ប្រធាន GRA អះអាងថា អ្នកវិនិយោគចិនជាច្រើនបានវិលមកកាន់កម្ពុជាវិញបណ្តើរហើយ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ប្រធានសមាគមអចលlនទ្រព្យសកល (GRA) លោកសំ សុខនឿនបានអះអាងថា នៅពេលនេះអ្នកវិនិយោគចិនកាន់តែច្រើន បានត្រលប់មកកាន់កម្ពុជាវិញហើយ ខណៈពួកគេបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដរួច។

លោកបានមានប្រសាសន៍ឲ្យដឹងនាល្ងាចថ្ងៃទី៧ កក្កដាកន្លងមកថា លោកបានជួបជាមួយអ្នកវិនិយោគចិនថ្មីៗជាច្រើន ដែលពួកគេបានស្វែងរកសេវាកម្មដីធ្លី និងសេវាកម្មទិញលក់ជួលជាច្រើនទៀត។ លោកបន្តថា អ្នកវិនិយោគចិនកាន់តែច្រើនបានមកដល់ខេត្តព្រះសីហនុវិញហើយ ដែលនេះជាសញ្ញាល្អសំរាប់ទីផ្សារអចលនទ្រព្យកម្ពុជា អាចងើបឡើងវិញយ៉ាងឆាប់រហ័ស។

លោកបន្តថា “មានអ្នកវិនិយោគចិនជាច្រើន បានទាក់ទងការងារជាមួយសមាគម និងក្រុមហ៊ុនរបស់ខ្ញុំជាច្រើន ក្នុងមួយរយៈចុងក្រោយនេះ ដោយសាររដ្ឋាភិបាលចិនបាន​ចាក់វ៉ាក់សាំង ជូនពលរដ្ឋរបស់ខ្លូនស្ទើរ១០០ភាគរយហើយ”។

លោកបន្តថា “ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ លោកបានខិតខំដើម្បីចាក់វ៉ាក់សាំងជូនពលរដ្ឋ ឲ្យបាន១០លាននាក់នៅឆ្នាំខាងមុខ ស្របពេលកម្ពុជានឹងទទួលបានវ៉ាក់សាំង គ្រប់២០លានដូស នៅខែសីហាខាងមុខនេះ”។

លោកសំ សុខនឿនបានបន្តថា បច្ចុប្បន្នទំនុកចិត្តក្និងទីផ្សារអចលនទ្រព្យ បានងើបឡើងវិញបណ្តើរៗហើយ ខណៈពេលស្ថានភាពសេដ្ឋកិច្ចសកល និងសេដ្ឋកិច្ចកម្ពុជាអាច​ងើបឡើងវិញល្អប្រសើរនៅឆ្នាំនេះ បើទោះបីជារងការរំខានពីជំងឺកូវីដ១៩ក្តី ប៉ុន្តែយើងឃើញហើយថា ការនាំចេញរបស់កម្ពុជានៅតែកើនឡើងក្នុងឆមាសទី១ឆ្នាំនេះ។

ទំនាក់ទំនងរ៉ឹងមាំដូចដែកថែបរវាងរដ្ឋាភិបាលចិន និងកម្ពុជា នឹងក្លាយជាស្ពានមូយដ៏សំខាន់ក្នុងការទាក់ទាញការវិនិយោគពីប្រទេសចិន ពិសេសក្រោយពេលកម្ពុជា ចិនបា​នអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរួច នឹងធ្វើឲ្យទំហំនៃការនាំចេញពីកម្ពុជាទៅកាន់ប្រទេសចិនកើនឡើងខ្ពស់ ស្របពេលអ្នកវិនិយោគចិន និងបណ្តាប្រទេសជាច្រើនទៀត នឹងជ្រើសរើសកម្ពុជាជាមូលដ្ឋានផលិត ដើម្បីនាំចេញទៅកាន់ប្រទេសចិនដោយរួចពន្ឋ៕

អ្នកជំនាញៈបើមិនច្បាស់លាស់ ម៉ត់ចត់ កុំធ្វើជាភ្នាក់ងារអចលនទ្រព្យ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ការក្លាយខ្លួនជាភ្នាក់ងារអចលនទ្រព្យ មិនមែនជារឿងពិបាកឡើយ តែការទទួលបានផលប្រយោជន៍ និងជោគជ័យក្នុងអាជីពនេះ មិនមែនជារឿងងាយៗឡើយ ហេតុនេះទើបអ្នកជំនាញព្រមានថា “បើមិនច្បាស់លាស់ មិនម៉ត់ចត់ កុំធ្វើជាភ្នាក់ងារអីនាំតែខាតពេល។

ទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោកយិន លាងគង់បានមានប្រសាសន៍ឲ្យ​ដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៧ កក្កដាកន្លងមកថា ភាពជាភ្នាក់ងារអចលនទ្រព្យ ពិតជាមានភាពស័ក្តិសមសម្រាប់អ្នកមានជំនាញ ចំណេះដឹងទូលំទូលាយ ពិសេសមានភាពម៉ត់ចត់ និងច្បាស់លាស់ក្នុងការងារ ព្រោះបើយើងធ្វើការដោយគ្មានចំណុចនេះទេ អ្នកនឹងពិបាកកសាងទំនុកចិត្តណាស់។

លោកបន្តថា “ក្នុងវិស័យនេះទំនុកចិត្តមានសារៈសំខាន់ណាស់ ប៉ុន្តែក្នុងវិស័យនេះក៏មានការបោកប្រាស់គ្នាដ៏អាក្រក់ផងដែរ ព្រោះតែផលប្រយោជន៍ ហេតុនេះអ្នកប្រឡូកក្នុងវិស័យនេះ ត្រូវតែប្រើប្រាស់លិខិតស្នាមជាចាំបាច់ ក្នុងការធ្វើជាតំណាងភ្នាក់ងារលក់អចលនទ្រព្យណាមួយ ឬទិញអចលនទ្រព្យឲ្យអ្នកណាម្នាក់ ដើម្បីទទួលបានកម្រៃជើងសារ”។

