ផ្លូវជាតិលេខ៥១នឹងក្លាយទៅជាប៉ូលឧស្សាហកម្មខណៈវិស័យអចលនទ្រព្យនៅតំបន់នេះកំពុងរីកចម្រើន

ដោយៈ ម៉ាណេត

ភ្នំពេញៈ ផ្លូវជាតិលេខ៥១ បាននិងកំពុងផ្លាស់ប្តូរមុខមាត់ថ្មីក្នុងការក្លាយទៅជាប៉ូលឧស្សាហកម្ម ខណៈវិស័យអចលនទ្រព្យក្នុងតំបន់នេះ នៅតែរីកចម្រើន ដោយសារផ្លូវជាតិលេខ៥១នេះ ស្ថិតក្នុងផែនការមេអភិវឌ្ឍន៍ផ្លូវក្រវ៉ាត់ក្រុងនាពេលខាងមុខ។

លោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកល(GRA) បានឲ្យដឹងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ថា សកម្មភាពអភិវឌ្ឍន៍នៅតំបន់ផ្លូវលេខ៥១ នៅតែដំណើការប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ខណៈផ្លូវ៥១នេះគឺប៉ូលសំខាន់មួយសម្រាប់ការអភិវឌ្ឍឧស្សាហកម្ម។

លោកបានឱ្យដឹងថា ទោះបីស្ថិតក្នុងវិបត្តិកូវីដ១៩យ៉ាងណាក្តី ចលនាអភិវឌ្ឍន៍នៅតាមផ្លូវ៥១ កើនឡើង ហើយបច្ចុប្បន្ននេះ តំបន់ផ្លូវ៥១ គឺប៉ូលសម្រាប់ការអភិវឌ្ឍសួនឧស្សាហកម្ម ព្រោះតំបន់នេះជាតំបន់អភិវឌ្ឍន៍ឧស្សាហកម្ម និងកំពុងមានការរីកចម្រើនឆ្ពោះទៅរកការអភិវឌ្ឍផ្នែកឧស្សាហកម្ម។

លោកបានថ្លែងថា ផ្លូវ៥១គឺផ្លូវមួយស្ថិតនៅតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៤ របស់ផែនការមេ ហើយតំបន់នឹងបន្តរីកចម្រើនទៅមុខ ខណៈការអភិវឌ្ឍអចលនទ្រព្យ ដែលកំពុងមានការកើនឡើង នៅតំបន់នេះ គឺភាគច្រើនផោ្តតលំនៅដ្ឋាន ដែលបំពេញតម្រូវការឱ្យប្រជាជននៅតំបន់ឧស្សាហកម្ម។

លោកបានឱ្យដឹងទៀតថា តម្លៃដីនៅតាមបណ្តោយផ្លូវ៥១ អាចរកបាន៥០ដុល្លារ ទៅ២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ អាស្រ័យស្ថានភាពដី និងទំហំដីជាក់ស្តែង។

លោកសន សៀបស្ថាបនិក និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ឃី រៀលអ៊ីស្ទេត ធ្លាប់បានឱ្យដឹងថា ដីធ្លីតាមបណ្តោយផ្លូវជាតិលេខ៥១ មានសក្តានុពលខ្លាំង សម្រាប់វិស័យឧស្សាហកម្ម និងលំនៅដ្ឋាន។

លោកបានពន្យល់ថា តំបន់នេះជាតំបន់ខ្ពង់រាបមិនលិចទឹក ដោយតភ្ជាប់គ្នារវាងផ្លូវជាតិសំខាន់ៗ មានផ្លូវវរថភ្លើងឆ្លងកាត់ ពីចំណុចផ្សារបាត់ដឹង និងស្ថិតនៅជាប់តំបន់វិនិយោគថ្មី នៃខណ្ឌព្រែកព្នៅ។ ចំណុចទាំងនេះ ជាអំណោយផលល្អ សម្រាប់តំបន់ទាំងមូល។

លោកបានថ្លែងថា មានវិនិយោគិនជាច្រើន កំពុងសម្លឹងមើលពីសក្តានុពលនៅទីតាំងនេះ និងបានចាប
ផ្តើមទិញដីក្នុងទ្រង់ទ្រាយធំ សម្រាប់ការវិនិយោគនាពេលអនាគត។

ផ្លូវជាតិលេខ៥១ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់ចំណុចថ្នល់ទទឹង ទៅផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្សារឧដុង្គ ដែលមានប្រវែង៣៧.៩៥គីឡូម៉ែត្រ និងចម្ងាយប្រមាណជាង១៨គីឡូម៉ែត្រពីទីក្រុងភ្នំពេញ (គិតពីចោមចៅ ទៅផ្សារថ្នល់ទទឹង)។ ផ្លូវជាតិលេខ៥១នេះ ត្រូវបានសាសង់ក្រោមមហិរញ្ញប្បទានពីរាជរដ្ឋាភិបាលចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕

តើខេត្តកែបមានសក្តានុពលអ្វីខ្លះ ដែលអ្នកធ្លាប់បានដឹង និងមិនធ្លាប់ដឹង?

ដោយៈគង់ សូរិយា

កែបៈ ជាខេត្តដ៏តូចច្រឡឹង តែប្រៀបដូចជាកូនក្រមុំមួយដែលលាក់ខ្លួន ខេត្តកែបមានលក្ខណៈពិសេសបំផុត ដោយវាជាខេត្តទី១នៅកម្ពុជា ដែលមានឧទ្យានជាតិកណ្តាលក្រុងតែមួយគត់។

គោលនយោបាយរបស់រដ្ឋាភិបាល
ខេត្តនេះត្រូវបានទទួលស្គាល់ពីគណកម្មការ វាយតម្លៃទីក្រុងស្អាតរបស់អាស៊ាន ដែលបានផ្តល់ពានរង្វាន់ជាខេត្តមាន “ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត”។

លើសពីនេះរដ្ឋាភិបាល តាមរយៈក្រសួងទេសចរណ៍ ក៏បានរៀបផែនការមេ ដើម្បីប្រែក្លាយខេត្តនេះជា “តំបន់វិស្សមកាលកម្រិតខ្ពស់”មួយនៅកម្ពុជា តាមរយៈការមិនឲ្យ​មានរោងចក្រ សហគ្រាស និងកាស៊ីណូ ដើម្បីប្រែក្លាយខេត្ត ដែលមានតែស្រុកមួយ និងក្រុងចំនួន១នេះ ជាតំបន់ទេសចរណ៍ដ៏ពិសិដ្ឋ។

