រាជរដ្ឋាភិបាលសម្រេចដាក់ខេត្តបាត់ដំបងជាបេក្ខភាព«ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកម្ហូបអាហារ»របស់អង្គការយូណេស្កូ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ យោងតាមសំណើរបស់ ក្រសួងទេសចរណ៍ និងដោយមានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងរដ្ឋបាលខេត្តបាត់ដំបង រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍អនុញ្ញាតដាក់បេក្ខភាពទីក្រុងបាត់ដំបង ចូលជាសមាជិកបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ (UNESCO Creative Cities Network) «ក្នុងប្រភេទទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកម្ហូបអាហារ»។

លោកថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់នៅថ្ងៃទី២៦ មិថុនា ២០២១នេះថា ការជ្រើសរើសយកទីក្រុងបាត់ដំបង ដើម្បីចូលជាសមាជិកបណ្តាញទីក្រុងនេះលើផ្នែក «ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកម្ហូបអាហារ» ដោយសារតាមការវាយតម្លៃរបស់ក្រុមការងារជំនាញទីក្រុងបាត់ដំបងមកថា ខេត្តបាត់ដំបងសម្បូរទៅដោយម្ហូបអាហារជាច្រើនប្រភេទ និងច្រើនទម្រង់ដែលត្រូវបានរៀបចំ និងកែច្នៃ ដើម្បីចែករំលែក និងផ្សព្វផ្សាយលើឆាកអន្តរជាតិ។

លោកបន្តថា ការចូលជាសមាជិកបណ្តាញនេះ នឹងអនុញ្ញាតឱ្យកម្ពុជាមានសិទ្ធិប្រើប្រាស់និម្មិតសញ្ញា (Logo) របស់បណ្តាញ ដើម្បីធ្វើការផ្សព្វផ្សាយសក្តានុពល និងភាពពិសេសៗរបស់ទីក្រុងខ្លួនទៅកាន់ទីក្រុងនានាជាសមាជិកបណ្តាញ និងក្នុងក្របខណ្ឌរបស់អង្គការយូណេស្កូ ក្នុងការលើកស្ទួយនូវវប្បធម៌ សក្តានុពលទេសចរណ៍ទីក្រុង និងមុខមាត់របស់ទីក្រុងជ័យលាភី ក៏ដូចជាប្រទេសជាតិទាំងមូល ពិសេសការតម្រង់ឆ្ពោះទៅរកការផ្សព្វផ្សាយទេសចរណ៍ម្ហូបអាហារ (Gastronomy Tourism) ដែលជានិន្នាការថ្មីរបស់ពិភពលោក ហើយដែលកម្ពុជា ពិសេសទីក្រុងបាត់ដំបងតែម្តង មានសក្តានុពលសម្បូរបែប។

បណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៤ ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងចំណោមទីក្រុងមានភាពច្នៃប្រឌិតលើសមាសភាពសំខាន់ៗមួយចំនួន ដែលជាកត្តាគន្លឹះសម្រាប់ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព។

បច្ចុប្បន្ន បណ្តាញនេះមានទីក្រុងចំនួន២៤៦នៅជុំវិញពិភពលោក ដែលចែកចេញជា៧ប្រភេទដែលរួមមាន៖
១៖ ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកសិប្បកម្ម និងសិល្បៈប្រជាប្រិយ (Crafts and Folk Arts)។
២៖ ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកសិល្បៈនៃការផ្សព្វផ្សាយ (Media Arts)។
៣៖ ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកខ្សែភាពយន្ត (Film)។
៤៖ ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែករចនាប័ទ្ម និងការតុបតែង (Design)។
៥៖ ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកម្ហូបអាហារ (Gastronomy)។
៦៖ ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកអក្សរសាស្ត្រ (Literature) ៧៖ ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកតន្ត្រី (Music)។

ដោយឡែក នៅតំបន់អាស៊ានមានទីក្រុងចំនួន៦ ក្នុងប្រទេសចំនួន៤ ដែលជាសមាជិកក្នុងបណ្តាញទីក្រុងរបស់អង្គការយូណេស្កូនេះ រួមមាន៖ ប្រទេសថៃ មានទីក្រុងភូកេត និងទីក្រុងឈាងម៉ៃ ប្រទេសឥណ្ឌូណេស៊ី មានទីក្រុងបានឌុង (Bandung) និងទីក្រុងផេកាឡុងហ្កាន (Pekalongan) ប្រទេសសិង្ហបុរី មានទីក្រុងសិង្ហបុរី និងប្រទេសហ្វីលីពីន មានទីក្រុងបាកជីអូ (Baguio)។ ដូច្នេះហើយទើបកម្ពុជាប្រឹងស្រវាស្រទេញ ដើម្បីបានដាក់បេក្ខភាពទីក្រុងបាត់ដំបងនេះទៅក្នុងប្រភេទទី៥៕

កម្ចីទិញផ្ទះរហូតដល់ 80% និងអត្រាការប្រាក់ត្រឹមតែ 6.99% ក្រោមភាពជាដៃគូរវាងក្រុមហ៊ុន បុរី ប៉េង ហួត និងធនាគារ ហុង លីអុង

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនានេះ ក្រុមហ៊ុន បុរី ប៉េង ហួត បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ភាពជាគូនៃកិច្ចសហប្រតិបត្តិការជាមួយធនាគារ ហុង លីអុង នៅការិយាល័យលក់ថ្មីនៃគម្រោង ដឹស្តា មុនីរ៉ាហ៍ផ្ទាល់។ ស្របពេលជាមួយគ្នានេះ អតិថិជននឹងទទួលបានកម្ចីទិញផ្ទះដែលមានអត្រាការប្រាក់កាន់តែពិសេសត្រឹមតែ 6.99% ប៉ុណ្ណោះក្នុងមួយឆ្នាំ និងទំហំកម្ចីរហូតដល់ 80%នៃតម្លៃគេហដ្ឋាន ហើយមានរយៈពេលរហូតដល់ 25ឆ្នាំ មិនចាំបាច់មានទ្រព្យបញ្ចាំក្នុងអំឡុងពេលសាងសង់ ដោយត្រូវការត្រឹមតែឯកសារទិញលក់ប៉ុណ្ណោះ ជាមួយការអនុម័តយ៉ាងឆាប់រហ័សពីធនាគារ ហុង លីអុង ផងដែរ។


ភាពជាដៃគូនេះមានគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរឱ្យកាន់តែល្អប្រសើរ និងផ្ដល់នូវកម្ចីទិញផ្ទះដែលមានលក្ខខណ្ឌ និងអត្រាការប្រាក់ពិសេសទៅដល់អតិថិជនរបស់បុរី ប៉េង ហួត​។ អ្នកស្រី គង់ មរកត អនុប្រធានផ្នែកលក់នៃក្រុមហ៊ុន បុរី ប៉េង ហួត បានមានប្រសាសន៍ថា “ការពិត បុរី ប៉េង ហួត បានសហការគ្នាយ៉ាងស្អិត ជាមួយនឹងធនាគារ ហុង លីអុង អស់រយៈពេល៤ឆ្នាំមកហើយ ​ដើម្បីធានានូវការផ្តល់ជូននូវលក្ខខណ្ឌបង់ប្រាក់ អត្រាការប្រាក់ និងការផ្តល់ជូនផ្សេងៗ​ទៀតទៅដល់អតិថិជនជាច្រើន​របស់បុរី ប៉េង ហួត។ ហើយនៅថ្ងៃនេះដែរ យើងនឹងមានការប្រកាសពីការផ្តល់ជូនកាន់តែពិសេសៗ​បន្ថែមទៀតសម្រាប់​ ការទិញលំនៅឋាននៅគម្រោង ដឹស្តា មុនីរាហ៍ នេះផ្ទាល់ រួមជាមួយការផ្ដល់ជូនពីធនាគារ ហុង លីអុង ផងដែរ។”

ដោយឡែក លោក ស៊ុន ភារម្យ ប្រធានសាខាបឹងស្នោ នៃធនាគារ ហុង លីអុង ក៏បានមានប្រសាសន៍ក្នុងពិធីនេះផងដែរថា “ធនាគារ​ ហុង លីអុង ជឿជាក់ថាការសហការយ៉ាងល្អនេះនឹងនៅតែបន្ត ហើយយើងខ្ញុំ​ក៏នឹងខិតខំប្រឹងប្រែងផ្តល់នូវអ្វីដែលថ្មីក្នុងន័យជួយឱ្យអតិថិជនទាំងអស់ ជាពិសេសអតិថិជនរបស់បុរី ប៉េង ហួត ទទួលបាននូវគេហដ្ឋានដ៏ល្អជាមួយនឹងសេវាកម្ចីទិញផ្ទះដែលមានភាពងាយស្រួល និងទទួលបានការចំណេញជាច្រើននាពេលអនាគត។”

ដើម្បីអបអរសាទរចំពោះការបើកដំណើរការជាផ្លូវការនៃការិយាល័យលក់ថ្មី​ គម្រោង ដឹស្តា មុនីរ៉ាហ៍ បុរី ប៉េង ហួត​ មានការផ្ដល់ជូនដ៏ពិសេសៗដូចជា ការបញ្ចុះតម្លៃយ៉ាងច្រើន លក្ខខណ្ឌបង់ប្រាក់កាន់តែងាយស្រួល រួមជាមួយកាដូអនុស្សាវរីយ៍ភ្លាមៗសម្រាប់ការកក់នៅទីតាំងផ្ទាល់ និងការផ្ដល់ជូនផ្សេងទៀតសម្រាប់រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី២៧ មិថុនា ២០២១។

សូមអញ្ជើញមកសាកសួរព័ត៌មានជាមួយសហការីលក់បុរី ប៉េង ហួត នៅការិយាល័យលក់ថ្មីគម្រោង ដឹស្តា មុនីរ៉ាហ៍​ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ 6A ចម្ងាយត្រឹមតែ 3នាទីពីសាលាកសិកម្មព្រែកលៀប ឬមើលផែនទីទីតាំង https://bit.ly/TheStarMunirah ឬទាក់ទងតាមទូរសព្ទលេខ៖ 098 / 016 / 017 596 789៕

រដ្ឋមន្ត្រីស៊ុន ចាន់ថុលស្នើបញ្ចូលគម្រោងផ្លូវរថភ្លើងភ្នំពេញ-ហូជីមិញទៅក្នុងផែនការមេតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ

ដោយៈ ម៉ាណេត

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើប្រជុំលើកទី២របស់គណៈកម្មាធិការជាតិភស្តុភារកម្ម បញ្ចូលគម្រោងផ្លូវរថភ្លើងភ្នំពេញ-ហូជីមិញ និងគម្រោងសាងសង់ផ្លូវមួយចំនួន ទៅក្នុងសេចក្តីព្រាង ផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ។

ការស្នើនេះត្រូវបានធ្វើឡើងដោយ លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលក្នុងប្រជុំលើកទី២របស់គណៈកម្មាធិការជាតិ ភស្តុភារកម្ម ស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១។

ជាមួយគ្នានេះផងដែរ លោកទេសរដ្ឋមន្ត្រីបានស្នើឱ្យអង្គប្រជុំពិនិត្យបញ្ចូលគម្រោងសាងសង់តភ្ជាប់ ផ្លូវរថភ្លើងភ្នំពេញ-ហូជីមិញ និងគម្រោងសាងសង់ផ្លូវមួយចំនួនរួមមាន៖ គម្រោងសាងសង់ផ្លូវបាត់ ដំបង-សៀមរាប គម្រោងសាងសង់ផ្លូវលេខ៥៧ គម្រោងសាងសង់ផ្លូវលេខ៥០សេ ទៅក្នុងសេចក្តីព្រាងផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងបានណែនាំឱ្យក្រុមការងារពិនិត្យ និងរៀបចំផែនការសាងសង់ផ្លូវ៥ឆ្នាំរំកិល ដើម្បីយកមកបញ្ចូលក្នុងសេចក្តីព្រាងផែនការមេនេះផងដែរ។

