រដ្ឋាភិបាលដាក់ដំណើរការនូវផែនការសកម្មភាពជាតិវិលជុំ ដើម្បីលើកទឹកចិត្ត វិស័យឯកជន

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា ដោយមានការគាំទ្រពីដៃគូអភិវឌ្ឍន៍នានា បានដាក់ឱ្យដំណើរការផែនការសកម្មភាពជាតិសេដ្ឋកិច្ចវិលជុំ និងផ្លេតហ្វមដើម្បីជំរុញការចូលរួមពីវិស័យឯកជន ក្នុងអន្តរកាលឆ្ពោះទៅរកសេដ្ឋកិច្ចវិលជុំ។
ការអភិវឌ្ឍដ៏ឆាប់រហ័សនៃកំណើនសេដ្ឋកិច្ច និងកំណើនប្រជាជននៅកម្ពុជា ក្នុងរយៈពេលជាង២ទសវត្សរ៍នេះ បាននាំមកនូវបញ្ហាប្រឈមថ្មីៗ ក្នុងការគ្រប់គ្រងធម្មជាតិ បរិស្ថាន ថាមពល និងសំណល់ប្រកបដោយនិរន្តរភាព។

ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (NCSD) ក្រសួងបរិស្ថាន ដោយមានការគាំទ្រពីប្រទេសស៊ុយអែត ជប៉ុន និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) កាលពីថ្ងៃទី ២៨ ខែមិថុនាបានដាក់ឱ្យដំណើរការ ផែនការសកម្មភាពជាតិសេដ្ឋកិច្ចវិលជុំ ខណៈដែលកំណើនសេដ្ឋកិច្ច និងកំណើនប្រជាជននៅកម្ពុជា បាននាំឱ្យមានការកើនឡើងនូវការប្រើប្រាស់វត្ថុធាតុដើម និងថាមពល ហើយស្រដៀងគ្នានឹងប្រទេសនានា ដែលកំណើននេះ បាននាំមកនូវបញ្ហាប្រឈមថ្មីៗ ក្នុងការគ្រប់គ្រងធម្មជាតិ បរិស្ថាន ថាមពល និងសំណល់។

លោក សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្ដ្រីក្រសួងបរិស្ថាន បានប្រាប់ថា ការអនុវត្តយុទ្ធសាស្ដ្រសេដ្ឋកិច្ចវិលជុំ ប្រកបដោយចីរភាព នឹងធានាឱ្យយើងទាំងអស់គ្នានៅកម្ពុជា អាចទទួលបានអនាគត ដែលមានភាពបៃតង ស្អាត និងមានសុវត្ថិភាព។

លោកបន្តថា “យុទ្ធសាស្ដ្រ និងផែនការសេដ្ឋកិច្ចវិលជុំ មានគោលបំណងបង្កើតនូវដំណោះស្រាយឈ្នះ ឈ្នះ សម្រាប់ដោះស្រាយបញ្ហាប្រឈមចំពោះមុខ នាពេលបច្ចុប្បន្ន”។ លោកបន្ថែមថា “យុទ្ធសាស្ដ្រមានគោលបំណងលុបបំបាត់ការខ្ជះខ្ជាយ ធនធាននៅក្នុងវដ្ដសេដ្ឋកិច្ចទាំងមូល និងបន្តរក្សានៃសម្ភារនានា ឱ្យមានយូរបំផុតតាមដែលអាចធ្វើទៅបានជំនួសឱ្យការប្រើប្រាស់រួចហើយបោះចោលតែម្ដង”។

ជាមួយគ្នានេះ លោក Nick Beresford នាយក UNDP ប្រចាំកម្ពុជាក៏បានចង្អុលបង្ហាញថា សេដ្ឋកិច្ចវិលជុំ មានសក្ដានុពលនាំមកនូវការផ្លាស់ប្តូរសង្គម និងបរិស្ថានជាវិជ្ជមាន ដើម្បីបង្កើតនូវតម្លៃសេដ្ឋកិច្ចថ្មីៗ និងឱកាសការងារកាន់តែច្រើន។

លោកបន្តថា “គំរូសេដ្ឋកិច្ចបែបនេះ អាចតម្រង់ទិសដល់ការឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់ប្រទេសនានា នៅក្នុងកម្រិតប្រាក់ចំណូលទាំងអស់ ដែលរួមទាំងកម្ពុជាផងដែរ”។

រីឯលោកស្រី Moeko Saito-Jensen អ្នកឯកទេសគោលនយោបាយបរិស្ថាននៃ UNDP បានឱ្យដឹងនៅក្នុងអំឡុងពេលសិក្ខាសាលា ពិគ្រោះយោបល់លើសេចក្ដីព្រាង “យុទ្ធសាស្ដ្រសេដ្ឋកិច្ចវិលជុំ និងផែនការសកម្មភាព”កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២០ ថា ដោយសារតែការកើនឡើងគ្រោះទឹកជំនន់ និងភាពរាំងស្ងួត កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើន ដែលងាយនឹងទទួលរងគ្រោះបំផុត ដោយសារតែការប្រែប្រួលអាកាសធាតុ។

លោកស្រីបន្តថា “ដើម្បីគាំទ្របរិស្ថានដ៏សំខាន់ សម្រាប់មនុស្សគ្រប់ជំនាន់នៅពេលអនាគត និងធានាអនាគតប្រកប ដោយសុវត្ថិភាពរបស់ពួកគេ គឺពិតជាចាំបាច់ក្នុងការផ្លាស់ប្តូរមធ្យោបាយ ដែលប្រតិបត្តិការសេដ្ឋកិច្ច និងមធ្យោបាយនានាដែលយើងប្រើប្រាស់សម្ភារ និងសំណល់ដែលបោះចោល”។

យោងតាមរបាយការណ៍ចុងក្រោយបំផុត របស់អង្គការឧតុនិយមពិភពលោក (WMO) បានឲ្យដឹងថា សីតុណ្ហភាពពិភពលោក អាចលើសពីការកំណត់ទិសដៅត្រឹម ១,៥ អង្សារសេ ពីកម្រិតមុនឧស្សាហកម្មក្នុងរយៈពេល៥ឆ្នាំក្រោយ។ នៅទូទាំងភពផែនដី ការកើនឡើងសីតុណ្ហភាពណាមួយ នឹងបង្កើនគ្រោះមហន្តរាយអាកាសធាតុយ៉ាងខ្លាំងដូចជាខ្យល់ព្យុះទីហ្វុងធំៗ ទឹកជំនន់ធំៗភាពរាំងស្ងួតខ្លាំងនិងការបង្កើនភ្លើងឆេះព្រៃ។ ធនធានធម្មជាតិសំខាន់ៗ ប្រហែល៩០លានតោនត្រូវបានទាញយកក្នុង១ឆ្នាំ៕

 

គម្រោងអភិវឌ្ឍន៍រមណីយដ្ឋានបែបចម្រុះលើផ្ទៃដី១២០០ហិកតានៅខេត្តសៀមរាប កំពុងជួបភាពមិនប្រាកដប្រជា

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្រុមហ៊ុន Macau Legend Development ដែលធ្វើការផ្ទេរ និងការចុះបញ្ជីកម្មសិទ្ធិលើដី ដែលខ្លួនបានទិញនៅកម្ពុជា មិនទាន់ត្រូវបានបញ្ចប់តាមកាលកំណត់ ដែលរំពឹងទុកនោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់ភ្នាកងារសារព័ត៌មាន Macau News Agency នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។

កាលពីខែធ្នូ ឆ្នាំ២០១៨ ក្រុមហ៊ុនបានទិញមូលធនភាគហ៊ុនទាំងស្រុងរបស់ក្រុមហ៊ុន Howing Enterprises Co Ltd ពីបុរសម្នាក់ឈ្មោះWang Jieman ក្នុងតម្លៃ៩០លានដុល្លារអាមេរិក (ប្រមាណ៦៩៧,៨លានដុល្លារហុងកុង) ដោយក្រុមហ៊ុន Howing មានអាជីវកម្មក្នុងប្រទេសកម្ពុជា និងកាន់កាប់ដីទំហំសរុប១២០០ហិកតានៅខេត្តសៀមរាប។

ក្រុមហ៊ុន Macau legend មានបំណងចង់សាងសង់រមណីយដ្ឋាន បែបចម្រុះមួយនៅក្នុងតំបន់នេះ ប៉ុន្តែការបញ្ចប់ការទិញយក ត្រូវបានពន្យាពេលរហូតដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំនេះ ដោយសារតែជំងឺកូវីដ១៩។

