រដ្ឋមន្រ្តីសាធារណៈការចុះពិនិត្យវឌ្ឈនភាពសាងសង់ផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប

ដោយៈគង់ សូរិយា

ភ្នំពេញៈ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីសាធារណៈការ និងដឹកជញ្ជូន លោកស៊ុន ចាន់ថុលកំពុងចុះពិនិត្យវឌ្ឈនភាពផ្លូវ ទាំង៣៨ខ្សែនៅក្រុងសៀមរាប ដែលដំណើរការសាងសង់កំពុងតែមានភាពសកម្ម។

នៅរសៀលថ្ងៃទី២៨ មិថុនានេះ លោកស៊ុន ចាន់ថុលនិងក្រុមមន្រ្តីជំនាញកំពុងចុះពិនិត្យផ្លូវ និងផ្តោតលើការពង្រឹងគុណភាពផ្លូវទាំង៣៨ខ្សែផងដែរ ដើម្បីធានាឲ្យប្រាកដថាផ្លូវនេះសាងសង់ចប់តាមផែនការ និងជាផ្លូវមានទាំងសោភ័ណភាព និងគុណភាពខ្ពស់។

ការស្ថាបនា និងកែលំអរស្ទឹងសៀមរាប គ្រោងចំណាយថវិកាប្រមាណ២០០លានដុល្លារ ដែលជាថវិកាជាតិ។
អ្នកជំនាញនានាបានមើលឃើញថា បន្ទាប់ពីផ្លូវទាំង៣៨ខ្សែស្ថាបនារួច នឹងជួយលើកកំពស់មុខមាត់ កិត្យានុភាព និងទាក់ទាញទេសចរណ៍ និងវិនិយោគិនជាតិ អន្តរជាតិផងដែរ ពិសេសការវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យ ខណៈខេត្តនេះនៅតែមានសក្តានុពលទាក់ទាញទេសចរណ៍យ៉ាងខ្លាំង។

គេហទំព័រដ៏ល្បីល្បាញលើពិភពលោកTripadvisor បានចាត់ចំណាត់ថ្នាក់ ក្រុងសៀមរាប ជាគោលដៅទេសចរណ៍លំដាប់លេខ១ នៅលើពិភពលោកជាថ្មីម្តងទៀត សំរាប់ឆ្នាំ២០២១នេះ។

ទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោកយិន លាងគង់បានមានប្រសាសន៍ថា ហេដ្ឋារចនាសម្ព័ន្ឋ ប្រៀបដូចជាមេដែកឆក់មួយ ដែលស្រូបទាញការវិនិយោគជាតិ និងអន្តរជាតិ ពិសេសជម្រុញឲ្យវិស័យអចលនទ្រព្យឡើងថ្លៃបន្ថែមទៀត សំរាប់ខេត្តដ៏ល្បីល្បាញនេះ។

លោកបន្តថា “យ៉ាងណាក៏ដោយអ្នកវិនិយោគ គួរសិក្សាពីទីផ្សារឲ្យបានច្បាស់លាស់ផងដែរ ដោយសារអំណាចនៃការទិញ របស់ប្រជាពលរដ្ឋនៅខេត្តនេះ នៅមានកម្រិតនៅឡើយ”។លោកបន្តថា “ខេត្តសៀមរាបមានការរីកចម្រើនខ្លាំងនៅទីក្រុង ប៉ុន្តែបើគិតពីប្រជាជនក្នុងខេត្តទាំងមូល ខេត្តមួយនេះជាខេត្តដែលមានប្រជាជនក្រីក្រជាងគេ នៅក្នុងចំណោមរាជធានី ខេត្តទាំង២៥នៅកម្ពុជា”៕

ការចាក់វ៉ាក់សាំងនៅរាជធានីភ្នំពេញនឹងបញ្ចប់នៅសប្តាហ៍ទី១ខែកក្កដា អាជ្ញាធរស្នើប្រជាពលរដ្ឋរួសរាន់

ដោយៈគង់ សូរិយា

ភ្នំពេញៈ អាជ្ញាធររាជធានីភ្នំពេញបានស្នើឲ្យប្រជាពលរដ្ឋ ដែលមិនទាន់ចាក់វ៉ាក់សាំង សូមរួសរាន់ ខណៈការចាក់នៅរាជធានីភ្នំពេញ នឹងបញ្ចប់នៅសប្តាហ៍ទី១ខែកក្កដាខាងមុខនេះ។

យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានចេញផ្សាយកាលពីចុងសប្តាហ៍មុនបានឲ្យដឹងថា យុទ្ធនាការនៃការចាក់វ៉ាក់សាំងនៅរាជធានីភ្នំពេញ ដែលមានកិច្ចសហការពីក្រុមគ្រូពេទ្យ នៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជា (TYDA) ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ទៀ បាញ់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស.ស.យ.ក. និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តផ្សេងទៀត បានដំណើរការទៅយ៉ាងរលូន។

សេចក្ដីជូនដំណឹងនេះឱ្យដឹងថា មានពលរដ្ឋអាយុចាប់ពី ១៨ ឆ្នាំឡើងទៅបានចូលរួមចាក់វ៉ាក់សាំងយ៉ាងសស្រាក់សស្រាំ តាមគោលដៅនៃខណ្ឌនីមួយៗ ដែលគិតមកទល់ថ្ងៃទី ២៣ មិថុនា គឺមាន ពលរដ្ឋនៅរាជធានី១,៦៦២,៣៥៦នាក់ បានចាក់ដូសទី១ និងចំនួន១,៤៩៨,៧៨៧នាក់បានចាក់ដូសទី២រួចរាល់។

រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថា នៅមានពលរដ្ឋមួយចំនួនតូច មិនទាន់បានមកទទួលវ៉ាក់សាំងនៅឡើយ។ ដូច្នេះដើម្បីឱ្យដំណើរការចាក់វ៉ាក់សាំងបានជោគជ័យ ១០០ ភាគរយ សាលារាជធានីភ្នំពេញ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅ ស្នាក់នៅប្រកបអាជីវកម្មមុខរបរផ្សេងៗ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលពុំទាន់ទទួលបានការចាក់វ៉ាក់សាំងសូមអញ្ជើញ រួសរាន់មកចាក់វ៉ាក់សាំងចាប់ពីថ្ងៃទី ២៧ ខែមិថុនា ដល់ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២១ កុំបីខាន។

ជាមួយនឹងការអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមិនទាន់ទទួលបានការចាក់វ៉ាក់សាំងឱ្យប្រញាប់ទៅចាក់នោះ រដ្ឋបាលរាជធានីភ្នំពេញក៏បានក្រើនរំឭកផងដែរថា ក្នុងករណីដែលប្រជាពលរដ្ឋមានការខកខាន ក្រោយពីបិទបញ្ចប់នឹងមិនទទួលខុសត្រូវ ក្នុងការចាក់វ៉ាក់សាំងជូនទៀតឡើយ៕

 

គម្រោងព្រលានយន្តហោះចំនួនបីកំពុងតែមានបញ្ហា ខណៈវិបត្តិកូវីដនៅបន្តអូសបន្លាយ

ដោយៈគង់ សូរិយា

ភ្នំពេញៈ គំរោងបើកឲ្យដំណើរការ និងការសាងសង់ព្រលានយន្តហោះថ្មីចំនួនពីរទៀតបាននិងកំពុងជាប់គាំង ដោយសារវិបត្តិកូវីដ១៩កំពុងរីករាលដាលកាន់តែធ្ងន់ធ្ងរ។

ជាមួយនឹងវិបត្តិនេះ សេដ្ឋកិច្ចកម្ពុជានឹងជួបភាពមិនច្បាស់់លាស់ ខណៈសេនារីយោមួយរបស់ធនាគារពិភពលោក គឺសេដ្ឋកិច្ចកម្ពុជាអាចសម្រេចបានកំនើនប្រមាណ១ភាគរយប៉ុណ្ណោះ។

អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលលោកស៊ិន ចាន់សិរីវុត្ថា បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា គំរោងបើកដំណើរការព្រលានយន្តហោះតារាសាគរ ខេត្តកោះកុងត្រូវបានពន្យាពេល និងអាចពន្យាពេលយូរថែមទៀត ដោយសារជំងឺកូវីដ១៩៩ ខណៈព្រលានយន្តហោះនេះបានបញ្ចប់ការសាងសង់រួចហើយ នៅរង់ចាំតែក្រុមការងារបច្ចេកទេសធ្វើតេស្តការហោះហើរប៉ុណ្ណោះ។

លោកបន្តថា “អ្នកជំនាញអន្តរជាតិមិនទាន់ធ្វើដំណើរមកកម្ពុជាបាន ដោយសារបារម្ភពីជំងឺកូវីដ១៩ ប៉ុន្តែព្រលាននេះសាងសង់រួចហើយ”។

លោកស៊ិន ចាន់សិរីវុត្ថាបានបន្តឲ្យដឹងទៀតថា ចំណែកព្រលានយន្តហោះក្រុងបាត់ដំបង ដែលគ្រោងស្តារឡើងវិញ ក្រុមការងារក៏បានផ្អាកផងដែរ ដោយសារវិបត្តិជំងឺនេះ ហើយការចាប់ផ្តើមសិក្សានាពេលណាឡើងវិញ ស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយ។

រីឯព្រលានយន្តហោះខេត្តមណ្ឌលគិរី ក្រុមការងារបច្ចេកទេសបានចុះសិក្សាផងដែរ ប៉ុន្តែការសិក្សាបានដំណើរការយឺតជាងការគ្រោងទុក ដោយសារវិបត្តិជំងឺនេះផងដែរ។នេះបើតាមការឲ្យដឹងពីលោកស៊ិន ចាន់សិរីវុត្ថា។

លោកបន្តថា ព្រលានយន្តហោះខេត្តមណ្ឌលគិរី ជាព្រលានខ្នាតតំបន់ឬខ្នាតអន្តរជាតិនេះ គ្រោងចំណាយទឹកប្រាក់វិនិយោគប្រមាណ១០០លានដុល្លារអាមេរិក។

ទោះជាព្រលានទាំងបីនេះមានបញ្ហាក្តី ប៉ុន្តែការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងព្រលានយន្តហោះអន្តរជាតិថ្មី ខេត្តសៀមរាបនៅតែដំណើរការយ៉ាងសកម្ម និងបញ្ចប់តាមផែនការគ្រោងទុក៕

សណ្ឋាគារលំដាប់អន្តរជាតិមួយតម្លៃ៣៥លានដុល្លារនៅជាប់ស្ពានអាកាសក្បាលថ្នល់កំពុងសាងសង់យ៉ាងសកម្ម

ដោយៈគង់ សូរិយា
ភ្នំពេញៈ សណ្ឋាគារលំដាប់អន្តរជាតិមួយSun& Moonបាននិងកំពុងសាងសង់យ៉ាងសកម្ម ទោះជាប្រឈមនឹងវិបត្តិជំងឺកូវីដក្តី។

សណ្ឋាគារនេះ មានទីតាំងលើមហាវិថីព្រះនរោត្តម ស្ថិតនៅផ្នែកម្ខាងនៃស្ពានអាកាសក្បាលថ្នល់។ ជាជាសណ្ឋាគារ​ថ្នាក់​ផ្កាយ៤ថ្មី​មួយ ដែលមាន​ទុនវិនិយោគ​ជាង៣៥លាន​ដុល្លារ​នឹង​បង្ហាញខ្លួន​នៅ​ទឹកដី​ក្រុងភ្នំពេញ។ នេះ​បើ​យោងតាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នៅ​ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ។

យោងតាមឯកសារ ដែលបានអនុម័តដោយក្រមប្រឹក្សាវិនិយោគ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឲ្យដឹងកាលពីឆ្នាំមុនថា គណៈកម្មាធិការ​វិនិយោគ​កម្ពុជា ​នៃ​ក្រុមប្រឹ​ក្សា​​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន SUN & MOON HOTEL CO., LTD. សម្រាប់​គម្រោង​សាងសង់​និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ៤នេះ។

អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ៤ មាន​ចំនួន២០០បន្ទប់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ដី​ឡូ​តិ៍​លេខ២៨៥ មហាវិថី​ព្រះ​នរោត្តម ជាប់​ស្ពាន​ព្រះមុនីវង្ស កែង​ផ្លូវ​លេខ២៣៣ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ៣៥,២លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន៥៣៥កន្លែង។

