កត្តាសំខាន់ៗចំនួន៣បង្ហាញថាខេត្តព្រះសីហនុមានសក្តានុពលទាក់ទាញវិនិយោគខ្លាំងនាពេលអនាគត

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ខេត្តព្រះសីហនុ ជាខេត្តគោលដៅសម្រាប់វិនិយោគិន និងទេសចរដ៏មានសក្ដានុពលនៅក្នុងប្រទេសកម្ពុជា ដូច្នេះហើយទើបរដ្ឋាភិបាលបានជំរុញការអភិវឌ្ឍ និងតភ្ជាប់ពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ធ្វើយ៉ាងណាសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋវិនិយោគិន និងទេសចរ។

យោងតាមការលើកឡើងរបស់អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានឱ្យដឹងថា មានកត្តា៣ជាហេតុផលធ្វើឱ្យខេត្តព្រះសីហនុនៅតែទាក់ទាញវិនិយោគិន និងទេសចរ នៅពេលអនាគត។

លោកឃាង ភារម្យអ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានឱ្យដឹងនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ថា បច្ចុប្បន្ននេះ រដ្ឋាភិបាលកម្ពុជាក៏ដូចជារដ្ឋបាលខេត្តបានខំប្រឹងទប់ស្កាត់កូវីដ១៩ផង និងដៃម្ខាងទៀតខំប្រឹង អភិវឌ្ឍន៍ប្រទេសជាក់ស្ដែងនៅក្នុងខេត្តព្រះសីហនុ បើទោះបីជាមានបញ្ហាប្រឈមនឹងកូវីដ១៩មែន តែរដ្ឋបាលនៅតែបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង ក្នុងផ្លូវជាងច្រើនខ្សែនៅក្នុងខេត្តព្រះសីហនុ ក៏បានសម្រេចការសាងសង់ជាស្ថាព័រ និងត្រៀមទទួលស្វាគមន៍វិនិយោគិននិងទេសចរ មកសម្រាកនិងទស្សនាតាមរមណីយដ្ឋាននានាក្នុងខេត្តនេះ។

លោកបន្ត ក្រៅពីនេះ ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ គឺជាកត្តាទាក់ទាញមួយទៀត និងនាំទេសចរអន្តរជាតិវិនិយោគិនបរទេសចូលមកកាន់ខេត្តព្រះសីហនុដោយផ្ទាល់ ដែលធ្វើឱ្យពួកគេចំណេញពេលវេលានិងថវិកាផងដែរ។ រហូតមកដល់ពេលនេះ ព្រលានយន្តហោះអន្តរជាតិកងកេងខេត្តព្រះសីហនុក៏បាននិងកំពុងបន្តពង្រីកវិសាលភាពបន្តបន្ទាប់ទៀតផងដែរ។

លោកបានថ្លែងបន្តថា ផ្លូវល្បឿនលឿនពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុក៏ជាកត្តាដ៏សំខាន់មួយក្នុងការទាក់ទាញវិនិយោគិននិងទេសចរទៅកាន់ខេត្តនេះដែរ ពីព្រោះនៅពេលផ្លូវនេះសាងសង់រួច ការធ្វើដំណើរពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ នឹងកាន់តែឆាប់ ពីព្រោះវាបានបង្រួញផ្លូវកាន់តែជិត។

លោកបន្ថែមថា បច្ចុប្បន្ននេះខេត្តព្រះសីហនុក៏បាននិងកំពុងពន្លឿនការចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩ជូនពលរដ្ឋឱ្យបានគ្រប់ៗគ្នា ហើយនៅពេលចាក់វ៉ាក់សាំងបានគ្រប់គ្នា ពេលនេះវានឹងជួយកាត់បន្ថយការឆ្លងនៃមេរោគកូវីដ១៩និងអាចឱ្យខេត្តបើកដំណើរការសេដ្ឋកិច្ច ពាណិជ្ជកមមបានទូលំទូលាយឡើងវិញផងដែរ។

អ្នកជំនាញនៃវិស័យអចលនទ្រព្យជឿជាក់ថា ខេត្តព្រះសីហនុនឹងក្លាយជាខេត្តទាក់ទាញវិនិយោគិនបរទេសដ៏មានសក្ដានុពលមួយបន្ថែមទៀត ហើយជាក់ស្ដែងនេះគម្រោងអភិវឌ្ឍន៍ធំៗ នៅក្នុងខេត្តនេះ ក៏បានចាប់ផ្ដើមជាបន្តបន្ទាប់ទោះស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩ក្ដី ។ ជាការកត់សម្គាល់វិនិយោគិនចិននៅតែឈរលំដាប់កំពូលជាអ្នកវិនិយោគច្រើនជាងគេនៅក្នុងខេត្តព្រះសីហនុក៏ដូចជាក្នុងប្រទេសកម្ពុជា ។

លោកប៉ូ អ៊ាវគង់នាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យAdvance បានឱ្យដឹងថា ខេត្តព្រះសីហនុឃើញថា ការអភិវឌ្ឍវិស័យអចលនវត្ថុនៅតែទាក់ទាញវិនិយោគិនដទៃទៀត ហើយខេត្តព្រះសីហនុក៏ជាមុខព្រួញមួយរបស់រដ្ឋាភិបាល ក្នុងការទាក់ទាញវិនិយោគិនផងដែរ។

លោកបានបន្តថា បើយើងក្រលេកទៅមើលសក្ដានុពលវិនិយោគនៅក្នុងខេត្តព្រះសីហនុ នៅកណ្ដាលក្រុងចាប់ផ្ដើមចង្អៀតហើយការអភិវឌ្ឍក៏ចាប់ផ្ដើមរីកទៅកាន់តំបន់ផ្សេងទៀតដូចជារាម និងស្ទឹងហាវជាដើម៕

រាជរដ្ឋាភិបាលអនុញ្ញាតឱ្យក្រសួងទេសចរណ៍ទទួលរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២នៅខេត្តព្រះសីហនុ

ដោយៈ ប៊ី

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានចេញលិខិតអនុញ្ញាតឱ្យក្រសួងទេសចរណ៍ទទួលរៀបចំ «វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ (ATF 2022)»។ នេះបើតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ។


