តម្លៃលំនៅដ្ឋានឯកជននៅសិង្ហបុរីបន្តហក់ឡើងនៅត្រីមាសទី២ឆ្នាំនេះខណៈសេដ្ឋកិច្ចកំពុងងើបឡើងវិញ

ដោយៈ គៀតឈូ

សិង្ហបុរីៈ យោងតាមរបាយការន៍ ដែលចេញដោយអាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA) របស់សិង្ហបុរី បានបង្ហាញនៅថ្ងៃព្រហស្បតិ៍ ទី១ ខែកក្កដានេះថា តម្លៃផ្ទះឯកជនរបស់សិង្ហបុរីបានកើនឡើង០,៩ភាគរយនៅក្នុងត្រីមាសទី២ ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២១នេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១។

ការកើនឡើងនេះមានល្បឿនយឺតបន្តិច បើធៀបនឹងតម្លៃកើនឡើង៣,៣ភាគរយ កាលពី២ឆ្នាំ កន្លះមុន។ ទោះយ៉ាងណា វានៅតែមានការកើនឡើងប្រចាំត្រីមាសទី៥ជាប់ៗគ្នា ទោះបីជាប្រទេសសិង្ហបុរីបានដាក់វិធានការការពារប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍ កាលពីពាក់កណ្តាលខែឧសភាក៏ដោយ។

បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ តម្លៃផ្ទះឯកជនបានកើនឡើង៧,៣ភាគរយ។ ការឡើងថ្លៃនៅត្រីមាសទី២នេះត្រូវបានជំរុញ ដោយផ្ទះដែលមិននៅតំបន់កៅក្រុង (OCR) ហើយបានកើនឡើងច្រើនបំផុត១,៨ភាគរយបើប្រៀបធៀបទៅនឹងកំណើន១,១ភាគរយក្នុងត្រីមាសមុន។

ប្រហែល៦០,៥ភាគរយនៃការលក់អចលនទ្រព្យឯកជនកាលពីត្រីមាសមុន គឺជាការលក់ផ្ទះបន្ត ខ្ពស់ជាង ៥៦,៦ភាគរយនៅក្នុងបីខែមុន។

លោកស្រី Christine Sun អនុប្រធានជាន់ខ្ពស់នៃអ្នកស្រាវជ្រាវនិងវិភាគនៅក្រុមហ៊ុន OrangeTee & Tie បាននិយាយថា មានតម្រូវការយ៉ាងខ្លាំងសម្រាប់ផ្ទះដែលនៅក្នុងតំបន់ជាយក្រុង។

អ្នកទិញកាន់តែច្រើនក៏បានជ្រើសរើសយកផ្ទះធំៗ ដោយ៣៩,៦ភាគរយនៃប្រតិបត្តិការទិញលក់ ត្រូវបានធ្វើឡើងចំពោះផ្ទះ ដែលមានទំហំ១២០០ការ៉េហ្វីត កើនឡើងពី៣៥,៨ភាគរយ។

លោកស្រី Sun បានមានប្រសាសន៍ថា ទីផ្សារអចលនទ្រព្យកំពុងត្រូវបានជំរុញដោយតម្រូវការខ្លាំងពីអ្នកទិញផ្ទះ ខណៈសេដ្ឋកិច្ចកំពុងងើបឡើងវិញ និងអត្រាការប្រាក់កម្ចីទាប៕

កម្ពុជារកចំណូលបានជាង៥០០លានដុល្លារពីនាំចេញស្រូវនិងអង្ករក្នុង១ឆមាសឆ្នាំនេះ

ដោយៈ លក្ខិណា

ភ្នំពេញៈ ក្នុងរយៈពេល៦ខែនៃឆ្នាំ២០២១នេះ ការនាំចេញកសិផលរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនៅតែទទួលបានកំណើងឡើងជាវិជ្ជមាន ដោយក្នុងរយៈពេល៦ខែនៃឆ្នាំ២០២១នេះ ការនាំចេញស្រូវនិងអង្កររបស់កម្ពុជាទទួលបានទឹកប្រាក់ជាង៥០០លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញផ្សាយនៅល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ។

ក្នុងរបាយការណ៍ដដែលបានឱ្យដឹងផងដែរថា ការនាំចេញស្រូវរបស់កម្ពុជា រយៈពេល៦ខែនេះ មានបរិមាណ១.៦៩២.៨១៣តោនទៅកាន់ប្រទេសវៀតណាមនិងប្រទេសអារ៉ាប់រួម មានការកើនឡើង៧២,១២ភាគរយគិតជាទឹកប្រាក់ដែលទទួលបានមកវិញចំនួន ជាង២៧៩,៣១លានដុល្លារអាមេរិក និងការនាំចេញអង្ករវិញមានបរិមាណ២៨០.៤៥០តោន មានការថយចុះប្រមាណ២៩,៤៧ភាគរយ គិតជាទឹកប្រាក់នាំចេញរយៈពេល៦ខែនេះមានចំនួន ២៣៧,៥៤លានដុល្លារអាមេរិក។

