ទីបេតិ៍ ដាក់ឱ្យដំណើរការគម្រោងខ្សែរថភ្លើងល្បឿនលឿនដំបូងបង្អស់របស់ខ្លួនដែលមានតម្លៃ៥,៨ពាន់លានដុល្លារ

សុខុម

CNN: តំបន់ភ្នំស្វយ័តទីបេតិ៍ បានដាក់ឱ្យដំណើរការគម្រោងខ្សែរថភ្លើងល្បឿនលឿនដំបូងបង្អស់របស់ខ្លួនដើម្បីស្វាគមន៍អ្នកធ្វើដំណើរទាំងឡាយ ដែលនឹងមានឱកាសបានគយគន់ទេសភាពព្រៃភ្នំដ៏ស្រស់ត្រកាល។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃទី៣០ មិថុនា។

ផ្លូវដែកប្រវែង៤៣៥គីឡូម៉ែត្រដែលភ្ជាប់រដ្ឋធានីឡាសា នៃតំបន់ទីបេតិ៍ ជាមួយក្រុង Nyingchi ខាងលើនេះត្រូវបានដាក់ឱ្យដំណើរការកាលពីថ្ងៃទី២៥ ខែមិថុនា ដោយផ្តល់លទ្ធភាពឱ្យតំបន់ថ្នាក់ខេត្តទាំង៣១ នៃចិនដីគោក ទទួលបានបទពិសោធន៍ធ្វើដំណើរតាមរថភ្លើងល្បឿនលឿន។

ការស្ថាបនាផ្លូវដែកល្បឿនលឿននៅតំបន់ភ្នំស្វយ័តទីបេតតិ៍ ដ៏សែនខ្ពស់ដែលត្រូវបានគេប្រសិទ្ធនាមថា “Roof Of The World” (ដំបូលនៃភពផែនដី) មិនមែនជារឿងងាយ។ ៩០%នៃផ្លូវដែកដែលប្រើពេលស្ថាបនាដល់ទៅ៦ឆ្នាំនេះស្ថិតនៅកម្ពស់ជាង៣.០០០ម៉ែត្រពីលើកម្រិតទឹកសមុទ្រ។

ផ្លូវដែក Lhasa-Nyingchi Line ដែលមាន៩ស្ថានីយនេះឆ្លងកាត់ផ្លូវក្រោមដីចំនួន៤៧ និងស្ពានចំនួន១២១ដែលស្មើនឹងប្រមាណ៧៥%នៃផ្លូវទាំងមូល។ នេះរួមបញ្ចូលទាំងស្ពានផ្លូវដែក Zangmu Railway Bridge ប្រវែង៥២៥មែត្រដែលជាស្ពានដែករថភ្លើងធំបំផុត និងខ្ពស់បំផុតក្នុងពិភពលោកផងដែរ។

គម្រោងផ្លូវដែកដែលចំណាយអស់ទឹកប្រាក់៥,៨ពាន់លានដុល្លារនេះ គឺសម្រាប់រថភ្លើងល្បឿនលឿនដើរដោយថាមពលអគ្គិសនីលាយចំហេះ Fuxing ដែលអភិវឌ្ឍ និងដំណើរការដោយក្រុមហ៊ុនរដ្ឋចិន China State Railway Group។

រថភ្លើងនេះរត់ក្នុងល្បឿនប្រហែល១៦០គីឡូម៉ែត្រក្នុងមួយម៉ោង ពោលគឺយឺតជាងឆ្ងាយបើធៀបទៅនឹងល្បឿន៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលអ្នកធ្វើដំណើរទាំងឡាយទទួលបានបទពិសោធន៍លើខ្សែរថភ្លើងជាច្រើនផ្សេងទៀតក្នុងប្រទេសចិន៕

អន្តរក្រសួងជំរុញការអភិវឌ្ឍតំបន់រុនតាឯកឱ្យស្របតាមប្លង់មេដើម្បីបង្កភាពងាយស្រួលដល់ការរស់នៅរបស់ប្រជាជន

ដោយៈ ប៊ី

ភ្នំពេញៈ គណ:កម្មការអន្តរក្រសួងនឹងរៀបចំតំបន់អភិវឌ្ឍន៍រុនតាឯក ឱ្យស្របតាមប្លង់មេដែលមានស្រាប់ ដើម្បីបង្កើនភាពងាយស្រួលដល់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក។ នេះបើយោងតាមការចេញផ្សាយរបស់រដ្ឋបាលខេត្តសៀមរាបកាលពីថ្មីៗនេះ។

លោកង៉ាន់ ភិរុណអភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណ:កម្មការអន្តរក្រសួង នៅភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីពិនិត្យ និងសិក្សារៀបចំប្លង់មេ ព្រមទាំងវាយតម្លៃនូវអចលនវត្ថុ ដើម្បីដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ក្នុងការស្ថាបនាផ្លូវ ៣៨ខ្សែ និងគម្រោងកែលម្អស្ទឹងសៀមរាប ក្រុងសៀមរាប ក្រោមអធិបតីភាពលោក ស៊ុ ម៉ាប់ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បះ និងជាប្រធានគណ:កម្មការអន្តរក្រសួង។


