រដ្ឋមន្រ្តីៈការលើកកម្ពស់អាស៊ានជាសហគមន៍តភ្ជាប់ប្រព័ន្ធឌីជីថលតែមួយនឹងពន្លឿនការងើបឡើងវិញនៃសេដ្ឋកិច្ច

ដោយៈ ម៉ាណេត

សៀមរាបៈ លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ការជំរុញសមាជិកអាស៊ានធ្វើការរួមគ្នា ដើម្បីលើកកម្ពស់អាស៊ានជាសហគមន៍តភ្ជាប់ប្រព័ន្ធឌីជីថលតែមួយ និងជំរុញការតភ្ជាប់របស់ខ្លួន នឹងពន្លឿនការងើបឡើងវិញនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញ ចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក តាមប្រព័ន្ធវីដេអូពីចម្ងាយ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ក្រោមប្រធានបទ “ការងើបឡើងវិញនៃសកម្មភាពពាណិជ្ជកម្ម ការលើកកម្ពស់សេដ្ឋកិច្ចតំបន់ឡើងវិញ ជាមួយនឹងខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយភាពធន់”។

ថ្លែងក្នុងសុន្ទរកថាស្តីពី ការត្រៀមខ្លួនរបស់កម្ពុជា ឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល តំបន់ ទៅកាន់មេដឹកនាំមកពីជុំវិញពិភពលោក អញ្ជើញចូលរួមក្នុងវេទិកានេះ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារសំខាន់នៃប្រព័ន្ធឌីជីថល ក្នុងការកាត់បន្ថយផលប៉ះពាល់ពីជំងឺកូវីដ-១៩ និងជាដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ដើម្បីទ្រទ្រង់សកម្មភាពសាធារណៈ និងពាណិជ្ជកម្ម។ វាអាចជួយឱ្យរដ្ឋជាសមាជិកអាស៊ានធ្វើការរួមគ្នា ដើម្បីលើកកម្ពស់អាស៊ានជាសហគមន៍ តភ្ជាប់ប្រព័ន្ធឌីជីថលតែមួយ និងជំរុញការតភ្ជាប់របស់ខ្លួន ដើម្បីពន្លឿនការងើបឡើងវិញនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមទៀតថាៈ កម្ពុជាបានកំណត់អាទិភាពរបស់ខ្លួនក្នុងការជំរុញ ប្រព័ន្ធឌីជីថលនៅកម្ពុជា ដើម្បីធានាបាននូវលំហូរដោយរលូននៃទំនិញ សេវា ការងារជំនាញ មូលធន និងទិន្នន័យ។

លោកបានថ្លែងបន្តថា ដូច្នេះកម្ពុជាចាំបាច់ត្រូវផ្តោតជាសំខាន់ កិច្ចសហប្រតិបត្តិការច្បាប់ និងស្ថាប័ន ដើម្បីសម្របខ្លួនទៅនឹងបដិវត្តឌីជីថល សម្រាប់ពាណិជ្ជកម្ម ការវិនិ យោគ កិច្ចសម្រួលពាណិជ្ជកម្ម សហគ្រាសខ្នាតតូច និងមធ្យម និងការអភិវឌ្ឍជំនាញកាន់តែមានប្រសិទ្ធភាពជាងមុន។

លោកទេសរដ្ឋមន្ត្រី បានសង្កាត់ធ្ងន់ធ្ងរថា ដើម្បីសម្រេចចក្ខុវិស័យឆ្ពោះទៅរក សេដ្ឋកិច្ចឌីជីថលតំបន់ កម្ពុជាបានប្តេជ្ញាចាប់ផ្តើមអនុវត្តប្រព័ន្ធគយ ASYCUDA គម្រោងតភ្ជាប់ប្រព័ន្ធស្វយ័តប្រវត្តិកម្ម Port EDI ជាមួយប្រព័ន្ធ ASYCUDA ដើម្បីសម្រួលដល់ការដឹកជញ្ជូន និងពាណិជ្ជកម្ម ប្រកបដោយប្រសិទ្ធភាព បានអនុម័តច្បាប់ស្តីពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច បានដាក់ឱ្យ ដំណើរការជាផ្លូវការប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្មតាមអនឡាញ ច្រកចេញចូលតែមួយរបស់អាស៊ាន (Asean Single Window) ហើយជាពិសេសក្នុងពេលថ្មីៗកន្លងទៅនេះ កម្ពុជាបានប្រកាសជាផ្លូវការនូវ ការអនុវត្តក្របខណ្ឌគោលនយោបាយសង្គម និងសេដ្ឋកិច្ចឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥ផងដែរ៕

រដ្ឋាភិបាលកំណត់តំបន់អាទិភាពចំនួន៦ដើម្បីលើកកំពស់ទេសចរណ៍នៅខេត្តមណ្ឌលគិរី

រដ្ឋាភិបាលកំណត់តំបន់អាទិភាពចំនួន៦ដើម្បីលើកកំពស់ទេសចរណ៍នៅខេត្តមណ្ឌលគិរី

ដោយៈគង់ សូរិយា

មណ្ឌលគិរីៈ តំបន់គោលដៅសំខាន់ៗចំនូន៦ ត្រូវបានរដ្ឋាភិបាលដាក់ចេញ ដើម្បីជំរុញអភិវឌ្ឈន៍ ខេត្តមណ្ឌលគិរីជាប៉ូលសេដ្ឋកិច្ចទី៤ ដែលគ្រោងទាក់ទាញទេស​ចរណ៍​និងរកចំណូលទាំងផ្ទាល់ និងប្រយោល១៥០០លានដុល្លារអាមេរិក។

យោងតាមឯកសាររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា គោលដៅទេសចរណ៍ រាជរដ្ឋាភិបាលបានកំណត់តំបន់ អាទិភាពសំខាន់ៗចំនួន៦ រួមមាន តំបន់របៀងអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិនៃដែនជម្រកសត្វព្រៃទាំង ៥ (ដែនជម្រកសត្វព្រៃភ្នំព្រេច ណាមលៀរ លំផាត់ កែវសីមា និងស្រែពក)។

