អ្នកជំនាញៈ វិស័យអចលនទ្រព្យនៅកម្ពុជាមានភាពល្អប្រសើរជាងគេក្នុងតំបន់អាស៊ានសំរាប់ការវិនិយោគ

ដោយៈ ម៉ាណេត

ភ្នំពេញៈ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានលើកឡើងថា វិស័យអចលនទ្រព្យនៅកម្ពុជា នៅតែមានភាពល្អប្រសើរជាងគេ ធៀបជាមួយបណ្តាប្រទេស នៅក្នុងតំបន់អាស៊ាន ទាក់ទងនឹងឱកាសវិនិយោគ និងការទាញយកផលចំណេញពីការវិនិយោគ ខណៈចិនឈរ នៅលំដាប់កំពូលមួយក្នុងការវិនិយោគតំបន់អាស៊ាន។

ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិសមាគមអ្នកវាយតម្លៃ និងភ្នាក់ងាអចលនវត្ថុកម្ពុជា (CVEA) លោកលឹម សុជាតិបានលើកឡើងកាលពីថ្មីៗនេះថា បច្ចុប្បន្នមានអ្នកវិនិយោគិនច្រើន មកវិនិយោគនៅកម្ពុជាក៏ពិតមែន ប៉ុន្ដែកម្ពុជាមិនស្ថិតក្នុងលំដាប់ថ្នាក់ (Top4) នៃការវិនិយោគរបស់ចិនឡើយ ក្នុងចំណោមលំដាប់ថ្នាក់ទាំង៤នេះ មានតែក្នុងប្រទេសថៃ សឹង្ហបុរី វៀតណាម និងម៉ាឡេស៊ីប៉ុណ្ណោះ។

ទោះបីជាយ៉ាងនេះក្តី លោកបានថ្លែងថា “និយាយចំពោះអចលនទ្រព្យនៅកម្ពុជា មានភាពល្អជាងបណ្ដាប្រទេសផ្សេងៗ ដោយសារតែតម្លៃធូរ ហើយមានការលក្ខខណ្ឌអនុគ្រោះច្រើន”។

លោកបន្ថែមថា និយាយជារួមចំពោះតំបន់អាស៊ាន ពិសេសប្រទេសកម្ពុជា វិនិយោគិនចិន ជាកម្លាំងទិញដ៏ធំមួយ មូលហេតុដែលចិនជាកម្លាំងទិញដ៏ធំ ដោយសារតែ ៧៨ភាគរយនៃប្រជាជនចិន ដែលមានអាយុចន្លោះ៣០-៤៩ ជាវ័យធ្វើការវិនិយោគរកប្រាក់ចំនេញ ហើយមួយវិញទៀត៦៧ភាគរយ នៃប្រជាជនចិនជាប្រជាជនដែលមានជីវភាពធូរធាខ្លាំងដែរ។

លោកលឹម សុជាតិបានបញ្ជាក់ថា “ផ្អែកលើកត្តាខាងលើនេះកម្ពុជា ខ្ញុំនៅតែមានសុទ្ធនិយមថា នៅពេលស្ថានភាពល្អប្រសើរឡើងវិញ ទោះល្អតែបន្ដិចក្ដីក៏កម្ពុជា នៅតែអាចទាក់ទាញវិនិយោគិន ពីក្រៅប្រទេសមកវិនិយោគនៅកម្ពុជា ពិសេសការវិនិយោគពីប្រទេសចិននេះតែម្ដង”។

ជាមួយគ្នានេះ លោកសន សៀបអនុប្រធានប្រតិបត្តិ CVEA បានលើកឡើងថា បន្ទាប់ពីជំងឺកូវីដ១៩ បានធូរស្បើយ ចិននឹងក្លាយជាប្រទេសទី១ ក្នុងការចូលមកវិនិយោគនៅកម្ពុជា។

លោកបានថ្លែងថា “ខ្ញុំជឿជាក់ថា បន្ទាប់ពីជំងឺកូវីដបានថមថយនៅកម្ពុជា ចិននឹងឈរលំដាប់ថ្នាក់ទី១ ក្នុងការវិនិយោគនៅកម្ពុជា។ និយាយជារួមក្រៅអំពីចិន ក៏មានប្រទេសផ្សេងៗដូចជា កូរ៉េ តៃវ៉ាន់ ជប៉ុន ម៉ាឡេស៊ី សឹង្ហបុរី និងថៃជាដើមផងដែរ”។

លោកបន្ដថា វិស័យអចលនទ្រព្យ ជាវិស័យមួយដែលកម្ពុជា ទទួលបានផលដោយផ្ទាល់ ពីការវិនិយោគរបស់ចិន ជាក់ស្ដែងក្នុងក្រុងព្រះសីហនុ និងរាជធានីភ្នំពេញ។ កាលពីឆ្នាំ២០២០ ការវិនិយោគផ្ទាល់របស់ចិន មកតំបន់អាស៊ានកើន៥១ភាគរយ ហើយចំពោះកម្ពុជាការវិនិយោគរបស់ចិនកើនដល់៧០ភាគរយ៕

កំពង់ផែស្វយ័តភ្នំពេញគ្រោងអភិវឌ្ឍន៍ចំណតផែទេសចរណ៍អន្តរជាតិតាម ដងទន្លេរក្នុងរាជធានីភ្នំពេញ

ដោយៈ ម៉ាណេត

ភ្នំពេញៈ កំពង់ផែស្វយ័តភ្នំពេញ គ្រោងសាងសង់អគារសាលរង់ចាំ និងស្ថានីយ៍អ្នកធ្វើដំណើរទំហំ៣០មx៦០ម កម្ពស់២ជាន់ ដើម្បីធ្វើទំនើបកម្មប្រែក្លាយទៅជាទេសចរណ៍អន្តរជាតិតាមដងទន្លេក្នុងរាជធានីភ្នំពេញ។

នេះបើយោងតាមឯកសារ ដែលគេហទំព័រ Propertyarea.asia ទទួលបានពីកំពង់ផែស្វយ័តភ្នំពេញនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។

ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ លោកហ៊ឺ បាវីបានថ្លែងថា សម្រាប់ឆ្នាំ២០២០ កំពង់ផែស្វយ័តភ្នំពេញ សម្រេចបានលទ្ធផលអាជីវកម្ម ដោយទទួលបាននូវបរិមាណ កុងតឺន័រចំនួន២៩០.៨៥៧ (ពីររយកៅសិបពាន់ប្រាំបីរយហាសិបប្រាំពីរ ) TEUs ដែលអនុវត្តបាន ៩៤% ធៀបនឹងផែនការឆ្នាំ២០២០ និងកើនឡើងចំនួន៣,៤៩% ធៀបនឹងការអនុវត្តឆ្នាំ២០១៩។

ចំណែកលទ្ធផលហិរញ្ញវត្ថុ កំពង់ផែស្វយ័តភ្នំពេញ ទទួលបាននូវប្រាក់ចំណេញចំនួន ៩.៨៦០.៨៧៥ដុល្លារអាមេរិក ដែលអនុវត្តបាន៨៩%នៃផែនការឆ្នាំ២០២០ និង ថយចុះចំនួន ១៤%ធៀបនឹងការអនុវត្តឆ្នាំ២០១៩។

