ស្ត្រីនៅក្នុងមុខជំនួញអចលនទ្រព្យនៅមានចំនួនតិចតួចនៅឡើយធៀបនឹងបុរស

0

        ដោយៈវឌ្ឍនៈ

ភ្នំពេញៈ នៅក្នុងវិស័យអចលនទ្រព្យកម្ពុជា គេមើលឃើញថាសន្ទុះនៃអ្នកចូលរួមប្រឡូកក្នុងវិស័យនេះកាន់តែច្រើនឡើងៗ ប៉ុន្តែនៅក្នុងចំណោមអ្នកចូលរួមប្រឡូកនោះភាគច្រើន គឺជាបុរសនិងមានស្ត្រីតិចតួចនៅឡើយ ប៉ុន្តែនៅក្នុងវិស័យសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាភាគច្រើនគឺជាស្ត្រី។

អ្នកជំនួញស្ត្រីក្នុងវិស័យអចលនទ្រព្យ ចង់ឱ្យស្ត្រីចូលរួមក្នុងវិស័យនេះ ឱ្យបានកាន់​តែច្រើន ដើម្បីចូលរួមក្នុងលើកកម្ពស់ស្ត្រីក្នុងសង្គមផង និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។

អ្នកហ្គ្រេស រចនី អគ្គនាយិកាក្រុមហ៊ុនCentury 21 Cambodia បានមានប្រសា​សន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា នៅក្នុងវិស័យអចលនទ្រព្យបច្ចុប្បន្ននេះ ស្ត្រីដែលចូលរួមប្រឡូកក្នុងអចលនទ្រព្យមានប្រមាណតែ៣០ ទៅ៣៥ភាគរយប៉ុណ្ណោះ ដោយបុរស៦៥ទៅ៧០ភាគរយ។

អ្នកស្រីបានបន្ត “ស្ត្រីមានផលវិបាកមួយចំនួន ដែលពួកគាត់គិតថាមិនចូលរួមក្នុងវិស័យអចលនទ្រព្យ ដូចជាការចុះវាយតម្លៃ ដីធ្លីផ្ទាល់ៗចុះជួបជាមួយភ្ញៀវផ្ទាល់ ពេលខ្លះត្រូវចុះទៅតាមបណ្ដាខេត្តផ្សេងៗទៀត”។ អ្នកស្រីបន្ថែមថា “ការងារនេះអាចចាត់ទុកថាជាផលវិបាករបស់ស្ត្រី ប៉ុន្តែបើបុរសវិញវាមិនមែនជាបញ្ហានោះទេ”។

អ្នកស្រីបន្តថា រហូតមកដល់២០២០ នៅពេលកម្ពុជាជួបវិបត្តិកូវីដ១៩ បច្ចេកវិទ្យាបានដើរតួនាទីសំខាន់ សម្រាប់ជួយដល់អាជីវកម្មនានា ក្នុងនោះក៏ជួយដល់វិស័យអចលនទ្រព្យ។ នៅពេលបច្ចេកវិទ្យាកាន់តែរីកច្រើន ធ្វើឱ្យភ្នាក់ងារអចលនទ្រព្យមិនចាំបាច់ ក្នុងការជួបចរចាផ្ទាល់ជាមួយភ្ញៀវនោះទេ ដែលធ្វើឱ្យស្ត្រី ក្នុងជំនួញអចលនទ្រព្យ។

អ្នកស្រីបន្ថែមថា តាមពិតទៅស្រ្តីគឺជាអ្នកដែលមានរបៀបរៀបរយ ហើយនៅពេលស្ត្រីសម្របសម្រួល ក្នុងការលក់អចលនទ្រព្យ គឺពួកគាត់មិនព្យាយាមបញ្ចុះបញ្ចូលអតិថិជនទេ តែពព្យាយាមពន្យល់អតិថិជនឱ្យយល់ពីទ្រព្យដែលត្រូវទិញនោះវិញ ។

ជាមួយគ្នានេះ អ្នកស្រី ចន្ទី ទិវា នាយិកាប្រតិបត្តិក្រុមហ៊ុន Century 21 Advance Property បានមានប្រសាសន៍ផងដែរថា ក្នុងនាមជាស្ត្រីក្នុងវិស័យអចលនទ្រព្យ អ្នកស្រីចង់ឱ្យស្ត្រីចូលរួមកាន់តែច្រើន នៅក្នុងវិស័យមួយនេះ ។ អ្នកស្រីនិយាយថា កាលពីចាប់ផ្ដើមក្រុមហ៊ុនដំបូង ក្រុមហ៊ុនយើងមានបុរសច្រើនជាងនារី ប៉ុន្តែក្រោយមកយើងក៏បានជ្រើសរើសនារីច្រើនជាងបុរសវិញ ដោយភ្នាក់ងារលក់នៅក្នុងក្រុមហ៊ុន យើងសុទ្ធតែនារី មិនមានបុរសនោះទេ ដែលធ្វើឱ្យក្រុមហ៊ុនយើងមាននារី៦៥ភាគរ និងបុរស៣៥ភាគរយ ប៉ុណ្ណោះនាពេលបច្ចុប្បន្ននេះ។

អ្នកស្រីបន្តថា បច្ចុប្បន្ននេះ ស្ត្រីកាន់តែច្រើនបានយល់ដឹងច្រើន ពីអត្ថប្រយោជន៍នៅក្នុងវិស័យអចលនទ្រព្យ ដូច្នេះអ្នកស្រីជឿថា នឹងមាននារីកាន់តែច្រើនចូលរួមប្រឡូកនៅក្នុងវិស័យអចលនទ្រព្យ ហើយនៅពេលស្ត្រីកាន់តែច្រើន ចូលរួមក្នុងវិស័យអចលនទ្រព្យ ពួកគាត់នឹងធ្វើឱ្យគ្រួសារកាន់តែរីកចម្រើន ជួយដល់សង្គមយើងកាន់តែច្រើនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here