សម្ដេចតេជោ ហ៊ុន សែន សម្រេចបង្កើត «ក្រុមការងាររាជរដ្ឋាភិបាលនិងឯកជន ដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ១៩»

ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្ដីសម្រេចស្ដីពីការបង្កើត «ក្រុមការងាររាជរដ្ឋាភិបាលនិងឯកជន ដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩»។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១។

ក្រុមការងាររាជរដ្ឋាភិបាលនេះ គឺមានលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធាន រួមជាមួយអនុប្រធានប្រចាំការចំនួន ១ រូប អនុប្រធានចំនួ ន ៧ រូប និងសមាជិកចំនួន ៣៥ រូបទៀត ដែលមានតួនាទី-ភារកិច្ចដើម្បីដឹកនាំ ចាត់ចែង និងតាមដានត្រួតពិនិត្យការអនុវត្ត «ផែនទីចង្អុលផ្លូវស្ដីពីផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩» ព្រមទាំងការងារចំពោះមុខផ្សេងទៀតតាមការប្រគល់របស់រាជរដ្ឋាភិបាល។

ផ្លូវជាតិតភ្ជាប់ក្រុងសៀមរាប និងបាត់ដំបងនឹងឆ្លងកាត់ស្រុកចំនួន៥នៃខេត្ត ចំនួនបីនៅភូមិភាគពាយ័ព្យ

ដោយៈគង់ សូរិយា

ពាយ័ព្យប្រទេសៈ គំរោងសាងសង់ផ្កូវជាតិ១ខ្សែថ្មី តភ្ជាប់ពីក្រុងសៀបរាប ទៅកាន់ខេត្តបាត់ដំបង ដែលមាបចម្ងាយប្រមាណ៧០គីឡូម៉ែត្របាន និងកំពុងលេចចេញនូវទីតាំងមួយចំនួនហើយ។

ផ្លូវ​កាត់​ពី​សៀមរាប​ទៅ​បាត់​ដំបង មានប្រវែង​៧០គីឡូម៉ែត្រ ជិត​ជាង​ផ្លូវ​ចាស់​ជាង ១០០គីឡូម៉ែត្រ ដោយ​​ឆ្លងកាត់​ខេត្ត​ចំនួន​៣ មាន​ខេត្ត​បាត់ដំបង បន្ទាយ​មានជ័យ និង​ខេត្ត​សៀមរាប ហើយ​ជា​ផ្លូវ​សម្រាប់​ត​ភ្ជាប់​តំបន់​ទឹក​លិចនៃ​បឹង​ទន្លេសាប​។

តាម​ការ​សិក្សា​របស់ក្រុមហ៊ុនចិនបានឲ្យដឹងថា ទីតាំង​ផ្លូវ​នេះ​ចាប់ផ្តើម​ពី​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច PK302+325 ម៉ែត្រ ឆ្ពោះ​ទៅ​ចំណុច​បញ្ចប់​​នៅ​ផ្លូវ​លេខ​៦ ត្រង់ចំណុច PK343+100ម៉ែត្រ មាន​ចម្ងាយ៧២,១៥៤គីឡូ​ម៉ែត្រ ដោយ​កាត់បន្ថយ​ពេលវេលា និង​ចម្ងាយ​ជាង១០០គីឡូម៉ែត្រ ដោយ​ឆ្លង​កាត់៥ស្រុក ក្នុង​នោះ ឆ្លងកាត់​បឹងទន្លេសាប ត្រង់តំបន់៣ នៅក្នុងខេត្តបាត់ដំបង មានប្រវែង៣៦.៣៩០ ម៉ែត្រ មានឃុំ ៤ និងស្រុក២ គឺស្រុកថ្មគោល និងឯកភ្នំ។ ខេត្តបន្ទាយមានជ័យ ឆ្លងកាត់​ស្រុក​ព្រះនេត្រព្រះ និង​ខេត្តសៀមរាប ឆ្លងកាត់២ ស្រុកគឺ​ស្រុក​ក្រឡាញ់ និង​ស្រុក​ពួក។

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ការស្ថាបនាផ្លូវថ្មីនេះមានគោលបំណងសំខាន់ៗចំនួន៣ ដូចជា ទី១ សម្រួលការធ្វើដំណើរពីខេត្តសៀមរាប ទៅកាន់ក្រុងបាត់ដំបង ដែលធ្វើឲ្យចម្ងាយផ្លូវជិតជាងមុ​ន ទី២ នឹងជួយលើកកំពស់ទេសចរណ៍នៅខេត្តបាត់ដំបង ដោ​យធ្វើយ៉ាងណាឲ្យភ្ញៀវទេសចរណ៍អន្តរជាតិ ចេញពីក្រុងសៀមរាប ទៅសំរាកនៅខេត្តបាត់​ដំបង ដើម្បីទាក់ទាញភ្ញៀវឲ្យចាយលុយច្រើន និងស្នាក់នៅកម្ពុជាយូរ និងចំណុចទី៣ នឹងមានការសាងសង់ប៉ម សម្រាប់ភ្ញៀវទេសចរណ៍សំរាកលំហែរលើបឹងទន្លេសាប ដើម្បីគយគន់សត្វស្លាប និងទេសភាពបឹងទន្លេសាប។

លោកបន្តថា “ទោះជាយ៉ាងណាការសាងសង់ផ្លូវនេះ មិនដឹងចាប់ផ្តើមនៅពេលណាពិតប្រាកដទេ ប៉ុន្តែវាជាគំរោងអាទិភាពមួយដែលឯកឧត្តមទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលចង់បាន និងបានដាក់ស្នើទៅប្រមុខរដ្ឋាភិបាល”។ លោកបន្តថា “យ៉ាងណាក៏ដោយវាជាគំរោងអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា”៕

មន្រ្តីជាន់ខ្ពស់កម្ពុជាបីរូបបានអះអាងពីផលប្រយោជន៍នៃទំនាក់ទំនងរវាងកម្ពុជាចិន លើពាណិជ្ជកម្ម និងការពារអធិបតេ្យភាពកម្ពុជា