អភិបាលខេត្តកែប  លោកសោម ពិសិដ្ឋ បានជំរុញ  និងលើកទឹកចិត្ត  ដល់អាជីវករ វិនិយោគិនលើវិស័យទេសចរណ៍ សណ្ឋាគារ  ដើម្បីចូលរួមអភិវឌ្ឍន៍ខេត្តកែបឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ខណៈខេត្តជាប់មាត់សមុទ្រមួយនេះ បាននឹងកំពុងរៀបចំឆ្ពោះទៅកាន់ភាពសុខដុម ជាមួយនឹងផែនការអភិវឌ្ឍន៍នាពេលអនាគតកាន់តែច្បាស់លាស់។

លោកបានបន្តថា ដោយមានការអញ្ជើញចូលរួមពីសំណាក់ម្ចាស់សណ្ឋាគារ  ផ្ទះសំណាក់  អ្នកវិនិយោគគិន  រួមជាមួយនូវភ្ញៀវជាតិ  អន្តរជាតិជាច្រើនរូប។ លោកបន្តថា ក្នុងគោលបំណងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ  និងអន្តរជាតិអោយមកសម្រាកកំសាន្ត  នៅខេត្តកែប  ទីក្រុងទេសចរណ៍កាន់តែច្រើនថែមទៀត  ខេត្តកែបមានសក្តានុពលសំខាន់ៗ  ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍  ទាំងធនធានធម្មជាតិ លើគោក  ធានធានធម្មជាតិក្នុងសមុទ្រ  ឩទ្យាជាតិកែប  កោះ  ឆ្នេរ សមុទ្រ  ស្អាតៗ  ជាច្រើនកន្លែង ។

លោកសោម ពិសិដ្ឋបានបន្តថា  ថ្នាក់ដឹកនាំខេត្តកែប  បានកំណត់ចក្ខុវស័យរួចហើ​យថា  ខេត្តកែប ជាតំបន់ទេសចរណ៍ សម្រាកលម្អែកំសាន្តប្រណិតកម្រិតខ្ពស់ បរិស្ថានល្អ កំណើនភ្ញៀវទេសចរជាតិ អន្តរជាតិ និងមកស្នាក់នៅរយៈពេលយូរ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈល្អ ប្រជាពលរដ្ឋគោរពច្បាប់ សុខុមាលភាព សមភាពយេនឌ័រ សីលធម៌រស់នៅថៃ្លថ្នូរ វប្បធម៌រុងរឿង ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះខេត្តកែប ក៏កំពុងរៀបចំឆ្នេរថ្មីៗ ដើម្បីបំរើដល់ការកំសាន្តរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិផងដែរ។

មានគ្រឿងសមុទ្រឆ្ងាញ់ជាងគេ
ក្នុងចំណោមខេត្តជាប់តំបន់ឆ្នេរទាំងអស់ ខេត្តកែបជាខេត្តដែលមានគ្រឿងសមុទ្រឆ្ងាញ់ជាងគេទាំងអស់ ដោយអ្នកជំនាញបានពន្យល់ថា ដោយសារខេត្តនេះមានលក្ខណៈអំណោលផលពីធនធានធម្មជាតិ ព្រោះទឹកសមុទ្រខេត្តនេះមានសារ៉ាយសមុទ្រច្រើន និងមានជីវៈចម្រុះសម្បូរបែប។

លោកសោម ពិសិដ្ឋបានឲ្យដឹងផងដែរថា ដើម្បីសម្រេចចក្ខុវិស័យនេះ  រដ្ឋបាលខេត្តបាន រៀបចំហេដ្ឋារចនាសម្ពន្ធ  ដូចជាពង្រីកប្រព័ន្ធផ្លូវគមនាគមន៍ អោយបានធំទូលា​យ  រៀបចំអោយមានចំណតរថយន្តត្រឹមត្រូវ  រក្សាសុវត្ថិភាព  សណ្តប់ធ្នាប់សាធារណៈ បានយ៉ាងល្អ  មានប្រព័ន្ធភ្លើងអគ្គីសនី២៤/២៤ម៉ោង  ជាពិសេសមានប្រព័ន្ធទឹកស្អាតដែ​លកំពុងប្រើប្រាស់ទូទាំងខេត្ត។

ហេដ្ឋារចនាសម្ព័ន្ឋពីរកំពុងលើកស្ទួយមុខមាត់ខេត្ត
បច្ចុប្ប​ន្នក្រសួងសាធារណៈការ និងដឹកជញ្ជូនកំពុងសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយ ដែលគ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំនេះ ឬដើមឆ្នាំ២០២២ខាងមុខនេះ ដែលកំពង់ផែនេះ ដើរតួនាទីសម្រាប់សេវាកម្មទេសចរណ៍ លើកដាក់ទំនិញក្នុងស្រុកផង និងសេវាកម្មសំរាប់តភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរណ៍ នៅក្នុងតំបន់ផងដែរ។
ជាមួយគ្នានេះ ខេត្តកែបក៏បាននិងកំពុងសាងសង់ផ្សាររាត្រីជាលើកដំបូងរបស់ខ្លួន ជាប់មាត់សមុទ្រផងដែរ ដើម្បីឲ្យភ្ញៀវទេសចរណ៍បានទៅទស្សនាខេត្តនេះ មានកន្លែងដើរកំសាន្តនាពេលរាត្រី។

លើសពីនេះ អាជ្ញាធរខេត្តបាននិងកំពុងរៀបចំឆ្នេរពីរកន្លែងផងដែរ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិនាពេលខាងមុខនេះ៕

ស្ថាប័នប្រមូលចំណូលពន្ធ២នៅកម្ពុជារកចំណូលបានជាង២៦០០លានដុល្លារក្នុងរយៈពេល១ឆមាស

ដោយៈលក្ខិណា

ភ្នំពេញៈ ស្ថាប័នរកចំណូលពន្ធពីរដ៏សំខាន់ បានចេញរបាយការណ៍ពីការរកចំណូលបានប្រមាណ២៦០០លានដុល្លារអាមេរិក ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២១នេះ ដែលធ្វើឱ្យកម្ពុជា នៅតែមានលទ្ធភាព ក្នុងការគ្រប់គ្រងការចំណាយក្នុងបរិបទកូវីដ១៩នេះ ។

យោងតាមរបាយការណ៍ បូកសរុបរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី២០ កក្កដា២០២១នេះឱ្យដឹងថា ក្នុងរយៈពេល៦ខែឬ១ឆមាសដំបូងនៃឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានពន្ធដារ រកចំណូលបានប្រមាណ១.៥១៥,៩០លានដុល្លារអាមេរិក ស្មើនឹងប្រមាណ៦៧,៥៨ភាគរយ នៃផែនការច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ហើយបើធៀបនឹងចំណូលពន្ធអាករ ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០កន្លងទៅមានថយចុះប្រមាណ១០,៦០ភាគរយ ឬថយប្រមាណ ១៧៩,៧៥លានដុល្លារអាមេរិក ។

