ការងើបឡើងវិញនៃសេដ្ឋកិច្ចសកលនឹងជះឥទ្ធិលវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជា

ដោយៈ ប៊ី

ភ្នំពេញៈ ការងើបឡើងវិញនៃស្ថានភាពសេដ្ឋកិច្ចសកល និងសេដ្ឋកិច្ចដៃគូពាណិជ្ជកម្មរបស់កម្ពុជានឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា មានកំណើនវិជ្ជមាន ដោយសារការជំរុញពីកំណើនតម្រូវការផលិតផលកសិកម្ម និងលទ្ធភាពនៃការបង្វែរទិសដៅបញ្ជារទិញ។

អគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញពីនិន្នាការសេដ្ឋកិច្ចសង្គមថា គិតត្រឹមខែឧសភា ឆ្នាំ២០២១ ការនាំចេញសម្លៀកបំពាក់ និងផលិតផលកាត់ដេរ ចំនួនភ្ញៀវទេសចរជាតិនិងអន្តរជាតិ, សកម្មភាពនៅក្នុងវិស័យសំណង់ និងទុនវិនិយោគពីបរទេស បាននឹងកំពុងបន្តធ្លាក់ចុះ។

ទោះបីជាយ៉ាងនេះក្តី ការនាំចេញក្រៅពីសម្លៀកបំពាក់និងផលិតផលកាត់ដេរដូចជា កង់ គ្រឿងបង្គុអេឡិចត្រូនិក ផលិតផលពីឈើ និងផលិតផលកសិកម្មផ្សេងទៀតជាដើម បានបន្តរក្សាកំណើនល្អ។

ជារួម សេដ្ឋកិច្ចកម្ពុជា រំពឹងថា នឹងមានកំណើនវិជ្ជមានក្នុងឆ្នាំ ២០២១ ដោយសារការងើបឡើងវិញនៃស្ថានភាពសេដ្ឋកិច្ចសកល និងសេដ្ឋកិច្ចដៃគូពាណិជ្ជកម្មរបស់កម្ពុជា កំណើនតម្រូវការផលិតផលកសិកម្ម លទ្ធភាពនៃការបង្វែរទិសដៅបញ្ជារទិញ និងការទទួលបានរោងចក្រកាត់ដេរពីប្រទេសមីយ៉ាន់ម៉ា មកវិនិយោគនៅកម្ពុជាជាដើម។

លោកបណ្ឌិតគី សេរីវឌ្ឍន៍អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងជុំវិញនៃការងើបឡើងកំណើនសេដ្ឋកិច្ចនេះថា បើយើងក្រឡេកមើលអំពីស្ថានភាពសេដ្ឋកិច្ចសកល បច្ចុប្បន្នប្រទេសជាច្រើនមានបទពិសោធន៍នឹងជម្ងឺកូវីដ-១៩ រួចរាល់ ក្នុងនោះសម្រាប់បញ្ហាសេដ្ឋកិច្ចវិញ គឺបានដំណើរការមានស្ថិរភាពជាងមុន។

លោកបាថ្លែងបន្តថា ហើយក្នុងចំណោមប្រទេសទាំងនោះ ក៏មានប្រទេសដែលជាដៃគូរពាណិជ្ជកម្មរបស់កម្ពុជាផងដែរ ដែលកម្ពុជាអាចរំពឹងក្នុងការបញ្ជាល្អប្រសើរឡើងវិញជាមុន, ក្រៅពីនេះកម្ពុជាក៏អាចនឹងទទួលបានការបញ្ជាទិញពីអឺរ៉ុបមួយចំនួនបន្ថែមទៀត ខណៈប្រទេសភូមាកំពុងមានវិបត្តិដោយសារសង្គ្រាមស៊ីវិល ។

ដោយឡែក លោកឧកញ៉ាណាង សុធីអនុប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា បានថ្លែងថា ជុំវិញនឹងវិបត្តិនៃការរីករាលជម្ងឺកូវីដ-១៩ នេះ ប្រទេសដែលអភិវឌ្ឍន៍ក្នុងឧស្សាហកម្មកាត់ដេរមួយចំនួន បានកំពុងទទួលវិបត្តិនៃជម្ងឺនេះយ៉ាងធ្ងន់ធ្ងរ ដែលបញ្ហាទាំងនេះ គឺជាឱកាសរបស់កម្ពុជា។

លោកបានថ្លែងបន្តថា ជាក់ស្តែងសម្រាប់ការបញ្ជាទិញនៅកម្ពុជា គឺមិនមានអ្វីចោទជាបញ្ហានោះឡើយ បច្ចុប្បន្នកម្ពុជាក៏កំពុងទទួលអ្នកបញ្ជាទិញមានចំនួនកើនឡើងផងដែរ ស្របពេលដែលរាជរដ្ឋាភិបាល ក៏ដូចធនាគារពិភពលោក និងធនាគារ ADB រំពឹងថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងត្រូវងើបក្នុងអត្រាវិជ្ជមានមកវិញ នៅក្នុងឆ្នាំ ២០២១ នេះ។

ជុំវិញបញ្ហាកំណើនសេដ្ឋកិច្ចនេះ នៅដើមឆ្នាំ២០២១ រាជរដ្ឋាភិបាល បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញក្នុងកំណើនវិជ្ជមាន គឺនៅក្នុងរង្វង់៣,៥ភាគរយ ទៅ៤ភាគរយ ក្នុងនោះធនាគារពិភពលោក ក៏បានព្យាករណ៍ផងដែរថា សេដ្ឋកិច្ចកម្ពុជានឹងទទួលបានកំណើនជិត៤ភាគរយ ក្នុងឆ្នាំ២០២១ ដោយសារការរំពឹងទុកនៃការងើបឡើងវិញបន្តិចម្តងៗនៃសេដ្ឋកិច្ចរួមមាន៖ ផ្នែកឧស្សាហកម្មផលិត, អាចងើបឡើងវិញជាបណ្តើរៗ ខណៈដែលអាជីវកម្មបោះដុំនិងលក់រាយ បានកំពុងប្រឹងងើបឡើងវិញក្នុងល្បឿនយឺត តែទោះយ៉ាងណា ការងើបឡើងវិញនេះ ស្ថិតនៅក្នុងសភាពផុយស្រួយ ខណៈវិធានការបិទខ្ទប់នៅតែបន្តអនុវត្ត ដើម្បីទប់ស្កាត់ការរាលដាលនៃការឆ្លងវីរុសកូវីដ-១៩៕