រាជរដ្ឋាភិបាលបានកំណត់ពេលវេលានៃការរៀបចំវេទិកាទេសចរណ៍អាស៊ាននេះ ចាប់ពីថ្ងៃ១៦-២២ ខែមករា ឆ្នាំ២០២២ ដោយប្ដូរទៅរៀបចំនៅខេត្តព្រះសីហនុវិញ។

វេទិកាទេសចរណ៍អាស៊ានដែរ មានកិច្ចប្រជុំធំៗមួយចំនួន ដូចជា កិច្ចប្រជុំថ្នាក់ស្ថាប័នទេសចរណ៍ជាតិអាស៊ាន (NTO) និងកិច្ចប្រជុំមន្ត្រីទេសចរណ៍អាស៊ានដោយផ្ទាល់ និងការតាំងពិព័រណ៍ទេសចរណ៍ (Travex) ខ្នាតតូចល្មម ដែលអាចគ្រប់គ្រងបាន។

ខាងក្រោមនេះជាលិខិតអនុញ្ញាតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដែលផ្ញើជូនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអភិបាលខេត្តព្រះសីហនុ៖

ឧកញ៉ាចេង ខេងបង្ហើបពីវិធីសាស្ត្រដើម្បីសម្រេចបានភាពជោគជ័យក្នុងជីវិត

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ឧកញ៉ាចេង ខេង ត្រូវបានគេដឹងថា ជាអ្នកជំនាញអចលនទ្រព្យមួយរូបនៅកម្ពុជា និងមានបទពិសោធន៍ជាង២០ឆ្នាំលើវិស័យអចលនទ្រព្យនិងដីធ្លីនៅកម្ពុជា ហើយលោកក៏មានឈ្មោះជាអ្នកឧកញ៉ាមួយរូបផងដែរ ដែលអាចចាត់ទុកជាអ្នកមានមួយរូបនៅកម្ពុជា។

លោកឧកញ៉ាបានចែករំលែកនូវបទពិសោធន៍ភាពជាអ្នកមាន សម្រាប់យុវជនកម្ពុជា និងសាធារណជនទូទៅនៅក្នុងវេទិកាមួយកាលពីព្រឹកថ្ងៃទី៩កក្កដា ២០២១នេះ។ លោកឧកញ៉ាចេង ខេងបានមានប្រសាសន៍ដោយសង្កត់ធ្ងន់ថា ព្រោះតែកើតមកជាអ្នកក្រទើបខំប្រឹងប្រែងឱ្យក្លាយជាអ្នកមាន ហើយមនុស្សគ្រប់គ្នាអាចក្លាយជាអ្នកមាន ព្រោះអ្នកមានមិនមែនជាកម្មសិទ្ធិរបស់អ្នកណាម្នាក់ឡើយ។

លោកឧកញ៉ាបន្តថា លោកកើតនៅក្នុងត្រកូលអ្នកស្រុកស្រែចំការ ហើយកាលដែលលោកមកដល់ភ្នំពេញដំបូង លោកស្ទើរតែរកបាយញ៉ាំសឹងមិនបានផង ប៉ុន្តែរហូតមកដល់ពេលនេះ លោកក៏បានក្លាយជាបុគ្គលម្នាក់ ដែលមានការទទួលស្គាល់នៅក្នុងសង្គម។

លោកបានថ្លែងដូច្នេះថា “មនុស្សម្នាក់ៗសុទ្ធតែមានភាពខ្លាំងរៀងៗខ្លួន ជាក់ស្ដែងបើយើងមិនខ្លាំងទេ ម្ល៉េះយើងមិនអាចកើតមកមើលភពផែនដីនេះបានទេ ប៉ុន្តែពេលយើងកាត់មកហើយ យើងចង់ក្លាយជាអ្នកមានកម្រិតណា។ បើសិនជាយើងមានឆន្ទៈចង់ក្លាយអ្នកមានហើយ តើយើងមានការតាំងចិត្តកម្រិតណា”។

លោកឧកញ៉ាបន្ថែម អ្នកមានល្បីៗ នៅលើពិភពលោកក គឺសុទ្ធតែកើតចេញពីត្រកូលអ្នកក្រ ហើយវាសុទ្ធតែជាគំរូ និងសាក្បីមួយ ដើម្បីផ្ដល់ថាមពលដល់មនុស្សទូទៅ ដែលចង់ក្លាយជាអ្នកមាន ជាក់ស្ដែងរូបលោកផ្ទាល់ លោកតែងតែគិតថា លោកជាកូនខ្មែរ លោកត្រូវតែជោគជ័យ និងត្រូវធ្វើអ្វីឱ្យសង្គមទទួលស្គាល់ ហើយពេលលោកបើកក្រុមហ៊ុន មិនត្រឹមតែសង្គមជាតិយើងទទួលស្គាល់ទេ តែត្រូវទទួលស្គាល់លំដាប់អន្តរជាតិផងដែរ។

លោកបន្ថែមទៀថា មនុស្សយើងកើតមកសុទ្ធតែមានក្ដីស្រម៉ៃ ហើយពេលខ្លះគ្រាន់តែគិត ក៏យើងមានអារម្មណ៍ថាសប្បាយចិត្តដែរ ប៉ុន្តែយើងត្រូវខំប្រឹងប្រែងសម្រេចឱ្យបានក្ដីស្រម៉ៃរបស់យើង ដើម្បីក្លាយជាអ្នកមានទៅតាមក្ដីស្រម៉ៃទាំងនោះ។

រហូតមកដល់ពេលនេះ លោកឧកញ៉ាចេងខេងក៏មានក្ដីស្រម៉ៃទៀតគឺនៅពេលលោកមានអាយុ៦០ឆ្នាំ លោកនឹងចែករំលែកបទពិសោធន៍ជាអ្នកមានហើយចែករំលែកនូវបទពិសោធន៍តាំងពីមុនរហូតដល់លោកអាយុ៦០ ។ តាមរយៈក្ដីសុបិន្តនេះ ក៏ធ្វើឱ្យមនុស្សម្នាក់ៗមានថាមពល ក្នុងការបន្តដំណើរការការងារ និងជីវិតរបស់យើង៕

