រដ្ឋាភិបាលថៃ អនុម័តផែនការសកម្មភាពលើដីធ្លីក្នុងសង្កាត់ជាច្រើននៃក្រុងបាងកកដើម្បីសាងសង់ស្ពានថ្មី

0

ដោយៈសុខុម

បាងកក: គណៈរដ្ឋមន្រ្តីថៃ បានអនុម័តការធ្វើអស្សាមិករណ៍ លើដីធ្លីក្នុងសង្កាត់ជាច្រើននៃក្រុងបាងកក ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការសាងសង់ស្ពានថ្មីមួយ ដែលមានគន្លងផ្លូវរហូតដល់ទៅ៦ ឆ្លងកាត់ទន្លេចៅប្រាយ៉ា (Chao Phraya River)។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃទី៣០ កញ្ញា។

អស្សាមិករណ៍ សំដៅដល់ការដកហូតកម្មសិទ្ធិ លើអចលនវត្ថុរបស់រូបវ័ន្តបុគ្គល នីតិបុគ្គលឯកជន និងនីតិបុគ្គលសាធារណៈរួមមាន ដី សំណង់ និងដំណាំដាំដុះសម្រាប់ដំណើរការស្ថាបនាស្តារ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសាធារណៈ ដែលបម្រើផលប្រយោជន៍សាធាណៈ និងផលប្រយោជន៍ជាតិ ព្រមទាំងផ្តល់នូវសំណងជាមុនដោយសមរម្យ និងយុត្តិធម៌។

គណៈរដ្ឋមន្ត្រីថៃ បានយល់ព្រមធ្វើអស្សាមិករណ៍ លើដីធ្លីក្នុងតំបន់ Bang O នៃសង្កាត់ Bang Phlat នៅតាមបណ្ដោយផ្លូវ Nakhon Chai Si Road ក្នុងសង្កាត់ Dusit និងតំបន់ Bang Sue។ ដីនៅតំបន់ Samsen Nai នៃសង្កាត់ Phaya Thai និងតំបន់ Chomphon នៃសង្កាត់ Chatuchak និងតំបន់មួយចំនួនទៀតនៃសង្កាត់ Chatuchak ក៏នឹងត្រូវទិញយកសម្រាប់គម្រោងសាងសង់ស្ពាននេះផងដែរ។

យោងតាមលោកស្រី Ratchada Dhnadirek អ្នកនាំពាក្យរដ្ឋាភិបាលថៃបានឱ្យដឹងថា ស្ពានថ្មីនេះ នឹងមានគន្លងផ្លូវចំនួន៦គន្លង លាតសន្ធឹងប្រវែង៣២០ម៉ែត្រ ឆ្លងកាត់ទន្លេចៅប្រាយ៉ា ក្បែរវិមានរដ្ឋសភាថ្មី ត្រង់ចំណុចផ្លូវប្រសព្វ Kiakkai ក្នុងសង្កាត់ Dusit។

អ្នកនាំពាក្យដដែលបានបញ្ជាក់ថា ស្ពាននេះនឹងជួយសម្រួលការកកស្ទះចរាចរណ៍នៅភាគខាងជើង នៃទីក្រុងបាងកកបានច្រើន។ លោកស្រីក៏បានលើកឡើងដែរថា ក្រុមអ្នកធ្វើផែនការ មានគោលបំណងធ្វើឱ្យប្រាកដថា គម្រោងនេះមិនបង្កការរាំងស្ទះដល់សកម្មភាពនានា និងកម្មវិធីដែលធ្វើឡើងនៅវិមានរដ្ឋសភា និងតំបន់ជុំវិញនោះ។

លោកស្រីបញ្ជាក់ថា រដ្ឋបាលក្រុងបាងកក បានរៀបចំវេទិកាសាធារណៈចំនួន៤រួចមកហើយ ដើម្បីប្រមូលមតិរបស់ពលរដ្ឋ និងភាគីពាក់ព័ន្ធនានា។ លោកស្រីបន្តថា “យើងក៏បានធ្វើការវាយតម្លៃ ផលប៉ះពាល់ផ្នែកបរិស្ថាន នៅតំបន់បុរាណវិទ្យាក្បែរៗនោះ និងសារមន្ទីរជាតិក្រុងបាងកកផងដែរ”។

អ្នកនាំពាក្យរូបនេះបានបន្តថា សម្រាប់ដំណាក់កាលបន្ទាប់ ក្រុមមន្រ្តីនឹងចុះវាស់វែងដោយផ្ទាល់នូវដីធ្លី ដែលនឹងត្រូវដកហូតដើម្បីធានាថា ការទិញដីធ្លីត្រូវបានធ្វើឡើងដោយត្រឹមត្រូវ និងយុត្តិធម៌។

ជាចុងក្រោយ លោកស្រីបានថ្លែងថា នៅពេលស្ពាននេះ ត្រូវបានសាងសង់រួចរាល់ វានឹងអាចឱ្យរថយន្ត បើកឆ្លងកាត់បានប្រមាណ១០០.០០០គ្រឿងក្នុងមួយថ្ងៃៗ ដែលនឹងជួយសម្រួលការកកស្ទះចរាចរណ៍ នៅផ្នែកខាងជើងនៃក្រុងបាងកកបានច្រើន៕ Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here