តំបន់ភាគខាងលិចរាជធានីទាក់ទាញការវិនិយោគដីធ្លី ខណៈតម្លៃចាប់ផ្តើមកំរើកឡើងវិញ

ដោយៈគង់ ម៉ាលីន

ភ្នំពេញៈ តំបន់ភាគខាងលិចរាជធានីភ្នំពេញ មានសកម្មភាពទិញលក់ដីធ្លីកើនឡើងវិញ ពិសេសនៅផ្លូវជាតិលេខ៤១ លេខ៥១ ផ្លូវជាតិលេខ៤៤ជាដើម។

តាមរយៈការចុះសិក្សាផ្ទាល់កាលពីសប្តាហ៍មុន ពីក្រុមការងារ Propertyarea.asia ដោយបានជួបជាមួយភ្នាក់ងារអាជីព និងភ្នាក់ងារអចលនទ្រព្យ ក្រៅផ្លូវការនៅតាមមូល ដ្ឋានបានបង្ហាញថា សកម្មភាពទិញលក់ដីធ្លីបានកើនឡើងវិញបណ្តើរៗហើយ ដោយមានអ្នករកទិញដីកើនឡើង ខណៈរោងចក្រសហគ្រាសថ្មីៗ បានចាប់ផ្តើមបង្ហាញខ្លួននៅតាមតំបន់ទាំងនេះច្រើន ជាមួយនឹងសកម្មភាពនៃការសាងសង់ និងអភិវឌ្ឍន៍បុរី លំនៅដ្ឋានកាន់តែច្រើន។

តម្លៃដីធ្លីនៅតាមបណ្តោយផ្លូវជាតិលេខ៥១ ផ្លូវជាតិលេខ៥១ ផ្លូវជាតិលេខ៤៤ តម្លៃធ្លីបានកើនឡើង៣ទៅ៥ដង អាស្រ័យលើទីតាំងមានសក្តានុពល អាស្រ័យលើសណ្ឋាន និងទំហំដីជាដើម។

ទីប្រឹក្សាសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា លោកយិន លាងគង់បានមានប្រសា​សន៍ឲ្យដឹងកាលពីម្សិលម៉ិញនេះថា ដោយសារតំបន់ខាងលើហាក់ដូចជា ចំណុចកណ្តាលមួយតភ្ជាប់រវាងរាជធានីភ្នំពេញ កណ្តាល និងកំពង់ស្ពឺ ពិសេសការតភ្ជាប់ពីតំបន់នេះទៅកាន់ផ្លូវជាតិសំខាន់ៗ រួមទាំងគោលនយោបាយគាំទ្ររបស់រដ្ឋាភិបាល បានធ្វើឲ្យសកម្ម​ភាពទិញលក់ដីធ្លីបានកើនឡើង ខណៈអ្នកវិនិយោគដីឡូត៍សម្រាប់លក់ ថៅកែរោង ចក្រ សហគ្រាសនានា និងអ្នកអភិវឌ្ឍន៍បុរីបានទៅកាន់តំបន់នេះ។

លោកបន្តថា “សកម្មភាពអភិវឌ្ឍន៍លំនៅដ្ឋាននៅតំបន់នេះ ភាគច្រើនអ្នកវិនិយោគ​បានចាប់យកលំនៅដ្ឋានតម្លៃសមរម្យ ដោយមានតម្លៃចន្លោះពី២០,០០០ទៅ៤០,០០០ដុល្លារអាមេរិកប៉ុណ្ណោះ”។ លោកបន្តថា “អ្នកវិនិយោគភាគច្រើនបានផ្តោតលើ​ប្រជាជនមូលដ្ឋាន ដែលមានជីវភាពប្រសើរឡើង ដោយសារការលក់ដីធ្លីរបស់ពួកគាត់ ព្រោះដីនៅតាមតំបន់ទាំងនោះបានកើនតម្លៃខ្លាំង ធ្វើឲ្យជីវភាពប្រជាពលរដ្ឋប្រសើរឡើង”។

លោកយិន លាងគង់បានបន្តថា បច្ចុប្បន្នរោងចក្រ សហគ្រាសនានាបានចាប់ផ្តើមចាកចេញពីកណ្តាលរាជធានីភ្នំពេញ កាន់តែច្រើនហើយ ដោយសារដ្ឋាភិបាលបានផ្លាស់ប្តូរគោលនយោបាយ ដើម្បីរុញរោងចក្រ សហគ្រាសទាំងនោះទៅកាន់តំបន់ជាយក្រុង ក្នុងគោលដៅកាត់បន្ថយការកកស្ទះចរាចរណ៍ ជម្រុញការអភិវឌ្ឍទៅកាន់ទីជនបទ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋ ដើម្បីទាក់ទាញការវិនិយោគ ដើម្បីលើកកំពស់គុណភាពជីវិត​របស់ប្រជាពលរដ្ឋកម្ពុជា៕

អ្នកជំនាញអន្តរជាតិៈ ទីផ្សារអចលនទ្រព្យនៅកម្ពុជានៅតែមានឱកាសច្រើនសម្រាប់ការវិនិយោគរកផលចំណេញ