ជាមួយគ្នានេះដែរ កាលពីខែមីនា ឆ្នាំ២០២១កន្លងទៅ កម្ពុជា ឡាវ និងវៀតណាម (CLV) បានឯកភាពពន្លឿនការអនុវត្តផែនកា រការតភ្ជាប់សេដ្ឋកិច្ច CLV ដល់ឆ្នាំ២០៣០ ដោយផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងគៀងគរធានធនពីដៃគូរអភិវឌ្ឍន៍ ដើម្បីស្ថាបនាផ្លូវល្បឿនលឿនហាណូយ-វៀងចន្ទន៍ ផ្លូវរថភ្លើងរៀងចន្ទន៍-វង្សអាន និងផ្លូវរថភ្លើងភ្នំពេញ-ហូជីមិញ។

ការឯកភាពនេះរវាងប្រទេសទាងបី ត្រូវបានឡើង ក្នុងពិភាក្សាតាមប្រព័ន្ធវីដេអូអំពី កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី ក្នុងក្របខ័ណ្ឌទ្វេភាគី ត្រីភាគី និងពហុភាគី រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកថងលូន ស៊ីសុលីត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ និងលោកង្វៀន សួនហ្វ៊ុកនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

សេចក្តីព្រាងផែនការមេស្តីពី៖ ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និង ភស្តុភារកម្ម រៀបចំដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធពី ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសជប៉ុន(JICA) ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៨ និង ទទួលបានការអនុម័តឱ្យប្រើប្រាស់កាលពីថ្ងៃទី០៦ខែមករាឆ្នាំ២០២០ ដោយក្រុមប្រឹក្សាជាតិភស្តុភារកម្ម៕

ក្រុមហ៊ុនជប៉ុន Nippon Express ប្រចាំកម្ពុជាពង្រីកសេវាកម្មដឹកជញ្ជូនឱសថនៅកម្ពុជា

ដោយៈសុខុម

តូក្យូ: ក្រុមហ៊ុន Nippon Express (Cambodia) Co., Ltd ជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនជប៉ុន Nippon Express Co., Ltd ទទួលបានវិញ្ញាបនបត្ រGood Distribution Practice (GDP) (ឧត្ដមានុវត្តន៍នៃការចែកចាយ) កាលពីថ្ងៃអាទិត្យ ទី១៤ មីនា ឆ្នាំ២០២១ នេះសម្រាប់ការផ្ដល់សេវាដឹកជញ្ជូនចែកចាយរបស់ខ្លួននៅកម្ពុជា។

យោងតាមគេហទំព័រ prnewswire.com ចុះផ្សាយកាលពីថ្ងៃទី២៤ មិថុនា ឱ្យដឹងថា ការទទួលបានវិញ្ញាបនបត្រនេះ សរបង្ហាញឱ្យឃើញថា ក្រុមហ៊ុននេះអនុវត្តបានខ្ជា​ប់ខ្ជួន និងត្រឹមត្រូវតាមស្តង់ដារ សម្រាប់ការដឹកជញ្ជូនចែកចាយឱសថឱ្យបានត្រឹមត្រូវ។

បច្ចុប្បន្ន ប្រទេសកម្ពុជា ពឹងផ្អែកភាគច្រើនទៅលើការនាំចូលឱសថ ដែលសម្រាប់ប្រើប្រាស់នៅតាមមន្ទីរពេទ្យ និងគ្លីនិកនានានៅក្នុងស្រុក។ ដោយសារកម្ពុជា មានក្រុមហ៊ុនដឹកជញ្ជូនចំនួនតិច ដែលមានរថយន្តបំពាក់ទូទឹកកក ឬមានសមត្ថភាពផ្គត់ផ្គង់ស្តុកឱសថក្លាស្សេ ដែលគ្រប់គ្រងគុណភាពបានយ៉ាងត្រឹមត្រូវ ក្រុមហ៊ុន NE Cambodia បានបើកមជ្ឈមណ្ឌលភ័ស្តុភា (Logistics Center) នៅរាជធានីភ្នំពេញ ដែលបំពាក់ទូទឹកកក និងទូក្លាស្សេគ្រប់គ្រាន់នៅខែធ្នូ ឆ្នាំ២០១៩។

មជ្ឈមណ្ឌលសម្រាប់ស្តុកឱសថឈានមុខគេមួយ នៅក្នុងប្រទេសនេះទទួលបានការចាប់អារម្មណ៍ខ្លាំង ពីក្រុមមន្ត្រីរដ្ឋាភិបាល និងស្ថាប័នផ្សេងៗទៀត។

នៅខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុន NE Cambodia បានចាប់ផ្តើមផ្តល់សេវាកម្មស្តុកទុកឧបករណ៍វេជ្ជសាស្ត្រ និងឱសថដែលសម្រាប់ប្រើប្រាស់ នៅតាមមន្ទីរពេទ្យជប៉ុន នានាក្នុងប្រទេសកម្ពុជា។ ដោយសារតម្រូវការ​ឱសថកើនឡើង ក្រុមហ៊ុននឹងធ្វើការអភិវ​ ឌ្ឍសេវាកម្ម ដែលផ្តល់ជូនអតិថិជន នូវការដឹកជញ្ជូនមានសុវត្ថិភាព​ជាងមុន និងដើម្បីជួយកែលម្អប្រព័ន្ធសុខាភិបាលនៅកម្ពុជា។

ក្រុមហ៊ុន Nippon Express នឹងបន្តខិតខំពង្រឹងសេវាកម្មរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការដឹកជញ្ជូនឱសថចម្រុះ ដែលកាន់តែមានលក្ខណៈទំនើបជាងមុន និងដើម្បីផ្តល់សេវាកម្មដឹកជញ្ជូនគុណភាពខ្ពស់ ដែលភ្ជាប់ទៅនឹងបណ្តាញរបស់ខ្លួននៅទូទាំងពិភពលោក៕