ក្នុងរបាយការណ៍ក៏បានបញ្ជាក់ថា ទីផ្សារអង្ករកម្ពុជារយៈពេល៦ខែនេះ មានគោលដៅនាំចេញចំនួន៤៧ប្រទេស ក្នុងនោះប្រទេសក្នុងសហភាពអឺរ៉ុបមានចំនួន២០ប្រទេស មានបរិមាណសរុប៦៧.១៣៦តោនថយចុះប្រមាណ៥០,៤៨ភាគរយ ប្រទេសចិនមានបរិមាណសរុប១៤៣.២៩៣តោន ថយចុះប្រមាណ៣,១៥ភាគរយ ទិសដៅប្រទេសក្នុងតំបន់អាស៊ានចំនួន៥មានបរិមាណ២៧.១៣៦តោន ថយចុះប្រមាណ៤៨,៧៩តោន និងទិសដៅប្រទេសដទៃទៀតចំនួន២១ប្រទេសមានបរិមាណសរុប៤២.៨៨៥តោនធ្លាក់ចុះ២៩,៨៦តោន។

បើតាមការបញ្ជាក់សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា ការនាំធ្លាក់ចុះនៃការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិជាប្រទេសទីផ្សារប្រទេសអឺរ៉ុប គឺបណ្ដាលមកពីកង្វះខាតនៃមធ្យោបាយដឹកជញ្ជូន និងតម្លៃនៃមធ្យោបាយដឹកជញ្ជូនឡើងថ្លៃ ដែលធ្វើឱ្យភាគីអ្នកបញ្ជាទិញបានស្នើសុំផ្អាកការដឹកជញ្ជូនទៅកាន់ពួកគេមួយរយៈសិន។

លោកស៊ិន ចន្ធីប្រធានសមាគមភស្តុភារកម្មកម្ពុជា បានថ្លែងថាមធ្យោបាយដឹកជញ្ជូនបានចាប់ផ្ដើមឡើងថ្លៃនៅក្នុងឆ្នាំ២០២១នេះ ដោយមួយកុងតឺន័របានឡើងដល់៨៥០០ដុល្លារឬដល់ជិត១ម៉ឺនដុល្លារខណៈកាលពីឆ្នាំមុនតម្លៃនេះ ត្រឹមតែ៣០០០ដុល្លារឬ៤០០០ដុល្លារអាមេរិកប៉ុណ្ណោះ។
លោកបានថ្លែងបន្តថា មួយវិញទៀត ក្រៅពីតម្លៃដឹកជញ្ជូនឡើងថ្លៃហើយ ក៏មិនសូវមានកប៉ាល់សម្រាប់ស្តុកទុកកុងតឺន័រផងដែរ ( No space )។ ទាំងនេះជាហេតុផលដែលធ្វើឱ្យការបញ្ជូនទំនិញពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានការធ្លាក់ចុះជាពិសេសអង្ករពីព្រោះតែអង្ករជាទំនិញពិបាកក្នុងការដឹក៕

សម្ដេចតេជោប្រកាសយកចិនធ្វើជាបង្អែកយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសថ្លែងសារពិសេសនៅព្រឹកថ្ងៃទី១ កក្កដា ២០២១ ប្រកាសយកចិនធ្វើជាបង្អែកយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់វ៉ាក់សាំង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សម្ដេចតេជោបានថ្លែងថា បើគ្មានប្រទេសចិនទេ កម្ពុជាមិនអាចសម្រេចបាននូវការចាក់វ៉ាក់សាំងជូនពលរដ្ឋរហូតដល់ជាង៤លាននាក់នោះទេ ខណៈកម្មវិធីកូវ៉ាក់ ដែលជាជំនួយដល់កម្ពុជា ទើបតែផ្ដល់បានជាង៣២ម៉ឺនដូសឬ១៦ម៉ឺននាក់ប៉ុណ្ណោះ។

សម្ដេចតេជោមានប្រសាសន៍ថា កម្ពុជាត្រូវតែរកវ៉ាក់សាំងប្រឆាំងកូវីដ១៩ ជាជំហានដំបូងឱ្យបាន១០លាននាក់ និងត្រូវរកវ៉ាក់សាំងចាក់ឱ្យក្មេងអាយុក្រោម១៨ឆ្នាំបន្តទៀត ហើយមកដល់ពេលនេះ កម្បុជាទទួលរួចមកហើយជាង១១លាននាក់ និងបានចាក់ជូនពលរដ្ឋបាន៤លាន២សែននាក់ ស្មើនឹង៤២ភាគរយនៃចំនួនប្រជាពលរដ្ឋ១០លាននាក់ដែលត្រូវចាក់។

សម្ដេចតេជោមានប្រសាសន៍បន្តថា គម្រោងវ៉ាក់សាំងដែលកម្ពុជាត្រូវទទួល បើគិតទាំងជំនួយគឺ២៩លាន៧សែនដូស ប៉ុន្តែសម្ដេចស្នើឱ្យដកចេញពីការគិតគូរបស់សម្ដេច ទៅលើបញ្ហាពីកូវ៉ាក់៧លាននាក់ និងអូស្ត្រាលី៣លានដូស សរុប១០លានដូស និងបង្វិលទៅរកចិនធ្វើជាបង្អែកយុទ្ធសាស្ត្រសម្រាប់ការគ្រប់គ្រងវ៉ាក់សាំង ឯប្រភពផ្សេងទៀតជាប្រភពគាំទ្រ ហើយការសម្រេចចិត្តនេះគឺជាការត្រឹមត្រូវ ចង់អ្នកណាថាអីថាទៅ ពីព្រោះជាក់ស្ដែង កម្ពុជានឹងទទួលបានវ៉ាក់សាំងពីចិនជាង២០លានដូស។