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាចំនួនបីរូប សុទ្ឋតែបានអះអាងពីទំនាក់ទំនងកម្ពុជា ចិនជាតំនាក់ទំនងល្អប្រសើរ ដោយឈរលើមូលដ្ឋានផលប្រយោជន៍ទៅវិញទៅមកលើការធ្វើពាណិជ្ជកម្ម ការពារអធិបតេយ្យភាពកម្ពុជា និងការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ។

មន្រ្តីជាន់ខ្ពស់កម្ពុជាបីរូបនោះរួមមានលោកឧបនាយករដ្ឋមន្រ្តីប៊ិន ឈិនរដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី លោកសុខ សុភ័ក្ររដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោកបណ្ឌិតសភាចារ្យសុខ ទូចប្រធានរាជបណ្ឌិតសភាកម្ពុជា។

ថ្លែងក្នុងវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី២៖ ដំណាក់កាលថ្មីនៃការអភិវឌ្ឍទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន នៅថ្ងៃទី២៨ ខេកក្កដានេះ លោកសុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ចិនក្រៅតែជាដៃគូពាណិជ្ជកម្មដ៏សំខាន់ របស់កម្ពុជាហើយនោះ កម្ពុជានិងចិន ក៏ជាដៃគូដ៏សកម្ម និងមិនអាចខ្វះបាន ក្នុងការរៀបចំគោលនយោបាយ និងចរចារពាណិជ្ជកម្ម ទាំងក្នុងតំបន់ និងពិភពលោក។

លោកបន្តថា “ក្នុងរយៈកាលជាច្រើនឆ្នាំកន្លងមកហើយ តួលេខនៃការធ្វើពាណិជ្ជកម្មបានបង្ហាញយ៉ាងច្បាស់ថា ចិនជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា។ លោកបន្តថា មិនតែប៉ុណ្ណោះ កម្ពុជានិងចិន គឺជាដៃគូដ៏សកម្ម និងមិនអាចខ្វះបាន នៅក្នុងការរៀបចំគោលនយោបាយនិងចរចាពាណិជ្ជកម្ម ទាំងក្នុងក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក និងក្នុងកំរិតតំបន់

លោកបន្តថា ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំហំពាណិជ្ជកម្មរវាងអាស៊ាន-ចិន និងកម្ពុជា-ចិន មានការកើនឡើងគួរឱ្យកត់សម្គាល់ និងជាទីមោទនភាពបំផុត។ ការរីកចម្រើននៃសេដ្ឋកិច្ចរបស់ចិន បានដើរតួជាគំនាស់សេដ្ឋកិច្ចតំបន់ និងពិភពលោក។ បើពិនិត្យក្នុងឆ្នាំ២០១៩, ទំហំពាណិជ្ជកម្មទំនិញរវាងអាស៊ាន-ចិនមានចំនួនប្រមាណ ៦៤១ ០០០ លានដុល្លារអាមេរិក គឺកើនទ្បើងចំនួន ៩% បើធៀបនឹងឆ្នាំ២០១៨ ដែលមានត្រឹមប្រមាណ ៥៨៩ ០០០ លានដុល្លារអាមេរិក។ រីឯក្នុងឆ្នាំ២០២០ ពាណិជ្ជកម្មសរុបរវាងអាស៊ាន និងចិនមានចំនួនប្រមាណ៦៨៥,០០០ លានដុល្លារអាមេរិក បានកើន៧% ធៀបនឹងឆ្នាំ២០១៩។

ជាមួយគ្នានេះ លោកបណ្ឌិតសុខ ទូចប្រធានរាជបណ្ឌិតសភាកម្ពុជាបានមានប្រ​សាសន៍ឲ្យដឹងផងដែរថា ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ជានិច្ចកាលតែងឈរលើមូលដ្ឋាននៃការគោរពអធិបតេយ្យ និងមិនជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងផងគ្នា និងគោរ​ព​ផលប្រយោជន៍គ្នាទៅវិញទៅមក។

លោកបន្តថា កម្ពុជាតែងប្រកាន់ខ្ជាប់នូវគោលជំហរគោរព គោលនយាបាយចិន មួយ។ លើសពីនេះទៅទៀត កម្ពុជាក៏មាន ទំនាក់ទំនងល្អផងដែរជាមួយប្រទេសចិន ទាំងទ្វេភាគី និងពហុភាគី ក្នុងក្របខណ្ឌ អាស៊ាន ដូចជា អាស៊ាន+៣ អាស៊ាន+១ និងក្នុងក្របខណ្ឌមហាអនុតំបន់ទន្លេមេគង្គ និងយន្តការអន្តរជាតិដទៃទៀត

លោក សុខ ទូច បានបញ្ជាក់ទៀតថា ក្នងកម្រិតនយោបាយ យើងឃើញថា ទំនាក់ទំនងរវាងប្រទេសយើងទាំង ពីរពេលនេះបានមកដល់ចំណុចមួយគួរឱ្យមោទនៈ និងប្រកបដោយក្តីអំណរ ប៉ុន្តែក្នុងកម្រិតប្រជាជន ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ត្រូវបានឆ្លុះបញ្ចាំង ក្នុងរូបភាពអវិជ្ជមានមួយចំនួននៅឡើយ។