សិក្សា៦ចំណុចនេះ មុននឹងសម្រេចចិត្តទិញលំនៅដ្ឋានក្នុងបុរី

ដោយៈ សាវុធ

ភ្នំពេញៈ បច្ចុប្បន្ននេះយើងសង្កេតឃើញ ពីកំណើននៃសំណង់បុរី ដែលជាហេតុមានអតិថិជនជាច្រើន ភ្លូកទឹកភ្លូកដីទៅទិញបុរីសម្រាប់ស្នាក់នៅ ឬធ្វើជាអចលនទ្រព្យសម្រាប់ទុកលក់ដូរតាមក្រោយ។

យ៉ាងណាមិញគុណភាព និងទំនុកចិត្តដែលម្ចាស់បុរីនីមួយៗ ផ្ដល់ឲ្យមកកាន់អតិថិជន។ អ្នកខ្លះទិញហើយជួបការលំបាក ជាមួយនឹងគុណភាពសំណង់ ខ្លះទៀតជួបបញ្ហាទាក់ទងនឹងកម្មសិទ្ធបញ្ញាជាដើម។

ហេតុនេះ ប្រជាពលរដ្ឋមានលទ្ឋភាពគួរពិនិត្យពីប្រភេទប្លង់នៃផ្ទះ៖ តើម្ចាស់គម្រោង មានប្លង់រឹង សម្រាប់ផ្តល់ជូនអ្នកដែរឬទេ?។

ដោយសារដែលនៅប្រទេសកម្ពុជាយើងមាន ប្លង់ច្រើនប្រភេទ ដូចនេះដើម្បីសុវត្ថិភាព អ្នកគួរធ្វើការសាកសួរពីប្រភេទប្លង់ ដែលអ្នកម្ចាស់គម្រោងនឹងផ្ដល់ជូនអ្នក។ ជាធម្មតា ប្រសិនបើគម្រោងអភិវឌ្ឍន៍បុរីដែលអ្នកមានបំណងទិញ ជាគម្រោងស្របច្បាប់ ម្ចាស់គម្រោងត្រូវតែមានប្លង់រឹងមេមួយ ដែលជាប័ណ្ណកម្មសិទ្ធិស្របច្បាប់ដ៏សំខាន់ ដែលគ្របដណ្តប់លើផ្ទៃដីនៃគម្រោងទាំងមូល។

ប្លង់មេនេះដែរ នឹងត្រូវធ្វើការបែងចែកជាចំនែកផ្សេងៗគ្នា ដើម្បីចេញជាប្លង់រឹងមួយៗផ្សេងៗគ្នា សម្រាប់លំនៅដ្ខាននីមួយៗនៅក្នុងគម្រោង។

ហេតុតអ្វីបានជាត្រូវសួររកប្លង់មេដែរ?
ហេតុផលសំខាន់ៗ ដែលលោកអ្នកគួរសាកសួរឬសិក្សាពីបញ្ហានេះ ដោយសារ ទី១) ការពិនិត្យប្លង់មេ អាចជួយអ្នកអោយប្រាកដថា ម្ចាស់គម្រោងជាម្ចាស់កម្មសិទ្ធិស្របច្បាប់ របស់ដីនៃគម្រោងអភិវឌ្ឍន៍ទាំងមូល ដើម្បីធានាថា គេមានប្លង់ កាត់ជូនអ្នកនៅពេលអ្នកទិញរួចរាល់។

ទី២) អ្នកគួរពិនិត្យមើលប្លង់មេ ដើម្បីធានាថា ដីដែលកំពុងអភិវឌ្ឍន៍នេះ មិនបានជាប់ប្លង់នៅធនាគារ។ ការពារកុំអោយមានបញ្ហានៅពេលក្រោយ។ ទី៣) ប័ណ្ណចុះបញ្ជីក្រុមហ៊ុន៖ តើគម្រោងបុរីដែលអ្នកប្រុងនឹងទិញ មានលិខិតចុះបញ្ជីត្រឹមត្រូវដែលទទួលស្គាល់ពីក្រសូងពាក់ព័ន្ធដែរឬទេ?។

ដូចដែលអ្នកបានដឹងរូចមកហើយថា បច្ចុប្បន្ននេះមានគម្រោងអភិវឌ្ឍន៍បុរីជាច្រើនដែលកំពុងរីកដុះដាល តែមិនមែនគម្រោងទាំងអស់ សុទ្ធតែជាគម្រោងស្របច្បាប់នោះទេ។ តាមច្បាប់ ក្រុមហ៊ុនអភិវឌ្ឍន៍ត្រូវចុះបញ្ជី និងត្រូវទទួលបានការយល់ព្រមពីក្រសួងពាក់ព័ន្ធជាមុនសិន ទើបមានសិទ្ធិអាចចាប់ផ្តើមដំណើរការអាជីវកម្ម និងដំណើរការសាងសង់បាន។

ទី៤) ការអនុម័តផែនការមេ៖ តើផែនការមេរបស់គម្រោងបានទទួលការអនុម័តពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ហើយ ឬនៅ?។ នេះគឺជាឯកសារមួយដ៏សំខាន់ ដែលអ្នកត្រូវតែដឹងផងដែរ។ ផែនការមេ គឺជាប្លង់មេដ៏សំខាន់របស់គម្រោងទាំងមូល។

ជាទូទៅ ផែនការមេត្រូវបានអនុម័ត ដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ មុនពេលការសាងសង់ចាប់ផ្តើម។ វាគូសបង្ហាញអ្នកយ៉ាងច្បាស់ថា តើគម្រោងដែលរៀបនឹងសាងសង់ មានហេដ្ឋារចនាសម្ព័ន្ធដូចម្តេច មានប្លង់លំនៅដ្ឋានដូចម្ត៉េច។

ទី៥) អាជ្ញាប័ណ្ណសាងសង់ៈ តើគម្រោងបុរីដែលអ្នកចង់ទិញ មានអាជ្ញាប័ណ្ណសាងសង់ដែលចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ឬទេ?។

ក្រៅពីផែនការមេនៃគម្រោងបុរីហើយ បុរី ត្រូវតែមានផងដែរនូវ អាជ្ញាប័ណ្ណសាងសង់ ត្រឹមត្រូវ ដែលចេញដោយ ក្រសួងរៀបចំដែនដីនគរូ បនីយកម្ម និងសំណង់។