កាលពី​មីនា ឆ្នាំ២០២០ កម្ពុជា​បានជា​ប់​លំដាប់​កំពូល ដោយ​ស្ថិត​ចំណោម១០ ទិសដៅ​វិនិយោគ​សណ្ឋាគារ​លំដាប់​ផ្កាយ៥ ដែលមាន​តំលៃ​សមរម្យ និង​ទទួលបាន​ចំណាត់ថ្នាក់​ខ្ពស់បំផុត​នៅលើ​ពិភពលោក។

យោងតាម​ការសិក្សា​មួយ ដែល​ចេញផ្សាយ​នៅ​សប្តាហ៍​នេះ ដោយ​គេហទំព័រ The Hotel Guru បាន​ចាត់​ចំណាត់ថ្នាក់​ព្រះរាជាណាចក្រ​កម្ពុជា ស្ថិតនៅក្នុង​លេខ​រៀង​ទី៩ នៅលើ​ពិភពលោក ទាក់ទង​នឹង​លទ្ធភាព និង​របៀប​ដែល​កម្ពុជា​ត្រូវបាន​ពិនិត្យមើល និង​វាយតម្លៃ​ដោយ​អតិថិជន។ គេហទំព័រ​ពិពណ៌នា​ខ្លួន​ថា ជា​គេហទំព័រ​ដែលមាន​បេសកកម្ម​ស្វែងរក និង​ពិនិត្យឡើងវិញ នូវ​កន្លែង​ល្អ​បំផុត​ដើម្បី​ស្នាក់នៅ​ជុំវិញ​ពិភពលោក។

ការសិក្សា​នេះ បាន​គ្របដណ្តប់​លើ​ប្រទេស​ចំនួន៩៩ នៃ​ទ្វីប​ចំនួន៦នៅលើ​ពិភពលោក។

បណ្តា​ប្រទេស​នៅ​អឺរ៉ុប បាន​គ្រប់គ្រង​ចំណាត់ថ្នាក់​ដោយមាន៧ប្រទេស ស្ថិតក្នុង​ចំណាត់ថ្នាក់​កំពូល​ទាំង១០ ដឹកនាំ​ដោយ​អា​មេ​នី ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី១ ។ ប្រទេស​អឺរ៉ុប​ចំនួន៦ផ្សេងទៀត ដែល​ស្ថិតក្នុង​ចំណាត់ថ្នាក់​កំពូល​ទាំង១០ គឺ​ប្រទេស​ស៊ែ​ប៊ី ទី២ ប៉ូឡូញ ទី៤ លី​ទុយ​អា​នី ទី៥ រ៉ូ​ម៉ា​នី ទី ៧ ប៊ុលហ្គារី ទី៨ និង​ឡា​ត​វី​ទី១០។

ប្រទេស​ផ្សេងទៀត នៅក្នុង​កំពូល​ទាំង១០ ត្រូវបាន​កាន់កាប់​ដោយ​បណ្តា​ប្រទេស​អាមេរិក​ខាង ត្បូង​កូ​ឡុំ​ប៊ី​ជាប់​លេខ​រៀង​ទី៣ និង​ប៉ា​រ៉ា​ហ្គា​យ​លេខ​រៀង​ទី៦ ។

ប្រទេស​កម្ពុជា ជាប់​ជា​ប្រទេស​តែមួយគត់​មកពី​អាស៊ី ដែល​បាន​ជាប់​ចំណាត់ថ្នាក់​កំពូល​ក្នុងចំណោម ១០ប្រទេស។

ក្នុងការ​បង្កើត​ចំណាត់ថ្នាក់ គេហទំព័រ Hotel Guru បានចាត់ទុក​មិន​ត្រឹមតែ​ជាត​ម្លៃ​ទាប​ជា​មធ្យម សម្រាប់​ការ​ស្នាក់នៅ​ពេលយប់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​មតិ​របស់​អ្នកដំណើរ​ផងដែរ។ប្រទេស​កម្ពុ​ជាមាន​សណ្ឋាគា​រលំ​ដាប់​ផ្កាយ​ប្រាំ កាន់តែច្រើនឡើង។ ភាគច្រើន​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ​នៅ​កម្ពុជា មាន​ទីតាំងនៅ​រាជធានី​ភ្នំពេញ ខេត្តសៀមរាប និង​ខេត្ត​ព្រះសីហនុ៕

 

តើក្រុមហ៊ុនផលិតដែកធំបំផុតក្នុងពិភពលោកប្រចាំឆ្នាំ២០២១ ស្ថិតនៅក្នុង ប្រទេសណា?

ដោយៈសុខុម

អន្តរជាតិៈ ដូចដែលហើយបានដឹងហើយថា ដែកគឺជាសម្ភារៈដ៏សំខាន់មួយ ដែលមិនអាចខ្វះបាននៅក្នុងការជំរុញវិស័យសំណង់ ដូចនេះតើអ្នកដឹងទេថា ក្រុមហ៊ុនផលិតដែកដែលធំជាងគេបំផុត ក្នុងពិភពលោកមានឈ្មោះអ្វី ស្ថិតនៅក្នុងប្រទេសណា និងមានប្រវត្តិបែបណា? តោះ! មកស្វែងយល់ត្រួសៗទាំងអស់គ្នា!។

ក្រុមហ៊ុនផលិតដែកដែលធំជាងគេបំផុត ក្នុងពិភពប្រចាំឆ្នាំ២០២១ នេះមានឈ្មោះថា ArcelorMittal S.A. ជាមួយនឹងសមត្ថភាពផលិតដែក ប្រចាំឆ្នាំប្រមាណ៩២,៥លានតោនគិតត្រឹមឆ្នាំ២០១៨។ ក្រុមហ៊ុនផលិតដែកពហុជាតិសាសន៍មួយនេះ មានទីស្នាក់ការកណ្ដាលនៅក្នុងប្រទេសលុចសំបួរ។