ក្នុងស្ថានភាពនេះ វាទាមទារឱ្យយើងដែលជាអ្នកវិទ្យាសាស្ត្រ អង្គុយតុជាមួយគ្នាដើម្បីជជែកពិភាក្សា ដោយលើកយកបញ្ហាប្រឈមនានា ដែលមានពីមុនមក និងកំពុងមាន យកមកបកស្រាយ និងស្វែងរកដំណោះស្រាយសមស្រប ដើម្បីផ្តល់ជាធាតុចូលជូនដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរ និងជាស្ពានទំនាក់ទំនងរវាងប្រជាជនយើងទាំងពីរ កម្ពុជា-ចិន។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រីប៊ិន ឈិនបានមានប្រសាសន៍ឲ្យដឹងផងដែរថា ទំនាក់ទំនងកម្ពុជា-ចិន បានស្ដែងឡើងក្នុងរូបភាពជាបងប្អូនល្អ និងជាដៃគូល្អ។ សព្វថ្ងៃប្រទេសចិន ជាប្រទេសដែលបានផ្តល់ជំនួយច្រើនជាងគេដល់កម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រីបន្ថែមថា “ទំនាក់ទំនងរវាងប្រទេសទាំងពីរ តែងឈរលើមូលដ្ឋាននៃការគោរពអធិបតេយ្យ និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នា និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។ លោកបន្តថា កម្ពុជាតែងប្រកាន់ខ្ជាប់នូវគោលជំហរគោរពគោលនយាបាយចិនតែមួយ និងគាំទ្រគោលនយោបាយគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI) និងការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដើម្បីឈានទៅតភ្ជាប់បណ្ដាប្រទេសក្នុងតំបន់អាស៊ីទាំងមូល

លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសរំលេចផងដែរពីការចូលរួមចំណែកដ៏សំខាន់របស់ចិន ក្នុងការជួយកសាង និងអភិវឌ្ឍកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា នៅក្នុងវិស័យពាណិជ្ជកម្មនិងវិនិយោគ ដែលក្នុងនោះគិតមកដល់ឆ្នាំ២០១៩ ទំហំ​ពាណិជ្ជកម្មរវាងកម្ពុជា និងចិន សម្រេចបានប្រមាណជាង៨ពាន់លានដុល្លារ ហើយនៅក្នុងឆ្នាំ២០២០ កម្ពុជា និងចិនបានសម្រេចចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីរ។

លោកបានចាត់ទុក “ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ គឺជាការចាប់ផ្តើមនៃយុគសម័យថ្មី នៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសយើងទាំងពីរ”។

លោកឧបនាយករដ្ឋមន្រ្តីប៊ិន ឈិនបានបន្តថា ខ្ញុំជឿជាក់ថា យើងទាំងអស់គ្នា សុទ្ធតែបានដឹង មិនថាស្ថិតនៅក្នុងកាលៈទេសៈបែបណាទេ ប្រទេសចិនតែងផ្តល់ការជ្រោ​មជ្រែង និងគាំទ្រដល់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍ ដោយសមស្របទៅនឹងស្ថានភាពរបស់ប្រទេសខ្លួន ជាពិសេស ផ្តល់ការគាំទ្រដល់ប្រទេសកម្ពុជាក្នុងការរក្សាស្ថិរភាព និងពន្លឿនការអភិវឌ្ឍ

ព្រមជាមួយគ្នានេះ សហគ្រាសចិនក៏បានរួមចំណែកយ៉ាងសកម្ម ក្នុងការកសាងស្ពាននិងផ្លូវថ្នល់នៅប្រទេសកម្ពុជា ដែលជាការរួមវិភាគទាន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិនិងកែលម្អជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសកម្ពុជាផងដែរ

លោកឧបនាយករដ្ឋមន្ត្រីបន្ថែមថា ខ្ញុំជឿជាក់ថា ប្រទេសចិនក៏បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការស្តារសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្នុងអំឡុងពេលនិងក្រោយកូវីដ-១៩ ផងដែរ។ ក្នុងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ទំនាក់ទំនងកម្ពុជា-ចិន បានស្ថិតក្នុងកម្រិតមួយខ្ពស់ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ

 

រាជរដ្ឋាភិបាលគ្រោងបង្កើនចំណាយទៅលើវិស័យ៤អាទិភាពសម្រាប់ឆ្នាំ២០២២

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបង្កើតសេចក្ដីព្រាងច្បាប់ស្ដីពី ហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០២២ ដោយគ្រោងនឹងបង្កើនការចំណាយទៅលើវិស័យសំខាន់ៗចំនួន៤ រួមមានវិស័យសុខាភិបាល វិស័យការពារជាតិ វិស័យសាធារណការ និងដឹកជញ្ជូន និងវិស័យកសិកម្មអភិវឌ្ឍន៍ជនបទ។

យោងតាមសេចក្តីប្រកាសរបស់រដ្ឋសភាជាតិនៃកម្ពុជា នៅក្នុងសិក្ខាសាលាស្ដីពីការកសាងម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ដើម្បីឈានទៅការធ្វើសេចក្ដីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០២២ កាលពីព្រឹកថ្ងៃទី២៨ កក្កដា ២០២១។

តាមគម្រោងនៃការបង្កើតសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុ សម្រាប់ឆ្នាំ២០២២ រាជរដ្ឋាភិបាល និងស្ថាប័ននីតិប្បញ្ញត្តិ នឹងពិនិត្យបង្កើនកញ្ចប់ថវិកា លើសុខភាពសាធារណៈនៃក្រសួងសុខាភិបាល សម្រាប់ចំណាយលើការទិញវ៉ាក់សាំង ការពារជំងឺកូវីដ១៩ និងថ្នាំសង្កូវ។

លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការទី២នៃរដ្ឋសភាមានប្រសាសន៍បញ្ជាក់ថា ស្ថិតនៅក្នុងបរិបទ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានកាត់បន្ថយ រាល់ការចំណាយនានា ដែលពុំចាំបាច់ នៅតាមក្រសួង និងស្ថាប័នរដ្ឋ ជាការចូលរួមសន្សំសំចៃ និងបានណែនាំដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ និងប្រជាពលរដ្ឋទាំងអស់ ត្រូវរៀនរស់នៅតាមគន្លងថ្មីក្នុងបរិបទកូវីដ១៩។