មុននឹងទទួលបានអាជ្ញាប័ណ្ណនេះ គម្រោងត្រូវឆ្លងកាត់ការត្រួតពិនិត្យយ៉ាងហ្មត់ចត់ពីក្រសួងគ្រប់គ្រងដីធ្លី។ មុនដំបូងម្ចាស់បុរី ត្រូវដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណសាងសង់មួយ ដើម្បីអាចដំណើរការសាងសង់លំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធបាន ប្រកបដោយស្តង់ដារ និងបញ្ចប់ការសាងសង់តាមការកំណត់ត្រឹមត្រូវ តាមការគ្រោងទុក។
ទី៦) អាជ្ញាប័ណ្ណបុរី៖ តើបុរីដែលអ្នកប្រុងនឹងរស់នៅនេះ មានអាជ្ញាប័ណ្ណត្រឺមត្រូវតាមច្បាប់ដែរឬទេ?។

ឯកសារចុងក្រោយ ដែលអ្នកត្រូវតែពិនិត្យមើលផងដែរនោះ គឺជាអាជ្ញាប័ណ្ណបុរី។ នៅពេល ដែលបុរីមានឯកសារនេះហើយ មានន័យថា វាត្រូវបានទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានន័យថា គ្រប់យ៉ាងត្រូវបានធ្វើឡើងដោយត្រឹមត្រូវ និងស្របតាមច្បាប់ និងបទប្បញ្ញត្តិទាំងអស់ដែលបានចែង មិនថាជាការរចនា ការសាងសង់ និង សិទ្ធិជាម្ចាស់កម្មសិទ្ធិជាដើម៕ Spean៕

តំបន់ជុំវិញភ្នំប្រសិទ្ធលេចវត្តមានបុរីតម្លៃសមរម្យកាន់តែច្រើន ខណៈអ្នកវិនិយោគកំពុងតែងាកទៅតំបន់ជាយក្រុង

ដោយៈគង់ សូរិយា

ភ្នំពេញៈ ដោយសារមានទីតាំងនៅកៀកនឹងរាជធានីភ្នំពេញ បានធ្វើឲ្យតំបន់ជុំវិញភ្នំប្រសិទ្ធទាក់ទាញ គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យកាន់តែច្រើន ស្របពេលអ្នកវិនិយោគសាងសង់ផ្ទះលក់ កាន់តែច្រើនកំពុងងាកទៅតំបន់ជាយក្រុង។

បច្ចុប្បន្នមានសំណង់បុរី សំណង់ផ្ទះល្វែងលើសពី១០គំរោង បានសាងសង់ផ្ទះលក់នៅតំបន់នេះ ដែលផ្ទះមានតម្លៃចាប់ពីជាង៣០០០០ ដល់ជាង៦០០០០ដុល្លារអាមេរិក។

ទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោកយិន លាងគង់ដែលបានចុះសិក្សាទីផ្សារនៅតំបន់នេះកាលពីថ្ងៃទី២៥ មិថុនាកន្លងមកបានឲ្យដឹងថា ទីតាំងមានសក្តានុពល ក្បែរមណីយដ្ឋានវប្បធ៌ម ធម្មជាតិធំៗចំនួនពីរ ពិសេសការរីកចម្រើននៃរាជធានីភ្នំពេញ និងទីតាំងកៀកនឹងរាជធានីភ្នំពេញ​ បានធ្វើឲ្យតំបន់នេះកាន់តែរីកចម្រើន និងទាក់ទាញគំ​រោងអភិវឌ្ឍន៍កាន់តែច្រើននាពេលអនាគត។

លោកបន្តថា “ការផ្លាស់ប្តូរក្រសួង មន្ទីរ និងស្ថាប័នមួយចំនួនទៅកាន់តំបន់បឹងកប់ស្រូវឬបឹងតាមោឃ និងធ្វើឲ្យតំបន់ភ្នំប្រសិទ្ធ និងតំបន់ជុំវិញកំពុងមានសក្តានុពលខ្លាំងសំរាប់វិនិយោគិនជាតិ អន្តរជាតិ”។ លោកបន្ថែមថា “ការរីកចម្រើននៅតំបន់នេះ វាមិនមែនជារឿងចៃដន្យនោះទេ ខណៈផែនការពង្រីកក្រុងនាពេលអនាគត អាចនឹងកាត់តំបន់នេះ​ចូលក្នុងដែលរដ្ឋបាលរាជធានីភ្នំពេញ”។

លោកយិន លាងគង់់បានបន្តថា ជាមួយនឹងផែនការយុទ្ឋសាស្រ្ត និងគោលនយោ​បាយរបស់រដ្ឋាភិបាល ក្នុងការផ្លាស់ប្តូររោងចក្រ សហគ្រាសទៅកាន់តំបន់ជាយក្រុង បានធ្វើឲ្យតំបន់ផ្លូវជាតិលេខ៤១ និង៥១កំពុងទាក់ទាញការចាប់អារម្មណ៍ខ្លាំង។ ហេតុនេះតំបន់ភ្នំប្រសិទ្ធ ដែលស្ថិតនៅចំកណ្តាល នឹងអាចក្លាយជាទីក្រុងថ្មីមួយនាពេលអនាគត។

ជាមួយគ្នានេះ លោកឧកញ៉ាហួត ជាអគ្គនាយកក្រុមហ៊ុនហួត ជាគ្រុបក៏បាននិងកំពុងវិនិយោគសាងសង់បុរី នៅតំបន់ភ្នំប្រសិទ្ធផងដែរ ដែលបច្ចុប្បន្នលោកកំពុងសាងសង់គំរោងវីឡាក្នុងតម្លៃសមរម្យ ដើម្បីលក់ជូនអតិថិជនជាមួយនឹងតម្លៃសមរម្យ ពិសេសវាជាការកសាងនូវម៉ាកសញ្ញាសំរាប់អនាគតរបស់ខ្លួនផងដែរ។