*ប្រវត្តិក្រុមហ៊ុន

ក្រុមហ៊ុនArcelorMittal ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនMittal Steel ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ (១៥ឆ្នាំមុន) តាមរយៈការច្របាច់បញ្ចូលគ្នា ជាមួយក្រុមហ៊ុន Arcelor ដើម្បីក្លាយជាក្រុមហ៊ុនផលិតដែកធំបំផុតក្នុងពិភពលោក ជាមួយនឹងតម្លៃភាគហ៊ុនក្នុងមួយភាគហ៊ុន៤៨ដុល្លារអាមេរិក ហើយបើសរុបមានតម្លៃរហូតដល់ទៅប្រមាណ៣៣ពាន់លានដុល្លារ នៅពេលនោះ។

ក្រុមហ៊ុនយក្សមួយនេះ ផលិតដែកបានរហូតដល់ទៅ១០% នៃដែកទាំងអស់ដែលត្រូវបានផលិតសម្រាប់ផ្គត់ផ្គង់ ក្នុងវិស័យសំណង់ទូទាំងពិភពលោក។

គិតត្រឹមឆ្នាំ២០២០ ក្រុមហ៊ុននេះ ទទួលបានប្រាក់ចំណូល៥៣,២៧ពាន់លានដុល្លារ ទ្រព្យសកម្មសរុប៨២,០៥២ពាន់លានដុល្លារ និងបុគ្គលិកចំនួន១៦៨.០០០នាក់។

*ផលិតផល និងសកម្មភាពនានា

ក្រុមហ៊ុននេះផលិតដែកជាច្រើនប្រភេទមិនថា ដែកជ្រុង ដែកមូល ដែកសំប៉ែត ដែកវែង ដែកខ្លី និងសូម្បីដែកលួស។ក្រុមហ៊ុននេះ បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពស្រាវជ្រាវ និងការអភិវឌ្ឍនៅក្នុងវិស័យរ៉ែ និងដែក។

ក្នុងឆ្នាំ២០១៦ ក្រុមហ៊ុននេះផលិតដែក បានប្រមាណ៩០លានតោន ហើយគិតត្រឹមឆ្នាំ២០១៧ ក្រុមហ៊ុននេះបានផលិតដែកពិសេសចំនួន២០០មុខ សម្រាប់ប្រើប្រាស់នៅក្នុងការផលិតរថយន្ត ដោយពាក់កណ្ដាលក្នុងចំណោមនោះ ត្រូវបានបញ្ចេញតាំងពីឆ្នាំ២០០៧។

ក្នុងចំណោមប្រភេទដែកទាំងនោះ រួមមានទាំងដែកប្រភេទ Usibor 2000 ដែលក្រុមហ៊ុនបានប្រកាសកាលពីខែមិថុនា ឆ្នាំ២០១៦ និងបញ្ចេញតាមក្រោយក្នុងឆ្នាំដដែលនោះផងដែរ។ នៅពេលបញ្ចេញមានការអះអាងថា ដែកដ៏រឹងមាំសម្រាប់ផលិតរថយន្តនេះមានភាពរឹងមាំជាងដែកផ្សេងៗទៀត ដែលប្រើប្រាស់សម្រាប់ផលិតរថយន្តដល់ទៅ១ភាគ៣ឯណោះ។

*រចនាសម្ព័ន្ធក្រុមហ៊ុន

លោក Lakshmi Mittal ដែលជាជនជាតិឥណ្ឌា (ម្ចាស់ក្រុមហ៊ុន Mittal Steel) គឺជាប្រធាន និងជានាយកប្រតិបត្តិ។ គ្រួសាររបស់លោក កំពុងកាន់កាប់ភាគហ៊ុន៤០%នៅក្នុងក្រុមហ៊ុន៕

មន្ត្រីជាន់ខ្ពស់ៈ កម្ពុជានឹងទទួលបានគ្រប់ចំនួននូវវ៉ាក់សាំងកូវីដ១៩ចំនួន២០លានដូសគិតត្រឹមខែសីហា

ដោយៈ ប៊ី

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អះអាងថា ប្រទេសកម្ពុជានឹងទទួលបានគ្រប់ចំនួននូវវ៉ាក់សាំងកូវីដ១៩ ចំនួន២០លានដូស មុនផែនការកំណត់ ដែលវ៉ាក់សាំងទាំងអស់នឹងមកដល់កម្ពុជាត្រឹមខែសីហាឆ្នាំ២០២១។

ដូចនេះបញ្ហាបន្ទាប់នោះគឺការពន្លឿន ការចាក់វ៉ាកសាំងឱ្យបានលឿន ដែលរំពឹងថា ការចាក់វ៉ាក់សាំងសម្រាប់មនុស្ស១០លាននាក់ នឹងបញ្ចប់ ត្រឹមខែតុលា ឬ វិច្ឆិកា ឆ្នាំ២០២១ខាងមុនេះ។

លោកវង្ស៊ី វិសុទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានថ្លែងដូច្នេះប្រាប់អ្នកសារព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញទទួលការមកដល់នៃវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន១លានដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាលបានបញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់ របស់សាធារណរដ្ឋប្រជាមានិតប្រទេសចិន។

លោករដ្ឋលេខាធិការបានបន្តថា តាមការគ្រោងទុក វ៉ាក់សាំងចំនួន២០លានដូស នឹងត្រូវបានដឹកមកដល់ កម្ពុជាគ្រប់ចំនួននៅត្រឹមខែសីហាខាងមុខនេះ ដូចនេះយើងនឹងខិតខំពន្លឿនការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋឱ្យបានលឿន ហើយបើសិនជាមិនមានការប្រែប្រួលទេ ការមកដល់នៃវ៉ាក់សាំងត្រឹមខែសីហានេះ។

លោកបានថ្លែងបន្តថា យើងជឿជាក់ថា ក្នុងអំឡុងពេលខែតុលាឬខែវិច្ឆិកា យើងអាចចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់យើងចំនួន១០លាននាក់។ ជាមួយនេះ រាជរដ្ឋាភិបាល ក៏បានកំពុងគិតគូរផងដែរទៅលើការចាក់វ៉ាក់សាំងដល់កុមារអាយុពី១២ឆ្នាំ ទៅ១៨ ឆ្នាំ និងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ដូសទី៣ផងដែរ។

