អ្នកវិនិយោគចិនជាប្រភពសំខាន់ក្នុងការរុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ នៅក្នុងបរិការណ៍នៃជំងឺកូវីដ១៩ រាលដាលនៅពេញពិភពលោករួមទាំងកម្ពុជាផងដែរនោះ ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ទទួលបានកំនើនច្រើនជាងឆ្នាំមុនៗ។

ជាពិសេស ផលិតផលកសិកម្ម ឃើញថាឆ្នាំ២០២០ និង២០២១នេះចិនបានអនុញ្ញាតឱ្យកម្ពុជា នាំចូលផលិតកសិកម្មចូលទីផ្សារខ្លួនជាបន្តបន្ទាប់ ដែលធ្វើឱ្យចិនបានក្លាយជាប្រភពដ៏សំខាន់មួយ ក្នុងការរុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២១នេះ។

លោកវង្សី វិស្សុតរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានមានប្រសាសន៍ថា បច្ចុប្បន្ននេះប្រទេសចិន បានក្លាយជាប្រភពដ៏សំខាន់ក្នុងការរុញច្រាន កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងបរិបទកូវីដ១៩ ។ យើងឃើញមើលឃើញការនាំចេញ ទៅកាន់ប្រទេសចិនមានកំណើនខ្ពស់ ក្នុងនោះមានទាំងផលិតផលកសិកម្ម និងកម្មន្តសាលមួយចំនួន ក៏បាននាំចេញទៅកាន់ប្រទេសចិនជាបណ្ដើរៗផងដែរ ។

លោកបន្តថា “តាមរយៈការនាំចេញទៅកាន់ប្រទេសចិន កាន់តែកើនឡើងដូច្នេះ សបញ្ជាក់ថា កម្ពុជាចាប់ផ្ដើមធ្វើពិពិធកម្មសេដ្ឋកិច្ច និងទីផ្សាររបស់ខ្លួនបណ្ដើរៗរួចហើយផងដែរ”។

លោកវង្សី វិស្សុតបានបន្តថា មួយវិញទៀតចិន គឺជាប្រភពវិនិយោគដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជា ជាក់ស្ដែងនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩ក្ដី ក៏វិនិយោគិនជាហូរហែបានចូលមកកម្ពុជា ហើយក្នុងចំណោមវិនិយោគិនទាំងនោះ ភាគច្រើនជាវិនិយោគិនចិន ។ ក្រៅពីវិនិយោគិនចិន ដែលមកពីប្រទេសចិនផ្ទាល់ ក៏មានវិនិយោគិននៃប្រទេសផ្សេងទៀត បានរើទីតាំងវិនិយោគរបស់ខ្លួន ពីប្រទេសចិនចូលកម្ពុជាផងដែរ ដើម្បីវិនិយោគនៅកម្ពុជាហើយនាំចេញទៅកាន់ទីផ្សារនៃប្រទេសទី៣។

លោកបន្ថែមថា បើសិនជាកម្ពុជាគ្រប់គ្រងកូវីដ១៩បានល្អ គឺជាឱកាសធំបំផុតសម្រាប់ផលិតនិងនាំចេញ ទៅកាន់ទីផ្សារអន្តរជាតិ ពីព្រោះដៃគូប្រកួតប្រជែងរបស់កម្ពុជាក៏កំពុងតែជាប់ដៃនឹងប្រយុទ្ធប្រឆាំងកូវីដ១៩ដែរ ដូចជាប្រទេសបង់ក្លាដេស និងប្រទេសមីយ៉ាន់ម៉ាដែលមានវិបត្តិនយោបាយ និងកូវីដ១៩ផងដែរ ។

លោកថា “បើសិនជាយើងអាចធ្វើបានល្អជាងប្រទេសទាំងពីរនេះ ទាំងវិនិយោគិន និងអ្នកបញ្ជាទិញនៅក្រៅប្រទេស នឹងងាកមករកទីផ្សារកម្ពុជា ដើម្បីវិនិយោគនិងនាំចេញទៅកាន់ទីផ្សារអន្តរជាតិដែលមានតម្រូវការ”។

អ្នកជំនាញនៃវិស័យអចលនទ្រព្យកម្ពុជាជាច្រើនរូប កាលពីពេលថ្មីៗនេះក៏បានរំពឹងទុកថា វិនិយោគិនចិននឹងត្រលប់មកកាន់ប្រទេសកម្ពុជាវិញ ដើម្បីស្វែងរកការវិនិយោគទៅតាមជំនាញ នៃវិស័យនីមួយៗជាពិសេសនោះ គឺវិស័យអចលនទ្រព្យ ដែលនៅតែមានសក្ដានុពលខ្ពស់ដដែល ទោះស្ថិតនៅក្នុងវិបត្តិនៃជំងឺរាតត្បាតសកលក៏ដោយ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ថា ទីតាំងសក្តានុពល ដែលវិនិយោគិន ចិនកំពុងសម្លឹងមើលនោះ មានភ្នំពេញ ក្រុងព្រះសីហនុ ដែលបានត្រៀមខ្លួនបណ្ដើរៗរួចហើយ ក្នុងការទទួលស្វាគមន៍វិនិយោគិនជា តិនិងអន្តរជាតិនិងខេត្តសៀមរាប ដែលរដ្ឋាភិបាលក៏បានកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនសម្រាប់ស្វាគមន៍ និងសម្រួលដល់ការវិនិយោគរបស់បរទេសនិងវិនិយោគិនជាតិ៕

 