ជាមួយនឹងកិច្ចប្រជុំអន្តរក្រសួងនេះ ក្រុមការងារបានពិនិត្យលើសិ្ថតិប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីគម្រោងស្ថាបនាផ្លូវ និងកែលម្អស្ទឹងសៀមរាបនេះ មាន៣ទីតាំង សរុបស្មើនឹង៥៦៤គ្រួសារ ក្នុងនោះ ប្រជាពលរដ្ឋរស់នៅតាមមាត់ស្ទឹងសៀមរាបមានចំនួន៤៣០គ្រួសារ ប្រជាពលរដ្ឋរស់នៅសំណង់មិនរៀបរយ ក្នុងក្រុងសៀមរាបមានចំនួន១១៥គ្រួសារ និងប្រជាពលរដ្ឋរស់នៅលើផ្លូវអតីតប្រព័ន្ធការពារក្រុងមានចំនួន១៩គ្រួសារ។ ម្យ៉ាងទៀត ប្រជាពលរដ្ឋក៏បានស្ម័គ្រចិត្តផ្លាស់ប្តូរទីលំនៅដោយទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯកតាមការរៀបចំរបស់អាជ្ញាធរពាក់ព័ន្ធផងដែរ។

រដ្ឋបាលខេត្តសៀមរាបបានឱ្យដឹងថា ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ ក្រុមការងារក៏បានចុះសិក្សា និងរៀបចំប្លង់មេនៅក្នុងតំបន់អភិវឌ្ឍធម្មជាតិរុនតាឯក ដោយមានការចូលរួមពីក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋបាលខេត្ត និងអាជ្ញាធរជាតិអប្សរា ដោយត្រៀមរៀបចំតំបន់នោះឱ្យមានជាតំបន់រដ្ឋបាល តំបន់ផ្ទៃទឹក សាលារៀន មណ្ឌលសុខភាព ផ្សារ សាសនា តំបន់បៃតង សួនលម្អសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធ និងតំបន់លំនៅឋាន ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការរស់នៅប្រចាំថ្ងៃ ព្រមទាំងការប្រកបរបរចិញ្ចឹមជីវិតផងដែរ។

ទន្ទឹមនឹងការដោះស្រាយគោលនយោបាយនិងរៀបចំតំបន់អភិវឌ្ឍន៍រុនឯកនេះ ប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារអន្តរក្រសួងក៏ដូចជារាជរដ្ឋាភិបាលដែលតែងតែគិតគូខ្ពស់អំពីសុខទុកដល់ប្រជាពលរដ្ឋ៕

ប្រធានាធិបតីចិនជំរុញឲ្យអឺរ៉ុបរៀនដើរតាមយុទ្ឋសាស្រ្តឯករាជ្យម្ចាស់ការលើខ្លួនឯង

ដោយៈគង់ សូរិយា

ភ្នំពេញៈ ប្រធានាធិបតីចិនលោកស៊ី ជិនពីងបានថ្លែងថា អឺរ៉ុបអាចនឹងដើរតួនាទីកាន់តែច្រើន នៅក្នុងកិច្ចការអន្តរជាតិ និងគួរដើរតាមយុទ្ធសាស្ត្រឯករាជ្យម្ចាស់ការលើខ្លួនឯង និងផ្ដល់តម្លាភាព យុត្តិធម៌ និងបរិយាកាសមិនលម្អៀង សម្រាប់បណ្ដាក្រុមហ៊ុនចិន។

លោកប្រធានាធិបតីបានថ្លែងបែបនេះ ទៅកាន់ប្រធានាធិបតីបារាំង លោក អ៊ែមម៉ានុយអែល ម៉ាក្រុង និងអធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែឡា មើគែល ថា លោករំពឹងចង់ឃើញប្រទេសចិន និងសហភាពអឺរ៉ុប អាចពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរឡើង ដើម្បីឆ្លើយតបក៏ដូចជាដោះស្រាយ បញ្ហាប្រឈមទាំងឡាយរបស់ពិភពលោក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី០៦ ខែកក្កដា ឆ្នាំ២០២១។

លោកស៊ី ជិនពីង បានធ្វើការកត់សម្គាល់ដូចខាងលើនេះ នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយលោក ម៉ាក្រុង និងលោកស្រី មើគែល កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។

កាលពីខែឧសភាកន្លងទៅ សភាអឺរ៉ុបបានលុបចោលការផ្ដល់សច្ចាប័ន លើកិច្ចព្រមព្រៀងវិនិយោគរវាងសហភាពអឺរ៉ុប និងប្រទេសចិន រហូតទាល់ទីក្រុងប៉េកាំងដកទណ្ឌកម្មចេញពីក្រុមមន្ត្រី និងអ្នកនយោបាយអឺរ៉ុបជាមុនសិន។

ទំនាក់ទំនងរវាងចិន និងអឺរ៉ុបត្រូវបានគេមើលឃើញថា ជួបភាពតានតឹងបន្ថែម នៅក្នុងឆ្នាំ២០២១នេះ ក្រោយរដ្ឋបាលប្រធានាធិបតីអាមេរិក លោកចូ បៃដិន បានងាកមកចាប់ដៃគូជាមួយអឺរ៉ុបខ្លាំងឡើងវិញ ស្ថិតក្នុងគោលដៅរាំងខ្ទប់ឥទ្ធិពលចិន នៅលើពិភពលោក៕

 

 

រដ្ឋាភិបាលកម្ពុជាកំពុងស៊ើបអង្កេតករណីប្រទេសថៃសាងសង់ប្រាសាទស្រដៀងនឹងប្រាសាទអង្គរវត្តរបស់ខ្មែរ

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណាបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំប្រទេសថៃ កំពុងស៊ើបអង្កេតទៅលើករណីថៃសាងសង់ប្រាសាទ ដែលស្រដៀងប្រាសាទអង្គរវត្តរបស់កម្ពុជានៅទឹកដីថៃ។

