទីក្រុងធំមួយចំនួននៅក្នុងតំបន់នេះ។ នេះបើយោងតាមអនុក្រឹត្យស្ដីពីការដាក់ឱ្យអនុវត្តប្លង់គោល ប្រើប្រាស់ដីរាជធានីភ្នំពេញឆ្នាំ២០៣៥ ដែលចេញផ្សាយកាលពីថ្មីៗនេះ។

ផលិតផលក្នុងស្រុកសរុបរាជធានីភ្នំពេញ បច្ចុប្បន្នមានប្រហែល៣០%នៃផលិត​ផលក្នុង ស្រុកសរុបរបស់ប្រទេសកម្ពុជា គឺលើសពី១,៣ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។ ការពង្រីកព្រំដែននៃការគ្រប់គ្រងរដ្ឋបាលរបស់ទីក្រុងភ្នំពេញ នឹងត្រូវរាប់បញ្ចូលនូវផ្ទៃដី ដែលកាត់ចេញពីខេត្តកណ្តាលផងនោះ នឹងនាំឱ្យមានការថយចុះកម្រិតនៃផលិត​ផលក្នុងស្រុកសរុបប្រចាំឆ្នាំរបស់ រាជធានីភ្នំពេញ ក៏នឹងធ្វើឱ្យមានគម្លាតមួយតិច ជាមួយនឹងផលិតផលក្នុងស្រុកសរុបនៅកន្លែង ដទៃទៀតក្នុងប្រទេសកម្ពុជា (រូបភាពទី៥នៃឯកសារឧបសម្ព័ន្ធ)។

ទោះជាផ្ទៃដីសរុបបច្ចុប្បន្នមានចំនួន៦៧៨,៤១៦គម២ (រូបភាពទី៦នៃឯកសារឧបសម្ព័ន្ធ) ក៏ដោយ ក៏ផ្ទៃដីរាជធានីភ្នំពេញ នៅមានលក្ខណៈតូចចង្អៀតនៅឡើយ បើប្រៀបធៀបទៅនឹង ផ្ទៃដីនៃទីក្រុងធំៗនៅក្នុងតំបន់ដូចជា៖

– ទីក្រុងហាណូយ
ទីក្រុងនេះ មានប្រជាជន២,៧លាននាក់ លើផ្ទៃក្រឡា៩១៨គីឡូម៉ែត្រក្រឡាក្នុង នោះមានប្រជាជនចំនួន១៤៤៦, ០០០នាក់រស់នៅក្នុងទីក្រុង(ទីប្រជុំជន)នៅឆ្នាំ១៩៩៩ គឺលើសប្រជាជន រស់នៅក្នុងរាជធានីភ្នំពេញប្រហែល១ /៣ (១០៧៨ ០០០នាក់សម្រាប់ ទីប្រជុំជននៅលើរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅឆ្នាំ១៩៩៨) ក្នុងស្ថានភាពដែល ហាណូយ មានកំណើនប្រជាជនយឺតជាងនៅរាជធានីភ្នំពេញ (២,២%នៅទីប្រជុំជន ហាណូយ រីឯនៅទីក្រុងភ្នំពេញមាន៤,៤) ផ្ទៃដីហាណូយធំជាងផ្ទៃដីរាជធានីភ្នំពេញ២ដងកន្លះ។

– ទីក្រុងហូជីមិញ
ទីក្រុងនេះ មានប្រជាជន៥,៥លាននាក់ (ការប៉ាន់ប្រមាណនៅឆ្នាំ១៩៩៩ នៅលើផ្ទៃដី២,០៩៣គីឡូម៉ែត្រក្រឡា គឺស្មើនឹងប្រជាជននៅរាជធានីភ្នំពេញចំនួន៣ដង ប៉ុន្តែក៏មានព្រំដែនរដ្ឋបាលធំជាង៤ដងដែរ។

យោងតាមប្លង់គោលប្រើប្រាស់ដី រាជធានីភ្នំពេញឆ្នាំ២០៣៥ បានឱ្យដឹងថា ដើម្បីឱ្យមានមាត្រដ្ឋានដែនដីមួយ ដូចនឹងទំហំនៃទីក្រុងធំទាំងពីរខាងលើ នៅក្នុងតំបន់នេះ យើងអាចពង្រីកព្រំដែនរាជធានីភ្នំពេញ នៅក្នុងរង្វង់ទំហំ៣០គីឡូម៉ែត្រជុំវិញ ដោយគិតពីចំណុចកណ្ដាលនៃរាជធានីភ្នំពេញ។ នៅពេលនោះ ទីក្រុងភ្នំពេញនឹងត្រូវគ្របដណ្ដប់លើផ្ទៃដីខាងជើង ស្ទើរតែទាំងអស់នៃខេត្តកណ្តាល។

បច្ចុប្បន្ន មានប្រជាជនច្រើនជាង១៥០,០០០នាក់ នៃទីប្រជុំជនក្រុងភ្នំពេញ ដែលរស់នៅខាងក្រៅព្រំដែនរាជធានី ពោលគឺនៅក្នុងខេត្តកណ្តាល ជាពិសេសនៅតាខ្មៅដែលជាផ្លូវចូលភាគខាងត្បូង និងនៅច្រកចូលផ្សេងទៀត តាមបណ្តោយផ្លូវជាតិលេខ១ លេខ៣ លេខ៤ និងលេខ៥។

ចំនួនប្រជាជនដែលធ្វើបម្លាស់ទី ទៅមកប្រចាំថ្ងៃចូលភ្នំពេញ គឺប្រហែល២៥០, ០០០នាក់ និងពលករ ដែលមកបំពេញការងារក្នុងរាជធានីភ្នំពេញ មានប្រមាណ៤០០ ,០០០នាក់។ ដូច្នេះចំនួន “ប្រជាជន រស់នៅជាប្រចាំ”របស់រាជធានីភ្នំពេញមានប្រមាណច្រើនជាង២,០០០,០០០នាក់។

ការបោះទីតាំងនៃសកម្មភាពសេដ្ឋកិច្ចនានា ក៏មិនសុទ្ធតែស្ថិតនៅក្នុងព្រំដែនរដ្ឋបាលនៃរាជធានីភ្នំពេញសព្វ ថ្ងៃនេះដែរ ពោលគឺស្ថិតនៅក្នុងទីក្រុងតាខ្មៅ និងនៅតាមប ណ្ដោយផ្លូវជាតិលេខ៣និងលេខ៤។ អមផ្លូវជាតិលេខ៤ សព្វថៃ្ងទទួលរោងចក្ររោង៥០នៅក្នុងរយៈចម្ងាយ២០គីឡូម៉ែត្រដែលរាប់ពី ព្រំដែនរដ្ឋបាលនៃរាជធានី។