បើតាមលោកវង្សី វិស្សុតរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យដឹងថា វ៉ាក់សាំងSinopharm នឹងមកដល់ប្រទេសចិននៅថ្ងៃទី៦កក្កដា ២០២១នេះ១លានដូសបន្ថែមទៀត ថ្ងៃទី១០កក្កដា ១លានដូសទៀត ហើយSinovac នឹងមកដល់កម្ពុជា៣លានដូសនៅថ្ងៃទី១០ខែកក្កដា ដូច្នេះក្នុងខែកក្កដា កម្ពុជានឹងទទួលបាន៥លានដូសពីប្រទេសចិន ហើយខែសីហានឹងទទួលបាន៨លានដូសនឹងធ្វើឱ្យគ្រប់ចំនួន២០លានដូស។

សម្ដេចតេជោបញ្ជាក់ថា បើសិនជាសម្ដេចមិនចាប់យកយុទ្ធសាស្ត្រយកចិនធ្វើជាបង្អែកវ៉ាក់សាំង ហើយវិលទៅនេះទៅនោះបន្តិច ម្ល៉េះមកដល់ពេលនេះ ប្រហែលជាកម្ពុជាចាក់វ៉ាក់សាងជូនពលរដ្ឋមិនបាន២០ម៉ឺននាក់ផង កុំថាឡើយដល់៤លាននាក់។

សម្ដេចតេជោបានថ្លែងដូច្នេះថា បើគ្មានមិត្តចិនទេ កុំថាឡើយដល់៤លាននាក់នៅពេលនេះ សូម្បីតែ២០ម៉ឺននាក់ក៏មិនបានផង ពីព្រោះ Covac ដែលសន្យាផ្ដល់ឱ្យយើងចំនួន ៧លានដូស មកដល់ពេលនេះបានមកដល់តែ៣២ម៉ឺន៤ពាន់ដូសតែប៉ុណ្ណោះ”។

សម្ដេចតេជោបញ្ជាក់បន្ថែមថា បើមិនឱ្យកម្ពុជាទៅពឹងចិន តើឱ្យទៅពឹងអ្នកណា ព្រោះនេះជាការពិត ជាក់ស្ដែងការសន្យារបស់ប្រទេសជាច្រើនក្នុងការផ្ដល់ជំនួយវ៉ាក់សាំងដល់កម្ពុជា តែធាតុពិតជាក់ស្ដែងមានតែវ៉ាក់សាំងចិនប៉ុណ្ណោះដែលបានផ្ដល់មកដល់កម្ពុជាជាបន្តបន្ទាប់៕

មិនគិតកម្រៃសេវាប្រចាំខែ និងសេវាប្រតិបត្តិលើការប្រើកម្មវិធីប្រាសាក់ម៉ូបាលប៊ែងឃីង

ដោយ សហការី

ភ្នំពេញ៖ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​ប្រា​សាក់​ ​ម​.​ក​ ​ដែល​ជា​គ្រឹះស្ថាន​ធំ​មួយ​ក្នុងចំណោម​គ្រឹះស្ថាន​ធនាគារ​ធំ​ៗ​ចំនួន​ 5 ​នៅ​កម្ពុជា​ ​បាន​ប្រកាស​ ថា គ្មានកម្រៃសេវាប្រចាំខែ និងគ្មានកម្រៃសេវាប្រតិបត្តិការ លើការប្រើប្រាស់កម្មវិធីប្រាសាក់ម៉ូបាលប៊ែងឃីង (PRASAC Mobile Banking App) និងអ៊ីនធឺណិតប៊ែងឃីង នោះឡើយ។ ហេតុនេះ អតិថិជនចាស់ និងអតិថិជនថ្មីទាំងអស់នឹងមិនចំណាយថ្លៃសេវាប្រចាំខែក្នុងការប្រើកម្មវិធីនោះទេ។

អ្នកប្រើប្រាស់​កម្មវិធីប្រាសាក់ម៉ូបាលប៊ែងឃីង អាច​ផ្ទេរ​ប្រាក់​ឆ្លង​ធនាគារ​ ផ្ទេរប្រាក់ក្នុងរង្វង់ប្រាសាក់ ​ទូទាត់​វិក្កយបត្រ​ ​បញ្ចូល​កាត​ទូរស័ព្ទ​ ​ស្កេន​ QR កូ​ដ​ទូទាត់​ថ្លៃ​ទំនិញ​និង​សេវា​ ​ពិនិត្យ​សមតុល្យ​​គណនី​បញ្ញើ​មានកាល​កំណត់​ ​ផ្ទេរ​ប្រាក់​ទៅ​វ៉ា​ឡេ​ត​ ​និង​មុខងារ​ផ្សេងៗ​ជាច្រើន​ទៀត​ដោយឥតគិតថ្លៃ។​