លោកឧកញ៉ាបានបន្តថា “ដោយសារវាជាតំបន់ជាប់ នឹងដែនរដ្ឋបាលរាជធានីភ្នំពេ​ញ និងសក្តានុពលតំបន់នេះ បានធ្វើឲ្យខ្ញុំវិនិយោគបុរីនេះ ឡើងនៅលើផ្ទៃដី១ហិកតាប៉ុណ្ណោះ មុននឹងពង្រីកគំរោងផ្សេងទៀត”។

បច្ចុប្បន្ននេះ ក្រុមហ៊ុនបុរីពិភពថ្មី ក៏បាននិងកំពុងរៀបចំការដ្ឋានបណ្តើរៗ ដើម្បីសាងសង់លំនៅដ្ឋានរបស់ខ្លួននៅក្បែរវត្តភ្នៀត ដែលមានផ្ទៃដីរាប់រយហិកតាផងដែរ៕

តើហេតុផលអ្វីខ្លះដែលធ្វើឲ្យការវិនិយោគដីនៅជាយក្រុងនៅតែមានឱកាសចំណេញ

ដោយៈ គង់ ម៉ាលីន

ភ្នំពេញៈ ជម្រើសនៃការទិញអចលនទ្រព្យ ក៏ដូចជាដីធ្លីនៅតាមបន់ណា ដែលអាចទទួលបានចំណេញខ្ពស់ នៅតែជាប្រធានបទមួយ ដែលមានប្រជាប្រិយភាព និងជាការចង់ដឹងពីសំណាក់ អ្នកដែលប្រឡូកនៅក្នុងវិស័យមួយនេះដដែល។

អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Century21 Advance Property លោក ឡុង គឹមសួគ៌ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅក្នុងសប្ដាហ៍នេះថា មិនថាទោះជាទិញនៅតំបន់ជាយក្រុង ឬនៅតាមបណ្តាខេត្ត ដែលឃ្លាតឆ្ងាយពីក្រុងនោះទេ អត្រាទទួលបានចំណេញនៅតែមាន ប្រសិនបើអ្នកទិញមានភាពឆ្លាតវៃ និងបានសិក្សាលម្អិតពីតំបន់ និងគម្រោងអភិ​វឌ្ឍន៍នានាដែលពាក់ព័ន្ធ។

លោកបញ្ជាក់ថា “ខ្ញុំនិយាយតែផ្នែកដីធ្លី មានអ្នកទិញទុកសម្រាប់វិនិយោគបន្តយកចំណេញ បានជ្រើសទីតាំងផ្សេងៗគ្នាជាមួយនឹងក្ដីរំពឹងថា អាចទទួលបានចំណេញនៅពេលលក់ចេញវិញ”។ លោកបន្តថា “មិនថាពួកគាត់ទិញទៅទីណានោះទេ អត្រាដែលទទួលបានចំណេញគឺសុទ្ធតែមាន ឱ្យតែពួកគាត់ទិញដោយការពិចារណា និងវិនិច្ឆ័យបានត្រឹមត្រូវ”។

លោកគឹមសួគ៌បានបន្តថា អ្នកខ្លះគាត់មិនបានដឹងលម្អិតពីព័ត៌មាន និងគម្រោងអភិវឌ្ឍន៍ ដែលជម្រុញឱ្យមានតម្រូវការទីផ្សារនោះទេ ហើយទិញតាមគេផ្អើល តែក៏អាចទទួលបានចំណេ​ញដូចគេ ដែលការចំណេញនេះ វាគឺជារឿងចៃដន្យសម្រាប់គាត់។ ចំពោះករណីបែបនេះមិនមែនចេះតែទទួលបានរហូតនោះទេ”។

លោកឡុង គឹមសួគ៌បានបន្តថា មានអ្នកខ្លះ គាត់មានធនធានតិចតួច ប៉ុន្តែគាត់បានសម្រេចចិត្តឥតស្ទាក់ស្ទើរ ក្នុងការទិញដីនៅជាយក្រុងទុក ជាពិសេសនៅក្បែរគម្រោងអភិវឌ្ឍន៍ដែលមានសកម្មភាព ដូច្នេះភាគរយចំណេញរបស់ពួកគាត់គឺមានច្រើន ហើយរហ័សទៀត។

ប្រសិនបើពួកគាត់សម្រេចលក់ ក្នុងតម្លៃចរចាណាមួយ ដែលអាចទទួលបានចំណេញ ហើយយកទៅវិនិយោគនៅតំបន់ណាមួយផ្សេងទៀត ដែលមានគម្រោងអភិវឌ្ឍន៍ច្បាស់លាស់ នោះកំណើននៃភាគលាភរបស់គាត់ នឹងកើនឡើងច្រើនជាងអ្នកដែលមានលុយច្រើនដែលទិញដីទំហំ ប៉ុន្តែនៅតំបន់ឆ្ងាយពីទីប្រជុំជន និងមិនមានគម្រោ​ងអភិវឌ្ឍន៍។

លោកបានបញ្ជាក់ថា មិនថាទោះជានៅតំបន់ជាយក្រុង ឬនៅក្នុងខេត្តណាមួយនោះ​ទេ ភាគរយចំណេញនៅតែមានដូចគ្នា សំខាន់ត្រង់ថាមុនពេលទិញសម្រាប់ទុកវិនិយោគ ត្រូវតែចេះសិក្សាពីតម្រូវការទីផ្សារ និងគម្រោងនៃការអភិវឌ្ឍឱ្យបានគ្រប់ជុងជ្រោ​យយ៉ាងលម្អិត ទើបការវិនិយោគមិនជួបភាពបរាជ័យ៕

ក្រុមប្រឹក្សាក្រុងបូកគោថ្មីនឹងប្រកាសជាផ្លូវការនៅដើមខែសីហាខាងមុខនេះ

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានឲ្យដឹងថា ការប្រកាសនូវការចូលកាន់មុខដំណែងអភិបាល និងសមាជិកក្រុមប្រឹក្សាភិបាលក្រុងបូកគោ នឹងប្រកាសជាផ្លួវការនៅដើមខែសីហាខាងមុខនេះ។