ព្រំដែនរដ្ឋបាលទាំងនេះ បង្កបញ្ហាដល់ការគ្រប់គ្រងក្រុងរួចទៅហើយ ឧទាហរណ៍ដូចជា ការត្រូវផ្គត់ផ្គង់ទឹកស្អាត ឬការគ្រប់គ្រងកាកសំណល់នៃទីប្រជុំជនក្រុង ដែលលាតសន្ធឹងរហូតដល់ ខេត្តកណ្តាល។

រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើចំណោលប៉ាន់ស្មានថា នឹងមានប្រជាជន ប្រហែល២២៦៦ ២៨៩នាក់ នៅក្នុងទីប្រជុំជនក្រុងភ្នំពេញ ដោយរាប់បញ្ចូលទាំងប្រជាជន នៃឃុំនានាជាប់នឹងទីក្រុងនៃទីប្រជុំជន នៅក្នុងខេត្តកណ្តាលផងដែរ ហើយប៉ាន់ប្រមាណថាមាន ប្រជាជនចំនួន២,៥៤៤,៦៥៩នាក់ ដែលនឹងរស់នៅក្នុងទីក្រុងធំទាំងមូលនោះ។

ដូច្នេះ ប្រជាជនពាក់កណ្តាលនៃខេត្តកណ្តាល នឹងត្រូវផ្សារភ្ជាប់ជាមួយនឹងការងារនៅក្នុងទីប្រជុំជនរាជធានីភ្នំពេញ សម្រាប់ឆ្នាំគោលដៅនគម្រោងប្លង់គោលនេះ ជាមួយនឹងការរីកឡើងនូវផ្ទៃដីទីក្រុងធំមួយ។ នេះជាបញ្ហាប្រឈម សម្រាប់ការចង់បានប្រសិទ្ធភាពនៃការគ្រប់គ្រងដែនដីមួយធំសម្រាប់ ការធ្វើគម្រោងផែនការអភិវឌ្ឍន៍ ក៏ដូចជារបៀបរបបគ្រប់គ្រងដែលសមស្របបំផុតមួយដើម្បី ឆ្លើយតបនឹងតម្រូវការនៃការអភិវឌ្ឍជារាជធានីភ្នំពេញមួយធំ (Greater Phnom Penh)៕

រដ្ឋាភិបាលកម្ពុជា និងកូរ៉េចុះ MOU ដើម្បីរៀបចំជាប្រព័ន្ធគ្រប់គ្រងវិស័យរដ្ឋបាលឌីជីថល

ដោយៈ ប៊ី

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលកូរ៉េខាងត្បូង បានចុះអនុស្សារណៈយោគយល់គ្នា (MOU) ដើម្បីរៀបចំជាប្រព័ន្ធគ្រប់គ្រងវិស័យរដ្ឋបាលឌីជីថល ឲ្យមានប្រសិទ្ធភាព ចែករំលែកបទពិសោធន៍ ព្រមទាំងការផ្ទេរបច្ចេកវិទ្យា រវាងអ្នកជំនាញការនៃប្រទេសទាំងពីរ។

លោកឡុង ឌីម៉ង់ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ថា អនុស្សារណៈយោគយល់គ្នា MOU រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉េ ក្នុងវិស័យរដ្ឋាភិបាលឌីជីថល ជាផ្លែផ្កាមួយថ្មីបន្ថែមទៀតនៃទំនាក់ទំនងដ៏ល្អប្រពៃរវាងប្រទេសយើងទាំងពីរ ដោយមជ្ឈមណ្ឌលសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថល នឹងត្រូវដាក់ឲ្យដំណើរការឡើងនៅក្នុងប្រទេសកម្ពុជា ដើម្បីរៀបចំជាប្រព័ន្ធគ្រប់​គ្រងវិស័យរដ្ឋបាលឌីជីថល ឲ្យមានប្រសិទ្ធភាព ចែករំលែកបទពិសោធន៍ ព្រមទាំងការផ្ទេរបច្ចេកវិទ្យា រវាងអ្នកជំនាញការយើងទាំងពីរ។

លោកបានថ្លែងថា ដោយក្នុងកាលៈទេសៈកូវីត១៩ លោក Jeon Hae-cheol រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងសុវត្ថិភាពកូរ៉េ អមដោយឯកអគ្គរាជទូតកម្ពុជា និងលោកជា វណ្ណដេតអមដោយឯកអគ្គរដ្ឋទូតកូរ៉េ បានចុះហត្ថលេខា MOU ខាងលើនេះតាមប្រព័ន្ធអនឡាញ ប្រកបដោយបរិយាកាសរីករាយ និងមោទនភាពក្រៃលែង។

លោកបានថ្លែងបន្តថា ប្រព័ន្ធរដ្ឋបាលឌីជីថល នឹងផ្ដល់សារៈប្រយោជន៍ក្នុងវិស័យរដ្ឋបាលសាធារណ:ក្នុងការគ្រប់គ្រង ដោះស្រាយការងារ ទំនាក់ទំនង លឿនរហ័សនិងប្រសិទ្ធភាព ព្រមទាំងសុវត្ថិភាពទៀតផង។ បន្ថែមពីនោះ វិស័យឯកជនក៏នឹងទទួលបានផលពីកិច្ចសហប្រតិបត្តិការ រវាងប្រទេសយើងទាំងពីរខាងលើនេះដែរ ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា ក្នុងយុគ្គសម័យឌីជីថលបច្ចុប្បន្ន និងអនាគត។

លោកឡុង ឌីម៉ង់បានឱ្យដឹងទៀតថា “លោករដ្ឋលេខាធិការសុខ ពុទ្ធិវុធ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានដើរតួនាទីស្នូលយ៉ាងសំខាន់ ដែលបានធ្វើឱ្យសមិទ្ធិផលខាងលើនេះ សម្រេចបានជោគជ័យ ដែលក្នុងនាមស្ថានឯកអគ្គរាជទូតកម្ពុជា ខ្ញុំសូមសំដែងនូវការគោរព និងកោតសរសើរដោយស្មោះស្មោះ”។

ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូងសម្រេចបានទឹកប្រាក់ប្រមាណ៣៧៧លានដុល្លារ ក្នុងរយៈពេល៥ខែដំបូងឆ្នាំនេះ កើនឡើង៦,២ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យផ្លូវការពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA)។