លោកបន្តថា “វិធីសាស្រ្តនៃការបោះសន្ទូចរំលងភ្នំ ជាវិធីសាស្រ្តដែលមានប្រើប្រា​ស់ច្រើនជាងគេក្នុងវិស័យនេះ ដែលភ្នាក់ងារអចលនទ្រព្យមួយចំនួន បានបោះបង់អាជីពនេះ ព្រោះហត់នឿយ ឬនឿយណាយ”។

លោកយិន លាងគង់បានបន្តថា យ៉ាងណាក៏មានម្ចាស់អចលនទ្រព្យល្អ ឬអ្នកលក់ល្អផងដែរ ប៉ុន្តែការមិនមានភាពច្បាស់លាស់ក្នុងការងារ នឹងធ្វើឲ្យអ្នកបរាជ័យច្រើនជាង ជោគជ័យ ហេតុនេះការភពប្រសព្វនឹងភាពជោគជ័យ មិនមែនជរឿងងាយស្រួល ប៉ុន្តែក៏មិនពិបាករហូតដល់អ្នកធ្វើមិនបាននោះដែរ”៕

មហាយក្សចិននៅតែជាប្រភពវិនិយោគធំជាងគេបំផុតនៅកម្ពុជាជាមួយការបោះទុនជាង២ពាន់លានដុល្លារក្នុងឆមាសទី១

ដោយៈ ប៊ី

ភ្នំពេញៈ អ្នកវិនិយោគចិនបានឈរនៅលំដាប់លេខរៀងទី១ ដែលជាប្រទេសបោះទុនវិនិយោគច្រើនជាងគេនៅកម្ពុជា ហើយទឹកប្រាក់ដែលចិនបានវិនិយោគនៅកម្ពុជាមានប្រមាណ២ពាន់លានដុល្លារក្នុងឆមាសទី១ ឆ្នាំ២០២១នេះ។ នេះបើតាមរបាយការណ៍ ស្តីពីសកម្មភាពវិនិយោគនៅកម្ពុជា ឆមាសទី១ ឆ្នាំ២០២១ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។

របាយការណ៍បានបញ្ជាក់ថា តួលេខវិនិយោគមកពីប្រទេសចិន បានឈរនៅលំដា​ប់លេខរៀងទី១ ដោយចូលរួមចំណែកប្រមាណ៦៩% នៃការវិនិយោគសរុបក្នុងឆមាសទី១ ឆ្នាំ២០២១ ខណៈដែលការវិនិយោគក្នុងស្រុក បានឈរនៅលំដាប់លេខរៀងទី២ ដោ​យចូលរួមចំណែកប្រមាណ ២១%នៃការវិនិយោគសរុប។

សម្រាប់ប្រទេសឈរលេខ៣ គឺប្រទេស Cayman Islands ចំនួន៣.៣៦ភាគរយ(ប្រមាណ៩៩លានដុល្លារ) នៃការវិនិយោគសរុប លេខ៤ប្រទេស Ritisgh Virgin Islands ចំនួន២.៣៧ភាគរយ (ប្រមាណ៧០លានដុល្លារ) នៃការវិនិយោគសរុប ប្រ​ទេសថៃ ឈរលេខរៀងទី៥ ចំនួន១.៧៧ភាគរយ (ប្រមាណ៥២លានដុល្លារ) នៃការវិនិ​យោគសរុប ប្រទេសសិង្ហបុរី ឈរលេខរៀងទី៦ចំនួន០.៦៨ភាគរយ (ប្រមាណ២០លានដុល្លារ) នៃការវិនិយោគសរុប​ ប្រទេសកូរ៉េខាងត្បូង ឈរលេខរៀងទី៧ ចំនួន០.៦៧ភាគ​រយ (ប្រមាណ១៩លានដុល្លារ) នៃការវិនិយោគសរុប។

ប្រទេសម៉ាឡេស៊ី ឈរលេខរៀងទី៨ ដែលវិនិយោគមកកាន់កម្ពុជាចំនួន០.៥៦% (ប្រមាណ១៦លានដុល្លារ) នៃការវិនិយោគសរុប សហរដ្ឋអាមេរិកឈរលេខរៀងទី៩ ចំនួន០.៣២% (ប្រមាណ៩លានដុល្លារ) នៃការវិនិយោគសរុប និងប្រទេសសាម័រ ឈរលេខរៀងទី១០ ចំនួន០.១៣% (ប្រមាណ៣លានដុល្លារ) នៃការវិនិយោគសរុប។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឱ្យដឹងថា ការវិនិយោគរបស់ចិន មានច្រើនណាស់នៅអាស៊ីនិងពិភពលោក ហើយបើនិយាយពីការវិនិយោគអចលនទ្រព្យវិញ ការវិនិយោគជនជាតិចិន ចូលចិត្តកសាងបណ្ដុំសហគមន៍របស់គេ។