អាគារការិយាល័យនៅភ្នំពេញចំនួន៦បានបញ្ចប់ការសាងសង់នៅឆមាសទី១ឆ្នាំនេះ

ដោយៈ ម៉ាណេត

ភ្នំពេញៈ ទីផ្សារការិយាល័យនៅភ្នំពេញទទួលបានការផ្គត់ផ្គង់បន្ថែមទំហំ៦៤.៣៥៨ម៉ែត្រការ៉េនៅក្នុងឆមាសទី១ ឆ្នាំ២០២១នេះ បន្ទាប់អាគារការិយាល័យថ្មីធំៗចំនួន៦បានបញ្ចប់ការសាងសង់នៅក្នុងឆមាសទី១នេះ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១។

របាយការណ៍បានឱ្យដឹងទៀតថា ទីផ្សារការិយាល័យនៅភ្នំពេញ ក៏រំពឹងថានឹងទទួលបានការផ្គត់ផ្គង់បន្ថែមទំហំ៥២.៦៥៩ម៉ែត្រការ៉េនៅឆមាសទី២ ឆ្នាំ២០២១នេះ។

ជាមួយគ្នានេះដែរ តម្លៃជួលការិយាល័យនៅតំបន់កណ្តាលក្រុង អាចរកជួលជាមធ្យមចាប់ពី២៣.៣៣ដុល្លារក្នុងម៉ែត្រការ៉េ ខណៈការិយាល័យបែប Strata Title អាចរកទិញបានក្នុងតម្លៃប្រមាណ៣.១០០ដុល្លារមួយម៉ែត្រការ៉េ។

លោក James Hodge អគ្គនាយកក្រុមហ៊ុន CBRE Cambodia បានថ្លែងប្រាប់ថា នៅឆ្នាំ ២០២២ នៅតែមានហានិភ័យមួយចំនួន ដែលយើងត្រូវប្រឈម ដូចការផ្គត់ផ្គង់លើតម្រូវការ ក្នុងវិស័យការិយាល័យ ទីផ្សារលក់រាយ និងខុនដូផងដែរ។

លោកបានឱ្យដឹងទៀតថា ប៉ុន្តែយើងរំពឹងទុកថា វិស័យអចលនទ្រព្យនឹងងើបឡើងវិញ ប៉ុន្តែក្នុងល្បឿនមួយយឺតៗ ហើយការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធពិតជាជំរុញ និងលើកទឹកចិត្តដល់ការវិនិយោគក្នុងវិស័យអចលនទ្រព្យនៅឆ្នាំក្រោយ។

លោកបានថ្លែងបន្តថា ទោះបីជួបឧបសគ្គមួយចំនួននៅក្នុង២០២១ ដែលបង្កឡើងដោយជំងឺកូវីដ១៩ ក៏ដោយ ក៏វិស័យអចលនទ្រព្យនៅកម្ពុជានាឆ្នាំក្រោយ នឹងអាចងើបឡើងវិញ ដោយសារការដាក់ចេញការយុទ្ធនាការដាក់ជូនពលរដ្ឋ និងព្រមទាំងការងើបឡើងវិញនៃសេដ្ឋកិច្ចនៅជុំវិញពិភពលោក។

លោកបានឱ្យដឹងទៀតថា “ក្នុងឆ្នាំ២០២២ គ្រប់យ៉ាងនឹងមានភាពប្រសើរឡើងវិញ ប៉ុន្តែយើងមិនទាន់អាចនិយាយថា បានផុតរួចផុតពីវិបត្តិកូវីដ១៩នៅឡើយ ដោយសារជំងឺនេះមានការបម្លែងខ្លួនថ្មីៗ ដែលយើងពិបាកនឹងរំពឹងទុក ហើយវាក៏នឹងអាចមានវិធានការថ្មីៗ ដែលនឹងត្រូវបានដាក់ចេញ ដើម្បីទប់ស្កាត់ជំងឺក៏កាចសាហាវនេះ”៕

អារ៉ាប់ប៊ីសាអូឌីតគ្រោងបោះទុន១៤៧ពាន់លានដុល្លារដើម្បីប្រែក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ពិភពលោក

ដោយៈសុខុម

ក្រុងរីយ៉ាដ: យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Aljazeera ឱ្យដឹងថា ប្រទេ​សអារ៉ាប់ប៊ីសាអូឌីត គ្រោងបោះទុនវិនិយោគរហូតដល់១៤៧ពាន់លានដុល្លារ នៅក្នុងវិស័យដឹកជញ្ជូន និងភ័ស្តុភារនៅត្រឹមឆ្នាំ២០៣០។

គម្រោងបោះទុនវិនិយោគដ៏មហាសាលនេះ ត្រូវបានទម្លាយឱ្យដឹង ស្របពេលព្រះអង្គម្ចាស់រាជទាយាទ Mohammed bin Salman ចង់ប្រែក្លាយព្រះរាជាណាចក្រមួយនេះទៅជាមជ្ឈមណ្ឌលអាកាសចរណ៍ពិភពលោក។