កិច្ចព្រមព្រៀងទិញលក់នេះបានឱ្យដឹងថា អ្នកលក់នឹងជួយក្រុមហ៊ុន Macau Legend ក្នុងការទទួលបានសិទ្ធិប្រើប្រាស់ដីធ្លីចាំបាច់ ដើម្បីកែប្រែឡើងវិញពីកសិកម្មទៅការអភិវឌ្ឍលំនៅដ្ឋាន/ពាណិជ្ជកម្ម និងចុះឈ្មោះកម្មសិទ្ធិទៅក្រុមហ៊ុនHowing។

យោងតាមឯកសារផ្សារមូលបត្រហុងកុង ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Macau Legend បាននិយាយថាឥឡូវនេះ ខ្លួនកំពុងចរចាជាមួយលោក Wang ដើម្បី “ដំណោះស្រាយប្រកបដោយមិត្តិភាព” ចំពោះបញ្ហានេះ។

នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ២០២០ ក្រុមហ៊ុន Macau Legend បានឱ្យដឹងថា វាមានភាពមិនប្រាកដប្រជាចំពោះប្រតិបត្តិការទិញលក់ ថាតើវានឹងបញ្ចប់នៅពេលណា។
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ក្រុមនេះក៏បានចំណាយ៥.១៦លានដុល្លារសម្រាប់ពន្ធ និងសម្រាប់ការផ្ទេរដីនេះ៕

ភាពទាក់ទាញនៃការរចនាគម្រោងបុរីណាឌី ទស្សនទានថ្មីដែលមិនអាចឃើញ នៅកន្លែងផ្សេងទៀត

ដោយ ចិន្ដា

ភ្នំពេញៈ បុរី ណាឌីជឿជាក់ថាពាក្យស្លោក នៃគម្រោងរបស់យើង “ទីចាប់ផ្ដើមនៃលំនៅឋានរបស់លោក អ្នក” មានអត្ថន័យលើសពីការសាងសង់ផ្ទះ ដែលផ្ទះ គឺជាទីចាប់ផ្ដើមនៃដំណើរជីវិតរបស់មនុស្ស យើងជឿជាក់ថាផ្ទះគឺជាទីតាំងដ៏សំខាន់បំផុត សម្រាប់បង្ហាញថាអ្នកជាអ្នកណា។

យើងរក្សានូវគុណតម្លៃនេះនៅក្នុងបេះដូងរបស់យើង ដើម្បីបង្កើតនូវគេហដ្ឋានណាឌីដែលមាន ដូចជា វីឡាភ្លោះ វីឡាកូនកាត់ និងផ្ទះអាជីវកម្មសម្រាប់ពេលអនាគតរបស់របស់អតិថិជន។

គ្រប់គេហដ្ឋានទាំងអស់របស់បុរី ណាឌីត្រូវបានសាងសង់ឡើង ប្រដូចទៅនឹង “រចនាសម្ព័ន្ធនៃ គ្រួសារ” ដំបូល និងគ្រឹះនៃគេហដ្ឋានមានភាពរឹងមាំ ដែលធានាបាននូវជំហរដ៏រឹងមាំនៅគ្រប់បរិយាកាស ដែលហាក់បីដូចជាមាតាបិតាដែលជាសសរស្ដម្ភ រក្សាសុវត្ថិភាព និងសុភមង្គលក្នុងក្រុមគ្រួសារ។ បន្ទប់ទទួលភ្ញៀវ ត្រូវបានរចនាឡើងឲ្យមានភាពធំទូលាយដើម្បីស្វាគមន៍ នូវការជួបជុំ និងពេលវេលា ដ៏មានតម្លៃនៃក្រុមគ្រួសារ។ ពន្លឺធម្មជាតិ ដែលចាំងចូលមកតាមកញ្ចក់បង្អួច ដ៏ធំទូលាយផ្ដល់នូវសុភមង្គល និងភាពកក់ក្ដៅ ដល់អ្នកដែលរស់នៅខាងក្នុងទាំងអស់។

ផ្ទះបាយត្រូវបានរចនាឡើង ជាមួយនឹងមុខងារសម្រាប់ឲ្យអ្នកគ្រប់គ្នា អាចប្រើប្រាស់បាន។ បង្អួច ត្រូវបានបង្កើតឡើងសម្រាប់ឲ្យខ្យល់ក្ដៅ បក់ចេញក្រៅព្រមទាំង ព្រមទាំងរក្សានូវបរិយាកាស បរិសុទ្ធបន្ទាប់ពីចម្អិនអាហារពេញមួយថ្ងៃរួចមក។

កន្លែងទទួលទានអាហារ ច្នៃប្រឌិតសម្រាប់ឲ្យគ្រប់ក្រុម គ្រួសារទទួលស្វាគមន៍សមាជិក និងមិត្តភក្ដិមកចូលរួមកម្មវិធីពិសេសៗ ជាមួយនឹងទីធ្លាដ៏ធំទូលាយ សម្រាប់ការកម្សាន្តផ្សេងៗទៀត។

រាល់បញ្ហា និងភាពស្មុគស្មាញ នៅកន្លែងការងារនឹងត្រូវបំភ្លេចចោល ពេលដែលយើងបើកទ្វារ ចូលទៅបន្ទប់គេង ដោយសារតែទីនេះឌីហ្សាញសម្រាប់ឲ្យម្ចាស់លំនៅឋានមានអារម្មណ៍ធូរស្រាល និងស្ងប់ស្ងាត់។ បន្ទាប់ធ្វើការពេញមួយថ្ងៃ ហើយចូលទៅកាន់បន្ទប់គេង លោកអ្នកនឹងទទួលបាននូវថាមពល និងអារម្មណ៍ដ៏ធូរស្រាលពេញមួយថ្ងៃ។ បុរី ណាឌីជឿជាក់ថា ការរស់នៅប្រកបដោយផាសុខភាព ចាប់ផ្ដើមពីការទទួលទាននូវដំណេកបានគ្រប់គ្រាន់  បន្ទប់គេងបានរចនាឡើងដោយបញ្ជៀស នូវការរំខានដោយស  ម្លេងផ្សេងៗ នៅពេលដែលលោកអ្នកទទួលទានដំណេក។

ល្ងាចថ្ងៃអាទិត្យ អាចជាពេលដែលលោក អ្នកធុញទ្រាន់បំផុត ប៉ុន្តែសម្រាប់គេហដ្ឋានណាឌី គ្មានអ្វីដែលមិនអាចទៅរួចនោះទេ ព្រោះយើងផ្ដល់ជូននូវជាន់លើបង្អស់សម្រាប់ឲ្យលោកអ្នក ស្រស់ស្រាយជាមួយនឹងបរិយាកាសពេលល្ងាច និងខ្យល់បរិសុទ្ធបក់ចេញពីសួនផ្កាសាគូរ៉ាបែបខ្មែរ របស់យើងនៅលើដំបូល។

យ៉ាងណាក៏ដោយ “ឮមួយពាន់ដង មិនស្មើរនឹងបាន​ឃើញម្ដង” ភាពប្លែកពីគេនៃគេហដ្ឋានណាឌី កាន់តែមានភាពទាក់ទាញប្រសិនបើអ្នកឃើញផ្ទាល់ភ្នែក។ បុរី ណាឌីនឹងប្រារព្ធពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់គម្រោងបុរី ណាឌីនៅក្នុងខែកក្កដា ឆ្នាំ 2021 នេះ។ បុរី ណាឌី មានកិត្តិយសក្នុងការអញ្ជើញភ្ញៀវកិត្តិយស មកចូលរួមកម្មវិធីដ៏មានអត្ថន័យនេះ ដើម្បីស្វែងយល់បន្ថែមពីគេហដ្ឋានថ្មីដ៏ កក់ក្ដៅរបស់លោកអ្នកនាពេលអនាគត។

សម្រាប់ព័ត៌មានបន្ថែមអំពីបុរី ណាឌីសូមចូលទៅកាន់គេហទំព័រហ្វេសប៊ុក របស់យើង៖

បញ្ចប់

ក្រុមហ៊ុនGCC គឺជាក្រុមហ៊ុនវិនិយោគ ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុងហុងកុង ដែលមានជំនាញលើ វិស័យ អភិវឌ្ឍអចលនទ្រព្យ  វិនិយោគដីធ្លី និងសេវាកម្មហិរញ្ញវត្ថុ (trust and fund management)។ ចក្ខុវិស័យដ៏ធំបំផុតនៃ GCC គឺក្លាយជាអ្នកអភិវឌ្ឍអចលនទ្រព្យ ផ្តល់ជូនសេវាកម្មពេញលេញ 360० នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ GCC មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន 7 ទៀត រួមមាន GC City, GC Land, GC Empire, GC Realty, GC Design, GC Management និង GC Credit ។ គម្រោងបច្ចុប្បន្នរបស់ GCC រួមមាន៖ បុរី ណាឌី ដោយជីស៊ី ស៊ីធី, CEO Wyndham Residence ផ្សារជីស៊ី អូរឫស្សី GC Residence ជ្រោយចង្វារ  និង Lixin Century Innovation Park។