លោកហ៊ឺ បាវីបានបន្ថែមថា ទន្ទឹមនឹងលទ្ធផល ដែលសម្រេចបានមកនេះ កំពង់ផែស្វយ័តភ្នំពេញ ក៏នៅមានផែនការការងារជាអាទិភាពបន្តទៀត សម្រាប់អនុវត្តឆ្នាំ២០២១ ក្នុងនោះរួមមាន ការងារពង្រីកចំណតផែកុងតឺន័រLM១៧ ជំហានទី៣ ដើម្បីពង្រីកសមត្ថភាពផ្ទុកកុងតឺន័រឱ្យបានដល់ចំនួន៥០០.០០០ (ហាសិបម៉ឺន) TEU/ឆ្នាំ ការបង្កើតចំណតផែរណបនៅទីតាំងគីឡូម៉ែត្រលេខ៦ ចំណតផែទន្លេបិទ UM២ ចំណតផែកោះរកា និងការធ្វើទំនើបកម្មចំណតផពហុបំណងTS៣ ដើម្បីឱ្យក្លាយទៅជាចំណតផែទេសចរណ៍អន្តរជាតិTS៣ ព្រមទាំងការងារបំពាក់ឧបករណ៍ និងប្រព័ន្ធព័ត៌មានវិទ្យា ក៏ដូចជាការកែសម្រួលតម្លៃអនុគ្រោះ លើសេវាកម្មមួយចំនួន ដើម្បីទាក់ទាញអតិថិជនឱ្យមកប្រើសេវា កំពង់ផែបន្ថែមទៀត៕

ក្រុមហ៊ុនកូរ៉េធំមួយប្រកាសពង្រីកផ្ទៃដីដាំដុះជិត១០០០០ហិកតាជាមួយឈើជាង១០លានដើមនៅកម្ពុជា

ដោយៈ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុនស៊ីងបាយអូថេក ដែលជាក្រុមហ៊ុនជំនាញ និងវិនិយោគចម្ការឈើដាំដ៏ធំជាងគេរបស់កូរ៉េខាងត្បូងនៅកម្ពុជា បានប្រកាសពង្រីកការដាំកូនឈើប្រភេទប្រេងខ្យល់ផ្ទៃដីជិត១ម៉ឺនហិកតា សម្រាប់ការធ្វើអាជីវកម្ម ។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាននៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។

លោកលី ឈូឆាងនាយកប្រតិបត្តិក្រុមហ៊ុនស៊ីងបាយអូថេកនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នេះថា នៅឆ្នាំ២០២១ នេះ ក្នុងរយៈពេល៤ ខែពីខែឧសភា ដល់ខែសីហា ក្រុមហ៊ុនគ្រោងនឹងដាំកូនដើមប្រេងខ្យល់ នៅលើផ្ទៃដីទំហំ៨៥០០ហិកតាស្មើនឹងកូនឈើប្រមាណ១០លានដើម។

លោកបានបន្ថែមថា តាមផែនការគ្រោងទុកការដាំដុះជំហានទី១ នឹងគ្រោងបញ្ចប់ក្នុងឆ្នាំ២០២៥ ខាងមុខលើផ្ទៃដីប្រមាណ ១០០,០០០ ហិកតា ដែលស្មើនឹងកូនឈើប្រមាណ ១០០លានដើម ទៅ ១២០លានដើម។

លោកនាយកប្រតិបត្តិក្រុមហ៊ុនស៊ីងបាយអូថេកបានបញ្ជាក់ថា ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ ក្រុមហ៊ុនបានដាំកូនឈើប្រភេទប្រេងខ្យល់បានប្រមាណ៣.៦លានដើមរួចហើយ ដែលជាការចាប់ផ្តើមដំបូង ហើយជាមួយបទពិសោធមានស្រាប់ ក្រុមហ៊ុននឹងបង្កើនល្បឿននៃការដាំដុះដោយក្នុងឆ្នាំ២០២១ នេះនឹង ដាំឱ្យបាន ១០ លានដើម។

លោកបានបន្តថា នៅឆ្នាំបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារប្រើប្រាស់ឈើក្នុងវិស័យ ឧស្សាហកម្មកែច្នៃឈើ ដែលបច្ចុប្បន្នកម្ពុជាកំពុងត្រូវការខ្លាំង ជាពិសេសនៅក្នុងវិស័យសំណង់ ដែលកំពុងតែត្រូវការឈើកែច្នៃខ្លាំង សម្រាប់បម្រើឱ្យការសាងសង់សំណង់ផ្សេងៗ ដែលកំពុងតែរីកដុះដាល យ៉ាងច្រើនទាំងនៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗទៀត។

លោកលូ ឈូឆាងបានឱ្យដឹងថា ក្រុមហ៊ុនស៊ីងបាយអូថេកបានឈូសឆាយទីតាំងនិងបានសម្រុកដាំចម្ការឈើដាំ ចាប់តាំងពីឆ្នាំ២០១៨ មកហើយរហូតដល់ពេលនេះបានដាំកូនឈើបានចំនួនជាង៥០០០ហិកតារួចមកហើយលើផ្ទៃដីសរុបទំហំ៣៤ ០០៧ហិកតា ដែលក្រុមហ៊ុនបានទទួលសិទ្ធិប្រើប្រាស់ដីព្រៃរិចរិលរបស់រដ្ឋសម្រាប់ដាំឈើជាលក្ខណៈឧស្សាហកម្ម ក្រោមកិច្ចសហការជាមួយរដ្ឋបាលព្រៃឈើ ក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទតាមរយៈលិខិតលេខ ៩៩៩ សជណ.កស ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ ២០១១ របស់ទីស្តីការគណៈរដ្ឋមន្រ្តីនៅលើដីរបស់ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបឹងចារ ស្ថិតនៅក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។
បើតាមលោក លូ ឈូឆាង ចម្ការឈើដាំរបស់ក្រុមហ៊ុនដែលបានដាំ មានការលូតលាស់ល្អ និងជាក្តីសង្ឃឹមប្រកបដោយភាពជឿជាក់លើផ្នែកកសិឧស្សាហកម្មចម្ការឈើដាំនៅកម្ពុជា។

ប្រធានក្រុមហ៊ុនស៊ីងបាយអូថេករូបនេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍចម្ការឈើដាំ សម្រាប់បម្រើវិស័យឧស្សាហកម្មឈើកែច្នៃនៅកម្ពុជា និងការពិភាក្សាជាមួយប្រជាពលរដ្ឋ និងសហគមន៍ដែលរស់នៅក្នុងតំបន់នោះដែលមានដីទំនេរ ដើម្បីសហការដាំកូនឈើជាលក្ខណៈដៃគូ បង្កើតការងារជូនប្រជាពលរដ្ឋ និងបង្កើនជីវភាពរបស់ពួកគាត់។

ជាមួយគ្នានេះដែរ លោកក៏បានប្រកាសស្វែងរកដៃគូសហការផ្សេងទៀតដែរ ក្នុងការវិនិយោគដាំចម្ការលើផងដែរ ខណៈចម្ការឈើនេះនេះផ្តល់សារៈប្រយោជន៍យ៉ាងច្រើនដល់បរិស្ថាន និងសេដ្ឋកិច្ច សង្គម។ លោកបានថ្លែងថា ចម្ការឈើដាំជាផ្នែកមួយយ៉ាងសំខាន់ក្នុងការចូលរួមលើកំណើនសេដ្ឋកិច្ចជាតិទាំងការបង្កើតការងារ និងនាំចំណូលសម្រាប់សេដ្ឋកិច្ចជាតិ។ ប្រទេសជិតខាងកម្ពុជា និងក្នុងតំបន់ដូចជាប្រទេសវៀតណាមជាដើមបានរកប្រាក់ចំណូលរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំពីចម្ការឈើដាំ៕

អ្នកជំនាញៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាលជួយទប់ការធ្លាក់ចុះ វិស័យអចលនទ្រព្យ