លោក Saleh Al Jasser រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន នៃប្រទេសអារ៉ាប៊ីសាអូឌីតបានប្រកាសកាលពីថ្ងៃច័ន្ទ ទី៥ ខែកក្កដាថា ប្រមាណ៣៥ភាគរយ នៃខ្ទង់ចំណាយនោះនឹងបានពីរដ្ឋាភិបាល ហើយសល់ប៉ុន្មានបានពីវិស័យឯកជន សម្រាប់គម្រោងបើកដំណើរការក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិថ្មីមួយ គម្រោងពង្រីកអាកាសយានដ្ឋាននានា គម្រោងកសាងបណ្ដាញរថភ្លើងធំជាងមុន និងគម្រោងស្រាវជ្រាវរកបច្ចេកវិទ្យាថ្មីៗ។

ផែនការទាំងនេះ គឺជាផ្នែកនៃយុទ្ធសាស្ត្រដ៏មហិច្ឆតាមួយ ដែលព្រះអង្គម្ចាស់ Mohammed bin Salman បានប្រកាសកាលពីសប្ដាហ៍មុន ដើម្បីជួយធ្វើពិពិធកម្ម (ធ្វើឱ្យសម្បូរបែប) សេដ្ឋកិច្ចរបស់ប្រទេសនេះ ដែលជាប្រទេសនាំចេញប្រេងធំបំផុតរបស់ពិភពលោក។

ក្រុមមន្រ្តីអារ៉ាប៊ីសាអូឌីត ចង់ប្រែក្លាយរដ្ឋធានីរីយ៉ាដ ទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ទាក់ទាញអ្នកមានទេពកោសល្យបរទេស ឱ្យបានកាន់តែច្រើន និងទាក់ទាញភ្ញៀវទេសចរ ឱ្យបាន១០០លាននាក់នៅត្រឹមឆ្នាំ២០៣០។ ផែនការគោលដៅទាំងនេះនឹងទាមទារឱ្យប្រទេសនេះ បង្កើនចំនួនជើងហោះហើរឱ្យបានច្រើន ព្រោះប្រទេសនេះ ផ្ដល់តែទិដ្ឋាការទេសចរណ៍ប៉ុណ្ណោះចាប់តាំងពីឆ្នាំ២០១៩ មក។

ពួកគេក៏សង្ឃឹមដែរថា នឹងបង្កើនចំនួនឱ្យបានជិត៤ដង នូវអ៊ិស្លាមសាសនិក ដែលធ្វើដំណើរមកកាន់ទីក្រុងពិសិដ្ឋមេក្កា (Mecca) ដើម្បីចូលរួមក្នុងក្បួនធម្មយាត្រា។

*ក្រុមហ៊ុនអាកាសចរណ៍ថ្មី
ចំណុចស្នូលនៃយុទ្ធសាស្រ្តនេះ គឺជាផែនការបើកដំណើរការក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិថ្មីមួយនៅក្នុងទីក្រុងរីយ៉ាដ។ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ដែលមានស្រាប់ឈ្មោះថា Saudia នឹងរក្សាទុកមូលដ្ឋានរបស់ខ្លួន នៅក្នុងទីក្រុងជេដា (Jeddah) ដែលក្រុមមន្ត្រីចង់ប្រែក្លាយជាមជ្ឈមណ្ឌលទី២ ទាំងសម្រាប់វិស័យសាសនា និងទេសចរណ៍។

នៅពេលសាកសួរថា តើក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិថ្មីនេះ នឹងប្រកួតប្រជែងជាមួយក្រុមហ៊ុនអាកាសចរណ៍ធំៗ ក្នុងបណ្ដាប្រទេសក្បែរខាងដូចជាក្រុមហ៊ុន Emirates និងក្រុមហ៊ុន Qatar Airways ជាដើមឬយ៉ាងណា លោក Saleh Al Jasser រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនបានលើកឡើងថា ក្រុមមន្ត្រីអារ៉ាប៊ីសាអូឌីត គ្រាន់តែឆ្លើយតបទៅនឹតម្រូវការចាំបាច់របស់ប្រទេសនេះ នូវមជ្ឈមណ្ឌលអាកាសចរណ៍មួយក្នុងទីក្រុងរីយ៉ាដ ប៉ុណ្ណោះ។

*ព័ត៌មានលម្អិតផ្សេងៗទៀតនៃយុទ្ធសាស្ត្រថ្មីនេះរួមមាន៖
“ការពង្រីកដ៏ធំមួយ” នូវហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានក្នុងក្រុងជេដា និងក្រុងរីយ៉ាដ។
– ការជំរុញផែនការកសាងបណ្ដាញរថភ្លើង តភ្ជាប់ក្រុងជេដា ជាមួយក្រុងរីយ៉ាដ និងឆ្នេរខាងកើត។
– ការសិក្សាស្រាវជ្រាវអំពីការប្រើប្រាស់បច្ចេកវិទ្យា នាថ្ងៃអនាគតដូចជា Hyperloop និង Maglev ជំនាន់ថ្មីជាដើម។
– គម្រោងក្រុមហ៊ុនអាកាសចរណ៍ថ្មីនេះ ត្រូវបានរំពឹងថានឹងចាប់ផ្ដើម “ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន” គឺមិនដល់ច្រើនឆ្នាំនោះឡើយ៕

សេដ្ឋកិច្ចកម្ពុជានៅតែរំពឹងថានឹងមានកំណើនវិជ្ជមាននៅឆ្នាំនេះខណៈសេដ្ឋកិច្ចសកលកំពុងងើបឡើងវិញ

ដោយៈ ប៊ី

ភ្នំពេញៈ សេដ្ឋកិច្ចកម្ពុជា នៅតែទទួលរងផលប៉ះពាល់ ពីវិបត្តិជំងឺកូវីដ១៩ ជាពិសេ​ស ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ដែលបាន អូសបន្លាយរហូតមកដល់បច្ចុប្បន្ន និងបានដាក់សម្ពាធមកលើសូចនាករសំខាន់ៗ នៃវិស័យជំរុញកំណើនសេដ្ឋកិច្ច។