លោកវង្ស៊ី វិសុទ្ធក៏បានឱ្យដឹងផងដែរថា ដោយសារវ៉ាក់សាំងមកលឿនមុនផែនការកំណត់ ដូច្នេះ ផែនការ ចាក់វ៉ាក់សាំងនឹងត្រូវកែសម្រួល ហើយបើមិនមានការប្រែប្រួលទេ នៅសប្តាហ៍ក្រោយនេះ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបើកកិច្ចប្រជុំដើម្បីធ្វើការកែសម្រួល ផែនការចាក់វ៉ាក់សាំង ដែលយើងបានកំណត់នៅក្នុង «យុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅតំបន់ អាទិភាពខ្ពស់ សំដៅបង្កើតឱ្យបាននូវភាពស៊ាំសង្គមសេដ្ឋកិច្ចនៅកម្ពុជានៅក្នុងឆ្នាំ២០២១»។

លោកបានលើកឡើងថា ការដែលកម្ពុជាទទួលបានវ៉ាក់សាំងចំនួន២០លានដូសមុនកាលកំណត់ នេះ គឺមិនអាចកាត់ផ្តាច់ចេញពីការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នោះទេ។

លោបានបន្តថា ជាការពិតវាផ្អែកលើទំនាក់ទំនងល្អជាមួយប្រទេស ចិនក៏ពិតមែន ក៏ប៉ុន្តែមានប្រទេសជាច្រើនក៏មានទំនាក់ទំនងល្អជាមួយចិនដូចកម្ពុជាដែរ ចុះហេតុអ្វីគេមិនទទួល បានវ៉ាក់សាំងទាន់ពេលវេលាដូចកម្ពុជា។ ចំណុចនេះអាចវាយតម្លៃបានថា សម្តេចតេជោ ហ៊ុន សែន មានភាព ប៉ិនប្រសប់ក្នុងការទំនាក់ទំនង និងការចរចា ភាពឈ្លាសវៃមិនងាប់ក្រឡា ទើបយើងទទួលបានជោគជ័យក្នុង ការទិញវ៉ាក់សាំងនេះ។

លោកបានថ្លែងបន្តថា រាជរដ្ឋាភិបាលបានប្រើយុទ្ធសាស្ត្ររុលទៅមុខ គឺយើងមិន រងចាំតែរន្ធមួយនោះទេ គឺបានន័យថារន្ធមួយចូលមិនបាន រុលទៅរន្ធមួយទៀត។

លោកក៏បានឱ្យដឹងផងដែរថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន២០លានដូសនេះ កម្ពុជា ទទួលបានពីយន្តការកូវ៉ាក់ចំនួនជាង៣សែនដូស (ក្នុងចំនួនជាង៧ លានដូសដែល កូវ៉ាក់បង្ហាញសញ្ញាផ្តល់ឱ្យកម្ពុជា)។ ជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិនចំនួន២,២លានដូស (វ៉ាក់សាំងស៊ីណូហ្វាម ) និងក្រៅ ពីនោះគឺរាជរដ្ឋាភិបាលទិញដោយថវិកាផ្ទាល់ ដែលមានប្រមាណ១៧០លានដុល្លារអាម៉េរិក។

មកដល់ពេលនេះ កម្ពុជាមានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួនជាង១០លានដូសហើយ ដើម្បីចាក់ជូនប្រជាពលរដ្ឋ។ បើគិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ដល់ត្រឹមថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០២១ កម្ពុជាបាន ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួនជាង ៣លាន៨សែននាក់ ស្មើនឹងជាង៣៨ភាគរយហើយ។ ក្រៅតែពីរាជធានីភ្នំពេញ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងពង្រីកការចាក់វ៉ាក់សាំងទៅកាន់ ខេត្តកណ្តាល ព្រះសីហនុ កោះកុង កំពង់ស្ពឺ និងតាកែវផងដែរ៕

គំរោងសាងសង់ស្ពានអាកាសតម្លៃ៤០០លានដុល្លាររបស់ក្រុមហ៊ុន OCIC ទំនងអាចយឺតជាងការគ្រោងទុកដោយសារ

ដោយគង់ សូរិយា

ភ្នំពេញៈ គំរោងសាងសង់ស្ពានអាកាសតភ្ជាប់ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ មកកាន់ផ្លូវ៦០ម៉ែត្រ អាចទំនងជាយឺតជាងការគ្រោងទុក ដោយសារវិបត្តិជំងឺកូវីដ១៩។

អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាងបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា គំរោងនេះមិនទាន់សិក្សាចប់នៅឡើយទេ ប្រហែលជាប្រើពេលវេលាយូរបន្តិច។

លោកបន្តថា ដោយសារបញ្ហាជំងឺកូវីដ១៩ បានធ្វើឲ្យសកម្មភាពការងាររបស់ក្រុមហ៊ុនធ្លាក់ចុះប្រមាណ៥០ភាគរយ ព្រមជាមួយគ្នានេះការប្រកាសគំរោងដ៏ធំមួយនៅលើទីក្រុងកោះនរាក៏ត្រូវពន្យាពេលផងដែរ។

អ្នកឧកញ៉ាពុង ឃាវសែប្រធានក្រុមហ៊ុន OCIC ធ្លាប់បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនកំពុងសិក្សាគម្រោងផ្លូវល្បឿនលឿន ពីអាកាសយានដ្ឋានភ្នំពេញថ្មី នៅខេត្តកណ្តាល មកកាន់រាជធានីភ្នំពេញ ដោយដំណាក់កាលទី១ គឺគ្រោងនឹងចាប់ផ្ដើមសាងសង់នៅឆ្នាំ ២០២១ ខាងមុខនេះ។

អ្នកឧកញ៉ាបានបន្តថា “គម្រោងផ្លូវល្បឿនលឿននេះ គឺមិនមែនជាHighway ដូចផ្លូវទៅកំពង់សោមទេ តែសាងសង់ជាស្ពានអាកាសផុតពីដី មានប្រវែងសរុបប្រមាណ ២១,៥ គីឡូម៉ែត្រ និងមាន២ដំណាក់កាល”។