ដោយៈគង់ សូរិយា
ភ្នំពេញៈ អ្នកជំនាញជាតិ អន្តរជាតិបានលើកឡើងថា ការអភិវឌ្ឍន៍ហេដ្ឋារចនាស  ម្ព័ន្ឋរបស់រដ្ឋាភិបាល បានជួយទប់ការធ្លាក់ចុះវិស័យអចលនទ្រព្យ និងធ្វើឲ្យមានសកម្ម​ភាពការអភិវឌ្ឈច្រើននៅជុំវិញតំបន់នោះ។

លោកយក់ សុធីរិទ្ឋនាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនWorldbridge Homeបានមានប្រសាសន៍ក្នុងវេទិកាRainmaking Cambodiaនារសៀលថ្ងៃទី២៥ ឧសភានេះថា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋជាច្រើនរបស់រដ្ឋាភិបាល ដូចជាព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ព្រលានយន្តហោះថ្មីក្រុងភ្នំពេញ ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ ការពង្រីកព្រលានយន្តហោះខេត្តព្រះសីហនុ និងការកសាងផ្លូវក្រវ៉ាត់ក្រុងទី៣បានជួយធ្វើឲ្យវិស័យអចលនទ្រព្យមានភាពរីកចម្រើន។

លោកបន្តថា “ហេដ្ឋារចនាសម្ព័ន្ឋទាំងនេះ ពិសេសតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែល​សាងសង់បានប្រមាណ៥០ភាគរយ បាននិងកំពុងទាក់ទាញគំរោងអភិវឌ្ឍន៍លំនៅដ្ឋាន តំបន់ឧស្សាហកម្មជាច្រើននៅជុំវិញតំបន់នោះ”។ លោកបន្តថា “វាជួយធ្វើឲ្យវិស័យនេះមានភាពរីកចម្រើន និងជួយជំរុញកំនើនសេដ្ឋកិច្ចផងដែរ”។

ជាមួយគ្នានេះ លោកយិន លាងគង់សហស្ថាបនិកគេហទំព័រPropertyarea.asia និងCambodiafinancialtimes.com ដែលបានតាមដានដំណើរវិវត្តន៍ក្នុងវិស័យនេះបានលើកឡើងផងដែរថា ការរីកចម្រើន ពិសេសការវិនិយោគដ៏ច្រើនរបស់រដ្ឋាភិបាល លើហេដ្ឋារចនាសម្ព័ន្ឋ បានធ្វើឲ្យតំបន់អភិវឌ្ឍន៍នោះមានភាពរីកចម្រើនលឿន ពិសេសធ្វើឲ្យតម្លៃដីធ្លីកើនឡើងលើសពីទ្វេរដង ដែលការកើនឡើងតម្លៃដីធ្លីនេះ មានចំណុចវិជ្ជមានផង និងអវិជ្ជមានផង។

វិជ្ជមានត្រង់ថា ធ្វើឲ្យប្រជាពលរដ្ឋនៅមូលដ្ឋាន និងអ្នកវិនិយោគដីធ្លីទទួលបានផលចំណេញច្រើន​ ប៉ុន្តែចំណុចអវិជ្ជមានក៏ធ្វើឲ្យប៉ះពាល់ ដល់គំរោងអភិវឌ្ឍន៍មួយចំនួនផងដែរ ពិសេសអ្នកវិនិយោគដែលមានធនធានមានកម្រិត មិនអាចចាប់ផ្តើមអភិវឌ្ឍន៍គំរោងរបស់ខ្លួនបាន។

លោកយិន លាងគង់បានបន្តថា “នៅកម្ពុជាហេដ្ឋារចនាសម្ព័ន្ឋ បានបង្កើនតម្លៃ និងបង្កើតតម្លៃបន្ថែមផ្នែកសេដ្ឋកិច្ចដ៏មានសក្តានុពល ព្រោះឲ្យតែហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់ឬពង្រីកទៅដល់តំបន់ណា តំបន់នោះតែងតែមានការអភិវឌ្ឍលឿន តម្លៃដីធ្លីហក់ឡើងផងដែរ”។

ជាមួយគ្នានេះ លោកRose Wheble នាយកប្រចាំប្រទេសនៃក្រុមហ៊ុនKnight FranK Cambodiaបានលើកឡើងពីផលប៉ះពាល់ជាច្រើន ក្នុងវិស័យអចលនទ្រព្យកម្ពុជា ដោយសារវិបត្តិកូវីដ១៩ ប៉ុន្តែការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល បានជួយលើកកំពស់ការរីកចម្រើនក្នុងវិស័យនេះ។

ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអច​លនវត្ថុកម្ពុជាបានមានប្រសាសន៍ថា ពិតហើយនៅកម្ពុជាហេដ្ឋារចនាសម្ព័ន្ឋ បានជួយធ្វើឲ្យមានសន្ទុះនៃការអភិវឌ្ឍ និងវិនិយោគលើវិស័យអចលនទ្រព្យ ជាក់ស្តែងតំបន់អភិវឌ្ឍ​គំរោងហេដ្ឋារចនាសម្ព័ន្ឋធំៗ នៅតែមានសកម្មភាពទិញលក់អចលនទ្រព្យច្រើន បើទោះបីកម្ពុជាជួបវិបត្តិកូវីដ១៩ក្តី។

លោកបន្តថា “តំបន់ជាយក្រុងភ្នំពេញនៅតែមានការរីកចម្រើន និងទិញលក់ច្រើន ដោយសារការពង្រីកទីក្រុងនៅតែបន្ត ការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋធំៗរបស់រដ្ឋាភិបាល និងវិស័យឯកជន”៕

CEOនៃគេហទំព័រPropertyarea.aisaចែករំលែកទស្សនទាននៅក្នុងកម្មវិធីអន្តរជាតិធំមួយនៅថ្ងៃនេះ

ដោយៈគង់ សូរិយា
ភ្នំពេញៈ សហស្ថាបនិកអគ្គនាយកនៃគេហទំព័រPropertyarea.asia បានចូលរួមចែករំលែកទស្សនទាន នៃការអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យកិច្ចប្រជុំអន្តរជាតិ តាម       រយៈប្រព័ន្ឋZoom ក្នុងកម្មវិធីRainmaking Cambodia 2021។

វេទិកា Rainmaking Cambodia 2021 រៀបចំដោយស្ថាប័នអន្តរជាតិធំៗ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ខាងមុខ ដើម្បីពិភាក្សាពីការអភិវឌ្ឍសេដ្ឋកិច្ច និងអចលនទ្រព្យនាពេលអនាគតនៅកម្ពុជា។

កិច្ចពិភាក្សានេះដែលមានពីរលើកនេះ មានការចូលរួមពីលោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកRose Wheble នាយកប្រចាំប្រទេសនៃក្រុមហ៊ុនKnight Frank Cambodia លោកយក់ សុធីរិទ្ឋនាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនWorldbridge Home លោកយិន លាងគង់សហស្ថាបនិកនិងជាអគ្គនាយកនៃគេហទំព័រPropertyararea.asia និងCambodiafinancialtimes.com។

ព្រឹត្តិការណ៍ Rainmaking Cambodia ត្រូវបានរៀបចំឡើងដោយGood City Foundation and InvesHK និងនាយកដ្ឋានវិនិយោគទុនផ្ទាល់បរទេស នៃរដ្ឋបាលស្វយ័តហុងកុង ក្នុងកម្មពិធី StartmeupHK នាពេលខាងមុខនេះចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែឧសភា និងមានការគាំទ្រពីតំណាង និងសមាជិកនៃវេទិកាផ្លាស់ប្តូរទីក្រុង និងទីក្រុង នៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសចិន និងអាស៊ាន (loT and Urban Transformation Platform of the World Economic Forum in China and ASEAN)។