របាយការណ៍ដដែលនេះ បានបង្ហាញផងដែរថា នៅក្នុងខែមិថុនា២០២១នេះ អគ្គនាយកដ្ឋានប្រមូលពន្ធ បានចំនួន១៦៧,៦១លានដុល្លារអាមេរិក ស្មើនឹងប្រមាណ៧,៤៧ភាគរយ នៃផែនការច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១នេះ ហើយបើធៀបនឹងខែមិថុនា២០២០ឃើញថា មានការថយចុះរហូតដល់១៦,១១ភាគរយ ឬប្រមាណ៣២,១៩លានដុល្លារអាមេរិក ។

របាយការណ៍ក៏បានបង្ហាញថា គិតត្រឹមថ្ងៃទី២០ កក្កដា ២០២១ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធសរុបបានចំនួន១.៥៩០,៣៨លានដុល្លារអាមេរិក ដោយក្នុងរយៈពេល២០ថ្ងៃនេះ ខែកក្កដា ២០២១អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបាន៧៤,៣២លានដុល្លារអាមេរិកផងដែរ ។

សម្រាប់ស្ថាប័នប្រមូលពន្ធដ៏សំខាន់មួយទៀត គឺអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាក្នុងឆមាសទី១ឆ្នាំ២០២១នេះ ក៏រកចំណូលបានប្រមាណ ១.១៥៩,៥លានដុល្លារអាមេរិក តែបើធៀបនឹងឆមាសទី១ឆ្នាំ ២០២០កន្លងទៅមានការថយចុះ ប្រមាណ៨,៩ភាគរយ ដែលចំណូលពីពន្ធគយក្នុងឆមាសទី១នេះ សម្រេចបាន៤៩ភាគរយ នៃផែនការឆ្នាំដែលបានកំណត់ដោយច្បាប់ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ។

បើតាមមន្ត្រីជាន់ខ្ពស់កម្ពុជាមួយរូបកន្លងមកបានឱ្យដឹងថា ឆ្នាំ២០២១នេះ កម្ពុជាត្រូវបង្កើនការចំណាយច្រើនជាងឆ្នាំមុន ជាពិសេសការចំណាយទៅលើការទប់ស្កាត់កូវីដ១៩ ខណៈស្ថានភាពកូវីដ១៩ក្នុងប្រទេស នៅតែកើនឡើងខ្ពស់ក្នុងឆ្នាំ២០២១នេះ ។តែយ៉ាងណាក៏ដោយ ក៏កម្ពុជានៅតែអាចគ្រប់គ្រង ការចំណាយរបស់ខ្លួនបាន ហើយក៏មិនធ្វើឱ្យសេដ្ឋកិច្ចដួលរលំនៅក្នុងវិបត្តិកូវីដ១៩នេះដែរ៕

សារព៌តមានអន្តរជាតិៈបើស្ថានភាពកូវីដ-១៩ ធូរស្រាល កម្ពុជាគឺជាគោលដៅទេសចរដែលមិនត្រូវមើលរំលង

ដោយៈម៉ាណេត

អន្តរជាតិៈ សារព៌តមានល្បីឈ្មោះរបស់អឺរ៉ុប (Euronews) ក្នុងមាតិកា “ដំណើកម្សាន្ត” របស់ខ្លួន បានចាត់ទុកកម្ពុជា ស្ថិតក្នុងចំណោមប្រទេស/តំបន់តូចចំនួន៧ ដែលទេសចរមិនត្រូវមើលរំលង នៅពេលដែលស្ថានភាពកូវីដ-១៩ធូរស្រាល។

ពេលណាកូវីដចប់?មិនមានចម្លើយនោះឡើយ ប៉ុន្តែ Euronews ក៏ដូចជា Stasher ដែលជាបណ្តាញគ្រប់គ្រង ទិន្នន័យវ៉ាលិសដ៏ធំក្នុងពិភពលោក បានបង្ហាញពីលក្ខខណ្ឌដ៏សមប្រកបលើសក្តានុពលទេសចរណ៍របស់កម្ពុជា និងដែនដី៦ផ្សេងទៀត។

”រដូវក្ដៅរបស់កម្ពុជា ជារដូវត្រជាក់នៅអឺរ៉ុប វាជាពេលវេលាដ៏ល្អឥតខ្ចោះសម្រាប់ទេសចរ ក្នុងការស្រូបយកពន្លឺព្រះអាទិត្យនៅកម្ពុជា។ កម្ពុជាមានសីតុណ្ហភាពប្រហែល ៣០អង្សា នៅចន្លោះខែមេសា ដល់វិច្ឆិកា ដែលធ្វើឱ្យទេសចរណ៍ប្រទេសមួយនេះ មានភាពទាក់ទាញគ្រប់ផ្នែកទាំងអស់”។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ Euronews។

បណ្តាញទូរទស្សន៍ដ៏ធំនៅអឺរ៉ុប ដែលមានទីស្នាក់ការកណ្តាលនៅក្រុងលីយ៉ុង ប្រទេសបារាំងមួយនេះ បានសរសេរបញ្ជាក់ថា បើទេសចរចង់ដើរកម្សាន្ត និងទស្សនានៅតំបន់ទេសចរណ៍បែបវប្បធម៌ប្រវត្តិសាស្ត្រ អ្នកដំណើរគួរទៅលេងនៅតំបន់អង្គរ ក្នុងខេត្តសៀមរាប។ តែបើទេសចរចង់សម្រាកលម្ហែលើឆ្នេរខ្សាច់សក្បុស ទេសចរគួរជ្រើសរើសទៅកម្សាន្តនៅកោះរ៉ុង ក្នុងខេត្តព្រះសីហនុ។

ក្រៅពីកម្ពុជា គោលដៅទេសចរណ៍៦ផ្សេងទៀត ដែល Euronews និង Stasher បានណែនាំនោះរួមមាន ប្រទេសអ៊ុយរូហ្កាយ អាល់បានី ហ្ស៊កដានី ហ្គ្រើណាដ កោះសី ស្ហែល និងក្រុងម៉ាកាវ ប្រទេសចិន៕

 

វិភាគសង្គមៈ ខ្លួនទីពឹងខ្លួន ក្លាយជាសក់អ្នកណាក្បាលអ្នកហ្នឹង កំពុងសម្លាប់សង្គមខ្មែរ