លោក​ ​សាយ​ ​សូ​នី​ ​អនុប្រធាន​នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់​ ​មានប្រសាសន៍ថា​ ​« នេះជាការផ្តល់ជូនអតិថិជនទាំងចាស់និងថ្មីដែលប្រើប្រាស់កម្មវិធីប្រាសាក់ម៉ូបាលប៊ែងឃីង (PRASAC Mobile Banking App) ក្នុងអំឡុងពេលដ៏លំបាក​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-19 ដើម្បីពួកគាត់មិនចាំបាច់ប្រើប្រាស់ក្រដាសប្រាក់ពេលចាត់ចែងសាច់ប្រាក់របស់ខ្លួន។ យើងខ្ញុំក៏សូមចូលរួមជាមួយធនាគារជាតិនៃកម្ពុជា (NBC) ដើម្បីលើកកម្ពស់ការទូទាត់ដោយឥតប្រើសាច់ប្រាក់តាមរយៈប្រព័ន្ធអេឡិចត្រូនិកដែលមានស្រាប់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-19»។

លោកបានបញ្ជាក់ថា ​«យើងលើកទឹកចិត្តអតិថិជនឱ្យប្រើប្រាស់ការទូទាត់តាមអ៊ីនធឺណិត ដូចជាកម្មវិធីម៉ូបាលប៊ែងឃីង អ៊ីនធឺណិតប៊ែងឃីង និងគ្រប់ប្រព័ន្ធទូទាត់របស់ធនាជាតិនៃកម្ពុជា ដើម្បីបង្កើនគម្លាតបុគ្គលតាមតែអាចធ្វើទៅបាន និងកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ-19 ឱ្យនៅកម្រិតទាប​»។

លោកបានបន្ថែមទៀតថា ​«ជាមួយកម្មវិធីប្រាសាក់ម៉ូបាលប៊ែងឃីង អតិថិជនអាចផ្ទេរប្រាក់តាមបែបអេឡិចត្រូនិកបានរហូតដល់ 10 ម៉ឺនដុល្លារអាមេរិកក្នុងមួយថ្ងៃ ក្នុងរង្វង់ប្រាសាក់ ផ្ទេរប្រាក់ឆ្លងធនាគាររហូតដល់ 200 លានរៀល និង 5 ម៉ឺនដុល្លារអាមេរិក​ក្នុងមួយថ្ងៃតាមប្រព័ន្ធបាគងដោយមិនប្រើប្រាស់ក្រដាសប្រាក់ អាចស្កេនទូទាត់តាមបណ្ដាហាងនានា ទូទាត់វិក្កយបត្រ និងបញ្ចូលលុយក្នុងទូរស័ព្ទដៃបានយ៉ាងងាយស្រួល»។

ដើម្បីរីករាយនឹងបទពិសោធន៍ប្រតិបត្តិការធនាគារប្រកបដោយងាយស្រួលនិងសុវត្ថិភាពជាមួយកម្មវិធីប្រាសាក់ម៉ូបាលប៊ែងឃីង អតិថិជនស្នើសុំភ្ជាប់ដំណើរការកម្មវិធីនេះដែលភ្ជាប់ជាមួយនឹងគណនីសន្សំ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://bit.ly/3ygtsao ឬ សូមទាក់ទងទូរស័ព្ទលេខ 086 999 911 ឬ 023 999 911 ឬ 0969 999 911.

សូមទាញយកកម្មវិធី PRASAC Mobile Banking ពី App Store: https://apple.co/3wbzgjD  និង Google Play: https://play.google.com/store/apps

សម្តេចតេជោៈ កម្ពុជាចំណាយថវិកាជាង៤០លានដុល្លារដើម្បីជួយដល់ពលរដ្ឋជាង៧០ម៉ឺនគ្រួសារក្នុងអំឡុងពេលកូវីដ១៩

ដោយៈ ប៊ី

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ មានប្រសាសន៍បញ្ជាក់ថា កម្ពុជាបានចំណាយថវិកា ជាង៤០លានដុល្លារ ដើម្បីចិញ្ចឹមពលរដ្ឋជាង៧០ម៉ឺនគ្រួសារ ក្នុងអំឡុងពេលកូវីដ១៩។

សម្តេចតេជោ បានថ្លែងបន្តថា ក្រុមការងាររាជរដ្ឋាភិបាល បានធ្វើកម្មភាព ចែកស្បៀងជូនដល់ពលរដ្ឋនៅពេលនោះ ព្រោះថា ប្រសីនបើពេលនោះ ចែកលុយឱ្យពួកគាត់ តើគាត់ទិញអាហារនៅទីណា ព្រោះយើងបានបិទខ្ទប់អស់ហើយ។

សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លើយតបទៅកាន់ អ្នកចោទប្រកាន់មួយចំនួនថា រដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ នៅមិនទាន់ខ្វះលុយបើកប្រាក់ខែ ឱ្យមន្រ្តីរាជការនោះទេ។