ដោយៈ ម៉ាណេត

ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យអន្តរជាតិបានលើកឡើងថា វិនិយោគិននៅតែអាចទាញយកផលចំណេញបានច្រើន ពីវិស័យអចលនទ្រព្យនៅកម្ពុជា ដោយសារតែតម្លៃអចលនទ្រព្យនៅកម្ពុជា មានតម្លៃសមរម្យនៅឡើយ ដែលជាឱកាសមួយល្អសម្រាប់ការវិនិយោគរកផលចំណេញ។

លោក Phillip Tan គ្រប់គ្រងផ្នែកទីផ្សារក្រុមហ៊ុន PropNex ប្រចាំប្រទេសអូស្ត្រាលី ដែលបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងវិស័យអចលនទ្រព្យទាំងនៅអូស្រ្តាលី និងតំបន់អាស៊ីអាគ្នេយ៍ បានថ្លែងកាលពីថ្មីៗនេះថា ការវិនិយោគ លើវិស័យអចលនទ្រព្យ ជាការវិនិយោគមួយដ៏ល្អបំផុត ដែលអាចទាញផលចំណេញបាន ពីការវិនិយោគនេះបានខ្ពស់ ស្របពេលវិស័យអចលនទ្រព្យនៅកម្ពុ ជាកំពុងមានរីកចម្រើន និងមានឱកាសច្រើនសម្រាប់ការវិនិយោគ។

លោកបានបន្តទៀតថា “វិនិយោគលើវិស័យអចលនទ្រព្យ ចលនទ្រព្យនេះគ្មានអ្នកណាអាចលួចអចលនទ្រព្យទៅណាបានទេ ដោយសារតែវានៅមួយនឹងកន្លែង ហើយផ្តល់នូវផលចំណេញខ្ពស់”។

លោកPhilip Tanបានឱ្យដឹងទៀតថា ដោយឡែក ក្រឡេកមកមើលប្រទេសកម្ពុជាវិញ ជាមួយនឹងការឈានមកដល់ របស់ក្រុមហ៊ុនPropNexនៅប្រទេសកម្ពុជា វិស័យអចលនទ្រព្យនៅប្រទេសនេះ មានការរីកលូតលាស់យ៉ាងល្អប្រសើរ ដោយសារតែរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាមានសេដ្ឋកិច្ចកើនឡើងជាប្រចាំ។

លោកបានថ្លែងថា “វិស័យអចលនទ្រព្យនៅកម្ពុជាវិញ នៅតែអាចទាញយកផលចំណេញបាន ដោយសារតែតម្លៃអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា នៅមានតម្លៃសមរម្យនៅឡើយ បើធៀបជាមួយនឹងប្រទេសផ្សេងៗផ្សេង ដូច្នេះហើយនេះគឺជាឱកាសមួយនៅក្នុងការវិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា”។

លោកបានបន្តថា ជាមួយនឹងភ្នាក់ងារ អចលនទ្រព្យរបស់យើង យើងនឹងអាចជួយវិស័យអចលនទ្រព្យនៅកម្ពុជា ឲ្យមានកំណើនឡើងបន្តទៀត ដោយសារតែក្រុមការងាររបស់យើង មានបទពិសោធច្រើនក្នុងវិស័យអចលនទ្រព្យនេះ ដែលអាចទាក់ទាញអ្នកទិញ ឬវិនិយោគិនឲ្យមកចូលមកក្នុងប្រទេសកម្ពុជាបន្ថែម។

លោកលឹម សុជាតិប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងាអចលនវត្ថុកម្ពុជា (CVEA) ធ្លាប់មានប្រសាសន៍ថា បច្ចុប្បន្នមានអ្នកវិនិយោគិនច្រើន មកវិនិយោគនៅកម្ពុជាក៏ពិតមែន ប៉ុន្ដែកម្ពុជាមិនស្ថិតក្នុងលំដាប់ថ្នាក់ (Top4) នៃការវិនិយោគរបស់ចិនឡើយ ក្នុងចំណោមលំដាប់ថ្នាក់ទាំង៤នេះ មានតែក្នុងប្រទេសថៃ សឹង្ហបុរី វៀតណាម និងម៉ាឡេស៊ីប៉ុណ្ណោះ។

ប៉ុន្តែលោកបានថ្លែងថា “និយាយចំពោះអចលនទ្រព្យនៅកម្ពុជា មានភាពល្អជាងបណ្ដាប្រទេសផ្សេងៗ ដោយសារតែតម្លៃធូរ ហើយមានការលក្ខខណ្ឌអនុគ្រោះច្រើន”។

លោកលឹម សុជាតិ បានបញ្ជាក់ថា និយាយជារួមចំពោះតំបន់អាស៊ាន ពិសេសប្រទេសកម្ពុជា វិនិយោគិនចិនជាកម្លាំងទិញដ៏ធំមួយ មូលហេតុដែលចិនជាកម្លាំងទិញដ៏ធំដោយសារតែ៧៨ភាគរយនៃប្រជាជនចិន ដែលមានអាយុចន្លោះ៣០-៤៩ ជាវ័យធ្វើការវិនិយោគរកប្រាក់ចំនេញ ហើយមួយវិញទៀត៦៧ភាគរយ នៃប្រជាជនចិនជាប្រជាជន ដែលមានជីវភាពធូរធាខ្លាំងដែរ។