លោកបានថ្លែងបន្តថា “នៅក្នុងប្រទេសកម្ពុជា តំបន់ពីរដែលជនជាតិបានចាប់ផ្ដើមកសាងសហគមន៍របស់គេ គឺនៅក្នុងខេត្តព្រះសីហនុ និងនៅរាជធានីភ្នំពេញ រួមទាំងផ្នែកខ្លះនៃខេត្តកោះកុង (តារាសាគរ)”។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា ដែលចេញផ្សា​យកាលពីថ្មីៗនេះបានឱ្យដឹងថា “រដ្ឋមន្ត្រីការបរទេសប្រទេសទាំងពីរ បានឯកភាពពន្លឿននីតិវិធីផ្ទៃក្នុង សម្រាប់ការផ្តល់សច្ចាប័ន លើកិច្ចព្រមពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដើម្បីជំរុញពាណិជ្ជកម្ម វិនិយោគ ក៏ដូចជាទេសចរណ៍រវាងប្រទេសទាំងពីរ”។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់មានប្រសាសន៍ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន នេះ នឹងដើរតួជាកត្តាដ៏សំខាន់ក្នុងការជួយធ្វើ ឱ្យកម្ពុជា ក្លាយជាគោលដៅសម្រាប់ក្រុមហ៊ុនអាមេរិក ដែលកំពុងរកទីតាំងថ្មីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ចំណែក អ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជាវិញ ក៏បានមើលឃើញដូចគ្នានេះដែរ តែបានបន្ថែមថា មិនមែនតែសម្រាប់វិនិយោគិនអាមេរិកទេ ពោលគឺកម្ពុជាអាចនឹងទាក់ទាញវិនិយោគ ដែលមានសក្តានុពលពីប្រទេសផ្សេងៗទៀត ដូចយ៉ាង ជប៉ុន និងកូរ៉េខាងត្បូងជាដើមតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិននេះ៕

គិតត្រឹមឆមាសទី១ ឆ្នាំ២០២១ កម្ពុជាបានអនុម័តគម្រោងវិនិយោគថ្មីៗ និងគម្រោ​ងពង្រីកផលិតកម្ម ចំនួន៨៧គម្រោង ដែលមានទុនវិនិយោគ សរុបចំនួន២ ៩៦៩ ៦២៩ ៣៣៨ ដុល្លារអាមេរិក ដែលអាចបង្កើតការងារបានចំនួន៥០ ០២៩កន្លែង៕

សេតវិមាន: សហរដ្ឋអាមេរិក និងមហាយក្សចិន អាចរួមរស់ជាមួយគ្នាដោយសុខសន្តិភាព

ដោយៈ សុខុម

ប៉េកាំង: លោក Kurt Campbell មន្ត្រីសេតវិមាន ទទួលបន្ទុកកិច្ចការសម្របសម្រួលសម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) ថ្លែងថា សហរដ្ឋអាមេរិក និងមហាយក្សចិន អាចរួមរស់ជាមួយគ្នាដោយសុខសន្តិភាព ហើយមិនគួរចាត់ទុកទំនាក់ទំនងរវាងប្រទេសមហាអំណាចទាំង២ថាជា “សង្គ្រាមត្រជាក់ថ្មី” ឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។

លោកបានលើកឡើងអំពីទំនាក់ទំនងរវាងប្រទេសទាំង២កាលពីថ្ងៃអង្គារ ទី៦ កក្កដា ថា “ពេលខ្លះក៏មានស្ថានភាពមិនប្រាកដប្រជា ហើយថែមទាំងមានភាពតានតឹងម្ដងម្ដាលទៀតផង”។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានអំពីការអត្ថាធិប្បាយរបស់លោក ដែលបានធ្វើឡើងក្នុងព្រឹត្តិការណ៍មួយរបស់អង្គការ Asia Society។

លោកបានបន្តថា “តើខ្ញុំជឿជាក់ថា ប្រទេសចិន និងសហរដ្ឋអាមេរិក អាចរួមរស់ជាមួយគ្នាដោយសុខសន្តិភាពដែរទេ? មែនហើយ ខ្ញុំពិតជាគិតបែបនេះ”។ លោកបន្ថែមថា “ប៉ុន្តែខ្ញុំយល់ថា បញ្ហាប្រឈមនេះនឹងពិបាកខ្លាំងសម្រាប់មនុស្សជំនាន់នេះ និងមនុស្សជំនាន់ក្រោយ”។

ចាប់តាំងពីលោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក ចូលកាន់តំណែងនៅខែមករា ដើមឆ្នាំ២០២១ នេះមក រដ្ឋការរបស់លោកបានរក្សាជំហរយ៉ាងតឹងរ៉ឹងចំពោះប្រទេសចិន តាមរដ្ឋការរបស់លោក ដូណាល់ ត្រាំ ដោយលោកបានចាត់ទុកមហាយក្សនៅអាស៊ី មួយនេះថាជា “គូប្រជែងខ្លាំងបំផុត” របស់សហរដ្ឋអាមេរិក។

ចំពោះបញ្ហាដ៏ចម្រូងចម្រាសជុំវិញកោះតៃវ៉ាន់ លោក Kurt Campbell បានគូសបញ្ជាក់ជាថ្មីថា រដ្ឋការរបស់លោក ចូ បៃឌិន មិនទទួលស្គាល់កោះតៃវ៉ាន់ ជាប្រទេសឯករាជ្យនោះឡើយ ដែលស្របទៅនឹង “គោលនយោបាយចិនតែមួយ” (One China Policy)។

ក្រោមការដឹកនាំរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនភីង រដ្ឋាភិបាលក្រុងប៉េកាំង បានអះអាងកាន់តែខ្លាំងឡើងៗថា កោះតៃវ៉ាន់ គឺជាទឹកដីរបស់ប្រទេសចិន ហើយបានព្រមានប្រទេសផ្សេងៗ និងអង្គការអន្តរជាតិនានាកុំឱ្យលូកដៃចូលក្នុងរឿងនេះ។

លោក Kurt Campbell បានលើកឡើងបន្ថែមទៀតកាលពីថ្ងៃអង្គារ ទី៦ កក្កដា ថា ពេលនេះសហរដ្ឋអាមេរិក កំពុង “ស្វះស្វែងរកដោយស្ងាត់ៗ” នូវគំនិតផ្តួចផ្តើមពាណិជ្ជកម្មក្នុងតំបន់អាស៊ី។