ថ្មីៗនេះ មានការផ្សព្វផ្សាយលើបណ្តាញព័ត៌មាន ក៏ដូចជានៅក្នុងបណ្តាញសង្គមថា ប្រាសាទមួយមានរូបរាងស្រដៀង ប្រាសាទអង្គរវត្តរបស់កម្ពុជា កំពុងសាងសង់នៅទឹកដីថៃ ក្នុងខេត្តបុរីរ៉ាំ ជាប់ជាមួយខេត្តឧត្តរមានជ័យរបស់កម្ពុជា។ ប្រជាពលរដ្ឋខ្មែរ បានសម្តែងការប្រតិកម្ម និងមិនពេញចិត្តនោះឡើយ ចំពោះការសាងសង់ប្រាសាទនោះ។

ពលរដ្ឋខ្មែរ បានស្នើរដ្ឋាភិបាលថៃបកស្រាយចំពោះរឿងនេះថា តើខ្លួនចង់លួចចម្លងរតនសម្បត្តិនេះ ឬយ៉ាងណា?។
ករណីនេះអាជ្ញាធរកម្ពុជា មិនបាននៅស្ងៀមនោះឡើយ ហើយកំពុងពិនិត្យនិងស៊ើបអង្កេត លើការសាងសង់ប្រាសាទនោះផងដែរ។ នេះបើតាមការបញ្ជាក់របស់លោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនារសៀលថ្ងៃទី៦ កក្កដានេះ។

លោកស្រី ភឿង សកុណា បានបញ្ជាក់យ៉ាងដូច្នេះថា “យើងកំពុងតែឲ្យកុងស៊ុលយើងនៅខេត្តស្រះកែវ គាត់ធ្វើការប្រមូលព័ត៌មានឲ្យយើង ព្រោះយើងមិនអាចទៅផ្ទាល់បានទេ ដោយសារកូវីដ។ អ៊ីចឹងកុងស៊ុលខ្មែរនៅស្រះកែវ ធ្វើការប្រមូលព័ត៌មាន ហើយទាល់តែបានព័ត៌មានគ្រប់គ្រាន់ ទើបយើងត្រូវសម្រេចដោះស្រាយបែបណាទៀតបាន”។

ចំណែកអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោកកុយ គួងបានអះអាង ថ ក្រសួងការបរទេស ដែលមានភារកិច្ចខាងទំនាក់ទំនងការទូត នឹងបន្តតាមដានករណីនេះឱ្យបានដិតដល់បំផុត។

អ្នកនាំពាក្យបានបញ្ជាក់ថា “ចំពោះរឿងនេះ យើងត្រូវសិក្សាឱ្យបានច្បាស់លាស់ជាមុនសិន។ ដូច្នេះស្ថានទូត និងអគ្គកុងស៊ុលកម្ពុជា ប្រចាំប្រទេសថៃ ត្រូវតែសិក្សាស្រាវជ្រាវករណីនេះសិន ហើយយើងក៏មិនអាចប្រតិកម្មបានភ្លាមៗនោះដែរ ព្រោះយើងពុំទាន់ដឹងថាការសាងសង់នោះ យកតាមលំនាំ រចនាបទ ដូចប្រាសាទអង្គរវត្តយើងឬទេ”។

ប្រាសាទអង្គរវត្ត ត្រូវបានកសាងឡើងក្រោមស្នាព្រះហស្ត ព្រះបាទសូរ្យវរ្ម័នទី២ (King Suryavarman II) នៅដើមសតវត្សទី១២ ហើយត្រូវបានអង្គការយូណេស្កូ ដាក់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅឆ្នាំ១៩៩២។ បច្ចុប្បន្ន ប្រាសាទនេះ បានជាប់ឈ្មោះជាមហាប្រាសាទព្រហ្មញ្ញ សាសនាធំជាងគេនៅលើពិភពលោក ខណៈរមណីយ ដ្ឋានអង្គរទាំងមូល ក៏បានជាប់ឈ្មោះជាទេវស្ថានដ៏ធំបំផុតមួយក្នុងលោកផងដែរ។

កាលពីឆ្នាំ២០១២ នៅប្រទេសឥណ្ឌា ក៏ធ្លាប់មានការលួចសាងសង់ប្រាសាទ ដែលស្រដៀងនឹងប្រាសាទអង្គរវត្តផងដែរ ដោយគេដាក់ឈ្មោះថា Virat Angkor Wat Ram Mandir ប៉ុន្តែដោយសារមានការតវ៉ាយ៉ាងខ្លាំង ពីរាជរដ្ឋាភិបាលកម្ពុជា ទើបឥណ្ឌាសម្រេចផ្អាកការសាងសង់ប្រាសាទនោះវិញ៕

 

ផ្លូវជាតិសំខាន់ៗ៣កំពុងទាក់ទាញសក្ដានុពលវិនិយោគវិស័យអចលនទ្រព្យ និងសួនឧស្សាហកម្ម

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ ផ្លូវជាតិសំខាន់ៗចំនួន៣ តភ្ជាប់ពីរាជធានីទៅកាន់បណ្ដាខេត្តកំពុងបង្ហាញពីភាពទាក់ទាញ ក្នុងការវិនិយោគលើវិស័យឧស្សាហកម្ម អចលនទ្រព្យ ខណៈផ្លូវជាតិផ្សេងទៀតក៏កំពុងទាក់ទាញទៅលើការអភិវឌ្ឍនៃវិស័យផ្សេងងផដែរ។