គិតត្រឹមខែ ឧសភា ឆ្នាំ២០២១ ការនាំចេញ្ចសម្លៀកបំពាក់ និងផលិតផលកាត់ដេរ ចំនួនភ្ញៀវទេសចរជាតិនិងអន្តរជាតិ សកម្មភាពនៅក្នុង វិស័យសំណង់ និងទុនវិនិយោគពីបរទេស បាននងកំពុងបន្តធ្លាក់ចុះ។

នេះបើយោងតាមរបាយការណ៍និន្នាការសេដ្ឋកិច្ចសង្គមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយនៅដើមខែកក្កដា ២០២១នេះ។

ទោះបីជាយ៉ាងនេះក្តី ក្រសួងសេដ្ឋកិច្ចបានឱ្យដឹងថា ការនាំចេញក្រៅពីសម្លៀកបំពាក់និងផលិតផលកាត់ដេរ ដូចជាកង គ្រឿងបង្គុំអេឡិចត្រូនិក ផលិតផលពីឈើ និងផលិតផលកសិកម្មផ្សេងទៀតជាដើម បានបន្តរក្សាកំណើនល្អ។

ក្រសួងបានបន្តថា ជារួមសេដ្ឋកិច្ចកម្ពុជា រំពឹងថានឹងមានកំណើនវិជ្ជមានក្នុងឆ្នាំ២០២១ ដោយសារការងើបឡើងវិញ នៃស្ថានភាពសេដ្ឋកិច្ចសកល និងសេដ្ឋកិច្ចដៃច្ចពាណិជ្ជកម្មរបស់កម្ពុជា កំណើនតម្រូវការផលិតផលកសិកម្ម និងលទ្ធភាពនៃការបង្វែរការបញ្ជារទិញ និងរោងចក្រកាត់ដេរពីប្រទេសមីយ៉ាន់ម៉ាមកកាន់ប្រទេសកម្ពុជា ។

ជាក់ស្តែងក្នុងរយៈពេល៥ខែ ឆ្នាំ២០២១ ការនាំចេញទំនិញ សម្រេចបានក្នុងទំហំទឹកប្រាក់ចំនួន៥.៩៨២លានដុល្លារ(ស្មើនឹង ២៤ % នៃផសស) បានកើនឡើង ១, ៦% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដោយសារកំណើននៃការនាំចេញកង់ និង ទំនិញផ្សេងៗ ។

ទន្ទឹមនេះ ការនាំចូលទំនិញ(ដកមាសចេញ សម្រេចបានក្នុងទំហំទឹកប្រាក់ចំនួន៨.៦៦៤លានដុល្លារ (ស្មើនឹង ៣៤, ២% នៃផសស) បានកើនឡើង ១៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដោយសារកំណើននៃការនាំចូលក្រណាត់ គ្រឿងសំណង់ ប្រេងឥន្ទនៈ និងទំនិញផ្សេងៗ។

រយៈពេល៥ខែ ឆ្នាំ២០២១ ចំនួនគម្រោងដែលទទួលបានការអនុញ្ញាតសាងសង់សរុបមាន១.៨២៩គម្រោង បានធ្លាក់ចុះ២៧៨តម្រោង ក្នុងនោះ ប្រភេទសំណង់លំនៅ ដ្ឋានមាន១.៦០៧គម្រោង (ស្មើនឹង៨៧, ៩%នៃសំណើសុំសាងសង់សរុប បានធ្លាក់ចុះ១៣៩គម្រោង និងតម្លៃតម្រោងសរុបមាន២៣៤៩លានដុល្លារ ធ្លាក់ចុះ៣២,២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។

ក្នុងរយៈពេល៥ខែ ឆ្នាំ២០២១ ស្ថានភាពវិនិយោគ មិនទាន់មានភាពល្អប្រសើរនៅឡើយទេ ជាក់ស្ដែងគម្រោងវិនិយោតឯកជន សរុបមានចំនួន៤៥គម្រោងម្រោង បានធ្លាក់ចុះ៤៧គម្រោង អាចមានលទ្ធភាពបង្កើតកម្លាំងពលកម្មថ្មីប្រមាណ៣០ពាន់នាក់ គឺបានធ្លាក់ចុះ៥៦,២% និងទុនវិនិយោគសរុប៨២៥លានដុល្លារ បានធ្លាក់ចុះ៥៩,៣%ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន៕

បុរី ហ្គោលដេន ផាក បើកលក់មុនសម្ភោធគម្រោង ជាមួយការបញ្ចុះតម្លៃរហូតដល់ 12%

ដោយ សហការី

នៅថ្ងៃទី 08 ខែ កក្កដា ឆ្នាំ​ 2021 បុរី ហ្គោលដេន​ ផាក នឹងធ្វើការបើកលក់មុនសម្ភោធគម្រោង គម្រោង ដឹណេតឆឹរ៉ល ដែលមានសួនធម្មជាតិដ៏ធំទំហំ 4.5 ហិកតា ដោយមានការបញ្ចុះតម្លៃដ៏អស្ចារ្យរហូតដល់12% ជាមួយលក្ខខណ្ឌបង់ប្រាក់ងាយស្រួលសម្រាប់អតិថិជន ដោយមិនចាំបាច់មានប្រាក់កក់​ និង គ្មានការប្រាក់​​រហូតដល់24ខែ។

គម្រោង ដឹណេតឆឺរ៉ល ដែលនឹងត្រូវសាង់សង់នៅលើផ្ទៃដីជិត 50ហិកតា អមជាមួយសួនធម្មជាតិដ៏ធំទំហំ 4.5ហិកតា ស្ថិតនៅក្នុងតំបន់សក្តានុពលសេដ្ឋកិច្ចខ្លាំងដែលមានទន្លេអមសងខាង ជាទីតាំងលូតលាស់សម្បូបែបក្បែរកន្លែងដែលអ្នកចង់ទៅដល់ ដោយមានការរចនាម៉ូតដ៏ទាន់សម័យ។