រៀបរៀងដោយការិយាល័យទីផ្សារ GCC  សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង

អ្នកនាង Leong Ka Yen

ប្រធានផ្នែកទីផ្សារ លេខទំនាក់ទំនង: +855 96 820 6822  Email: [email protected]

លោក ង៉ែត ឧត្តមមុន្នី ប្រធានត្រួតពិនិត្យទីផ្សារ លេខទំនាក់ទំនង: 098 831 868/ 089 648 770 Email: [email protected]

 

 

 

ឆ្លងកាត់រយៈពេលមួយសតវត្សរ៍ ឯកអគ្គរដ្ឋទូតចិនលើកឡើងពីផ្លូវដែលចិនឆ្លងកាត់ការលំបាក ការឈានឡើង និងទំនាក់ទំនងរ៉ឹងមាំដូចម្តេចជាមួយកម្ពុជា

ដោយលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា​

ភ្នំពេញៈ កាលពី១០០ឆ្នាំមុន ប្រទេសចិន ជាប្រទេសដែលរងការគំរាមកំហែងពីប្រទេសលោកខាងលិច ស្ថានភាពច្របូកច្របល់ ប្រទេសជាតិចុះខ្សោយក្រីក្រ ប្រជាជនស្ទើរតែគ្មានទីជម្រក។

ពេលដែលប្រទេសចិនមានបញ្ហាផ្ទៃក្នុង និងទទួលរងការឈ្លានពានពីបរទេស ហើយប្រជាជាតិស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ និងហានិភ័យខ្លាំង គណបក្សកុម្មុយនិស្តចិនក៏ត្រូវបានបង្កើតឡើង កាលពីខែកក្កដា ឆ្នាំ១៩២១ ដោយបានចាត់ទុកសេចក្តីសុខរបស់ប្រជាជនចិន និងការស្តារឡើងវិញនៃប្រជាជាតិចិនជាបឋមចិត្ត និងបេសកកម្មរបស់ខ្លួន។ ឆ្លងកាត់ការតស៊ូពុះពាររាល់លំបាក អស់រយៈពេលមួយសតវត្សរ៍ បានអភិវឌ្ឍន៍ខ្លួនពីគណបក្ស ដែលមានសមាជិកតែជាង៥០នាក់ រហូតក្លាយទៅជាគណបក្សកាន់អំណាចធំជាងគេលើពិភពលោក ដែលមានសមាជិកបក្សជាង៩១លាននាក់។

ប្រទេសចិនបច្ចុប្បន្ននេះ បានក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី២ នៅលើពិភពលោក ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗជាមធ្យម មានចំនួនលើ​សពី១ម៉ឺនដុល្លារអាមេរិក បានលុបបំបាត់បញ្ហាភាពក្រីក្រទាំងស្រុង និងបានរួមចំណែកជាង៣០% សម្រាប់អត្រាកំណើនសេដ្ឋកិច្ចពិភពលោកពេញមួយឆ្នាំ។

ប្រឈមមុខជាមួយបញ្ហាជំងឺវីរុសកូវីដ-១៩ ដែលពុំធ្លាប់មានប្រទេសចិនទទួលបាន​សមិទ្ធផលផ្លែផ្កាជាច្រើនគួរឱ្យកត់សម្គាល់ ក្នុងការទប់ស្កាត់លើជំងឺមួយនេះ ហើយមានចំនួននៃការចាក់វ៉ាក់សាំងកូវីដ១៩ លើសពី១ពាន់លានដូស និងចំនួនវ៉ាក់សាំងកូវីដដែលបាននាំចេញទៅក្រៅប្រទេសលើសពី៣០០លានដូស។

ត្រឹមឆ្នាំ២០២០ ចិនបាននាំចេញម៉ាស ចំនួនជាង២២៤.២ពាន់លានបន្ទះ សម្លៀកបំពាក់ការពារមានចំនួន២.៣១ពាន់លានសម្រាប់ និងម៉ាស៊ីនដកដង្ហើមចំនួន២៧.១ ម៉ឺនគ្រឿង។

ហេតុអ្វីចិនអាចធ្វើបាន?

ដោយសារតែមានគណបក្សកុម្មុយនិស្តចិន ដែលជាស្នូលដឹកនាំដ៏រឹងមាំ បានបង្រួបបង្រួមប្រជាជនចិន ដែលធ្លាប់ត្រូវមហាអំណាចហៅថាជាខ្សាច់រប៉ាត់រប៉ាយគ្មានសាមគ្គីភាព” បានបណ្តេញជនបរទេសដែលឈ្លានពាន បានលុបបំបាត់សន្ធិសញ្ញាទាំងឡាយដែលមិនស្មើភាពគ្នា និងបានបង្កើតសាធារណរដ្ឋប្រជាមានិតចិន។

បានស្ថាបនាប្រព័ន្ធមូលដ្ឋាននៃសង្គមនិយម បានជំរុញកសាងប្រព័ន្ធសង្គមនិយម បើកមាគ៌ាសង្គមនិយមដែលមានលក្ខណៈពិសេសនៃចិន និងជួយប្រជាជាតិចិនដែលមានប្រវត្តិសាស្រ្ត អរិយធម៌ជាង៥០០០ឆ្នាំឱ្យបោះជំហ៊ាន ឈានទៅកាន់ទំនើបកម្មគ្រប់ជ្រុងជ្រោយ។ នេះគឺជាជម្រើសនៃប្រវត្តិសាស្រ្ត ក៏ជាជម្រើសរបស់ប្រជាជនផងដែរ។

ហេតុអ្វីបានជាគណបក្សកុម្មុយនិស្តចិនអាចធ្វើបាន? មានហេតុផលជាច្រើន ប៉ុន្តែកត្តាសំខាន់បំផុតមានចំនួន៣

ទី១៖ គឺការប្រកាន់ខ្ជាប់នូវគោលការគ្រឹះ បម្រើប្រជាជនដោយអស់ពីចិត្ត។ ការប្រកាន់ខ្ជាប់យកប្រជាជន និងមាគ៌ាសាធារណជនជាធំ ទទួលបានការការពារដោយស្មោះពីសំណាក់មហាជនទូទៅ។ តាមលទ្ធផលនៃការស្ទង់មតិផ្សេងៗបានបង្ហាញថា ការពេញចិត្តរបស់ប្រជាជនចិនចំពោះរដ្ឋាភិបាល និងគណបក្សកុម្មុយនីស្តចិន មានចំនួនខ្ពស់ជាងគេ ក្នុងចំណោមប្រទេសលើសកលលោក ហើយក៏មានកំណើនកើនឡើងឥតឈប់ឈរផងដែរ។

ទី២៖ គឺការប្រកាន់ខ្ជាប់ដើរលើមាគ៌ារបស់ខ្លួន។ ស្គាល់ និងចាប់យកស្ថានភាពប្រទេសចិនយ៉ាងច្បាស់លាស់។ ចាក់ឫសនៅក្នុងប្រទេសចិន ស្រូបយកសមិទ្ធផលដ៏លេ​ចធ្លោនៃអរិយធម៌មនុស្សជាតិ បង្កើតជាមាគ៌ាសង្គមនិយម ដែលមានលក្ខណៈពិសេស នៃចិន សម្រេចបានអច្ឆរិយៈសំខាន់ៗចំនួនពីរ គឺការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័សនិងស្ថិរភាពសង្គមរយៈពេលវែង។

ទី៣៖ គឺការប្រកាន់ខ្ជាប់កិច្ចពង្រឹងកសាងបក្ស។ លើកកម្ពស់ការច្នៃប្រឌិតទ្រឹស្តីនៃការអនុវត្តជាក់ស្តែង ហ៊ានប្រឈមមុខនឹងបញ្ហាដោយផ្ទាល់ មានភាពក្លាហានក្នុងការធ្វើបដិវត្តខ្លួនឯង លើកកម្ពស់ស្ថាបនាបក្សនិងរដ្ឋាភិបាល ដោយភាពស្អាតស្អំ និងបន្តលើកកម្ពស់សមត្ថភាពច្នៃប្រឌិត សមត្ថភាពប្រមូលផ្តុំ និងសមត្ថភាពយកជម្នះនៃបក្ស។