ផ្លូវជាតិលេខ២ លេខ៣ និងលេខ៤ ត្រូវបានចាត់ទុកជាផ្លូវជាតិ ដែលហុចសក្ដានុពលក្នុងការវិនិយោគលើវិស័យឧស្សាហកម្ម ក្នុងពេលនៅតាមបណ្ដោយផ្លូវជាតិទាំងនេះ គេឃើញមានបណ្ដុំរោងចក្រ សហគ្រាស និងឃ្លាំងតូចធំនៅអមសងខាង ដែលអាចបញ្ជាក់ពីការបណ្ដាក់ទុនជាបន្តបន្ទាប់ ទៅលើវិស័យឧស្សាហកម្ម ជាពិសេសរោងចក្រកាត់ដេរ ។

លោកប៉ូ អ៊ាវគង់នាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ Advance បានមានប្រសាសន៍ឱ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី៦ កក្កដានេះថា បើយើងក្រលេកទៅមើលតំបន់តាមបណ្ដោយផ្លូវជាតិលេខ២ លេខ៣និងលេខ៤ យើងឃើញបណ្ដុំរោងចក្រ និងឃ្លាំងស្តុកជាច្រើន។ លោកបន្តថា កត្តាដែលទាក់ទាញវិនិយោគិន ងាកទៅរកតំបន់ទាំងនេះ សម្រាប់វិនិយោគដោយសារតែផ្លូវជាតិលេខ២ លេខ៣និងលេខ៤ ជាផ្លូវដែលតភ្ជាប់ទៅកាន់កំពង់ផែទឹកជ្រៅ ខេត្តព្រះសីហនុ និងគម្រោងកំពង់ផែទឹកជ្រៅនៅខេត្តកំពតផងដែរ ។

លោកបន្តថា “ផ្លូវជាតិលេខ២ និងលេខ៣ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ជួសជុលនិងស្ថាបនាថ្មី ដែលធ្វើឱ្យសក្ដានុពលក្នុងការទាក់ទាញ វិនិយោគកាន់តែខ្ពស់ថែម ហើយវិនិយោគិន ក៏កាន់តែចាប់អារម្មណ៍ក្រោយពេលផ្លូវជាតិទាំងនេះ កំពុងសាងសង់ និងកាន់តែជិតរួចរាល់”។

ចំណែកលោកឌិត ចណ្ណាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យឡាក់គី ក៏បានឱ្យផងដែរថា ទោះស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩ ការវិនិយោគលើវិស័យឧស្សាហកម្មនៅតែមានជាបន្តបន្ទាប់ ដែលធ្វើឱ្យវិស័យឧស្សាហកម្ម នៅមានសារៈសំខាន់នៅក្នុងបរិបទកូវីដ​១៩ ។

លោកបន្តថា “ជាការកត់សម្គាល់យើងឃើញថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគ លើវិស័យឧស្សាហកម្មជាច្រើន នៅក្នុងវិបត្តិកូវីដ១៩និងបានបង្កើតឱកាសការងារជាច្រើនដល់ប្រជាពលរដ្ឋកម្ពុជា ក្នុងនោះដែរតំបន់ប៉ែកខាងលិចត្រូវបានមើលឃើញថាទទួលបានគម្រោងវិនិយោគជាច្រើនផងដែរ៕

ដំណឹងល្អៈផ្លូវល្បឿនលឿនឆ្លងកាត់វាលខ្សាច់វែងបំផុតលើពិភពលោក Beijing-Urumqi Expressway ដាក់ឱ្យដំណើរការពេញលេញហើយ

ដោយៈសុខុម

ប៉េកាំង: ផ្លូវល្បឿនលឿនប៉េកាំង-អ៊ូយូមឈី (Beijing-Urumqi Expressway) ដែលជាផ្លូវល្បឿនលឿន ឆ្លងកាត់វាលខ្សាច់វែងបំផុតក្នុងពិភពលោក បានបើកឱ្យធ្វើចរាចរណ៍ពេញលេញកាលពីថ្ងៃពុធ ទី៣០ ខែមិថុនា កន្លងទៅ បន្ទាប់ពីកំណាត់ចុងក្រោយនៃផ្លូវនេះត្រូវបានដាក់ឱ្យដំណើរការ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានចិនXinhuanet បានឱ្យដឹងថា ផ្លូវល្បឿនលឿន ដែលតបភ្ជាប់រដ្ឋធានីប៉េកាំង និងទីក្រុងអ៊ូយូមឈី (Urumqi) ក្នុងតំបន់ភ្នំស្វយ័តស៊ីនជាំង (Xinjiang) ទីដែលជនជាតិភាគតិចវីហ្គួរ រស់នៅនេះមានប្រវែងសរុប២.៨០០គីឡូម៉ែត្រ ដោយក្នុងនោះប្រវែងជាង៥០០គីឡូម៉ែត្រ ឆ្លងកាត់វាលខ្សាច់រហោស្ថាន។

ក្រៅពីក្រុងប៉េកាំង និងតំបន់ភ្នំស្វយ័តស៊ីនជាំង ផ្លូវល្បឿនលឿននេះក៏ឆ្លងកាត់ខេត្តចំនួន៤ផ្សេងទៀតផងដែរ រួមមានខេត្តហឺប៉ី (Hebei) ខេត្តសានស៊ី (Shanxi) តំបន់ស្វយ័ត Inner Mongolia និងខេត្តកានស៊ូ (Gansu)។