សម្តេចតេជោ មានប្រសាសន៍ថា “បើយកលុយទៅឱ្យគាត់ ក៏គាត់មិនដឹងទៅចាយនៅឯណាដែរ ព្រោះយើងបិទខ្ទប់ទៅហើយ យើងបានផ្គត់ផ្គង់ស្បៀងជាង៤០ម៉ឺនគ្រូសារ នៅតំបន់បិទខ្ទប់។ ចំណាយជាង ៤០លានដុល្លារ ក្នុងការចិញ្ចឹមពលរដ្ឋជាង ៧០ម៉ឺគ្រួសារ។ យើងមិនទាន់ក្ស័យធនទេ យើងនៅតែបើកលុយបានឱ្យមន្រ្តីរាជការ ២អាទិត្យម្តង មិនដូចការលើកឡើង ពីមតិមួយចំនួននោះទេ”៕

សម្តេចតេជោបញ្ជាឱ្យរឹតបន្តឹងការចេញចូលគ្រប់ច្រកព្រំដែនទាំងអស់ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩

ដោយៈ ម៉ាណេត

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ប្រជាពលរដ្ឋកម្ពុជា ដែលគ្មានភាពចាំបាច់ហាមមិនឱ្យឆ្លងទៅថៃ វៀតណាម និងឡាវនោះទេ។

សម្តេចតេជោ បានថ្លែងថា នៅព្រំដែនវៀតណាម ដែលមានណិកជនរៀតណាម ត្រូវហាមឱ្យផ្អាកការធ្វើដំណើរទៅវៀតណាមជាបណ្តោះអាសន្ន។ សម្តេចបានបន្តថា ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ត្រូវរឹតបន្តឹង ដើម្បីទប់ស្កាត់រីរាលដាលនៃជំងឺកូវីដ១៩។

ជាមួយគ្នានេះដែរ សម្តេចតេជោបានថ្លែងបន្តថា គ្រប់ច្រកព្រំដែនទាំងអស់ត្រូវធ្វើតេស្តរហ័ស ហើយបើករណីចាំបាច់ ត្រូវធ្វើតេស្ត ដោយប្រើម៉ាស៊ីធំថែមទៀត៕

ប្រយ័ត្នហានិភ័យៈដីធ្លីស្ថិតនៅក្នុងស្ថានភាពទាំង៥នេះមិនគួរវិនិយោគនោះទេ

ដោយគង់ សូរិយា

ភ្នំពេញៈ ការវិនិយោគលើដីធ្លីមិនប្រាកដថាចំណេញនោះទេ ព្រោះដីធ្លីខ្លះទិញហើ​យក៏ជាប់គាំង ហើយធ្វើឲ្យស្ទះចរន្តសាច់ប្រាក់របស់លោកអ្នកផងដែរ ហេតុនេះអ្នកជំនា​ញ បានណែនាំលើស្ថានភាពដីធ្លីមួយចំនួន ដែលអ្នកវិនិយោគគួរពិចារណាឲ្យបានច្រើនបំផុតមុនសម្រេចចិត្តវិនិយោគ។

លោកកាង សុធី អគ្គនាយកក្រុមហ៊ុន Century21 Land Station បានមានប្រសា​សន៍ឲ្យដឹងថា ការទិញដីធ្លី ពិតជាការវិនិយោគមួយដ៏ល្អ ប៉ុន្តែក៏មានបញ្ហាផងដែរ បើយើងទិញប៉ះដីធ្លីស្ថិតនៅក្នុងស្ថានភាពទីតាំងមិនអំណោយផលមួយចំនួនដូចជា៖

ដីធ្លីស្ថិតនៅក្បែរវត្តអារ៉ាម
ពិតហើយ! ប្រជាពលរដ្ឋខ្មែរនិយមទៅវត្តអារ៉ាម ប៉ុន្តែដីធ្លីនៅជាប់ឬកៀកវត្តអារ៉ាមពេក មិនងាយឡើងថ្លៃ និងពិបាករកម៉ូយទិញណាស់ ដោយសារអតិថិជនឬអ្នកវិនិយោ​គមានអារម្មណ៍ថា រងការរំខានពីឧបករណ៍បំពងសម្លេង ឬឧគ្ឃោសនសព្ទ៍ពេលមានបុណ្យ​ទានម្តងៗ។

ដីនៅក្បែរផ្នូរខ្មោច
មនុស្សណាក៏ស្លាប់ដែរ ពេលនៅរស់គេស្រលាញ់ រាប់អានច្រើន ប៉ុន្តែពេលស្លាប់ទៅគេមិនសូវហ៊ាននៅជិតទេ ទោះជានៅប្រទេសណាក៏ដោយ ហេតុនេះការទិញដីនៅជិតផ្នូរ ឬចេតិយនានា មិនគួរទិញឡើយ ព្រោះវាពិបាករកម៉ូយ ហើយអតិថិជនឬអ្នកវិនិយោគ ពិតជាមានអារម្មណ៍៍រំខាន នៅពេលពួកគេមើលឃើញកន្លែងដាក់សាកសពបែបនេះ។

ដីមានរូបរាងមិនស្អាត
ពិតមែនហើយ ដីខ្លះមានទីតាំងល្អ ប៉ុន្តែពិបាកលក់ ឬពិបាករកម៉ូយយកមកដាក់ និងមិនសូវមានតម្លៃថ្លៃ ដោយសារដីខ្លះមានរូបរាងមិនសមស្រប ក្រវិកក្រវ៉ក់ច្រើន ឬមានសណ្ឋានមិនច្បាស់លាស់តាមបែបចតុកោណ ឬត្រីកោណ។