ទិន្នន័យបានបង្ហាញថា ចាប់ពីខែមករា ដល់ខែឧសភា ប្រទេសកម្ពុជា បាននាំចេញទំនិញមានតម្លៃ១៣៩ លានដុល្លារអាមេរិកទៅកាន់ទីផ្សារកូរ៉េ ធ្លាក់ចុះនៃកំណើន០,៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងរយៈពេលដូចគ្នានេះដែរ ប្រទេសកម្ពុជា បាននាំចូលផលិតផលពីប្រទេសកូរ៉េ មានតម្លៃ២៣៧លានដុល្លារ កើនឡើង១០ភាគរយ៕

ក្រុមហ៊ុនដឹកជញ្ជូនសហរដ្ឋអាមេរិកធំមួយបានឈានជើងចូលទីផ្សារកម្ពុជា

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ ក្រុមហ៊ុនដឹកជញ្ជូនដែលមានបទពិសោធន៍ជិត១០០ឆ្នាំ របស់សហរដ្ឋអាមេរិក បានសម្រេចឈានជើងចូលទីផ្សារប្រទេសកម្ពុជា ដោយបានសហការជាមួយក្រុមហ៊ុនដឹកជញ្ជូនក្នុងស្រុកមួយ ដើម្បីដឹកជញ្ជូនសាច់ប្រាក់ប្រកបដោយសុវត្ថិភាពខ្ពស់។

បើតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនវើលដ៏ប្រ៊ីដ Secure logistics បានឱ្យដឹងថាក្រុមហ៊ុនBrink’s ដែលជាក្រុមហ៊ុនដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក បានចាប់ដៃសហការជាមួយខ្លួន ក្នុងការបង្កើតសេវាដឹកជញ្ជូនសាច់ប្រាក់ជូនអតិថិជនកម្ពុជា។ ការសហការនេះក្រុមហ៊ុនវើលដ៏ប្រ៊ីដ Secure logistics បានប្តូរឈ្មោះទៅជាក្រុមហ៊ុន Brink’s និងធ្វើប្រតិបត្តិការក្រោមឡូហ្កូរបស់ក្រុម Brink’s ផងដែរ ។

នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីរសៀលថ្ងៃទី៩កក្កដា២០២១ អ្នកឧក​ញ៉ាសៀ ឬទ្ធីប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនវើលដ៏ប្រ៊ីដគ្រុបបានឱ្យដឹងថា វាជាមោទនភាពរបស់កម្ពុជា ដែលទទួលបានក្រុមហ៊ុនដ៏ធំរបស់សហរដ្ឋអាមេរិក និងមានបទពិសោ​ធន៍ក្នុងការធ្វើប្រតិបត្តិការជាង១០០ឆ្នាំ ។ តាមរយៈកិច្ចសហការនេះ នឹងធ្វើឱ្យក្រុមហ៊ុនទាំងពីរ ពង្រីកការដឹកជញ្ជូនសាច់ប្រាក់ នៅក្នុងប្រទេសកម្ពុជាកាន់តែមានប្រសិទ្ធភាពជូនអតិថិជន ។

លោកថា “អ្វីដែលយើងទទួលបានពីការវិនិយោគ របស់ក្រុមហ៊ុនមកពីអាមេរិកគឺចំណេះដឹងនិងបទពិសោធន៍ និងត្រូវការរៀនសូត្រពីគេជាបន្តបន្ទាប់”។

អ្នកឧកញ៉ាបន្តថា តាមរយៈក្រុមហ៊ុនមួយនេះ កម្ពុជានឹងទទួលបានការវិនិយោគពីបរទេសជាបន្តបន្ទាប់ទៀត ជាពិសេសក្រុមហ៊ុនមកពីអាមេរិក ដែលអាចធ្វើឱ្យវិនិយោគិនកាន់តែមានទំនុកចិត្តមកលើការវិនិយោគនៅក្នុងប្រទេសកម្ពុជា ។

លោក Gary Freedman ប្រធានប្រចាំតំបន់អាស៊ីបូព៌ារបស់ក្រុមហ៊ុន Brink’s បានថ្លែងថា  ប្រទេសកម្ពុជាស័ក្តិសមនឹងយុទ្ធសាស្ត្ររួមរបស់យើង ក្នុងការពង្រីកសេវាកម្មរបស់ Brink’s  ពាសពេញអាស៊ីអាគ្នេយ៍និងតំបន់ អាស៊ីប៉ាស៊ីហ្វិក ។ អ្វីដែលយើងត្រូវធ្វើគឺផ្ដល់សេវាដឹកជញ្ជូនដ៏ល្អ ជូនអតិថិជននៅក្នុងប្រទេសកម្ពុជា ។

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានមានប្រសាសន៍ផងដែរថា បរិយាកាសវិនិយោគនៅកម្ពុជា អាចនឹងទាក់ទាញវិនិយោគិនអាមេរិកដទៃទៀតចូលមកកម្ពុជា ហើយក្នុងនាមលោកជាអ្នកសម្របសម្រួល វិនិយោគិនអាមេរិកមកកម្ពុជាលើជឿថា តាមរយៈក្រុមហ៊ុនBrink’s នឹងមានក្រុមហ៊ុនអាមេរិកដទៃទៀតសម្លឹងទីផ្សារកម្ពុជា ដើម្បីស្វែងរកការវិនិយោគ ដោយសហការជាមួយក្រុមហ៊ុនក្នុងស្រុកទៅតាមជំនាញ៕

វិនិយោគិនអន្តរជាតិមានទំនោរបោះទុនវិនិយោគលើគម្រោងទីក្រុងរណប ឆ្លាតវៃច្រើនជាងមុន ដោយសារ

ដោយៈសុខុម

ហូជីមិញ: ខណៈពេលទីផ្សារអចលនទ្រព្យ មិនទាន់ងើបផុតពីវិបត្តិកូវីដ-១៩ អ្នកជំនាញជាច្រើនជឿថា បណ្ដាវិនិយោគិនហាក់មានទំនោរជ្រើសយក ការវិនិយោគរយៈពេលវែង ដើម្បីទទួលបានផលចំណេញរយៈពេលវែង ជាពិសេសគម្រោងអចលនទ្រព្យក្នុងទីក្រុងរណបឆ្លាតវៃ  (Smart Eco-Satellite City) ដែលនៅជុំវិញទីក្រុងធំៗដូចជាក្រុងហូជីមិញ ជាដើម។ នេះបើយោងតាមសារព័ត៌មាន vnexpress ចុះផ្សាយកាលពីថ្ងៃទី៧ កក្កដា។