តំបន់របៀងទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍ ប៊ូស្រា-ដាក់ដាំ ដែលលើកទឹកចិត្តឲ្យមានការអភិវឌ្ឍតែសក​ម្មភាពអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ ភ្ជាប់ជាមួយទេសចរណ៍វប្បធម៌ជនជាតិដើមភាគតិច។

ក្រុងសែនមនោរម្យ ជាបណ្តុំសកម្មភាពទេសចរណ៍ពហុបំណង។ តំបន់ស្រុកអូររាំង ភ្ជាប់ជាមួយគម្រោងអភិវឌ្ឍន៍ ព្រលានយន្តហោះខេត្តមណ្ឌលគិរី ដែលអាចអភិវឌ្ឍន៍ជាតំបន់ប្រជុំជនរណប ភ្ជាប់ជាមួយក្រុងសែនមនោរម្យ។

រដ្ឋាភិបាលកំណត់តំបន់អាទិភាពចំនួន៦ដើម្បីលើកកំពស់ទេសចរណ៍នៅខេត្តមណ្ឌលគិរី

តំបន់ប្រជុំជន នៃស្រុកកោះញែក ដែលមានសក្តានុពល ក្នុងការរៀបចំអភិវឌ្ឍន៍ជាមណ្ឌលទេសចរណ៍ នាពេលអនា​គត ហើយដែលការអភិវឌ្ឍមានវិសាលភាព ទូលំទូលាយជាងក្នុងតំបន់អភិរក្ស នៃដែនជម្រកសត្វព្រៃ និងតំបន់ទេសចរណ៍សមាហរណតាមច្រកព្រំដែន៕

អានបន្ថែមរដ្ឋាភិបាលត្រៀមដាក់ចេញផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី២០២១-២០៣៥

កោះតេជោមរកតចាប់ផ្តើមងើបពីសុបិនបណ្តើរឡើងវិញហើយ ខណៈគំរោងអចលនទ្រព្យចាប់ផ្តើមដំណើរការ

ដោយៈគង់ សូរិយា

ភ្នំពេញៈ កោះតេជោមរកត ហៅកោះពស់ នៅក្នុងក្រុងព្រះសីហនុបានងើបឡើងវិញហើយ ខណៈគំរោងអចលនទ្រព្យនៅលើកោះនេះ បានចាប់ផ្តើមសកម្មភាពអភិវឌ្ឍន៍ឡើងវិញ។

បច្ចុប្បន្នក្រុមហ៊ុនមួយ បាននិងកំពុងអភិវឌ្ឍន៍គំរោងវីឡាប្រណីតនៅលើកោះមរកតនេះ ដោយបានអភិវឌ្ឍន៍គម្រោងផ្ទះវីឡារីសតលំហែកាយលក្ខណៈអភិជន ប្រកបទៅដោយឯកជនភាពនៅ លើ កោះនេះផងដែ រ។ គម្រោងវីឡាបែបប្រណីតនេះមានសរុប៣៦ខ្នង សុទ្ធសឹងតែ នៅ ជាប់មាត់សមុទ្រ និងបែងចែកចេញជា៥ប្រភេទ។

ប្រភេទវីឡាទាំងអស់សុទ្ធតែ បានរចនាយ៉ាងផ្ចិតផ្ចង់ ដោយផ្តោតទៅលើគុណភាព និងការរស់នៅ បែបស៊ីវីល័យជាពិសេ សជាមួយនឹងទេសភាពឆ្នេរខ្សាច់សក្បុស និងទឹកសមុទ្រពណ៌ខៀវស្រងាត់ បង្កើតបានជាទេ សភាពអស្ចារ្យមិនអាចកាត់ថ្លៃបាន។ រីឯទំហំផ្ទះនីមួយៗក៏សុទ្ធតែធំៗ ពោលគឺរហូតដល់ ៥៦៥ម៉ែត្រការ៉េ ងាយស្រួលក្នុងការរស់នៅ និងកំសាន្តអារម្មណ៍ បន្ទាប់ពីទំនេរពីការប្រកបរបររបស់លោក អ្នក។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោកឃាង ភារម្យបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា បច្ចុប្បន្នក្រុមហ៊ុនKoh Pous Investment Groupដែលជាក្រុមហ៊ុនរបស់រុស្ស៊ី បានចែកកោះនេះទៅក្រុមហ៊ុនក្នុងស្រុកចំនួនពីរ ដើម្បីអភិ​វ  ឌ្ឍន៍កោះនេះ ហើយបច្ចុប្បន្នក្រុមហ៊ុនទាំងបី កំពុងសាងសង់វីឡា រមណីយដ្ឋាន និងរៀបចំឆ្នេរខ្សាច់នៅលើកោះនេះឲ្យកាន់តែមានភាពស្រស់ស្អាត។

លោកបន្តថា “កោះនេះមានទំហំ១១៦ហិកតា មានសកម្មភាពអភិវឌ្ឈន៍វិញហើយ ប៉ុន្តែស្ពានតភ្ជាប់ពីដីគោក ទៅកាន់កោះនេះមិនទាន់ឲ្យមានអ្នកឆ្លងទេ លើកលែងតែពេលមានពិធីបុណ្យទានម្តងៗ ក្រុមហ៊ុនអនុញ្ញាត្តឲ្យមានអ្នកទៅទស្សនា”។ លោកបន្តថា “យ៉ាងណាក៏ដោយ ការចូលទៅទស្សនាកំសាន្តនៅលើកោះ មិនទាន់មានការអនុញ្ញាត្តទេ ដោយ​សារក្រុមហ៊ុនកំពុងសាងសង់ និងមានគ្រឿងចក្រច្រើន”។