រាជរដ្ឋាភិបាលសម្រេចអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការវិនិយោគជាផ្លូវការ

ដោយៈ ម៉ាណេត

ភ្នំពេញៈ រាជរដ្ឋាភិបាលបានសម្រេចអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការវិនិយោគទាំងស្រុង ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១នេះ។

លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹង ថា សេចក្តីព្រាងច្បាប់នេះ មានការកែសម្រួលនូវពាក្យពេចន៍ និងខ្លឹមសារ នៃមាត្រា៩ ជំពូកទី៣។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងកិច្ចប្រជុំនោះថា សំណើច្បាប់នេះ ជាមូលដ្ឋានគតិយុត្តិសម្រាប់ទាក់ទាញ និងផ្តល់វិសាលភាពដល់វិនិយោគិនងាយស្រួលក្នុងកិច្ចវិនិយោគមកកម្ពុជា។

សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគ ជាសេចក្តីព្រាងច្បាប់ថ្មីមួយ ដែលត្រូវបានផ្តួចផ្តើម និងចង្អុលបង្ហាញដោយឯកសារគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥។

លោកផៃ ស៊ីផានបានបញ្ជាក់ថា ការងារសិក្សា និងតាក់តែងសេចក្តីព្រាងច្បាប់បឋមនេះ ត្រូវបានធ្វើឡើងយ៉ាងម៉ត់ចត់ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក. អ. ក)។ នៅក្នុងកិច្ចដំណើរការនៃការតាក់តែងសេចក្តីព្រាងច្បាប់ បានប្រជុំពិគ្រោះយោបល់ជាមួយតំណាងផ្នែកឯកជន និងអង្គពាក់ព័ន្ធផ្សេងទៀត ជាច្រើនលើកច្រើនសារ ដើម្បីធ្វើការប្រមូលធាតុចូល។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីរូបនេះ បានបន្ថែមថា សេចក្តីព្រាងច្បាប់ស្តីពីការវិនិយោគ រៀបចំឡើងក្នុងគោលបំណងបង្កើតនូវក្របខ័ណ្ឌគតិយុត្តដែលបើកចំហ មានតម្លាភាព អាចប៉ាន់ប្រមាណទុកជាមុនបាន ប្រកបដោយភាពអំណោយផលសម្រាប់ការវិនិយោគ ដើម្បីទាក់ទាញ និងលើកកម្ពស់ការវិនិយោគដោយបុគ្គលសញ្ជាតិខ្មែរ ឬបរទេស ប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅអភិវឌ្ឍសង្គម សេដ្ឋកិច្ចនៅកម្ពុជា។

សេចក្តីព្រាងច្បាប់ក៏ត្រូវបានរៀបចំឡើងឱ្យមានភាពបត់បែន ដោយមានការផ្តល់ការលើកទឹកចិត្តពិសេស ចំពោះវិស័យនិងសកម្មភាពវិនិយោគជាក់លាក់ណាមួយដែលមានសក្តានុពលខ្ពស់ក្នុងការចូលរួមចំណែកអភិវឌ្ឍជាតិ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយការលើកទឹកចិត្តពិសេសនេះ នឹងត្រូវកំណត់នៅក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង។

ដើម្បីផ្តល់ភាពកក់ក្តៅដល់វិនិយោគិន សេចក្តីព្រាងច្បាប់នេះ បានដាក់បញ្ចូលនូវកាតព្វកិច្ចជាអន្តរជាតិមួយចំនួនរបស់កម្ពុជា ដើម្បីបង្ហាញដល់វិនិយោគិនទាំងអស់នូវការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារវិនិយោគ និងផ្តល់ការធានាដោយអនុលោមតាមច្បាប់អន្តរជាតិនូវប្រព្រឹត្តកម្មដែលមិនរើសអើង ព្រមទាំងផ្តល់សេវាថែទាំវិនិយោគ ផងដែរ។

នៅក្នុងស្ថានភាពវិបត្តិនៃជំងឺកូវី២១៩ ដែលកំពុងញាំញីពិភពលោក រួមទាំងកម្ពុជាផង សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ម្រាប់ប្រទេសកម្ពុជា ដោយសារសេចក្តីព្រាងច្បាប់នេះ នឹងធ្វើឱ្យកម្ពុជាកាន់តែមានភាពទាក់ទាញចំពោះការវិនិយោគផ្ទាល់ពីបរទេសនិងការវិនិយោគក្នុងស្រុក៕

វិនិយោគិនជាតិនិងអន្តរជាតិនឹងទទួលបានរបបលើកទឹកចិត្តផ្នែកពន្ធ៣ប្រភេទពីច្បាប់ថ្មីស្តីពីវិនិយោគ

ដោយៈ ម៉ាណេត

ភ្នំពេញៈ របបលើកទឹកចិត្តផ្នែកពន្ធនៅក្នុង “សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា” ត្រូវបានបែងចែកជា៣ប្រភេទ ដែលរួមមាន ការលើកទឹកចិត្តមូលដ្ឋាន ការលើកទឹកចិត្តបន្ថែម និងការលើកទឹកចិត្តពិសេស។ នេះបើយោងតាមការលើកឡើងរបស់លោកផៃ ស៊ីផានរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១។

លោកផៃ ស៊ីផានបានឱ្យដឹងទៀតថា ចំពោះការលើកទឹកចិត្តមូលដ្ឋាន របបលើកទី កចិត្តនេះ ត្រូវបានបែងចែកបន្ថែមជា២ជម្រើស ផ្សេងគ្នា អាស្រ័យការជ្រើសរើសរបស់វិនិយោគិនផ្ទាល់ ដោយជម្រើសទី១ គឺ ផ្តោតសំខាន់ទៅលើការលើកលែងពន្ធលើប្រាក់ចំណូល សម្រាប់រយៈពេលចាប់ពី ៣ឆ្នាំ រហូតដល់ ៩ឆ្នាំ ទៅតាមវិស័យ និងសកម្មភាពវិនិយោគ គិតចាប់ពីពេលដែលទទួលបានប្រាក់ចំណូលលើកដំបូង និងការលើកទឹកចិត្តផ្សេងទៀត។