 

 

ដំណឹងល្អៈការស្ថាបនាផ្លូវទាំង៣៨ខ្សែនៅក្រុងសៀមរាបសម្រេចបាន៦៤ភាគរយហើយ

ដោយៈគង់ សូរិយា

សៀមរាបៈ រហូតមកទល់ពេលនេះ ការស្ថាបនាផ្លួវទាំង៣៨ខ្សែនៅក្រុងសៀមរាប សម្រេចបានលទ្ឋផល៦៤ភាគរយហើយ និងរំពឹងបញ្ចប់តាមផែនការដែលបានគ្រោងទុក។

ព៌តមាននេះ ត្រូវបានលើកឡើងដោយ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១កន្លងមកនេះ បានដឹកនាំគណៈប្រតិភូចុះពិនិត្យមើលសកម្មភាព និងវឌ្ឍនភាពភាពនៃសាងសង់ផ្លូវចំនួន ៣៨ខ្សែ ក្នុងក្រុងសៀមរាប។

ការចុះពិនិត្យកាសាងសង់ផ្លូវទាំង៣៨ខ្សែនេះ ក៏មានការចូលរួមពីតំណាងក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ លោកអភិបាលរងខេត្តសៀមរាប រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធ តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ធជាច្រើនទៀតផងដែរ។

ក្នុងការចុះពិនិត្យនេះ លោកទេសរដ្ឋមន្រ្តី បានផ្តល់បទសម្ភាសដល់អ្នកសារព័ត៌​មានអំពីវឌ្ឍនភាពនៃការសាងសង់ផ្លូវជាតិនេះ។

លោកស៊ុន ចាន់ថុលបានបន្តឲ្យដឹងថា ការសាងសង់ផ្លូវទាំង៣៨ខ្សែនេះ រហូតដល់ពេលនេះ បានសម្រេចប្រមាណ៦៤ភាគរយហើយ ដោយក្នុងនោះដំណើរការសាងសង់គឺមិនមានភាពរាំងស្ទះដោយសារជំងឺកូវីដ១៩នោះទេ៕

ប្រយ័ត្ន! អាជ្ញាធរ​ចាប់​ផ្ដើម​បិទ​អាជីវកម្ម ​និង​ផ្សារ​កាន់​តែ​ច្រើន​ឡើង​វិញ​ ខណៈ​ជំងឺ​កូវីដបន្ត​រាលដាល​ខ្លាំង​

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ ស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ប៉ុន្មានថ្ងៃនេះហាក់ដូចជាមានភាពកាន់តែធ្ងន់ធ្ងរ ដោយតួលេខអ្នកឆ្លងកូវីដមានចំនួនកាន់តែច្រើន ជាក់ស្ដែងនៅរយៈពេលពីរថ្ងៃចុងក្រោយនេះ ចំនួនអ្នកឆ្លងកូវីដមានចំនួនដល់ទៅ៨៨៣នាក់។

ដោយសារតែស្ថានភាពនៃកូវីដ១៩ មានភាពរាលដាលឡើងវិញបែបនេះ អាជ្ញាធរបានសម្រេច ផ្អាកទីតាំងអាជីវកម្ម និងផ្សារមួយចំនួនឡើងវិញ នៅតំបន់ដែលមានការផ្ទុះខ្លាំង ទាំងនៅភ្នំពេញ និងនៅតាមបណ្ដាខេត្តនានា ជាក់ស្ដែងនៅរសៀលថ្ងៃទី២៨ មិថុនា ២០២១នេះ អាជ្ញាធររាជធានីភ្នំពេញ បានចុះផ្អាកអាជីវកម្មក្នុងផ្សារបឹងកេងកង ក្រោយរកឃើញអ្នកឆ្លងជំងឺកូវីដ១៩កាន់តែច្រើន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលារាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៨ មិថុនា ២០២១នេះ បានសម្រេចផ្អាកដំណើរការជាបណ្ដោះអាសន្ន នូវផ្សារបឹងកេងកង ដែលមានទីតាំងនៅសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានភ្នំពេញរយៈពេល១៤ថ្ងៃ ពីថ្ងៃទី២៩ មិថុនាដល់ថ្ងៃទី១២ កក្កដា ២០២១នេះ ដោយសារតែបុគ្គលិក កម្មករ អាជីវករនៅក្នុងផ្សារនេះមានវិជ្ជមានកូវីដ១៩ជាបន្តបន្ទាប់ ។

ផ្សាររដ្ឋ និងផ្សារឯកជនទូទាំងរាជធានីភ្នំពេញ ទើបតែត្រូវបានអាជ្ញាធរប្រកាសឱ្យដំណើរការឡើងវិញ និងអនុញ្ញាតឱ្យអាជីវករចូលលក់ដូរឡើងវិញ តែត្រូវគោរពតាមវិធានការ តែរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ស្ថានភាពនៃកូវីដ១៩ ក៏ចាប់ផ្ដើមផ្ទុះឡើងនិងមានចំនួនកាន់តែច្រើន។

ក្រៅពីផ្សារនៅរាជធានីភ្នំពេញ នៅតាមបណ្ដាខេត្តមួយចំនួន ក៏មានការបិទខ្ទប់តំ​បន់ និងកន្លែងអាជីវកម្មមួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែខ្លាំងផងដែរ។

ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធលោកវន់ ពៅបានឱ្យដឹងកន្លងមកថា បើសិនជាការបើកអាជីវកម្មតាមផ្សារឡើងវិញ មិនមានការត្រួតពិនិត្យម៉ត់ចត់ ការផ្ទុះឡើងវិញនឹងធ្វើឱ្យអាជីវករខាតបង់ពេលវេលា និងបាត់បង់ចំណូលកាន់តែច្រើនឡើងថែមទៀត ដូច្នេះការបើកផ្សារនានាឡើងវិញ គឺត្រូវតែរឹតបន្តឹងទាំងអាជីវករ និងអតិថិជនចេញចូលផ្សារនានាផងដែរ ។

លោកបន្តថា “ការបើកអាជីវកម្មឡើងវិញនៅតាមផ្សារនានា វាពិតជាជួយអាជីវករក្នុងការរកប្រាក់ចំណូលឡើងវិញ ក្រោយពេលបាត់បង់អស់រយៈពេលជាង២ខែមកនេះ ប៉ុន្តែករណីមិនមានវិធានការតឹងរ៉ឹង នោះការឆ្លងរាលដាលឡើងវិញអាចនឹងធ្ងន់ធ្ងរ និងត្រូវបិទខ្ទប់សារជាថ្មី”។

ធនាគារពិភពលោកប្រចាំកម្ពុជាក៏បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជានៅតែមានភាពមិនទាន់ច្បាស់លាស់ខ្លាំង ដោយសារតែស្ថានភាពកូវីដ១៩នៅតែបន្តកើនឡើង ជាពិសេ​សពាក់ព័ន្ធ នឹងព្រឹត្តិការណ៍សហគន៍២០កុម្ភៈ២០២១ ។ បើសិនជាស្ថានភាពកូវីដ១៩នៅតែបន្តកើនឡើង ហើយឈានដល់ការបិទខ្ទប់តំបន់ពាណិជ្ជកម្មធំៗ វានឹងប៉ះពាល់សេដ្ឋកិច្ចកម្ពុជា ដែលនឹងធ្វើឱ្យសេដ្ឋកិច្ចមិនអាចសម្រេចបានតាមការគ្រោងទុក ។

លោកវង្សី វិស្សុតរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានឱ្យដឹងផងដែរថា កំណើនសេដ្ឋកិច្ច៤ភាគរយនៅក្នុងឆ្នាំ២០២១នេះ ទំនងជាពិបាកនឹងសម្រេចបាន ដោយសារតែ ស្ថានភាពកូវីដ១៩នៅតែបន្តរាលដាលខ្លាំង តែបើសិនជាអាចស្ងប់ស្ងាត់ទៅវិញនៅរយៈពេល៣ឬ៤ខែទៀត នោះសេដ្ឋកិច្ចកម្ពុជានឹងស្ដារបានវិញនៅចុងឆ្នាំ៕

លោកឧកញ៉ាស្រី ចាន់ថនបើកដំណើរការសួនកម្សាន្តជេត ហ្កាដិនផាក

ដោយៈគង់ សូរិយា

ភ្នំពេញៈ លោកឧកញ៉ាស្រី ចាន់ថនបានប្រកាសបើកដំណើរការជាផ្លុវការនូវ បឹងកាឡូទើបហ្នឹងរចនាឡើងថ្មីនៅក្នុងតំបន់សួនកម្សាន្ត ជេត ហ្គាដិន ផាក ជាសួនកម្សាន្តថ្មីមួយ ដែលផ្តោតលើការច្នៃប្រឌិតថ្មី និងផ្សារភ្ជាប់ជាមួយនឹងបរិស្ថាន។



លោកឧកញ៉ាបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួននារសៀលថ្ងៃទទី២៨ មិថុនានេះថា ចាប់បើកដំណើរការហើយ! បឹងកាឡូថ្មីដែលមានផាសុខភាព រួមទាំងមានច្រើនម៉ូតច្រើនម៉ាក និងមានប្រភេទ គ្រេ១ គ្រេ២ និងគ្រេ៣ ដែលតម្រូវតាមតម្រូវការរបស់អតិថិជនទាំងអស់។


ក្នុងបឹងកាឡូរួមមាន បន្ទប់គេងស្រស់ស្អាត ម៉ាស៊ីនត្រជាក់ កន្លែងចំអិនម្ហូបបែបគ្រួសារនៅក្នុងបឹងកាឡូផ្ទាល់តែម្ដង។ សួនកម្សាន្តនេះ ស្ថិតនៅតំបន់Sky Land ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។


លោកបានបន្តទៀតថា ចំនុចពិសេសមួយផ្សេងទៀត នៃបឹងកាឡូយើងខ្ញុំគឺមានការចនារស្រស់ស្អាត មានសួនខាងមុខ និងមានកន្លែងចតឡាននៅមុខបឹងកាឡូផ្ទាល់តែម្ដង ហើយកាន់តែពិសេសលោកអ្នកមកស្នាក់នៅទីនេះ គឺអាចដើរលេងកម្សាន្តក្នុងសួនដោយពុំគិតថ្លៃឡើយ។ ដែលសួនកម្សាន្តយើងមានទីតាំងធំទូលាយ និងមានកន្លែងស្អាតៗអាចថតរូបកម្សាន្តបានយ៉ាងសប្បាយ៕

សម្តេចតេជោៈCPPនៅតែប្តេជ្ញារក្សាសុខសន្តិភាពនិងលើកស្ទួយជីវភាពប្រជាពលរដ្ឋឲ្យបានកាន់តែសម្បូរសប្បាយ