ដោយៈ​យិន លាង​គង់ៈ​ស្ថាបនិក​និង​ជា​អគ្គនាយក Propertyarea.asia

ភ្នំពេញៈ ពាក្យ​ខ្លួន​ទីពឹង​ខ្លួន បានក្លាយ​ជា​ឈាម​ខ្មែរ​រាប់រយឆ្នាំ​មកហើយ ចាប់តាំងពី​ខ្មែរ​ទទួលយក​ល​ទ្ឋិ​ព្រះ​ពុ​ទ្ឋ​សាសនា ដែល​សាសនា​នេះ បាន​ប្រដៅ​មនុស្ស​ឲ្យ​មាន​ផ្នត់គំនិត “ខ្លួន​ទីពឹង​ខ្លួន” ប៉ុន្តែ​ទាំង​សង្ឃ និង​អ្នកប្រាជ្ញ​សាសនា​នេះ មិនបាន​បកស្រាយ​ឬ​ពន្យល់​ឲ្យ​បាន​ក្បោះក្បាយ ដើម្បី​ធ្វើ​ឲ្យ​ជាតិ​សាសន៍​នេះ យល់​ពី​ជម្រៅ​នៃ​ពាក្យ​ប្រដៅ​មួយ​ឃ្លា​នេះឡើយ។

ការបង្រៀន​មិន​ច្បាស់​ក្លាយជា​ការបំពុល
នៅក្នុង​ជម្រៅ​នៃ​ពាក្យ​ខ្លួន​ទីពឹង​ខ្លួន ឬ​អត្តា​ហិ អន្តោ នា​ថោ មិនមាន​ខុស​ឡើយ ប៉ុន្តែ​វា​ត្រូវបាន​គេ​យកទៅ​ប្រើ​ខុស ដោយសារ​អ្នកប្រាជ្ញ​ជ្រៅជ្រះ​ក្នុងសង្គម និង​ក្នុង​សាសនា​មិនបាន​ពន្យល់​ក្បោះក្បាយ​នោះទេ។

មិន​ពន្យល់​រឿង​អ្វី? ការពិត​ខ្លួន​ទីពឹង​ខ្លួន ជាការ​សំដៅ​ដល់​ការពង្រឹង​សមត្ថ​ភា​ពបុ​គ្គល​និមួយៗឲ្យ​មានចំណេះ ជំនាញ សីល​ធ៌​ម គុណធ៌ម ដើម្បី​ប្រឡូក​ក្នុងសង្គម និង​ធ្វើ​ឲ្យ​គុណភាព​ជីវិត​របស់ខ្លួន​ប្រសើរឡើង តាមរយៈ​ការពង្រឹង​សមត្ថភាព និង​ចំណេះដឹង ជំនាញ​របស់ខ្លួន។

ប៉ុន្តែ​នៅពេល​ប្រឡូក​ក្នុងសង្គម ទាំង​សង្គម​គ្រួសារ សង្គម​ការងារ សង្គមជាតិ មនុស្ស​ត្រូវ​សាមគ្គី​គ្នា លើកស្ទួយ​គ្នា ណែនាំ​គ្នា ដើម្បី​ប្រ​សិ​ទ្ឋ​ភាព​ការងារ​ផង ទទួលបាន​ប្រ​សិ​ទ្ឋ​ផល​ផង​នៅក្នុង​ជីវិត​ការងារ និង​ជីវិត​គ្រួសារ​របស់ខ្លួន​ផង ប៉ុន្តែ​មូលដ្ឋាន​ត្រូវ​ចាប់ផ្តើម​ពាក្យ​ខ្លួន​ទីពឹង​ខ្លូន​ជាមុន ដើម្បី​ទទួលបាន​នូវ​គុណ​តម្លៃ​ជីវិត និង​អាចធ្វើ​ឲ្យ​សង្គម​គ្រួសារ សហគមន៍៍ និង​សង្គមជាតិ​មាន​ភាពសុខសាន្ត។

វា​ក្លាយជា​ការបំពុល
និយាយ​ត្រលប់​ឡើងវិញ​ម្តងទៀត ដោយសារ​ការមិន​ពន្យល់​បានច្បាស់លាស់ ដោយសារ ការមិនយល់​ស៊ីជម្រៅ​នៃ​អត្ថន័យ​ប្រៀនប្រដៅ​នេះ បានធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​កម្លា​យ​ពាក្យ​នេះ​ទៅជា “សក់​អ្នកណា ក្បាល​អ្នក​ហ្នឹង” ឬ​ក្រៅពី​អញ មានតែ​អញ​ជាដើម។

ដោយ​ប្រកាន់យក​សក់​អ្នកណា​ក្បាល​អ្នក​ហ្នឹង បានធ្វើ​ឲ្យ​ជាតិ​សាសន៍​ខ្មែរ​កើត​ជំងឺ​អញ​និយម​កាន់តែខ្លាំង ស្លាប់​អ្នកណា​ក៏បាន​ឲ្យ​តែ​អញ​រស់ “ជាក់ស្តែង​ព្រឹត្តិការណ៍​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នាពេលនេះ” បានធ្វើ​ឲ្យ​អាជីវករ អ្នកជំនួញ​មួយចំនួន​បាន​លក់ទំនិញ​ដំឡើងថ្លៃ​តាមតែ​ចិត្ត​របស់ខ្លួន ដោយ​មិន​គិតពី​ទុក្ខលំបាក​របស់​ជនរួមជាតិ​របស់​ខ្លូន ដែល​កំពុង​ភ័យ​ខ​ស្លន់ស្លោ និង​មាន​បញ្ហា​សេដ្ឋកិច្ច​នោះទេ។

បញ្ហា​នៃ​ការបំពុល​ដោយ​ប្រយោល​នូវ​ពាក្យ​មួយ​ឃ្លា​នេះ កុំ​ថា​ឡើង​សង្គមជាតិ​បែកបាក់ សូម្បីតែ​សង្គម​គ្រួសារ​ខ្មែរ​ភាគច្រើន(អាច​លើស៨០ភាគរយ) ដែល​បងប្អូន​បង្កើត ក៏​ឈ្លោះ​គ្នា ដណ្តើមយក​ប្រៀប​ឈ្នះ ដណ្តើមយក​ឧត្តមភាពរៀងៗ ខ្លួន​គួរ​ឲ្យ​អាណិតអាសូរ​ផងដែរ។

ប្រ​ព័​ន្ឋ​អប់រំ​របស់​ជាតិ
ក្រោម​ការដឹកនាំ​របស់​ប្រ​ព័​ន្ឋ​អប់រំ​ជាតិ ដោយ​រដ្ឋមន្ត្រី​បច្ចុប្បន្ន និង​រដ្ឋមន្ត្រីក្រសួង​អប់រំមុនៗ បាន​បន្ត​យក​រឿង “កុលាប​ប៉ៃលិន” យកមក​ដាក់​ក្នុង​កម្មវិធីសិក្សា​មធ្យមសិក្សា​ទុតិយភូមិ ដែល​ក្នុង​រឿងនេះ​បាន​ឲ្យ​តម្លៃ​ទៅលើ​ពាក្យ “ខ្លួន​ទីពឹង​ខ្លូន​របស់​តួអង្គ​ចៅ ចិត្រ” ដែលជា​កូន​កសិករ​ក្រីក្រ ប៉ុន្តែ​បាន​តស៊ូ​រហូត​ទទួលបាន​តួអង្គ​នាង “ឃុន​នារី” ដែលជា​កូន​ថៅកែ​ត្បូង​នៅ​បរ​ប៉ៃលិន។