លោកឃាង ភារម្យបានបន្តថា “ការអភិវឌ្ឍកោះពស់ នឹងរួមចំណែកទាក់ទាញទេចរណ៍ជាតិ អន្តរជាតិជាច្រើនទៀតនាពេលអនាគត”៕

 

សម្ដេចតេជោៈការប្រកួតប្រជែងរវាងប្រទេសមហាអំណាចធំៗធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច បណ្តាលមកពីវិបត្តិកូវីដកាន់តែស្មុគស្មាញ

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា ការឆ្លងរាលដាលដ៏ធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ បានកើតឡើងក្នុងអំឡុងពេលដ៏លំបាកមួយ ដែលនិន្នាការពហុភាគីនិយម កំពុងតែស្ថិតនៅក្រោមការគំរាមកំហែង ពីសំណាក់ការកើនឡើងនៃនិន្នា​ការឯកតោភាគីនិយម ប្រជានិយម និងគាំពារនិយម។

សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងក្នុងសន្និសីទតុមូល ក្រោមប្រធានបទតួនាទីនិងការទទួលខុសត្រូវ នៃគណបក្សនយោបាយរុស្ស៊ីនិងអាស៊ាន ក្នុងការពង្រឹងនិមាបនកម្មសន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក កាលពីថ្ងៃទី២៩មិថុនា ២០២១នេះថា  ការប្រកួតប្រជែងរវាងប្រទេសមហាអំណាចធំៗ បានធ្វើឱ្យស្ថានភាពនៃកាន់តែមានភាពស្មុគស្មាញ ខណៈស្មារតីល្បែងផលបូកសូន្យ នៃត្រជាក់ថ្មីកំពុងលេចឡើង ហើយសណ្ដាប់ ធ្នាប់ពិភពលោកកំពុងត្រូវបានបែកចែក ដោយសារតែសង្គ្រាមពាណិជ្ជកម្ម សង្គ្រាមបច្ចេកវិទ្យា និងសង្គ្រាម ដោយតួអង្គតំបន់ដ៏ក្ដៅគគុកចំនួនចំនួនទៀត។

សម្តេចតេជោហ៊ុន សែន សម្ដេចបានមានប្រសាសន៍ថា” ពិភពលោកក៏កំពុងតែជួបប្រទះនូវការប្រកួតប្រជែងដ៏តឹងតែងរវាងប្រព័ន្ធ គោលនយោបាយអន្តរជាតិផ្សេងគ្នា ដែលមានភាពដាច់ដោយឡែក រួមជាមយយនឹងការកើនឡើងនូវការប៉ះទង្គិច និងការប្រកួតប្រជែងរវាងគុណតម្លៃ ក្នុងការដឹកនាំពិភពលោក ស្របគ្នាទៅនឹងការប្រឈមមុខផ្នែកយោធា ឬការប្រណាំងប្រជែងអាវុធថ្មីតែម្ដង”។សម្តេចបន្តថា “និន្នាការដ៏គួរឱ្យព្រួយបារម្ភនេះ នៅមិនទាន់បានរាប់បញ្ចូល នូវទិដ្ឋភាពមនុស្សធម៌នៃវ៉ាក់សាំងកូវីដ១៩ ដែលប្រទេសជាច្រើនកំពុងតែដណ្ដើមគ្នា ក្រោមស្លាកស្មារតីជាតិនិយម គាំពារនិយម និងការរើសអើងរៀងៗខ្លួន ទោះបីជាការពិតបង្ហាញយ៉ាងច្បាស់ថា ភាគច្រើននៃប្រជាជនគ្រប់រូបនៅលើពិភពលោកត្រូវការវ៉ាក់សាំងនេះបំផុត ដើម្បីសង្គ្រោះជីវិតរបស់ពួកគេ”។

សម្ដេចមានប្រសាសន៍បន្ថែមថា ទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ កំពុងត្រូវបានកំណត់ដោយការបែកចែកភុមិសាស្ត្រនយោបាយ ។ ភាពមិនប្រាកដប្រជានៃខ្សែបន្ទាត់ភូមិសា ស្ត្រនយោបាយនេះ បានជំរុញឱ្យមានការដាក់គំនាបលើខ្លួនឯង ពីសំណាក់រដ្ឋមួយចំនួន នៅពេលដែលពួកគេព្យាយាម លើកកម្ពស់ការធ្វើពិពិធកម្ម និងកិច្ចសហប្រតិបត្តិការពហុទិស។

សម្តេចបញ្ជាក់ថា “សម្ពាធនេះបានរារាំងសិទ្ធិ ក្នុងការសម្រេចចិត្តដោយខ្លួនឯង និងសិទ្ធិក្នុងការជ្រើសរើសផ្លូវឆ្ពោះ ទៅកាន់ការអភិវឌ្ឍដែលសមស្របនឹងបរិបទ នៃប្រទេ​សទាំងនោះ”។

សម្ដេចបញ្ជាក់ថា រុស្ស៊ី គឺជាដៃគូសំខាន់ក្នុងការរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់  រុស្សគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់អាស៊ាន ដែលស្ថិតនៅក្នុងលំដាប់ទី៨ ។ ចលនាវិជ្ជមាននៃការធ្វើពាណិជ្ជកម្ម និងវិនិយោគ ត្រូវបានបង្ហាញឱ្យឃើញយ៉ាងជាក់ស្ដែងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕

ហានិភ័យៈ មេឃុំម្នាក់ចេញលិខិតមោឃភាពផ្ទេរសិទ្ធិកាន់កាប់ដីធ្លីតំបន់ការពារធនធានធម្មជាតិនៅស្រុកភ្នំស្រួច

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ មេឃុំម្នាក់ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺបានចេញលិខិតមោឃភាពលើប័ណ្ណកម្មសិទ្ឋដីធ្លីនៅក្នុងមូលដ្ឋានរបស់ខ្លួន សម្រាប់ដីតំបន់ការពារធនធានធម្មជាតិ ដែលធ្វើឲ្យអ្នកទិញដីនៅតំបន់នេះប្រឈមហានិភ័យ។