កម្មពិធីសហការបង្កើតតម្លៃរួម នៃអចលនទ្រព្យប្រកបដោយនិរន្តរភាពនៅកម្ពុជា (Co-Creating Common Values of Sustainable Real Estate in Cambodia) នឹងដើរតួនាទីជាប្រធានបទសំខាន់នៃ Rainmaking Cambodia 2021ដែលព្រឹត្តិការណ៍នេះនឹងផ្តោតលើកិច្ចពិភាក្សាកម្រិតខ្ពស់ស្តីពី និន្នាការអភិវឌ្ឍន៍ម៉ាក្រូសេដ្ឋកិច្ចចុងក្រោយរបស់ប្រទេសកម្ពុជា។

កម្មពិធីនេះ ក៏នឹងស្វែងយល់ពីការអភិវឌ្ឍអចលនទ្រព្យ នាពេលអនាគត ដូចជាការវិនិយោគអចលនទ្រព្យឆ្លាតវៃ និងហិរញ្ញប្បទានប្រកបដោយចីរភាព និងវិធីដែលអ្នកពាក់ព័ន្ធអាចធ្វើអន្តរកម្ម និងចង្អុលបង្ហាញពីបញ្ហាប្រឈម និងដំណោះស្រាយ តាមរយៈការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់នៃទីក្រុងកាន់តែប្រសើរ សម្រាប់ប្រទេសកម្ពុជា ក្នុងបរិបទទីក្រុងកំពុងរីកចម្រើន។

កម្មវិធីនេះមានការចូលរួមពីអ្នកជំនាញជាតិ អន្តរជាតិ និងអ្នកវិនិយោគអន្តរជាតិជាច្រើននៅកម្ពុជា។

លោកយិន លាងគង់បានមានប្រសាសន៍ថា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល បានជួយធ្វើឲ្យវិស័យអចលនទ្រព្យឡើងថ្លៃខ្ពស់យ៉ាងខ្លាំង នៅតំបន់ដែលមាន​ការអភិវឌ្ឍនោះ ប៉ុន្តែកំណើនតម្លៃអចលនទ្រព្យ មិនបានឆ្លុះបញ្ចាំងពីតថភាពនៃប្រាក់ចំណូលប្រចាំឆ្នាំរបស់ប្រជាជនកម្ពុជានោះទេ។ ហេតុនេះការផ្តោតលើប្រាក់ចំណេញខ្លាំងពេកពីអ្នកអភិវឌ្ឍ នឹងប៉ះពាល់ដល់សុខមាលភាពសង្គម និងធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងមធ្យមកម្រិតទាប មិនមានលទ្ឋភាពទិញអចលនទ្រព្យនិងលំនៅដ្ឋានបាននោះទេ។

លោកបន្តថា “ការឡើងថ្លៃអចលនទ្រព្យ បានផ្តល់នូវផលចំនេញជាច្រើនដល់ប្រជាពលរដ្ឋ ប៉ុន្តែវាក៏ប៉ះពាល់ដល់ការអភិវឌ្ឍមួយចំនួនផងដែរ”។លោកបន្តថា “ទាក់ទងនឹងការរីកចម្រើនបច្ចេកវិទ្យានៅកម្ពុជា មានឱកាសជាច្រើនបានកើតមានឡើង សំរាប់មុខជំនួញមួយចំនួន ខណៈប្រជាពលរដ្ឋកម្ពុជាបាននិងកំពុងចេះប្រើប្រាស់បច្ចេកវិទ្យាកាន់តែច្រើនជាងមុន”។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា កំនើននៃការទូទាត់ តាមរយៈបច្ចេកវិទ្យាសម្រាប់ទូទាត់ហិរញ្ញវត្ថុ បានកើនឡើងប្រមាណ៦០ភាគរយ ក្នុងអំឡុងត្រីមាសទី១ឆ្នាំនេះ៕

តំបន់ឆ្នេរនៅតែទទួលបានការទាក់ទាញសម្រាប់វិនិយោគទោះស្ថិតក្នុងវិបត្តិ

ដោយៈវឌ្ឈនៈ
ភ្នំពេញៈ តំបន់ឆ្នេរកម្ពុជា នៅតែទទួលបានការទាក់ទាញ សម្រាប់វិនិយោគលើគម្រោងផ្សេងៗទៀត ទោះបីជាកម្ពុជាជួបនឹងវិបត្តិ ដោយសារកូវីដ១៩ក្ដី ជាក់ស្ដែងសកម្ម​ភាពនៃការអភិវឌ្ឍ ការទិញលក់ដីធ្លី និងគម្រោងវិនយោគធំៗពីក្រៅប្រទេសនៅតែបន្តបណ្ដាក់ទុនក្នុងតំបន់ឆ្នេរទាំងនោះ។

ភ្នាក់ងារលក់អចលនទ្រព្យនៅតំបន់ឆ្នេរនៃខេត្តកែប និងកំពត បានឱ្យដឹងថា ទោះ​បីជាមានវិបត្តិយ៉ាងណាក្ដីសកម្មភាព នៃការស្វែងរកទិញដីធ្លីពីសំណាក់វិនិយោគិន នៅតែបន្ត តែបានស្ងប់ស្ងាត់បន្តិចនៅអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល ។ ក្រោយពេលរដ្ឋាភិបាលបញ្ចប់ការបិទខ្ទប់វិញ ឃើញថាសកម្មភាពនៃការស្វែងរកទិញដីធ្លីនៅតំបន់ឆ្នេរនៃខេត្តកំពត និងកែបក៏ចាប់ផ្ដើមកម្រើកឡើងវិញ ។

លោកកែវ សុជាតិ ភ្នាក់ងារអចលនវត្ថុមួយរូបប្រចាំខេត្តកំពតបានឱ្យដឹងថា “កំពតនៅតែមានសក្ដានុពលទាក់ទាញ សម្រាប់ការវិនិយោគពីក្នុង និងក្រៅប្រទេសជាពិសេសវិនិយោគិនក្នុងប្រទេស ក្នុងពេលខេត្តនេះក៏កំពុងបង្កើតសក្ដានុពលជាច្រើន សម្រាប់ទាក់ទាញ”។ លោកបន្តថា “បើក្រលេខទៅមើលគម្រោងអភិវឌ្ឍន៍នានាក្នុងនេះ ក្នុងពេលវិបត្តិកូវីដ១៩ មិនទាន់មានគម្រោងធំៗណាមួយត្រូវបានផ្អាក ដោយហេតុផលវិបត្តិនោះឡើយ តែមានគម្រោងខ្លះ ត្រូវបានផ្អាកសកម្មភាពក្នុងពេលបិទខ្ទប់តំបន់”។

ប៉ុន្តែសកម្មភាពក៏បានចាប់ផ្ដើមវិញ ក្រោយពេលដែលរដ្ឋាភិបាលប្រកាសបញ្ចប់ការបិទខ្ទប់ ។ ចំណែកភ្ញៀវដែលមកពីភ្នំពេញ ដើររកទិញដីដើម្បីវិនិយោគ ក៏ចាប់ផ្ដើមមានសកម្មភាពកម្រើកជាងមុនដែរ ក្រោយពេលបញ្ចប់ការបិទខ្ទប់ និងបន្ធូរបន្ថយការធ្វើដំណើរឆ្លងខេត្ត។