ដោយ​ខិតខំ​រំលេច​នូវ​អត្ថ​ប​ន័យ “ខ្លួន​ទីពឹង​ខ្លួន” អ្នក​និ​ព​ន្ឋ​រឿងនេះ ដែល​ធ្លាប់​បួស​ជាស​ង្ឃ បាន​ព្យាយាម​ពន្លេច​ចេញ​នូវ “ច​រិ​ក​តួអង្គ ដែល​គោរព​នូវ​ពាក្យ​ខ្លួន​ទីពឹង​ខ្លួន” ឡើង ប៉ុន្តែ​អ្នក​និ​ព​ន្ឋ មិនបាន​ពន្យល់​ពីសារ​ច្បាស់លាស់​ណាមួយ​ថា “ខ្លួន​ទីពឹង​ខ្លួន គួរ​មាន​អត្ថន័យ និង​គួរ​ប្រតិបត្តិ​បែបណា​ឡើយ” ។

ការចាក់​បញ្ចូល​នូវ​សារធាតុ​ពណ៌​ប្រផេះ (បញ្ញាញ្ញាណ) លើ​មនុស្ស ក្នុង​កម្មវិធីសិក្សា​សម្រាប់​យុវជន ដែល​ប្រ​ព័​ន្ឋ​នៃ​ការគិត​របស់​ពួកគេ​នៅមានកម្រិត ការ​ស្រូបយក​នូវ​ទស្សន​ណាមួយ កាន់តែ​យូរ បន្តិចម្តងៗ វា​បាន​ក្លាយជា​ឈាម ឬ​ស្ថិតនៅក្នុង​ផ្នត់គំនិត​ខ្មែរ​តាំងពីដើម​រៀងមក ហើយ​ប្រ​ព័​ន្ឋ​នៃ​ការគិត ឬ​គំនិត​ដែល​មិន​ច្បាស់លាស់​បែបនេះ វា​បានក្លាយ​ជាការ​បំពុលសង្គម​របស់ខ្លួន។

ត្រូវ​ចងចាំ​ថា គេ​រំលាយ​ប្រទេសមួយ ឬ​ធ្វើ​ឲ្យ​ប្រទេសមួយ​ទន់ខ្សោយ​បាន គឺ​តាមរយៈ​មនោគមវិជ្ជា ដោយ​មិនចាំបាច់​ប្រើប្រាស់​អាវុធ​នោះទេ។ ហេតុនេះ​មនោគមន៍វិជ្ជា​ដែល​ហួសសម័យកាល និង​មិន​ពន្យល់​ឲ្យ​មាន​ភាពច្បាស់លាស់ គួរ​ត្រូវ​ពិចារណា​ដកចេញ​ពី​កម្មវិធីសិក្សា ឬ​យកមក​ពន្យល់​ខ្មែរ​ឲ្យ​បានច្បាស់លាស់ ជាជាង​សូត្រ​តែ​ធ៌​ម​បាលី និង​សំ​ង្ក្រឹ​ត ដែល​អត្ថន័យ​បែបណា មិន​ត្រូវបាន​ពន្យល់​ដ​ល់​អ្នក​ស្តាប់​នោះឡើយ៕

លំនឹងសេដ្ឋកិច្ចល្អនិងស្ថាភាពនយោបាយដ៏រឹងមាំជំរុញឱ្យកម្ពុជាកាន់តែមានសក្កានុពលសម្រាប់ការវិនិយោគ

ដោយៈ ប៊ី

ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថា លំនឹងសេដ្ឋកិច្ចល្អ និងស្ថាភាពនយោបាយដ៏រឹងមាំបានធ្វើឱ្យប្រទេសកម្ពុជា មានសក្ដានុពលសម្រាប់ការវិនិយោគ ពិសេសក្នុងវិស័យអចលនទ្រព្យ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានថ្លែងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ថា វិនិយោគិនជាច្រើន បានចាត់ទុកប្រទេសកម្ពុជាជាប្រទេស ដែលមានសក្ដានុពលសម្រាប់ការវិនិយោគ ដោយសារលំនឹងសេដ្ឋកិច្ចល្អប្រសើរ និងមាននយោបាយដ៏រឹងមាំក្នុងតំបន់អាស៊ានជាដើម។

លោកបានថ្លែងថា “ការរកប្រកបរបរទទួលទាន នៅក្នុងប្រទេសកម្ពុជា និងប្រទេសក្នុងតំបន់អាំស៊ាន ប្រទេសដែលមានសក្ដានុពលខ្លាំងជាងគេ និងត្រូវបានគេផ្ដល់ភាពជឿជាក់ខ្លាំងមានប្រទេសកម្ពុជា ដោយសារតែប្រទេសកម្ពុជា មានលំនឹងសេដ្ឋកិច្ចល្អ និងមាននយោបាយដ៏រឹងមាំ ជាងបណ្ដាប្រទេសផ្សេងៗទៀត ក្នុងតំបន់អាស៊ានជាដើម”។

លោកបានបន្ថែមថា កត្តាមួយទៀតគឺកម្ពុជា ស្ថិតនៅចំណុចកណ្តាលក្នុងតំបន់អាស៊ាន។ ចំណែកឯតម្លៃអចលនទ្រព្យនៅកម្ពុជា មានតម្លៃធូរថ្លៃជាងបណ្ដាប្រទេសជិតខាង ដូច្នេះឱកាសវិនិយោគនៅបន្ដកើតមានឡើង ហើយចំពោះកម្លាំងពលកម្មរបស់កម្ពុជា មានសក្ដានុពល នៅក្នុងរយៈពេលវែងនៃការវិនិយោគ ប៉ុន្ដែទីផ្សារកម្ពុជាមានចំណុចខ្លះ ដែលត្រូវការបំប៉នបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពប្រជាជន ដើម្បីទទួលបានការវិនិ​យោគធំៗ ពីបណ្ដាប្រទេសជិតខាងមកកាន់កម្ពុជា។ លោកបញ្ជាក់ថា និយាយជារួមទីផ្សារអចលនទ្រព្យ ក្នុងពេលនេះវិនិយោគិន នៅបន្ដចាប់អារម្មណ៍ខ្លាំង។

