អភិបាលខេត្តកំពង់ស្ពឺៈអ្នកវិនិយោគចិនមួយក្រុមនឹងវិនិយោគលើផ្ទៃដី២០០ហិកតានៅតំបន់មួយក្នុងខេត្តកំពង់ស្ពឺ

0

ដោយៈគង់ សូរិយា

កំពង់ស្ពឺៈ អភិបាលខេត្តកំពង់ស្ពឺ លោកវ៉ី សំណាងបានមានប្រសាសន៍៍ឲ្យដឹងកាលពីល្ងាចថ្ងៃទី១៦ សីហាកន្លងមកថា អ្នកវិនិយោគចិនមួយក្រុម នឹងសហការវិនិយោគលើ​រោងចក្រ សហគ្រាសនៅស្រុកមួយក្នុងខេត្តកំពង់ស្ពឺនាពេលខាងមុខ។

លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទថា អ្នកវិនិយោគក្នុងស្រុកមួយក្រុម ដែលមានដីទំហំ២០០ហិកតា បានមកជួបលោកនៅថ្ងៃម្សិលម៉ិញនេះ ដើម្បីបង្ហាញពីគម្រោងរបស់ពួកគេ ដោយសហការជាមួយអ្នកវិនិយោគមកពីប្រទេសចិន ដើម្បីសាងសង់រោងចក្រ សហគ្រាសនៅតំបន់នេះ។

លោកបន្តថា “តាមគំរោងអ្នកវិនិយោគចិនទាំងនោះ នឹងមកជួបខ្ញុំនៅខែកញ្ញាខាងមុខនេះ”។
ទោះជាយ៉ាងណាលោកមិនទាន់បង្ហើបពីទីតាំងគំរោងនេះទេ ដោយសារបារម្ភពីដីឡើងថ្លៃ ប៉ុន្តែលោកបង្ហើបថា ទីតាំងនេះស្ថិតនៅស្រុកមួយ ដែលមិនមានចម្ងាយឆ្ងាយពីទីរួមខេត្តពេកនោះទេ។

លោកវ៉ី សំណាងបានបន្តថា នៅពេលបងប្អូនខាងសារព៌តមាន សរសេរពីគម្រោងវិនិយោគនៅតំបន់ណា តម្លៃដីតែងតែកើនឡើង ដែលវាជាបញ្ហាប្រឈមមួយរបស់អ្នកវិនិយោគ។លោកបន្តថា ខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាសនៅតែបើកដំណើរការ ដោ​យមិនមានសញ្ញាណាមួយរារាំងផលិតកម្មឡើយ បើទោះបីជាកម្ពុជាមានការឆ្លងរាលដាលជំងឺកូវីដ១៩ក្តី។

លោកបន្តថា “ដោយសារចង្វាក់ផលិតកម្មនៅតែបន្ត ខ្ញុំសង្កេតឃើញថារោងចក្រ សហគ្រាសជាច្រើន នៅតែបន្តរើសបុគ្គលិកចូលបំពេញការងារដដែល”។

ខេត្តកំពង់ស្ពឺ អាចចាត់ទុកជា Central មួយ ដែលមានផ្លូវជាតិសំខាន់ៗឆ្លងកាត់ដូចជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ ផ្លូវជាតិលេខ៤១ ផ្លួវជាតិលេខ៥១ ផ្លូវជាតិលេខ៤៤ជាដើម។

លោកវ៉ី សំណាងបានបន្តថា ខេត្តកំពុងជម្រុញឲ្យមានការអភិវឌ្ឍច្រើន នៅតំបន់ផ្លូវជាតិលេខ៤១ ៥១ និងផ្លូវជាតិលេខ៤៤ សំរាប់ជាតំបន់រោងចក្រ សហគ្រាសនានា ព្រោះ​មូលដ្ឋានឧស្សាហកម្មនៅតំបន់នេះ មានភាពល្អប្រសើរ សម្រាប់តភ្ជាប់ទៅផ្លូវជាតិសំខាន់ៗ ក្នុងការសម្រួលការដឹកជញ្ជូនទំនិញទៅកាន់ខេត្តព្រះសីហនុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here