ដីបែបនេះពិបាកលក់ ព្រោះវាពិបាករៀបចំសំរាប់លំនៅដ្ឋាន ក៏ដូចជាផែនការអភិវឌ្ឍន៍ផ្សេងៗទៀត។

ដីនៅផ្លូវតូចៗ ឬផ្លូវទាល់
តំបន់ខ្លះមានដីទំនេរច្រើនណាស់ ហើយម្ចាស់ដីនៅតំបន់ទាំងនោះសុទ្ឋតែមានដីធំៗ ប៉ុន្តែពួកគេស្រលាញ់ដីខ្លាំងពេក បានសាងសង់របងមកកៀកនឹងផ្លួវ ដែលធ្វើឲ្យពិបាកធ្វើដំណើរចេញ ចូល ពេលខ្លះជៀសរថយន្តគ្នាសឹងមិនរួច។ ដីនៅតំបន់បែបនេះ មិនងាយឡើងថ្លៃឡើយ ហើយក៏ពិបាករកម៉ូយទិញផងដែរ។

ចំណែកដីមួយបែបទៀត គឺដីស្ថិតនៅលើផ្លូវទាល់ ក៏ជាប្រភេទដីមិនសូវមានហាងឆេងដែរ ពិសេសគឺពិបាករកម៉ូយទិញ ដោយសារអ្នកវិនិយោគភាគច្រើនកាន់តែឆ្លាតវៃ ពួកគេមិនងាយទិញតាមការចង់បាននោះទេ។

ដីមិនទាន់មានផ្លូវច្បាស់លាស់
ដីធ្លីស្ថិតក្នុងទីតាំងដែលមិនទាន់មានផ្លូវ ឬនៅក្រោយដីរបស់គេ ជាដីដែលមិនសូវមានហាងឆេង និងពិបាករកម៉ូយសំរាប់ទិញផងដែរ ព្រោះមិនដឹងរកផ្លូវឯណាចូលបាន ហើយពិបាកក្នុងការចចាជាមួយម្ចាស់ដីនៅផ្នែកខាងមុខ ដែលមានផ្លូវជាប់ខ្លាំងណាស់។

ដីស្ថិតក្នុងស្ថានភាពបែបនេះ ម្ចាស់ច្រើនតែបង្ខំចិត្តក្នុងការលក់ ព្រោះម្ចាស់ដីខាងមុខតែងតែបង្អាប់ ឬធ្វើរបងព័ទ្ឋមិនឲ្យម្ចាស់ដីនៅខាងក្រោយចូលរួចតែម្តង(ករណីមានជម្លោះណាមួយ) ហេតុនេះដីនៅទីតាំងដែលគ្មានផ្លូវច្បាស់លាស់បែបនេះ មិនគួរទិញឬវិនិយោគនោះទេ បើវិនិយោគប្រយ័ត្នជាប់គាំងទាំងដីលក់មិនចេញ ទាំងគាំងលំហូរសាច់ប្រាក់ផងដែរ៕

រយៈពេល១ឆមាសដំបូងកម្ពុជានាំចេញកសិផលបានទឹកប្រាក់ជាង២,៥៧ពាន់លានដុល្លារ

ដោយៈលក្ខិណា

ភ្នំពេញៈ ក្នុងរយៈពេល៦ខែដំបូង ឬ ឆមាសទី១ឆ្នាំ២០២១នេះ កម្ពុជាបានសម្រេចបានការនាំចេញកសិផល ទៅកាន់ទីផ្សារក្រៅប្រទេស មានទំហំទឹកប្រាក់ជាង២,៥៧ពាន់លានដុល្លារអាមេរិក កើនឡើង៨៤,៦៤ភាគរយ ធៀបនឹងឆមាសទី១ឆ្នាំ២០២១ ទោះ​បីជាឆ្នាំ២០២១នេះ ស្ថានភាពកូវីដ១៩នៅកម្ពុជាមានភាពធ្ងន់ធ្ងរជាងឆ្នាំមុនក្ដី។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចេញផ្សាយនៅល្ងាចថ្ងៃទី៣០ មិថុនា ២០២១បានឱ្យដឹងថា តម្លៃនៃការនាំចេញកសិផល តាមការប៉ាន់ស្មានតម្លៃ ដែលទទួលបានពីការនាំចេញកសិផល មានចំនួន ២.៥៧១.១៦៩.៦៣៩ ដុល្លាអាមេរិក ក្នុងនោះការនាំចេញអង្ករមានចំនួន២៣៧.៥៤១.១៥០ ដុល្លាអាមេរិក ការនាំចេញស្រូវមានចំនួន២៧៩.៣១៤.១៤៥ ដុល្លាអាមេរិក ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ២.០៥៤.៣១៤.៣៤៤ ដុល្លាអាមេរិក។