រាជរដ្ឋាភិបាល បានខិតខំស្វែងរកថវិកា និងជំនួយសប្បុរសធម៌ទិញវ៉ាក់សាំងមកចាក់ជូន ប្រជាពលរដ្ឋចាប់ពីអាយុចាប់ពី១៨ឆ្នាំឡើងទៅចំនួន ១០លាននាក់ទូទាំងប្រទេ​ស និងចាក់វ៉ាក់សាំងដល់កុមារអាយុ១២ឆ្នាំ ដល់១៧ឆ្នាំ(ប្រមាណ២លាននាក់ ) អនុវត្តចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ដែលជាការគិតគូរដល់សុខុមាលភាពសាធារណ ។

សេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០២២ និងបង្កើនចំនួនលើកញ្ចប់ក្រសួងសុខាភិបាល ក្រសួងកសិកម្ម អភិវឌ្ឍន៍ជនបទ, ក្រសួងសាធារណការ និងដឹកជញ្ជូននិងសន្តិសុខជាតិ (ក្រសួងមហាផ្ទៃ និងការពារជាតិ ) ។ តាមរយៈគំរោងព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ឆ្នាំ ២០២២នេះ រាជរដ្ឋាភិបាល បានត្រៀមបំរុងរួចជាស្រេចលើការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធគ្រប់វិស័យឡើងវិញ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ជាសាកល បាត់បង់អាយុជីវិតប្រជាពលរដ្ឋ និងប៉ះពាល់ចរន្តសេដ្ឋកិច្ចគ្រប់ផ្នែកត្រូវជាប់គាំង។

សេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០២២ ត្រូវការប្រជុំពិភាក្សាអនុម័ត ក្នុងសម័យប្រជុំពេញអង្គគណៈ រដ្ឋមន្ត្រីនាពេលខាងមុខ ក្រោមភាពអធិបតីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសុំការពិភាក្សា អនុម័តពីរដ្ឋសភា ព្រឹទ្ធសភា នឹងដាក់ថ្វាយព្រះមហាក្សត្រ ឡាយព្រះហសត្ថលេខានៅមុនដំណាច់ឆ្នាំ ២០២១ទើបរាជរដ្ឋាភិបាលយកច្បាប់នេះ ទៅអនុវត្តចំណាយថវិកា កសាង អភិវឌ្ឍន៍ជាតិ ។

ក្នុងឆ្នាំ ២០២១នេះ រដ្ឋាភិបាលកម្ពុជាបានបង្កើន ការចំណាយទៅលើការទប់ស្កាត់កូវីដ១៩ច្រើន បន្ថែមពីលើការចំណាយដែលធ្លាប់មានរាល់ដង ក្នុងនោះដែរដូចជាការចំណា​យទៅលើការឧបត្ថម្ភ ពលរដ្ឋក្រីក្រនិងជនងាយរងគ្រោះ

លោកជុំ កុសលៈការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចំនួន១០លាននាក់ នឹងបញ្ចប់ នៅខែតុលាខាងមុខ

ដោយៈគង់ សូរិយា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងព៌តមានបានថ្លែងថា ក្នុងចំនួនប្រជាពលរដ្ឋ១០លាននាក់មានអាយុចាប់ពី១៨ឆ្នាំឡើង ដែលជាគោលដៅរបស់រាជរដ្ឋាភិបាល ត្រូវចាក់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩ ជូនមកដល់ពេលនេះបានជិត៧លាននាក់ និងត្រូវឈានទៅគ្រប់ចំនួនអាចក្នុងខែតុលាឆ្នាំ២០២១ខាងមុខនេះ។

លោកជុំ កុសលទីប្រឹក្សាផ្ទាល់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា និងជា​រដ្ឋលេខាធិការក្រសួងព៌តមាន បានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់លោកនាថ្ងៃទី២៨ កក្កដានេះថា ជាមួយគ្នានេះកុមារ និងយុវជនពីអាយុ១២ដល់១៧ឆ្នាំ ពួកគេនឹងបានទទួលវ៉ាក់សាំងចាប់ពីថ្ងៃអាទិត្យទី ១ ខែសីហាឆ្នាំ២០២១នេះដែរ ។

លោកបន្តថា “នេះគឹជាភ័ព្វសំណាងរបស់ប្រជាពលរដ្ឋកម្ពុជា និងជនជាតិបរទេសដែលកំពុងប្រកបការងារនៅកម្ពុជាផង ដែលបានចាក់វ៉ាក់សាំង ដោយមិនមានការបង់ថ្លៃ និងក្រោមការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោហ៊ុន សែនជាប្រមុខ”។ លោកបន្តថា “យើងនាំគ្នាចាក់វ៉ាក់សាំង ដើម្បីប្រឆាំងមេរោគកូវីដ១៩ ចាក់វា់ក់សាំងដើម្បីការពារអាយុជីវិត មិនមែនចាក់បំផ្លាញជិវិត ដូចពពួកមនុស្សមួយចំនួនបាន និងកំពុងធ្វើវិទ្ធង្សនានោះ

អ្នកជំនាញបីរូបលើកឡើងពីទីផ្សារអាផាតម៉ិន ខុនដូ ការិយាល័យ លំនៅដ្ឋាន ដីធ្លី កំពុងវិវត្តន៍បែបណា

ដោយៈគង់ សូរិយា

ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យកម្ពុជាបានលើកឡើងពីនេះ ពីនោះទាក់ទងនឹងការវិវត្តនៃវិស័យអចលនទ្រព្យបច្ចុប្បន្ន អំឡុងពេលស្ថានភាពជំងឺកូវីដកំពុងវាយលុក ប៉ុន្តែប្រជាជនកម្ពុជាបានចាប់ផ្តើមរៀនរស់នៅជាមួយមេរោគនេះ។

អ្នកស្រីចេវ សុឃុននាយិកកាក្រុមហ៊ុនអចលនទ្រព្យKhat Appraisalបានមានប្រសាសន៍ឲ្យដឹងកាលពីម្សិលម៉ិញនេះថា ទីផ្សារអចលនទ្រព្យនៅតែមានសភាពស្ងប់ស្ងាត់ ដោយបច្ចុប្បន្ននេះយើងមានតែអតិថិជនចាស់ៗ ដែលនៅតែបន្តស្វែងរកអចលនទ្រព្យតម្លៃល្អសំរាបើទិញលក់យកផលចំណេញ។