មន្ត្រីសេតវិមាន រូបនេះបានគូសបញ្ជាក់ទៀតថា ខណៈការងើបឡើងនៃសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ពីវិបត្តិកូវីដ-១៩ នៅតែជាគោលនយោបាយអាទិភាពរបស់រដ្ឋការលោក ចូ បៃឌិន “តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក នឹងក្លាយជាចំណុចស្នូលនៃការផ្ដោតយកចិត្តទុកជាសំខាន់របស់យើងនៅថ្នាក់តំបន់ ដែលជាលើកដំបូងមិនធ្លាប់មានក្នុប្រវត្តិសាស្ត្ររបស់យើង”។

តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក សំដៅលើតំបន់ដែលលាតសន្ធឹងរវាងមហាសមុទ្រ២គឺចាប់ពីមហាសមុទ្រឥណ្ឌា ទៅដល់មហាសមុទ្រប៉ាស៊ីហ្វិក៕

ក្រុមហ៊ុនអចលនទ្រព្យថ្មីៗនៅតែមានឱកាសក្នុងការចាប់យកចំណែកទីផ្សារកម្ពុជាទោះស្ថិតក្នុងបរិបទកូវីដ១៩

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ទោះស្ថិតនៅក្នុងវិបត្តិនៃកូវីដ១៩ក៏ដោយ វិស័យមួយចំនួននៅតែមើលឃើញពីកាសនៃការវិនិយោគ តួយ៉ាងវិស័យអចលនទ្រព្យកម្ពុជាក៏ត្រូវបានមើលឃើញថា នៅតែមានឱកាសវិនិយោគ ដែលធ្វើឱ្យក្រុមហ៊ុនអចលនទ្រព្យថ្មីបានបង្កើតឡើង ក្នុងបរិបទនៃកូវីដ១៩នេះ។

អ្នកនាងគ្រុយ ស្រីខួចអគ្គនាយិកាក្រុមហ៊ុនCNC Real Estateបានឱ្យដឹងនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ថា វិស័យអចលនទ្រព្យនៅកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ មានការរីកដុះដាលជាបន្តបន្ទាប់ ហើយមកដល់ពេលវិបត្តិនៃជំងឺកូវីដ១៩នេះដែរ ក៏ឱកាសនៃការវិនិយោគទៅលើវិស័យអចលនទ្រព្យនៅតែមាន សម្រាប់វិនិយោគិន ដូច្នេះវាក៏ជាឱកាសរកប្រាក់ចំណេញសម្រាប់ក្រុមហ៊ុនអចលនទ្រព្យ ដែលសំដៅលើក្រុមហ៊ុនភ្នាក់ងារ។

អ្នកនាងបានបន្តថា នៅក្នុងវិបត្តិកូវីដ១៩នេះ យើងមិនអាចប្រកែកបានទេ ពីការជួបផលពិបាក និងបញ្ហារបស់ក្រុមហ៊ុនអចលនទ្រព្យ ដោយមានក្រុមហ៊ុនខ្លះក្ស័យធន និងខ្លះទៀតផ្អាកដំណើរការដោយសារតែហេតុផលផ្សេងទៀត ។ ការបង្កើតក្រុមហ៊ុនអចលនទ្រព្យរបស់លោកអ្នកនាងគឺCNC Real Estate គឺដើម្បីបំពេញភាពខ្វះខាតនិងចន្លោះប្រហោងរបស់ក្រុមហ៊ុនអចលនទ្រព្យផ្សេងទៀត ដើម្បីឈានទៅរកការអភិវឌ្ឍវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។

អ្នកនាងបន្តទៀតថា នៅក្នុងប្រតិបត្តិការបើកក្រុមហ៊ុនថ្មីនៅក្នុងប្រទេសកម្ពុជា វាពិតជាពិបាកក្នុងការចាប់យកចំណែកទីផ្សារ ប៉ុន្តែដោយសារតែយើងមានក្រុមអ្នកជំនាញ និងមានវិជ្ជាជីវៈច្បាស់លាស់ ជាមួយនឹងការប្ដេជ្ញាចិត្តខ្ពស់ក្នុងការផ្ដល់ជូនសេវាជូនអតិថិជន ប្រកបដោយគុណភាព យើងជឿជាក់ថា យើងនឹងទទួលបានទំនុកចិត្តពីអតិថិជន។

អ្នកនាងបាថ្លែងដូច្នេះថា “យើងបង្កើតមកមិនមែនដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនអចលនទ្រព្យណាមួយនៅក្នុងប្រទេសកម្ពុជា ឬក្រុមហ៊ុនអន្តរជាតិណាឡើយ តែយើងនឹងព្យាយាមសហការជាមួយក្រុមហ៊ុនអចលនទ្រព្យដទៃទៀត ដើម្បីឈានទៅរកជោគជ័យ”។

បើតាមអ្នកជំនាញអចលនទ្រព្យជើងចាស់មួយរូបលោកឧកញ៉ាចេង ខេងបានលើកឡើងកន្លងមកថា ថ្វីត្បិតតែភ្នាក់ងារអចលនទ្រព្យមានកំណើននៅរយៈពេលប៉ុន្មានឆ្នាំនេះក្ដី ប៉ុន្តែតម្រូវការអ្នកជំនាញ និងភ្នាក់ងារដែលមានជំនាញ និងវិជ្ជាជីវៈនៅក្នុងវិស័យអចលនទ្រព្យនៅតែមានខ្ពស់។

លោកបានបន្តថានៅពេលខាងមុខនេះ នៅពេលចប់កូវីដ១៩ វិនិយោគិនមកកម្ពុជា ដើម្បីស្វែងរកការវិនិយោគក្នុងវិស័យអចលនទ្រព្យកាន់តែច្រើន ធ្វើឱ្យសេវាកម្មពីអ្នកជំនាញ និងភ្នាក់ងារអចលនទ្រព្យក៏មានតម្រូវការកាន់តែច្រើនដែរ។ លោកបន្តថា “បើប្រៀបធៀបនឹងប្រទេសជិខាងភ្នាក់ងារអចលនទ្រព្យកម្ពុជានៅមានចំនួនតិចតួចនៅឡើយ”៕

រដ្ឋាភិបាលជំរុញការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាបឱ្យបញ្ចប់តាមការគ្រោងទុក

ដោយៈ ម៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាលជំរុញការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាបធ្វើយ៉ាងណាធ្វើឱ្យផ្លូវទាំង៣៨ខ្សែនេះ មានគុណភាពរឹងមាំ និងអាចបញ្ចប់តាមផែនការ ដែលបានគ្រោងទុក។

លោកសួង ហេងរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន កាលមិ្សលមិញ ដឹកនាំកិច្ចប្រជុំចរចាថ្លៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប តាមប្រព័ន្ធវីដេអូពីចម្ងាយ ជាមួយអង្គភាពសាងសង់ ដើម្បីឈានទៅចុះកិច្ចសន្យានៃការសាងសង់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១។

ក្រសួងបានឱ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីចរចាថ្លៃ នៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប ខេត្តសៀមរាប ជាមួយអង្គភាពសាងសង់ ដើម្បីឈានទៅចុះកិច្ចសន្យានៃការសាងសង់ ក៏ដូចជាដើម្បីពិភាក្សាអំពីការងារបច្ចេកទេសនៃការសាងសង់ពាក់ព័ន្ធនឹងការងារហិរញ្ញវត្ថុ ដើម្បីរិះរកនីតិវិធីធ្វើយ៉ាងណាធ្វើឱ្យផ្លូវទាំង៣៨ខ្សែនេះ មានគុណភាពរឹងមាំ ប្រើប្រាស់ជាប់បានយូរអង្វែង ចំណាយថវិកាសន្សំរបស់ជាតិបានចំគោលដៅ និងអាចបញ្ចប់គម្រោងសាងសង់តាមផែនការដែលបានគ្រោងទុក។

ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ លោករដ្ឋលេខាធិការ បានសំណូមពរឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ជួយកាត់បន្ថយការចំណាយថវិកាសន្សំរបស់ជាតិឱ្យអស់តិចតាមដែលអាចធ្វើទៅបាន ប៉ុន្តែត្រូវរក្សាបាននូវគុណភាពផ្លូវរឹងមាំ ប្រើប្រាស់ជាប់បានយូរអង្វែង និងបានស្នើឱ្យជួយពន្លឿនការរៀបចំកិច្ចសន្យាការងារសាងសង់ ដើម្បីអាចបើកផ្ដល់ថវិកាជូនដល់អង្គភាពសាងសង់ទាំងអស់តាមពេលកំណត់។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន វឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនៅក្រុងសៀមរាបខេត្តសៀមរាបនេះ គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ សម្រេចលទ្ធផលការងារបាន៦៣,៨៧%ហើយ៕

បណ្តាប្រទេសអាស៊ានកំពុងជំរុញផែនការបើកទេសចរណ៍ក្នុងតំបន់ឡើងវិញ

ដោយៈ ប៊ី

ភ្នំពេញៈ បណ្តាប្រទេសអាស៊ាន នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ បានពិភាក្សាអំពីគម្រោងបើកទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញ ប្រកបដោយការទទួលខុសត្រូវ និងសុវត្ថិភាព។

មន្ត្រីជាន់ខ្ពស់ទេសចរណ៍ជាតិអាស៊ានលើកទី៥៤ បានបើកកិច្ចប្រជុំ The 54th ASEAN National Tourism Organizations (NTOs) Meeting) តាមរយៈប្រព័ន្ធវីឌីអូខនហ្វើរេន។ កិច្ចប្រជុំនេះត្រូវបានដឹកនាំ លោកថោង រដ្ឋសក្តិអគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិនៃក្រសួងទេសចរណ៍ ដោយបានពិភាក្សាអំពីគម្រោងបើកទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញ ប្រកបដោយការទទួលខុសត្រូវ និងសុវត្ថិភាព។

កិច្ចប្រជុំក៏បានពិភាក្សាលើការងារទេសចរណ៍អាស៊ានដែលបានអនុវត្តកន្លងមក និងបន្តពិនិត្យលើការងារមួយចំនួនបន្ថែមទៀត សំដៅត្រៀមរៀបចំខ្លួនបើកវិស័យទេសចរណ៍ឡើងវិញ រួមមានជាអាទិ៍៖

១. ការអនុវត្តយុទ្ធសាស្រ្តទីផ្សារទេសចរណ៍អាស៊ាន ២០២១-២០២៥ សំដៅផ្សព្វផ្សាយពីការរៀបចំខ្លួនរួចរាល់ក្នុងការទទួលទេសចរណ៍អន្តរជាតិ និងបង្កើនទំនុកចិត្តដល់ភ្ញៀវទេសចរ។

២. ផែនការមេស្តីពីការតភ្ជាប់តំបន់អាស៊ាន ២០២៥ លើការអនុវត្តគម្រោងការធ្វើឲ្យប្រសើរឡើងនូវទំរង់ការទេសចរណ៍ឌីជីថលអាស៊ាន (Enhance ASEAN Tourism Digital Platforms)។

៣. គោលការណ៍ណែនាំស្តីពីអនាម័យ និងសុវត្ថិភាពសម្រាប់អ្នកធ្វើការ និងសហគមន៍ក្នុងឧស្សាហកម្មទេសចរណ៍។

៤. ការសិក្សាលើផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ គោលនយោបាយ និងការអនុវត្តល្អបំផុត អនុសាសន៍សម្រាប់ផែនការស្តារឡើងវិញក្រោយវិបត្តិកូវីដ-១៩ សម្រាប់ទេសចរណ៍អាស៊ាន។