លោកបញ្ជាក់ថា “ផ្អែកលើកត្តាខាងលើនេះកម្ពុជា ខ្ញុំនៅតែមានសុទ្ធនិយមថា នៅពេលស្ថានភាពល្អប្រសើរឡើងវិញ ទោះល្អតែបន្ដិចក្ដីក៏កម្ពុជា នៅតែអាចទាក់ទាញវិនិយោគិន ពីក្រៅប្រទេសមកវិនិយោគនៅកម្ពុជា ពិសេសការវិនិយោគពីប្រទេសចិននេះតែម្ដង”៕

អបអរសាទរៈប្រជាពលរដ្ឋកម្ពុជាជិត៤លាននាក់ហើយបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩

ដោយៈគង់ សូរិយា

ភ្នំពេញៈ ជាដំណឹងរីករាយមួយ ដែលរហូតមកទល់់ពេលនេះ ប្រជាពករដ្ឋកម្ពុជាជិត៤លាននាក់ហើយ បានទទួលការចាក់់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ខណៈរដ្ឋាភិបាលគ្រោងចាក់វ៉ាក់សាំង ដល់ប្រជាពលរដ្ឋ១០លាននាក់ឬច្រើនជាងនេះ នៅត្រឹមឆ្នាំ២០២២។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ដែលបានចេញផ្សាយត្រឹមយប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១កន្លងមកនេះបានឲ្យដឹងថា ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន៣,៩៥៥,០៣៣នាក់។

សម្រាប់លទ្ធផល នៃការចាក់វ៉ាក់សាំង ក្នុងគោលដៅ១០លាននាក់ គិតរហូតមកទល់ពេលនេះ បានចំនួន៣៩.៥៥ភាគរយហើយ៕

ក្រសួងទេសចរណ៍និងក្រុមហ៊ុនអង្គរផាសតិចណូឡូជីសហការគ្នាដើម្បីជំរុញការអភិវឌ្ឍបច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្រសួងទេសចរណ៍នឹងរៀបចំពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុនអង្គផាស តិចណូឡូជី នៅដើមខែក្រោយ ដើម្បីជំរុញការអភិវឌ្ឍបច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍ជាពិសេសការទូទាត់រហ័សនិងងាយស្រួល និងការគ្រប់គ្រង់ព្រឹត្តិការទេសចរណ៍តាមប្រព័ន្ធបច្ចេកវិទ្យា។

កិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ជាមួយក្រុមហ៊ុនអង្គរផាស តិចណូឡូជី នឹងជួយជំរុញការអភិវឌ្ឍបច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍ជាពិសេសការទូទាត់រហ័សនិងងាយស្រួល និងការគ្រប់គ្រង់ព្រឹត្តិការទេសចរណ៍តាមប្រព័ន្ធបច្ចេកវិទ្យា ចូលរួមចំណែកដល់ការស្តារវិស័យទេសចរណ៍ឡើងវិញ។

ក្រសួងទេសចរណ៍នឹងរៀបចំពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុនអង្គផាស តិចណូឡូជី អមដោយសិក្ខាសាលាថ្នាក់ជាតិស្តីពី “ការស្តារវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩” ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ដោយមានការផ្សាយផ្ទាល់នៅលើបណ្តាញសង្គមរបស់ក្រសួងទេសចរណ៍ និងសារព័ត៌មាននានានៅវេលាម៉ោង ១៖៣០នាទីរសៀល។

កម្មវិធីចុះអនុស្សារណៈនៃការយោគយល់គ្នា ក្រោមធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការចូលរួមជាវាគ្មិនកិត្តិយសមកពីស្ថាប័នជាតិ និងអន្តរជាតិនានា ដោយពិភាក្សាលើប្រធានបទសំខាន់ៗចំនួន ២ រួមមាន៖
១. ប្រធានបទទី១៖ ផែនការស្តារឡើងវិញវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។
២. ប្រធានបទទី២៖ ការជំរុញបច្ចេកវិទ្យាឌីជីថល លើការទូទាត់រហ័ស នៅក្នុងវិស័យទេសចរណ៍កម្ពុជា៕

លោកវង្សី វិស្សុតៈ ការចាក់វ៉ាក់សាំងគ្រប់តាមផែនការនឹងអាចជំរុញសកម្មភាពសេដ្ឋកិច្ចទៅរកសភាពធម្មតាឡើងវិញ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ រដ្ឋាភិបាលរំពឹងថានៅចុងឆ្នាំ២០២១នេះ នឹងចាក់វ៉ាក់សាំងជូនពលរដ្ឋគ្រប់តាមផែនការ ដែលអាចរុញសកម្មភាពសេដ្ឋកិច្ចវិលទៅរកសភាពធម្មតាឡើងវិញ។

យោងតាមលោកវង្សី វិស្សុតរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានថ្លែងនៅក្នុងពិធីទទួលវ៉ាក់សាំងពីប្រទេសចិននៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ ថា តាមរយៈការមកដល់នៃវ៉ាក់សាំងពីប្រទេសចិនជាបន្តបន្ទាប់ នៅក្នុងអំឡុងខែតុលា ឬវិច្ឆិកា២០២១នេះ កម្ពុជានឹងអាចចាក់វ៉ាក់សាំងជូនពលរដ្ឋគ្រប់ចំនួនទៅតាមផែនការគឺ១០លាននាក់ ។

លោកបន្តថា តាមរយៈការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩បានគ្រប់គ្រាន់ កម្ពុជានឹងអាចជំរុញសកម្មភាព សេដ្ឋកិច្ចឱ្យវិលត្រលប់ទៅរកភាពដើមវិញបានឆាប់ៗ តែត្រូវរក្សាគម្លាត និងវិធានការអនាម័យរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក។

