ដោយៈសុជាតា
បាត់ដំបងៈ បើទោះបីជាវិបត្តិ covid 19 បានធ្វើអោយតម្លៃអចនទ្រព្យនៅខេត្តពាយ័ព្យមួយនៅទ្រឹងក៏ពិតមែន ក៏គម្រោងអភិវឌ្ឍលំនៅដ្ឋាន កំពុងសាងសង់យ៉ាងមម៉ាញឹក ក្នុងតំបន់ក្រុងបាត់ដំបង ហើយគម្រោងធំៗជាច្រើនបានបន្តកើនឡើង។
លោកកែវ សារ៉ន ប្រធានសាខាក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តបាត់់ដំបងបានប្រាប់ Property Area Asia កាលពីចុងសប្តាហ៍មុនថា បើយើងក្រលេកមើលតម្លៃដីធ្លី នៅតំបន់ជាយក្រុង កាលពីប្រាំឆ្នាំមុន ត្រឹមតែ១ទៅ៥ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែពេលបច្ចុប្បន្ន ប្រជាជនដែលគាត់រំពឹងទុកលើការចំណេញពីវិស័យនេះបានបន្តវិនិយោគ ដោយទិញដីទុក ធ្វើអោយតម្លៃដីក្នុងក្រុងកើនឡើងចន្លោះពី៥០ ដុល្លារ ទៅ១០០ដុល្លារនៅក្នុងមួយម៉ែត្រការ៉េ។
គម្រោងធំៗមាន ដូចជា គម្រោងអភិវឌ្ឍទីក្រុងរណបថ្មី ការអភិវឌ្ឍនៅតំបន់ភូ ពុយ គម្រោងអភិវឌ្ឍបុរី រំចេក បុរី រស្មីបាត់ដំបង បុរី ស្តាវិឡា បុរីរតនៈ បុរីរោងចក្រ បុរី បាត់ដំបងឃ្វែរជាដើមកំពុងពង្រីកមូលដ្ឋានសក្តានុពលរបស់ខេត្តនេះ។
លោកកែវ សារ៉នបានបន្ថែមទៀត គម្រោងអភិវឌ្ឍព្រលានយន្តហោះ ការអភិវឌ្ឍផ្លូវថ្មីរវាងខេត្តសៀមរាប ទៅបាត់ដំបង និងគម្រោងផ្លូវកំពុងសាងសង់ផ្លូវពីខេត្តបាត់ដំបងទៅដល់ខេត្តកោះកុង បានអោយធ្វើអោយតម្លៃដីធ្លីក្នុងខេត្តនេះ បានបន្តកើនឡើងជាបន្តបន្ទាប់ ក្នុងអត្រាកំណើន៥០ភាគរយជាប្រចាំឆ្នាំ។ ភាគច្រើនអ្នកទិញដីធ្លី ជាអ្នកវិនិយោគក្នុងស្រុក ដោយមិនទាន់មានអ្នកវិនិយោគពីបរទេសច្រើននោះទេ។
លោកបន្តថា ចំពោះតំបន់ផ្លូវក្រវាត់ក្រុង ស្ថិតនៅតាមបណ្តោយផ្លូវជាតិ៥ ជាផ្លូវហាយវ៉េអាស៊ានលេខមួយ មានការពុះដីឡូលក់ និង បង្កើតបុរីមួយចំនួនផងដែរ ធ្វើអោយតម្លៃដីតំបន់នោះកើនឡើងក្នុង១ ម៉ែត្រ១០០ដុល្លារផងដែរ។
លោកបន្ថែមទៀត ចំពោះគម្រោងអភិឌ្ឍធំចុងក្រោយ ដូចជា គម្រោងលំហែកាយបែបទេសចរណ៍របស់ឧកញ៉ា ឡេង ណាត្រា ក្នុងទំហំដី៥០០ហិចតា និងគម្រោងអភិវឌ្ឍវាយកូនគោលរបស់ឧកញ៉ា ហេងតុលា លើផ្ទៃដី៧០ហិចតា និងផែនការអភិវឌ្ឍន៍របស់ក្រុមហ៊ុនឯកជនដទៃទៀត កំពុងធ្វើឲ្យតម្លៃដីធ្លីកើនឡើងជាប្រចាំ ទោះបីមានបញ្ហាជំងឺកូវីដ១៩ក្តី។
ទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោកយិន លាងគង់បានមានប្រសាសន៍ថា ជាមួយនឹងចក្ចុវិស័យច្បាស់លាស់របស់ប្រមុខរដ្ឋាភិបាល ដែលបានដាក់ចេញនូវផែនការអភិវឌ្ឍន៍ជាច្រើននៅក្នុងខេត្តនេះ រួមមានការសាងសង់ផ្លូវជាតិលេខ១០ ផែនការស្តារព្រលានយន្តហោះឡើងវិញ និងផែនការសាងសង់ផ្លុវជាតិតភ្ជាប់ពីខេត្តសៀមរាប មកកាន់ខេត្តបាត់ដំបងបាននិងកំពុងជំរុញក្រុមហ៊ុនឯកជនធំៗមួយចំនួន កំពុងពង្រីកផែនការវិនិយោគរបស់ពួកគេ ដូចជាគំរោងវិនិយោគរបស់អ្នកឧកញ៉ាឡេង ណាវ៉ាត្រាជាដើម។
លោកបន្តថា “ការហូរចូលនូវការវិនិយោគពីវិស័យឯកជន និងផែនការអភិវឌ្ឍន៍ខេត្តនេះជាមណ្ឌលសំរាប់់ភ្ញៀវទេសចរណ៍អន្តរជាតិ នឹងធ្វើឲ្យខេត្តនេះក្លាយជាមូលដ្ឋាននៃកំនើនសេដ្ឋកិច្ចដ៏សំខាន់មួយ នៃភូមិភាគពាយ័ព្យប្រទេស”៕