៥. ផែនការសកម្មភាពស្តីពីសេចក្តីថ្លែងការណ៍ភ្នំពេញ ស្តីពីទេសចរណ៍អាស៊ានប្រកបដោយនិរន្តភាព បរិយាបន្ន និងភាពរឹងមាំ។

កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ទេសចរណ៍ជាតិអាស៊ានលើកទី៥៤នេះ នឹងប្រព្រឹត្តទៅពេញមួយថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ភ្ជាប់ជាមួយកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ទេសចរណ៍ជាតិអាស៊ានបូកបី និងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ទេសចរណ៍ជាតិអាស៊ានបូកបីបូកឥណ្ឌា នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១៕

សហព័ន្ធឧស្សាហកម្មថៃជំរុញឱ្យរដ្ឋាភិបាលផ្លាស់ប្តូរទីតាំងរោងចក្រនានាចេញពីតំបន់លំនៅដ្ឋាន

ដោយៈ សុខុម

បាងកក: សហព័ន្ធឧស្សាហកម្មថៃ (FTI) បានស្នើសុំឱ្យរដ្ឋាភិបាលផ្លាស់ប្តូរទីតាំងរោងចក្រនានាចេញពីតំបន់លំនៅដ្ឋាន បន្ទាប់ពីមានគ្រោះអគ្គិភ័យឆាបឆេះរោងចក្រផលិតស្នោប្លាស្ទិកដើម្បីទប់ស្កាត់គ្រោះថ្នាក់នៅពេលអនាគត។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយនៅថ្ងៃទី៧ កក្កដា នេះ។

សហព័ន្ធនេះបានលើកឡើងថា ទន្ទឹមនេះរដ្ឋាភិបាលក៏គួរតែផ្ដល់គ្រឿងលើកទឹកចិត្តមួយចំនួនដល់បណ្ដាម្ចាស់រោងចក្រផងដែររួមមានដូចជាការបញ្ចុះពន្ធដីធ្លី២% និងការបញ្ចុះពន្ធលើប្រាក់ចំណូលក្រុមហ៊ុនជាដើម។

លោក Supant Mongkolsuthree ប្រធានសហព័ន្ធឧស្សាហកម្មថៃ បានគូសបញ្ជាក់ថា “ការផ្លាស់ប្តូរទីតាំងរោងចក្រនានាទាមទារឱ្យមានការគាំទ្រពីរដ្ឋាភិបាល ព្រោះតែការចំណាយខ្ពស់”។

ក្រុមពន្លត់អគ្គិភ័យ និងក្រុមសង្គ្រោះបានចំណាយពេលដល់ទៅជាង២៤ម៉ោងក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យដែលបានឆាបឆេះរោងចក្រមួយយ៉ាងសន្ធោរសន្ធៅក្នុងស្រុកបាង ភ្លី (Bang Phli) ខេត្តសាមុត ប្រាកាន (Samut Prakan) កាលពីពេលរំលងអធ្រាត្រឈានចូលព្រឹកថ្ងៃច័ន្ទ ទី៥ កក្កដា។

ការផ្ទុះ និងអគ្គិភ័យឆាបឆេះដែលបានយក់យកជីវិតភ្នាក់ងារពន្លត់អគ្គិភ័យម្នាក់ និងបណ្ដាលឱ្យមនុស្សរាប់សិបនាក់រងរបួស បង្កការខូចខាតផ្ទះពលរដ្ឋចំនួន៧៣ផ្ទះ និងបង្ខំឱ្យមនុស្សប្រមាណ១.៩០០នាក់ជម្លៀសចេញក្នុងក្នុងចម្ងាយ៥គីឡូម៉ែត្រជុំវិញ ព្រោះផ្សែងដែលចេញពីអគ្គិភ័យនោះជាផ្សែងពុល។

យោងតាមសហព័ន្ធឧស្សាហកម្មថៃ ឱ្យដឹងថា រោងចក្រភាគច្រើនមានទីតាំងស្ថិតនៅឆ្ងាយពីសហគមន៍ពលរដ្ឋរស់នៅ ប៉ុន្តែនៅពេលដែលទីក្រុងចេះតែពង្រីកខ្លួនឥតឈប់ឈរ ផ្ទះ និងរោងចក្រនានាក៏កាន់តែខិតជិតគ្នា។

លោក Supant Mongkolsuthree បានថ្លែងថា រោងចក្រដែលបង្កការបំពុលបរិស្ថាន និងបង្កគ្រោះថ្នាក់ដល់សហគមន៍ក្បែរខាង ត្រូវតែរើចេញពីតំបន់ទាំងនោះស្របតាមបទប្បញ្ញត្តិស្ដីពីសុវត្ថិភាពយ៉ាងតឹងរ៉ឹង។

លោកបានស្នើឱ្យអាជ្ញាធរអចលនទ្រព្យឧស្សាហកម្មថៃ (IEAT) អភិវឌ្ឍតំបន់ឧស្សាហកម្ម ជាពិសេសសម្រាប់សហគ្រាសធន់តូច និងមធ្យម (SME) ហើយផ្តល់ដីធ្លីដែលមានតម្លៃដីទាបដល់ពួកគេ។

សហព័ន្ធឧស្សាហកម្មថៃ ក៏មានគោលនយោបាយលើកទឹកចិត្តឱ្យសមាជិកនានាអភិវឌ្ឍរោងចក្ររបស់ខ្លួនដែលមិនប៉ះពាល់ដល់បរិស្ថានក្រោមកិច្ចសហប្រតិបត្តិការជាមួយ IEAT ផងដែរ។ បច្ចុប្បន្នមានរោងចក្រចំនួន៣០០ស្ថិតក្រោមគម្រោង Eco Factor (រោងចក្រអេកូ)៕