លោកបានបន្តថា ជម្រើសទី២ គឺផ្តោតសំខាន់ទៅលើការទទួលបានសិទ្ធិកាត់កងចំណាយមូលធន តាមរយៈការរំលស់ពិសេស និងសិទ្ធិកាត់កងរហូតដល់ ២០០% លើចំណាយសំខាន់ៗផ្សេងទៀត សម្រាប់រយៈពេលរហូតដល់ ៩ឆ្នាំ និងការលើកទឹកចិត្តផ្សេងៗទៀត។

បន្ថែមលើនេះ គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ. ល. គ) ក៏នៅទទួលបាននូវការលើកទឹកចិត្តបន្ថែមដទៃទៀតដូចជា ការលើកលែងពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែម ទៅលើសម្ភារៈសាងសង់ បរិក្ខារសំណង់ សម្ភារៈបរិក្ខារផលិតកម្ម និងធាតុចូលផលិតកម្មរបស់ខ្លួន ទៅតាមប្រភេទតម្រោងវិនិយោគនីមួយៗ។

សេចក្តីព្រាងច្បាប់ក៏ត្រូវបានរៀបចំឡើងឱ្យមានភាពបត់បែនបាន ដោយមានការផ្តល់ការលើកទឹកចិត្តពិសេសចំពោះវិស័យនិងសកម្មភាពវិនិយោគជាក់លាក់ណាមួយដែលមានសក្តានុពលខ្ពស់ក្នុងការចូលរួមចំណែកអភិវឌ្ឍជាតិ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយការលើកទឹកចិត្តពិសេសនេះ នឹងត្រូវកំណត់នៅក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង។

ដើម្បីផ្តល់ភាពកក់ក្តៅដល់វិនិយោគិន សេចក្តីព្រាងច្បាប់នេះបានដាក់បញ្ចូលនូវកាតព្វកិច្ចជាអន្តរជាតិមួយចំនួនរបស់កម្ពុជា ដើម្បីបង្ហាញដល់វិនិយោគិនទាំងអស់នូវការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារវិនិយោគ និងផ្តល់ការធានាដោយអនុលោមតាមច្បាប់អន្តរជាតិនូវប្រព្រឹត្តកម្មដែលមិនរើសអើង ព្រមទាំងផ្តល់សេវាថែទាំវិនិយោគ ផងដែរ។

នៅក្នុងស្ថានភាពវិបត្តិនៃជំងឺកូវី២១៩ ដែលកំពុងញាំញីពិភពលោក រួមទាំងកម្ពុជាផង សេចក្តីព្រាងច្បាប់ ស្តីពីវិនិយោគនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ម្រាប់ប្រទេសកម្ពុជា ដោយសារសេចក្តីព្រាងច្បាប់នេះ នឹងធ្វើឱ្យកម្ពុជាកាន់តែមានភាពទាក់ទាញចំពោះការវិនិយោគផ្ទាល់ពីបរទេសនិងការវិនិយោគក្នុងស្រុក៕

គម្រោងផ្សារទំនើបចំនួន៧នឹងបើកដំណើរការនៅកម្ពុជានៅឆមាសទី២ឆ្នាំនេះ

ដោយៈ ម៉ាណេត

ភ្នំពេញៈ គម្រោងផ្សារលក់រាយ (ផ្សារទំនើប)ចំនួន២បានបញ្ចប់ នៅអំឡុងត្រីមាសទី២ ឆ្នាំ២០២១ ដោយបន្ថែមទំហំផ្គត់ផ្គង់ប្រមាណ១០,០០០ម៉ែត្រការ៉េចូលទៅទីផ្សារ ខណៈការផ្គត់ផ្គង់ទីផ្សារលក់រាយសរុបមានទំហំ៣៨៥.៤០២ម៉ែត្រការ៉េ ដែលមានការចូលរួមពី៣១គម្រោង។ នេះបើយោងតាមរបាយការណ៍ចុងក្រោយ ផ្សាយរបស់ក្រុមហ៊ុន CBRE Cambodia។

ក្នុងអំឡុងឆមាសទី២ ឆ្នាំ២០២១ វិស័យនេះរំពឹងថានឹងមានគម្រោងផ្សារទំនើបចំនួន៧ បញ្ចប់ការសាងសង់ និងដាក់ដំណើរការនៅក្នុងទីផ្សារ ដែលមានទំហំសរុប៦៤,១០២ម៉ែត្រការ៉េ សម្រាប់ការផ្គត់ផ្គង់ ពោលគឺមានការចុះជាងការព្យាករណ៍មុន ដោយសារតែការរំខានដល់ចង្វាក់ផ្គត់ផ្គង់សំណង់ និងអត្រាជួលធ្លាក់ចុះ ជាងការព្យាករណ៍។

គម្រោងផ្សារទំនើបចំនួន៧ ដែលគ្រោងបញ្ចប់នាពេលខាងមុខនេះ មានគម្រោងផ្សារទំនើបសហគមន៍ចំនួន៥គម្រោង និងផ្សារទំនើបចំនួន២។ គម្រោងទាំងនេះមានចំនួនដូចជា ផ្សារទំនើប SCG Design Village ផ្សារទំនើប Chip Mong Sen Sok ផ្សារទំនើប Big Tree Community Mall ផ្សារទំនើប The Commune ផ្សារទំនើប The Lane by One Park និង K Mall ជាដើម។

ការកើនឡើងនៃការផ្គត់ផ្គង់ និងការកាត់បន្ថយការដើរផ្សារ បានធ្វើឱ្យអត្រាទំនេរច្រើននៃទីតាំងលក់រាយនៅ ក្នុងវិស័យនេះ ដែលអត្រាទំនេរនេះបានកើនឡើងជាមធ្យម២៨.៥ភាគរយនៅក្នុងត្រីមាសទី២ ឆ្នាំ២០២១។ អំឡុងពេលនេះដែរ អតិថិជនបានចាប់ផ្តល់ប្រើប្រាស់វេទិការបច្ចេកវិទ្យា ដើម្បីទិញទំនិញ ជាជាងការដើរផ្សារ។