ដោយៈគង់ ម៉ាលីន

ភ្នំពេញៈ ជាការថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ ដែលបានគាំទ្រគណបក្សប្រជាជនជាច្រើនអាណត្តិកន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច បានប្តេជ្ញាបន្តពុះពារធ្វើគ្រប់យ៉ាងដើម្បីការពារឯករាជ្យ អធិបតេយ្យ សន្តិភាព និងលើកស្ទួយជីវភាពប្រជាជនឱ្យបានកាន់តែសម្បូរសប្បាយឡើង។

ការប្តេជ្ញាចិត្តរបស់មេដឹកនាំកំពូល គណបក្សប្រជាជនកម្ពុជាបានធ្វើឡើងតាមរយៈសារលិខិតមួយ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ ដើម្បីអបអរសាទរដល់ខួបលើកទី៧០ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា (២៨មិថុនា១៩៥១)។

តាមរយៈសារលិខិតនេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា នៅគ្រប់ការបោះឆ្នោតកន្លងមក តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ ដែលជាសាក្ខីភាពបញ្ជាក់ច្បាស់ថា ប្រជាជនមានជំនឿទុកចិត្តយ៉ាងមុតមាំ លើគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេស តាមមាគ៌ាមួយដ៏ត្រឹមត្រូវដែលនាំ មកសន្តិភាព ស្ថិរភាព ការរីកចម្រើន និងសុភមង្គលរបស់ប្រជាជន។

ក្នុងនាមគណៈកម្មាធិការកណ្តាលនៃ គណបក្សប្រជាជនកម្ពុជាសម្តេចបានសម្តែងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ជូនជនរួមជាតិនៅគ្រប់ទិសទី ទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស ដែលបានឃើញច្បាស់សច្ចធម៌ នៃការដឹកនាំរបស់គណបក្ស ហើយផ្តល់យុត្តិធម៌ និងការគាំទ្រឥតរង្គោះរង្គើរ ដល់គណបក្សនៅគ្រប់កាលៈទេសៈ ធ្វើឱ្យគណបក្សមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបម្រើជាតិ និងប្រជាជន។

សម្តេចតេជោហ៊ុន សែន បានបញ្ជាក់ដូច្នេះថា “ឆ្លើយតបទៅនឹងការជឿទុកចិត្តនេះ គណបក្ស នឹងបន្តពុះពារធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីការពារឯករាជ្យ និងអធិបតេយ្យជាតិ ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច ពង្រឹងលទ្ធិប្រជាធិបតេយ្យឱ្យចាក់ឫសយ៉ាងរឹងមាំ លើកកម្ពស់សុខដុមនីយកម្មសង្គម និងជំរុញ ការអភិវ ឌ្ឍសេដ្ឋកិច្ច លើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន ឱ្យបានកាន់តែសម្បូរសប្បាយឡើង”។

សម្តេចបានបញ្ជាក់ទៀតថា ទោះបីនៅពេលនេះពុំមានការជួបជុំធំ ដើម្បីរំឭកខួបលើកទី៧០ នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ដោយសារតែប្រទេសកំពុងប្រឈមនឹងការឆ្លងរាតត្បាតជាសាកល នៃជំងឺកូវីដ-១៩ក្តី ក៏ស្មារតីចងចាំ គុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់បុព្វការីជន យុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិគ្រប់ជំនាន់ នៅតែស្ថិតក្នុងដួង ចិត្តរបស់យើងជានិច្ច។

សម្តេចបន្តថា “យើងជាខ្មែរទាំងអស់គ្នាប្តេជ្ញាប្រែក្លាយស្មារតីនេះ ឱ្យទៅជាសកម្មភាពដ៏ខ្លាំងក្លាស្រុះដៃ គ្នាដោយឆន្ទៈតែមួយ ដើម្បីបន្តកសាង និងការពារមាតុភូមិយើង ឆ្ពោះទៅរកអនាគតដ៏ត្រចះត្រចង់”៕

សម្តេចតេជោៈកម្ពុជាអាចយកឈ្នះសមរភូមិជំងឺកូវីដ១៩ដែលកំពុងរាតត្បាតនៅកម្ពុជា

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្នុងនាមជាប្រមុខគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវការជឿជាក់ថា កម្ពុជាអាចយកឈ្នះលើសមរភូមិជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតនៅកម្ពុជា ក្រោមការចូលរួមដ៏សកម្មពីប្រជាពលរដ្ឋគ្រប់រូប។

សម្តេចតេជោ ហ៊ុន សែ បានបង្ហាញជំនឿចិត្តបែបនេះ តាមរយៈសារលិខិតផ្ញើជូនប្រជាពលរដ្ឋកម្ពុជា ក្នុងឱកាសប្រារព្ធខួប៧០ឆ្នាំ នៃថ្ងៃកំណើតបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ។

ដើម្បីចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតនៅកម្ពុជានោះ ថ្ងៃខួបកំណើតបក្សប្រជាជនកម្ពុជា មិនមានប្រារព្ធពិធីជួបជុំឱ្យអធឹកអធមដូចបណ្តាឆ្នាំកន្លងទៅនោះឡើយ។

តាមរយៈសារលិខិតអបអរសាទរខួបកំណើតបក្សនេះ ក្នុងជាមេដឹកនាំបក្សនយោបាយធំជាងគេនៅកម្ពុជា និងជាអ្នកដឹកនាំ និងគ្រប់គ្រងជោគវាសនាជាតិ អស់រយៈពេលជាង ៤ទសវត្សរ៍មកហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស អនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ឱ្យបានម៉ត់ចត់ អំពីវិធានការនានាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

