ដោយៈវឌ្ឍនៈ
ភ្នំពេញៈ មានមនុស្សមិនច្រើនទេ ដែលទទួលបានជោគជ័យក្នុងមុខជំនួញ និងជាអ្នកផ្ដើមចេញពីការងារតូចតាចប្រាក់ខែតិចតួច ប៉ុន្តែថ្ងៃនេះគេហទំព័រProperty Area នឹងលើកយកអ្នកជំនួញអចលនទ្រព្យ ជាស្ត្រីម្នាក់នៅក្នុងប្រទេសកម្ពុជា ដែលបានផ្ដើមចេញពីប្រាក់ខែត្រឹមតែ៤៥ដុល្លារអាមេរិកប៉ុណ្ណោះ។
លោកអ្នកដែលប្រឡូកក្នុងវិស័យអចលនទ្រព្យ ប្រាកដជាបានដឹងពីឈ្មោះនិងតួនាទីស្ត្រីមួយរូបនេះ ដែលជាអ្នកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ យីហោអន្តរជាតិល្បីឈ្មោះលើពិភពលោក គឺលោកស្រី Grace Rachny នាយិកាក្រុមហ៊ុនCentury 21 Cambodia ដែលក្រុមហ៊ុននេះ ជាក្រុមហ៊ុនបង្កើតឡើងនៅសហរដ្ឋអាមេរិក និងមានអាយុកាលជាង៥០ឆ្នាំមកហើយ។
ក្រុមហ៊ុន Century 21 បានមកដល់ប្រទេសកម្ពុជា ក្នុងអំឡុងឆ្នាំ២០១២ ពោលគឺនៅក្នុងពេលដែលវិស័យអចលនទ្រព្យកម្ពុជា កំពុងមានសន្ទុះងើបឡើងពីវិបត្តិហិរញ្ញវត្ថុពិភពលោកក្នុងឆ្នាំ ២០០៨ឬ២០០៩ ។
ពេលនេះ យើងមកស្គាល់លោកស្រីGrace Rachny ដែលជាអ្នកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោកមួយនេះ តើលោកហ្គ្រេស រចនីជាអ្នកណាទើបមកកាន់កាប់ក្នុងក្រុមហ៊ុនធំបែបនេះនៅកម្ពុជា។
លោកស្រី ហ្គ្រេស រចនីបានមានប្រសាសន៍ ក្នុងកិច្ចសម្ភាសន៍មួយកាលពីថ្ងៃទី២៧ កញ្ញា២០២១នេះថា នៅឆ្នាំ២០០២ លោកស្រីបានចាប់ផ្ដើមបម្រើការងារនៅក្នុងក្រុមហ៊ុនលក់អំពូលភ្លើងមួយ មកពីប្រទេសសិង្ហបុរី ហើយក្នុងអំឡុងឆ្នាំនោះ ជាឆ្នាំដែលលោកស្រីបញ្ចប់ការសិក្សា នៅសកលវិទ្យាល័យជាតិគ្រប់គ្រង ដោយចាប់ផ្ដើមធ្វើការងារជាមួ យប្រាក់ខែត្រឹមតែ៤៥ដុល្លារអាមេរិកប៉ុណ្ណោះ ។
អំឡុងពេលប្រឡូកការងារផ្នែកលក់នេះហើយ ដែលលោកស្រីបានជួបជាមួយលោកFillip Fong ជាជនជាតិសឹង្ហបុរី និងបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា ដោយទទូលបានបុត្រីចំនួន២នាក់។
លោកស្រីបន្តថា ជាបិទពិសោធន៍ និងឱកាសល្អសម្រាប់លោកស្រី ដែលបានចាប់ផ្ដើមធ្វើការដំបូង ជាមួយនឹងក្រុមហ៊ុនធំមួយ និងមានសាខាទូទាំងពិភពលោក ។ ការធ្វើការជាមួយក្រុមហ៊ុនធំបែបនេះ បានជំរុញឱ្យលោកស្រីអភិវឌ្ឍន៍ខ្លួនជាបន្តបន្ទាប់ និងបានភ្ជាប់បណ្តាញអគ្គិសនី ទៅផ្ទះវីឡាធំៗនៅក្នុងប្រទេសកម្ពុជា ពីព្រោះអំពូលភ្លើងរបស់ក្រុមហ៊ុនលោកស្រីធ្វើការ គឺមានតម្លៃខ្ពស់និងសម្រាប់អ្នកមានជីវភាពធូរធារ។
ក្នុងការងារជាបុគ្គលិកក្នុងក្រុមហ៊ុនអំពូលភ្លើងនេះដែរ បាននាំលោកស្រីទៅស្គាល់ជាមួយអ្នកវិនិយោគម្ចាស់ទ្រព្យធំៗ នៅកម្ពុជា។