រដ្ឋាភិបាលដាក់ចេញនីតិវិធីនិងគោលការណ៍ណែនាំដើម្បីគ្រប់គ្រងគម្រោងស្ថានីយប្រេងឥន្ធនៈ

ដោយៈ ប៊ី

ភ្នំពេញៈ ក្រសួងបរិស្ថានបានដាក់ចេញប្រកាសស្តីពីនីតិវិធី និងការអនុវត្តគោលការណ៍ណែនាំ សម្រាប់តារាងផ្ទៀងផ្ទាត់ ក្នុងការរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង លើគម្រោងស្ថានីយប្រេងឥន្ធនៈ និងស្ថានីយរួមប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ។ នេះបើយោងតាមប្រកាស ដែលចុះហត្ថលេខាដោយលោកសាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថានកាលពីថ្មីៗនេះ។

ប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីបង្កលក្ខណៈងាយស្រួលដល់ម្ចាស់គម្រោងក្នុងការរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង និងពន្លឿននីតិវិធីនៃការឯកភាពលើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងលើគម្រោងស្ថានីយប្រេងឥន្ធនៈ និងស្ថានីយរួមប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ។

ក្រសួងបរិស្ថានបានឱ្យដឹងទៀតថា ប្រកាសនេះមានគោលដៅដាក់ឱ្យប្រើប្រាស់នីតិវិធីនៃការរៀបចំ និងការឯកភាពលើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង ព្រមទាំងការអនុវត្តគោលការណ៍ណែនាំសម្រាប់តារាងផ្ទៀងផ្ទាត់ក្នុងការរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងលើគម្រោងស្ថានីយប្រេងឥន្ធនៈ និងស្ថានីយរួមប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ។

ប្រកាសនេះមានវិសាលភាពអនុវត្តលើនីតិវិធី និងគោលការណ៍ណែនាំសម្រាប់តារាងផ្ទៀងផ្ទាត់ក្នុងការរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងលើគម្រោងស្ថានីយប្រេងឥន្ធនៈ និងស្ថានីយរួមប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ អនុលោមតាមប្រកាសលេខ០២១ ប្រក ប.ស្ថ ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ស្ដីពីចំណាត់ថ្នាក់នៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថានសម្រាប់គម្រោងអភិវឌ្ឍន៍។

របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងលើគម្រោងស្ថានីយប្រេងឥន្ធនៈ និងស្ថានីយរួមប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ តម្រូវឱ្យមានការពិគ្រោះយោបល់ជាមួយនឹងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងអាជ្ញាធរភូមិ ឃុំសង្កាត់ពាក់ព័ន្ធ។ នៅក្នុងករណីចាំបាច់ត្រូវមានការពិគ្រោះយោបល់ជាមួយរដ្ឋបាលក្រុង ស្រុក ខណ្ឌ រាជធានី ខេត្ត មន្ទីរជំនាញពាក់ព័ន្ធ និងកិច្ចប្រជុំអន្តរក្រសួងផងដែរ៕

ទស្សនៈវិស័យមួយចំនួនទៅលើផ្សារក្នុងស្រុក

ដោយ៖ ចិន្ដា

ថ្ងៃពុធ ទី 06 ខែកក្តដា ឆ្នាំ 2021

ការបិទផ្សារក្នុងស្រុកដើម្បីបង្ការការឆ្លងរាលដាល Covid-19 បានបង្ហាញថា ផ្សារទាំងនេះមាន សារៈសំខាន់ប៉ុណ្ណាសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។ ទីផ្សារដែលមានតម្លៃសមរម្យ និង មានកិត្យានុភាពទាំងនេះជួយប្រជាជនកម្ពុជាឲ្យទទួលបានទំនិញ ម្ហូបអាហារ និងសេវាកម្មដែលមាន តម្លៃសមល្មមដើម្បីបំពេញសេចក្តីត្រូវការរបស់ពួកគេ។ នៅពេលដែលផ្សារត្រូវបានបិទ យើងមើល ឃើញថា វាបានជះឥទ្ធិពលយ៉ាងខ្លាំងដល់តំបន់ទាំងអស់នៅក្នុងរាជធានីភ្នំពេញ និងដោយក្ដីអស់សង្ឃឹម អាជីវករជាច្រើនបានរៀបចំតូបនៅតាមបណ្តោយផ្លូវធំៗ ដើម្បីរក្សាផលិតផលរបស់ពួកគេនៅលើទីផ្សារ ប្រឈមមុខនឹងបញ្ហាផ្សេងៗ។

ព្រឹត្តិការណ៍ដ៏សំខាន់នេះសបញ្ជាក់ឲ្យឃើញថា ប្រទេសកម្ពុជាត្រូវការទីផ្សារក្នុងស្រុកបន្ថែម ទៀត និងដើម្បីជួយកាត់បន្ថយការរីករាលដាលនៃជំងឺនាពេលអនាគតនៅក្នុងទីផ្សារទាំងនេះ។ នៅពេល ផ្សារថ្មី ផ្សារអូរឫស្សី និងផ្សារអូឡាំពិកបានធ្វើការពង្រីក និងជុសជុលឡើងវិញក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ក៏នៅតែមិនអាចទទួលនូវចំនួនអ្នកទិញ និងអ្នកលក់ចូលមក ក្នុងទីផ្សារជារៀងរាល់ថ្ងៃ ឡើយ។ កង្វះកន្លែងទំនេរ និងច្រកផ្លូវចង្អៀត គឺជាការចង្អុលបង្ហាញថា ទីផ្សារទាំងនេះមានតម្រូវការខ្ពស់ ហើយអ្នកអភិវឌ្ឍគួរតែវិនិយោគលើទីផ្សារប្រភេទនេះ។

