ដោយៈវឌ្ឍនៈ
ភ្នំពេញៈ នៅក្នុងវិបត្តិកូវីដ១៩ ជាពិសេសចាប់តាំងពីមានការរីករាលដាល នៃជំងឺកូវីដ១៩ ក្នុងសហគមន៍២០កុម្ភៈ ២០២១ ទីផ្សារលក់អចលនទ្រព្យជាពិសេសវិស័យដីឡូត៏ចាប់ផ្ដើមមានបញ្ហាជាបន្តបន្ទាប់ ហើយអ្នកដីឡូត៏មួយចំនួន បានបាត់បង់ចំណូលទាំងស្រុង តែអ្នកអភិវឌ្ឍន៍ដីឡូត៏ខ្លះថា ខ្លួននៅតែលក់បានជាបន្តបន្ទាប់ ទោះបីស្ថិតនៅក្នុងវិបត្តិក្ដី។
លោកពិសិដ្ឋ អ្នកលក់គម្រោងដីឡូត៏នៅជាយៗរាជធានីភ្នំពេញ បាននិយាយឲ្យដឹងនាព្រឹកថ្ងៃទី១៦ សីហានេះថា កាលពីឆ្នាំ២០១៧ រហូតដល់២០១៩ ជាពេលវេលាមួយដែលលោករកចំណូលបានច្រើន និងធ្វើឱ្យបានស្គាល់ពីវិស័យអចលនទ្រព្យ តែចូលដល់ឆ្នាំ២០២០ភ្លាម ចំណូលរបស់លោកបានចាប់ផ្ដើមប៉ះពាល់ ហើយចូលដល់ឆ្នាំ២០២១ គឺបានបាត់បង់ទាំងស្រុងតែម្ដង ដែលតម្រូវឱ្យលោកត្រូវបង្វែរកការងារ និងអាជីពផ្សេងដើម្បីទប់ទល់នឹងការចំណាយ។
លោកបន្តថា សម្រាប់គម្រោងដែលលោកលក់កន្លងមក មុនពេលកូវីដ១៩គឺមានតម្លៃចាប់ពី១ម៉ឺនដុល្លារឡើងក្នុងមួយឡូត៏ តែសម្រាប់គម្រោងដីឡូត៏របស់អ្នកដទៃទៀតដែលមានតម្លៃក្រោមហ្នឹង លោកក៏មិនច្បាស់ថា គេពិតជាមានបញ្ហាដូចលោកឬយ៉ាងណានោះទេ តែសម្រាប់រូបលោកគឺពិតជាមានបញ្ហា ហើយបើសិនជាអ្នកវិស័យដីឡូត៏អត់មានបញ្ហាវាជាការកុហក់ហើយ ។
លោកបន្តទៀតថា កាលពីមុនកូវីដ១៩ ក្រុមរបស់លោកមួយខែៗអាចលក់ចេញគម្រោងចេញយ៉ាងហោចណាស់ក៏១០ឡូត៏ដែរ តែចូលដល់ឆ្នាំ២០២០ និង២០២១ រយៈពេល២ឆ្នាំលក់អត់ចេញសូម្បីតែមួយឡូត៏ ពីព្រោះអ្នកទិញរបស់យើងសុទ្ធតែមានបញ្ហា បាត់បង់ចំណូលសឹងតែគ្រប់គ្នា ដូច្នេះពួកគេក៏អត់មានលុយទិញគម្រោងដីឡូត៏នោះទេ ។
យ៉ាងណាបើតាមការបញ្ជាក់ ពីអ្នកអភិវឌ្ឍន៍ដីឡូត៏ជាច្រើនបានអះអាងថា ទោះបីជាស្ថិតនៅក្នុងវិបត្តិកូវីដ១៩ក្ដី តែគម្រោងលក់ដីឡូត៏នៅតែបន្តលក់ចេញជាបន្តបន្ទាប់ តែបើធៀបនឹងមុនពេលកូវីដ១៩ឃើញថា មានការធ្លាក់ចុះជាងមុនពិតមែន តែមិនមែនស្ងប់ស្ងាត់ទាំងស្រុងនោះឡើយ។
បើតាមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានឱ្យដឹងថា នៅក្នុងវិបត្តិកូវីដ១៩នេះ វិស័យអចលនវត្ថុមិនសូវមានបញ្ហានោះទេ តែអ្នកដែលជួបបញ្ហានិងមានវិបត្តិ គឺភ្នាក់ងារអចលវត្ថុទៅវិញទេ ដែលបាត់ចំណូលដោយសារតែមិនមានការទិញលក់ ៕