ក្នុងនោះត្រូវចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងបន្តអនុវត្តវិធានការ “៣កុំ ៣ការពារ” ដើម្បីឱ្យជាតិកម្ពុជា អាចឆ្លងផុតកាលៈទេសៈដ៏លំបាក នៃការរាតត្បាតជំងឺកូវីដ១៩ បានឆាប់ឈានទៅរកប្រក្រតីភាពឡើងវិញ តាមគន្លងថ្មីនៃជីវភាពសង្គម ផលិតកម្ម មុខរបរ និងការងាររបស់ប្រជាជន។

កម្ពុជា បានជួបនូវការរាតត្បាតនៃជំងឺកូវីដ១៩ អស់រយៈពេលជាងមួយឆ្នាំមកហើយ។ ជាងមួយឆ្នាំមកនេះ កម្ពុជាមានអ្នកឆ្លងជំងឺសរុបជិត៥ម៉ឺននាក់ ស្លាប់ប្រមាណ៥៥៦នាក់ និងព្យាបាលជាជាង៤ម៉ឺននាក់។

ចាប់តាំងពីកម្ពុជារងការរាតត្បាតនៃជំងឺកូវីដ១៩នេះ រាជរដ្ឋាភិបាលកម្ពុជា កើតចេញពីគណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានប្រឹងប្រែងដាក់ចេញនូវវិធានការ និងយុទ្ធសាស្ត្រជាច្រើន ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចជាតិ ការលំបាករបស់ប្រជាពលរដ្ឋ និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ តាមរយៈការរកវ៉ាក់សាំង និងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។

រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ត្រូវបានមើលឃើញថា កំពុងទទួលបានជោគជ័យ លើការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នេះ តាមរយៈការរកវ៉ាក់សាំង និងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានលឿន។

គិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈ នេះ កម្ពុជា មានវ៉ាក់សាំងក្នុងដៃ សម្រាប់ចាក់ជូនប្រជាពលរដ្ឋរហូតដល់ទៅ១១លានដូស ហើយគ្រោងទទួលបានគ្រប់២០លានដូស ត្រឹមខែសីហា ឆ្នាំ២០២១នេះ។ ជាមួយវត្តមានវ៉ាក់សាំងនេះ កម្ពុជា បានពន្លឿនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋផងដែរ។

គិតថ្ងៃទី២៧ ខែមិថុនា ប្រជាពលរដ្ឋជិត ៤លាននាក់ ស្មើនឹងជិត៤០ភាគរយ ត្រូវបានចាក់វ៉ាក់សាំងរួចរាល់។ លទ្ធផលនៃការចាក់វ៉ាក់សាំងនេះ ធ្វើឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ នៅអាស៊ាន ជាប្រទេសចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើន។ លទ្ធផលនេះ នាំឱ្យអង្គភាពសុខភាពពិភពលោក និងអង្គការអន្តរជាតិកោតសរសើរ និងវាយតម្លៃខ្ពស់ លើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ផងដែរ។

ងាកទៅស្ថានភាពសេដ្ឋកិច្ចវិញរយៈពេលពីរឆ្នាំនេះ ទោះជួបការលំបាកតែកម្ពុជានៅតែទ្រទ្រង់សេដ្ឋកិច្ចរបស់ខ្លួន ដោយទប់ស្កាត់មិនឱ្យមានអតិផរណា ហើយរាជរដ្ឋាភិបាលនៅតែមានលទ្ធភាពរកប្រាក់ចំណូល សម្រាប់បើកបៀវត្សរ៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងការទូទាត់បំណុលជូនប្រទេស ព្រមទាំងចំណាយផ្សេង។

លើសពីនេះរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នៅតែមានថវិកាសម្រាប់ឧបត្ថម្ភ ដល់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារជំងឺកូវីដ១៩ និងប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពថែមទៀតផង។

លទ្ធផលនេះ បានបង្ហាញឱ្យឃើញភាពជោគជ័យ និងភាពខ្លាំងរបស់រាជរដ្ឋាភិបាលកម្ពុជា កើតចេញពីគណបក្សប្រជាជនកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងដឹកនាំប្រទេសជាតិក្នុងវិបត្តិសាកលនៃជំងឺកូវីដ១៩៕

 

ក្រោយភ្លៀងមេឃស្រឡះ តម្លៃផ្ទះនៅក្រុងហុងកុងបន្តហក់ឡើង៥ខែជាប់គ្នា

ដោយៈ សុខុម

ហុងកុង: បន្ទាប់ពីបាតុកម្មដ៏យូរ និងធ្វើឲ្យទីក្រុងនេះជួបភាពខ្មៅងងឹត ឥលូវនេះសកម្មភាពសេដ្ឋកិច្ច និងអចលនទ្រព្យ បានចាប់ផ្តើមវិលមករកភាពប្រក្រតីវិញហើយដោយតម្លៃអចលនទ្រព្យនៅទីក្រុងនេះបានហក់ឡើងខ្ពស់ជាថ្មី។