ជាមួយនឹងការអភិវឌ្ឍផ្សារទំនើប និងផ្សារសហគមន៍រីកដុះដាលដូចផ្សិត អ្នកអភិវឌ្ឍហាក់មិន បានផ្តល់អាទិភាពដល់ប្រភេទផ្សារដែលអ្នកប្រើប្រាស់ក្នុងស្រុកមានតម្រូវការនោះទេ។ យើងមិនអាច ប្រកែកបានទេថាផ្សារទំនើប និងផ្សារសហគមន៍ មានភាពល្បីល្បាញ និងចាំបាច់ក្នុងការបង្កើន គុណភាពនៃការរស់នៅរបស់យុវជនកម្ពុជា ទោះជាយ៉ាងនេះក្ដីផ្សារបោះដុំ និងផ្សារលក់អាហារស្រស់ ក៏មានសក្ដានុពលដូចគ្នានេះដែរ។ វិនិយោគិនគួរតែមើលទីផ្សារក្នុងស្រុក ទាំងនេះថាជាការវិនិយោគជា យុទ្ធសាស្ត្រមួយ នៅក្នុងគម្រោងពាណិជ្ជកម្មបន្ទាប់ទៀតរបស់ពួកគេ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ មកដល់បច្ចុប្បន្ននេះទើបតែមានអ្នកអភិវឌ្ឍគម្រោងមួយប៉ុណ្ណោះ ដែលបានប្រកាសពីការសាងសង់ កន្លែងលក់រាយបន្ថែមសម្រាប់ទីផ្សារក្នុងស្រុកប្រភេទនេះ។

ថ្មីៗនេះGCC គ្រុប បានប្រកាសពីគម្រោងថ្មីរបស់ពួកគេ គឺផ្សារជីស៊ីអូរឫស្សីដែលមានទីតាំង ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សីចំងាយ 100 ម៉ែត្រពីស្ពានអាកាសផ្សារដីហុយ។ គម្រោង នេះនឹងផ្តោតលើ ទីផ្សារលក់ដុំ អ្នកប្រើប្រាស់ក្នុងស្រុក និងគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិក។ នៅពេលផ្សារជីស៊ី អូរឫស្សីដំណើរការ ប្រជាជនក្នុងស្រុកនឹងមានទីផ្សារលក់ដុំមួយទៀត សម្រាប់ការទិញទំនិញ។ អ្នកលក់ និងម្ចាស់អាជីវកម្មក៏អាចផ្លាស់ប្តូរទៅរកផ្សារថ្មីនេះ ដោយអាចជួយកាត់បន្ថយចំនួនអ្នកដើរផ្សារក្នុងស្រុកដ៏ច្រើនលើសលប់បានមួយចំណែកធំផងដែរ។ លើសពីនេះទៀតផ្សារជីស៊ីអូរឫស្សីបានរួមបញ្ចូលបច្ចេកវិទ្យាថ្មីទៅក្នុងផ្សាររបស់ខ្លួន ដោយអាជីវករទាំងអស់អាចប្រើគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិកសម្រាប់លក់ផលិតផលរបស់ពួកគេនិងស្ទូឌីយោសម្រាប់ផ្សាយផ្ទាល់ដើម្បីជួយជំរុញដល់ការលក់របស់ពួកគេ។ ដោយប្រជាជននៅទីក្រុងភ្នំពេញមានទីផ្សារក្នុងស្រុកធំៗ ក្នុងចំនួនកាន់តែច្រើន ខ្យល់ចេញចូល និងទីធ្លានៅក្នុងទីផ្សារទាំងនេះនឹងកាន់តែមានភាពប្រសើរឡើងយ៉ាងខ្លាំង ដែលបង្កើតឱ្យមានបរិយាកាសដើរទិញឥវ៉ាន់ប្រកបដោយសុខភាពសម្រាប់អ្នកទិញ និងអ្នកលក់។

អ្នកអភិវឌ្ឍន៍គួរតែសម្លឹងមើលគន្លងរបស់ GCC និងអភិវឌ្ឍទីផ្សារក្នុងស្រុកបន្ថែមទៀត ដើម្បីជួយកសិករក្នុងស្រុក ម្ចាស់អាជីវកម្មខ្នាតតូច អ្នកលក់ និងអ្នកប្រើប្រាស់ក្នុងស្រុក ដោយសារប្រជាជនកម្ពុជាត្រូវការទីផ្សារប្រភេទនេះខ្លាំង។ លើសពីនេះអ្នកអភិវឌ្ឍគួរតែចាត់ទុកទីផ្សារបែបប្រពៃណីនេះថាជាឱកាសវិនិយោគដ៏អស្ចារ្យមួយដែលជួយពង្រឹងម៉ាកយីហោរបស់ពួកគេនៅក្នុងបេះដូងប្រជាជនកម្ពុជាគ្រប់រូប។ ផ្សារក្នុងស្រុកមិនត្រឹមតែជាទីផ្សារប៉ុណ្ណោះទេ ទីនេះមានប្រវត្តិល្បីល្បាញតាំងពីយូរលង់ណាស់មក ហើយដែលបានដក់ជាប់នៅក្នុងស្មារតីនៃប្រជាជនកម្ពុជាគ្រប់រូប។

សម្រាប់ពត័មានលម្អិតបន្ថែមអំពីគម្រោងផ្សារ GC Orussey Market លោកអាចអាចស្វែងរកតាមរយៈ:
Facebook Page https://www.facebook.com/gc.orusseymarket
ឬ Telegram Channel: https://t.me/GCOrusseyMarket

ឬទំនាក់ទំនងទៅកាន់: (+855) 099 331015, 098 331015
បញ្ចប់

ចិន្ដា គឺជាអ្នកវិភាគ និងនិពន្ធអំពីការវិនិយោគរយៈពេលវែង។ អត្ថបទនេះ គឺជាការយល់ឃើញទាំងស្រុងរបស់លោក។