ទីក្រុងហូជីមិញ ដែលមានប្រជាជនរស់នៅរហូតដល់ជាង១៣លាននាក់មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាពិសេសផ្នែកនគរូបនីយកម្ម។ តម្រូវការលំនៅដ្ឋានកំពុងកើនឡើងឥតឈប់ឈរ ខណៈមូលនិធិដីធ្លីមានកម្រិតបានជំរុញឱ្យតម្លៃ អចលនទ្រព្យហក់ឡើងខ្ពស់កប់ពពក ធ្វើឱ្យពលរដ្ឋជាច្រើនដែលមានតម្រូវការលំនៅដ្ឋាន ពិតប្រាកដគ្មានលទ្ធភាពទិញ។

ទីផ្សារអចលនទ្រព្យនៅក្រុងហូជីមិញ កំពុងតែបង្វែរទុនវិនិយោគជាបណ្ដើរៗទៅកាន់តំបន់ក្រុងរណបនានា ព្រោះនៅទីនោះមានមូលនិធិដីធ្លី ហើយអចលនព្យមានតម្លៃធូរថ្លៃជាង និងអំណោយផលជាង។

បណ្តាខេត្តនៅភាគខាងកើតនៃក្រុងហូជីមិញ ដូចជាខេត្ត Dong Nai ខេត្ត Ba Ria – Vung Tau និងខេត្ត Binh Thuan កាលពីពេលថ្មីៗនេះ បានក្លាយជាចំណុចដ៏គួរឱ្យចាប់អារម្មណ៍ខ្លាំងនៅក្នុងទីផ្សារអចលនទ្រព្យ។

ចាប់តាំងពីទីផ្លូវហាយវ៉េល្បឿនលឿន Ho Chi Minh City – Long Thanh – Dau Giay Expressway ត្រូវបានដាក់ឱ្យដំណើរការមក គម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh International Airport ក៏បានចាប់ផ្ដើម ហើយផ្លូវតភ្ជាប់ជាបន្តបន្ទាប់ត្រូវបានបង្កើតឡើង ដោយការតភ្ជាប់រវាងក្រុងហូជីមិញ និងបណ្ដាទីក្រុងផ្សេងទៀតមានភាពប្រសើរឡើងច្រើន។

ដូចនេះពេលវេលាធ្វើដំណើរឆ្លងកាត់ រវាងខេត្ត Dong Nai ខេត្ត Ba Ria – Vung Tau និងក្រុងហូជិមិញ ត្រូវបានកាត់បន្ថយបានច្រើន និងសម្រួលដល់សកម្មភាពសេដ្ឋកិច្ច ព្រមទាំងជីវភាពរស់នៅរបស់ពលរដ្ឋ។

ដោយទាញយកផលចំណេញពីការអភិវឌ្ឍទាំងនេះ ក្រុមហ៊ុនអចលនទ្រព្យធំៗមួយចំនួន បានបោះទុនវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ លើគម្រោងធំៗជាបន្តបន្ទាប់។

តួយ៉ាង គម្រោងកាស៊ីណូដ៏ធំ NovaWorld Phan Thiet Project របស់ក្រុមហ៊ុន Novaland Group នៅលើផ្ទៃដី១.០០០ហិកតា និងទំហំវិនិយោគសរុប៥ពាន់លានដុល្លារ កំពុងក្លាយជាមជ្ឈមណ្ឌល នៃការវិនិយោគនៅក្នុងខេត្ត Binh Thuan។

ទន្ទឹមនឹងនេះដែរ នៅភាគខាងកើតនៃក្រុងហូជីមិញ គម្រោងទីក្រុងរណបឆ្លាតវៃ Aqua City ដែលគ្របដណ្ដប់លើផ្ទៃដីជាង១.០០០ហិកតា ក៏កំពុងតែលេចចេញជារូបរាងបណ្ដើរៗហើយដែរ។

ទីក្រុងធំៗផ្សេងៗទៀត ក៏បានព្យាយាមពង្រីកខ្លួន ចូលទៅក្រុងទីក្រុងរណបនានានៅក្នុងតំបន់ជុំវិញខ្លួនផងដែរ ដោយសារចំនួនប្រជាជនកាន់តែច្រើនកកកុញ និងការរឹតបន្តឹងនៅក្នុងការអភិវឌ្ឍឡើងវិញនូវតំបន់ក្រុងដែលមានស្រាប់៕

រដ្ឋាភិបាលនឹងស្តារឡើងវិញនូវប្រព័ន្ធផ្លូវដែកដែលមានស្រាប់និងស្ថានីយរថភ្លើងថ្មីមួយនៅប៉ែកខាងលិចទីក្រុងភ្នំពេញ

ដោយៈ ម៉ាណេត

ភ្នំពេញៈ យោងតាមអុក្រឹត្យស្តីពីការដាកឱ្យអនុវត្តប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញ២០៣៥ ដែលចេញផ្សាយកាលពីថ្មីៗនេះ បានឱ្យដឹងថា ការស្តារឡើងវិញនូវចម្ងាយផ្លូវ៦០០គីឡូវម៉ែត្រនៃបណ្តាញផ្លូវដែក (ការតភ្ជាប់ទៅកាន់ទីក្រុងព្រះសីហនុ និងទៅកាន់ព្រំដែនថៃ) គឺបាច់ណាស់ដើម្បីធានានូវសន្តិសុខនៃចរាចរណ៍ និងល្បឿនពាណិជ្ជកម្មមួយឱ្យប្រសើរជាងមុន។

ការដឹកជញ្ជូន ទំនិញតាមរថភ្លើង ដែលជាការដឹកជញ្ជូនបន្ថែមលើការដឹកជញ្ជូនតាមផ្លូវថ្នល់ នឹងជាការចាំបាច់ ណាស់សម្រាប់សេដ្ឋកិច្ចប្រទេសជាតិ ហើយក៏អាចបន្ថយនូវទម្ងន់ដល់បណ្ដាញផ្លូវថ្នល់ផងដែរ ដែលត្រូវទ្រុឌទ្រោមខូចខាតជាអចិន្ត្រៃយ៍ ដោយចរាចរណ៍នៃរថយន្តធំៗទាំងឡាយ ដែលផ្ទុកហួសទម្ងន់។