ថ្លែងក្នុងកិច្ចប្រជុំជាមួយ លោក ជាវ តាយ អភិបាលខេត្តកំពត លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានបញ្ជាក់ថា ការប្រកាសចូលកាន់មុខតំណែង តួនាទីក្រុមប្រឹក្សា និងគណៈអភិបាលក្រុង ត្រូវធ្វើឱ្យបានលឿនបំផុត យ៉ាងយូរត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០២១។ ដូច្នេះរដ្ឋបាលខេត្ត មន្ត្រីពាក់ព័ន្ធ ត្រូវរៀបចំក្របខ័ណ្ឌមន្ត្រីរាជការ រដ្ឋបាលក្រុងបូកគោ ឱ្យសមស្របនឹងទំហំការងារចាំបាច់ ចៀសវាងមន្ត្រីតែម្នាក់ទទួលបន្ទុកច្រើនវិស័យ ដែលនាំឱ្យមានការរាំងស្ទះ ដល់ការងារបម្រើសេវារដ្ឋបាលជូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោកជាវ តាយ អភិបាលខេត្តកំពតក៏បានលើកឡើងថា មានបញ្ហាមួយចំនួនពាក់ព័ន្ធ ការធ្វើសមាហរណកម្មមន្ត្រីរាជការ ក្នុងក្របខណ្ឌរដ្ឋបាលក្រុង ដែលមានអ្នកស្ម័គ្រចិត្តចំនួនតិចតួច និងមានការលំបាកក្នុងផ្ទេរពីក្រសួងសាម៉ី ដែលបញ្ហានេះអាចធ្វើឱ្យការឆ្លើយតបតម្រូវការមន្រ្តី ក្នុងរចនាសម្ព័ន្ធក្របខណ្ឌរដ្ឋបាល ក្រុងបង្កើតថ្មីមានការពិបាក ដែលតម្រូវឱ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃជួយអន្តរាគមន៍ក្នុងរឿងនេះ ។

ក្រោយមានការចេញអនុក្រឹត្យស្ដីពី ការបង្កើតក្រុងបូកគោក្នុងខេត្តកំពត បានធ្វើឱ្យតម្លៃដីធ្លីក្នុងតំបន់នេះ មានសន្ទុះមួយកម្រិតទៀត ទៅតាមទីតាំងនិងសក្ដានុពល។

លោកជិន ណារិន ភ្នាក់ងារអចលនវត្ថុប្រចាំខេត្តកំពតបានលើកឡើងថា ជាការពិតណាស់ ចាប់តាំងពីការប្រកាស និងការរៀបចំរចនាសម្ព័ន្ធមួយចំនួនក្នុងក្រុងបូកគោ ក៏បានធ្វើឱ្យតម្លៃដីនៅក្នុងក្រុងថ្មីនេះ កើនឡើងមួយកម្រិតបន្ថែមទៀត។ ជាក់ស្ដែងដីដែលធ្លាប់មានតម្លៃត្រឹមតែ១៥ដុល្លារ ក្នុងមួយការ៉េបានឡើងដល់៣០ ទៅ៥០ដុល្លារអាមមេរិកក្នុងមួយការ៉េ ហើយក៏នៅតែមានអ្នកស្វែងរកទិញដើម្បីអភិវឌ្ឍន៍ដែរ ។

លោកបន្តថា “ក្រោយពេលក្រុងថ្មីនេះ មានរចនាសម្ព័ន្ធច្បាស់លាស់ សង្ឃឹមថានឹងជួយជំរុញការអភិវឌ្ឍបន្ថែមទៀត នៅក្នុងទឹកដីខេត្តកំពត ជាពិសេសនៅក្នុងក្រុងថ្មីនេះតែម្ដង ហើយក៏សង្ឃឹមថានឹងទាក់ទាញការវិនិយោគបន្ថែមទ ក្រោយវិបត្តិកូវីដ១៩ត្រូវបានបញ្ចប់”៕

តើសណ្ឋាគារធំបំផុតក្នុងពិភពលោកស្ថិតនៅប្រទេសណា បើកដំណើរការនៅឆ្នាំណា?

ដោយៈ សុខុម

អន្តរជាតិៈ សណ្ឋាគារ J Hotel ក្នុងក្រុងសៀងហៃ ប្រទេសចិន ដែលទើបតែសម្ពោធកាលពីពេលថ្មីៗនេះ បានជាប់ឈ្មោះជាសណ្ឋាគារប្រណីតលំដាប់ខ្ពស់បំផុតក្នុងពិភលោក។ វាមានទីតាំងស្ថិតនៅជាន់ចាប់ពីជាន់ទី១២០ ដល់ជាន់កំពូលទី១២៨ នៃអគារកប់ពពកShanghai Tower ដែលមានកម្ពស់៦៣២ម៉ែត្រ ជាអគារខ្ពស់បំផុតទី២ ក្នុងពិភពលោក។

ចុះសណ្ឋាគារដែលធំជាងគេបំផុតក្នុងពិភពលោក? តើវាស្ថិតនៅប្រទេសណា បើក​ដំណើរការនៅឆ្នាំណា និងមានលក្ខណៈពិសេសអស្ចារ្យប៉ុណ្ណា? តោះ! មកស្គាល់ទាំងអស់គ្នា!។

ដោយមានទីតាំងស្ថិតនៅលើកំពូលភ្នំយ៉ាងស្រស់ស្អាត ប្រៀបបានឋានសួគ៌ សណ្ឋាគារលំដាប់ផ្កាយ៥ First World Hotel & Plaza ដែលមានអគារពណ៌ស្រស់ឆើតឆាយចំនួន២ និងបន្ទប់ចំនួន៧.៣៥១បន្ទប់ គឺជាសណ្ឋាគារធំជាងគេបំផុតក្នុងពិភពលោក។

សណ្ឋាគារនេះ មានទីតាំងស្ថិតនៅក្នុងរមណីដ្ឋាន Resorts World Genting លើកំពូលជួរភ្នំ Titiwangsa Mountains ក្នុងរដ្ឋប៉ាហាង (Pahang) ប្រទេសម៉ាឡេស៊ី។