គម្រោង ដឹណេតឆឺរ៉ល របស់ បុរី ហ្គោលដេន ផាក នឹងបងើ្កតបរិយាកាសរស់នៅថ្មីមួយ ជាមួយទីធ្លាដ៏ធំវិសេសវិសាល សម្រាប់គ្រប់សកម្មភាព ការលម្ហែ និង ប្រណិតភាព។ បុរី ហ្គោលដេន ផាក គម្រោង ដឹណេតឆឺរ៉ល កំពុងបង្កើតសហមគន៍ថ្មីដែលអ្នកនឹងហៅថាផ្ទះ ព្រោះអ្នកមិនត្រឹមតែត្រូវការកន្លែងរស់នៅប៉ុណ្ណោះទេ ប៉ុន្តែអ្នកត្រូវការទីកន្លែងដែល ស្រស់ ស្រឡះ ធម្មជាតិ។

បុរី ហ្គោលដេនផាក ផ្តល់ជូនអតិថិជនមិនត្រឹមតែជាសំណង់លំនៅឋានដែលមានគុណភាព រឹងមាំ និងសេវាកម្មល្អប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តល់ជូននូវការអភិវឌ្ឍចម្រុះដើម្បីធ្វើឱ្យប្រែក្លាយទៅជាសហគមន៍ដែលស្ថិតនៅតំបន់សក្តានុពលសេដ្ឋកិច្ចខ្លាំងទៀតផង។

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ: 060 777 998 / 070 777 998 / 095 777 998។

ហ្វេសបុកផេក: https://m.facebook.com/boreygoldenpark/
តេឡេក្រាម: https://t.me/boreygoldenpark
អ៊ីនស្ដាក្រាម: https://instagram.com



ក្រសួងបរិស្ថានតម្រូវឲ្យអ្នកអភិវឌ្ឍន៍គំរោងសំណង់អនុវត្តន៍តាមការណែនាំពីផលប៉ះពាល់បរិស្ថាននិងសង្គម

ដោយៈគង់ ម៉ាលីន

ភ្នំពេញៈ ក្រសួងបរិស្ថាន បានចេញប្រកាសថ្មី តម្រូវឱ្យម្ចាស់គម្រោងអភិវឌ្ឍន៍សំ​ណ​​ង់ និងគំរោងអភិវឌ្ឈន៍ចំនួន៤ទៀត ត្រូវអនុវត្តតាមការណែនាំស្ដីពី របៀបវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម ឱ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ។

យោងតាមសេចក្តីប្រកាសចំនួន៥ផ្សេងៗគ្នា ចុះកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១កន្លងមកបានឲ្យដឹងថា គំរោងអភិវឌ្ឍន៍ដែលតម្រូវឲ្យមានការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមរួមមាន ទី១ គម្រោងសំណង់អគារគ្រប់ប្រភេទ ដែលមានផ្ទៃក្រឡាចាប់ពី១៥.០០០ម៉ែត្រការ៉េ ដល់៤៥.០០០ម៉ែត្រការ៉េ។ លើកលែងតែសំណង់អគារក្នុងវិស័យឧស្សាហកម្ម កសិកម្ម ទេសចរណ៍ សុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធ ដែលកំណត់ដោយក្រសួងបរិស្ថាន។

ទី២ គម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍ ដែលស្ថិតលើទំហំផ្ទៃដីលើសពី១០ហិកតា ដល់៥០ហិកតា ទី៣ គម្រោងស្ថានីយប្រេងឥន្ទនៈ និងស្ថានីយរួមប្រេងឥន្ទនៈ និងឧស្ម័នឥន្ទនៈ ដែលមានចំណុះចាប់ពី ៤០ ០០០ លីត្រ ទៅ ៩០ ០០០ លីត្រ ទី៤ គម្រោងរោងចក្រធុនស្រាល និងមធ្យម និងទី៥ កសិដ្ឋានដែលចិញ្ចឹមសត្វពាហនៈ និងសត្វក្រពើ ចាប់ពី ៥០០ក្បាលឡើងទៅ ឬចិញ្ចឹមសត្វទា ចាប់ពី១០.០០០ក្បាលឡើង។ វារីវប្បកម្មចិញ្ចឹមត្រី ក្តាម បង្កង គន្ធាយ និងបង្គា ដែលមានទំហំចាប់ពី ១០ហិកតាឡើងទៅ ឬដំាសារាយចាប់ពី ២០ហិកតាឡើងទៅ។

សេចក្តីប្រកាសថ្មីនេះ ក៏មានមានការណែនាំ និងនីតិវិធីសរុបជាង៤០ទំព័រដែលម្ចាស់គម្រោងនីមួយយៗខាងលើត្រូវគោរពតាម ក្នុងពេលធ្វើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម។

លើសពីនេះ ក្នុងករណីទំហំនៃការប៉ះពាល់ធំៗ ម្ចាស់គម្រោងត្រូវពិគ្រោះយោបល់ជាមួយរដ្ឋបាលក្រុង ស្រុក ខណ្ឌ រាជធានី ខេត្ត មន្ទីរជំនាញពាក់ព័ន្ធ និងមានកិច្ចប្រជុំអន្តរក្រសួងផងដែរ។

យ៉ាងណាមិញ ម្ចាស់គម្រោងត្រូវធ្វើការវាយតម្លៃដោយខ្លួនឯង ឬអនុញ្ញាតជួលទីប្រឹក្សា វាយតម្លៃហេតុប៉ះពាល់បរិស្ថានលើគម្រោងក៏បានផងដែរ៕

គម្រោងខុនដូចំនួន១៧រំពឹងថានឹងបញ្ចប់សាងសង់នៅក្នុងឆ្នាំ២០២១នេះ

ដោយៈ ម៉ាណេត

ភ្នំពេញៈ គម្រោងសាងសង់ខុនដូចំនួន១៧គម្រោងរំពឹងទុកថា នឹងបញ្ចប់ ខណៈគម្រោងទាំង១៧ នឹងរួមចំណែកការក្នុងការផ្គត់ផ្គង់ចំនួន៧៩០៩យូនីត ទៅក្នុងទីផ្សារក្នុងរយៈពេលពេញមួយឆ្នាំ២០២១នេះ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១។