យោងតាមលិខិតបដិសេធមួយរបស់លោកស្រីកែវ សុផាត មេឃុំ ត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានចេញមោឃភាពលការចុះហត្ថលេខា របស់លោកស្រីកន្លងមកថា ទៅលើឯកសារលិខិតស្នើសុំផ្ទេរសិទ្ធិកាន់កាប់ដីធ្លី លិខិតពាក្យស្នើសុំប្រើប្រាស់ដីធ្លី លិខិតលក់ទិញ ប្លង់បង្ហាញទីតាំងគ្រប់ប្រភេទ ស្ថិតនៅក្នុងតំបន់ការពារធនធានធម្មជាតិ និងក្នុងរបៀងអភិរក្សជីវៈចម្រុះ នៃតំបន់ឧទ្យានជាតិមុនីវង្សបូកគោ និងឧទ្យានជាតិព្រះសុរាម្រិតកុសមៈគីរីរម្យ។

នៅក្នុងលិខិតនោះលោកស្រីមេឃុំបានបញ្ជាក់ថា កត្តាដែលលោកស្រី ចុះហត្ថលេខាផ្ទេរសិទ្ធិ ដោយសារតែលោកស្រីមិនយល់ច្បាប់ទំលាប់ច្រើន ហើយឃើញអ្នកកាន់កាប់ដីនោះ អាស្រ័យផលជាក់ស្ដែង ហើយលោកស្រីក៏សម្រេចផ្ទេរសិទ្ធិ ទៅកាន់ម្ចាស់ផ្សេងទៀត ។

អ្នកជំនាញអចលនទ្រព្យជាច្រើន បានផ្ដល់ជាទស្សនៈដល់អ្នកដែលទិញដីធ្លីឬអចលនទ្រព្យ ដោយពិនិត្យទៅលើភាពស្របច្បាប់ឱ្យបានច្បាស់លាស់ ជាពិសេសនោះគឺប្លង់រឹងពីម្ចាស់ដើម។ បើពុំនោះទេ អ្នកនឹងត្រូវខាតបង់ថវិកា និងពេលវេលារបស់ខ្លួនផងដែរ ។

កាលពីសប្តាហ៍មុនអភិបាលខេត្តកោះកុង លោកជំទាវភូថង មិថុនាក៏បានប្រកាសមោឃភាពលើលិខិតទិញលក់ដីធ្លី អចលនទ្រព្យ ដែលចេញលិខិតដោយអាជ្ញាធរឃុំ សង្កាត់ក្នុងខេត្តផងដែរ។

ជាការកត់សម្គាល់ ខេត្តកំពង់ស្ពឺត្រូវបានគេមើលឃើញថា ជាតំបន់ដែលមានសក្ដានុពលខាងវិស័យដីធ្លីមួយ នៅក្នុងប្រទេសកម្ពុជា ដោយសកម្មភាពទិញលក់ដីធ្លីនៅក្នុងខេត្តនេះ គឺមានសន្ទុះខ្លាំង ទាំងដីសម្រាប់ឧស្សាហកម្ម និងដីសម្រាប់លំហែកាយផងដែរ ដោយសារតែកំពង់ស្ពឺថ្មីៗនេះ ទទួលបានការវិនិយោគថ្មីៗ ជាបន្តបន្ទាប់លើវិស័យឧស្សាហកម្ម៕

រដ្ឋាភិបាលកំណត់ខេត្តមណ្ឌលគិរីជាប៉ូលសេដ្ឋកិច្ចទី៤ និងជាខេត្តគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ

ដោយៈតារា

មណ្ឌលគិរីៈ រាជរដ្ឋាភិបាលកំណត់ខេត្តមណ្ឌលគិរី ជាប៉ូលសេដ្ឋកិច្ចទី៤ និងជាខេត្ត​គោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ ដោយជម្រុញភ្ញៀវទេសចរអន្តរជាតិ ទៅកាន់ខេត្តនោះឲ្យកើនឡើង៩០ម៉ឺននាក់ និងភ្ញៀវទេសចរក្នុងស្រុក២លាននាក់។

រដ្ឋាភិបាលក៏គ្រោងបង្កើតការងារក្នុងរង្វង់៨ម៉ឺនកន្លែង និងបង្កើតចំណូលដោយផ្ទាល់ប្រមាណ៥០០លានដុល្លារ និងដោយប្រយោលក្នុងរង្វង់១.០០០លានដុល្លារ នៅត្រឹមឆ្នាំ២០៣៥។

លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង “ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥)” នៅថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២១ ក្នុងនោះគណៈកម្មាធិការ បានកំណត់ក្នុងផែនការមេ មានលក្ខណៈជាផែនការសមាហរណកម្ម ជាមួយអន្តរវិស័យគាំទ្រសំខាន់ៗមួយចំនួន ដើម្បីជាត្រីវិស័យដ៏សំខាន់ចង្អុលបង្ហាញយន្តការ និងទិសដៅយុទ្ធសាស្រ្តសំខាន់ៗ ដើម្បីឆ្លើយតបនឹងចក្ខុវិស័យនៃការអភិវឌ្ឍជាតិក្នុងរយៈពេល(២០២១-២០៣៥) និងបណ្តាឆ្នាំខាងមុខ។

