ដោយៈសិរី ជេស៊ីកា
ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថា ការវិនិយោគដីធ្លីនៅក្នុងខេត្តមណ្ឌលគិរី មានសក្តានុពលទទូលបានផលចំណេញខ្ពស់ ខណៈគម្រោងអភិវឌ្ឍន៍ជាច្រើនបាននិងកំពុងចាប់ផ្តើមនៅខេត្តនេះ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីថ្ងៃទី២៩ កញ្ញាកន្លងមកថា សកម្មភាពនៃការអភិវឌ្ឍរមណីយដ្ឋានលំហែរកាយ ផ្ទះលំហែរ ផ្ទះអាជីវកម្ម មជ្ឈមណ្ឌលពាណិជ្ជកម្ម និងផ្សារទំនើបបាន និងកំពុងត្រៀមចាប់ផ្តើមនៅក្នុងខេត្តមួយនេះ ស្របពេលវិនិយោគិនជាតិ និងអន្តរជាតិបាននិងកំពុងធ្វើដំណើរទៅកាន់ខេត្តដ៏មានសក្តានុពលនេះ។
លោកបន្តថា “ខេត្តមណ្ឌលគិរីជាប៉ូលសេដ្ឋកិច្ចដ៏ធំមួយ ដែលនឹងមានភាពរីកចម្រើនខ្លាំងនាពេលអនាគត ដោយសាររដ្ឋាភិបាលនឹងសាងសង់ព្រលានយន្តហោះ និងផែនការមេដើម្បីអភិវឌ្ឍន៍ខេត្តនេះ ឲ្យកាន់តែមានភាពទាក់ទាញនាពេលអនាគត”។ លោកបន្តថា “ដោយសារលលក្ខខ័ណ្ឌអាកាសធាតុអំណោយផល សណ្ឋានដីមានភាពស្រស់ស្អាត ខេត្តមណ្ឌលគិរី នឹងទាក់ទាញការវិនិយោគផ្ទះលំហែរ និងរមណីយដ្ឋានកាន់តែច្រើននាពេលអនាគត”។
លោកច្រឹក សុខនីមបានបន្តថា រហូតមកទល់ពេលនេះ ស្ថាប័នហិរញ្ញវត្ថុទាំងធនាគារ ទាំងមីក្រូហិរញ្ញវត្ថុស្ទើរតែទាំងអស់ បានបង្ហាញវត្តមាននៅក្នុងខេត្តនេះ ដែលផ្តល់មូលដ្ឋានទុនដ៏ប្រសើរសម្រាប់គំរោងវិនិយោគ និងសកម្មភាពសេដ្ឋកិច្ចកាន់តឬរសរវើក ដល់ប្រជាពលរដ្ឋ និងអ្នកវិនិយោគនានានៅក្នុងខេត្តមួយនេះ។
ជាមួយនឹងការដាក់ចេញនូវផែនការមេ អភិវឌ្ឍន៍សក្តានុពលទេសចរណ៍ និងប្រែក្លាយខេត្តជាមួលដ្ឋាន សេដ្ឋកិច្ចធំលំដាប់ទី៤របស់ប្រទេស រាជរដ្ឋាភិបាលបាននិងកំពុងរៀបចំផែនការជាមួយក្រុមហ៊ុន China Power គ្រុបដើម្បីសាងសង់ព្រលានយន្តហោះលំដាប់អន្តរជាតិនៅក្នុងខេត្តមួយនេះនាពេលឆាប់ៗខាងមុខ។
លោកស៊ិន ចាន់សិរីវុត្ថាអ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការ ដ្ឋានអាកាសចរណ៍ស៊ីវិលធ្លាប់បានមានប្រសាសន៍ថា គម្រោងព្រលានយន្តហោះនេះបាននិងកំពុងសិក្សាបញ្ចប់ ដោយតាមផែនការព្រលាននេះ អាចចំណាយទុនវិនិយោគរហូតដល់១០០លានដុល្លារអាមេរិក។
លោកបន្តថា “វានឹងជាព្រលានយន្តហោះខ្នាតអន្តរជាតិ ដែលអនុញ្ញាត្តឲ្យយន្តហោះអាចផ្ទុកអ្នកដំណើរចន្លោះពី១៨០នាក់ ទៅ២០០នាក់អាចចុះចតបាន”៕