ការតាមដានពី Google បានបង្ហាញថា សកម្មភាពលក់រាយ និងការកម្សាន្ដមានកម្រិតទាបជាមធ្យម៤៦,៩% មុនខែកុម្ភៈ ឆ្នាំ២០២០។

ក្រៅពីផ្លូវសំខាន់ៗ គ្រប់ផ្នែកលក់រាយមានការធ្លាក់ចុះនូវអត្រាជួលមធ្យម ក្នុងអំឡុងត្រីមាសទី២ ខណៈទីផ្សារបន្តប្រឈមនឹងការកើនឡើងអត្រាទំនេរ។

ចំនួនប្រ៊ែន ដែលមានគម្រោងចូលមកកម្ពុជា បានធ្លាក់ចុះ បើប្រៀបធៀបទៅនឹងត្រីមាសមុន។ ក្រុមហ៊ុន CBRE បានសង្កេតឃើញថា ប៊្រែនចំនួន៤ប៉ុណ្ណោះ បានចូលមកទីផ្សារកម្ពុជានៅក្នុងត្រីមាសទី២ ធ្លាក់ចំនួន៥ប៊ែន បើធៀបនឹងត្រីមាសទី១។ ការធ្លាក់ចុះនេះ គឺដោយសារតែវិបត្តិកូវីដ១៩៕

សម្តេចតេជោៈសន្តិភាព និងស្ថេរភាពជាកត្តាអាទិភាពនាំវិនិយោគិនបរទេស មកវិនិយោគនៅកម្ពុជា

ដោយៈគង់ សូរិយា

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា សន្តិភាព និងស្ថរិភាព គឺជាកត្តាអាទិភាពមួយនាំឱ្យបរទេស មកវិនិយោគនៅក្នុងប្រទេសកម្ពុជា បើទោះពិភពលោកកំពុងប្រឈមបញ្ហានយោបាយ និងពាណិជ្ជកម្មយ៉ាងណាក៏ដោយចុះ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បែបនេះ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដែលធ្វើឡើងតាមអនឡាញនៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ។

កិច្ចប្រជុំដែលពិភាក្សាទៅលើសេចក្តីព្រាងច្បាប់ស្តី ពីការពីការវិនិយោគនោះ ស    ម្តេចតេជោបានគូសរំលេចថា សំណើច្បាប់នេះ ជាមូលដ្ឋានគតិយុត្តិសម្រាប់ទាក់ទាញ និងផ្តល់វិសាលភាព ដល់វិនិយោគិនងាយស្រួលក្នុងកិច្ចវិនិយោគមកកម្ពុជា។ នេះបើតាម លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលបានដកស្រង់ប្រសាសន៍សម្តេចតេជោ មកចែកចាយលើបណ្តាញសង្គម។

លោកផៃ ស៊ីផាន បានដកស្រង់ប្រសាសន៍សម្តេចតេជោ មកបញ្ជាក់ថែមទៀតថា “អ្នកវិនិយោគត្រូវការសន្តិភាព ស្ថិរភាព ដែលជាអាទិភាពនៃការសម្រេចចិត្តយកកម្ពុជាជាទិសដៅវិនិយោគ ទោះជាស្ថានភាពអន្តរជាតិ ប្រឈមក្នុងវិស័យនយោបាយ ពាណិ​ជ្ជ​កម្មយ៉ាងណាក៏ដោយ

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២១នេះ គណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា បានអនុម័តឱ្យក្រុមហ៊ុនវិនិយោគលើគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន៨៧គម្រោង ដែលមានទុនវិនិយោគសរុបជិត ៣ពាន់លានដុល្លារអាមេរិកបង្កើតការងារបានចំនួន ៥០,០២៩កន្លែង។

គម្រោងវិនិយោគនេះ បើធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២០ មានការថយចុះប្រមាណ៦៣គម្រោង។ តែទុនវិនិយោគមិនបានថយចុះនោះទេ គឺមានការកើនឡើងប្រមាណ១២ភាគរយ ដោយសារតែគម្រោងវិនិយោគធំៗ មួយចំនួនបានដាក់ទុនវិនិយោគខ្ពស់។

ចិន ជាប្រទេសបានវិនិយោគច្រើនជាងគេ នៅក្នុងប្រទេសកម្ពុជានៅក្នុងឆមាសទី១ ឆ្នាំ២០២១នេះ។ ក្រុមហ៊ុនចិន បានបោះទុនវិនិយោគរហូតដល់ទៅជាង ២ពាន់លានដុល្លារអាមេរិក។

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃនេះ បានពិភាក្សាទៅលើសេចក្តីព្រាងច្បាប់ស្តីពីការវិនិយោគ។ សេចក្តីព្រាងច្បាប់ស្តីពីវិនិយោ​គជាសេចក្តីព្រាងច្បាប់ថ្មីមួយ ដែលត្រូវបានផ្តួចផ្តើម និងចង្អុលបង្ហាញដោយឯកសារគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥។

លោកផៃ ស៊ីផាន បានបញ្ជាក់ថា ការងារសិក្សា និងតាក់តែងសេចក្តីព្រាងច្បាប់បឋមនេះ ត្រូវបានធ្វើឡើងយ៉ាងម៉ត់ចត់ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក. អ. ក)។ នៅក្នុងកិច្ចដំណើរការ នៃការតាក់តែងសេចក្តីព្រាងច្បាប់ បានប្រជុំពិគ្រោះយោបល់ជាមួយតំណាងផ្នែកឯកជន និងអង្គពាក់ព័ន្ធផ្សេងទៀត ជាច្រើនលើកច្រើនសារ ដើម្បីធ្វើការប្រមូលធាតុចូល។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីរូបនេះ បានបន្ថែមថា សេចក្តីព្រាងច្បាប់ស្តីពីការវិនិយោគ រៀបចំឡើងក្នុងគោលបំណងបង្កើត នូវក្របខ័ណ្ឌគតិយុត្តដែលបើកចំហ មានតម្លាភាព អាចប៉ាន់ប្រមាណទុកជាមុនបាន ប្រកបដោយភាពអំណោយផលសម្រាប់ការវិនិយោគ ដើម្បីទាក់ទាញ និងលើកកម្ពស់ការវិនិយោគដោយបុគ្គលសញ្ជាតិខ្មែរ ឬបរទេស ប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅអភិវឌ្ឍសង្គម សេដ្ឋកិច្ចនៅកម្ពុជា។