យោងតាមទិន្នន័យផ្លូវការបានបង្ហាញនៅថ្ងៃច័ន្ទ ទី២៨ មិថុនា នេះថា តម្លៃផ្ទះឯកជននៅក្រុងហុងកុង ដែលជាទីផ្សារលំនៅដ្ឋានថ្លៃបំផុតក្នុងពិភពលោក បានបន្តហក់ឡើងក្នុងរយៈពេល៥ខែជាប់ៗគ្នានក្នុងខែឧសភា។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានCNA ឱ្យដឹងថា ការហក់ឡើងតម្លៃផ្ទះនេះគឺដោយសារសេដ្ឋកិច្ចងើបឡើង និងការរំពឹងថា នឹងមានជនជាតិចិនដីគោក សម្រុកទិញដែលធ្វើឱ្យតម្លៃហក់ឡើងខ្ពស់។

ទិន្នន័យដដែលបង្ហាញថា សន្ទស្សន៍តម្លៃផ្ទះបានហក់ឡើង០,៦% កាលពីខែឧសភា បើធៀបនឹងកំណើន០,៤%កាលពីខែមេសា។ សន្ទស្សន៍នេះ បានកើនឡើង៣,៦%គិតមកទល់ពេលនេះក្នុងឆ្នាំនេះ ហើយវាបានធ្លាក់ចុះត្រឹមតែ០,៨%ប៉ុណ្ណោះ បើធៀបនឹងអត្រាខ្ពស់បំផុតមិនធ្លាប់មានក្នុងខេឧសភា ឆ្នាំ២០១៩។

ក្រុមអ្នកប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យរំពឹងថា តម្លៃផ្ទះនឹងបំបែកកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មានខាងលើ នៅក្នុងត្រីមាសទី៣ ចុងឆ្នាំ២០២១នេះ ហើយសន្ទស្សន៍នេះនឹងកើនឡើង៥%បន្ថែមទៀតនៅក្នុងឆមាសទី២។

លោក Alva To អនុប្រធានក្រុមហ៊ុនផ្ដល់សេវាអចលនទ្រព្យអន្តរជាតិឈានមុខគេ Cushman & Wakefield Greater China បានលើកឡើងថា “យើងរំពឹងថា ជាមួយនឹងការបើកឡើងវិញ នូវការធ្វើដំណើរឆ្លងព្រំដែននៅក្នុងឆមាសទី២ នៃឆ្នាំនេះ អ្នកទិញដែលមកពីចិនដីគោក នឹងជួញជំរុញឱ្យការលក់អចលនទ្រព្យ ក្នុងស្រុកមានសន្ទុះកើនឡើង”។

នៅពេលទីផ្សារអចលនទ្រព្យចាប់ផ្ដើមបង្កើនល្បឿន ក្រុមហ៊ុនអភិវឌ្ឍន៍នានានឹងពន្លឿនការបើកគម្រោងថ្មីៗ ដែលជំរុញឱ្យចំនួននៃការទិញចលនទ្រព្យកើនឡើង។

ក្រុមហ៊ុន Cushman & Wakefield Greater China រំពឹងថា ប្រតិបត្តិការទិញផ្ទះសរុបក្នុងឆមាសទី១ នឹងកើនឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១២ មក។

ផ្ទះចំនួន១៧៣យូនីត ដែលជាដំណាក់កាលចងុងក្រោយ ក្នុងគម្រោងNew Territories ដែលក្រុមហ៊ុន New World Development បានប្រកាសបើកលក់ ទទួលបានការចុះឈ្មោះទិញចំនួន៣០.៦០០ ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន នៅក្រុងហុងកុង។

អាផាតម៉ិនមួយ ដែលមានបន្ទប់គេងចំនួន៤ នៅក្នុងគម្រោង New Territories ត្រូវបានដាក់ដេញថ្លៃ ក្នុងតម្លៃរហូតដល់ទៅ៤៥.០០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ដែលជាតម្លៃខ្ពស់បំផុតផងដែរ នៅក្នុងតំបន់ជាយក្រុងនេះ។

តាមរយៈរបាយការណ៍មួយ ស្ថាប័នចំនួនពីររួមមានវិទ្យាស្ថានកំណែទម្រង់តំបន់ក្រុង (Urban Reform Institute) និងមជ្ឈមណ្ឌលព្រំដែន សម្រាប់គោលនយោបាយសាធារណៈ (Frontier Centre for Public Policy) បានដាក់ចំណាត់ថ្នាក់ក្រុងហុងកុង ក្នុងឆ្នាំ២០២០ ជាទីផ្សារលំនៅដ្ឋានថ្លៃបំផុត ក្នុងពិភពលោករយៈពេល១១ឆ្នាំជាប់ៗគ្នា ដោយផ្អែកលើតម្លៃអចលនទ្រព្យជាមធ្យម និងប្រាក់ចំណូលគ្រួសារ៕

អភិបាលខេត្តកោះកុងៈការទិញលក់អចលនទ្រព្យចុះហត្ថលេខាត្រឹមឃុំ សង្កាត់នឹងត្រូវទុកជាមោឃៈទាំងអស់

ដោយៈគង់ សូរិយា

ភ្នំពេញៈ អភិបាលខេត្តកោះកុង លោកជំទាវ មិថុនា ភូថងបានចេញបទបញ្ជាឱ្យមន្រ្តីរដ្ឋបាលឃុំសង្កាត់ បញ្ឈប់ការចុះហត្ថលេខាទទួលស្គាល់ លើឯកសារដីធ្លីមួយចំនួនដូចជា លិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់និងប្រើប្រាស់ដី លិខិតទិញលក់ដីរដ្ឋ និងការបញ្ជាក់លើប្លង់បង្ហាញទីតាំងដី ដែលធ្វើឡើងក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះទាំងអស់ នៅខេត្តកោះកុង។