សណ្ឋាគារដែលបើកដំណើរការក្នុងឆ្នាំ២០០១ នេះបានជាប់កំណត់ត្រាឯតទគ្គកម្មពិភពលោកហ្គីណេស Guinness World Records ជាសណ្ឋាគារធំបំផុតក្នុងពិភពលោកបើគិតពីចំនួនបន្ទប់ចាប់តាំងពីឆ្នាំ២០១៥ មក។

រមណីដ្ឋាន Resorts World Genting ត្រូវបានគេប្រសិទ្ធនាមថា Las Vegas of Asia (ក្រុងឡាសវេហ្គាស ប្រចាំតំបន់អាស៊ី) ព្រោះនៅអមច្រកចូលទៅកាន់រមណីដ្ឋានឋានសួគ៌នេះមានផ្សារធម្មតាដ៏ធំមួយ ដែលមានផ្ទៃក្រឡា៤.៦៤៥ម៉ែត្រការ៉េ ផ្សារទំនើបធំៗ កាស៊ីណូ ហាងកាហ្វេ បារ និងកន្លែងទទួលភ្ញៀវមួយ ដែលរៀបចំជាទេសភាពបែបក្នុងព្រៃ។

ក្រៅពីនេះ ក៏មានអាងហែលទឹក ទោងរំអិលជាច្រើន សួនកម្សាន្ត ទីលានវាយកូនហ្គោល ទីលានវាយតិន្នីស រោងភាពយន្ត និងក្លឹបហាត់ប្រាណផងដែរ។ ហើយក៏មានការសម្ដែងសៀករហស្សកម្ម និងការប្រគំតន្ត្រីប្រចាំសប្ដាហ៍ នៅសាលមហោស្រពផងដែរ។ និយាយរួម គឺនៅទីនេះសម្បូរកន្លែងលេងសប្បាយម៉ាអស់ដៃ ពេលសម្រាកលម្ហែខួរក្បាលពីការងារ៕

តើក្រុមហ៊ុនភ្នាក់ងារអចនលទ្រព្យដែលមានវិជ្ជាជីវៈត្រូវមានគុណសម្បត្តិដូចម្តេច?

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុនអចលនទ្រព្យ និងភ្នាក់ងារអចលនទ្រព្យមានវិជ្ជាជីវៈ មានសារៈសំខាន់ណាស់ ដែលអ្នកចង់ពិគ្រោះប្រឹក្សាអាចប្រើប្រាស់ និងអាចទុកចិត្តបាន។

គេហទំព័រ Propertyarea.asia សូមលើកយកចំណុចសំខាន់ៗមូយចំនួន ដើម្បីបង្ហាញលោក អ្នកថាតើក្រុមហ៊ុនមានវិជ្ជាជីវៈ ត្រូវមានមូលដ្ឋាន និងគុណសម្បត្តិដូចម្តេ​ច?។

យោងតាមឯកសារបរទេសបានឲ្យដឹងថា ក្រុមហ៊ុនដែលមានក្រមសីលធ៌មវិជ្ជាជីវៈ ត្រួវឈរលើគុណសម្បត្តិកដួចជា៖

មានទុនវិនិយោគអាចទុកចិត្តបាន
ដើមទុន និងសម្ភារៈប្រើប្រាស់ក្នុងប្រតិបត្តិការក្រុមហ៊ុន ជាសញ្ញាដ៏ល្អមួយ ដែលបង្ហា​ញថា ភ្នាក់ងារនេះមានភាពជាក់លាក់លើអាជីវកម្ម និងការការពារផលប្រយោជន៍របស់អតិថិជនរបស់ខ្លួន។

ធ្វើការពីការិយាល័យ
ភ្នាក់ងារអចលនទ្រព្យ ដែលមានអគារការិយាល័យរួម ជាមួយបុគ្គលិកជាច្រើន នាក់ ជាទូទៅគឺមានអាជីវកម្មស្របច្បាប់និង​ ជាអាជីវកម្មដែលមានដំណើរការល្អ។

មានគេហទំព័រ/ធ្វើទីផ្សារ
ភ្នាក់ងារដែលមានគេហទំព័រ ធ្វើការផ្សាយពាណិជ្ជកម្មតាមកាសែត និងជាទូទៅមានការធ្វើទីផ្សារត្រឹមត្រូវ គឺជាអាជីវកម្មដែលមានភាពច្បាសលាស់ ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ចំពោះមុខរបររបស់ពួកគេ។

ការជ្រើសរើសភ្នាក់ងារអចលនទ្រព្យ និងក្រុមហ៊ុនអចលនទ្រព្យ គឺជាការសម្រេចចិត្តដ៏សំខាន់មួយសម្រាប់អ្នកទិញ ឬអ្នកលក់លំនៅដ្ឋាន។ ការជ្រើសរើសភ្នាក់ងារគឺមានឥទ្ធិពល ដែលនឹងប៉ះពាល់ដល់កត្តាតម្លៃដែលអ្នកត្រូវបង់ ឬត្រូវលក់សម្រាប់ផ្ទះរបស់អ្នក ហើយវាក៏កំណត់ពីភាពងាយស្រួល និងភាពឆាប់រហ័សនៃដំណើរការទិញ ឬលក់លើអចលនទ្រព្យរបស់អ្នកផងដែរ។ ក្រោមហេតុផលនេះវាជាការសំខាន់ណាស់ ដែលត្រូវមានទំនុកចិត្តច្បាស់លាស់ជាមួយភ្នាក់ងាររបស់អ្នក។

បច្ចុប្បន្នមានភ្នាក់ងារអចលនទ្រព្យ បានចុះបញ្ជីស្របច្បាប់ជា ១០០ ក្រុមហ៊ុននៅ ទូទាំងប្រទេសកម្ពុជា ប៉ុន្តែក៏មានភ្នាក់ងារមិនបានចុះបញ្ជីជាច្រើនទៀត រួមជាមួយនឹងបុគ្គល រាប់ពាន់នាក់ដែលជាហៅខ្លួនឯងថាជា “ភា្នក់ងារអចលនទ្រព្យ”៕