លោកបន្តថា ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន និងការប្តេជ្ញាចិត្តច្បាស់លាស់របស់រាជរដ្ឋាភិបាល ក្នុងនោះមានទិសដៅ សំខាន់៣គឺ៖ ទី១- ខេត្តមណ្ឌលគិរីជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ប្រកបដោយឧត្តមានុវត្តន៍។ ទី២- ខេត្តមណ្ឌលគិរី ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចប្រកបដោយភាពឆ្លាតវៃ និងច្នៃប្រឌិត និងជាមជ្ឈមណ្ឌលសម្រាប់តំបន់ភាគឦសាន និងទី៣- ខេត្តមណ្ឌលគិរី ជាខេត្តដែលមានការគិតគូរច្បាស់លាស់នូវទស្សនទាន “ការអភិរក្សដើម្បីការអភិវឌ្ឍ ហើយការអភិវឌ្ឍទ្រទ្រង់ដល់ការអភិរក្ស” ។

ចំពោះផែនការមេសម្រាប់ការអភិវឌ្ឍ វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១​-២០៣៥)” កំណត់ចក្ខុវិស័យសំខាន់ៗរួមមាន ទី១ ខេត្តមណ្ឌលគិរី ត្រូវកំណត់ជាគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ផ្កា បន្លែ និងផ្លែឈើ សម្រាប់បំពេញតម្រូវការក្នុងប្រទេស និងឈានដល់ការនាំចេញទៅទីផ្សារក្រៅប្រទេស ។

ឆ្នាំ២០៣៥ ចំនួនភ្ញៀវទេសចរអន្តរជាតិ ទៅកាន់ខេត្តមណ្ឌលគិរី នឹងកើនឡើងដល់ប្រមាណ៩០ម៉ឺននាក់ ខណៈដែលចំនួនភ្ញៀវទេសចរក្នុងស្រុក នឹងកើនឡើងដល់ប្រមាណ ២ លាននាក់ បង្កើតការងារក្នុងរង្វង់៨ម៉ឺនកន្លែង និងបង្កើតចំណូលដោយផ្ទាល់ប្រមាណ៥០០លានដុល្លារ និងដោយប្រយោល១.០០០លានដុល្លារ ជាមួយមេគុណប្រសិទ្ធភាពចំនួន២ដង ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចខេត្តមណ្ឌលគិរី។

តាមផែនការនេះ ខេត្តមណ្ឌលគិរី នឹងរួមចំណែកធ្វើឲ្យភូមិភាគឦសាន ដែលមានខេត្តមណ្ឌលគិរីជាស្នូល ជាប៉ូលសេដ្ឋកិច្ចទី៤ បន្ទាប់ពីតំបន់រាជធានីភ្នំពេញ តំបន់ឆ្នេរ និងតំបន់សៀមរាប និងធ្វើសមាហរណកម្មខេត្តមណ្ឌលគិរី ជាមួយតំបន់ផ្សេងៗក្នុងប្រទេស និងក្នុងតំបន់។

ចំណុចចុងក្រោយ រក្សាតុល្យភាពឲ្យបានម៉ឺងម៉ាត់ រវាងការអភិវឌ្ឍសេដ្ឋកិច្ច ទេសច​រណ៍ និងអន្តរវិស័យគាំទ្រ ជាមួយការអភិរក្សធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ ជនជាតិដើមភាគតិច ធានាបានផ្លែផ្កានៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាអតិបរមា ឈរលើគោលការណ៍នៃការបែងចែកផលប្រយោជន៍ ប្រកបដោយសមធម៌ទៅដល់ភាគីពាក់ព័ន្ធ។

តើក្រុមហ៊ុនណាខ្លះដែលមានតម្លៃទីផ្សារចាប់ពី១ទ្រីលានដុល្លារអាមេរិក?

ដោយៈ សាវុធ

អន្តរជាតិៈ ក្រុមហ៊ុនចំនួន៥ទៀត មានតម្លៃលើទីផ្សារចាប់ពី១ទ្រីលានដុល្លារអាមេរិក រួមមាន Apple ក្រុមហ៊ុនប្រេង Saudi Aramco នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ក្រុមហ៊ុន Microsoft ក្រុមហ៊ុន Amazon ក្រុមហ៊ុន Alphabet (Google) ខណៈក្រុមហ៊ុនFacebook ប្រកាសថា ជាក្រុមហ៊ុនមានតម្លៃ១ទ្រីលានដុល្លារអាមេរិក កាលពីថ្មីម្សិលមិញ។

ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក និងជាបណ្ដាញសង្គមធំFacebook បានក្លាយជា ក្រុមហ៊ុនដែលមានតម្លៃនៅលើទីផ្សារ១ទ្រីលានដុល្លារអាមេរិក (១លានលានដុល្លារអាមេរិក) កាលពីថ្ងៃចន្ទម្សិលមិញនេះ បន្ទាប់ពីតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុននេះបានឈានឡើងដល់ចំណុចខ្ពស់មួយគួរកត់សម្គាល់។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNet នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា Facebook បាន ក្លាយជា ក្រុមហ៊ុនដែលមានតម្លៃរហូតដល់១ទ្រីលានដុល្លារអាមេរិកជាលើកដំបូង និងឈរនៅលេខរៀងទី៦ នៃក្រុមហ៊ុនដែលមានតម្លៃខ្ពស់ជាង១ទ្រីលានដុល្លារអាមេរិក។

ក្រុមហ៊ុនចំនួន៥ទៀត ដែលមានតម្លៃចាប់ពី១ទ្រីលានដុល្លារអាមេរិក រួមមាន Apple ក្រុមហ៊ុនប្រេងSaudi Aramco នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ក្រុមហ៊ុន Microsoft ក្រុមហ៊ុន Amazon ក្រុមហ៊ុន Alphabet (Google) ដោយក្នុងនោះក្រុមហ៊ុន Apple បានផ្ដួលក្រុមហ៊ុនAmazon និងក្រុមហ៊ុនMicrosoft ដើម្បីក្លាយជាក្រុមហ៊ុនឯកជនដំបូងគេលើពិភពលោក ដែលមានទ្រព្យ១ទ្រីលានដុល្លារ កាលពីខែសីហា ឆ្នាំ២០១៨។