លោកជំទាវបានបញ្ជាក់ទៀតថា “ឯកសារដែលបានរៀបរាប់ខាងលើ ដែលធ្លាប់បានចុះហត្ថលេខារួចហើយ ក៏នឹងត្រូវបដិសេធ និងទុកជាមោឃៈទាំងអស់ផងដែរ”។

យោងតាមលិខិតចុះថ្ងៃទី ២៤ មិថុនា ២០២១បានឲ្យដឹងទៀតថា អភិបាលក្រុង ស្រុក ក៏នឹងត្រូវចាត់វិធានការយ៉ាងមឹងមាត់ លើមន្រ្តីរដ្ឋបាលឃុំសង្កាត់ ពោលគឺហាមមិនឱ្យពួកគាត់បន្តចុះហត្ថលេខា លើឯកសារដូចដែលបានរៀបរាប់ខាងលើទៀតទេ។

លើសពីនេះ បើមន្រ្តីរដ្ឋបាលឃុំ សង្កាត់នៅតែបន្ត រដ្ឋាភិបាលនឹងចាត់វិធានការធ្ងន់ធ្ងរតាមផ្លូវច្បាប់ទាំងលើម្ចាស់ដី និងលើមន្រ្តី៕

 

តំបន់ខាងលិចឈៀងខាងត្បូងចាប់ផ្ដើមបង្ហាញសក្ដានុពលក្នុងការ អភិវឌ្ឍន៍លំនៅឋាន

ដោយៈ វឌ្ឈនៈ

ភ្នំពេញៈ តំបន់ប៉ែកខាងត្បូង ឈៀងខាងលិចរាជធានីភ្នំពេញ ត្រូវបានចាត់ទុកជាតំបន់ឆ្ងាយពីទីក្រុង និងមិនសូវមានការចាប់អារម្មណ៍វិនិយោគិននិងប្រជាពលរដ្ឋប៉ុន្មាននោះទេ តែរហូតមកដល់ពេលនេះ តំបន់ប៉ែកខាងលិចនិងខាងត្បូងរាជធានី បានបង្ហាញពីសក្ដានុពល ក្នុងការអភិវឌ្ឍលំនៅឋានក៏ទាក់ទាញ និងមានវិនិយោគិនក្នុងស្រុកជាច្រើន បានសម្រុកអភិវឌ្ឍន៍លំនៅឋានទាំងតម្លៃសមរម្យ និងតម្លៃខ្ពស់ផ្ដល់ជូនអតិថិជនដែលមានតម្រូវការ។

លោកសន សៀបស្ថាបនិក និងជានាយកក្រុមហ៊ុនអចលនទ្រព្យឃី រៀលអ៊ីស្ទេតបានឱ្យដឹងនាព្រឹកថ្ងៃទី២៨ មិថុនានេះថា សន្ទុះនៃតម្លៃដីធ្លី នៅតំបន់ខណ្ឌដង្កោនៃរាជធានីភ្នំពេញ ដែលមាននៅប៉ែកលិច ឈៀងខាងត្បូងរាជធានី មានការកើនឡើងខ្លាំងតំបន់ផ្សេងៗ នៃរាជធានី ពីព្រោះតំបន់ទាំងនេះ គេឃើញមានការសាងសង់ហេដ្ឋានរចនាសម្ព័ន្ធថ្មីៗនិងខ្វាត់ខ្វែង ធ្វើឱ្យវិនិយោគិនក្នុងស្រុកជាច្រើន ចាប់អារម្មណ៍ក្នុងការអភិវឌ្ឍគម្រោង ជាពិសេសគម្រោងលំនៅឋាននៅតំបន់ទាំងនេះ ក៏មានការរីកដុះដាលកាន់តែខ្លាំង ។

លោកបន្តថា “តំបន់នេះមានផ្លូវក្រវ៉ាត់ក្រុងថ្មីៗរត់កាត់ ដែលជំរុញឱ្យវិនិយោគ កាន់តែចាប់អារម្មណ៍ហើយក៏មានគម្រោងថ្មីៗរបស់រដ្ឋ និងឯកជនជាច្រើន បាននិងកំពុងបន្តអភិវឌ្ឍន៍ ទោះស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩ក្ដី ហើយវាក៏បាននិងកំពុងជំរុញឱ្យតំបន់នេះ កាន់តែទទួលបានការពេញនិយមទៅលើតំបន់លំនៅឋាន”។

ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលវត្ថុកម្ពុជាបានឱ្យដឹងថា ទីណាមានការអភិវឌ្ឍហេដ្ឋារចនាស ម្ព័ន្ធច្រើន ទីនោះនឹងទទួលបានការវិនិយោគ នឹងមានការទាក់ទាញលើការវិនិយោគកាន់តែច្រើន។

ដូច្នេះហើយទើបរាជរដ្ឋាភិបាល បានចំណាយថវិកាយ៉ាងច្រើន លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទាំងនៅរាជធានីភ្នំពេញ និងនៅ តាមបណ្ដាខេត្តក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់បណ្ដាខេត្តផងដែ ។

លោកបន្តថា “បើនិយាយពីសក្ដានុពលអភិវឌ្ឍន៍អចលនវត្ថុ នៅជុំវិញរាជធានីភ្នំពេញ គេមើលឃើញថាមានការអភិវឌ្ឍដូចៗគ្នា គ្រាន់តែតំបន់នីមួយៗ មានសក្ដានុពលខុសគ្នាបន្តិចបន្តួចប៉ុណ្ណោះ” ។