អ្នកស្រីបន្តថា បើនិយាយពីការិយាល័យ ខុនដូ ហាក់ស្ងប់ស្ងាត់ ប៉ុន្តែលំនៅដ្ឋាននៅតែមានតម្រូវការពីប្រជាពលរដ្ឋក្នុងស្រុក និងទីផ្សារដីធ្លីនៅតែមានចរន្តទិញលក់ តាមតំបន់មួយចំនួន ប៉ុន្តែជាដីដែលមានតម្លៃល្អ។

ចំណែកអ្នកស្រីអាន សុធីតាអ្នកជំនាញនិងវិភាគអចលនទ្រព្យបានមានប្រសាសន៍ឲ្យដឹងផងដែរថា ទីផ្សារនៅតែមានភាពតានតឹង ដោយសារចរន្តទិញលក់ធ្លាក់ចុះ ប៉ុន្តែនិន្នាការនេះ អាចនឹងប្រសើរឡើងវិញនៅឆ្នាំ២០២២ខាងមុខ ខណៈពេលលំហូរទុនវិនិយោគផ្ទាល់ពីបរទេស នៅតែមិនទាន់មានសញ្ញាល្អប្រសើរនៅឡើយ មានន័យថាអ្នកវិនិយោគអន្តរជាតិនៅតែមិនទាន់ចូលមកកម្ពុជានោះទេ។

អ្នកស្រីបន្តថា ចំណែកខុនដូដែលបានសាងសង់ចប់ អាចលក់បានច្រើន ប៉ុន្តែបើខុនដូស្ថិតនៅក្នុងគំរោង ប្រកាសលក់ ប៉ុន្តែមិនទាន់សាងសង់មិនមានសញ្ញាល្អនៅឡើយទេ។

អ្នកស្រីអាន សុធីតាបានបន្តថា “ទោះជាយ៉ាងណាពេលនេះ គឺជាឱកាសសំរាប់អ្នកមានលទ្ឋភាពទិញ អ្នកមានលំហូរសាច់ប្រាក់ល្អ គឺពេលនេះពួកគេវិនិយោគនឹងទទួលបានផលចំណេញខ្ពស់ពីការវិនិយោគ”។អ្នកស្រីបន្តថា “ពេលនេះសំរាប់អ្នកមានលំហូរសាច់ប្រាក់ មានលុយ គឺពួកគេជាអ្នកឈ្នះ”។

ជាមួយគ្នានេះ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaបានមានប្រ​សាសន៍ឲ្យដឹងផងដែរថា ចរន្តនៃការទិញលក់នៅតែមាន សំរាប់អចលនទ្រព្យតម្លៃទាបជាងទីផ្សារ ព្រោះស្ថានភាពបែបនេះ គឺមានអ្នកទិញតិច មានអ្នកលក់ច្រើន បើមានអ្នកទិញច្រើន ម្ចាស់អចលនទ្រព្យឡើងថ្លៃ ប៉ុន្តែអ្វីដែលជាបញ្ហា គឺម្ចាស់អចលនទ្រព្យមួយចំនួន ពួកគេមិនព្រមលក់ មិនព្រមបញ្ចុះតម្លៃ។

លោកបន្តថា ទាក់ទងនឹងទីផ្សារការិយាល័យ គឺមិនសូវដំណើរការល្អនោះទេ ព្រោះការិយាល័យដើរ ទាល់តែមានក្រុមហ៊ុនថ្មីៗបង្កើតច្រើន ប៉ុន្តែពេលនេះមិនមានក្រុមហ៊ុន   ថ្មីៗបង្កើតបានច្រើននោះទេ។ ចំណែកអាផាតម៉ិនក៏ដូចគ្នា មិនសូវមានអ្នកជួលច្រើនទេ ព្រោះអាផាតម៉ិនភាគច្រើនផ្តោតលើជនបរទេស ប៉ុន្តែពេលនេះជនបរទេសមិនមានច្រើនឡើយវបានចូលមកកម្ពុជា។

លោកបណ្ឌិតគីម ហ៊ាងបានបន្តថា ចំណែកខុនដូមិនមានការបារម្ភទេ បើសិនជាលក់តម្លៃល្អ ព្រោះការសាងសង់មានតម្លៃចន្លោះពី៤០០ ទៅ៦០០ដុល្លារក្នុងមួយម៉ែត្រការ៉េ បូកថ្លៃដី២០០ទៅ៣០០ដុល្លារក្នុងមួយម៉ែត្រការ៉េ តម្លៃខុនដូគិតជាមធ្យមមិនលើសពី៨០០ទៅ៩០០ដុល្លារនោះទេ ហេតុនេះបើអ្នកសាងសង់ខុនដូលក់បញ្ចុះតម្លៃមកត្រឹម១២០០ទៅ១៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ នឹងមានអ្នកទិញច្រើន។

លោកបន្តថា “បញ្ហានៅទីនេះគឺមានតែអ្នកឡើងថ្លៃ ប៉ុន្តែមិនព្រមចុះថ្លៃនោះទេ នេះហើយជាបញ្ហាទីផ្សាររបស់យើង”

កម្ពុជា អាមេរិក នៅតែបន្តពួតដៃគ្នាដើម្បីលើកកំពស់ការងារក្នុងវិស័យឧស្សាហកម្មកម្ពុជា

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា និងអាមេរិកនៅតែបន្តធ្វើការរួមគ្នា ដើម្បីលើកកំពស់គុណភាពក្នុងវិស័យការងារនៅកម្ពុជា ដែលជាផ្នែកមួយយ៉ាងសំខាន់ជម្រុញការរីកចម្រើន ក្នុងវិស័យឧស្សាហកម្ម។