លោកបន្តថា ដំណាក់ទី១ ប្រវែង១០គីឡូម៉ែត្រ សាងសង់តាមផ្លូវសម្ដេចហ៊ុន សែន និងផ្លូវ២៧១ ហើយចាប់ពីផ្ដុំស្ពានអាកាសក្បាលថ្នល់ រហូតទៅដល់ផ្លូវជាតិលេខ២។ ដោយឡែកដំណាក់កាលទី២ គឺមានប្រវែងប្រមាណ១១គីឡូម៉ែត្រ ដោយសាងសង់ចេញពីផ្លូវជាតិលេខ២ ទៅកាន់អាកាសយានដ្ឋានភ្នំពេញថ្មីផ្ទាល់តែម្ដង”។

គម្រោងនេះ នឹងត្រូវចំណាយទុនប្រមាណ៤០០លានដុល្លារអាមេរិក ដែលដំណាក់កាលទី១ អាចនឹងចាប់ផ្ដើមនៅឆ្នាំ២០២១ ហើយគ្រោងនឹងបញ្ចប់ក្រោយព្រលានយន្តហោះ ពោលគឺក្រោយឆ្នាំ២០២៣បន្ដិចបន្ដួច។

អ្នកឧកញ៉ាបានបន្តថា ផ្លូវលើអាកាសថ្មីនេះ នឹងជួយសម្រួលការធ្វើដំណើរពីក្នុងក្រុង ទៅព្រលានថ្មីបានយ៉ាងឆាប់រហ័ស និងងាយស្រួល ដោយអ្នកបើកបរអាចបើកដល់ទៅល្បឿន១០០គីឡូម៉ែត្រក្នុងមួយម៉ោង។

កាលពីថ្មីៗនេះក្រសួងសាធារណការ និងដឹកជញ្ជូន មានផែនការចង់សិក្សាលទ្ធភាពសាងសង់ផ្លូវរថភ្លើងតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ព្រលានយន្តហោះភ្នំពេញថ្មីនៅខេត្តកណ្តាលផងដែរ។

គម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ជាគម្រោងខ្នាតយក្សដែលមានតម្លៃជាង១៥០០លានដុល្លារ ដោយស្ថាបនានៅលើផ្ទៃដី២៦០០ហិកតា ដែលអាចទទួលអ្នកដំណើរបាន១៥លាននាក់នៅពេលបញ្ចប់ដំណាក់កាលទី១ និងអាចទទួលអ្នកដំណើរបាន​៣០លាននាក់នៅដំណាក់កាលទី២៕

អ្នកធ្វើការនិងអ្នករស់នៅអាចទទួលបានអត្ថប្រយោជន៍ពីគម្រោងអចលនទ្រព្យពាណិជ្ជកម្មនៅកម្ពុជា

ដោយៈ ម៉ាណេត

ភ្នំពេញៈ បច្ចុប្បន្ន វិស័យសំណង់អចលនទ្រព្យ បានកំពុងរីកដុះដាលយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា ពិសេសទីក្រុងភ្នំពេញ និងក្រុងពះសីហនុ។ ក្នុងរយៈកាលចុងក្រោយនេះ គម្រោងសំណង់អគារបានកើនឡើងយ៉ាងច្រើននៅទីក្រុងភ្នំពេញ។

អចលនទ្រព្យពាណិជ្ជកម្ម សំដៅទៅកាអភិវឌ្ឍន៍អចលនទ្រព្យ ទាំងឡាយណាដែលប្រើសម្រាប់ការធ្វើអាជីវកម្ម ដែលរួមសណ្ឋាគារ ផ្សារទំនើប អគារការិយាល័យ ហាងលក់ទំនិញដុំ ឬរាយ អគារសេវាកម្មចម្រុះ និងអគារអាផាតមិនជាដើម។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ ERA Cambodia លោកខន គង្គាបានថ្លែងប្រាប់កាលពីសប្តាហ៍មុនថា អាគារពាណិជ្ជកម្មបែបចម្រុះ (mixed-use development) មានលក្ខណៈពិសេសជាច្រើន រួមបញ្ចូលទាំងខុនដូ ការិយាល័យ ផ្សារទំនើប និងសេវាកម្មជាច្រើនទៀត។

លោកបានលើកឡើងទាក់ទង នឹងអាគារពាណិជ្ជកម្មបែបចម្រុះនេះថា ប្រទេសជិតខាង ដូចជាប្រទេសសិង្ហបុរី និងប្រទេសថៃជាដើម បានអភិវឌ្ឍន៍អាគារពាណិជ្ជកម្មច្រើនរួចទៅហើយ ហើយបច្ចុប្បន្នអ្នកអភិវឌ្ឍន៍ បាននាំមកការអភិវឌ្ឍបែបនេះមកកម្ពុជាដែរ ដូចជាគម្រោង Bridge គម្រោង The Peak និងគម្រោងជាច្រើនចាប់ផ្តើមមានការអភិវឌ្ឍន៍ជាអាគារពាណិជ្ជកម្មបែបចម្រុះជាបន្តបន្ទាប់។

លោកបានថ្លែងថា “មូលហេតុដែលអ្នកអភិវឌ្ឍន៍ ធ្វើការអភិវឌ្ឍពាណិជ្ជកម្មបែបចម្រុះបែបនេះ គឺដោយសារ វាមានភាពងាយស្រួលសម្រាប់អ្នកធ្វើការ អ្នករស់នៅ និងអ្នកប្រកបអាជីវកម្ម នៅកន្លែងគម្រោងអាគារពាណិជ្ជកម្មតែម្តង។ វាថែមទាំងជួយសន្សំពេលវេលា”។

លោកបានឱ្យដឹងទៀតថា ឧទាហរណ៍ បើសិនជាយើងធ្វើការឬរកស៊ី យើងស្នាក់នៅ និងធ្វើការក្នុងអាគារ ដែលមានសេវកម្មចម្រុះនៅនឹងមួយកន្លែងតែម្តង ដូច្នេះវាធ្វើឱ្យយើងចំណេញពេលវេលាក្នុងការធ្វើដំណើរ។លោកបានបន្តថា គោលបំណងរបស់អ្នកអភិវឌ្ឍន៍អាគារពាណិជ្ជកម្មបែបចម្រុះ គឺដើម្បីបម្រើសេវាកម្មដល់ទាំងអ្នកធ្វើការ និងអ្នករស់នៅក្នុងគម្រោងរបស់ខ្លួន។

ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ គេអាចសង្កេតឃើញមានវត្តមាន អគារពា​ណិជ្ជកម្មជាច្រើន កំពុងត្រូវបានសាងសង់ និងលេចជារូបរាងបណ្ដើរៗ តួយ៉ាងដូចជា អាគារ The Prince Happiness Plaza អគារ The Peak និង អគារ Prince International Plaza ជាដើម៕

ហេតុអ្វីបានជាមានកំណើននៃបទល្មើសបច្ចេកវិទ្យា? តើគួរធ្វើដូចម្តេចកាត់បន្ថយបទល្មើស?