របាយការណ៍ដដែលបង្ហាញថា ការនាំចេញកសិផលសរុប ក្នុងរយៈពេល៦ខែឆ្នាំ២០២១ មានកំណើនចំនួន៨៤,៦៤% ក្នុងនោះកសិផលក្រៅពីអង្ករមានការកើនឡើងចំនួន ១០៧,១៦%។ រីឯការនាំចេញអង្ករមានការថយចុះចំនួន -២៩,៤៧% ដោយសារកង្វះទូរកុងតេន័រ តម្លៃដឹកជញ្ជូនកើនឡើង និងតម្លៃអង្ករនៅទីផ្សារអន្តរជាតិ មានការធ្លាក់ចុះពិសេសសហគមន៍អឺរ៉ុប។

ការនាំចេញកសិផលទៅក្រៅប្រទេស ដែលទទួលបានពីអគ្គនាយកដ្ឋានកសិកម្ម ដោយផ្អែក លើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) មានបរិមាណសរុប ៤.៤៥៤.៥០៥ តោន ទៅកាន់ទិសដៅ ៦២ប្រទេស គឺមានការកើនឡើងចំនួនជាង២០៤លានតោន ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២១នេះ ។

យោងតាមលោកវង្សី វិស្សុតរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីពេលថ្មីៗឱ្យដឹងថា ទោះបីជាមានការរារាំងដោយកូវីដ១៩ តែទីផ្សារនាំចេញរបស់កម្ពុជានៅតែមានកំណើន ដែលអាចទប់ទល់នឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចបាន ក្នុងនោះកម្ពុជាបានធ្វើពិពិធកម្មទីផ្សារនិងសេដ្ឋកិច្ច ដោយមួយផ្នែកបាននាំចេញទៅកាន់ប្រទេសចិន ជាពិសេសផលិតផលកសិកម្មខាងចិន បានទទួលទិញពីកម្ពុជាច្រើនណាស់ ក្នុងបរិការណ៍កូវីដ​១៩នេះ៕

លោកបណ្ឌិតគីម ហ៊ាងបង្ហើបពីវិស័យគួរវិនិយោគតាមប្រភេទអចលនទ្រព្យនិមួយៗ

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ ការវិនិយោគលើវិស័យអចលនទ្រព្យ អាចធ្វើបានសម្រាប់មនុស្សគ្រប់គ្នា អាស្រ័យលើលទ្ឋភាព និងធនធានរបស់ពួកគេ ប៉ុន្តែការវិនិយោគតាមវ័យ និងមានឥស្សរភាពជារឿងមួយទៀត។

តើមនុស្សមានវ័យចន្លោះប៉ុន្មាន គួរវិនិយោគលើអចលនទ្រព្យបែបណា ដើម្បីទទួ​ល​បានសេរីភាពហិរញ្ញវត្ថុ លោកបណ្ឌិតគីម ហ៊ាងប្រធាន KW Cambodia បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ប្រ​សិនជាលោក អ្នក មានអាយុចន្លោះពី៣០ ទៅ៤០ឆ្នាំ លោកអ្នកគួរវិនិយោគលើវិស័យដីធ្លី ព្រោះ​ទិញដីមានផលចំណេញខ្ពស់ ហើយវ័យនេះជាវ័យដែលលោក អ្នកកំពុងរកលុយបានច្រើន។

លោកបន្តថា ប៉ុន្តែប្រសិនជាអ្នកមានអាយុ៥០ឆ្នាំ ជាពេលដល់អាយុជិតចូល​និវត្តន៍ អ្នកមិនគួរវិនិយោគលើវិស័យដីធ្លីនោះទេ គឺគួរទិញខុនដូ ទិញដីសាងសង់ផ្ទះជួល ឬទិញ​ផ្ទះល្វែងសម្រាប់ជួល ដែលអាចបានប្រាក់ភ្លាមៗត្រលប់មកវិញ ហើយធ្វើឲ្យស្ថានភាពហិរញ្ញវត្ថុរបស់លោក អ្នកមានស្ថេរភាពនៅពេលវ័យកាន់តែចាស់៕

រយៈពេលត្រឹម៤ឆ្នាំខេត្តព្រះសីហនុទាក់ទាញលំហូរទុនវិនិយោគជាង៨០០០លានដុល្លារ

ដោយៈ ប៊ី

ព្រះសីហនុៈ ខេត្តព្រះសីហនុ រយៈពេល២០ឆ្នាំចុងក្រោយនេះ បានប្រែក្លាយពីទៅជាតំបន់ដ៏ទាក់ទាញ សម្រាប់វិនិយោគិនជាតិនិងអន្តរជាតិ ព្រមទាំងភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិជាច្រើន ខណៈការអភិវឌ្ឍវិស័យអចលនទ្រព្យ មានការអភិវឌ្ឍយ៉ាងលឿនស្ទើមិនគួរឱ្យជឿ។

តួលេខចុងក្រោយពីរដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងថា រយៈពេល៤ឆ្នាំចុងក្រោ​យនេះ គិតចាប់ពីឆ្នាំ២០១៧ ដល់ខែធ្នូ ឆ្នាំ២០២០ ខេត្តព្រះសីហនុមាន សំណង់សរុបបានអនុញ្ញាតឲ្យសាងសង់មានចំនួន១,៥១៤អគារ មានក្រឡាផ្ទៃសរុប១៤,៧៣៦,៥៥៩ម៉ែត្រការ៉េ និងទុនវិនិយោគសរុប ៨,០៤៩,៦៩២,៨៣១ដុល្លារអាមេរិក។