ដំណើរប្រវត្តិសាស្រ្ត ដែលចិនបានឆ្លងកាត់ក្នុងបដិវត្ត ការស្ថាបនា និងការអភិវឌ្ឍអស់រយៈពេល១០០ឆ្នាំកន្លងមកនេះ បានធ្វើឱ្យយើងកាន់តែស្រឡាញ់ និងរក្សាជាមួយស្ថានភាពដ៏ល្អបវរ ដែលបានមកដោយលំបាកនេះ ក៏កាន់តែគោរពជាមួយសិទ្ធិ និងការខិតខំប្រឹងប្រែងរបស់ប្រជាជនបណ្ដាប្រទេស ក្នុងការស្វែងរកមាគ៌ានៃការអភិវឌ្ឍន៍ ដែលសមស្របជាមួយស្ថានភាពប្រទេសជាតិខ្លួន ប្រឆាំងជាមួយទង្វើដែលប្រើអំណាច ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ គៀបសង្កត់អ្នកដទៃ និងការដាក់ទណ្ឌកម្មគំរាមកំហែងគេឯង។

យើងអំពាវនាវការពិភាក្សាគ្នាដោយស្មើភាពគ្នា បើកចំហច្នៃប្រឌិត រួមសុខទុក្ខជា​​មួ​យគ្នា ការពារសច្ចធម៌យ៉ាងមុតមាំ ប្រកាន់ខ្ជាប់លើគោលការពិភាក្សារួម កសាងរួម ចែករំលែករួម ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវ បង្កើតជាអនាគត ដែលមានលក្ខណៈជោគជ័យនិងចែករំលែករួម អភិវឌ្ឍនិងវិបុលភាព សុខភាពនិងសុវត្ថិភាព គោរពនិងសិក្សាពីគ្នាទៅវិញទៅមក។

យើងអំពាវនាវការផ្សព្វផ្សាយគុណតម្លៃមនុស្សជាតិរួម ដែលប្រកបដោយសន្តិភាព ការអភិវឌ្ឍន៍ យុត្តិធម៌ សច្ចធម៌ ប្រជាធិបតេយ្យ និងសេរីភាព។ យើងអំពាវនាវ​កា​របង្កើតឱកាសកាន់តែច្រើនសម្រាប់ពិភពលោក ដោយតាមរយៈការអភិវឌ្ឍរបស់ប្រទេសចិន ហើ​យយើងតែងតែចូលរួម ជាមួយកម្លាំងដែលមានគោលដៅអភិវឌ្ឍន៍ ដើម្បីខិតខំកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។

នៅលើពិភពលោក តែងតែមានមនុស្សមួយចំនួន ដែលមិនចូលចិត្តឃើញប្រទេសដទៃ ដែលមានប្រព័ន្ធគ្រប់គ្រងនិងទ្រឹស្តីខុសគ្នា មានការអភិវឌ្ឍន៍ខ្លាំងក្លានោះទេ ហើយតែងមានក្តីព្រួយបារម្ភ ពេលដែលប្រជាជនក្នុងប្រទេសកំពុងអភិវឌ្ឍន៍ មានជីវភាពល្អប្រសើរឡើង។ ពួកគេតែងលាបពណ៌ទៅលើប្រទេសចិន និងគណបក្សកុម្មុយនិស្តចិនឥតឈប់ឈរ ចង់បំបែកបំបាក់ទំនាក់ទំនង រវាងគណបក្សកុម្មុយនិស្តចិន និងប្រជាជនចិន ក៏ដូចជា ចង់បំផ្លាញទំនាក់ទំនងមិត្តភាពរវាងចិន និងកម្ពុជា។

ប៉ុន្តែវាត្រូវបានវិនាសទាំងស្រុង។ ពាក្យពេចន៍គំរាមកំហែង និងផ្តួលរលំចិនតាមក្រោមគ្រប់ទម្រង់ ត្រូវបានវិនាសបរាជ័យយូរមកហើយ។ ចំណងមិត្តភាពដែកថែបរវាងចិន និងកម្ពុជាមិនអាចបំបែកបានឡើយ ហើយសហគមន៍វាសនារួមរវាងប្រទេសទាំងពីរមុតមាំជាងមាស។

យើងមិនអាចបំភ្លេចបានឡើយថា នាគ្រាដំបូងនៃការផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩កាលពីឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាស មិនបិទជើងហោះហើរជាមួយចិន មិនរើសអើងប្រជាជនចិន និងមិនជម្លៀសអ្នកការទូត និងនិស្សិតខ្មែរចេញពីចិន។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គទាំងទ្វេបានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានជំនួយដ៏ថ្លៃថ្លាដល់ភាគីចិន ហើយសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបំពេញទស្សនកិច្ច ទៅកាន់ប្រទេសចិនជាបន្ទាន់ក្នុងដំណើរបញ្ច្រាស។

បន្ទាប់ពីកម្ពុជាមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩ រដ្ឋាភិបាលនិងយោធាចិនបានចាត់បញ្ជូនក្រុមគ្រូពេទ្យ មកកាន់ប្រទេសកម្ពុជាមុនគេបង្អស់ បានផ្តល់សម្ភារៈទប់ស្កាត់ នឹងជំងឺវីរុសតាមគ្រប់មធ្យោបាយជាច្រើន។ ទោះបីជាប្រទេសចិនមានតម្រូវវ៉ាក់សាំង ដ៏សន្ធឹកសន្ធាប់ក្នុងប្រទេសខ្លួនក៏ដោយ ក៏នៅតែចាត់ទុកប្រទេសកម្ពុជាជាទិសដៅអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការវ៉ាក់សាំង និង បានប្រគល់វ៉ាក់សាំងយ៉ាងច្រើនជូនដល់ភាគីកម្ពុជា ដែលស្មើនឹង៩៥%នៃចំនួនវ៉ាក់សាំងកូវីដសរុបដែលកម្ពុជាទទួលបាន។

ស្ថិតក្រោមលក្ខខណ្ឌនៃជំងឺវីរុសកូវីដ ពាណិជ្ជកម្មចិន និងកម្ពុជាក្នុងឆ្នាំ២០២០បន្តកើនឡើង ទោះបីជាជួបនឹងឧបសគ្គជំងឺវីរុសក៏ដោយ ដែលមានចំនួនទឹកប្រាក់សរុបជាង៩.៥៦ពាន់លានដុល្លារអាមេរិក។

គម្រោងសំខាន់ៗនៃខ្សែក្រវាត់ និងផ្លូវត្រូវបានជំរុញយ៉ាងរលូនមានដូចជា គម្រោងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គម្រោងផ្គត់ផ្គង់ទឹកស្អាតនៅទីជនបទ និងគម្រោងពហុកីឡាដ្ឋានជាតិមរតកតេជោជាដើម។ កាលពីខែតុលា ឆ្នាំ២០២០ប្រទេសចិន និងកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាប្រវត្តិសាស្ត្រ ហើយផលិតផលដែលមានគុណភាពខ្ពស់របស់កម្ពុជា ត្រូវបានអនុញ្ញាតនាំចេញទៅកាន់ទីផ្សារប្រទេសចិន និងមានវត្តមានលើតុអាហាររបស់ប្រជាជនចិន មានដូចជាផ្លែចេក ស្វាយ និងជលផលជាដើម។

ឆ្នាំ២០២១នេះ គឺជាខួបអនុស្សាវរីយ៍លើកទី ១០០ នៃការបង្កើតគណបក្សកុម្មុយនីស្តចិន និងជាខួបអនុស្សាវរីយ៍លើកទី ៧០ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ហើយកាលបរិច្ឆេទ នៃខួបអនុស្សាវរីយ៍ទាំងពីរនេះនៅកៀកគ្នា កម្មវិធីទាំងពីររៀបចំជាបន្តបន្ទាប់នឹងធ្វើឱ្យបរិយាកាសអបអរសាទរកាន់តែអធឹកអធម។

យើងរំឭកប្រវត្តិសាស្ត្រ ដើម្បីបូកសរុបបទពិសោធន៍ ស្វែងយល់អំពីច្បាប់ និងបង្កើ​តភាពស្រស់ត្រកាលសម្រាប់អនាគត។ យើងជឿជាក់ដោយមានហេតុផលថា ស្ថិតក្រោមសមិទ្ធផលដ៏អស្ចារ្យជាសតវត្សរ៍ ដែលប្រទេសចិននិងកម្ពុជា ក៏ដូចជា ប្រជាជនទាំងពីរ បានរកឃើញនូវមាគ៌ាអភិវឌ្ឍន៍ ដែលសមស្របជាមួយស្ថានភាពរបស់ប្រទេសជាតិខ្លួន និងស្ថិតក្រោមការកសាងសហគមន៍វាសនារួម យើងរួមគ្នា ជួយគ្នានិងគាំទ្រគ្នាទៅវិញទៅមក និងសមិទ្ធផលដែលសម្រេចបាន នឹងត្រូវបានចារក្នុងប្រវត្តិសាស្រ្តដ៏ផូរផង់ សម្រាប់ចំណងមិត្តភាពរវាងចិន និងកម្ពុជា ទាំងនេះនឹងក្លាយជាប្រវត្តិសាស្រ្តដ៏ល្បីរន្ទឺយ៉ាងអស្ចារ្យជាមិនខាន៕