របាយការណ៍ដដែលបានឱ្យដឹងទៀតថា គម្រោងខុនដូចំនួន៥ ក្នុងចំណោម១៧គម្រោងបានបញ្ចប់នៅឆមាសទី១ ឆ្នាំ២០២១ ដោយគម្រោងទាំង៥នេះ បានចូលរួមចំណែកផ្គត់ផ្គង់១.២៧៣យូនីតទៅក្នុងទីផ្សារខុនដូ។

លោក James Hodge នាយកគ្រប់គ្រងក្រុមហ៊ុន CBRE Cambodia បានថ្លែងថា កាលពីត្រីមាសទី១ដើមឆ្នាំននេះ ទីផ្សារអចលនទ្រព្យកម្ពុជាទទួលបានសញ្ញា វិជ្ជមានជាច្រើន មិនថាវិស័យខុនដូ ឬក៏វិស័យអចលនទ្រព្យផ្សេងៗទៀតនោះទេ ប៉ុន្តែនៅក្នុងត្រីមាសទីមួយ ឬបន្ទាប់ពីព្រឹត្តិការណ៍ម២០ កុម្ភៈ បានបង្កឲ្យមានភាពមិនប្រាកដប្រជាដល់ក្នុងវិស័យអចលនទ្រព្យ។

លោកបានបន្តថា ជាមួយគ្នានេះដែរ ការបិទខ្ទប់នៅក្នុងតំបន់រាជធានីភ្នំពេញ និងខេត្តកណ្តាល ក៏បង្កឲ្យមានភាពមិនច្បាស់លាស់ ដល់វិស័យអចលនទ្រព្យផងដែរ។ លោកបានបន្តថា វិបត្តិកូវីដ១៩នេះ បានធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍទៅលើវិស័យ​សំ​ណង់ ដែលបង្កឲ្យមានការពន្យារពេលលើគម្រោងមួយចំនួនផងដែរ។

លោកបានថ្លែងថា “វិស័យអចលនទ្រព្យ ក៏នៅតែមានភាពមិនប្រាកដប្រជា ដោយ​សារជំងឺក៏កាចសាហាវនេះ មានការបម្លែងខ្លួនថ្មី ដែលវាអាចជាកត្តាលំបាកមួយ ក្នុងការគ្រប់គ្រងផងដែរ”។

ប៉ុន្តែលោកនៅរំពឹងទុកថា នៅចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ អ្វីៗនឹងមានភាពល្អប្រសើរឡើងវិញ នៅពេលដែលយើងចាប់ផើ្តមរស់នៅ និងធ្វើការអាជីវកម្មតាមគន្លង ថ្មីៗ ដែលពិភពលោកបាននិងកំពុងចាប់ផ្តើមអនុវត្តន៍។
គិតចាប់ពីខែមករា ដល់ដំណាច់ខែឧសភា ឆ្នាំ២០២១ កម្ពុជាបានអនុញ្ញាតឱ្យគម្រោងសាងសង់ សរុបចំនួន១.៨២៣គម្រោង ធ្វើការសាងសង់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ មានការធ្លាក់ចុះប្រមាណ២៧៨គម្រោង។ នេះបើតាមរបាយការណ៍និន្នាការសេដ្ឋកិច្ចសង្គម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញផ្សាយនៅដើមខែកក្កដា ២០២១នេះ។

នៅក្នុងរបាយការណ៍ដដែលនេះបានបង្ហាញថា នៅក្នុងចំណោមគម្រោង ដែលអនុញ្ញាត ឱ្យសាងសង់ជាង១៨០០គម្រោងនោះ មានគម្រោងសំណង់លំនៅឋានចំនួន១.៦០៧គម្រោង ស្មើនឹងប្រមាណ ៨៧,៩ភាគរយ នៃសំណើសុំសាងសង់សរុប ធ្លាក់ចុះចំនួន១៣៩គម្រោង ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

គម្រោងលំនៅឋាន ដែលត្រូវបានអនុញ្ញាតសាងសង់ គិតជាទឹកប្រាក់មានប្រមាណ២.៣៤៩លានដុល្លារអាមេរិកធ្លាក់ចុះ៣២,៦ភាគរយ៕

ច្បាប់វិនិយោគថ្មីអនុញ្ញាតឱ្យអនុគណៈកម្មាធការវិនិយោគខេត្តអនុម័តគម្រោងវិនិយោគតម្លៃក្រោម១០លានដុល្លារ

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ ច្បាប់ស្ដីពីវិនិយោគថ្មី ដែលនឹងអនុម័តនៅពេលខាងមុខ នឹងអនុញ្ញាត្តឲ្យគណកម្មការវិនិយោគថ្នាក់ក្រោមជាតិ អាចអនុម័តគម្រោងវិនិយោគ ដែលមានតម្លៃក្រោម១០លានដុល្លារអាមេរិក។

ច្បាប់វិនិយោគចាស់ ដែលមានស្រាប់ អនុញ្ញាតឱ្យគណៈកម្មាធិការវិនិយោគខេត្តអនុម័តត្រឹម២លានដុល្លារប៉ុណ្ណោះ។ ច្បាប់នេះ នឹងត្រូវគណៈរដ្ឋមន្ត្រីបើកកិច្ចប្រជុំពេញអង្គពិនិត្យនិងពិភាក្សា នៅក្នុងកិច្ចប្រជុំគណរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេ​តេជោហ៊ុន សែន នៅថ្ងៃទី៩កក្កដា ២០២១ខាងមុខនេះ ដើម្បីត្រៀមបញ្ជូនទៅរដ្ឋសភានិងព្រឹទ្ធសភាអនុម័ត។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ ថា តាមរយៈកិច្ចប្រជុំកន្លងមកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលយកធាតុចូលសម្រា​ប់បញ្ជូល ក្នុងសេចក្តីព្រាងច្បាប់ថ្មីនេះ ទៅតាមសំណើររបស់សភាពាណិជ្ជកម្មកម្ពុជា ដែលស្នើសុំឲ្យអនុគណៈកម្មាធិការវិនិយោគខេត្ត របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អាចមានសិទ្ធិអនុម័ត លើគម្រោងវិនិយោគមានតម្លៃក្រោម១០លាដុល្លារ និងរៀបចំច្រកចេញចូលតែមួយ ដោយមិនចាំបាច់រត់ឯកសារមកកាន់ភ្នំពេញ ដូចពីមុនទៀតនោះទេ ដែលច្បាប់ចាស់អាចអនុម័តត្រឹមតែ២លានដុល្លារតែប៉ុណ្ណោះ។