សេចក្តីព្រាងច្បាប់ ក៏ត្រូវបានរៀបចំឡើងឱ្យមានភាពបត់បែន ដោយមានការផ្តល់ការលើកទឹកចិត្តពិសេស ចំពោះវិស័យនិងសកម្មភាពវិនិយោគ ជាក់លាក់ណាមួយដែលមានសក្តានុពលខ្ពស់ក្នុងការចូលរួមចំណែកអភិវឌ្ឍជាតិ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយការលើកទឹកចិត្តពិសេសនេះ នឹងត្រូវកំណត់នៅក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង។

ដើម្បីផ្តល់ភាពកក់ក្តៅដល់វិនិយោគិន សេចក្តីព្រាងច្បាប់នេះ បានដាក់បញ្ចូលនូវកាតព្វកិច្ចជាអន្តរជាតិមួយចំនួនរបស់កម្ពុជា ដើម្បីបង្ហាញដល់វិនិយោគិនទាំងអស់នូវការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារវិនិយោគ និងផ្តល់ការធានាដោយអនុ​លោ​មតាមច្បាប់អន្តរជាតិ នូវប្រព្រឹត្តកម្មដែលមិនរើសអើង ព្រមទាំងផ្តល់សេវាថែទាំវិនិយោគ ផងដែរ។

នៅក្នុងស្ថានភាពវិបត្តិនៃជំងឺកូវី២១៩ ដែលកំពុងញាំញីពិភពលោក រួមទាំងកម្ពុជាផង សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ប្រ​ទេសកម្ពុជា ដោយសារសេចក្តីព្រាងច្បាប់នេះ នឹងធ្វើឱ្យកម្ពុជាកាន់តែមានភាពទាក់ទាញចំពោះការវិនិយោគផ្ទាល់ពីបរទេសនិងការវិនិយោគក្នុងស្រុក៕ ប្រភពFreshnews៕

 

កូរ៉េខាងត្បូងគ្រោងបោះទុនវិនិយោគ៣៥ពាន់លានដុល្លារក្នុងឧស្សាហកម្មផលិតអាគុយរថយន្តអគ្គិសនី

ដោយៈសុខុម

សេអ៊ូល: យោងតាមសារព័ត៌មាន The Edge Markets ឱ្យដឹងថា ប្រទេសកូរ៉េខាងត្បូង គ្រោងបោះទុនវិនិយោគដល់ទៅ៣៥ពាន់លានដុល្លារអាមេរិក ក្នុងឧស្សាហកម្មផលិតអាគុយរថយន្តអគ្គិសនីរបស់ខ្លួន ត្រឹមដំណាច់ទសវត្សរ៍នេះ ដើម្បីប្រជែងជាមួយមហាយក្សចិន និងបរទេសជប៉ុន។

រដ្ឋាភិបាលប្រទេសនេះ បានចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃព្រហស្បតិ៍ ទី៨ កក្កដា ថា ក្រុមហ៊ុន LG Energy Solution Co ក្រុមហ៊ុន SK Innovation Co និងក្រុមហ៊ុន Samsung SDI Co នឹងក្លាយជាអ្នកដើរតួយ៉ាងដ៏សំខាន់ នៅក្នុងការជំរុញការវិនិយោគលើការស្រាវជ្រាវ & ការអភិវឌ្ឍន៍ (R&D) និងការផលិតអាគុយ។

សេចក្ដីថ្លែងការណ៍នោះមានខ្លឹមសារដូច្នេះថា “ផែនការនេះគឺដើម្បីធានាថា គ្រឿងលើកទឹកចិត្តផ្សេងៗ ត្រូវបានផ្តល់ជូនក្រុមហ៊ុននានា សម្រាប់ការវិនិយោគរបស់ពួកគេ និងការស្រាវជ្រាវ & ការអភិវឌ្ឍន៍ (R&D) ដើម្បីជួយឱ្យពួកគេ ក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងពិភពលោកក្នុងទីផ្សារអាគុយ”។

សេចក្តីថ្លែងការណ៍ដដែលបានបន្តថា “រដ្ឋាភិបាលនឹងប្រឹងប្រែងគ្រប់វិធីដើម្បីគាំទ្រ និងជំរុញឱ្យឧស្សាហកម្មនេះរីកចម្រើន ដែលនឹងក្លាយជាផ្នែកសំខាន់មួយ នៃសេដ្ឋកិច្ចនាពេលអនាគតរបស់ប្រទេសកូរ៉េខាងត្បូង”។

ក្រុមហ៊ុនផលិតអាគុយរថយន្តអគ្គិសនីធំៗបំផុត មួយចំនួនរបស់ពិភពលោក មានមូលដ្ឋាននៅក្នុងប្រទេសនេះ ហើយក្រុមហ៊ុនទាំងនោះ មានចំណែកទីផ្សាររហូតដល់ទៅ១ភាគ៣នៃទីផ្សារទូទាំងពិភពលោក ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២១នេះ ហើយក្រុមហ៊ុននានាកំពុងតែពង្រីក និងបង្កើតរោងចក្របន្ថែមនៅបរទេស ដើម្បីបំពេញឱ្យទាន់តម្រូវការរថយន្តអគ្គិសនី (EV) ដែលកំពុងកើនឡើង។

យោងតាមរដ្ឋាភិបាលឱ្យដឹងថា សមត្ថភាពផលិតរបស់ក្រុមហ៊ុនទាំងនោះ បានកើនឡើងស្ទើរតែ៤ដង រហូតដល់២១៧ជីហ្គាវ៉ាត់ម៉ោង (gWh) ក្នុងឆ្នាំ២០២០ បើធៀបនឹង៥៩ជីហ្គាវ៉ាត់ម៉ោង (gWh) ក្នុងឆ្នាំ២០១៦។