សម្តេចតេជោនឹងថ្លែងសារពិសេសជូនជនរួមជាតិទាក់ទងនឹងស្ថានភាពជំងឺកូវីដ នៅម៉ោង៣រសៀលថ្ងៃនេះ

ដោយៈគង់ សូរិយា

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជានឹងថ្លែងសារពិសេសមួយជូនជនរួមជាតិ ទាក់ទងនឹងស្ថានភាពនៃការរីករាលដាល ជំងឺកូវីដ១៩នៅម៉ោង៣រសៀលថ្ងៃនេះ។

ការថ្លែងសាររបស់សម្តេចតេជោ នឹងផ្សាយផ្ទាល់តាមរយៈស្ថានីយ៍វិទ្យុ ទូរទស្សន៍នានាទូទាំងប្រទេស និងតាមបណ្តាញទំនាក់ទំនងសង្គមរបស់សម្តេច និងបណ្តាញព៌តមានអនឡាញជាច្រើនទៀត។

ស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ បាននិងកំពុងបង្កឲ្យមានការព្រួយបារម្ភជាថ្មី ក្នុងសហគមន៍ជំនួញ និងសហគមន៍ប្រជាពលរដ្ឋ ប៉ុន្តែយោងតាមលោកវង្ស៊ី វិស្សុទ្ឋរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា កម្ពុជានឹងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន២០លានដូស នៅក្នុងអំឡុងខែសីហាខាងមុខនេះ។

សម្តេចតេជោហ៊ុន សែនធ្លាប់បានប្រកាសថា រាជរដ្ឋាភិបាលនឹងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឲ្យបាន១០លាននាក់ នៅឆ្នាំ២០២២ខាងមុខនេះ ខណៈបច្ចុប្បន្នប្រជាជនកម្ពុជាជាង៤លាននាក់ហើយ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩៕

ខណៈកម្ពុជាចំណាយប្រាក់ជិត១១០០លាននាំចូលរថយន្ត ទីផ្សាររថយន្តថ្មីគ្របដណ្តប់លើចំណែកអ្នកប្រើប្រាស់៣០ភាគរយហើយ

ដោយៈគង់ សូរិយា

ភ្នំពេញៈ អ្នកនៅក្នុងឧស្សាហកម្មយានយន្តបានអះអាងថា ទីផ្សាររថយន្តថ្មីបានកើនឡើងដល់៣០ភាគរយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារអ្នកប្រើប្រាស់មានការយល់ដឹងជាងមុន និងកត្តាតម្លៃមានភាពប្រហាក់ប្រហែលរថយន្តមួយតឹក និងកត្តាជាច្រើនទៀត។

អគ្គនាយកក្រុមហ៊ុនRMA Cambodia លោក ងន សាំងបានមានប្រសាសន៍ឲ្យដឹងថា ការកើនឡើងចំណែកទីផ្សារថយន្តថ្មី មួយផ្នែកគឺដោយសារតែការបន្ធូបន្ថយអត្រាអាករពិសេស លើមុខទំនិញរថយន្តមួយចំនួនចាប់ពី១០ ទៅ២០ភាគរយកាលពីដើមខែកុម្ភៈ ឆ្នាំ២០២១នេះ។

លោកបានបន្តថា “ការបន្ថយអត្រាអាករពិសេសនេះ បានជួយដល់ទីផ្សាររថយន្តថ្មីនៅកម្ពុជា ពីព្រោះតម្លៃរថយន្តថ្មីបានធ្លាក់ចុះខ្លះ ធ្វើឱ្យតម្លៃប្រហាក់ប្រហែលរថយន្តមួយទឹក”។លោកបន្តថា “ដោយសារតែប្រជាពលរដ្ឋយល់ដឹងច្រើន ពីសារៈប្រយោជន៍នៃរថយន្តថ្មី ដែលស៊ីប្រេងតិច ហើយការថែទាំក៏ចំណាយថវិការតិច ជាងរថយន្តមួយទឹក។

ចំណែករថយន្តមួយទឹក អ្នកទិញពិបាកមើលពីប្រវត្តរថយន្ត មិនដឹងថាតើរថយន្តនោះធ្លាប់បុក ឫប៉ះទង្គិចគ្នាពីមុនមកឫអត់”។

លោក ងន សាំង បានបន្តថា ការលក់ថយន្ត ទាំងរថយន្តមួយទឹក និងរថយន្តថ្មី បានថយចុះអស់ប្រមាណ៣០ភាគរយ ដោយសារតែឥទ្ធិពលនៃជំងឺកូវីដ១៩ ដែលបានប៉ះពាល់ដល់ប្រាក់ចំណូល និងជីវភាពរបស់ប្រជាជនកម្ពុជា។

បើយោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម វិបត្តិនៃការឆ្លងរាលដាលជំងឺកូវីដ ១៩ បានធ្វើឱ្យទឹកប្រាក់នៃការនាំចូលរថយន្តពីបរទេសមកកម្ពុជាក្នុងឆ្នាំ ២០២០ ធ្លាក់ចុះជាង៣៦ភាគរយ បើធៀបនឹងឆ្នាំ២០១៩។ កម្ពុជាបានចំណាយប្រាក់១០៩៩លានដុល្លារ ទៅលើការនាំចូលរថយន្ត ពីទីផ្សារអន្តរជាតិក្នុងឆ្នាំ២០២០ ដែលចំនួននេះធ្លាក់ចុះពី១ ៧៣៤លានដុល្លារក្នុងឆ្នាំ ២០១៩។

ការធ្លាក់ចុះនៃចំនួនទឹកប្រាក់នាំចូលរថយន្ត បានធ្វើឱ្យការប្រមូលចំណូលពន្ធគយរបស់កម្ពុជាក្នុងឆ្នាំ២០២០ ធ្លាក់ចុះប្រមាណ៣០,២៦លានដុល្លារ។ នេះបើតាមលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

ប្រទេសសឹង្ហបុរីដាក់ចេញនូវគោលនយោបាយ“ភាពធម្មតាថ្មីនៃការរស់នៅ ជាមួយកូវីដ១៩

ដោយៈគង់ សូរិយា

ភ្នំពេញៈ ប្រទេសសឹង្ហបុរីបានដាក់ចេញនូវគោលនយោបាយ បត់បែននិងផ្សារភ្ជាប់នូវអ្វីដែលមេដឹកនាំប្រទេសនេះ “ភាពធម្មតាថ្មីនៃការរស់នៅជាមួយកូវីដ១៩ ជាមួយនឹងការផ្លាស់ប្តូរមូលដ្ឋានគ្រឹះនៃការគ្រប់គ្រងជំងឺរាតត្បាត។

ប្រទេសសិង្ហបុរីបានកត់សម្គាល់ថា ជំងឺកូវីដ នឹងត្រូវព្យាបាលដូចជំងឺឆ្លងផ្សេងទៀតដែរ ដូចជាជំងឺផ្តាសាយជាដើម។ នឹងមិនមានគោលដៅកាត់បន្ថយការចម្លង មកនៅសូន្យករណីនោះទេ។ ការធ្វើចត្តាឡីស័ក នឹងត្រូវបានលើកលែងសម្រាប់អ្នកធ្វើដំណើរ ហើយទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកឆ្លងរោគ នឹងមិនចាំបាច់ដាក់នៅដាច់ដោយឡែកឡើយ។ ខ្លួនក៏គ្រោង លែងប្រកាសអំពីចំនួនករណីឆ្លងប្រចាំថ្ងៃទៀតដែរ ប៉ុន្តែមនុស្ស ប្រហែលជាចាំបាច់ត្រូវធ្វើតេស្ត បើចង់ចូលហាងឬទៅធ្វើការ។

បណ្តារដ្ឋមន្រ្តីជាន់ខ្ពស់របស់ប្រទេសសិង្ហបុរី បាននិយាយថា វាជា “ភាពធម្មតាថ្មី” នៃ “ការរស់នៅជាមួយកូវីដ”។

ក្នុងបទវិចារណកថាមួយក្នុងកាសែតStraits Times នៅសប្តាហ៍នេះ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មសិង្ហបុរីលោក Gan Kim Yong, រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Lawrence Wong និងរដ្ឋមន្រ្តីសុខាភិបាលលោក Ong Ye Kung បានសរសេរថា “ដំណឹងអាក្រក់គឺថា កូវីដមិនបាត់ទៅណាឡើយ។ រីឯដំណឹងល្អគឺថា វាអាចទៅរួចក្នុងការរស់នៅដោយធម្មតាជាមួយវា។ វាមានន័យថា វីរុសនឹងបន្តបំប្លែងខ្លួន ហើយដោយហេតុនេះ វាអាចរស់បាននៅក្នុងសហគមន៍របស់យើង”។