លោកស្រី Grace Rachny Fong អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia ក៏បានបង្ហាញពីប្រទេសមួយចំនួន ដែលបាននិងកំពុងចាប់អារម្មណ៍ និងមានការវិនិយោគលើវិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជាផងដែរថា មានប្រទេសជាច្រើនដូចជា ប្រទេសសឹង្ហបុរី ប្រទេសម៉ាឡេស៊ី ប្រទេសកូរ៉េជាដើម។

លោកស្រីបានឲ្យដឹងទៀតថា និយាយចំពោះប្រទេសសឹង្ហបុរី ដែលបានចូលមកវិនិយោគនៅកម្ពុជា និងបានវិនិយោគដោយផ្ទាល់ ជាមួយក្រុមហ៊ុន Century 21 Cambodia គឺវិនិយោគិនជាអ្នកវិនិយោគច្បាស់លាស់ ក្នុងនោះលំហូរដែលជាគម្រោងធំៗ នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ជាការវិនិយោគដោយផ្ទាល់ ពីក្រុមហ៊ុនឯកជន និងក្រុមហ៊ុនដែលបានសហការ ជាមួយរាជរដ្ឋាភិបាល៕

សូចនាករចំនួនបី ដែលអាចយកមកវិភាគពីតម្លៃអចលនទ្រព្យរបស់អ្នកនាពេលអនាគត

ដោយៈគង់ សូរិយា

ភ្នំពេញៈ ទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោក​យិន លាង​គង់​ បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ការវិនិយោគ​លើ​អចលនទ្រព្យ ទាំង​ដីធ្លី ផ្ទះសម្បែង តែងតែមាន​ផលចំណេញ​នាពេល​អនាគត ប្រសិនជា​អ្នកទិញ​បាន​ក្នុងតម្លៃ​សមរម្យ ទីតាំង​ត្រឹមត្រូវ ជា​តំបន់​ដែល​ស្ថិតក្នុង​ផែនការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​ជាដើម។

លោក​បន្តថា ប៉ុន្តែ​ដើម្បី​ទិញ​ដីធ្លី ឬ​ផ្ទះ​ត្រូវ និង​ឡើងថ្លៃ​ខ្ពស់​នាពេល​អនាគត អ្នកវិនិយោគ​ត្រូវ​សម្លឹង​លើក​ត្តា​មួយចំនួន ដូចជា ពេលវេលា​សមស្រប កត្តាសេដ្ឋកិច្ច ផែនការអភិវឌ្ឍន៍ គោលនយោបាយ​របស់រ​ដ្ឋា​ភិ​បាល​ជាដើម។

ពេលវេលា​សមស្រប
ពេលវេលា​សមស្រប គឺ​សំដៅ​ដល់​ការទិញ​ដី​ឬ​ផ្ទះ នៅក្នុងពេល​មាន​វិបត្តិ​សេដ្ឋកិច្ច ដែល​តម្លៃ​ដីធ្លី ឬ​ផ្ទះសម្បែង​តែងតែ​ចុះថ្លៃ ឬ​ស្ថិត​ក្នុងតម្លៃ​ទ្រឹង។ ហេតុនេះ​ការវិនិយោគ​ដីធ្លី​ក្នុងកំឡុងពេល​បែបនេះ នឹងមាន​ឳ​កាស​ចំណេញ​ខ្ពស់ ពិសេស​នៅពេល​សេដ្ឋកិច្ច​ងើបឡើង​វិញ​ឆាប់រហ័ស។

ការវិនិយោគ​ដីធ្លី ឬ​អចលនទ្រព្យ​ដទៃទៀត សម្រាប់​អ្នកវិនិយោគ​ឆ្លាត​វៃ ពួកគេ​មិនសូវ​ទុក​យូរពេក​នោះទេ នៅពេល​ចំណេញ​បាន៥០ភាគរយ ឬមួយ​គុណ​នឹង​ពីរ គេ​លក់​ចេញ ដើម្បី​ទៅ​វិនិយោគ​នៅ​កន្លែង​ដទៃទៀត​ហើយ។ លើកលែងតែ​អ្នកវិនិយោគ​ប្រើ​យុ​ទ្ឋ​សាស្ត្រ Land Banking ឬ House Banking។

កត្តាសេដ្ឋកិច្ច
នៅពេល​សេដ្ឋកិច្ច​មាន​ភាពរសរវើក និង​កំណើន​ល្អប្រសើរ វា​តែងតែមាន​រយៈពេល​កំណ​ត់រប​ស់វា។ ហេតុនេះ​អ្នកវិនិយោគ​ត្រូវតែ​តាមដាន​ព៌​ត​មាន និង​វដ្ត​នៃ​វិបត្តិ​សេដ្ឋកិច្ចពិភពលោក ដែល​តែងតែ​កើតមាន​ស្ទើរតែ​រៀងរាល់១០ឆ្នាំ​ម្តង។ ហេតុនេះ បើសិនជា​ស្ថានភាព​សេដ្ឋកិច្ច​មាន​កំណើន​ល្អប្រសើរ រយៈពេល៣ទី៥ឆ្នាំ តម្លៃ​ដី​របស់​អ្នក​បាន​ហក់​ឡើង​ខ្ពស់​រួចទៅហើយ។ វា​ជា​ពេលវេលា​សមស្រប ដែល​អ្នក​គួរ​បញ្ចេញ ដើម្បី​កុំ​ឲ្យ​មាន​ភាព​ស្តាយក្រោយ ដូច​ករណី​អ្នក​នៅ​ក្រុងព្រះសីហនុ​ជាដើម។

ហេតុនេះ សេដ្ឋកិច្ច​គឺជា​ប់​ពាក់​ព័​ន្ឋ​នឹង​តម្លៃ​ដីធ្លី ឬ​អចលនទ្រព្យ​ដទៃទៀត ដូច្នេះ​អ្នកវិនិយោគ​ឆ្លាត​វៃ ត្រូវតែ​តាមដាន​ស្ថានភាព​សេដ្ឋកិច្ចពិភពលោក ដើម្បី​មាន​មូលដ្ឋាន​ក្នុងការ​សម្រេចចិត្ត​ត្រឹមត្រូវ។

ផែនការអភិវឌ្ឍន៍​និង​គោលនយោបាយ​រដ្ឋាភិបាល
រដ្ឋាភិបាល​កម្ពុជា តែងតែ​ដាក់ចេញ​ផែនការអភិវឌ្ឍន៍​ជាតិ រយៈពេល​មធ្យម(5ឆ្នាំ) ផែនការអភិវឌ្ឍន៍​ជាតិ​រយៈពេល​វែង​មាន​ចំនួន១០ឆ្នាំ ដែល​ផែនការ​នេះ​ជាការ​ធ្វើ​ពិពិធ​កម្ម​នូវ​មូលដ្ឋាន​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​រៀបចំ​ប៉ូល​សេដ្ឋកិច្ច​របស់​ជាតិ។