យោងតាមសារព័ត៌មាន SNE Research ឱ្យដឹងថា គ្រាន់តែក្រុមហ៊ុនចិន មួយដែលមានឈ្មោះថា Contemporary Amperex Technology Co Ltd មានចំណែកទីផ្សារលក់អាគុយរហូតដល់ទៅ៣១%គិតត្រឹមខែឧសភា ឆ្នាំនេះ។ សារព័ត៌មានដដែលរំពឹងថា ទីផ្សារអាគុយពិភពលោក នឹងកើនឡើងពី៤៦ពាន់លានដុល្លារ កាលពីឆ្នាំមុនដល់៣៥២ពាន់លានដុល្លារ ក្នុងឆ្នាំ២០៣០។

លោក Yoon Joon-won អ្នកគ្រប់គ្រងមូលនិធិនៅក្រុមហ៊ុន DS Asset Management Co បានលើកឡើងថា “ការវិនិយោគបន្ថែម និងការគាំទ្រពិតជាមានសារៈសំខាន់ណាស់នៅចំណុចនេះ ព្រោះយើងរំពឹងថានឹងទទួលបានកំណើន រយៈពេលវែងពីទីផ្សារនេះ”។

ក្រុមហ៊ុន LG Energy បានចេញសេចក្ដីថ្លែងការណ៍ថា ខ្លួនគ្រោងបោះទុនវិនិយោគប្រមាណ១៣ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០៣០ រួមទាំង៨,៤ពាន់លានដុល្លារ នៅក្នុងការស្រាវជ្រាវ&ការអភិវឌ្ឍន៍ (R&D) ផងដែរ។ ក្រុមហ៊ុននេះ នឹងសាងសង់វិទ្យាស្ថានមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង សម្រាប់ការបណ្តុះបណ្តាល ផ្នែកបច្ចេកវិទ្យាអាគុយ ដែ​លតាមការរំពឹងទុកថា នឹងរួចរាល់ជាស្ថាពរនៅខែមករា ដើមឆ្នាំ២០២៣។ ក្រុមហ៊ុននេះនិយាយថា ខ្លួនទទួលបានការបញ្ជាទិញអាគុយរថយន្តអគ្គិសនី ដែលគិតជាតម្លៃសរុប១៥,៦ទ្រីលានដុល្លារ។

ទោះជាយ៉ាងណា ក្រុមហ៊ុន SK Innovation និងក្រុមហ៊ុន Samsung SDI មិនបានផ្តល់ព័ត៌មានលម្អិតអំពីផែនការវិនិយោគនោះទេ។

ប្រទេសកូរ៉េខាងត្បូង បានចូលរួមជាមួយប្រទេសចិន និងប្រទេសជប៉ុន កាលពីឆ្នាំមុន នៅក្នុងការកំណត់កាលបរិច្ឆេទ សម្រាប់ការកាត់បន្ថយការបញ្ចេញ ឧស្ម័នកាបូន ឱ្យមកនៅកម្រិតសូន្យត្រឹមឆ្នាំ២០៥០៕

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននឹងជួយឱ្យសេដ្ឋកិច្ចកម្ពុជាងាកចេញពីវិបត្តិសេដ្ឋកិច្ចបណ្តាលមកពីជំងឺកូវីដ១៩

ដោយៈ ម៉ាណេត

ភ្នំពេញៈ កម្ពុជារំពឹងទុកថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននឹងជួយឱ្យសេដ្ឋកិច្ចរបស់ខ្លួនងាកចេញវិបត្តិសេដ្ឋកិច្ច ដែលបណ្តាលមកពីជំងឺកូវីដ១៩ ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនេះ នឹងអាចចូលជាធរមានបាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិ បានដឹកនាំគណៈប្រតិភូអន្តរក្រសួង នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម បានរួមកិច្ចប្រជុំការពារសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ជាមួយគណៈកម្មការជំនាញនៃរដ្ឋសភា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម នៅយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១។

គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ ដែលបានប្រារព្ធធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកស្រីនិន សាផុនប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា និងមានការចូលរួមពីសមាជិក សមាជិកា នៃគណៈកម្មការជំនាញពាក់ព័ន្ធនៃរដ្ឋសភា គឺដើម្បីពិនិត្យលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដើម្បីកិច្ចព្រមព្រៀងនេះអាចចូលជាធរមានបាននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ខាងមុខ។

លោករដ្ឋមន្រ្តី បានថ្លែងពីខ្លឹមសារ និងអត្ថប្រយោជន៍សំខាន់ៗ រួមមានជាអាទិ៍៖
– ការទទួលបានការបើកទីផ្សារឱ្យបានធំជាងមុន និងប្រសើរជាងមុន សម្រាប់មុខទំនិញកសិផល បន្លែផ្លែឈើ ផលិតផលកែច្នៃ និងសិប្បកម្ម និងផលិតផលជាច្រើនទៀត ស្របពេលដែលកម្ពុជាអាចផលិតបាន និងអនុលោមតាមវិធានអនាម័យ និងស្តង់ដារ។

– ការទទួលបានលំហូរទីផ្សារពាណិជ្ជកម្មសេវាកម្ម ដែលកម្ពុជាអាចនាំចេញ ក្នុងករណីមានការបណ្តុះបណ្តាល ជំនាញ និងមានគុណវុឌ្ឍិគ្រប់គ្រាន់ ជាពិសេសនៅពេលដែលកម្ពុជាអាចពង្រឹងខ្លួនឯងឱ្យរឹងមាំ​ ក្នុងវិស័យសេវាកម្មនាពេលអនាគត។

– ផ្តល់កាលានុវត្តភាពផ្នែកវិនិយោគដល់កម្ពុជា បានកាន់តែច្រើន ដែលនឹងផ្តល់ឱកាសដល់ធុរជនកម្ពុជា ដែលមានបំណងពង្រីកទីផ្សារសេវាកម្ម និងទំនិញនាំចេញឱ្យកាន់តែសម្បូរបែបទៅកាន់ទីផ្សារចិន។

– ការទទួលបានផលប្រយោជន៍ពីការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗពីការវិនិយោគផ្ទាល់របស់បរទេស ព្រមទាំងបង្កើតការងារថ្មីៗ ជូនប្រជាជនកម្ពុជា ហើយក៏ជាកត្តាដ៏សំខាន់ចូលរួមពង្រឹងដល់វិស័យផលិតកម្មក្នុងស្រុក។