ជាមួយគ្នានេះដែរ ការផ្ទុះឡើងនៃតម្លៃក្រុមហ៊ុន Facebook នៅលើទីផ្សារខ្ពស់ជាង១ទ្រីលានដុល្លារអាមេរិកនេះបានធ្វើឡើង ក្រោយពេលដែលតុលាការសហព័ន្ធអាមេរិក ច្រានចោលពាក្យបណ្ដឹង របស់គណៈកម្មការពាណិជ្ជកម្មសហព័ន្ធ (FTC) ដោយបានចោទ ប្រកាន់ Facebook ថាបានល្មើសនឹងច្បាប់មួយចំនួន ប៉ុន្តែតុលាការសហព័ន្ធអាមេរិក បានលើកឡើងថា ការចោលប្រកាន់ របស់ FTC គឺគ្មានភស្ដុតាងច្បាស់លាស់៕

គម្រោងខុនដូប្រណីតOudong Residence របស់កម្ពុជាជាប់ឈ្មោះក្នុងចំណោម ស្ថាបត្យកម្មល្អដាច់គេក្នុងពិភពលោក

ដោយៈសុខុម

ភ្នំពេញ: វាជាមោទនភាពដ៏អស្ចារ្យមួយដែលគម្រោងខុនដូប្រណីត “ឧដុង្គ រ៉េស៊ីដង់” (Oudong Residence)របស់កម្ពុជា ត្រូវបានគេហទំព័ត៌ស្ថាបត្យកម្មបរទេស ArchDaily ចុះផ្សាយនៅសប្ដាហ៍នេះជាប់ឈ្មោះ ក្នុងចំណោមស្ថាបត្យកម្មមិនទាន់សាងសង់ល្អដាច់ (Best Unbuilt Architecture)។

ឌីហ្សាញដោយក្រុមហ៊ុន Architectural Engineering Consultants គម្រោងខុនដូប្រណីត Oudong Residence ជាអគារកម្ពស់៨ជាន់ ដែលមានខុនដូចំនួន២៨យូនីតស្ថិតនៅតំបន់ក្រុងឧដុង្គ ដែលជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជា។

ការឌីហ្សាញមានលក្ខណៈទំនើប ស៊ីវិល័យ ស័ក្ដិសម ទៅនឹងអគារក្នុងទីក្រុង និងមានទីធ្លារានហាលធំទូលាយ សម្រាប់ឈរមើលទេសភាព និងស្រូបខ្យល់អាកាសបរិសុទ្ធ។ ទន្ទឹមនេះ អគារដែលសម្បូរដោយដើមឈើព័ទ្ធជុំវិញវានេះ ក៏ត្រូវបានដាក់ដាំដើមឈើលម្អនៅតាមជាន់នីមួយៗរហូតដល់ជាន់កំពូលផងដែរ។

ទោះជាយ៉ាងណាគ្មានព័ត៌មានលម្អិតផ្សេងទៀតឡើយ ជុំវិញគម្រោងខុនដូប្រណីតរបស់កម្ពុជាមួយនេះ។ គម្រោងផ្សេងៗទៀត ដែលជាប់ក្នុងបញ្ជីស្ថាបត្យកម្មមិនទាន់សាងសង់ល្អដាច់គេនេះមានដូចខាងក្រោម រួមមាន គម្រោងផ្ទះឯកជន The Cali Industrial នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ឌីហ្សាញដោយក្រុមហ៊ុន Futuris Architects គម្រោងផ្ទះឯកជន BOOMER AGE. WONDER AGE នៅក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ ឌីហ្សាញដោយក្រុមហ៊ុន MDBA គម្រោងអគារខ្ពស់ ZEFIRO A នៅក្នុងទីក្រុង Catania កោះ Sicily ប្រទេសអ៊ីតាលី ឌីហ្សាញដោយក្រុមហ៊ុន BASE51 Architettura គម្រោងព្រីន 3D ដែលមានឈ្មោះថា THE CTRL + P HOME ឌីហ្សាញដោយ Oliver Thomas of PIXEL + Amey Kandlgaonkar of Ameyzing_architect គម្រោងផ្ទះឯកជន In harmony with nature នៅតំបន់ Repino ប្រទេសរុស្ស៊ី ឌីហ្សាញដោយក្រុមហ៊ុន Kerimov Architects គម្រោងផ្ទះឯកជនក្បែរមាត់សមុទ្រ Villa Aquatica ឌីហ្សាញដោយក្រុមហ៊ុន KRAK. Architects គម្រោងលំនៅដ្ឋាន BIRD NEST ឌីហ្សាញដោយក្រុមហ៊ុន architecture & design O.M.SHUMELDA និងគម្រោងលំនៅដ្ឋាន Sharing Bounds ឌីហ្សាញដោយក្រុមហ៊ុន Hrishikesh More Architects៕

រដ្ឋាភិបាលត្រៀមដាក់ចេញផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី២០២១-២០៣៥

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ បានពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង ”ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥)” ដើម្បីជាត្រីវិស័យដ៏សំខាន់ចង្អុលបង្ហាញយន្តការ និងទិសដៅយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីឆ្លើយតបនឹងចក្ខុវិស័យនៃការអភិវឌ្ឍជាតិ។

“ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣០)” ត្រូវបានសិក្សារៀបចំដោយគណៈកម្មការអន្តរ ក្រសួង ដឹកនាំដោយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១។

“ផែនការមេ” នេះ មានលក្ខណៈជាផែនការសមាហរណកម្មជាមួយអន្តរវិស័យគាំទ្រសំខាន់ៗមួយចំនួន ដើម្បីជាត្រីវិស័យដ៏សំខាន់ចង្អុលបង្ហាញយន្តការ និងទិសដៅយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីឆ្លើយតបនឹងចក្ខុវិស័យនៃការអភិវឌ្ឍជាតិក្នុងរយៈពេល (២០២១-២០៣៥) និងបណ្ដាឆ្នាំខាងមុខ ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន និងការប្ដេជ្ញាចិត្តច្បាស់លាស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និង គតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយផ្ដោតលើគោលបំណងសំខាន់ ៣គឺ៖