ឧទាហរណ៍ នៅ​ឆ្នាំ២០២០កន្លងមក រដ្ឋាភិបាល​បានប្រកាស ​ពី​ការវិនិយោគ​ព្រលានយន្តហោះ​ខេត្តមណ្ឌលគិរី ពី​ផែនការអភិវឌ្ឍន៍​សាងសង់់​ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ក្រុង​បាវិត​ជាដើម។

ដូច្នេះ ប្រសិនជា​អ្នកទិញ​ដី​នៅ​តំបន់​ស្ថិត នៅក្នុង​ផែនការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល តម្លៃ​ដី​របស់​អ្នក នឹង​ឡើងថ្លៃ​នៅក្នុង​រយៈពេល​កំណត់​មួយ។ ហេតុនេះ​ការវិនិយោគ​ដីធ្លី​ឬ​អចលនទ្រព្យ​ដទៃទៀត អ្នកវិនិយោគ​ដែល​តែងតែ​ទុក​ដី​បានយូរ ចំណេញ​ច្រើន តែងតែ​ជា​អ្នក​ស​ក្តាប់បាន​នូវ​ទិសដៅ ផែនការអភិវឌ្ឍន៍រ​បស់​ជាតិ ពិសេស​អាន​ព៌​ត​មាន​ជាប្រចាំ៕

ក្រុមហ៊ុនFreeport Indonesiaចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចិនTsingshan សាងសង់រោងចក្រតម្លៃ៣ពាន់លានដុល្លារ

ដោយៈ សុខុម

ហ្សាការតា: ក្រុមហ៊ុនរ៉ែមាស និងទង់ដែងឥណ្ឌូនេស៊ី PT Freeport Indonesia (PTFI) បានចុះកិច្ចព្រមព្រៀងមួយដែលមានតម្លៃ៣ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រចម្រាញ់រ៉ែទង់ដែនមួយ។

យោងតាមសារព័ត៌មាន Jakarta Post ចុះផ្សាយនៅថ្ងៃទី២១ កក្កដា នេះឱ្យដឹងថា គម្រោងសាងសង់រោងចក្រនេះធ្វើឡើងនៅក្នុងទីក្រុង Gresik ខេត្តជ្វាខាងកើត (East Java) ប្រទេសឥណ្ឌូនេស៊ី ដោយបញ្ចប់នូវមន្ទិលសង្ស័យរយៈពេលរាប់ឆ្នាំជុំវិញផែនការរបស់ក្រុមហ៊ុនរ៉ែមួយនេះ។

តាមរយៈសេចក្តីថ្លែងការណ៍មួយចេញកាលពីថ្ងៃទី១៥ កក្កដា ក្រុមហ៊ុន Freeport Indonesia បានបញ្ជាក់ថា ខ្លួនបានចុះកិច្ចព្រងព្រៀងវិស្វកម្ម លទ្ធកម្ម និងសាងសង់ (EPC) មួយជាមួយក្រុមហ៊ុនជប៉ុន PT Chiyoda International Indonesia (PTCII) ដើម្បីសាងសង់រោងចក្រចម្រាញ់រ៉ែទង់ដែងនៅសួនឧស្សាហកម្ម Java Integrated Industrial and Port Estate (JIIPE) នៅក្នុងទីក្រុង Gresik ខេត្តជ្វាខាងកើត (East Java)។

រោងចក្រចម្រាញ់នេះនឹងផលិតបន្ទះស្ពាន់ ដែលជាវត្ថុធាតុដើមមួយក្នុងចំណោមវត្ថុធាតុដើមសំខាន់ៗដែលត្រូវប្រើប្រាស់នៅក្នុងការផលិតអាគុយ និងខ្សែភ្លើង។ រ៉ែដែលត្រូវចម្រាញ់នឹងត្រូវផ្គត់ផ្គង់ដោយអណ្ដូងរ៉ែ Grasberg mine របស់ក្រុមហ៊ុន Freeport Indonesia នៅខេត្តប៉ាពួ (Papua) ដែលជាអណ្ដូងរ៉ែមាស និងទង់ដែងធំបំផុតមួយក្នុងពិភពលោក។

ក្រុមហ៊ុនបានបញ្ជាក់ថា ក្រោយសាងសង់រួចរាល់ជាស្ថាពរ រោងចក្រចម្រាញ់នេះនឹងមានសមត្ថភាពចម្រាញ់រ៉ែទង់ដែងបានរហូតដល់ទៅ១,៧លានតោនក្នុងមួយឆ្នាំៗ។

ប្រទេសឥណ្ឌូនេស៊ី ជាសមាជិកមួយរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន។ ជាមួយចំនួនប្រជាជនជាង២៧០លាននាក់ ប្រទេសនេះជាប់ឈ្មោះជាប្រទេសដែលមានប្រជាជនច្រើនបំផុតទី៤ ក្នុងពិភពលោក និងជាប្រទេសមានអ្នកកាន់សាសនាអ៊ីស្លាម ច្រើនបំផុតក្នុងពិភពលោក៕

មន្ត្រីអាកាសចរស៊ីវិលៈ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីសម្រេចបានជិត១៨ភាគរយតាមការវាស់វែងវិជ្ជាជីវៈ

ដោយៈ ប៊ី

ភ្នំពេញៈ ដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី សម្រេចបានជិត១៩ភាគរយហើយ បើទោះបីជាប្រទេសកម្ពុជាកំពុងរងការគំរាមកំហែងដោយសារជំងឺកូវីដ-១៩យ៉ាងធ្ងន់ធ្ងរក៏ដោយ ។

លោកស៊ីន ចាន់សិរីវុត្ថាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ត្រូវបានដកស្រង់សម្តីពីសារព័ត៌មានរដ្ឋនៅថ្ងៃ២១ ខែកក្កដា ឆ្នាំ២០២១ ដោយលោកបានលើកឡើងថា បើទោះបីជាកម្ពុជាកំពុងទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ហើយបានធ្វើឱ្យប៉ះពាល់ខ្លះដល់ដំណើរការសាងសង់ក៏ពិតមែន តែក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជាហៅកាត់ថា (OCIC )នៅតែបន្តដំណើរការ សាងសង់ជាប្រក្រតី ដើម្បីឱ្យសម្រេចតាមគោលដៅដែលបានគ្រោងទុក ។

លោកបានបញ្ជាក់ដូច្នេះថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី បើយើងគិតឱ្យត្រឹមត្រូវទៅ គឺសម្រេចបានជាង១៨ភាគរយហើយ ប៉ុន្តែសម្រាប់ការវាស់វែងនេះ គឺជាការវាស់វែងតាមវិជ្ជាជីវៈ ហើយនឹងតាមក្បួនដែលមានការទទួលស្គាល់ពីក្រុមហ៊ុនសាងសង់ ដូច្នេះគឺគាត់សម្រេចបានចំនួន១៨,៩ភាគរយ”។