ក្រលេកទៅមើលតំបន់ខេត្តព្រះសីហនុឯណោះវិញ ថ្វីត្បិតតែពេលនេះគម្រោងវិនិយោគថ្មីៗ មិនទាន់បង្ហាញក្ដី តែសក្ដានុពលនៃការអភិវឌ្ឍខេត្តព្រះសីហនុ បានក្លាយចំណុ​ចទាក់ទាញមួយសម្រាប់វិនិយោគិន ក្នុងនិងក្រៅប្រទេស ដូចជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍកំពង់ផែទឹកជ្រៅ តំបន់សេដ្ឋកិច្ចពិសេស ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុជាដើម។

អ្នកជំនាញអចលនទ្រព្យរំពឹងថា ខេត្តព្រះសីហនុនឹងក្លាយជាតំបន់ឧស្សាហកម្មដ៏ទាក់ទាញមួយនៅអនាគតដ៏ខ្លី ខណៈកន្លងមករដ្ឋាភិបាលកម្ពុជាដាក់ផែនការ អភិវឌ្ឍខេត្តនេះជាគំរូទីក្រុងស៊ិនជិនរបស់ចិនផងដែរ ជាទីក្រុងឧស្សាហកម្ម ដែលអាចទាក់ទាញវិនិយោគិននិងទេសចរមកទស្សនាកម្សាន្តទៀតផង។

សម្រាប់ខេត្តកោះកុង ដែលជាតំបន់ឆ្នេរមួយទៀតក្នុងប្រទេសកម្ពុជា ក៏កំពុងបង្ហា​ញពីភាពទាក់ទាញដ៏ខ្លាំងក្លា ពីសំណាក់វិនិយោគិនក្នុង និងក្រៅប្រទេសជាពិសេសវិនិយោគិនចិន ខណៈព្រលានយន្តហោះអន្តរជាតិតារាសាគរ គ្រោងនឹងដំណើរការហោះហើរឆាប់ៗ ហើយវានឹងនាំភ្ញៀវទេសចរបរទេស និងវិនិយោគិនចិនជាច្រើនទៀតចូលមកបណ្ដាក់ទុនវិនិយោគក្នុងខេត្តមួយនេះផងដែរ។

កោះកុងក៏គ្រោងនឹងសាងសង់កំពង់ផែ តភ្ជាប់ពីកំពង់ផែក្រុងព្រះសីហនុ ដែលអាចធ្វើឱ្យទំនាក់ទំនងរវាងខេត្តទាំងពីរនេះ កាន់តែជិតនិងប្រើពេលវេលាខ្លីជាងមុន ហើយភ្ញៀវទេសចរនៃខេត្តទាំងពីរអាចចេញចូលលឿនរហ័ស៕

GC Realty ប្រកាសបើកសម្ពោធជាផ្លូវការអាគារការិយាល័យថ្មី

ភ្នំពេញ ថ្ងៃទី​ 25 ខែឧសភា ឆ្នាំ 2021 – Golden Cambodia Realty (តទៅនេះនឹងហៅថា GC Realty) បានប្រកាសបើកសម្ពោធជាផ្លូវការអាគារការិយាល័យថ្មីនៅថ្ងៃនេះ ក្នុងខណ្ឌដែលមានសក្ដានុពលបំផុតមួយនៃរាជធានីភ្នំពេញនៅថ្ងៃទី 25 ខែឧសភា ឆ្នាំ2021។  ការិយាល័យរបស់ GC Realty គឺជាអាគារកម្ពស់ 4 ជាន់ដែលមានទំហំជា​ង 1000 ម៉ែត្រការ៉េ ដែលអាចផ្ទុកមនុស្សបានរហូតដល់ទៅរាប់ពាន់នាក់ គឺជាការិយាល័យអន្តរការីដ៏ធំបំផុតមួយក្នុងតំបន់។

GC Realty បានបង្កើតឡើងចាប់តាំងពីឆ្នាំ 2020 គឺជាបុត្រសម្ព័ន្ធរបស់ Golden Cambodia Century (GCC) ហើយបច្ចុប្បន្នជាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យដ៏ធំបំផុតមួយនៅក្នុងប្រទេសកម្ពុជា។ នាពេលបច្ចុប្បន្ននេះក្រុមហ៊ុន GC Realty មានសមាជិកឯកទេសរាប់រយនាក់ដែលមានជំនាញ និងបទពិសោធន៍ជាច្រើនក្នុងវិស័យអចលនទ្រព្យ។ អាគារការិយាល័យដ៏ធំទូលាយនេះនឹងផ្ដល់ជូននូវដំណោះស្រាយដែលពោរពេញដោយប្រសិទ្ធភាពសម្រាប់ភ្នាក់ងារលក់ទាំងអស់ អាចអញ្ជើញមកចូលរួមជាសមាជិក និងក្លាយជាដៃគូប្រកបដោយទំនុកចិត្តជាមួយនឹង GC Realty។ ក្រៅអំពីការផ្ដល់ជូននូវកម្រៃជើងសារខ្ពស់ជាងគេបំផុតហើយ ភ្នាក់ងារលក់ទាំងអស់ក៏ទទួលបាននូវការបណ្ដុះបណ្ដាលយ៉ាងយកចិត្តទុកដាក់ជាប្រចាំ យ៉ាងហោចណាស់ ម្ដងក្នុងមួយខែ ដើម្បីអភិវឌ្ឍន៍នូវជំនាញទំនាក់ទំនងអន្តរបុគ្គល វិជ្ជាជីវៈ និងភាពជាអ្នកដឹកនាំ។

លោកកាំង នីនដែលជានាយក និងដៃគូអាជីវកម្មរបស់ GC Realty បានសង្កត់ធ្ងន់ថា GC Realty តែងតែមានការក្នុងការផ្តល់ជូនអតិថិជននូវគម្រោង និងសេវាកម្មដែលមានគុណភាពពិតប្រាកដ។ GC Realty មានគោលដៅសំខាន់ក្នុងការផ្ដល់ជូននូវការប្រឹក្សាអចលនទ្រព្យដែលល្អបំផុត ហើយជួយអតិថិជនក្នុងការជ្រើសរើសគម្រោងល្អៗ ជាមួយនឹងអត្រាជួលត្រឡប់ខ្ពស់ និងប្រកបដោយគុណភាព។ GC Realty តែងតែធ្វើការសិក្សារ ស្រាវជ្រាវយ៉ាងច្បាស់លាស់នោមុនពេលដែលធ្វើការណែនាំនូវ គម្រោងណាមួយជូនទៅដល់អតិថិជន។ នេះគឺជាហេតុផលមួយដែលធ្វើឲ្យ GC Realty ធ្វើការជ្រើសរើសយ៉ាងម៉ត់ចត់មុននឹងសហការជាដៃគូជាមួយនឹងគម្រោងអភិវឌ្ឍនីមួយៗ។