-ទី១៖ ខេត្តមណ្ឌលគិរី ជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ប្រកបដោយឧត្តមានុវត្តន៍។ -ទី២៖ ខេត្តមណ្ឌលគិរី ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចប្រកបដោយភាពឆ្លាតវៃ និងច្នៃប្រឌិត និងជាមជ្ឈមណ្ឌលសម្រាប់ តំបន់ភាគឦសាន។ និង -ទី៣៖ ខេត្តមណ្ឌលគិរី ជាខេត្តដែលមានការគិតគូរច្បាស់លាស់នូវទស្សនទាន “ការអភិរក្សដើម្បីការអភិវឌ្ឍ ហើយ ការអភិវឌ្ឍទ្រទ្រង់ដល់ការអភិរក្ស”។

“ផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥) កំណត់ចក្ខុវិស័យសំខាន់ៗ ដូចខាងក្រោម៖

-ទី១៖ ខេត្តមណ្ឌលគិរី ត្រូវកំណត់ជាគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្តដ៏សំខាន់ក្នុងការផ្គត់ ផ្គង់ផ្កា បន្លែ និងផ្លែឈើ សម្រាប់បំពេញតម្រូវការក្នុងប្រទេស និងឈានដល់ការនាំចេញទៅទីផ្សារក្រៅប្រទេស ។

-ទី២៖ ឆ្នាំ២០៣៥ ចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់ខេត្តមណ្ឌលគិរី នឹងកើនឡើងដល់ប្រមាណ៩០ម៉ឺននាក់ ខណៈដែលចំនួនភ្ញៀវទេសចរក្នុងស្រុក នឹងកើនឡើងដល់ប្រមាណ២លាននាក់ បង្កើតការងារប្រមាណ៨ម៉ឺនកន្លែង និងបង្កើតចំណូលដោយផ្ទាល់ប្រមាណ៥០០លានដុល្លារ និងដោយប្រយោលប្រមាណ១០០០ លានដុល្លារ ជាមួយមេគុណប្រសិទ្ធភាព (Multiplier Coefficient) ចំនួន២ដង ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចខេត្តមណ្ឌលគិរី។

-ទី៣៖ រួមចំណែកធ្វើឲ្យភូមិភាគឦសានដែលមានខេត្តមណ្ឌលគិរីជាស្នូលជាប៉ូលសេដ្ឋកិច្ចទី៤ បន្ទាប់ពីតំបន់ រាជធានីភ្នំពេញ តំបន់ឆ្នេរ និងតំបន់សៀមរាប និងធ្វើសមាហរណកម្មខេត្តមណ្ឌលគិរីជាមួយតំបន់ផ្សេងៗក្នុងប្រទេស និងក្នុងតំបន់។

-ទី៤៖ រក្សាតុល្យភាពឲ្យបានម៉ឺងម៉ាត់រវាងការអភិវឌ្ឍសេដ្ឋកិច្ច ទេសចរណ៍ និងអន្តរវិស័យគាំទ្រ ជាមួយការអភិរក្ស ធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ ជនជាតិដើមភាគតិច ធានាបានផ្លែផ្កានៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាអតិបរមា ឈរលើគោលការណ៍នៃការបែងចែកផលប្រយោជន៍ប្រកប ដោយសមធម៌ទៅដល់ភាគីពាក់ព័ន្ធ។

តំបន់អាទិភាពសំខាន់ៗចំនួន៦ សម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ត្រូវបានកំណត់ដូចខាងក្រោម៖
– តំបន់របៀងអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិនៃដែនជម្រកសត្វព្រៃទាំង ៥ (ដែនជម្រកសត្វព្រៃភ្នំព្រេច ណាមលៀរ លំផាត់ កែវសីមា និងស្រែពក) ដែលអនុញ្ញាតឲ្យមានតែការវិនិយោគ និងអភិវឌ្ឍន៍សកម្មភាព ទេសចរណ៍ ដែលមានការគិតគូរច្បាស់លាស់អំពីបរិស្ថាន។
– តំបន់របៀងទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍ ប៊ូស្រា-ដាក់ដាំ ដែលលើកទឹកចិត្តឲ្យមានការអភិវឌ្ឍត សកម្មភាពអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ ភ្ជាប់ជាមួយទេសចរណ៍វប្បធម៌ជនជាតិដើមភាគតិច។
– ក្រុងសែនមនោរម្យ ដែលជាបណ្តុំសកម្មភាពទេសចរណ៍ពហុបំណង, – តំបន់ស្រុកអូររាំង ភ្ជាប់ជាមួយគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះខេត្តមណ្ឌលគិរី ដែលអាចអភិវឌ្ឍន៍ជាតំបន់ ប្រជុំជនរណប ភ្ជាប់ជាមួយក្រុងសែនមនោរម្យ។
– តំបន់ប្រជុំជននៃស្រុកកោះញែក ដែលមានសក្តានុពលក្នុងការរៀបចំអភិវឌ្ឍន៍ជាមណ្ឌលទេសចរណ៍ នាពេល អនាគត ហើយដែលការអភិវឌ្ឍមានវិសាលភាពទូលំទូលាយជាងក្នុងតំបន់អភិរក្សនៃដែនជម្រកសត្វព្រៃ និង
– តំបន់ទេសចរណ៍សមាហរណតាមច្រកព្រំដែន ដែលអនុញ្ញាតឲ្យមានការអភិវឌ្ឍជារមណីយដ្ឋានសមាហរណ។