លោកបានថ្លែងបន្តថា នៅពេលដែលព្រលានយន្តហោះអន្តរ ជាតិភ្នំពេញថ្មីសាងសង់រួច រាល់ហើយនោះ ព្រលាននេះនឹងជួយលើកមុខមាត់ប្រទេសកម្ពុជា ទាំងវិស័យអាកាស ចរណ៍ ទាំងវិស័យពាក់ព័ន្ធផ្សេងៗជាច្រើនទៀត ជាពិសេសរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិត នៅស្រុកកណ្តាលស្ទឹង ខេត្ត កណ្តាល តាមផ្លូវជាតិលេខ២ មានចម្ងាយប្រមាណ២០ គីឡូ ម៉ែត្រពីរាជធានីភ្នំពេញ មាន ផ្ទៃដីសរុបចំនួន២៦០០ហិកតា ដែលគម្រោងសាងសង់នេះមាន៣ដំណាក់កាល គឺដំណាក់កាលទី១ សាងសង់រួចរាល់នៅឆ្នាំ២០២៣ខាង មុខ អាចទទួលអ្នកដំណើរបានប្រមាណ១៣លាននាក់ក្នុងមួយឆ្នាំ។

ដំណាក់កាលទី២នឹងបញ្ចប់នៅឆ្នាំ២០៣០ ដែលអាចទទួលបានអ្នក ដំណើរប្រមាណជា៣០លាននាក់ក្នុង១ឆ្នាំ និងក្នុងដំណាក់ កាលចុងក្រោយនឹងបញ្ចប់នៅឆ្នាំ២០៥០ អាចនឹងទទួលបានអ្នកដំណើររហូតដល់៥០ លាននាក់ក្នុងមួយឆ្នាំ ដែលវិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារសហអាមេរិក៕

រដ្ឋាភិបាលកម្ពុជាគ្រោងស្ថាបនាផ្លូវជាច្រើនទៀតក្នុងឆ្នាំនេះទោះស្ថិតនៅក្នុងវិបត្តិក្ដី

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ទោះបីជាកម្ពុជាបានជួបប្រទះនឹងវិបត្តិដោយសារជំងឺកូវីដ១៩ និងតម្រូវការចំណាយរបស់រដ្ឋាភិបាលច្រើនជាងមុនក្ដី តែរដ្ឋាភិបាលក៏មានគម្រោងក្នុងការសាងសង់ផ្លូវជាច្រើនខ្សែដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋឆ្លងកាត់ នៅក្នុងឆ្នាំ២០២១នេះ។ នេះបើតាមលោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូននៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១។

លោកស៊ុន ចាន់ថុលបានមានប្រសាស៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានសាងសង់ផ្លូវជាច្រើនខ្សែតភ្ជាប់ពីភ្នំពេញទៅបណ្ដាខេត្ត និងពីបណ្ដាខេត្តមួយទៅបណ្ដាខេត្តមួយទៀត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោកបានថ្លែងបន្តថា មកដល់ពេលនេះ បើទោះបីជាកម្ពុជាមានវិបត្តិដោយសារតែកូវីដ១៩ក្ដី តែផ្លូវជាច្រើនខ្សែ ដែលបានបើកការដ្ឋានសាងសង់ហើយនោះ នៅតែដំណើរការជាបន្តបន្ទាប់ដោយមិនមានផ្អាកឬបញ្ឈប់ទេ តែក៏មានការដ្ឋានផ្លូវមួយចំនួនបានបន្ថយសកម្មភាពខ្លះ ពីព្រោះតែកម្មករធ្វើផ្លូវឆ្លងជំងឺកូវីដ១៩ និងតម្រូវឱ្យកម្មករដទៃទៀតធ្វើចត្តាឡីស័ក។

លោកបានបន្តថា ក្នុងឆ្នាំ២០២១នេះយើងសង្ឃឹមថានឹងបើកការដ្ឋានសាងសង់ផ្លូវលេខ៣១ពីបែកគុសទៅកំពង់ត្រាច ផ្លូវ៣៣ពីកែបទៅកំពត ផ្លូវ៤១ តភ្ជាប់ពីផ្លូវលេខ៤ទៅលេខ៣ ស្ពានឆ្លងទន្លេមេគង្គ នៅក្រចេះ តភ្ជាប់ផ្លូវពីក្រចេះ ទៅកំពង់ ដូច្នេះពលរដ្ឋចង់ទៅក្រចេះអាចធ្វើដំណើរឆ្លងស្ពានទៅកំពង់ធំតែម្ដង។

លោកបានបន្ថែមថា ក្រៅពីផ្លូវទាំងនេះ យើងក៏កំពុងសិក្សាសាងសង់កំពង់ផែទឹកជ្រៅមួយទៀតនៅក្បែរកំពង់ផែចាស់ដែលមានជម្រៅទឹក១៤,៥ម៉ែត្រ នឹងអាចអនុញ្ញាតឱ្យនាវា៩៣ភាគរយនៅតំបន់អាស៊ីប៉ាហ្វិក ចូលចតកំពង់ផែរបស់យើងនៅក្រុងព្រះសីហនុ ហើយយើងក៏កំពុងសិក្សាសាងសង់កំពង់ផែទឹកជ្រៅជម្រៅ១៧,៥ម៉ែត្រទៀត ដែលអាចអនុញ្ញាតឱ្យនាវាទាំងអស់ លើពិភពលោកអាចចូលចតកំពង់ផែក្រុងព្រះសីហនុបាននៅពេលអនាគ។

លោកបានបញ្ជាក់ដូច្នេះថា “ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗនៅក្នុងប្រទេសកម្ពុជា គឺដោយសារតែការចាយវាយសន្សំសំចៃរបស់រាជរដ្ឋាភិបាល និងកម្ចីឥណទានពីខាងក្រៅប្រទេសផង និងជំនួយឥតសំណងផង ដែលធ្វើឱ្យរដ្ឋាភិបាលអាចមានលទ្ធភាព ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ខ្វាត់ខ្វែងបែបនេះ”។

ការសាងសង់ហេដ្ឋារចនាសម្ប័ន្ធជាបន្តបន្ទាប់នេះ មិនត្រឹមតែសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋប៉ុណ្ណោះទេ តែក៏នឹងទាក់ទាញវិនិយោគិនចូលមកបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាពិសេសនឹងជំរុញការនាំចេញនាំចូលរបស់កម្ពុជាទៅកាន់ប្រទេសជិតខាងនិងជុំវិញពិភពលោកផងដែរ៕