លោកបន្ថែមថា ក្រោយពេលចាក់វ៉ាក់សាំងគ្រប់ចំនួន១០លាននាក់ហើយ រដ្ឋាភិបាលនឹងគិតគូឡើងវិញនូវការចាក់វ៉ាក់សាំងដល់កូនក្មេង ដោយកម្រិតថាអាយុប៉ុន្មានអាចចាក់វ៉ាក់សាំងបាន និងអាយុប៉ុន្មានមិនអាចចាក់បាន មួយទៀតអ្នកដែលចាក់វ៉ាក់សាំង២ដូសរួចហើយ អាចនឹងចាក់ដូសទី៣ តែជំហានដំបូងគេចាក់២ដូសឱ្យបាន១០លាននាក់ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩។

លោកបានថ្លែងថា “នៅពេលនេះ ការចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩គឺជាអ្វី ដែលប្រទេសលើលោកបានធ្វើ ហើយប្រទេសណា ដែលចាក់វ៉ាក់សាំងបានច្រើនជាង ប្រទេសនោះនឹងទប់ស្កាត់ការឆ្លងរាលដាជំងឺកូវីដ១៩បានច្រើនផងដែរ”។

គិតមកដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ជូនពលរដ្ឋសរុបចំនួន៣.៨០៣.១៦៩នាក់ ក្នុងនោះអ្នកចាក់រួចទាំងពីរដូសមានចំនួន២.៨១៣.១០៨នាក់ ហើយវ៉ាក់សាំងដែលពលរដ្ឋកម្ពុជាចាក់គឺជាវ៉ាក់សាំងរបស់ប្រទេសចិន៕

តើកំពូលសណ្ឋាគារធំៗបំផុតទាំង១០ក្នុងពិភពលោកប្រចាំឆ្នាំ២០២១ស្ថិតនៅក្នុងប្រទេសណាខ្លះ?

ដោយៈ សុខុម

ភ្នំពេញៈ នៅពេលដែលពិភពលោកមិនទាន់ផ្ទុះវិបត្តិឆ្លងរាលដាលកូវីដ-១៩ ឧស្សាហកម្មសណ្ឋាគាររកស៊ីកាក់កបយ៉ាងខ្លាំង និងសប្បាយកើបលុយទាំងថ្ងៃទាំងយប់។

ហើយដោយសារកំណើនឥតឈប់ឈរនៃការធ្វើដំណើរកម្សាន្តទូទាំងពិភពលោក នៅមុនពេលផ្ទុះការឆ្លងរាលវីរុសដ៏កាចសាហាវនេះដែលបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកដាំក្បាលចុះ និងផ្ដាច់ជីវិតមនុស្សរាប់លាននាក់ សំណង់សណ្ឋាគារដុះដូចផ្សិតពាសពេញភពផែនដី ហើយសណ្ឋាគារទាំងនោះក៏ពង្រីកខ្លួនកាន់តែធំឡើងៗ។

ប៉ុន្តែតើអ្នកទាំងអស់គ្នាដឹងទេថា កំពូលសណ្ឋាគារធំៗបំផុតទាំង១០ក្នុងពិភពលោកប្រចាំឆ្នាំ២០២១ មានឈ្មោះអ្វីខ្លះ ហើយស្ថិតនៅក្នុងប្រទេសណាខ្លះ? តោះ មកស្គាល់ទាំងអស់គ្នា!

យោងតាមសារព័ត៌មាន Newshub ចុះផ្សាយកាលពីថ្ងៃទី៩ ខែមីនា ដើមឆ្នាំនេះឱ្យដឹងថា សណ្ឋាគារចំនួន៥ក្នុងចំណោមសណ្ឋាគារធំបំផុតទាំង១០ក្នុងពិភពលោកបើគិតពីចំនួនបន្ទប់ គឺស្ថិតនៅឡាសវេហ្គាស (Las Vegas) ដែលជាទីក្រុងមានប្រជាជនរស់នៅច្រើនបំផុតទី២៨ ក្នុងសហរដ្ឋអាមេរិក និងដែលសម្បូរដោយសណ្ឋាគារ និងកាស៊ីណូធំៗ។ ដូចនេះវាគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលឡើយដែលក្នុងទីក្រុងនេះមានបន្ទប់សណ្ឋាគារសរុបរហូតដល់ទៅជាង១៥០.០០០បន្ទប់។

សណ្ឋាគារ Barkhatnie Sezony នៅក្នុងទីក្រុង Sochi ប្រទេសរុស្ស៊ី បានជាប់ឈ្មោះជាសណ្ឋាគារធំបំផុតក្នុងពិភពលោកជាមួយនឹងបន្ទប់ចំនួន៨.៥០០បន្ទប់ នៅពេលសាងសង់បញ្ចប់ជាស្ថាពរក្នុងឆ្នាំ២០១៤ សម្រាប់ទទួលស្វាគមន៍ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា (Winter Olympic Games)។ ប៉ុន្តែក្រោយមកសណ្ឋាគារនេះបានកាត់បន្ថយចំនួនបន្ទប់មកនៅត្រឹម៤.៦៨៨បន្ទប់វិញ ដែលធ្វើឱ្យធ្លាក់មកនៅចំណាត់ថ្នាក់លេខ៩។