លោកឧកញ៉ាបន្តថា “ការពង្រីកទំហំទឹកប្រាក់ឱ្យកាន់តែច្រើននេះ គឺប្រៀបបានទៅនឹងការធ្វើវិមជ្ឈិការអំណាច ដើម្បីបង្ខិតរោងចក្រសហគ្រាសទៅដល់បណ្តាខេត្ត ឬតំបន់ជនបទ ដែលយើងឃើញកន្លងមក រោងចក្រ សហគ្រាសភាគច្រើន ប្រមូលផ្តុំនៅរាជធានីភ្នំពេញ ដោយសារនីតិវិធីបែបបទរដ្ឋបាលចាំបាច់នានា ត្រូវធ្វើនៅភ្នំពេញទាំងអស់”។ ពេលរោងចក្រនៅក្បែរផ្ទះគាត់ គឺគាត់មានឳកាសក្នុងពេលចេញពីរោងចក្រមក គាត់អាចទៅផ្ទះមើលថែកូន មើលឪពុកម្តាយចាស់ ឬក៏អាចដាំដំណាំរួមផ្សំ ឬចិញ្ចឹមសត្វផ្សំផ្គុំ ហើយគាត់មិនចាំបាច់ចំណាយប្រាក់ជួលផ្ទះ ឬការធ្វើដំណើរឆ្ងាយពីផ្ទះ។ ដូច្នេះវាជារឿងល្អបំផុត ក្នុងការបង្ខិតរោងចក្រ សហគ្រាសទាំងអស់ទៅតាមបណ្តាខេត្តឲ្យនៅជិតផ្ទះរបស់ប្រជាពរលដ្ឋ»។

លោកឧកញ៉ាលឹម ហេងបានបន្ថែមថា ប្រសិនបើការងារបែបបទរដ្ឋបាលជួយសម្រួល ដល់ថ្នាក់ខេត្តនឹងធ្វើឲ្យរោងចក្រ សហគ្រាស នឹងទៅដល់ខេត្ត ហើយវានឹងកាត់បន្ថយដល់ការចំណាកស្រុក របស់ប្រជាពលរដ្ឋមកធ្វើការនៅភ្នំពេញ និងខ្លះចេញទៅស្រុកគេថែមទៀតផង។

លោកបន្តថា “ការបង្ខិតរោងចក្រ សហគ្រាស ទៅតាមបណ្តាខេត្ត ក៏ជាផ្នែកមួយផ្តល់ភាពងាយស្រួល ដល់ការដឹកជញ្ជូនវត្ថុធាតុដើម និងសម្ភារផ្សេងៗសម្រាប់បម្រើឱ្យស ង្វាក់ផ្គត់ផ្គង់ បានលឿនរហ័ស ព្រមទាំងជួយកាត់បន្ថយការចំណាយ របស់ក្រុមហ៊ុនបានមួយកម្រិតផងដែរ”៕

រដ្ឋាភិបាលកាត់ដីជាង១១០០ហិកតាសំរាប់ធ្វើជាតំបន់វិស្សមកាលរបស់ក្រសួងការពារជាតិ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រសួងការពារជាតិបានជ្រើសរើសយកខេត្តកោះកុង ជាតំបន់វិស្សមកាល​របស់ក្រសួង ដោយក្រសួងនឹងកាត់យកផ្ទៃដីទំហំ១១០២ហិកតា ជាតំបន់វិស្សមកាលរបស់ខ្លួន។

រដ្ឋបាលខេត្តកោះកុង បានយល់ព្រមផ្តល់ដី១១០២ហិកតា ដែលជាដីបម្រុងរបស់រដ្ឋបាលខេត្ត ឱ្យទៅក្រុមការងារក្រសួងការពារជាតិ សម្រាប់រៀបចំជាតំបន់អភិវឌ្ឍសម្តេចពិជ័យសេនា ទៀ បាញ់ និងតំបន់វិសមកាលក្រសួងការពារជាតិ។

សម្តេចទៀ បាញ់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ត្រូវបានស្រង់សម្តីក្នុងសារព័ត៌មានភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃ៦ ខែកកក្កដានេះថា តំបន់នេះនឹងត្រូវអភិវឌ្ឍឱ្យជឿនលឿន ដោយមានការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្របតាមបណ្ដោយមាត់សមុទ្រចាប់ពីតំបន់តារាសាគររហូតដល់ទីរួមខេត្ដកោះកុង។

យោងតាមលោក សុខទ្ធី អភិបាលរងខេត្តនិងជាអ្នកនាំពាក្យសាលាខេត្តកោះកុង ដីបម្រុងទំហំជាង១ពាន់ហិកតានេះ ស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង។

ទោះជាយ៉ាងណាព័ត៌មានលម្អិត នៃគម្រោងមានតម្លៃប៉ុន្មាន ហើយនឹងចាប់ផ្ដើមសាងសង់គំរោងយ៉ាងដូចម្តេច និងនៅពេលណាមិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេ៕