នៅរាជធានីភ្នំពេញ ការបង្កើតឡើងនូវស្ថានីយរថភ្លើងមួយថ្មីនៅចំណុចប្រសព្វនៃបណ្តាញ ដែលមានស្រាប់នៅច្រកចូលខាងលិចនៃទីប្រជុំជន(ស្ថានីយសំរោង)ត្រូវតែគ្រោងឡើង។ ការថែរក្សានូវមុខងាររបស់ស្ថានីយរថភ្លើងសព្វថ្ងៃ នៅកណ្តាលក្រុងជាមួយនឹងមុខងារជាស្ថានីយចុង បញ្ចប់នៃអ្នកធ្វើដំណើរ នឹងអាចបញ្ជូនទំនិញទាំងឡាយសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុករបស់ក្រុងភ្នំពេញ។

ក្រៅពីមុខងារជាសេវាដឹកជញ្ជូនសម្រាប់ប្រទេស បណ្តាញផ្លូវដែកនៅតំបន់កណ្តាល ក្រុងភ្នំពេញ អាចក្លាយជាស្ថានីយខ្នាតតូចសម្រាប់ការដឹកជញ្ជូនសាធារណៈនៅក្នុងក្រុងដោយ គ្រាន់តែធ្វើការវិនិយោគជាអប្បបរមាមួយប៉ុណ្ណោះ។

ខ្សែផ្លូវដែកដែលត្រូវភ្ជាប់រវាងរាជធានីភ្នំពេញនិងទីក្រុងហូជីមិញអាចនឹងមានសារៈសំខាន់ ដូចជាអ័ក្សអភិវឌ្ឍន៍រវាងទីក្រុងធំទាំងពីរសម្រាប់ការធ្វើចរាចរណ៍របស់អ្នកដំណើរ។ ការដឹកជញ្ជួន ទំនិញតាមផ្លូវដែកនឹងក្លាយជាតម្រូវការចាំបាច់ដោយសារការកើនឡើងនៃការធ្វើចរាចរនៅលើផ្លូវ ជាតិលេខ១ដែលនឹងនាំឱ្យមានការទ្រុឌទ្រោមខូចខាតយ៉ាងឆាប់រហ័សដោយយានយន្តធុនធ្ងន់។

ខ្សែផ្លូវដែកដែលគ្រោងធ្វើតាមខេត្តកំពង់ចាមនិងឡុកនិញ (ប្រទេសវៀតណាម) ឬដោយកាត់ តាមក្រោលគោ ព្រៃវែង ឆ្លើយតបនឹងអ័ក្សអភិវឌ្ឍន៍ដ៏មានសារៈសំខាន់មួយក្នុងកម្រិតជាតិ ប៉ុន្ត មិនអាចផ្តល់នូវផលប្រយោជន៍សេដ្ឋកិច្ចខ្ពស់សម្រាប់រាជធានីភ្នំពេញនិងខេត្តក្បែរៗនោះទេ។ ផ្លូវវាងកាត់តាមឡុកនិញមុននឹងទៅដល់ទីក្រុងហូជីមិញមានចម្ងាយ ៤៨០គីឡូម៉ែត្រ បើប្រៀបធៀប នឹងចម្ងាយ២៣០គីឡូម៉ែត្រតាមផ្លូវថ្នល់គឺលើសពីរដង នេះនឹងមានការប៉ះពាល់នឹងតម្លៃនៃការ ដឹកជញ្ជូនទំនិញ និងបញ្ហាទាក់ទងនឹងពេលវេលានៃការដឹកជញ្ជូនអ្នកដំណើរ។

ដូច្នេះ ផ្លូវជាតិ លេខ១នឹងនៅតែជាមធ្យោបាយផ្លូវគោកតែមួយគត់ និងប្រកបដោយប្រសិទ្ធភាពសម្រាប់ភ្ជាប់ ទីក្រុងទាំងពីរ។ ជាការចាំបាច់បំផុតក្នុងរយៈពេលដ៏ខ្លី ក្នុងការបង្កើតនូវទំនាក់ទំនងផ្លូវគោកថ្មី ហើយមាន តែផ្លូវដែកតែមួយគត់ដែលនឹងអាចឆ្លើយតបទៅនឹងសេចក្តីត្រូវការដ៏សម្បើមនេះនាពេលអនាគត៕

ក្រុមហ៊ុនជប៉ុននិងរដ្ឋាភិបាលកម្ពុជាចុះMOUលើភាពជាដៃគូខ្សែច្រវ៉ាក់់តម្លៃ ផលិតកម្មកសិកម្ម

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា-និងក្រុមហ៊ុនជប៉ុន បានចុះហត្ថលេខាលើអនុស្សរណ:​នៃការយោគ​យល់​គ្នា (MOU) ស្តីពី “ភាពជាដៃគូ​លើការអ​ភិវឌ្ឍ​ខ្សែច្រវាក់តម្លៃផលិតកម្ម បន្លែ” ។

ការចុះហត្ថលេខានេះ ធ្វើឡើងរវាងថ្នាក់ដឹកនាំក្រុមហ៊ុន Yamato Green Co., Ltd ជាមួយ​សម្ព័ន្ធសហគមន៍​កសិកម្ម​កម្ពុជា (CACA) ក្រោមវត្តមានលោក វេង សាខុន រដ្ឋមន្ត្រីក្រសួង​កសិកម្ម លោក ការីមម៉ាតា អាស៊ូស៊ី (KARIMATA ATSUHI ) ឧបទូតនៃ​ស្ថាន​ទូតជប៉ុន។

លោក ការីមម៉ាតា អាស៊ូស៊ី (KARIMATA ATSUHI ) ឧបទូតនៃ​ស្ថាន​ទូតជប៉ុន បានថ្លែងថា កម្ពុជាមានសក្ដានុពលលើវិស័យកសិកម្ម ដែលមាន លក្ខខណ្ឌអំណោយផល បញ្ហាប្រឈម ខ្សែច្រវាក់តម្លៃបន្ថែមបន្លែ និងម្ហូបអាហារ ទីផ្សារ ឱកាសការងារ ប្រាក់ចំណូល ការផ្សព្វផ្សាយ និងការបណ្តុះបណ្តាលបច្ចេកវិទ្យាកសិកម្មជប៉ុនសមស្រប។