ផ្លូវនេះឆ្លងកាត់ចន្លោះពីក្រុងអ៊ូយូមឈី និងទីក្រុងប៉េកាំង ចម្ងាយ១.៣០០គីឡូម៉ែត្រ ហើយវាជាផ្លូវល្បឿនលឿនបំផុតនៅទូទាំងប្រទេសចិន។

កំណាត់ផ្លូវល្បឿនលឿននេះ ដែលស្ថិតក្នុងភូមិសាស្ត្រតំបន់ថ្នាក់ខេត្តផ្សេងៗទៀត បានបើកឱ្យដំណើរការហើយ។

ដោយសារតែបរិស្ថានធម្មជាតិ មិនអំណោយផល និងស្ថានភាពភូមិសាស្ត្រ មានលក្ខណៈស្មុគស្មាញ កំណាត់ឆ្លងកាត់វាលខ្សាច់ នៃផ្លូវល្បឿនលឿននេះក្នុងតំបន់ភ្នំស្វយ័តស៊ីនជាំង ត្រូវបានបង្ហើយចុងក្រោយគេបង្អស់៕

គំរោងអភិវឌ្ឍន៍លំនៅដ្ឋានស្រូបទឹកប្រាក់ជាង២៣០០លានដុល្លារក្នុងរយៈ ពេល៥ខែឆ្នាំនេះ

ដោយៈ វឌ្ឈនៈ

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានសម្រេចអនុម័ត គម្រោងសំណង់លំនៅឋានចំនួន១.៦០៧ ជាមួយទុនវិនិយោគប្រមាណ២.៣៤៩លានដុល្លារអាមេរិក ក្នុងរយៈពេល៥ខែដំបូង ឆ្នាំ២០២១នេះ។ នេះបើតាមរបាយការណ៍និន្នាការសេដ្ឋកិច្ចសង្គមនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចេញផ្សាយនៅដើមខែកក្កដា ២០២១នេះ។

របាយការណ៍បានឱ្យដឹងថា គិតចាប់ពីខែមករា ដល់ដំណាច់ខែឧសភា ឆ្នាំ២០២១ រដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យគម្រោងសាងសង់សរុបចំនួន១.៨២៣គម្រោង ធ្វើការសាងសង់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ មានការធ្លាក់ចុះប្រមាណ ២៧៨គម្រោង។

នៅក្នុងរបាយការណ៍ដដែលនេះបានបង្ហាញថា នៅក្នុងចំណោមគម្រោង ដែលអនុញ្ញាតឱ្យសាងសង់ជាង១៨០០គម្រោងនោះ មានគម្រោងសំណង់លំនៅឋានចំនួន១.៦០៧គម្រោងស្មើនឹងប្រមាណ៨៧,៩ភាគរយ នៃសំណើសុំសាងសង់សរុប ធ្លាក់ចុះចំនួន១៣៩គម្រោង ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ គម្រោងលំនៅឋាន ដែលត្រូវបានអនុញ្ញាតសាងសង់ គិតជាទឹកប្រាក់មានប្រមាណ២.៣៤៩លានដុល្លារអាមេរិកធ្លាក់ចុះ ៣២,៦ភាគរយ។

របាយការណ៍ដដែលនេះបានបង្ហាញទៀតថា រយៈពេល៥ខែ ឆ្នាំ២០២១នេះស្ថានភាព វិនិយោគនៅតែមិនទាន់ល្អប្រសើរឡើងទេ ជាក់ស្ដែងគម្រោងវិនិយោគឯកជនសរុបមានចំនួនតែ៤៥គម្រោង (គម្រោងវិនិយោគឯកជនក្រៅតំបន់សេដ្ឋកិច្ចពិសេស) និងបានធ្លាក់ចុះរហូតដល់ទៅ៤៧គម្រោង មានលទ្ធភាពបង្កើតការងារជូនពលរដ្ឋថ្មីៗ តែ៣ម៉ឺននាក់ប៉ុណ្ណោះ ធ្លាក់ចុះរហូតដល់៥៦,២ភាគរយ មានទុនវិនិយោគសរុប៨២៥លានដុល្លារអាមេរិក ធ្លាក់ចុះ ដល់ទៅ៥៩ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប៉ុន្តែបើសិនជាស្ថានភាពកូវីដ១៩នៅកម្ពុជាប្រសើរមែន តែក្នុងតំបន់និងពិភពលោកនៅតែបន្តធ្ងន់ធ្ងរ វិនិយោគិននិងទេសចរអន្តរជាតិ នៅតែមិនអាចចេញធ្វើដំណើរបាន ដែលធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច វិនិយោគ និងទេសចរណ៍ស្ថិតក្នុងភាពមិនប្រាកដប្រជាដដែល។

ការកត់សម្គាល់ស្ថានភាពអភិវឌ្ឍន៍ នៅក្នុងប្រទេសកម្ពុជារយៈពេលកន្លះឆ្នាំមកនេះ ក៏នៅតែមានបន្តដដែល ទោះបីជាស្ថានភាពកូវីដ១៩ ក្នុងស្រុករាលដាលខ្លាំងនិងឈានដល់ការបិទទីក្រុងធំៗពីរនៅកម្ពុជាក្ដី ទាំងការអភិវឌ្ឍលំនៅឋានសម្រាប់ផ្គត់ផ្គង់ទៅកាន់តម្រូវការជាក់ស្ដែង និងសកម្មភាពនៃការវិនិយោគលើវិស័យមួយចំនួនទៀតផងដែរ។

ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា អ្នកឧកញ៉ាលី ហួរបានមានប្រសាសន៍ថា ទីផ្សារលំនៅដ្ឋាននៅតែបន្តទៅមុខ ប៉ុន្តែគំរោងអភិវឌ្ឍន៍ថ្មីៗមិនសូវមានការវិនិយោគច្រើននៅឡើយទេ ដោយសារការព្រួយបារម្ភពីជំងឺកូវីដ។

លោកបន្តថា “យ៉ាងណាគំរោងដែលស្ថិតនៅទីតាំងល្អៗ នៅតែបន្តលក់បាន និងអ្នកវិនិយោគនៅតែបន្តអភិវឌ្ឍន៍ជាបន្តបន្ទាប់ផងដែរ”៕

សហគ្រិនស្រ្តីវ័យក្មេងផ្តល់ឱកាសការងារដល់ស្រ្តី និងយុវតីលើការលក់ផលិតផល ថែររក្សាសម្រស់

ដោយៈគង់ សូរិយា

ភ្នំពេញៈ សហគ្រិនស្រ្តីវ័យក្មេងកម្ពុជាបាន និងកំពុងផ្តល់ឱកាសការងារដល់ស្រ្តី ដែលអាចរកប្រាក់ចំណូល ពីការលក់ផលិតផលថែររក្សាសម្រស់ និងសុខភាព ដែលស្រ្តីនិងយុវវ័យអាចរកចំណូលបាន ពីការលក់ផលិតផលក្រៅម៉ោងធ្វើការ ដើម្បីរកចំណូលបន្ថែម។ ក្រុមហ៊ុនមានជំនួយក្នុងការបង្រៀន  ដូចជារបៀបធ្វេីទីផ្សារ  រួមទាំងការកាត់តរូបភាព  និង  វីដេអូ  ជាដេីម ។

អំឡុងវិបត្តិកូវីដ១៩ ស្រ្តីជាច្រើនបាននិងកំពុងជួបការលំបាក ដោយបាត់បង់ការងារ បាត់បង់ចំណូល ហេតុនេះការស្វែងរកការងារថ្មីឬការងារបន្ថែម ដែលជាប្រភពចំណូលទី២របស់ពួកគេមានសារៈសំខាន់ណាស់ ដើម្បីជួយលើកកំពស់ជីវភាពគ្រួសាររបស់ខ្លួន។

អ្នកស្រី កែវ សុចិន្តា  ជាដៃគូសហការក្នុងនាំចូលផលិតផលថែរក្សាសម្រស់ និងសុខភាព  ម៉ាកMadamDa មកពីប្រទេសថៃបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី៦ កក្កដានេះថា ដោយមើលឃើញការថែរក្សាសម្រស់ និងសុខភាព ជាផ្នែកមួយនៃការលើកកំពស់គុណតម្លៃស្រ្តីក្នុងសង្គម និងចង់ចូលរួមចំណែកលើកកំពស់សុខភាពប្រជាពលរដ្ឋ ទើបលោកស្រីសម្រេចចិត្តចាប់ដៃគូសហការក្នុងការចែកចែកផលិតផលនេះ នៅលើទីផ្សារ ក្នុងតម្លៃសមរម្យជាមួយនឹងគុណភាពខ្ពស់។

អ្នកស្រីបន្តថា “ផលិតផលទាំងនេះ សុទ្ធ តែផលិតផលមានគុណភាពខ្ពស់ និង ស្តង់ដារពិតប្រាកដ ហេតុនេះទើបសម្រេចចែកចាយផលិតផលនេះ ដើម្បីជួយផ្តល់ប្រាក់ចំណូល និងលើកកំពស់សុខភាពដល់ប្រជាពលរដ្ឋកម្ពុជា”។

អ្នកស្រីបន្តថា “ជាមួយនឹងទំនុកចិត្តពីម្ចាស់ផលិតផល យើងមានទីតាំងសម្រាប់ដាក់បង្ហាញផលិតផលនេះ ត្រឹមត្រូវនិងស្តង់ដា ក្នុងគំរោងThe Point Community Mall នៅទល់មុខស្ថានទូតចិន”។

ផលិតផលម៉ាកMadamDa ដែលបាននាំចូលរួមមានសាប៊ូកក់សក់ សាប៊ូដុសខ្លួន សាប៊ូដុសមុខ សាប៊ូអនាម័យស្រ្តី ហ្វាយប័រ ឡេលាបមុខនៅពេលយប់ជាដើម ហើយផលិតផលនេះមាននៅបណ្តាប្រទេសមួយចំនួនជិត ៤ ឆ្នាំកន្លងមកហើយ។

អ្នកស្រី កែវ សុចិន្តា បានបន្តថា ជាមួយនឹងការសហការលក់ផលិតផលនេះ ជាផ្នែកមួយ នៃការពង្រីកទីផ្សារបស់ក្រុមហ៊ុននៅប្រទេសថៃ ប៉ុន្តែលោកស្រីតែងតែគិតសុខភាព និងគុណភាពផលិតផលជាចម្បង ដោយធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋទិញយកទៅប្រើប្រាស់មានប្រសិទ្ឋភាពខ្ពស់ ពិសេសផលិតផលនេះ ស័ក្តិសមនឹងលក្ខខ័ណ្ឌអាកាសធាតុ ស្បែករបស់ពលរដ្ឋកម្ពុជា។

អ្នកស្រីបន្តរថា “MadamDa ចូលរួមលើកកំពស់សុខភាពស្រ្តី និងបុរសកម្ពុជាសមស្របនឹងលក្ខខ័ណ្ឌជីវភាពរបស់ប្រជាពលរដ្ឋ និងមានភាពសមស្របជាមួយនឹងគុណភាព និងចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់”។