លោកស្រីGrace Rachnyបានបន្ថែមថា នៅក្នុងអាជីវកម្មផ្ទាល់ខ្លួនបានធ្វើឱ្យលោកស្រីបានស្គាល់ ជាមួយនឹងវិនិយោគិនបរទេសជាច្រើនមកកម្ពុជា ដូចជា មកពីប្រទេសសឹង្ហបុរី ហុងកុង ម៉ាឡេស៊ី ដើម្បីវិនិយោគនៅកម្ពុជា ហើយជាពេលវេលាមួយដែលលោកស្រី បានយល់ដឹងកាន់តែច្បាស់ ពីវិស័យអចលនទ្រព្យ បានដើរតួនាទីសំខាន់ក្នុងសេដ្ឋកិច្ច ពីព្រោះថានៅពេលវិនិយោគិនចូលមក វិនិយោគនៅក្នុងប្រទេសកម្ពុជា វាមិនត្រឹមតែនាំប្រាក់ចំណេញដល់វិនិយោគិនប៉ុណ្ណោះទេ តែវាក៏បានផ្ដល់ឱកាសការងារដល់ប្រាក់បៀវត្សរ៍ដល់ប្រជាជនកម្ពុជាផងដែរ ។
ប្រឡូកក្នុងការងារចាស់ រហូតដល់ឆ្នាំ២០១២ គឺជាឆ្នាំដ៏ល្អរបស់លោកស្រី ដែលបានស្គាល់Group Chairman នៃក្រុមហ៊ុនអចលនទ្រព្យធំមួយ និងបាននាំប្រែននៃក្រុមហ៊ុនអចលនទ្រព្យដ៏ធំរបស់សហរដ្ឋអាមេរិក ចូលមកកាន់ប្រទេសកម្ពុជា។ ក្រុមហ៊ុន Century 21 មកដល់សព្វថ្ងៃនេះ មានវត្តមាននៅរហូតដល់៨៧ប្រទេស នៅលើពិភពលោកនិងមានអាយុកាលរហូតដល់៥០ឆ្នាំ។
ជីវិតផ្លាស់ប្តូរជាមួយនឹងទស្សនវិស័យច្បាស់លាស់ និងការអភិវឌ្ឍខ្លួនឯងជាបន្តបន្ទាប់ តាមរយៈការចូលរួមវគ្គបណ្តុះបណ្តាលនៅកម្រិតអន្តរជាតិ បានធ្វើឲ្យបែបផែនការងារ តួនាទី ឋានៈរបស់លោកស្រីបានGrace Rachnyផ្លាស់ប្តូរទាំងស្រុង។
ដោយមើលឃើញទេពកោសល្យ ជំនាញទំនាក់ទំនង និងភាពជាអ្នកដឹកនាំ លោកស្រីGrace Rachnyត្រូវបានតែងតាំងឲ្យដឹកនាំ ក្រុមហ៊ុនលំដាប់អន្តរជាតិខាងលើនេះ ជាមួយនឹងទំនុកចិត្តពីសម្ព័ន្ឋថ្នាក់ដឹកនាំ និងអ្នកនាំយកយីហោអន្តរជាតិនេះចូលមកកាន់ទីផ្សារកម្ពុជា។
លោកស្រីបានបញ្ជាក់ថា ក្នុងមុខតំណែងជាថ្នាក់ដឹកនាំ នៃក្រុមហ៊ុនអន្តរជាតិមួយនេះ លោកស្រីបានកសាងប្រែនខ្លួនឯង កសាងទំនាក់ទំនងជាមួយវិនិយោគិន ជាមួយម្ចាស់ភាគហ៊ុន និងជាឱកាសដែលធ្វើឱ្យលោកស្រី បានដើរជុំវិញពិភពលោកជាមួយនឹងក្រុមហ៊ុនCentury 21 brand និងជាមួយសមាជិករបស់ក្រុមហ៊ុន Century 21 Cambodia ។
លោកស្រីថា “ទោះបីជាខ្ញុំមានបទពិសោធន៍ជិត២០ឆ្នាំក្ដី តែនាងខ្ញុំនៅបន្តសិក្សានិងរៀនពីអ្វីដែលថ្មីបន្តទៀត ដោយអភិវឌ្ឍន៍ខ្លួនឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដើម្បីជួយដល់សង្គមជាតិរបស់យើង”។
ជាលទ្ឋផលរយៈពេល៩ឆ្នាំ ក្រុមហ៊ុនCentury21 Cambodiaបានពង្រីកសាខាយ៉ាងច្រើនទូទាំងប្រទេស ដែលបច្ចុប្បន្នសម្ព័ន្ឋក្រុមហ៊ុននេះមានបុគ្គលិក១០០០នាក់នៅរាជធានីភ្នំពេញ និងបានកំពុងពង្រីកសេវាកម្មទៅដល់ឃុំ សង្កាត់ទាំង១៦៤៦ទីទាំង២៥រាជធានី ខេត្តទូទាំងប្រទេស ជាមួយនឹងគោលដៅបន្ថែមបុគ្គលិក ដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ ប្រកបដោយមូលដ្ឋានវិជ្ជាជីវៈជំនាញលំដាប់អន្តរជាតិ៕