ដោយៈវឌ្ឍនៈ
ភ្នំពេញៈ នៅក្នុងពេលកម្ពុជាកំពុងប្រឈម នឹងវិបត្តិនៃជំងឺកូវីដ១៩ វិនិយោគិនបរទេសពីររូប ដែលមកពីប្រទេសបារាំងនិងសិង្ហបុរី បានបង្ហាញពីសុទិដ្ឋិនិយមរបស់ខ្លួនចំពោះសេដ្ឋកិច្ចកម្ពុជាថា នឹងល្អប្រសើរឡើងវិញនៅពេលឆាប់ៗ។
លោក Pierre Balsan វិនិយោគិនមកពីប្រទេសបារាំង និងលោក Allen Dodgson Tan វិនិយោគិនមកពីប្រទេសសិង្ហបុរី ដែលជាអ្នកវិនិយោគនាំយកនូវក្រុមហ៊ុនម៉ាកយីហោលំដាប់ពិភពលោកមកកាន់កម្ពុជា បានបង្ហាញជំនឿយ៉ាងមុតមាំថា វិស័យសេដ្ឋកិច្ចនឹងងើបឡើងវិញនៅពេលឆាប់ៗនេះ ជាពិសេសវិស័យទេសចរណ៍ ដែលនឹងធ្វើឱ្យអាជីវកម្មរបស់ពួកគេនៅកម្ពុជានឹងទទួលបានផលល្អប្រសើរ ។
លោក Allen Dodgson Tan វិនិយោគិនមកពីប្រទេសសិង្ហបុរីបានថ្លែងថា កំណើនសេដ្ឋកិច្ចដ៏រ៉ឹងមាំ នឹងត្រលប់មកប្រទេសកម្ពុជាវិញ ដោយជំរុញឱ្យតម្រូវការអ្នកប្រើប្រាស់សម្ភារៈម៉ាកល្បីសម្រាប់វណ្ណៈកណ្ដាល នឹងកើនឡើងកាន់តែខ្លាំងនៅពេលខាងមុខ”។ លោកបន្តថា “ឧស្សាហកម្មទេសចរនឹងមានការរីកចម្រើនជាថ្មី ដោយមានការគាំទ្រធ្វើឱ្យប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធដែលរាជរដ្ឋាភិបាលបានអនុវត្តន៍”។
លោកបន្តថា វិនិយោគិនបរទេសនឹងចូលមកប្រទេសកម្ពុជា ដើម្បីដាក់ទុនវិនិយោគឡើងវិញ នៅពេលមានក្រុមហ៊ុនល្បីៗចូលមកជាបន្តបន្ទាប់ ហើយវានឹងនាំមកនូវប្រាក់ចំណូលរដ្ឋ ដោយការបង់ពន្ធអាជីវកម្ម នាំមកនូវឱកាសការងារសម្រាប់ពលរដ្ឋកម្ពុជា និងជំនាញបទពិសោជន៍សម្រាប់ប្រជាជនកម្ពុជា។
ចំណែកលោក Pierre Balsan វិនិយោគិនមកពីប្រទេសបារាំងវិញក៏បានឱ្យដឹងផងដែរថា ការចូលមកវិនិយោគរបស់លោក ក្នុងប្រទេសកម្ពុជាក្នុងពេលកំពុងមានវិបត្តិនេះ គឺជាឱកាសមួយ ដោយមិនចាំទាល់តែចប់វិបត្តិទើបចូលមកនោះទេ។ លោកថា កាលពីប្រទេសចិន កំពុងមានវិបត្តិធ្ងន់ធ្ងរដោយសារតែកូវីដ១៩ កាលនោះមានមានក្រុមហ៊ុនមួយចំនួន ក៏ទទួលបានផលប្រយោជន៍ ពីការវិនិយោគនៅក្នុងប្រទេសចិន ខណៈវិនិយោគិនជាច្រើន បានខ្លាចរអារពីមេរោគកូវីដ១៩និងវិបត្តិសេដ្ឋកិច្ចដែរ ។
លោកជឿជាក់ថា “អ្វីៗនឹងប្រសើរឡើងវិញ ហើយនឹងរុញឱ្យសេដ្ឋកិច្ចប្រទេសកម្ពុជាក៏ដូចជាសេដ្ឋកិច្ចពិភពលោកទាំងមូល មករកភាពប្រក្រតីវិញនៅពេលខាងមុខនេះ”។
មន្ត្រីជាន់ខ្ពស់កម្ពុជាធ្លាប់បានបញ្ជាក់ថា ដោយសារតែវិបត្តិកូវីដ១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ២០២១ អាចនឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា មិនសម្រេចតាមការព្យាករណ៍ របស់ស្ថាប័នអន្តរជាតិធំៗនៅកម្ពុជានោះទេ តែបើសិនជាស្ថានភាពកូវីដ១៩ធូរស្រាលមកវិញ នៅអំឡុងត្រីមាសចុងក្រោយ កម្ពុជាអាចនឹងសម្រេចបាននូវការព្យាករណ៍នោះវិញ៕