សកម្មភាពទិញលក់ដីធ្លីនៅខណ្ឌព្រែកព្នៅ មានសន្ទុះឡើងវិញក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ខណ្ឌព្រែកព្នៅ ប៉ែកខាងជើងរាជធានីភ្នំពេញ ចាប់ផ្ដើមមានសន្ទុះនៃការទិញលក់ដីធ្លីឡើងវិញ នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បើទោះបីជាស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសកម្ពុជានៅតែចោទជាបញ្ហាក៏ដោយ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនអចលនទ្រព្យ Zillion Holding បានឱ្យដឹងថា ខណ្ឌព្រែកព្នៅមានកំណើនការទិញលក់ដីធ្លីឡើងវិញ គួរឱ្យកត់សម្គាល់ក្នុងរយៈពេល៣ខែចុងក្រោយនេះ ក្នុងនោះប្រតិបត្តិការទិញលក់ដីធ្លី ក្នុងខណ្ឌព្រែកព្នៅរយៈពេល៣ខែចុងក្រោយនេះ គិតចាប់ពីខែមិថុនាដល់ខែសីហាឆ្នាំ២០២១នេះ មានចំនួនប្រមាណជិត១៤០ប្រតិបត្តិការ កើនឡើងប្រមាណ៦០ភាគរយធៀបនឹង៣ខែដើមឆ្នាំ ។

កំណើនទិញលក់នេះ គឺជាទំនុកចិត្តរបស់វិនិយោគិន ក្នុងការចាប់យកឱកាសក្នុងការវិនិយោគដីធ្លីក្នុងខណ្ឌព្រែកព្នៅ ដែលជាទិសដៅវិនិយោគសម្រាប់លំនៅឋានតម្លៃសមរម្យនៅខណ្ឌព្រែកព្នៅ។

ទិន្នន័យរបស់ក្រុមហ៊ុនអចលនទ្រព្យដដែលនេះឱ្យដឹងថា ប្រតិបត្តិការទិញលក់ដីធ្លីក្នុងខណ្ឌព្រែកព្នៅរយៈពេល៨ខែដើមឆ្នាំ មានប្រមាណជាង២៥០ប្រតិបត្តិការ ក្នុងនោះខែសីហា មានប្រតិបត្តិការទិញលក់ខ្ពស់ជាងគេជិត៧០ប្រតិបត្តិការ ។

យោងតាមទិន្នន័យរបស់ក្រុមហ៊ុន Century 21 ប្រចាំខណ្ឌព្រែកព្នៅឱ្យដឹងថា តម្លៃដីធ្លីនៅក្នុងខណ្ឌព្រែកព្នៅ សម្រាប់អភិវឌ្ឍន៍លំនៅឋាន មានតម្លៃចន្លោះពី៨០ដុល្លារអាមេរិករហូតដល់ ២៣០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ។

អ្នកជំនាញអចលនទ្រព្យជាច្រើន ក៏បានមើលឃើញថាសក្ដានុពល តំបន់ប៉ែកខាងជើងរាជធានីភ្នំពេញ ដោយតំបន់នេះគឺកំពុងមានការអភិវឌ្ឍទៅលើលំនៅឋាន ក្នុងនោះគេមើលឃើញថា តំបន់ទីក្រុងរណបមួយ កំពុងទាក់ទាញសក្ដានុពលវិនិយោគកាន់តែខ្លាំងនៅតំបន់នៃខណ្ឌព្រែកព្នៅ ។

លោកឧកញ៉ាចេង ខេង អគ្គនាយកក្រុមហ៊ុនស៊ីភីអិល បានមានប្រសាសន៍ថា តំបន់ប៉ែកខាងជើង យើងមើលឃើញថានៅតែមានភាពទាក់ទាញ ហើយក្នុងនោះយើងមើលឃើញថា គម្រោងពហុកីឡដ្ឋានជាតិមរតកតេជោ និងវិមានឈ្នះឈ្នះ បាននិងកំពុងបង្ហាញពីសក្ដានុពល ក្នុងការទាក់ទាញវិនិយោគិនបន្ថែមទៀត ទៅកាន់តំបន់ប៉ែកខាងជើងរាជធានីភ្នំពេញ ខណៈហេដ្ឋារចនាសម្ព័ន្ធនៅតំបន់នោះ ក៏មានការអភិវឌ្ឍច្រើនក្នុងពេលបច្ចុប្បន្ន។

ចំណែកអ្នកស្រី Grace Rachy Fong នាយិកាក្រុមហ៊ុន Centurt21 Cambodia បានមានប្រសាស​ន៍ថា សកម្មភាពទិញលក់ដីធ្លីតម្លៃចាប់ពី១ ដល់១០លានដុល្លារបានកើនឡើងវិញប្រមាណ៤០ភាគរយ បើធៀបនឹងអំឡុងឆ្នាំ២០១៩ ដោយសារសកម្មភាពវិនិយោគដីធ្លីកំពុងមានភាពពេញនិយម ដោយសារដីធ្លីបានផ្តល់ផលចំណេញច្បាស់លាស់ និងផ្តល់ផលចំណេញរយៈពេលវែង។

អ្នកស្រីបន្តថា “ការរីកចម្រើននៃការទិញលក់ដីធ្លី នឹងកើនឡើងបន្ថែមទៀត ស្របពេលដែលស្ថានភាពជំងឺកូវីដបានធូរស្រាល ហើយអ្នកមានធនធានច្រើន វិនិយោគនាពេ​លនេះជារឿងល្អ ព្រោះវាផ្តល់ផលចំណេញខ្ពស់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here