ដោយៈ គង់ ម៉ាលីន

ភ្នំពេញៈ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង។

យោងរបាយការណ៍ចេញផ្សាយដោយ Hootsuite នៅឆ្នាំ២០២០ បង្ហាញថា ព្រះរាជាណាចក្រកម្ពុជា មានក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិតប្រមាណ ៤៧ក្រុមហ៊ុន ចំណែ​កតួលេខ នៃការប្រើប្រាស់អ៊ីនធឺណេតមានចំនួន៨.៨៦លាននាក់ (៥២,៦%) អ្នកប្រើប្រាស់បណ្តាញសង្គមមានចំនួន១២លាននាក់ (៧១,៣%)។ ចំនែកការប្រើប្រាស់សេវាទូរស័ព្ទ មានប្រមាណ២១.១៨លាននាក់ ស្មើនឹង១២៥,៨% ប្រៀបធៀបនឹងចំនួនប្រជាជនកម្ពុជាសរុប។

ទន្ទឹមនឹងការវិវឌ្ឍនៃបច្ចេកវិទ្យា យើងសង្កេតឃើញមានបទល្មើស ដែលប្រើប្រាស់បច្ចេកវិទ្យាជាមធ្យោបាយ ក៏កំពុងកើតមានជាច្រើនករណី និងមានបងប្អូនប្រជាពលរដ្ឋក្លាយជាជនរងគ្រោះជាបន្តបន្ទាប់ផងដែរ។

តើភាពងាយរងគ្រោះនៃបទល្មើសបច្ចេកវិទ្យា បណ្តាលមកពីកក្តាអ្វីខ្លះ?
កន្លងមកមានការស្តីបន្ទោសលើជនរងគ្រោះ នៃបទល្មើសបច្ចេកវិទ្យា (បទល្មើសថតរូបអាសអាភាសគម្រាមទារប្រាក់ បទល្មើសឆបោកប្រាក់។ល។) ពីសំណាក់បងប្អូនសាច់ញាតិ ឬអ្នកលេងបណ្តាញសង្គម ប៉ុន្តែបើយើងសិក្សាឱ្យបានស៊ីជម្រៅ។

ប៉ុន្តែមានកត្តារួមផ្សំមួយចំនួនទៀត ដែលធ្វើឱ្យបទល្មើសបច្ចេកវិទ្យាមានការកើនឡើង ក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្នុងតំបន់ មានដូចជា ទី១- កំណើននៃការប្រើប្រាស់បច្ចេកវិទ្យាពីសំណាក់ប្រជាពលរដ្ឋទូទៅ ទី២- កង្វះការយល់ដឹងអំពីហានិភ័យនៃការប្រើប្រាស់បច្ចេកវិទ្យា។ ទី៣- កត្តាច្បាប់ បទដ្ឋានគតិយុត្ត និងយន្តការពាក់ព័ន្ធនានា ដើរពុំទាន់បរិបទនៃបច្ចេកវិទ្យា (ដោយមើលឃើញបញ្ហាទាំងនេះ រាជរដ្ឋាភិបាលតាមរយៈអង្គភាពជំនាញកំពុងធ្វើសេចក្តីព្រាងច្បាប់ បទដ្ឋានគតិយុត្ត និងយន្តការពាក់ព័ន្ធនានា តួរយ៉ាងច្បាប់ប្រឆាំងបទល្មើសបច្ចេកវិទ្យាព័ត៌មាន និងច្បាប់សន្តិសុខបច្ចេកវិទ្យា ជាដើម)។

ទី៤- ភាពអំណោយផលនៃប្រតិបត្តិការផ្ទេរប្រាក់ (Crypto Currency / Digital Payment / Payment System / Bank Transfer) ទី៥- ឧក្រិដ្ឋជនបច្ចេកវិទ្យា ប្រើប្រាស់វិធីសាស្ត្រ និងបច្ចេកទេសខ្ពស់ ក្នុងការប្រព្រឹត្តិបទល្មើស និងទី៦- ឧក្រិដ្ឋជនចាប់ ផ្តើមប្រព្រឹត្តិបទល្មើស ស្ថិតក្រោមរចនាសម្ព័ន្ធចាត់តាំង។

ដូច្នេះដើម្បីចូលរួមកាត់បន្ថយភាពងាយរងគ្រោះ នៃបទល្មើសបច្ចេកវិទ្យា ពលរដ្ឋគ្រប់រូបគួរស្វែងយល់អំពីបច្ចេកវិទ្យា ហានិភ័យពាន់ព័ន្ធ ដោយធ្វើការអាន ស្តាប់ ទស្សនាវីដេអូ សិក្សាស្វែងយល់ លើអត្ថបទកាសែត អត្ថបទអប់រំ វីដេអូអប់រំ ព័ត៌មានពាក់ព័ន្ធផ្សេងៗ និងបន្តផ្សព្វផ្សាយអប់រំ ចែករំលែកជូនដល់សាច់ញាតិ បងប្អូន មិត្តភក្តិ ព្រមទាំងចូលរួមធ្វើសេចក្តីរាយការណ៍ជូនសមត្ថកិច្ចពាក់ព័ន្ធ ក្នុងករណីជួបប្រទះ ឬសង្ស័យថាជា បទល្មើសបច្ចេកវិទ្យា៕