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោកឃាង ភារម្យ បានថ្លែងប្រាប់កាលពីស ប្តាហ៍មុនថា ទោះបីជាស្ថានភាពកូវីដ១៩ នៅតែបង្កជាបញ្ហាដល់ខេត្តសម្រាប់ដោះស្រាយក្ដី តែយើងក៏មិនភ្លេចពីការអភិវឌ្ឍខេត្ត ដើម្បីស្វាគមន៍ដល់វិនិយោគិនជាតិ និងអន្តរជាតិមកបណ្ដាក់ទុនរកស៊ី នៅពេលចប់វិបត្តិកូវីដ១៩នោះទេ។

លោកបានថ្លែងបន្តថា ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅក្នុងខេត្ត គឺជាកត្តាទាក់ទាញមួយដល់វិនិយោគិនជាតិ និងអន្តរជាតិ សម្រាប់មកបណ្ដាក់ទុននៅពេលខាងមុខឆាប់នេះ ខណៈហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ពីរាជធានីក៏កំពុងតែស្ថាបនាយ៉ាងមមាញឹក ដើម្បីសម្រួលដល់បណ្ដាអ្នកវិនិយោគ ដែលមានបំណងមកកាន់ខេត្តព្រះសីហនុ។

លោកបានបន្តថា “ក្នុងខេត្តព្រះសីហនុ យើងមានផ្លូវជាច្រើនខ្សែខ្វាត់ខ្វែង ដែលជាការទាក់ទាញទេសចរជាតិនិងអន្តរជាតិ ចូលមកកាន់ខេត្តព្រះសីហនុ ខណៈនៅខេត្តនេះក៏មានព្រលានយន្តហោះអន្តរជាតិ អាចតភ្ជាប់ជើងហោះហើរពីក្រុងព្រះសីហនុ ទៅកាន់គោលដៅប្រទេសជាច្រើនទៀតលើពិភពលោក”។ លោកបន្តថា “ទាំងនេះ សុទ្ធសឹងតែអ្វីដែលយើងបានត្រៀម ចំពោះការទទួលស្វាគមន៍វិនិយោគិនចូលមកបណ្ដាក់ទុន”។

លោកបន្ថែមថា អ្វីដែលសំខាន់នោះ ខេត្តព្រះសីហនុ ក៏បាននិងកំពុងជំរុញការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជូនប្រជាពលរដ្ឋឱ្យបានកាន់តែច្រើន និងអាចឱ្យអាជីវកម្មនិងសកម្មភាពសេដ្ឋកិច្ចនៅក្នុងខេត្តនេះ វិលទៅរកប្រក្រតីភាពឡើងវិញ នៅពេលខាងមុខឆាប់នេះ។

លោកបានបន្តថា ទោះបីជាយើងបានចាក់វ៉ាក់សាំង ជូនពលរដ្ឋនៅក្នុងខេត្តព្រះសីហនុរួចហើយក្ដី ក៏យើងត្រូវតែអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាល ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលគឺ៣កុំ ៣ការពារ ដើម្បីទប់ស្កាត់ការឆ្លងរីករាលនៃជំងឺនេះនៅក្នុងខេត្តក៏ដូចជាក្នុងប្រទេសកម្ពុជា។

ការអភិវឌ្ឍរបស់ក្រុងព្រះសីហនុ សម្រាប់២ទសវត្សចុងក្រោយនេះ ទទួលបានការហូរចូលនៃវិនិយោគិន ពិសេសវិនិយោគជនជាតិចិន ដែលបានជួយជំរុញទីក្រុងជាប់មាត់សមុទ្រមួយនេះជាតំបន់វិនិយោគមួយដ៏កាន់ទាក់ទាញ។
ខេត្តនេះ ត្រូវបានបានចាត់ទុកប៉ូលសេដ្ឋកិច្ចកម្ពុជាមួយ ក្នុងចំណោម៣ ដែលរួមមានភ្នំពេញ និងសៀមរាប។

រដ្ឋាភិបាលវិនិយោគប្រមាណ៣០០លានដុល្លារ នៃកញ្ចប់ថវិកាជាតិ ដើម្បីស្ថាបនាផ្លូវចំនួន៣៤ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធដ៏ប្រណីតក្នុងក្រុងព្រះសីហនុ រួមទាំងការស្ថាបនាឆ្នេរឲ្យស្រស់ស្អាត បានប្រែក្លាយទៅជាក់ការទាក់ទាញភ្ញៀវទេសចរកាន់តែខ្លាំងមកខេត្តភាគនិរតីមួយនេះ។

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ ធ្លាប់បានលើកឡើងថា ខេត្តព្រះសីហនុ ទទួលបានគម្រោងវិនិយោគ លើវិស័យសេវាកម្មទេសចរណ៍ និងសណ្ឋាគារចំនួន៦០ ដោយមានទុនវិនិយោគសរុបជាង១០,៧៤ ពាន់លានដុល្លារ គិតមកដល់ពេលនេះ៕