លោកបណ្ឌិតអ៊ិត សំហេងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានមានប្រសាសន៍ក្នុងពិធីចុះហត្ថលេខា ជាមួយលោកWilliam Conklin នាយកកម្មវិធីរបស់មជ្ឈមណ្ឌលអាមេរិកកាំង សម្រាប់សាមគ្គីភាពការងារអន្តរជាតិ ( ACILS)  ប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃទី២៨ កក្កដា ២០២១នេះថា “សហរដ្ឋអាមេរិកនៅតែជាដៃគូសំខាន់ ជាមួ​យរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យការងារនៅក្នុងប្រទេសកម្ពុជា”។

លោករដ្ឋមន្រ្តីបន្តថា “អនុស្សរណៈរវាងកម្ពុជា និងមជ្ឈមណ្ឌល ACILS  នឹងក្លាយជាក្របខណ្ឌដ៏សំខាន់មួយបន្តទៀត សម្រាប់កិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង អង្គការ ACILS ដែលនឹងចូលរួមចំណែកក្នុងការអនុវត្តគោល នយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យការងារនៅកម្ពុជា”។

លោកអ៊ិត សំហេងបានបន្ថែម តាមរយៈក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ យើងនឹងរួមគ្នាពង្រឹងការអនុវត្ត គោលនយោបាយពាក់ព័ន្ធនឹងវិស័យការងារ សំដៅឆ្លើយតបទៅនឹងគោលបំណងដែលបានកំណត់ក្នុងអនុស្សរណៈ ដែលនឹងចុះហត្ថលេខារួមគ្នានេះ។

លោកក៏បានសម្តែងនូវការកោតសសើរ លើសមិទ្ធិផលគួរឱ្យកត់សម្គាល់ ដែលទទួលបានពីកិច្ចសហប្រតិបត្តិការ ក្រោមក្របខណ្ឌនៃការអនុវត្តអនុស្សរណៈ នៃការយោគយល់គ្នានេះនាពេលកន្លងមកមាន ដូចជា ការរៀបចំទស្សនកិច្ចសិក្សាត្រីភាគីទៅសហរដ្ឋអាមេរិកចំនួន២លើក នៅក្នុងខែសីហា និងខែតុលា ឆ្នាំ២០១៨ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ពាក់ព័ន្ធនឹងការអនុវត្តសិទ្ធិសេរីភាពរបស់សហជីព នៅក្នុងវិស័យសណ្ឋាគារនិងកាស៊ីណូ ពាក់ព័ន្ធនឹងវិធីសាស្ត្រចរចាជាសមូហភាព ការអប់រំផ្នែកសុវត្ថិភាពចរាចរក្នុងពេលធ្វើដំណើរដល់កម្មករ និយោជិត ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែ​ក​ជើង ពិសេសសារអប់រំកម្មករឱ្យយល់ដឹង និងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ការផ្ដល់ជំនួយបច្ចេកទេសតាមរយៈសហជីព ក្នុងការធ្វើវិសោធនកម្មច្បាប់ស្តីពីសហជីព និងការពង្រឹងសមត្ថភាពសហជីព តាមយៈការរៀបចំវគ្គបណ្ដុះបណ្ដាលនានាដែលពាក់ព័ន្ធនឹងវិស័យច្បាប់ ជាពិសេសច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីបេឡាជាតិសន្តិសុខសង្គម និងបទបញ្ញាត្តិផ្សេងៗ ។

លោក William Conklin នាយកកម្មវិធីនៃមជ្ឈមណ្ឌលACILS បានមើលឃើញពីកិច្ចសហប្រតិបត្តិរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការ ACILSដែលបានប្រឹងប្រែងរួមកិច្ចការជាមួយគ្នា សម្រេចបាននូវលទ្ធផលដ៏គាប់ប្រសើរ។

លោករំពឹងថា តាមយៈការបន្តអនុស្សរណៈនេះ ភាគីទាំងពីរនឹងបង្ហាញពីឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់កម្មករនិយោជិត និងរួមចំណែកក្នុងការលើកម្ពស់សិទ្ធិ លក្ខខណ្ឌការងារ និងសុខដុមរមនានៅកន្លែងការងារ ជាពិសេសការឆ្លើយតប ទៅនឹងស្ថានភាពក្នុងកំឡុងពេល និងក្រោយវិបត្តិកូវីដ-១៩ ។

កម្ពុជាបានសហការ យ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ក្នុងការអនុវត្តការផ្សាភ្ជាប់ពាណិជ្ជកម្មទៅនឹងលក្ខខណ្ឌការងារ តាមរយៈកិច្ចសហការនេះ កម្ពុជាបានខិតខំពង្រឹងការអនុវត្តលក្ខខណ្ឌការងារល្អប្រសើរ ដែលឆ្លើយតបទៅនឹងកង្វល់របស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងអ្នកបញ្ជាទិញធំៗរបស់សហរដ្ឋអាមេរិក សហជីព និយោជក កម្មករនិយោជិត។ ហើយកម្ពុជានៅតែរក្សាបានទីផ្សារ និងកិត្យានុភាពទំនិញដែលផលិតនៅកម្ពុជា៕

ក្រុមហ៊ុន Singapore LNG គ្រោងសាងសង់រោងចម្រាញ់យកសារធាតុគីមីពីឧស្ម័ន

ដោយៈសុខុម

សិង្ហបុរី: ក្រុមហ៊ុន Singapore LNG ដែលជាប្រតិបត្តិករនៃស្ថានីយឧស្ម័នធម្មជាតិរាវ (LNG) របស់ប្រទេសសិង្ហបុរី កំពុងឌីហ្សាញរោងចក្រថ្មីមួយ ដើម្បីចម្រាញ់យកសារធាតុគីមីចេញពីឥន្ធនៈដែលមានថាមពលខ្លាំងនេះ។

យោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃទី២៨ កក្កដា នេះឱ្យដឹងថា គម្រោងនេះ អាចជួយបង្កើនសន្តិសុខថាមពលរបស់ប្រទេសដែនកោះមួយនេះ។