សណ្ឋាគារទាំង១០នោះមានដូចខាងក្រោម៖
*ចំណាត់ថ្នាក់លេខ១៖ សណ្ឋាគារ First World Hotel ទីតាំង៖ ប្រទេសម៉ាឡេស៊ី ចំនួនបន្ទប់៖ ៧.៣៥១បន្ទប់។

*ចំណាត់ថ្នាក់លេខ២៖ សណ្ឋាគារ The Venetian Resort Las Vegas ទីតាំង៖ សហរដ្ឋអាមេរិក ចំនួនបន្ទប់៖ ៧.០៩២បន្ទប់។

*ចំណាត់ថ្នាក់លេខ៣៖ សណ្ឋាគារ MGM Grand Las Vegas ទីតាំង៖ សហរដ្ឋអាមេរិក ចំនួនបន្ទប់៖ ៦.៨៥២បន្ទប់។

*ចំណាត់ថ្នាក់លេខ៤៖ សណ្ឋាគារ CityCenter Las Vegas ទីតាំង៖ សហរដ្ឋអាមេរិក ចំនួនបន្ទប់៖ ៦.៧៩០បន្ទប់។

*ចំណាត់ថ្នាក់លេខ៥៖ សណ្ឋាគារ Sands Cotai Central (ទើបតែប្ដូរឈ្មោះថ្មីថា The Londoner) ទីតាំង៖ ម៉ាកាវ ប្រទេសចិន ចំនួនបន្ទប់៖ ៦.២៤៦បន្ទប់។

*ចំណាត់ថ្នាក់លេខ៦៖ សណ្ឋាគារ Abraj Al Bait ទីតាំង៖ ប្រទេសអារ៉ាប៊ីសាអូឌីត ចំនួនបន្ទប់៖ ៥.៣៨៣បន្ទប់។

*ចំណាត់ថ្នាក់លេខ៧៖ សណ្ឋាគារ Izmailovo Hotel ទីតាំង៖ ក្រុងមូស្គូ រុស្ស៊ី ចំនួនបន្ទប់៖ ៥.០០០បន្ទប់។

*ចំណាត់ថ្នាក់លេខ៨៖ សណ្ឋាគារ Wynn Las Vegas ទីតាំង៖ សហរដ្ឋអាមេរិក ចំនួនបន្ទប់៖ ៤.៧៥០បន្ទប់។

*ចំណាត់ថ្នាក់លេខ៩៖ សណ្ឋាគារ Barkhatnie Sezony ទីតាំង៖ ក្រុង Sochi រុស្ស៊ី ចំនួនបន្ទប់៖ ៤.៦៨៨បន្ទប់

*ចំណាត់ថ្នាក់លេខ១០៖ សណ្ឋាគារ Mandalay Bay Las Vegas ទីតាំង៖ សហរដ្ឋអាមេរិក ចំនួនបន្ទប់៖ ៤.៤២៦បន្ទប់៕

ការសិក្សាៈ ក្រុមហ៊ុនចិនជាច្រើនគ្រោងកាត់បន្ថយនិងបង្វែរទិសដៅវិនិយោគចេញពីសហរដ្ឋអាមេរិក

ដោយៈ គៀតឈូ

ប៉េកាំងៈ ការស្ទង់មតិ ដែលចេញផ្សាយដោយសហគមន៍ធុរកិច្ចចិននៅសហរដ្ឋអាមេរិក បានបង្ហាញពីស្ថានភាពមិនសូវជាល្អប្រសើរ ចំពោះក្រុមហ៊ុនចិននៅសហរដ្ឋអាមេរិក ដែលកំពុងមានការព្រួយបារម្ភកាន់តែខ្លាំងអំពីទំនាក់ទំនងភាគីរវាងមហាសេដ្ឋកិច្ចធំជាងគេពីរនៅលើពិភពលោក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Star នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១។

ក្រុងវ៉ាស៊ីនតោនបានបង្កើនកិច្ចប្រឹងប្រែងក្នុងការប្រឆាំងនឹងទីក្រុងប៉េកាំង ដែលកំពុងបង្កភាពមិនប្រាកដប្រជា ហើយបានធ្វើឱ្យក្រុមហ៊ុនចិនមួយចំនួនពិចារណាកាត់បន្ថយ និងបញ្ឈប់ការវិនិយោគនៅអាមេរិក ឬផ្លាស់ប្តូរទៅរកទីផ្សារផ្សេងទ។

ក្រុមហ៊ុនចិនប្រមាណ៧៤ភាគរយបានឱ្យដឹងថា ទំនាក់ទំនងទដ៏ស្មុគស្មាញរវាងចិន និងសហរដ្ឋអាមេរិកគឺជាបញ្ហាប្រឈមដ៏លំបាកបំផុតក្នុងការធ្វើជំនួញនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២០។ នេះបើយោងតាមការស្ទង់មតិរបស់សភាពាណិជ្ជកម្មចិន-សហរដ្ឋអាមេរិក។

ការស្ទង់មតិនេះមានចំណងជើងថា “ការស្ទង់មតិអាជីវកម្មប្រចាំឆ្នាំស្តីពីសហគ្រាសចិននៅសហរដ្ឋអាមេរិក”ដែលឆ្លុះបញ្ចាំងពីបរិយាកាសធុរកិច្ចអាមេរិក និងបញ្ហាប្រឈមដែលបានជួបប្រទះ ចំពោះអាជីវកម្មចិនកំពុងប្រតិបត្តិការនៅអាមេរិក។

ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងដើម្បីទប់ទាល់នឹងការរះឡើងរបស់ប្រទេសចិន គណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងរាស្ត្រសហរដ្ឋអាមេរិកគ្រោងនឹងរៀបចំការប្រជុំមួយនៅថ្ងៃពុធសប្តាហ៍ក្រោយ ដើម្បីពិចារណបង្កើតច្បាប់ ដើម្បីជំរុញការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច និងរុញច្រានទីក្រុងប៉េកាំងទៅលើបញ្ហាសិទ្ធិមនុស្ស។

អ្វីដែលគួរឱ្យកត់សម្គាល់នៅក្នុងការស្ទង់មតិនោះគឺក្រុមហ៊ុនចិនចំនួន៤៣ភាគរយបានរាយការណ៍អំពីជម្លោះរវាងគ្នានិងគ្នា ដែលប្រឆាំងនឹងអាស៊ីនិងចិន និងការគ្រប់គ្រងប្រតិបត្ដិការ ដែលកំពុងលេចចេញជាក្តីបារម្ភធំបំផុតទី២របស់ពួកគេក្នុងឆ្នាំ២០២០។

សង្រ្គាមពន្ធគយរវាងប្រទេសទាំងពីរ នៅតែបន្តប៉ះពាល់លើប្រតិបត្តិការអាជីវកម្មចិននៅអាមេរិកក្នុងឆ្នាំ ២០២០ ដោយបង្កើនការចំណាយលើការនាំចូលផលិតផលគ្រប់ប្រភពពីការផ្គត់ផ្គង់។ ការស្ទង់មតិបានបង្ហាញថា ប្រហែលជា៧៨ភាគរយនៃអ្នកឆ្លើយតបបានរាយការណ៍ថាត្រូវបានជះឥទ្ធិពលអវិជ្ជមាន ហើយអ្នកផ្សេងទៀតគិតថា វានឹងមានផលប៉ះពាល់រយៈពេលវែង៕

ក្រុមហ៊ុនលី ហួរគ្រុបបដិសេធមិនជាប់ពាក់ព័ន្ឋជាមួយក្រុមហ៊ុនGFX

ដោយៈ តាមរយៈលិខិតមេធាវីផ្លូវការបានឲ្យដឹងថា ក្រុមហ៊ុនលី ហួរគ្រុបមិនបានជាប់ពាក់ព័ន្ឋ នឹងក្រុមហ៊ុនជួញដូរឧបករណ៍និស្សន៍GFXនោះឡើយ។

លោកមេធាវី ឡុង សុធា តំណាងឱ្យក្រុមហ៊ុន លីហួរ គ្រុប បានចេញមុខធ្វើការបញ្ជាក់ជូនសាធារណជនថា ក្រុមហ៊ុន លី ហួរ គ្រុប មិនមានពាក់ព័ន្ធជាមួយក្រុមហ៊ុន GOLDFX INVESTMENT CO.,LTD (GFX) ដូចដែលបុគ្គលមួយចំនួន ប្រើគណនីហ្វេសប៊ុក ក្លែងក្លាយ ផ្សព្វផ្សាយព័ត៌មានមិនពិត ញុះញង់ បង្កចលាចល តាមបណ្ដាញ Facebook ឡើយ។

លោកបន្តថា បច្ចុប្បន្ន ក្រុមហ៊ុនកំពុងតែដាក់ពាក្យបណ្ដឹង ទៅស្ថាប័នពាក់ព័ន្ធដែលមានសមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គល ដែលបំពុលព័ត៌មាន ធ្វើឱ្យសាធារណជន មានការភ័ន្តច្រឡំ និងបន្ដផ្សព្វផ្សាយចែករំលែកព័ត៌មានមិនពិត ញុះញង់បង្កចលាចល បណ្ដាលឱ្យប៉ះពាល់ដល់កិត្ដិយស និងសេចក្ដីថ្លៃថ្នូរ របស់អ្នកឧកញ៉ា លី ហួរ និងក្រុមហ៊ុន លី ហួរ គ្រុប។

តាមការបញ្ជាក់របស់មេធាវីក្រុមហ៊ុនបានឱ្យដឹងថា កន្លងមកថ្មីៗនេះ មានបុគ្គលមួយចំនួន បង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ (Fake account ) បំពុលព័ត៌មាន និងមានសាធាធារណជនមួយចំនួនផងដែរ បានធ្វើការបញ្ចេញមិត (Comments) ផ្សព្វផ្សាយ និងចែករំលែក (Share) ព័ត៌មានតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនទៀតថា ក្រុមហ៊ុន GOLDFX INVESTMENT CO.,LTD ជាក្រុមហ៊ុនរបស់អ្នកឧកញ៉ាលី ហួរ ហើយជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន លីហួរ គ្រុប ដែលការផ្សព្វផ្សាយព័ត៌មានទាំងនេះ មិនបានឆ្លុះបញ្ចាំងពីការពិត និងមិនពិតនោះទេ។