រដ្ឋាភិបាលកំពុងឆ្ពោះផលិតអគ្គិសនីដោយថាមពលកកើតឡើងវិញឲ្យបាន២៥ភាគរយនៅឆ្នាំ២០៣០

ដោយៈ គង់ ម៉ាលីន

ភ្នំពេញៈ នៅក្នុងចក្ខុវិស័យដែលជាផែនការមេរបស់រដ្ឋាភិបាល បានកំណត់ដាក់បញ្ចូលគោលដៅអនុវត្តន៍ថ្មី នៃការផលិតអគ្គិសនីដើរ ដោយថាមពលកកើតឡើងវិញប្រមាណ២៥ភាគរយ នៅក្នុងល្បាយថាមពលនៅត្រឹមឆ្នាំ២០៣០ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ជាក់ស្ដែង និងរួមចំណែកក្នុងការដោះស្រាយនូវបម្រែបម្រួលអាកាសធាតុ ដែលជាកង្វល់របស់ពិភពលោកនាពេលបច្ចុប្បន្ន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍កាលពីពេល​ថ្មីៗនេះបានមានប្រសាសន៍ឲន្យដឹងថា គោលដៅថ្មីនេះ ក៏រួមបញ្ចូលការផលិតអគ្គិសនី ពីថាមពលកកើតឡើងវិញចំនួន២៥ភាគរយ នៅក្នុងល្បាយថាមពល (Energy Mix)នៅឆ្នាំ២០៣០។ ទន្ទឹមនេះដែរ ការប្រែប្រួលអាកាសធាតុជាបាតុភូតប្រទាក់ក្រឡាគ្នា ដែលត្រូវដោះស្រាយតាមមធ្យោបាយជាកញ្ចប់គ្រប់ជ្រុងជ្រោយ ទាំងលើទិដ្ឋភាពសង្គមសេដ្ឋកិច្ច និងបរិស្ថាន។

នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពស្តីពី ការចូលរួមចំណែករបស់ជាតិ ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ដែលកម្ពុជាត្រៀមដាក់ជូនទៅលេខាធិការដ្ឋាន អនុសញ្ញាសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ (UNFCCC) នាដំណាច់ឆ្នាំនេះ កម្ពុជា បានបញ្ចូលនូវគោលដៅថ្មីច្បាស់លាស់ ពាក់ព័ន្ធនឹងការកាត់បន្ថយ ការបញ្ចេញឧស្ម័ន ប្រមាណ៣៨,៩លានតោនសមមូលឧស្ម័នកាបូនិក រួមបញ្ចូលទាំងក្នុងវិស័យព្រៃឈើ វិស័យសំណល់ និងកសិកម្ម ឬស្មើនឹង១៨ភាគរយ ធៀបនឹងសេណារីយ៉ូតាមទម្លាប់ធម្មតា (Business As Usual) នៅត្រឹមឆ្នាំ២០៣០។

ស្ថិតនៅក្នុងគោលដៅខាងលើនេះ បច្ចុប្បន្នសម្រាប់វិស័យថាមពល កម្ពុជាបានគាំទ្រ និងអនុម័តលើគម្រោងស្នើសុំវិនិយោគ បង្កើតស្ថានីយផលិតអគ្គិសនី ដើរដោយថា​មពលពន្លឺព្រះអាទិត្យជាច្រើនគម្រោងជាបន្តបន្ទាប់ ស្ថិតនៅតាមបណ្តាខេត្តក្រុងមួយចំនួនដូចជាខេត្តព្រះសីហនុ កំពង់ស្ពឺ ពោធិ៍សាត់ កំពង់ឆ្នាំង កណ្តាល បន្ទាយមានជ័យ និងខេត្តឧត្តមានជ័យជាដើម។

ការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ គឺជាគោលនយោបាយមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះការផ្តោតជាសំខាន់ ទៅលើការអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យ ស្ថិតក្នុងអាទិភាពមួយ។ បណ្តាញផ្គត់ផ្គង់នៅកម្ពុជា ដែលរួមមាន២៥ខេត្តក្រុង ក្នុងនោះ១៥ខេត្ត ក្រុងបានតភ្ជាប់ជាមួយនឹងបណ្តាញបញ្ជូនជាតិ ហើយគោលដៅរបស់កម្ពុជានៅឆ្នាំ២០២០នេះ កម្ពុជានឹងរំពឹងថាសម្រេចឲ្យបាន នូវផ្តល់អគ្គិសនីឲ្យបានទាំង២៥ខេត្តក្រុង ដោយថាមពលអគ្គិសនីក្នុងប្រភេទតុងស្យង់ខ្ពស់។

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ប្រទេសកម្ពុជាបានធ្វើបច្ចុប្បន្នភាព ផែនការថាមពលរបស់ខ្លួន សម្រាប់ឆ្នាំ២០២០ ដល់ឆ្នាំ២០៣០ បន្ថែមពីលើគម្រោងវិនិយោគលើវិស័យថាមពល ពីវិស័យឯកជន រដ្ឋាភិបាលក៏បានគ្រោងប្រើឧស្ម័នធម្មជាតិ (Natural Gas) សម្រាប់ការផលិតថាមពលអគ្គិសនី ក្នុងចំណែកមួយដ៏ធំ ដែលមានអនុភាពសរុប៣៦០០មេហ្គាវ៉ាត ដោយអាចនឹងផ្តើមអនុវត្តចាប់ពីឆ្នាំ២០២៧ រហូតដល់ឆ្នាំ២០៣០។

លោកបន្តថា “សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ត្រូវបានរំពឹងថា នឹងងើបឡើងវិញនៅឆ្នាំ២០២១ បន្ទាប់ពីថយចុះនៃការរីករាលដាលជាសកលនៃជម្ងឺកូវីដ១៩”។ លោកបន្តថា “ដូច្នេះតម្រូវការថាមពលរបស់ប្រទេសកម្ពុជារំពឹងថា នឹងមានសន្ទុះឡើងវិញ ក្នុងនេះឧស្ម័នធម្មជាតិ នឹងដើរតួនាទីយ៉ាងសំខាន់ សម្រាប់ល្បាយប្រភពថាមពលនៅកម្ពុជា ពិសេសក្នុងវិស័យឧស្សាហកម្ម ដឹកជញ្ជូន ពាណិជ្ជកម្ម និងលំនៅដ្ឋាន”៕