ក្រុមហ៊ុននេះនិយាយនៅថ្ងៃពុធ ទី២៨ ខែកក្កដា នេះថា ខ្លួនកំពុងធ្វើការជាមួយក្រុមហ៊ុន Keppel Infrastructure តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធ Keppel Energy ដែលកាន់កាប់ផ្ដាច់មុខរបស់ខ្លួន និងក្រុមហ៊ុនជាដៃគូសហការមួយផ្សេងទៀត លើផ្នែកវិស្វកម្ម និងការឌីហ្សាញ សម្រាប់រោងចក្រចម្រាញ់ឧស្ម័នធម្មជាតិរាវ នៅស្ថានីយឧស្ម័នធម្មជាតិរាវលើកោះ Jurong Island។

ក្រុមហ៊ុន Singapore LNG និងក្រុមហ៊ុន Keppel Infrastructure បានចេញសេចក្ដីថ្លែងការណ៍រួមថា រោងចក្រនេះនឹងចម្រាញ់យកសារធាតុគីមី ដើម្បីផ្គត់ផ្គត់ដល់រោងចក្រនានានៅលើកោះ Jurong Island សម្រាប់ផលិតនូវផលិតផលគីមីឥន្ធនៈ (petrochemical)។

ក្រុមហ៊ុនទាំងនេះលើកឡើងថា ប្រសិនបើគម្រោងនេះ នៅតែដំណើរការទៅមុខតាមការគ្រោងទុក វានឹងជួយបង្កើនសន្តិសុខថាមពលរបស់ប្រទេសមួយនេះ។

លោក Ow Kai Onn អនុប្រធាន និងជាប្រធានផ្នែកគីមីសាស្ត្រ និងវត្ថុធាតុដើមនៅក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចសិង្ហបុរី បានថ្លែងថា “គម្រោងចម្រាញ់ឧស្ម័នធម្មជាតិរាវនេះមានសក្តានុពលបង្កើនការប្រកួតប្រជែង និងនិរន្តរភាពនៃឧស្សាហកម្មគីមីរបស់យើង”។

តាមការរំពឹងទុក ការងារឌីហ្សាញរោងចក្រនេះ អាចនឹងចំណាយពេលចន្លោះពី១២ខែដល់១៨ខែ ហើយបន្ទាប់ពីការងារឌីហ្សាញចប់ បណ្ដាដៃគូសហការនឹងធ្វើការសម្រេចលើការងារសាងសង់៕

ក្រសួងបរិស្ថានរកឃើញធនជាតិធម្មជាតិពិសេសជាច្រើននៅបឹង “កាដេ”ក្នុងស្រុកក្រូចឆ្មារ និងដាក់ជាតំបន់ការពារធម្មជាតិ

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថាន បានសិក្សារកឃើញនូវធនធានធម្មជាតិ និងជីវៈចម្រុះជាច្រើននៅក្នុង “បឹកកាដេ” ស្ថិតក្នុងឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងបានដាក់បឹងធម្មជាតិនេះ ជាតំបន់ការពារធម្មជាតិ។

យោងតាមព៌តមាន ដែលបានបង្ហោះលើផេកផ្លូវការរបស់ក្រសួងបរិស្ថាន បានឲ្យដឹងថា បឹងកាដេជាតំបន់ដីសើមមួយកន្លែង ដែលមានទីតាំងភូមិសាស្រ្តស្ថិតនៅក្នុងឃុំជីនីក ឃុំរកាខ្នុរ និង​ឃុំឈូក នៃ​ស្រុក​ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ បឹង​នេះ​សំបូរទៅដោយធនធានធម្មជាតិ​ជាច្រើនសន្ធឹក​សន្ធាប់ រួម​មាន ព្រៃ​លិចទឹក៧៥ប្រភេទ មច្ឆជាតិចំនួន៥៦ប្រភេទ សត្វស្លាបចំនួន៦៤ប្រភេទ ល្មូនចំនួន២០ប្រភេទ ថនិកសត្វចំនួន០៩ប្រភេទ និងសិប្បីសត្វចំនួន១០ប្រភេទ ព្រមទាំងមានវត្តមានបណ្ដុំ តែដើមចាប្រមាណ១០០ហិកតា និងបណ្ដុំតែផ្ដៅ និងល្ពាក់ប្រមាណ៥០ហិកតា ដែលមានសក្ដានុពលសម្រាប់អភិរក្សសេនេទិច និងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិផងដែរ។
ក្នុងការចុះសិក្សានេះ ក្រុមមន្រ្តីជំនាញ ក៏បានរកឃើញបញ្ហាប្រឈមមួយចំនួន ដូចជា ការលួចទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ការលួចប្រើឧបករណ៍នេសាទខុសច្បាប់ សកម្មភាពបរបាញ់សត្វ​ព្រៃ និងការប្រើប្រាស់ជីគីមី និងថ្នាំពុលកសិកម្មជាដើម។

ដើម្បីការពារធនធានធម្មជាតិទាំងនេះអោយបានគង់វង្ស នៅព្រឹកថ្ងៃទី២៦ ខែកក្ក​ដា ឆ្នាំ២០២១ នៅសាលាខេត្តត្បូងឃ្មុំ និងតាមរយៈប្រព័ន្ធZOOM នាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាប នៃអគ្គនាយកដ្ឋានអភិរក្សរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃ​ក្រសួង​បរិស្ថាន បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការដាក់តំបន់បឹងកាដេ ផ្ទៃដីទំហំ១៦៤៣ហិកតា ស្ថិតក្នុងភូមិសាស្រ្តស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាតំបន់ការពារធម្មជាតិ។

កិច្ចប្រជុំនេះបានដឹកនាំដោយលោក ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ មកពីក្រសួងពាក់ព័ន្ធ រដ្ឋបាលខេត្តត្បូងឃ្មុំ មន្ទីរស្ថាប័នពាក់ព័ន្ធចំណុះរដ្ឋបាលខេត្តត្បូងឃ្មុំ រដ្ឋបាលស្រុកក្រូចឆ្មារ និងឃុំពាក់ព័ន្ធ សរុបចំនួន៥០រូប។