សម្តេចតេជោហ៊ុន សែនៈជំនួយចិនជួយដល់ការអភិវឌ្ឍនិងពង្រឹងឯករាជ្យភាពរបស់កម្ពុជា

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងចំពោះមុខ លោក ស៊ី ជីនពីង ប្រធានាធិបតីចិនថា ជំនួយរបស់ចិននេះ មិនត្រឹមតែជួយដល់ការអភិវឌ្ឍ និងធ្វើឱ្យកម្ពុជា ងើបចេញពីភាពក្រីក្រប៉ុណ្ណោះទេ តែក៏បានជួយពង្រឹងដល់ឯករាជ្យភាពរបស់កម្ពុជាផងដែរ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែផ្តល់ជំនួយសម្រាប់ការអភិវឌ្ឍនៅកម្ពុជា រួមទាំងវ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ផងដែរ។

សម្តេចតេជោហ៊ុន សែនបានថ្លែងដោយលើកបង្ហាញ នូវគុណតម្លៃដ៏ធំធេងនៃជំនួយរបស់ចិន ក្នុងការជួយពង្រឹងការអភិវឌ្ឍ និងឯករាជ្យភាព ពីសំណាក់សម្តេចតេជោ ហ៊ុន សែន បានធ្វើក្នុងកិច្ចប្រជុំកំពូល នៃថ្នាក់ដឹកនាំគណបក្សកុម្មុយនិស្តចិន និងគណបក្សនយោបាយនៅលើពិភពលោក នៅយប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងដោយមានការចូលរួមពីលោក ស៊ី ជីនពីង និងថ្នាក់ដឹកនាំនយោបាយជាច្រើនលើពិភពលោក ដោយជជែកពីតួនាទីរបស់បក្សនយោបាយក្នុងការកសាងសុខុមាលភាពជូនប្រជាពលរដ្ឋ។

ក្នុងសុន្ទរកថាគន្លឹះថ្លែង ទៅកាន់កិច្ចប្រជុំធ្វើឡើងតាមអនឡាញនេះ សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យគណបក្សនយោបាយទាំងអស់រួមគ្នាប្តេជ្ញា រក្សាស្ថិរភាពនយោបាយ និងរារាំងឱ្យបានដាច់ខាត នូវការជ្រៀតជ្រែកនយោបាយពីប្រទេសដទៃ។

ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចបានសង្កត់ធ្ងន់ថា “គណបក្សនយោបាយទាំងអស់ ទោះជាមាននិន្នាការណាក៏ដោយ ត្រូវគិតពីប្រយោជន៍ជាតិ និងប្រជាជនជាធំ ដោយមិនត្រូវឱនក្បាលធ្វើជាឈ្នាន់នយោបាយ និងវិទ្ធង្សនារបស់បរទេស បើទោះបីជាស្ថិតក្រោមរូបភាពណាក៏ដោយ”។

ក្នុងកិច្ចប្រជុំនោះ សម្តេចតេជោក៏បានបង្ហាញនូវក្តីសង្ឃឹមផងដែរថា គណបក្សនយោបាយទាំងអស់ អាចបញ្ឈប់បាននូវវប្បធម៌ និងឥរិយាបទច្រណែនឈ្នានីស ចាំតែមើលបំណាំ ចោទប្រកាន់ និងរិះគន់គ្មានមូលដ្ឋាន ដោយជំនួសមកវិញនូវឥរិយាបថបែបតថភាពនិយម ប្រាកដនិយម និងប្រកាន់ខ្ជាប់នូវស្មារតីនៃការសហការគ្នា ក្នុងការដោះស្រាយរាល់បញ្ហារបស់មនុស្សជាតិ ទាំងក្នុងក្របខណ្ឌពិភពលោក និងក្នុងប្រទេសនីមួយ​ៗ។

ទន្ទឹមនឹងការថ្លែង ជំរុញឱ្យបណ្តាគណបក្សនយោបាយលើពិភពលោក រួមគ្នាទប់ស្កាត់ការេះជ្រៀតជ្រែក នយោបាយពីមជ្ឈដ្ឋានខាងក្រៅហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីការរួមចំណែករបស់ចិនជួយ ដល់ការពង្រឹងនូវឯករាជ្យភាពរបស់កម្ពុជា តាមរយៈការផ្តល់ជំនួយផ្សេងៗផងដែរ។

សម្តេចតេជោថ្លែងថា “ខ្ញុំគួរតែបញ្ជាក់ឱ្យបានច្បាស់ថា ជំនួយរបស់ចិនមកដល់កម្ពុជា មិនគ្រាន់តែជួយទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្រប៉ុណ្ណោះទេ។ ក៏ប៉ុន្តែវាបានជួយកម្ពុជា ក្នុងការពង្រឹងនូវឯករាជ្យភាពខាងនយោបាយទៀតផង”។

សម្តេចតេជោបន្ថែមថា វាច្បាស់ណាស់ថា ប្រទេសតូចតាច និងប្រទេសក្រីក្រ ត្រូវការចាំបាច់នូវឯករាជ្យ និងអធិបតេយ្យភាពជៀសវាងនូវការបង្គាប់បញ្ជា និងការជ្រៀតជ្រែកពីខាងក្រៅ។ ក្នុងន័យនេះជំនួយរបស់មិត្តចិន គឺពិតជាជួយទៅដល់ការពង្រឹងនូវឯករាជ្យខាងនយោបាយ ដើរទន្ទឹមជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការកាត់បន្ថយភាពក្រីក្រ”។

ប្រទេសចិន បានក្លាយទៅជាប្រទេសជាមិត្តដ៏ធំមួយរបស់កម្ពុជា ដែលបានផ្តល់ជំនួយ និងកម្ចីយ៉ាងច្រើនសម្រាប់ការអភិវឌ្ឍនៅកម្ពុជា។ តាមរយៈជំនួយនិងកម្ចីនេះ បានរួមចំណែកឱ្យកម្ពុជា ពង្រឹងដល់ការអភិវឌ្ឍជាតិលើគ្រប់វិស័យ ជាពិសេសលើប្រព័ន្ធហេ ដ្ឋារចនាសម្ព័ន្ធថ្នល់ និងស្ពាន ដែលជាសរសៃឈាមដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជាតិ៕