– ការកំណត់ឱ្យកាន់តែច្បាស់នូវរាល់ នីតិវិធីទាក់ទងនឹងវិធាន ដើមកំណើតទំនិញ គយ និងសម្រួលពាណិជ្ជកម្ម អនាម័យ និងភូតគាមអនាម័យ និងរបាំងបច្ចេកទេសលើការធ្វើពាណិជ្ជកម្ម និងការធ្វើសាមញ្ញកម្ម ដើម្បីងាយស្រួលអនុវត្ត និងសម្រួលដល់ការធ្វើពាណិជ្ជកម្ម។

– ការរៀបចំ និងការបង្កើតនូវបរិយាកាសវិនិយោគ និងនយោបាយទាក់ទាញវិនិយោគទុនពីបរទេសជាដើម។
លោករដ្ឋមន្រ្តីបានបញ្ជាក់ដូច្នេះថា “ការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ពិតជាបានចូលរួមអនុវត្តយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា ស្របតាមចំណុចទី៤ ស្តីពីការពង្រឹង សមត្ថភាពកម្ពុជា ដើម្បីបន្តសមាហរណកម្មខ្លួន ចូលក្នុងសេដ្ឋកិច្ចតំបន់និងពិភពលោក ដែលបានកំណត់ក្រោម ផ្នែកទី២.២.២ ស្តីពីបរិស្ថានគ្របដណ្តប់ សម្រាប់ការអនុវត្តយុទ្ធសាស្រ្តទាំងមូល”។

ជាពិសេស ក្នុងកាលៈទេសៈវិបត្តិជំងឺឆ្លងកូវីដ-១៩នេះ កិច្ចព្រមព្រៀងនេះក៏នឹងជួយដល់យុទ្ធសាស្រ្តស្តារឡើងវិញនូវសេដ្ឋកិច្ចកម្ពុជា ដែលបានរងការញាំញីយ៉ាងធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ ព្រមទាំងជួយឱ្យមានភាពសាំនៃសង្គម -សេដ្ឋកិច្ច ក្នុងប្រក្រតីភាពថ្មីនៃសង្គមកម្ពុជា តាមរយៈកំណើននៃការនាំចេញទៅទីផ្សារចិន និងលំហូរវិនិយោគចូលមកកម្ពុជា ដែលនឹងជួយបង្កើតការងារ និងចំណូលជូនប្រជាពលរដ្ឋយើង៕

ឧកញ៉ានួន អកៈ គេនឹងទទួលស្គាល់អ្នកថាជាមនុស្សកាន់តែឆ្លាតបើអ្នកមានចំណុច៣យ៉ាងនេះ

ដោយៈម៉ាណេត

ភ្នំពេញៈ អ្នកអាចនឹងធុញថប់ តប់ប្រមល់ កាលណាលទ្ធផលដំបូងបង្អស់របស់អ្នកចេញមកគឺមិនបានដូចចិត្ត។ ប៉ុន្តែនេះគឺជាអ្វីដែលមនុស្សទូទៅ ទទួលបានចំពោះកិច្ច ការងារដំបូងរបស់ពួកគេ។ គ្មានអ្នកណាដែលជីករកបានមាស នៅពេលទើបតែជីកដំបូងភ្លាមនោះទេ។

អ្នកអាចរៀនសូត្របន្ថែមទៀតពីអ្នកដទៃសិនក៏បាន ហើយថ្ងៃបន្ទាប់អ្នកនឹងសម្រេ​ចអ្វីដែលចង់បានហើយ។ ដើម្បីឲ្យក្លាយជាមនុស្សឆ្លាតវៃជាងនេះតើអ្នកត្រូវធ្វើដូចម្ដេច?

១) បោះបង់សេចក្ដីត្រូវការរបស់អ្នកដើម្បីទទួលលទ្ធផលល្អប្រសើរ
អ្នកអាចនឹងបោះបង់ពេលវេលា កម្លាំងកាយនិងចិត្តជាដើម ដើម្បីទទួលបានភាពល្អប្រសើរដែលអ្នកប្រាថ្នាមកវិញ។ ពេលខ្លះទាល់តែអ្នកហ៊ានលះបង់ខ្លះ ទើបទទួលបានអ្វីដែលអ្នកប៉ងប្រាថ្នា។ នេះជារឿងធម្មតាទៅហើយដើម្បីបានជោគជ័យ អ្នកគប្បីលះបង់សេចក្ដីត្រូវការរបស់អ្នកផងដែរ។

២) ផ្ដល់អ្វីមួយដល់អ្នកដទៃទោះបីមិនទទួលបានប្រយោជន៍វិញ
វាជារឿងមួយដ៏ល្អណាស់ ប្រសិនបើអ្នកតែងតែជួយជ្រោមជ្រែងអ្នកដទៃ ដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួននោះ។ តាមរយៈការធ្វើបែបនេះ វាស្ដែងថាអ្នកជាមនុស្សឆ្លាតវៃ ចេះគិត និងចេះខ្វាយខ្វល់ពីប្រយោជន៍រួម ដោយមិនងប់ងុលនឹងប្រយោជន៍របស់ខ្លួនឯង។

៣) ចូលចិត្តការអាន
ការអាននេះ អាចធ្វើឲ្យគំនិតរបស់អ្នក មានសក្ដានុពលខ្លាំងក្នុងការធ្វើអ្វីមួយ។ ការអានជួយឲ្យអ្នកមានគំនិតល្អនិងអច្ឆរិយ ក្នុងការសម្រេចចិត្តធ្វើអ្វីមួយ ។ លើសពីនេះវាមកដុសខាត់ និងសំលៀងការគិតរបស់អ្នក ឲ្យដូចគំនិតអ្នកនិពន្ធ និងគំនិតអ្នកប្រាជ្ញដែលអ្នកបានអានក្នុងសៀវភៅនោះដែរ។ ដូចពាក្យគេតែងនិយាយថា “អានច្រើនចេះច្រើន”៕