ដូចប្រទេសភាគច្រើនដែរ ករណីកូវីដនៅសិង្ហបុរី បានកើនឡើងដល់ចំណុចកំពូលកាលពីឆ្នាំមុន ដោយឈានដល់ ៦០០ករណីក្នុងមួយថ្ងៃនៅពាក់កណ្តាលខែមេសា។

ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសដែលមានប្រជាជនចំនួន៥.៧ លាននាក់មួយនេះ បានរាយការណ៍ករណីឆ្លងពី២០ ទៅ៣០ករណីជារៀងរាល់ថ្ងៃ។ ប្រទេសនេះមានអ្នកស្លាប់សរុបចំនួន៣៦នាក់។

ប្រទេសសិង្ហបុរីបានកត់សម្គាល់ថា ជំងឺកូវីដ នឹងត្រូវព្យាបាលដូចជំងឺឆ្លងផ្សេងទៀតដែរ ដូចជាជំងឺផ្តាសាយជាដើម។

ដូចបណ្តាប្រទេសភាគច្រើនដែរ ករណីកូវីដនៅសិង្ហបុរី បានកើនឡើងដល់ចំណុចកំពូលកាលពីឆ្នាំមុន ដោយឈានដល់៦០០ករណីក្នុងមួយថ្ងៃ នៅពាក់កណ្តាលខែមេសា។

រដ្ឋមន្រ្តីទាំងនោះបានអះអាងថា “យើងមិនអាចលុបបំបាត់វាបានទេ ប៉ុន្តែយើងអាចប្រែក្លាយជំងឺរាតត្បាតទៅជាអ្វីដែលមិនសូវមានការគំរាមកំហែង ដូចជាគ្រុនផ្តាសាយឬជំងឺអុតស្វាយ ហើយអាចបន្តជីវិតរបស់យើងបាន”។

ស្របពេលជាមួយគ្នានោះដែរ ការចាក់ថ្នាំបង្ការគឺជាគន្លឹះ។ ផែនទីបង្ហាញផ្លូវស្តីពីវិធានការណ៍បច្ចុប្បន្ន មិនអាចចាប់ផ្តើមបានទេរហូតដល់មានមនុស្សជាច្រើននាក់ បានទទួលវ៉ាក់សាំង។

ប្រទេសសិង្ហបុរី គ្រោងនឹងចាក់វ៉ាក់សាំងយ៉ាងហោចណាស់ក៏ដូសទី១ដែរ ឲ្យបាន ២ ភាគ៣លើប្រជាជនរបស់ខ្លួន ក្នុងរយៈពេលមួយសប្តាហ៍ ហើយត្រូវចាក់វ៉ាក់សាំងគ្រប់២ដូសឲ្យបាន២ភាគ៣ នៅត្រឹមដើមខែសីហា។

ប្រទេសសិង្ហបុរី បានកត់ត្រាអ្នកឆ្លងកូវីដ ទោះទទួលបានវ៉ាក់សាំង គ្រប់ដូសក៏ដោយ ប៉ុន្តែគ្មាននរណាម្នាក់ចេញរោគសញ្ញាធ្ងន់ធ្ងរទេ។

ការធ្វើតេស្តក៏ត្រូវមានភាពងាយស្រួល និងរហ័សជាងមុនផងដែរ។ ការធ្វើតេស្ដដោយខ្លួនឯង ដូចជាឧបករណ៍តេស្តខ្យល់ដកដង្ហើម គួរតែជំនួសវិធីសាស្ត្រត្បារបំពង់កដែលមិនស្រួល។

ក្រុមរដ្ឋមន្រ្តីនិយាយថា គេអាចនឹងស៊ាំជាមួយកូវីដ ប្រសិនបើមិនអាចយកឈ្នះបាន។ ពួកគេបានដាក់ចេញនូវអ្វីដែលគេហៅថា “ភាពធម្មតាថ្មី”។

ព្រលានយន្តហោះ កំពង់ផែសមុទ្រ អគារការិយាល័យ ផ្សារទំនើប មន្ទីរពេទ្យនិងស្ថាប័នអប់រំអាចប្រើឧបករណ៍ស្កេន ដើម្បីពិនិត្យបុគ្គលិកនិងភ្ញៀវ។

អ្នកដែលមានកូវីដ នឹងព្យាបាលនៅផ្ទះ ព្រោះរោគសញ្ញាភាគច្រើនស្រាល ហើយអ្នកមានទំនាក់ទំនងជិតស្និទ្ធនឹងត្រូវចាក់វ៉ាក់សាំង។

ដោយសារករណីភាគច្រើនមិនសូវធ្ងន់ធ្ងរ តម្រូវការសម្រាប់តាមដានទំនាក់ទំនងនិងធ្វើចត្តាឡីស័កនឹងមានកម្រិតទាប។ ការផ្លាស់ប្តូរដ៏ធំមួយទៀតគឺថា នឹងមិនមានរបាយការណ៍ករណីឆ្លងប្រចាំថ្ងៃទៀតទេ។

ជំនួសឲ្យការតាមដានចំនួននៃការឆ្លងមេរោគកូវីដ-១៩ជារៀងរាល់ថ្ងៃ យើងនឹងផ្តោតលើលទ្ធផល តើមានមនុស្សប៉ុន្មាននាក់ធ្លាក់ខ្លួនឈឺ ប៉ុន្មាននាក់នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ប៉ុន្មាននាក់ដែលត្រូវការអុកស៊ីសែន។ នេះគឺដូចជារបៀបដែលយើងតាមដានជំងឺ ផ្តាសាយ៕

 

ក្រុមហ៊ុន CapitaLand លក់ភាគហ៊ុនក្នុងអគារពាណិជ្ជកម្មឱ្យក្រុមហ៊ុនចិនក្នុងតម្លៃជាង៧ពាន់លានដុល្លារ

ដោយៈសុខុម

សិង្ហបុរី: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យសិង្ហបុរី CapitaLand បានព្រមព្រៀងលក់ភាគហ៊ុនរបស់ខ្លួនក្នុងអគារផ្សារទំនើប និងការិយាល័យសរុបចំនួន៦នៅប្រទេសចិន ឱ្យទៅក្រុមហ៊ុនធានារ៉ាប់រងចិន Ping An Life Insurance ក្នុងតម្លៃ៤៦,៧ពាន់លានយ័ន (៧,២ពាន់លានដុល្លារអាមេរិក)។ នេះបើយោងតាមទស្សនាវដ្ដី Forbes ចុះផ្សាយនៅថ្ងៃទី២៨ មិថុនាកន្លងមកនេះ។

ក្រោយការដកទុនចេញនេះ ក្រុមហ៊ុន CapitaLand និយាយថា ខ្លួននឹងនៅតែរក្សាទុកភាគហ៊ុនចន្លោះពី១២,៦% ទៅ៣០% ក្នុងអគារផ្សារទំនើប ដែលមានម៉ាកយីហោ Raffles City នៅក្រុងប៉េកាំង ក្រុងឈឹងទូ (Chengdu) ក្រុងហាងចូវ (Hangzhou) ក្រុងនីងប៉ (Ningpo) និងក្រុងសៀងហៃ។ ក្រុមហ៊ុននេះ ក៏នឹងបន្តផ្ដល់សេវាគ្រប់គ្រងទ្រព្យសកម្មសម្រាប់អគារទាំងនេះផងដែរ និងទទួលបានប្រាក់ចំណូលពីថ្លៃ សេវាគ្រប់​គ្រងនេះ។

លោក Puah Tze Shyang នាយកប្រតិបត្តិនៃក្រុមហ៊ុន CapitaLand China ប្រចាំប្រទេសចិនបានលើកឡើងថា ដំណើរការលក់ភាគហ៊ុន ដែលតាមការរំពឹងថា នឹងបញ្ចប់ជាស្ថាពរនៅក្នុងត្រីមាសទី៣ ចុងឆ្នាំនេះនឹងធ្វើឱ្យក្រុមហ៊ុន CapitaLand ទទួលបានប្រាក់ចំណេញសុទ្ធ១,៥ពាន់លានដុល្លារអាមេរិក។