សិក្ខាសាលាពិគ្រោះយោបល់នេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាប្រមូ​លធាតុចូល និងមតិគាំទ្រគ្រប់ស្ថាប័នក្នុងការដាក់បញ្ជូល “តំបន់បឹងកាដេ” ជាតំបន់ការពា​រធម្មជាតិ។ ជាមួយគ្នានេះ អង្គសិក្ខាសាលាក៏បានស្តាប់នូវបទបង្ហាញ ស្តីពីស្ថានភាពជីវៈចម្រុះ និងសក្តានុពលរបស់តំបន់បឹងកាដេ និងដំណើរការដាក់បញ្ចូលតំបន់បឹងកាដេ ជាតំបន់ធម្មជាតិ ដែលរៀបរៀងដោយនាយកដ្ឋានអភិរក្ស តំបន់ដីសើមទឹកសាប។ ជាលទ្ធផលអង្គសិក្ខាសាលា មានការមាន​ការឯកភាពក្នុង​ការ​ដាក់​​បញ្ចូលបឹងកាដេ ជាតំបន់ការ​ពារធម្មជាតិ៕

 

តើកត្តាអ្វីខ្លះធ្វើឲ្យទីផ្សារអចលនទ្រព្យមានភាពប្រែប្រួល?

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ តម្លៃអចលនទ្រព្យមានការប្រែប្រួលខុសៗគ្នា បើទោះបីជាអចលនទ្រព្យនោះស្ថិតនៅក្នុងទីតាំងតែមួយ ក្នុងសង្កាត់ឬខណ្ឌតែមួយក្ដី មិនថាជាដីធ្លី ផ្ទះឬអចលនទ្រព្យផ្សេងៗទៀតឡើយ ។

តើកត្តាអ្វីខ្លះ ដែលបានជំរុញឱ្យអចលនទ្រព្យ មានការប្រែប្រួលតម្លៃខុសៗគ្នាបែបនេះ?។

លោកឧកញ៉ា ចេង ខេងអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ស៊ីភីអិលបានមានប្រ​សាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៨ កក្កដានេះថា អចលនវត្ថុមានច្រើនប្រភេទដូចជាប្រភេទ អាជីវកម្ម ពាណិជ្ជកម្ម កសិកម្ម និងលំនៅឋានជាដើម ដូច្នេះអចលនវត្ថុទាំអស់នេះគឺសុទ្ធតែមានតម្លៃ ហើយមានកត្តាជាច្រើន ធ្វើឱ្យប៉ះពាល់ដល់តម្លៃរបស់វា ដូច្នេះហើយមុននឹងយើងធ្វើការវិនិយោគទៅលើប្រភេទ នៃអចលនវត្ថុទាំងអស់នេះគឺយើងត្រូវសិក្សាជាមុនសិន ។

លោកបន្តថា “អចលនវត្ថុគឺសំខាន់ណាស់ទៅលើទីតាំង ។អចលនវត្ថុនោះស្ថិតនៅតំបន់ណា ទីតាំងណាហើយមានផ្លូវទៅដល់ណា មានទំហំប៉ុណ្ណា ហើយការធ្វើដំណើរទៅដល់ទីតាំងអចលនវត្ថុនោះប្រើពេលប៉ុន្មាន និងស្ថិតនៅក្នុងតំបន់ដែលមានសក្ដានុពលខ្លាំងប៉ុន្មាន តម្លៃវាប៉ុន្មានដែរ”។

លោកបន្តថា មួយវិញទៀត តម្លៃអចលនទ្រព្យទាំងអស់មានការប្រែប្រួល ក៏ពឹងផ្អែកលើហេដ្ឋារចនាសម្ព័ន្ធ មានទឹកភ្លើងហើយឬនៅ ហើយវាជាតំបន់លិចទឹកដែរទេ នៅពេលវាភ្លៀង។ មជ្ឈដ្ឋានជុំវិញក៏សំខាន់ណាស់ដែរ ចំពោះបម្រែបម្រួលសម្រាប់តម្លៃអចល​នទ្រព្យ ទោះបីអចលនវត្ថុនោះស្ថិតនៅក្នុងតំបន់មួយល្អក៏ដោយ ប៉ុន្តែបើមជ្ឈដ្ឋានជុំវិញអចលនវត្ថុនោះ មានភាពអាណាធិបតេយ្យ អសុវត្ថិភាព ក្នុងការរស់នៅ ក៏ធ្វើឱ្យតម្លៃអចលនវត្ថុខុសពីតម្លៃទីផ្សារជុំវិញផងដែរ ។

លោកឧកញ៉ាចេង ខេងបានបន្ថែមថា មុននឹងសម្រេចចិត្តវិនិយោគលើដីធ្លីតំបន់នោះ ត្រូវសួរខ្លួនឯងថាតើវិនិយោគដើម្បីទុកចំណេញ ឬដើម្បីទុកអភិវឌ្ឍន៍ជាបុរីឬអភិវឌ្ឍន៍ជាអ្វីមួយ។ មុននឹងសម្រេចចិត្តវិនិយោគលើដីធ្លី ត្រូវមើលថាតើតំបន់នោះ នឹងមានសក្ដានុពលនៅរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត ហើយចំណេញប៉ុន្មានភាគរយ ។

បើតាមអ្នកជំនាញនៃវិស័យអចលនវត្ថុកម្ពុជា លើកឡើងផងថា តម្លៃអចលនទ្រព្យក៏មានការប្រែប្រួល ទៅតាមតម្រូវការជាក់ស្ដែង ការអភិវឌ្ឍនៅជុំវិញតំបន់នោះ ។ ម្យ៉ាងទៀតការពង្រីកទីក្រុង កាន់តែធំក៏ធ្វើឱ្យតម្លៃអចលនទ្រព្យ ក៏មានការប្រែប្រួលឡើងថ្លៃជាងមុនជាបន្តបន្ទាប់ផងដែរ៕