លោកសុខនីមបានបន្តថា តំបន់ដែលនៅឆ្ងាយពីរាជធានីភ្នំពេញបន្តិច តម្លៃដីធ្លីនៅមានកម្រិត ដូច្នេះវិនិយោគិនអាចទិញដី នៅតំបន់ឆ្ងាយពីភ្នំពេញដើម្បីអភិវឌ្ឍន៍គម្រោងសម្រាប់លក់ជូនអតិថិជន ក្នុងតម្លៃសមរម្យ ហើយតំបន់នៅជិតរាជធានីភ្នំពេញ ដែលមានតម្លៃដីធ្លីថ្លៃៗ គេទុកសម្រាប់អភិវឌ្ឍន៍គម្រោងតម្លៃខ្ពស់ៗវិញ៕

ដំណឹងល្អៈរដ្ឋាភិបាលកំពុងរៀបចំគោលនយោបាយជាតិស្វាយចន្ទីរដើម្បីលើកកំពស់ កសិឧស្សាហកម្ម

ដោយៈគង់ ម៉ាលីន

ភ្នំពេញៈ រដ្ឋាភិបាល ដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការបាន និងកំពុងរៀបចំគោលនយោបាយជាតិស្វាយចន្ទី ដើម្បីជួយពង្រឹងសមត្ថភាពដាំដុះ កែច្នៃ និងនាំចេញផលិតផលស្វាយចន្ទីទៅកាន់ទីផ្សារអន្តរជាតិ។

ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី ២៤ ខែមិថុនា បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យ និងប្រមូលធាតុចូលលើសេចក្តី ព្រាងគោលនយោបាយជាតិស្តីពី ស្វាយចន្ទីនៅកម្ពុជា។

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារចម្រុះរៀបចំគោលនយោបាយស្វាយចន្ទីកម្ពុជា លោក រាជ រ៉ា ដែលបានដឹកនាំកិច្ចប្រជុំនោះបានលើកឡើងថា ស្វាយចន្ទី គឺជាទំនិញមានសក្តានុពលដែលកម្ពុជាមានទាំងការដាំដុះ និងការផ្គត់ផ្គង់លើទីផ្សារក្នុងស្រុក និងនាំចេញ។ ដូច្នេះការរៀបចំឱ្យមាននយោបាយជាតិ នឹងរួមចំណែកយ៉ាងច្រើន ដល់ការសម្រេចបាននូវមហិច្ឆតាពេលអនាគតរបស់កម្ពុជា ក្នុងការក្លាយជាប្រទេសផលិត និងនាំចេញ។

លោកបន្តថា “គោលបំណងនៃសេចក្តីព្រាងគោលនយោបាយជាតិ គឺប្រែក្លាយកម្ពុជាទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីដ៏សំខាន់មួយ សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក”។

អនុប្រធានសាខាប្រចាំខេត្តកំពង់ធំ នៃសមាគមស្វាយចន្ទីកម្ពុជា លោកទ្រី គឹមស្រៀងបានមានប្រសាសន៍ថា បច្ចុប្បន្នចំនួនផ្ទៃដី និងគ្រួសារដាំដំណាំស្វាយចន្ទីបានកើនជាបន្តបន្ទាប់ ដូច្នេះបើកម្ពុជាមាននយោបាយជាតិស្វាយចន្ទី ទៀតនោះវានឹងធ្វើឱ្យការដាំដុះដំណាំប្រភេទនេះមានសម្ទុះកាន់តែខ្លាំង។

លោកបានបន្តថា “នយោបាយជាតិស្វាយចន្ទីដែលក្រសួងពាណិជ្ជកម្ម កំពុងរៀបចំនាពេលនេះសរសេរពីអ្វីខ្លះ ប៉ុន្តែខ្ញុំគិតថា វានឹងរួមចំណែកច្រើនជួយដល់អ្នកដាំដុះ និងទីផ្សារ ខណៈផលិតផលស្វាយចន្ទីបានកើនឡើងជាបន្តបន្ទាប់”។លោ្បន្តថា “ដោយសាររដូវប្រមូលផលស្វាយចន្ទីបញ្ចប់រួចរាល់ ដូច្នេះការទិញ-លក់ គឺមានតែស្វាយចន្ទីស្ងួត ឬក្រៀមប៉ុណ្ណោះ ដោយតម្លៃដែលឈ្មួញកំពុងប្រមូលទិញ ក្នុងខេត្តកំពង់ធំមានចន្លោះពី១ ៧០០ទៅ១៨០០ ដុល្លារក្នុង១តោន។

យោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឱ្យដឹងថា ក្នុងឆ្នាំ ២០២០ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីចំនួន ២១៨ ៩៨១ តោនកើនឡើង ៨,២៤ ភាគរយពីចំនួn២០២,៣១៨ តោនក្នុងឆ្នាំ២០១៩។ គ្រាប់ស្វាយចន្ទីត្រូវបាននាំទៅកាន់ប្រទេ សវៀតណាម ជប៉ុន រុស្ស៊ី ចិន ហុងកុង ថៃ បារាំង កូរ៉េខាងត្បូង បង់ក្លាដែស ម៉ាឡេស៊ី ហូឡង់ តួកគី និងឡាវ។

សព្វថ្ងៃនៅប្រទេសកម្ពុជា មានផ្ទៃដីចម្ការស្វាយចន្ទីប្រមាណ៥០ម៉ឺនហិកតា ដោយក្នុង១ហិកតា អាចផ្តល់ផលជាមធ្យម១,៥តោនក្នុង១ឆ្នាំ៕