កត្តាទាំងអស់នេះ ភាគីទាំងពីរនឹងយកទៅអនុវត្តប្រកប ដោយបរិយាកាសសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ និងការទទួលខុសត្រូវខ្ពស់​ធ្វើយ៉ាងណា បង្កើនប្រសិទ្ធភាពក្នុងភាព​ជាដៃគូ លើការ​អភិវឌ្ឍ​ខ្សែច្រវាក់តម្លៃផលិតកម្មបន្លែ នៅកម្ពុជាឱ្យទទួលបានជោគជ័យ និងជាពិសេសផ្តល់​ប្រយោ​ជន៍​ ដោយត្រង់ដល់ប្រជាកសិករ អ្នកផលិត សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា និងក្រុមហ៊ុន។

កាលពីពេលកន្លងទៅថ្មីៗនេះក្រុមហ៊ុនជប៉ុន Yamato Green បានលើកឡើងពីការអភិវឌ្ឍបង្កើនផលិតភាពផលិតកម្ម និងការនាំចេញតាសក់ផ្អែមនិងផ្លែប៊ឺ ដែលសមស្របទៅតាមស្ថានភាពភូមិសាស្រ្ត អាកាសធាតុស្រុកខ្មែរ លក្ខខណ្ឌអំណោយផល និងសេចក្តីត្រូវការទីផ្សារជប៉ុន។

រដ្ឋមន្ត្រីកសិកម្ម លោក វេង សាខុន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបាននិងកំពុងបន្តគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងការវិនិ​យោ​គលើគ្រប់វិស័យ និងជាពិ​សេសវិស័យកសិកម្ម បើទោះបីពិភពលោក ក៏ដូចកម្ពុជាដែរកំពុងជួបបញ្ហាជំងឺឆ្លងកូវីដ-១៩។

ក្រុមហ៊ុនជប៉ុន Yamato Green បានចាប់ដៃគូជាមួយសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា ក្នុងបំណង​ពង្រឹង និងពង្រីកកិច្ចសហការស៊ីជម្រៅ យូអង្វែងធ្វើការអភិវឌ្ឍវិស័យកសិ​កម្មកម្ពុជានៅថ្ងៃអនាគត។

លោករដ្ឋមន្ត្រីវេង សាខុនបានបញ្ជាក់ថា វាប្រាកដជានឹងជួយបំពេញនូវអត្ថប្រយោ​ជន៍​ឲ្យគ្នាទៅវិញទៅមករវាងភាគីទាំងពីរ ក្នុងការកសាងភាពជាដៃគូអភិវឌ្ឍខ្សែច្រវាក់ តម្លៃផលិត​កម្មបន្លែ ប្រកបដោយចីរភាព និរន្តរភាព វិបុលភាព បរិយាប័ន្ន ការប្រកួតប្រជែង ការប្រែប្រួល​អាកាសធាតុ និងនវានុវត្តន៍ និងជាពិសេសការអនុវត្ត MOU នេះ ពិតជានឹងចូលរួមចំណែក​អនុវត្តន៍ ​ផែន​ការយុទ្ធសាស្រ្តរបស់ក្រសួង ក្នុងការជំរុញផលិតភាព និងពិពិធកម្មដំណាំបន្លែសុវត្ថិភាព ឲ្យ​កាន់តែល្អប្រសើរ មិនតែប៉ុណ្ណោះ MOU នេះពិតជាចូលរួមលើកកម្ពស់ ខ្សែច្រវាក់ផលិតកម្មកសិកម្ម ការកែច្នៃ តម្លៃបន្ថែម និងទីផ្សារក្នុងនិងក្រៅប្រទេស បង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូល។

ក្រុមហ៊ុន Yamato Green Co., Ltd កំពុងចូលរួមអភិវឌ្ឍន៍វិស័យដំណាំបន្លែ តាមរយៈ​ការដាំបន្លែសុវត្ថិភាពនៅក្នុងផ្ទះសំណាញ់ ដោយប្រើប្រាស់បច្ចេកទេសកសិកម្ម​ទំនើបរបស់ជប៉ុន។

ក្រុមហ៊ុនបានចុះ MOU ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជំរុញការអភិវឌ្ឍ​ខ្សែច្រវាក់តម្លៃបន្លែសុវត្ថិភាព៕

 

គម្រោងអភិវឌ្ឍយក្សរបស់សិង្ហបុរី ត្រៀមខ្លួនបង្ហាញមុខនៅខណ្ឌសែនសុខ

គម្រោងអភិវឌ្ឍលំនៅដ្ឋានយក្សរបស់សិង្ហបុរីដ៏មានសក្ដានុពល ដែលត្រូវបានសាងសង់ឡើងយ៉ាងសម្រិតសម្រាំងនិងគិតគូរយ៉ាងល្អិតល្អន់ទៅលើគុណភាព និងស្តង់ដារនៃការរស់នៅលំដាប់ថ្នាក់អន្តរជាតិ ឥឡូវនេះកំពុងស្ថិតក្នុងដំណាក់កាលសាងសង់យ៉ាងសស្រាក់សស្រាំ ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីបង្ហាញវត្តមានរបស់ខ្លួននៅលើទឹកដីខណ្ឌសែនសុខ។

គម្រោងសហវិជិតរាជ្យ(ខុនដូ) Leedon Heights ដែលមានរូបរាងនិងការរចនាម៉ូដដ៏ស្រស់ប្រណីតនិងឡូយឆាយបែបសិង្ហបុរី ដែលលាតសន្ធឹងលើផ្ទៃដីចំនួន១.៥ហិកតា មានចម្ងាយត្រឹមតែ១នាទីពីសាលាស្តង់ដារអន្តរជាតិ ២នាទីពីផ្សារទំនើប AEON Mall Sen Sok និង៥នាទីពីផ្សារលក់ទំនិញគ្រប់ប្រភេទMakro ត្រូវបានសាងសង់ឡើងដោយអ្នកអភិវឌ្ឍន៍គម្រោងលំនៅដ្ឋាននិងអគារខ្ពស់ៗMSQM ដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងជាច្រើនឆ្នាំក្នុងភ្នំពេញ ដែលស្នាដៃអភិវឌ្ឍន៍គម្រោងរបស់គេកន្លងមករួមមាន Lyve Inc Hotel និង Global Tech Exchange ក្នុងខណ្ឌដូនពេញ Lyve Inc Hotel & Residences និង Central Boutique Hotel ក្នុងខណ្ឌ7មករា ព្រមទាំងMSQM Park ក្នុងសង្កាត់ព្រែកហូរ ខេត្តកណ្តាលផងដែរ។