លោកកាំងនីនបានមានប្រសាសន៍ថា“នៅពេលបច្ចុប្បន្ននេះ យើងបានសហការលក់គម្រោងចំនួន 13 ជាមួយនឹងភ្នាក់ងាររាប់រយនាក់ ដែលគម្រោងទាំងនោះសុទ្ធសឹងជាគម្រោងប្រកបដោយទំនុកចិត្ត និងអ្នកអភិវឌ្ឍមានភាពល្បីល្បាញក្នុងប្រទេសកម្ពុជា។ ខណៈពេលដែលមានគម្រោងអភិវឌ្ឍជាច្រើនក្នុងរាជធានីភ្នំពេញ យើងជ្រើសរើសក្នុងការសហការតែ 13 គម្រោងប៉ុណ្ណោះ ដោយសារតែយើងមើលឃើញពីកត្តាសំខាន់ៗបំផុត ដូចជាអ្នកអភិវឌ្ឍគម្រោង តម្លៃ ទីតាំង និងជាពិសេស ផលចំណេញខ្ពស់។ គម្រោងមួយដែលយើងទើបតែជ្រើសរើសសហការ គឺគម្រោងផ្សារជីស៊ី អូរឫស្សី ដែលជាគម្រោងផ្សារបោះដុំ និងលក់រាយដ៏ធំបំផុតមួយនៅក្នុងទីក្រុងភ្នំពេញ ស្ថិតនៅតាមបណ្ដាយផ្លូវសហព័ន្ធរុស្សី។ នេះគឺជាគម្រោងអចលនទ្រព្យដំបូងបង្អស់របស់យើង ដែលមិនមែនជាប្រភេទគម្រោងអភិវឌ្ឍលំនៅឋាន ហើយពួកយើងក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការក្លាយជាក្រុមហ៊ុនភ្នាក់ងារលក់អចលនទ្រព្យចម្រុះដ៏ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា។ បេសកកម្មរបស់យើងគឺបន្តរិះរកគម្រោងដែលអាចទុកចិត្តបានសម្រាប់អ្នកវិនិយោគ និងពិភាក្សាររកដំណោះស្រាយសម្រាប់អ្នកអភិវឌ្ឍ ព្រមជាមួយនឹងសេវាកម្មបន្ថែមផ្សេងទៀតសម្រាប់បំពេញនូវតម្រូវការខុសប្លែកគ្នារបស់អតិថិជន”​។

លោកកាំងនីនបានមានបន្ថែមថា “ពួកយើងធ្វើការជ្រើសរើសដៃគូ និងគម្រោងប្រកបដោយការយកចិត្តទុកដាក់បំផុត នេះក៏ដើម្បីធ្វើឱ្យទីផ្សារទាំងមូលកាន់តែមានជំនាញវិជ្ជាជីវៈ និងពង្រីកកិត្តិនាមរបស់យើងឲ្យក្លាយជាក្រុមហ៊ុនអចលនទ្រព្យដែលអាចទុកចិត្តបាន និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អតិថិជនផង ព្រមទាំងសមាជិករបស់យើងផងដែរ។ GC Realty មិនមែនត្រឹមតែលក់គម្រោង និងផលិតផលដែលល្អប៉ុណ្ណោះទេ យើងក៏ផ្ដល់ជូននូវដំណោះស្រាយបន្ទាប់ពីការលក់ទៅកាន់អតិថិជនផងដែរ និងធានាថានឹងខិតខំឲ្យអស់ពីសមត្ថភាពតាមដែលអាចធ្វើទៅបានសម្រាប់សេវាកម្មទាំងអស់ ទាំងនេះជាការតាំងចិត្តយ៉ាងមុតមាំរបស់ GC Realty”

ទីតាំងការិយាល័យថ្មីរបស់ GC Realty ស្ថិតនៅអាគារ S2-49 នៃអូឡាំព្យាស៊ីធី ស្ថិតនៅតាមបណ្ដោយមហាវិថីហ្សាលដឺហ្គោល នៅក្នុងសង្កាត់ដ៏មានសក្ដានុពល 7 មករា នៅចំចំណុចកណ្ដាលនៃរាជធានីភ្នំពេញ។ GC Realty បានត្រៀមខ្លួនរួចជាស្រេចក្នុងការក្លាយជាទីតាំងដែលមានមុខងារសំខាន់ចាំបាច់សម្រាប់ភ្នាក់ងារឯករាជ្យទាំងអស់មកបំពេញការងារប្រកបដោយជោគជ័យ និងផលិតភាព។

  • សម្រាប់ព័ត៌មានបន្ថែមអំពី GC Realty សូមចូលទៅកាន់គេហទំព័រហ្វេសប៊ុក របស់យើង៖
  • GC Realty: https://www.facebook.com/GCR.CAMBODIA
  • លេខទូរស័ព្ទ: 016 362 263

    បញ្ចប់

    អំពី GCC គ្រុប

    ក្រុមហ៊ុន GCC គឺជាក្រុមហ៊ុនវិនិយោគ ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុងហុងកុង ដែលមានជំនាញលើ វិស័យ អភិវឌ្ឍអចលនទ្រព្យ  វិនិយោគដីធ្លី និងសេវាកម្មហិរញ្ញវត្ថុ (trust and fund management)។ ចក្ខុវិស័យដ៏ធំបំផុតនៃ GCC គឺក្លាយជាអ្នកអភិវឌ្ឍអចលនទ្រព្យ ផ្តល់ជូនសេវាកម្មពេញលេញ  360० នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ GCC មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន 7 ទៀត រួមមាន GC City, GC Land, GC Empire, GC Realty, GC Design, GC Management និង GC Credit ។ គម្រោងបច្ចុប្បន្នរបស់ GCC រួមមាន៖ បុរី ណាឌី ដោយជីស៊ី ស៊ីធី, CEO Wyndham Residence ផ្សារជីស៊ី អូរឫស្សី GC Residence ជ្រោយចង្វារ  និង Ream City ក្រុងព្រះសីហនុ។

    បានចេញផ្សាយដោយ by GC Realty
    សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់៖
    លោកកាំង នីន
    នាយក និង​ដៃគូអាជីវកម្ម, GC Realty
    លេខទូរស័ព្ទ: +855 93 552 305, អ៊ីម៉ែល៖ [email protected]
    លោក Felix Yong
    នាយក និង​ដៃគូអាជីវកម្ម, GC Realty
    លេខទូរស័ព្ទ: +855 77 779 864, អ៊ីម៉ែល៖ [email protected]

ខ្សែកាបលើអាកាសទាំងអស់ក្នុងក្រុងសៀមរាបនឹងត្រូវរៀបចំជាបណ្តាញក្រោមដី ក្រោយការសាងសង់ផ្លូវទាំង៣៨ខ្សែបញ្ចប់

ដោយៈ ប៊ី
សៀមរាបៈ អាជ្ញាធរខេត្តសៀមរាប បានលើកឡើងថា រាល់បណ្ដាញខ្សែកាបលើអាកាសទាំងអស់ក្នុងក្រុងសៀមរាបនឹងត្រូវរៀបចំជាបណ្តាញក្រោមដី ដែលជាផ្នែកមួយនៃគម្រោងរៀបចំទីក្រុងស្អាត និងឆ្លាតវៃ បន្ទាប់ពីបញ្ចប់ការសាងសង់ផ្លូវទាំង៣៨ខ្សែ។

អភិបាលរងខេត្តសៀមរាបលោកស្រីយូ សុភាបានមានប្រសាសន៍កាលពីម្សិលមិញថា បណ្តាញខ្សែកាបក្រោមដី គឺជាផ្នែកមួយនៃគម្រោងរៀបចំទីក្រុងស្អាត និងឆ្លាតវៃ ហើយនៅពេលដែលហេដ្ឋរចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន៣៨ខ្សែជាអំណោយរបស់រាជរដ្ឋាភិបាលត្រូវបានបញ្ចប់ហើយនោះ សៀមរាប-អង្គរ ពុំមានទៀតឡើយ ខ្សែកាបអាកាស ដើម្បីបង្កើតសោភ័ណភាពថ្មីនៃក្រុងទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្តនៃកម្ពុជា។