អតិថិជន ឬអ្នកចង់ធ្វើជាតំណាងចែកចាយ សូមទំនាក់ទំនងលេខទូរស័ព្ទ012 969 199, 081 306 555៕

ក្រុមហ៊ុន HyalRoute Group បោះទុនវិនិយោគ៥០០លានដុល្លារ លើគម្រោងតបណ្ដាញអ៊ីនធឺណិតល្បឿនលឿននៅហ្វីលីពីន

សុខុម

ម៉ានីល: HyalRoute Group ដែលជាក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធបណ្តាញខ្សែកាបហ្វាយបឺអុបទិកសម្រាប់អ៊ីនធឺណិតល្បឿនលឿនមានមូលដ្ឋាននៅសិង្ហបុរី ទម្លាយឱ្យដឹងថា ខ្លួនបានបោះទុនវិនិយោគដំបូងចំនួន៥០០លានដុល្លារ ក្នុងប្រទេសហ្វីលីពីន។

យោងតាមសារព័ត៌មាន Inquirer ចុះផ្សាយនៅថ្ងៃទី៦ កក្កដា នេះឱ្យដឹងថា ការវិនិយោគដំណាក់កាលដំបូងនេះគឺសម្រាប់ការបញ្ចប់ដំណាក់កាលមួយនៃការតបណ្ដាញអ៊ីនធឺណិតក្នុងប្រទេសហ្វីលីពីន តាមរយៈកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាល។

លោក Hendrick Huang នាយករងក្រុមហ៊ុន Philippines Fiber Optic Cable Network (PFOCN) ដែលជាបុត្រសម្ព័ន្ធរបស់ HyalRoute Group បានថ្លែងថា ការបោះទុនវិនិយោគនេះនឹងត្រួសត្រាយផ្លូវសម្រាប់អ៊ីនធឺណិតល្បឿនលឿនដែលមានតម្លៃថោកជាងមុននៅតាម “តំបន់ក្រុងបន្ថែមទៀត” ក្នុងរយៈពេល២ឆ្នាំខាងមុខ។

តាមរយៈសេចក្តីថ្លែងការណ៍ចេញមួយកាលពីថ្ងៃច័ន្ទ ទី៥ កក្កដា លោក Hendrick Huang លើកឡើងថា ក្រុមហ៊ុនគ្រោងបញ្ចប់ការតបណ្ដាញអ៊ឺនធឺណិតល្បឿនលឿនឱ្យបានប្រវែងប្រមាណ១៦.០០០គីឡូម៉ែត្រនៅត្រឹមដំណាច់ឆ្នាំនេះ។

នេះគឺជាផ្នែកមួយនៃផែនការរយៈពេលជិតមួយទសវត្សរ៍ដែលបានចាប់ផ្តើមពីឆ្នាំ២០១៩ ដើម្បីវិនិយោគក្នុងទំហំទឹកប្រាក់ជាង៣ពាន់លានដុល្លារ និងបញ្ចប់ការតបណ្ដាញអ៊ីនធឺណិតល្បឿនលឿនប្រវែង៦០.០០០គីឡូម៉ែត្រទូទាំងប្រទេសហ្វីលីពីន។

ក្រុមហ៊ុន HyalRoute Group ដែលសាងសង់ និងធ្វើប្រតិបត្តិការបណ្តាញខ្សែកាបហ្វាយបឺអុបទិកសម្រាប់អ៊ីនធឺណិតល្បឿនលឿនក្នុងប្រទេសមីយ៉ាន់ម៉ា និងប្រទេសកម្ពុជា ផងដែរនោះបានគូសបញ្ជាក់ថា ក្រុមហ៊ុន PFOCN បានចុះកិច្ចព្រមព្រៀងជាមួយក្រសួងបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (DICT) នៃប្រទេសហ្វីលីពីន រួចហើយសម្រាប់ការចាប់ផ្តើមដំណើរការរបស់ខ្លូននៅក្នុងស្រុក។

អ្នកតំណាងក្រុមហ៊ុនបានលើកឡើងថា ក្រុមហ៊ុននេះនឹងក្លាយជា “ក្រុមហ៊ុនផ្តល់ហេដ្ឋារចនាសម្ព័ន្ធដ៏ធំ” ដូច្នេះហើយមិនត្រូវការ Franchise ដើម្បីសាងសង់ និងរក្សាបណ្ដាញអ៊ីនធឺណិតនេះឡើយ។

ក្រុមហ៊ុន PFOCN លើកឡើងថា ខ្លួនក៏គ្មានដៃគូសហការក្នុងស្រុកនោះដែរ ប៉ុន្តែបានបញ្ជាក់ថា ខ្លួនធ្លាប់បានចុះកិច្ចព្រមព្រៀងជាមួយ Now Telecom Co. Inc ដែលជាក្រុមហ៊ុនផ្ដល់អាជ្ញាប័ណ្ណទូរគមនាគមន៍ក្នុងស្រុក។

ព័ត៌មានលើគេហទំព័ររបស់ក្រុមហ៊ុន HyalRoute Group បានបង្ហាញថា បណ្តាញខ្សែកាបហ្វាយបឺអុបទិកសម្រាប់អ៊ីនធឺណិតល្បឿនលឿនរបស់ខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា មានប្រវែង២៧.៤៨០ គីឡូម៉ែត្រ និងប្រវែង២១.៨០៩គីឡូម៉ែត្រក្នុងប្រទេសកម្ពុជា។