លិខិតដដែលបានអះអាងថា វាជាការផ្សព្វផ្សាយរបស់បុគ្គលមួយចំនួន ដែល ព្យា​យា​មបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ មានចេតនាផ្សព្វផ្សាយព័ត៌មានមិនពិត ញុះញង់ បង្កចលាចល បង្ខូចកេរ្ដិ៍ឈ្មោះ និងសេចក្ដីថ្លៃថ្នូររបស់ អ្នកឧកញ៉ា លីហួរ និងក្រុមហ៊ុន លីហួរ គ្រុបតែប៉ុណ្ណោះ៕

 

រាជរដ្ឋាភិបាលសម្រេចដាក់ខេត្តបាត់ដំបងជាបេក្ខភាព«ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកម្ហូបអាហារ»របស់អង្គការយូណេស្កូ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ យោងតាមសំណើរបស់ ក្រសួងទេសចរណ៍ និងដោយមានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងរដ្ឋបាលខេត្តបាត់ដំបង រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍អនុញ្ញាតដាក់បេក្ខភាពទីក្រុងបាត់ដំបង ចូលជាសមាជិកបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ (UNESCO Creative Cities Network) «ក្នុងប្រភេទទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកម្ហូបអាហារ»។

លោកថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់នៅថ្ងៃទី២៦ មិថុនា ២០២១នេះថា ការជ្រើសរើសយកទីក្រុងបាត់ដំបង ដើម្បីចូលជាសមាជិកបណ្តាញទីក្រុងនេះលើផ្នែក «ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកម្ហូបអាហារ» ដោយសារតាមការវាយតម្លៃរបស់ក្រុមការងារជំនាញទីក្រុងបាត់ដំបងមកថា ខេត្តបាត់ដំបងសម្បូរទៅដោយម្ហូបអាហារជាច្រើនប្រភេទ និងច្រើនទម្រង់ដែលត្រូវបានរៀបចំ និងកែច្នៃ ដើម្បីចែករំលែក និងផ្សព្វផ្សាយលើឆាកអន្តរជាតិ។

លោកបន្តថា ការចូលជាសមាជិកបណ្តាញនេះ នឹងអនុញ្ញាតឱ្យកម្ពុជាមានសិទ្ធិប្រើប្រាស់និម្មិតសញ្ញា (Logo) របស់បណ្តាញ ដើម្បីធ្វើការផ្សព្វផ្សាយសក្តានុពល និងភាពពិសេសៗរបស់ទីក្រុងខ្លួនទៅកាន់ទីក្រុងនានាជាសមាជិកបណ្តាញ និងក្នុងក្របខណ្ឌរបស់អង្គការយូណេស្កូ ក្នុងការលើកស្ទួយនូវវប្បធម៌ សក្តានុពលទេសចរណ៍ទីក្រុង និងមុខមាត់របស់ទីក្រុងជ័យលាភី ក៏ដូចជាប្រទេសជាតិទាំងមូល ពិសេសការតម្រង់ឆ្ពោះទៅរកការផ្សព្វផ្សាយទេសចរណ៍ម្ហូបអាហារ (Gastronomy Tourism) ដែលជានិន្នាការថ្មីរបស់ពិភពលោក ហើយដែលកម្ពុជា ពិសេសទីក្រុងបាត់ដំបងតែម្តង មានសក្តានុពលសម្បូរបែប។

បណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៤ ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងចំណោមទីក្រុងមានភាពច្នៃប្រឌិតលើសមាសភាពសំខាន់ៗមួយចំនួន ដែលជាកត្តាគន្លឹះសម្រាប់ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព។

បច្ចុប្បន្ន បណ្តាញនេះមានទីក្រុងចំនួន២៤៦នៅជុំវិញពិភពលោក ដែលចែកចេញជា៧ប្រភេទដែលរួមមាន៖
១៖ ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកសិប្បកម្ម និងសិល្បៈប្រជាប្រិយ (Crafts and Folk Arts)។
២៖ ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកសិល្បៈនៃការផ្សព្វផ្សាយ (Media Arts)។
៣៖ ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកខ្សែភាពយន្ត (Film)។
៤៖ ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែករចនាប័ទ្ម និងការតុបតែង (Design)។
៥៖ ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកម្ហូបអាហារ (Gastronomy)។
៦៖ ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកអក្សរសាស្ត្រ (Literature) ៧៖ ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកតន្ត្រី (Music)។

ដោយឡែក នៅតំបន់អាស៊ានមានទីក្រុងចំនួន៦ ក្នុងប្រទេសចំនួន៤ ដែលជាសមាជិកក្នុងបណ្តាញទីក្រុងរបស់អង្គការយូណេស្កូនេះ រួមមាន៖ ប្រទេសថៃ មានទីក្រុងភូកេត និងទីក្រុងឈាងម៉ៃ ប្រទេសឥណ្ឌូណេស៊ី មានទីក្រុងបានឌុង (Bandung) និងទីក្រុងផេកាឡុងហ្កាន (Pekalongan) ប្រទេសសិង្ហបុរី មានទីក្រុងសិង្ហបុរី និងប្រទេសហ្វីលីពីន មានទីក្រុងបាកជីអូ (Baguio)។ ដូច្នេះហើយទើបកម្ពុជាប្រឹងស្រវាស្រទេញ ដើម្បីបានដាក់បេក្ខភាពទីក្រុងបាត់ដំបងនេះទៅក្នុងប្រភេទទី៥៕