ខុសប្លែកពីគម្រោងខុនដូដទៃក្នុងទីផ្សារ សំណង់អគារដ៏មានភាពទាក់ទាញរំលេចទៅដោយស្ថាបត្យកម្មដ៏ល្អឥតខ្ចោះនេះ ផ្ដោតសំខាន់លើផាសុកភាពនៃការរស់នៅខ្ពស់ ស្តង់ដារនៃការរស់នៅលំដាប់ថ្នាក់អន្តរជាតិ មានស័ក្តិសមបំផុតសម្រាប់មនុស្សសម័យថ្មី បូករួមនឹងសោភណ្ឌភាពដ៏គួរឲ្យចាប់អារម្មណ៍ អមជាមួយសួនទេសភាពដ៏ស្រស់ត្រកាល ដែលញ៉ាំងឲ្យការរស់នៅប្រកបដោយភាពសុខដុមរមនានិងសុភមង្គល។ រាល់បន្ទប់នីមួយៗធំទូលាយ ដែលមានរហូតដល់146ម៉ែត្រការ៉េ ដែលរចនាឡើងដើម្បីឲ្យមានភាពងាយស្រួលរស់នៅ មានអារម្មណ៍ថាធំស្រលះ ដូចជាផ្ទះជាប់ដីផងដែរ។ Leedon Heights បានផ្ដាច់ខ្លួនឲ្យប្លែកពីខុនដូជាច្រើនទៀតក្នុងទីក្រុង តាមរយៈចាប់យកប្រភេទអតិថិជនដែលស្រលាញ់បន្ទប់ធំៗ និងចង់រស់នៅរយៈពេលវែង។

បរិក្ខារដ៏ទំនើបនិងសម្បូរបែបរបស់ Leedon Heights មានអាងហែលទឹកខ្នាតអូឡាំពិក អាងត្រាំទឹក “Jacuzzi” បន្ទប់ស្ទីម ទីលានវាយសី ក្លឹបហាត់ប្រាណ ផ្លូវរត់ហាត់ប្រាណ កន្លែងអាំងសាច់ ទីធ្លាក្មេងលេង និងសួនច្បារដ៏ធំទូលាយនៅជាន់ផ្ទាល់ដី ដែលអាចបំពេញរាល់តម្រូវការរបស់អ្នកស្នាក់នៅ។ ជាមួយនឹងទំហំដី 1.5ហិកតា អ្នកស្នាក់នៅ នឹងទទួលបានបរិយាកាសស្រស់ស្រាយជារៀងរាល់ថ្ងៃ ដោយសារតែបរិវេណដ៏ទូលាយនៃខុនដូ បានធ្វើឲ្យមានអារម្មណ៍ថាដូចជារស់នៅជាមួយធម្មជាតិ មានរុក្ខជាតិ និងថ្លុកទឹកដ៏ធំមួយនៅចំកណ្ដាល។ ជាពិសេសគឺទីតាំងដ៏មានសក្តានុពលរបស់គម្រោងមួយនេះហ៊ុមព័ទ្ធទៅដោយភោជនីយដ្ឋាន ហាងលក់ទំនិញល្បីៗ មន្ទីរពេទ្យអន្តរជាតិ និងមជ្ឈមណ្ឌលកម្សាន្តជាច្រើនទៀត ដែលអាចបំពេញរាល់តម្រូវការ និងធ្វើឲ្យជីវិតរស់នៅប្រចាំថ្ងៃរបស់លោកអ្នកកាន់តែមានន័យ។

 

វិនិយោគិនមានទំនោរទៅរកការបោះទុនអភិវឌ្ឍន៍គម្រោងទីក្រុងរណបឆ្លាតវៃ ខណៈវាផ្ដល់ផលចំណេញរយៈពេលវែង

ដោយៈ សុខុម

ហូជីមិញ: ខណៈពេលទីផ្សារអចលនទ្រព្យមិនទាន់ងើបផុតពីវិបត្តិកូវីដ-១៩ អ្នកជំនាញជាច្រើនជឿថា បណ្ដាវិនិយោគិនហាក់មានទំនោរជ្រើសយកការវិនិយោគរយៈពេលវែង ដើម្បីទទួលបានផលចំណេញរយៈពេលវែង ជាពិសេសគម្រោងអចលនទ្រព្យក្នុងទីក្រុងរណបឆ្លាតវៃ (Smart Eco-Satellite City) ដែលនៅជុំវិញទីក្រុងធំៗដូចជាក្រុងហូជីមិញ ជាដើម។ នេះបើយោងតាមសារព័ត៌មាន vnexpress ចុះផ្សាយកាលពីថ្ងៃទី៧ កក្កដា។

ទីក្រុងហូជីមិញ ដែលមានប្រជាជនរស់នៅរហូតដល់ទៅជាង១៣លាននាក់មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាពិសេសផ្នែកនគរូបនីយកម្ម។ តម្រូវការលំនៅដ្ឋានកំពុងកើនឡើងឥតឈប់ឈរ ខណៈមូលនិធិដីធ្លីមានកម្រិតបានជំរុញឱ្យតម្លៃអចលនទ្រព្យហក់ឡើងខ្ពស់កប់ពពក ធ្វើឱ្យពលរដ្ឋជាច្រើនដែលមានតម្រូវការលំនៅដ្ឋានពិតប្រាកដគ្មានលទ្ធភាពទិញ។

ទីផ្សារអចលនទ្រព្យនៅក្រុងហូជីមិញ កំពុងតែបង្វែរទុនវិនិយោគជាបណ្ដើរៗទៅកាន់តំបន់ក្រុងរណបនានា ព្រោះនៅទីនោះមានមូលនិធិដីធ្លី ហើយអចលនព្យមានតម្លៃធូរថ្លៃជាង និងអំណោយផលជាង។

បណ្តាខេត្តនៅភាគខាងកើតនៃក្រុងហូជីមិញ ដូចជាខេត្ត Dong Nai ខេត្ត Ba Ria – Vung Tau និងខេត្ត Binh Thuan កាលពីពេលថ្មីៗនេះបានក្លាយជាចំណុចដ៏គួរឱ្យចាប់អារម្មណ៍ខ្លាំងនៅក្នុងទីផ្សារអចលនទ្រព្យ។