បន្ទាប់ពីចុះកិច្ចព្រមព្រៀងជាមួយក្រសួងបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ហ្វីលីពីន ក្នុងឆ្នាំ២០១៩ ក្រុមហ៊ុន PFOCN បានអះអាងថា បណ្តាញខ្សែកាបហ្វាយបឺអុបទិកសម្រាប់អ៊ីនធឺណិតល្បឿនលឿនទូទាំងប្រទេសនេះនឹងបញ្ចប់ជាដំណាក់កាលខុសៗគ្នារហូតដល់ឆ្នាំ២០២៨។

ក្រុមហ៊ុនបានបង្ហាញទំនុកចិត្តថា ខ្លួននឹងអាចបញ្ចប់យ៉ាងហោចណាស់ពាក់កណ្តាលនៃគម្រោង ឬតភ្ជាប់បណ្ដាញឱ្យបានប្រវែង៣០.០០០គីឡូម៉ែត្រនៅត្រឹមឆ្នាំ២០២៤ ថ្វីបើមានការរឹតបន្តឹងការធ្វើដំណើរអំឡុងវិបត្តិកូវីដ-១៩ យ៉ាងណាក្ដី៕

​​រដ្ឋាភិបាលអនុម័តគំរោងសំណង់នានាចំនួនជាង១៨០០នៅរយៈពេល៥ខែដំបូង

ដោយៈ វឌ្ឈនៈ

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានអនុញ្ញាត និងអនុម័តឱ្យគម្រោងសាងសង់សរុបចំនួន១.៨២៣គម្រោងធ្វើការសាងសង់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០មានការធ្លាក់ចុះប្រមាណ២៧៨គម្រោង។ នេះបើតាមរបាយការណ៍និន្នាការសេដ្ឋកិច្ចសង្គមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញផ្សាយនៅដើមខែកក្កដា ២០២១នេះ ។

នៅក្នុងរបាយការណ៍ដដែលនេះ បានបង្ហាញថានៅក្នុងចំណោមគម្រោង ដែលអនុញ្ញាតឱ្យសាងសង់ជាង១៨០០គម្រោងនោះ មានគម្រោងសំណង់លំនៅឋានចំនួន១.៦០៧គម្រោង ស្មើនឹងប្រមាណ៨៧,៩ភាគរយ នៃសំណើសុំសាងសង់សរុប ធ្លាក់ចុះចំនួន១៣៩គម្រោង ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ គម្រោងលំនៅឋានដែលត្រូវបានអនុញ្ញាតសាងសង់ គិតជាទឹកប្រាក់មានប្រមាណ២.៣៤៩លានដុល្លារអាមេរិកធ្លាក់ចុះ ៣២,៦ភាគរយ។

របាយការណ៍ដដែលនេះបង្ហាញទៀតថា រយៈពេល៥ខែ ឆ្នាំ២០២១នេះ ស្ថានភាព វិនិយោគនៅតែមិនទាន់ល្អប្រសើរឡើងទេ។ ជាក់ស្ដែងគម្រោងវិនិយោគឯកជនសរុបមានចំនួនតែ៤៥គម្រោង (គម្រោងវិនិយោគឯកជនក្រៅតំបន់សេដ្ឋកិច្ចពិសេស) និងបានធ្លាក់ចុះរហូតដល់ទៅ៤៧គម្រោង មានលទ្ធភាពបង្កើតការងារជូនពលរដ្ឋថ្មីៗតែ៣ម៉ឺននាក់ប៉ុណ្ណោះ ធ្លាក់ចុះរហូតដល់៥៦,២ភាគរយ មានទុនវិនិយោគសរុប៨២៥លានដុល្លារអាមេរិក ធ្លាក់ចុះ ដល់ទៅ៥៩ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

អ្នកជំនាញនៃវិស័យអចលវត្ថុកម្ពុជាបានរំពឹងថា បើសិនជាស្ថានភាពកូវីដ១៩ មានភាពល្អប្រសើរឡើងវិញ នៅដំណាច់ឆ្នាំនេះ វិនិយោគិនបរទេសនឹងចូលមកស្វែងរកការវិនិយោគឡើយវិញ នៅក្នុងប្រទេសកម្ពុជាលើវិស័យផ្សេងៗ  ក្នុងនោះក៏មានវិស័យអចលនទ្រព្យផងដែរ ប៉ុន្តែបើសិនជាស្ថានភាពកូវីដ១៩នៅកម្ពុជាប្រសើរមែន តែក្នុងតំបន់និងពិភ​ពលោកនៅតែបន្តធ្ងន់ធ្ងរ វិនិយោគិននិងទេសចរអន្តរជាតិ នៅតែមិនអាចចេញធ្វើដំណើរបាន ដែលធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច វិនិយោគ និងទេសចរណ៍ស្ថិតក្នុងភាពមិនប្រាកដប្រជាដដែល។

ការកត់សម្គាល់ស្ថានភាពអភិវឌ្ឍន៍ នៅក្នុងប្រទេសកម្ពុជារយៈពេលកន្លះឆ្នាំមកនេះ ក៏នៅតែមានបន្តដដែល ទោះបីជាស្ថានភាពកូវីដ១៩ ក្នុងស្រុករាលដាលខ្លាំងនិងឈានដល់ការបិទទីក្រុងធំៗពីរនៅកម្ពុជាក្ដី ទាំងការអភិវឌ្ឍលំនៅឋានសម្រាប់ផ្គត់ផ្គង់ទៅកាន់តម្រូវការជាក់ស្ដែង និងសកម្មភាពនៃការវិនិយោគ លើវិស័យមួយចំនួនទៀតផងដែរ​៕