កម្ចីទិញផ្ទះរហូតដល់ 80% និងអត្រាការប្រាក់ត្រឹមតែ 6.99% ក្រោមភាពជាដៃគូរវាងក្រុមហ៊ុន បុរី ប៉េង ហួត និងធនាគារ ហុង លីអុង

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនានេះ ក្រុមហ៊ុន បុរី ប៉េង ហួត បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ភាពជាគូនៃកិច្ចសហប្រតិបត្តិការជាមួយធនាគារ ហុង លីអុង នៅការិយាល័យលក់ថ្មីនៃគម្រោង ដឹស្តា មុនីរ៉ាហ៍ផ្ទាល់។ ស្របពេលជាមួយគ្នានេះ អតិថិជននឹងទទួលបានកម្ចីទិញផ្ទះដែលមានអត្រាការប្រាក់កាន់តែពិសេសត្រឹមតែ 6.99% ប៉ុណ្ណោះក្នុងមួយឆ្នាំ និងទំហំកម្ចីរហូតដល់ 80%នៃតម្លៃគេហដ្ឋាន ហើយមានរយៈពេលរហូតដល់ 25ឆ្នាំ មិនចាំបាច់មានទ្រព្យបញ្ចាំក្នុងអំឡុងពេលសាងសង់ ដោយត្រូវការត្រឹមតែឯកសារទិញលក់ប៉ុណ្ណោះ ជាមួយការអនុម័តយ៉ាងឆាប់រហ័សពីធនាគារ ហុង លីអុង ផងដែរ។


ភាពជាដៃគូនេះមានគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរឱ្យកាន់តែល្អប្រសើរ និងផ្ដល់នូវកម្ចីទិញផ្ទះដែលមានលក្ខខណ្ឌ និងអត្រាការប្រាក់ពិសេសទៅដល់អតិថិជនរបស់បុរី ប៉េង ហួត​។ អ្នកស្រី គង់ មរកត អនុប្រធានផ្នែកលក់នៃក្រុមហ៊ុន បុរី ប៉េង ហួត បានមានប្រសាសន៍ថា “ការពិត បុរី ប៉េង ហួត បានសហការគ្នាយ៉ាងស្អិត ជាមួយនឹងធនាគារ ហុង លីអុង អស់រយៈពេល៤ឆ្នាំមកហើយ ​ដើម្បីធានានូវការផ្តល់ជូននូវលក្ខខណ្ឌបង់ប្រាក់ អត្រាការប្រាក់ និងការផ្តល់ជូនផ្សេងៗ​ទៀតទៅដល់អតិថិជនជាច្រើន​របស់បុរី ប៉េង ហួត។ ហើយនៅថ្ងៃនេះដែរ យើងនឹងមានការប្រកាសពីការផ្តល់ជូនកាន់តែពិសេសៗ​បន្ថែមទៀតសម្រាប់​ ការទិញលំនៅឋាននៅគម្រោង ដឹស្តា មុនីរាហ៍ នេះផ្ទាល់ រួមជាមួយការផ្ដល់ជូនពីធនាគារ ហុង លីអុង ផងដែរ។”

ដោយឡែក លោក ស៊ុន ភារម្យ ប្រធានសាខាបឹងស្នោ នៃធនាគារ ហុង លីអុង ក៏បានមានប្រសាសន៍ក្នុងពិធីនេះផងដែរថា “ធនាគារ​ ហុង លីអុង ជឿជាក់ថាការសហការយ៉ាងល្អនេះនឹងនៅតែបន្ត ហើយយើងខ្ញុំ​ក៏នឹងខិតខំប្រឹងប្រែងផ្តល់នូវអ្វីដែលថ្មីក្នុងន័យជួយឱ្យអតិថិជនទាំងអស់ ជាពិសេសអតិថិជនរបស់បុរី ប៉េង ហួត ទទួលបាននូវគេហដ្ឋានដ៏ល្អជាមួយនឹងសេវាកម្ចីទិញផ្ទះដែលមានភាពងាយស្រួល និងទទួលបានការចំណេញជាច្រើននាពេលអនាគត។”

ដើម្បីអបអរសាទរចំពោះការបើកដំណើរការជាផ្លូវការនៃការិយាល័យលក់ថ្មី​ គម្រោង ដឹស្តា មុនីរ៉ាហ៍ បុរី ប៉េង ហួត​ មានការផ្ដល់ជូនដ៏ពិសេសៗដូចជា ការបញ្ចុះតម្លៃយ៉ាងច្រើន លក្ខខណ្ឌបង់ប្រាក់កាន់តែងាយស្រួល រួមជាមួយកាដូអនុស្សាវរីយ៍ភ្លាមៗសម្រាប់ការកក់នៅទីតាំងផ្ទាល់ និងការផ្ដល់ជូនផ្សេងទៀតសម្រាប់រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី២៧ មិថុនា ២០២១។

សូមអញ្ជើញមកសាកសួរព័ត៌មានជាមួយសហការីលក់បុរី ប៉េង ហួត នៅការិយាល័យលក់ថ្មីគម្រោង ដឹស្តា មុនីរ៉ាហ៍​ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ 6A ចម្ងាយត្រឹមតែ 3នាទីពីសាលាកសិកម្មព្រែកលៀប ឬមើលផែនទីទីតាំង https://bit.ly/TheStarMunirah ឬទាក់ទងតាមទូរសព្ទលេខ៖ 098 / 016 / 017 596 789៕