លោកបានបន្ថែមថា ប្រាក់ចំណេញដែលទទួលបាន ពីការដកទុននេះនឹងត្រូវយកទៅប្រើប្រាស់ សម្រាប់ជួយគាំទ្រដល់ការវិនិយោគ នាថ្ងៃអនាគតលើទ្រព្យសកម្មថ្មីៗ ដូចជា សួនឧស្សាហកម្ម មជ្ឈមណ្ឌលភ័ស្តុភារ និងមជ្ឈមណ្ឌលរក្សាទុកទិន្នន័យជាដើម។ ទន្ទឹមនេះ ក្រុមហ៊ុន CapitaLand ក៏មានគោលដៅបង្កើនការវិនិយោគរបស់ខ្លួន លើទ្រព្យសកម្មទាំងនេះ ពីតម្លៃជាង១,១ពាន់លានដុល្លារអាមេរិក គិតត្រឹមឆ្នាំមុនឱ្យឈានដល់ជាង៣,៧ពាន់លានដុល្លារអាមេរិកផងដែរ។

ក្រុមហ៊ុន CapitaLand បានបង្កើនចំណូល៨,៣៤ពាន់លានដុល្លារអាមេរិក ពីការលក់ទ្រព្យសកម្មនៅឆ្នាំនេះ ពោលគឺច្រើនជាង៣ដង បើធៀបនឹងគោលដៅលក់ប្រចាំឆ្នាំរបស់ក្រុមហ៊ុន ដែលកំណត់ត្រឹម២,២៣ពាន់លានដុល្លារអាមេរិក។ ក្រុមហ៊ុនអចលនទ្រព្យយក្ស ដែលមានក្រុមហ៊ុនវិនិយោគរដ្ឋរបស់សិង្ហបុរី Temasek Holdings ជាម្ចាស់ភាគហ៊ុនធំបំផុតរបស់ខ្លួននេះ កាន់កាប់ និងគ្រប់គ្រងអចលទ្រព្យទូទាំងពិភពលោក ក្នុងតម្លៃសរុបប្រមាណ១០២,៥ពាន់លានដុល្លារអាមេរិក៕

តើក្រុមហ៊ុនផលិតដែកធំបំផុតទាំង១០ក្នុងពិភពលោកប្រចាំឆ្នាំ២០២១ស្ថិតនៅប្រទេសណាខ្លះ?

ដោយៈសុខុម

ភ្នំពេញៈ មានក្រុមហ៊ុនច្រើនណាស់ នៅក្នុងឧស្សាហកម្មផលិតដែកទូទាំងពិភពលោក ដែលមានឈ្មោះល្បីល្បាញយ៉ាងខ្លាំង តាមរយៈការផលិតដែកក្នុងចំនួនច្រើនៗដើម្បីផ្គត់ផ្គង់ដល់ទីផ្សារនានាដូចជា ទីផ្សារផលិតរថយន្ត និងទីផ្សារសំណង់។

ពេលនេះ យើងនឹងនាំអារម្មណ៍របស់លោកអ្នកឱ្យមកស្គាល់ថា តើក្រុមហ៊ុនផលិតដែកធំបំផុតទាំង១០ ក្នុងពិភពលោកប្រចាំឆ្នាំ២០២១ មានឈ្មោះអ្វីខ្លះ និងស្ថិតនៅប្រទេ​សណាខ្លះ។

*ចំណាត់ថ្នាក់លេខ១៖ ក្រុមហ៊ុន ArcelorMittal
ក្រុមហ៊ុន ArcelorMittal ដែលប្រតិបត្តិការនៅក្នុងប្រទេសជាង៦០ មានទីស្នាក់ការកណ្តាលនៅប្រទេសលុចសំបួរ។ ក្រុមហ៊ុននេះ​ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ តាមរយៈការច្របាច់បញ្ចូលគ្នារវាងក្រុមហ៊ុន Arcelor និងក្រុមហ៊ុន Mittal Steel។ ក្រុមហ៊ុននេះមានទ្រព្យសកម្មសរុប៨២,០៥២ពាន់លានដុល្លារ និងបុគ្គលិកចំនួន ២៣២.០០០នាក់ ហើយផលិតដែកបានរហូតដល់ទៅ១០% នៃដែកទាំងអស់ ដែលត្រូវបានផលិតសម្រាប់ផ្គត់ផ្គង់លើទីផ្សារទូទាំងពិភពលោក។

ក្រុមហ៊ុន ArcelorMittal ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការផ្គត់ផ្គង់ដែកទៅកាន់ទីផ្សាររួមមានទីផ្សារផលិតរថយន្ត និងសំណង់ជាដើម។ នៅក្នុងទីផ្សារផលិតទូទាំងពិភពលោក អឺរ៉ុប ផលិតដែកបាន៤៧% សហរដ្ឋអាមេរិក ផលិតដែកបាន៣៥% និងតំបន់ផ្សេងៗទៀតផលិតបាន១៨%។

ក្រុមហ៊ុនសាជីវកម្មផលិតកម្ម ដែកពហុជាតិសាសន៍ខាងលើនេះ បានប្រកាសធ្វើប្រតិបត្តិការ ក្នុងប្រទេសចំនួន៣៥ទូទាំងពិភពលោក នៅពេលច្របាប់បញ្ចូលគ្នាដំបូង។ ក្រោយមកក្រុមហ៊ុននេះ បានបន្តវិនិយោគដោយពង្រីកប្រតិបត្តិការ ទៅកាន់ប្រទេសជាច្រើនទៀតរួមមានអូស្ត្រាលី បារាំង អាហ្វ្រិកខាងត្បូង កាណាដា ប្រេស៊ីល តួកគី កូស្តារីកា ស៊ុយអែត វេណេស៊ុយអេឡា សហរដ្ឋអាមេរិក និងអារ៉ាប់រួមអេមីរ៉ាត។

*ចំណាត់ថ្នាក់លេខ២៖ ក្រុមហ៊ុន Nippon Steel & Sumitomo Metal Corporation (NSSMC)
ក្រុមហ៊ុន Nippon Steel & Sumitomo Metal Corporation (NSSMC) ត្រូវបានបង្កើតឡើង ដោយការច្របាច់បញ្ចូលគ្នារវាងក្រុមហ៊ុនNippon Steel និងក្រុមហ៊ុន Sumitomo Metal ក្នុងឆ្នាំ២០១២ និងមានទីស្នាក់ការកណ្ដាលនៅប្រទេសជប៉ុន។ ក្រុមហ៊ុននេះ ត្រូវបានពង្រីកប្រតិបត្តិការនៅក្នុងប្រទេសចំនួន១៥ ជាមួយនឹងបុគ្គលិកជិត៨៣,០០០នាក់ និងទ្រព្យសកម្មសរុប៧២,៨ពាន់លានដុល្លារអាមេរិក។

ក្រុមហ៊ុននេះផ្គត់ផ្គង់ដែក សម្រាប់វិស័យនានាដូចជាសំណង់ រថយន្ត វិស្វកម្មស៊ីវិល ថាមពល ធនធាន និងផ្លូវដែក។

*ចំណាត់ថ្នាក់លេខ៣៖ ក្រុមហ៊ុន Hebei Iron and Steel Group
ក្រុមហ៊ុន Hebei Iron and Steel Group Company Limited ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨។ សហគ្រាសដែលគ្រប់គ្រងដោយរដ្ឋមួយនេះ មានទីស្នាក់ការកណ្ដាលនៅប្រទេសចិន។ ក្រុមហ៊ុននេះ មានសមត្ថភាពផលិតដែកបាន៣០លានតោន ក្នុងមួយឆ្នាំ ដែលធ្វើឱ្យក្រុមហ៊ុននេះ ក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ដែក ធំបំផុតនៅប្រទេសចិន ជាមួយនឹងទ្រព្យសកម្មសរុប៣,១៥ពាន់លានដុល្លារអាមេរិក។

*ចំណាត់ថ្នាក់លេខ៤៖ ក្រុមហ៊ុន Baosteel Group Corporation
ក្រុមហ៊ុន Baosteel Group Corporation ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៨ និងមានទីស្នាក់ការកណ្តាលនៅប្រទេសចិន។ ក្រុមហ៊ុននេះ មានបុគ្គលិក១៣០.៤០១នាក់ និងផលិតដែកសម្រាប់នាំចេញ ទៅកាន់ប្រទេសជាង៤០ទូទាំងពិភពលោក។ ក្រុមហ៊ុននេះ ផ្គត់ផ្គង់សម្រាប់វិស័យនានាដូចជារថយន្ត គីមីឥន្ធនៈ ការដឹកជញ្ជូន ថាមពលនុយក្លេអ៊ែរ បរិក្ខារប្រើប្រាស់ក្នុងផ្ទះ ការផលិតគ្រឿងចក្រ ឧបករណ៍អេឡិចត្រូនិក និងអវកាសយាន។