ចាប់តាំងពីទីផ្លូវហាយវ៉េល្បឿនលឿន Ho Chi Minh City – Long Thanh – Dau Giay Expressway ត្រូវបានដាក់ឱ្យដំណើរការមក គម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh International Airport ក៏បានចាប់ផ្ដើម ហើយផ្លូវតភ្ជាប់ជាបន្តបន្ទាប់ត្រូវបានបង្កើតឡើង ដោយការតភ្ជាប់រវាងក្រុងហូជីមិញ និងបណ្ដាទីក្រុងផ្សេងទៀតមានភាពប្រសើរឡើងច្រើន។ ដូចនេះពេលវេលាធ្វើដំណើរឆ្លងកាត់រវាងខេត្ត Dong Nai ខេត្ត Ba Ria – Vung Tau និងក្រុងហូជិមិញ ត្រូវបានកាត់បន្ថយបានច្រើន និងសម្រួលដល់សកម្មភាពសេដ្ឋកិច្ច ព្រមទាំងជីវភាពរស់នៅរបស់ពលរដ្ឋ។

ដោយទាញយកផលចំណេញពីការអភិវឌ្ឍទាំងនេះ ក្រុមហ៊ុនអចលនទ្រព្យធំៗមួយចំនួនបានបោះទុនវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់លើគម្រោងធំៗជាបន្តបន្ទាប់។

តួយ៉ាង គម្រោងកាស៊ីណូដ៏ធំ NovaWorld Phan Thiet Project របស់ក្រុមហ៊ុន Novaland Group នៅលើផ្ទៃដី១.០០០ហិកតា និងទំហំវិនិយោគសរុប៥ពាន់លានដុល្លារ កំពុងក្លាយជាមជ្ឈមណ្ឌលនៃការវិនិយោគនៅក្នុងខេត្ត Binh Thuan។

ទន្ទឹមនឹងនេះដែរ នៅភាគខាងកើតនៃក្រុងហូជីមិញ គម្រោងទីក្រុងរណបឆ្លាតវៃ Aqua City ដែលគ្របដណ្ដប់លើផ្ទៃដីជាង១.០០០ហិកតា ក៏កំពុងតែលេចចេញជារូបរាងបណ្ដើរៗហើយដែរ។

ទីក្រុងធំៗផ្សេងៗទៀតក៏បានព្យាយាមពង្រីកខ្លួនចូលទៅក្រុងទីក្រុងរណបនានានៅក្នុងតំបន់ជុំវិញខ្លួនផងដែរដោយសារចំនួនប្រជាជនកាន់តែច្រើនកកកុញ និងការរឹតបន្តឹងនៅក្នុងការអភិវឌ្ឍឡើងវិញនូវតំបន់ក្រុងដែលមានស្រាប់៕

ក្រុមហ៊ុនរចនាប្លង់អន្តរជាតិដ៏ធំមួយកំពុងរំលេចស្នាដៃលើបុរីធំមួយនៅកម្ពុជា

ដោយៈ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុនរចនាប្លង់អន្តរជាតិ Zhucun Design ដែលមានមូលដ្ឋាននៅតៃវ៉ាន់ បាននិងកំពុងបង្ហាញស្នាដៃ ក្នុងការរចនាប្លង់សម្រាប់គម្រោងបុរីដ៏ធំមួយនៅកម្ពុជា ខណៈក្រុមហ៊ុននេះទទួលបានរង្វាន់ជាច្រើនកម្មវិធីទាក់ទងនឹងរចនាប្លង់ និងស្ថាបត្យកម្ម។

ក្រុមហ៊ុន Zhucun Design ដែលបានបង្កើតឡើងនៅឆ្នាំ២០០៩ ទទួលបានពានរង្វាន់ជាច្រើនកម្មវិធី Design Award 2021 ពានរង្វាន់ពី A’Design Award & Competition ពានរង្វាន់ពី German Design Award 2021 ពានរង្វាន់ពី Architecture Masterprizeពានរង្វាន់ពី K-Design’20 ពានរង្វាន់ពី Good Design Award 2020 និងពានរង្វាន់ជាច្រើនទៀត។

គម្រោងដែលក្រុមហ៊ុន Zhucun Design រចនាប្លង់ជូន គឺបុរីថ្មីមួយGB Residence ដែលបោះទុនវិនិយោគលើទឹកប្រាក់ចំនួន៦២លានដុល្លារអាមេរិក និងបាននិងកំពុងបង្ហាញវត្តមាននៅជាប់នឹងផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលជាតំបន់កំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។

ជាមួយ អ្នកវិនិយោគបុរីGB Residence លោកឧកញ៉ាតាំង គួងហាវបានមានប្រសាសន៍ឲ្យ ដឹងនាព្រឹកថ្ងៃទី៥ កក្កដានេះថា ដោយសារមើលឃើញសក្តានុពលតំបន់នេះ ស្ថិតនៅជាប់នឹងផ្លូវក្រវ៉ាត់ក្រុងទី៣ និងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី និងការកើនឡើងនូវជីវភាពរបស់ប្រជាពលរដ្ឋ។ កំណើនពលរដ្ឋចូលមករស់នៅកៀកទីក្រុងកាន់តែច្រើន ទើបលោកសម្រេចចិត្តវិនិយោគបុរីនេះឡើង ដោយផ្តោតលើគុណភាពប្រណីតភាព និងភាពស៊ីវិល័យ។

លោកឧកញ៉ាបានបន្តថា “ជាមួយនឹងការរចនាលំនៅដ្ឋាន ដោយអ្នកជំនាញអន្តរជាតិ ដែលបានឈ្នះពានរង្វាន់នៅទីក្រុងឌូបៃ បានធ្វើឲ្យគំរោងរបស់យើង មានម៉ូតផ្ទះស្អាត ប្លែក ប្រកបដោយស៊ីវិល័យ ពិសេសផ្តល់ជូនអ្នករស់នៅប្រកបដោយផាសុខភាព”។លោកបន្តថា “ផ្ទះក្នុងគំរោងGB Residenceមានតម្លៃចាប់ពីជាង៨ម៉ឺនដុល្លារ ដល់ជាង១០ម៉ឺនដុល្លារអាមេរិក អាស្រ័យលើប្រភេទផ្ទះ ទំហំ និងទីតាំងរបស់ផ្ទះនិមួយៗ”។

បុរីGB Residence សាងសង់លើទំហំដីជិត៩ហិកតា ជាមួយនឹងលំនៅដ្ឋានសរុប៥៨៨ផ្ទះ ពិសេសក្នុងគំរោងនេះមានផ្សារទំនើប ហាងកាហ្វេ ភោជនីយដ្ឋាន ក្លឹបហាត់ប្រាណ ពិសេសផ្លូវចូលបុរីទំហំ៥០ម៉ែត្រ ជាមួយនឹងសួនច្បារនៅចំកណ្តាល ដែលសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងអ្នករស់នៅតំបន់នេះ៕