ទន្ទឹមនឹងនេះ ស្ថាប័នអនុវត្តផែនការមេនេះ ត្រូវបានស្នើឲ្យបង្កើតឡើង ដូចខាងក្រោម៖
– កម្រិតថ្នាក់ជាតិ៖ គណៈកម្មការអន្តរក្រសួងមួយ ត្រូវបានបង្កើតឡើងដើម្បីដឹកនាំ និងសម្របសម្រួល ផែនការមេនេះ និងមានលេខាធិការដ្ឋានមួយដើម្បីធានាដំណើរការការងារប្រចាំថ្ងៃ។
– កម្រិតថ្នាក់ក្រោមជាតិ៖ គណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី គឺជាសេនាធិការឲ្យគណៈកម្មការ អន្តរក្រសួងខាងលើ ក្នុងការជំរុញការអនុវត្តផែនការមេនេះ- យន្តការស្ថាប័នគាំទ្រមួយចំនួន និងត្រូវបានបង្កើតឡើង ដើម្បីគាំទ្រការអនុវត្តផែនការមេនេះ ដូចជាការបង្កើត អង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍អាទិភាពទាំង០៦ខាងលើ (DMO-Destination Management Organization) ដែលមានទម្រង់ជាយន្តការអន្តរក្រសួង និងយន្តការស្ថាប័នចាំបាច់នានា។
ជាលទ្ធផល អង្គប្រជុំ បានពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនការមេ និងសម្រេចដូចខាងក្រោម៖
– ទី១. គាំទ្រជាស្មារតីរួមលើខ្លឹមសារសំខាន់ៗនៃ “ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥”។

– ទី២. ក្រុមការងារបច្ចេកទេសត្រូវបញ្ចូលបន្ថែមធាតុចូលដែលទទួលបានពីកិច្ចប្រជុំនេះ ដើម្បីរៀបចំជាសេចក្តីព្រាង ចុងក្រោយ ដើម្បីគោរពជូនរាជរដ្ឋាភិបាលពិនិត្យ និងអនុម័តដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ៕

ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យសិង្ហបុរីជាច្រើនចាប់ផ្តើមពង្រីកខ្លួនមកកាន់កម្ពុជា និងបណ្តាប្រទេសក្នុងតំបន់

ដោយៈ គៀតឈូ

សិង្ហបុរីៈ បើទោះសិ្តតក្នុងវិបត្តិជំងឺកូវីដ១៩ ក្រុមហ៊ុនសេវាកម្មអចលនទ្រព្យនៅសិង្ហបុរីជាច្រើន កំពុងពង្រីកខ្លួនទៅក្រៅប្រទេស ដើម្បីស្វែងរកឱកាសរីកចម្រើនបន្ថែមនៅក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១។

ក្រុមហ៊ុនទាំងនេះបានឱ្យដឹងថា នេះគឺយុទ្ធសាស្ត្រមួយ ដែលនឹងផ្តល់ឱ្យអ្នកទិញនៅសិង្ហបុរី ទទួលបានទីផ្សារវិនិយោគ លើអចលនទ្រព្យច្រើននៅក្រៅប្រទេស និងនៅលើទីផ្សារបច្ចេកវិទ្យាកាន់តែប្រសើរផងដែរ។

ក្រុមហ៊ុនបច្ចេកវិទ្យាផ្តោតលើវិស័យអចលនទ្រព្យក្នុងស្រុក ដូចជា របស់ក្រុមហ៊ុន PropertyGuru គ្រោងនឹងទិញយកភាគហ៊ុនធំបំផុតរបស់ខ្លួន ក្នុងប្រវត្តិសាស្ត្ររយៈពេល១៤ឆ្នាំ បន្ទាប់ពីយល់ព្រមទិញភាគហ៊ុនទាំងអស់របស់ក្រុមហ៊ុន REA Group ដែលមានប្រតិបត្តិការនៅប្រទេសម៉ាឡេស៊ី និងថៃ។

កាលពីខែមុន ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ PropNex ក៏បានពង្រីកខ្លួនមកកាន់ប្រទេសកម្ពុជា ដែលជាទីផ្សារក្រៅប្រទេសទី៤របស់ខ្លួន បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងវៀតណាម។

អំឡុងពេលរាតត្បាតជំងឺកូវីដ១៩ កាលពីខែកញ្ញាឆ្នាំមុន ក្រុមហ៊ុនសេវាកម្មអចលនទ្រព្យ OhMyHome បានឈានជើងចូលប្រទេសហ្វីលីពីន។ បច្ចុប្បន្នក្រុមហ៊ុននេះ ក៏ប្រតិបត្តិការនៅប្រទេសម៉ាឡេស៊ីផងដែរ។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន PropNex លោក Ismail Gafoor បានកត់សម្គាល់ថា ទោះស្ថិតក្នុងកំឡុងពេលមានវិបត្តិកូវីដ១៩ ប្រជាជនម៉ាឡេស៊ី គឺជាក្រុមធំទី២នៃអ្នកទិញអចលនទ្រព្យក្នុងស្រុក ខណៈអ្នកទិញមកពីឥណ្ឌូនេស៊ី តែងតែចឈរនៅលំដាប់កំពូលនៅសិង្ហបុរី។

លោកបានថ្លែងបន្តថា “ប្រទេសវៀតណាមក៏ជាប្រទេស ដែលមានសេដ្ឋកិច្ចរីកលូតលាស់ និងមានប្រជាជនវ័យក្មេងច្រើន”។

តាមរយៈការបង្កើតវត្តមាននៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុននេះមានវត្តមាននៅក្នុងបណ្តាប្រទេសអាស៊ានចំនួន៥ ដែលមានចំនួនប្រជាជនសរុបលើសពី៤២០លាននាក់។

លោក Ismail បាននិយាយថា យើងមិនចង់មានវត្តមាន ត្រឹមតែប្រទេសសិង្ហបុរី ដែលមានប្រជាជនចំនួន៥លាននាក់នោះទេ តែយើងចង់មានវត្តមាននៅក្នុងតំបន់ … ហើយមិនត្រឹមតែចំពោះអាស៊ានប៉ុណ្ណោះទេ”៕