*ចំណាត់ថ្នាក់លេខ៥៖ ក្រុមហ៊ុន Wuhan Iron and Steel Group
ក្រុមហ៊ុនសាជីវកម្ម Wuhan Iron and Steel Group Corporation មានទីស្នាក់ការកណ្តាលនៅប្រទេសចិន។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៨ ហើយក្រុមហ៊ុននេះ មានឈ្មោះល្បីល្បាញយ៉ាងខ្លាំងថា ជាក្រុមហ៊ុនផលិតដែកខ្នាតយក្សដំបូងបង្អស់របស់ប្រទេសចិន ជាមួយនឹងទ្រព្យសកម្មសរុប១,៦ពាន់លានដុល្លារអាមេរិក។

*ចំណាត់ថ្នាក់លេខ៦៖ ក្រុមហ៊ុន POSCO
ក្រុមហ៊ុន Pohang Iron and Steel Company ដែលជាទូទៅគេស្គាល់ថា POSCO ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦៨ ហើយបានក្លាយជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនផលិតដែកធំៗបំផុតក្នុងពិភពលោក ជាមួយនឹងប្រាក់ចំណូល៦០,៨៧ពាន់លានដុល្លារអាមេរិក។

ក្រុមហ៊ុនដែលមានទីស្នាក់ការកណ្តាល នៅប្រទេសកូរ៉េខាងត្បូងនេះ មានសមត្ថភាពផលិតដែកបាន៣៣,៧លានតោនក្នុងមួយឆ្នាំ។

*ចំណាត់ថ្នាក់លេខ៧៖ ក្រុមហ៊ុន Jiangsu Shagang
ក្រុមហ៊ុន Jiangsu Shagang ស្ថិតក្នុងចំណោមក្រុមហ៊ុន ផលិតដែកកំពូលទាំង៥របស់ប្រទេសចិន។ ក្រុមហ៊ុនដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៥ នេះមានសមត្ថភាពផលិតដែកបានជិត១៨លានតោនក្នុងមួយឆ្នាំ។

*ចំណាត់ថ្នាក់លេខ៨៖ ក្រុមហ៊ុន Tata Steel Group
ក្រុមហ៊ុនTata Steel Group ត្រូវបានលោក Jamsetji បង្កើតឡើងក្នុងឆ្នាំ១៨៦៨។ ក្រុមហ៊ុន ដែលមានទីស្នាក់ការកណ្ដាលនៅប្រទេសឥណ្ឌានេះ មានបុគ្គលិកជាង៥៨១.៤៧០នាក់ទូទាំងពិភពលោក ជាមួយនឹងទ្រព្យសកម្មសរុប៣៤ពាន់លានដុល្លារអាមេរិក។

*ចំណាត់ថ្នាក់លេខ៩៖ ក្រុមហ៊ុន HYUNDAI Steel Company
ក្រុមហ៊ុន HYUNDAI Steel Company ត្រូវបានបង្កើតឡើងជាក្រុមហ៊ុនផលិតដែកដំបូងបង្អស់របស់ប្រទេសកូរ៉េខាងត្បូង ក្នុងឆ្នាំ១៩៥៣ ជាមួយនឹងប្រាក់ចំណូល១៤,៤ពាន់លានដុល្លារអាមេរិក។

*ចំណាត់ថ្នាក់លេខ១០៖ ក្រុមហ៊ុន JFE Steel Corporation
ក្រុមហ៊ុនសាជីវកម្ម ក្រុមហ៊ុន JFE Steel Corporation ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥០ និងមានទីស្នាក់ការកណ្ដាកនៅប្រទេសជប៉ុន។ កាលពីមុនក្រុមហ៊ុននេះ មានឈ្មោះថា Kawasaki Steel Corporation ប៉ុន្តែក្រោយមកបានប្ដូរឈ្មោះមក JFE Steel Corporation នៅខែមេសា ឆ្នាំ២០០៣៕

ដំណឹងល្អៈធនាគារហត្ថាត្រៀមដំឡើងប្រព័ន្ធធនាគារស្នូល ដើម្បីធ្វើឱ្យសេវាហិរញ្ញវត្ថុកាន់ប្រសើរសម្រាប់អតិថិជន

អាគារការិល័យថ្មីដ៏ស្កឹមស្កៃរបស់ធនាគារហត្ថានឹងបញ្ចប់នៅត្រីមាសទី១ឆ្នាំ២០២៤

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្នុងគោលដៅបង្កើនសេវាកម្មកាន់តែប្រសើរសំរាប់អតិថិជន ធនាគារ ហត្ថា ម.កបានចេញសេចក្តីជូនដំណឹងមួយដោយបានឱ្យដឹងថាថា ចាប់ពីម៉ោង២រសៀល ថ្ងៃពុធ ទី៣០ ខែមិថុនា ដល់ថ្ងៃអាទិត្យ ទី៤ ខែកក្កដា ឆ្នាំ២០២១ ធនាគារ ហត្ថា ម.ក នឹងដំឡើងប្រព័ន្ធធនាគារស្នូលរបស់ខ្លួន ដើម្បីធានាឱ្យបាននូវភាពងាយស្រួល ក៏ដូចជាភាពរីកចម្រើនខ្ពស់ ទៅកាន់អតិថិជនក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុ។

សេចក្ដីជូនដំណឹងបានបន្ថែមទៀតថា គ្រប់សាខាទាំងអស់ របស់ធនាគារ ហត្ថា ម.ក នៅបើកដំណើរការជាធម្មតា ដោយផ្តល់សេវាកម្ម ត្រឹមតែការផ្តល់ព័ត៌មាន ផលិតផលនិងសេវាកម្ម ការស្នើសុំបើកគណនី និងការបង់សងប្រាក់កម្ចី។

សេវាកម្មតាមបណ្តាញ ឌីជីថល ដូចជា ម៉ាស៊ីនអេធីអឹម កម្មវិធីធនាគារទូរស័ព្ទចល័តហត្ថា ប្រតិបត្តិការរវាងប្រព័ន្ធបាគង និងធនាគារហត្ថា និងការសងប្រាក់កម្ចីតាមរយៈ ភ្នាក់ងារវីង នឹងត្រូវផ្អាកជាបណ្តោះអាសន្ន ក្នុងអំឡុងពេលនេះ។ គ្រប់សេវាកម្មរបស់ធនាគារ ហត្ថា ម.ក ទាំងអស់ នឹងដំណើរការជាធម្មតាវិញ ចាប់ពីថ្ងៃចន្ទ ទី៥ ខែកក្កដា ឆ្នាំ២០២១តទៅ។

ជាមួយគ្នានេះដែរ យោងតាមផេកហ្វេសប៊ុកផ្លូវការរបសធនាគារ ហត្ថា ម.ក បាន ឱ្យដឹងថា ស្របតាមយុគសម័យនៃបច្ចេកវិទ្យាឌីជីថល ក្នុងសតវត្សទី២១នេះបរិបថសង្គម និងការរស់នៅត្រូវបានផ្លាស់ប្តូរយ៉ាងច្រើន។

ក្នុងនាមជាធនាគារមួយ ក្នុងចំណោមធនាគារឈានមុខផ្សេងទៀត នៅកម្ពុជា ធនាគារ ហត្ថា បានយល់យ៉ាងច្បាស់ពីតម្រូវការ និងនិន្នាការទាំងនោះ ហើយជាការឆ្លើយតប ធនាគារ ហត្ថា នឹងធ្វើការដំឡើងនូវប្រព័ន្ធធនាគារស្នូលរបស់ខ្លួន ដើម្បីធានាឱ្យបាននូវភាពងាយស្រួល ក៏ដូចជាភាពរីកចម្រើនខ្ពស់ទៅកាន់អតិថិជន ក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុ។

ធនាគារបានឱ្យដឹងថា “យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថាតាមរយៈការដំឡើងនូវប្រព័ន្ធថ្មីនេះ នឹងធ្វើឱ្យអតិថិជនរបស់យើងកាន់តែរីករាយ និងទទួលបានអត្ថប្រយោជន៍កាន់តែច្រើនបន្ថែមទៀតពីការប្រើប្រាស់សេវាកម្មរបស់ ធនាគារហត្ថា”។

រាល់ចម្ងល់នានា សូមទាក់ទងមកដោយផ្ទាល់ មកការិយាល័យធនាគារ ហត្ថា ម.ក ដែលនៅជិតបំផុត ឬទំនាក់ទំនងមកភ្នាក់ងារសេវាកម្ម និងគាំទ្រអតិថិជនតាមរយៈ ទូរ​ស័ព្ទលេខ: ០២៣ ៩៩៩ ២៦៦ ឬ ១៨០០ ២១២ ២២២ យើងខ្ញុំសូមអធ្យាស្រ័យ និងសុំការយោគយល់ ចំពោះការអាក់ខាននេះ៕