លោកស្រីបានថ្លែងបន្តថា គម្រោងរៀបចំនិងប្រើប្រាស់បណ្តាញបំពង់ខ្សែកាបអុបទិកក្រោមដីនេះ រដ្ឋបាលខេត្តសៀមរាប បានអនុវត្តតាំងពីឆ្នាំ២០១៨ ក្នុងគោលដៅលុបបំបាត់ទាំងស្រុង ការប្រើប្រាស់បណ្តាញទូរគមនាគមន៍ខ្សែកាបអាកាស ដែលវាមានផលប៉ះពាល់ទាំងផ្នែកបច្ចេកទេស និងសោភ័ណភាពក្រុង ។

លោកស្រីបានថ្លែងថា នេះមិនមែនជាលើកទី១នោះទេ ដែលក្រុមការងារចម្រុះរដ្ឋបាលខេត្ត កាត់ទម្លាក់ខ្សែកាប្លិ៍អាកាសគ្រប់ប្រភេទនៅតាមដងផ្លូវសាធារណៈ ក្នុងបំណងកែលំអសោភ័ណភាពក្រុងសៀមរាបរបស់យើង និងដើម្បីរក្សាបាននូវសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈនៅតាមដងផ្លូវ ដោយសារខេត្តសៀមរាបយើង ជាខេត្តគោលដៅទេសចរណ៍ដ៍៏មានសក្តានុពល និង កំពុងទទួលការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដូចនេះ ដើម្បីកែលំសោភ័ណ្ឌភាពក្រុងសៀមរាបរបស់យើងទទួលបានកំណើនទេសចរណ៍បន្ថែមទៀត ទាមទារចាំបាច់ត្រូវយើងទាំងអស់សហការគ្នារួមគ្នា រៀបចំកែលំអនូវហេដ្ឋារចនាសម្ព័ន្ឋ ក៍ដូចជារៀបចំនូវសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈបានល្អ។

លោកសុខ សីហាប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ដសៀមរាប បានឲ្យដឹងថា គម្រោងរៀបចំខ្សែកាបអ៊ុបទិចនៅក្រោមដីនេះ នឹងត្រូវអនុវត្តនៅលើបណ្តាផ្លូវចំនួន២៤ខ្សែក្នុងក្រុងសៀមរាប ដែលស្មើនឹងប្រវែងប្រហែល ១៥០គីឡីម៉ែត្រ ខណៈនៅក្នុងឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩ យើងបានអនុវត្តគម្រោងផែនការខ្សែកាបអាកាសដែលស្ថិតនៅលើដងផ្លូវចំនួន១៤ខ្សែ ស្មើនឹងប្រហែលជា៧០គីឡូម៉ែត្រ ហើយរំពឹងថា បណ្តាញទូរគមនាគមន៍ក្រោមដីនេះ នឹងត្រូវបានសម្រេចលទ្ធផលជាស្ថាពរ១០០ភាគរយ ក្រោយការបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ។

លោកបានឲ្យដឹងទៀតថា បច្ចុប្បន្ននេះ ក្រុងសៀមរាបកំពុងដំណើរការជួសជុលនិងស្ថាបនាហេដ្ឋារចនាសម្ព័ន្ឋផ្លូវចំនួន៣៨ ទាំងប្រព័ន្ឋលូបង្ហូររំដោះទឹក ប្រព័ន្ឋអគ្គិសនី និង ប្រព័ន្ឋទឹកស្អាត រួមទាំងបណ្តាញទូរគមនាគមន៍នានា ដូច្នេះវិស័យនេះត្រូវបានជួបនូវភាពរអាក់រអួល រំខានដល់អ្នកប្រើប្រាស់ ជាពិសេសបណ្តាញខ្សែកាប ខ្សែអ៊ិនធឺណិតផ្សេងៗ តែយ៉ាងណាយើងសង្ឃឹមថា ក្រោយពីជួសជុលកែលំអនូវផ្លូវទាំង៣៨ខ្សែនេះរួច បណ្តាញទូរគមនាគមន៍ក្នុងខេត្តនេះនឹងលែងចោទជាបញ្ហាទៀតហើយ ។

នៅក្នុងខេត្ដសៀមរាប មានក្រុមហ៊ុនអ៊ិនធឺណិតចំនួន១១ក្រុមហ៊ុន និង ក្រុមហ៊ុនដែលបានទទួលអាជ្ញាប័ណ្ណជីកកប់បំពង់កាបទូរគមនាគមន៍ក្រោមដីចំនួន២ក្រុមហ៊ុន រួមមាន៖ ទូរគមនាគមន៍ កម្ពុជា TC របស់រដ្ឋ និងក្រុមហ៊ុន (ខេមបូឌា)ហ្វីបើអុបទិកខមញូនីខេសិនណេតវើក Cambodia Fiber Optic Communication Network (CFOCN )៕

ការសិក្សា: ទីផ្សារអចលនទ្រព្យទូទាំងពិភពលោកនឹងស្ទុះឡើងខ្លាំងក្នុងឆ្នាំ២០២១នេះ

ដោយៈ សុខុម

អន្តរជាតិៈ យោងតាមការស្ទង់មតិធ្វើឡើងដោយទីភ្នាក់ងារព័ត៌មាន Reuters បង្ហាញថា ទីផ្សារអចលនទ្រព្យប្រភេទលំនៅដ្ឋានក្នុងបណ្ដាសេដ្ឋកិច្ចធំៗនឹងមានសន្ទុះកើនឡើងខ្លាំងនៅឆ្នាំ២០២១នេះដោយសារមានការគាំទ្រយ៉ាងធំផ្នែករូបិយវត្ថុ និងសារពើពន្ធ និងស្របពេលកំពុងងើបឡើងពីវិបត្តិឆ្លងរាតត្បាតវីរុសកូវីដ១៩។

ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយនៅថ្ងៃអង្គារ ទី២៥ ខែឧសភានេះថា តម្លៃលក់ផ្ទះជាមធ្យមបានហក់ឡើងខ្លាំងក្នុងឆ្នាំ២០២១ នេះនៅក្នុងប្រទេសមួយចំនួន។ តាមការរំពឹងទុកថា និន្នាការនេះនឹងនៅតែបន្តដោយសារកត្តាមួយចំនួន រួមមានអត្រាប្រាក់ទាបសម្រាប់កម្ចីទិញផ្ទះ ការចែកចាយវ៉ាក់សាំងកូវីដ១៩ ឆាប់រហ័ស និងការបន្ធូរបន្ថយវិធានការរឹតបន្តឹងនានា ក្រោយសេដ្ឋកិច្ចដាំក្បាលចុះកាន់តែជ្រៅ ដោយសារការឆ្លងរាតត្បាតវីរុសកូវីដ១៩ កាលពីឆ្នាំមុន។

ការហក់ឡើងទូទាំងពិភពលោកនូវតម្លៃអចលនទ្រព្យនេះកើតមានឡើង ស្របពេលទីផ្សារភាគហ៊ុនហក់ឡើងវិញយ៉ាងឆាប់រហ័ស ក្រោយធ្លាក់ចុះ ដោយសារផលប៉ះពាល់ធ្ងន់ធ្ងរមកលើសេដ្ឋកិច្ច និងការបាត់បង់ការងារធ្វើ។

ការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មាន Reuters ទៅលើអ្នកជំនាញទីផ្សារអចលនទ្រព្យជាង១០០នាក់ ដែលបានធ្វើឡើងពីថ្ងៃទី១១ ដល់ថ្ងៃទី២៤ ខែឧសភា បានបង្ហាញពីការប្រែប្រួលខ្លាំងនូវការព្យាករអំពីតម្លៃផ្ទះ សម្រាប់សហរដ្ឋអាមេរិក ប្រទេសអង់គ្លេស ប្រទេសកាណាដា ប្រទេសអូស្រ្តាលី និងក្រុងឌូបៃ បើធៀបទៅនឹងរយៈពេល៣ខែមុន ដោយលឿនជាងការរំពឹងទុកអំពីកំណើនផលិតផលក្នុងស្រុកសរុប (GDP) និងអតិផរណាតម្លៃទំនិញប្រើប្រាស់។

លោក Andrew Harvey អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់មកពីស្ថាប័ន Nationwide របស់អង់គ្លេស បានលើកឡើងថា “ទំនុកចិត្តរបស់អ្នកប្រើប្រាស់បានកើនឡើងខ្លាំង ដោយសារភាពជោគជ័យនៃកម្មវិធីចាក់វ៉ាក់សាំង ហើយភ័ស្តុតាងនៃការស្ទង់មតិនេះបង្ហាញថា វិបត្តិឆ្លងរាតត្បាតវីរុសកូវីដ១៩ បានធ្វើឱ្យមនុស្សកាន់តែច្រើនរើផ្ទះទៅរស់នៅផ្ទះថ្មី ហើយកង្វះនៃការផ្គត់ផ្គង់បានធ្វើឱ្យតម្លៃហក់ឡើងរយៈពេលខ្លី”។

ស្ទើរតែ៦០%នៃអ្នកវិភាគ ឬ៥៥នាក់ក្នុងចំណោម៩២នាក់ ដែលបានឆ្លើយសំណួរដាច់ដោយឡែកពីគ្នា ស្តីពីទីផ្សារអចលនទ្រព្យទូទាំងពិភពលោក បានលើកឡើងថា ហានិភ័យចំពោះទស្សនវិស័យត្រូវបានរំពឹងថានឹងកើនឡើងនៅឆ្នាំខាងមុខ ចំណែកឯ៣៧នាក់ទៀតនិយាយថា ហានិភ័យទំនងជាធ្លាក់ចុះច្រើនជាង។

និន្នាការនៅក្នុងការស្ទង់មតិរបស់ចុងក្រោយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នេះបានបង្ហាញពីក្ដីរំពឹងថានឹងមានកំណើនរឹងមាំក្នុងវិស័យអចលនទ្រព្យនៅឆ្នាំនេះ ហើយនឹងធ្លាក់ចុះវិញនៅប៉ុន្មានឆ្នាំក្រោយ ដោយសារការផ្គត់ផ្គង់កើនឡើង ការធ្វើអន្តោប្រវេសន៍មានកម្រិតទាប និងនៅពេលលទ្ធភាពទិញក្លាយជាឧបសគ្គធំ។

អ្នកឆ្លើយតប៤១នាក់ក្នុងចំណោម៧៨នាក់និយាយថា ទីផ្សារអចលនទ្រព្យនឹងធ្លាក់ចុះ ដោយរួមទាំង៥នាក់ដែលនិយាយថានឹងធ្លាក់ចុះខ្លាំងផងដែរ ចំណែកឯ៣៧នាក់ទៀតនិយាយថា តម្រូវការការិយាល័យនឹងកើនឡើង ដោយរួមទាំង២នាក់ទៀត ដែលនិយាយថានឹងកើនឡើងខ្លាំងផងដែរ។

លោក Matthew Pointon អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់ផ្នែកអចលនទ្រព្យប្រចាំនៅក្រុមហ៊ុនពិគ្រោះយោបល់អង់គ្លេស Capital Economics និយាយថា “ការធ្វើការងារពីផ្ទះ ដែលត្រូវបានអនុវត្តក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ នឹងធ្វើឱ្យតម្រូវការប្រែប្រួលខ្លាំងក្នុងវិស័យការិយាល័យ ដោយបុគ្គលិកការិយាល័យដល់ទៅប្រមាណ៥០%ត្រូវធ្វើការងារពីផ្ទះយ៉ាងតិចម្តងក្នុងមួយសប្តាហ៍”៕

អ្នកជំនាញៈ ជ្រោយចង្វារនឹងក្លាយតំបន់ពាណិជ្ជកម្មថ្មីមួយ ខណៈអ្នកអភិវឌ្ឍន៍កំពុងសម្រុកទៅតំបន់នេះ

ដោយៈ ម៉ាណេត
ភ្នំពេញៈ ជំនាញបានលើកឡើងថា គម្រោងអភិវឌ្ឍន៍ជាច្រើនបាននិងកំពុងសម្រុកទៅកាន់ផ្លូវជាតិលេខ៦ និងមានការអភិវឌ្ឍផ្លូវខ្វាត់ខ្វែង ដែលនឹងអាចប្រែក្លាយតំបន់នេះ ទៅជាទីក្រុងថ្មីមួយ សម្បូរដោយការអភិវឌ្ឍអចលនទ្រព្យចម្រុះ ហើយស្របទាញយកការវិនិយោគជាច្រើនបន្ថែមទៀតនាពេលអនាគត។

លោកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យAMATAK Property Serviceបានថ្លែងប្រាប់នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះថា តំបន់ជ្រោយចង្វារ ឬតំបន់ផ្លូវជាតិលេខ៦ នឹងក្លាយជាទីក្រុងថ្មីមួយ សម្បូរដោយលំនៅដ្ឋានប្រណីត និងការអភិវឌ្ឍន៍ចម្រុះជាច្រើន។

លោកស្រីបានថ្លែងថា ជាក់ស្តែង គម្រោងអភិវឌ្ឍន៍ជាច្រើនបាននិងកំពុងសម្រុកទៅកាន់ផ្លូវជាតិលេខ៦ និងមានការអភិវឌ្ឍផ្លូវខ្វាត់ខ្វែង ដើម្បីបម្រើឱ្យលំនៅដ្ឋាន ដែលកំពុងអភិវឌ្ឍន៍នៅបណ្តោយផ្លូវជាតិលេខ៦ ឬតំបន់ជ្រោយចង្វារ ដូចជាប្រជាពលរដ្ឋនៅតំបន់នេះ

លោកស្រីបានឱ្យដឹងទៀតថា តាមព័ត៌មាន យើងនឹងមានការអភិវឌ្ឍ China Town នៅតំបន់លីយ៉ុងផាត់។ តំបន់នេះ (ជោយចង្វា) នឹងក្លាយជាទីក្រុងថ្មីដ៏ឥទ្ធិពលខ្លាំងជាងតំបន់ផ្សេងៗទៀត ដោយសារតំបន់នេះកំពុងមានការអភិវឌ្ឍខ្លាំងលើលំនៅដ្ឋាន និងអាគារពាណិជ្ជកម្ម និងខុនដូជាដើម ហើយចំណុចល្អមួយគឺមានទន្លេសងខាង ដែលមានអំណោយផ្នែកបរិស្ថាន និងខ្សល់បរិសុទ្ធ
ដូច្នេះវាស័ក្គសមនឹងទីក្រុងថ្មី ដែលមានការអភិវឌ្ឍច្រើន សម្បូរដោយលំនៅដ្ឋាន និងអាជីវកម្ម។

លោកស្រីបានថ្លែងបន្តថា លំនៅដ្ឋាននៅតំបន់នៅតាមបណ្តោយផ្លូវជាតិលេខ៦ ឬតំបន់ជ្រោយចង្វារមានតម្លៃល្អនៅឡើយ សម្រាប់វិនិយោគ ឬក៏សម្រាប់ការរស់នៅផ្ទាល់។ តម្លៃវីឡាភ្លោះមានក្រោម២០ម៉ឺនដុល្លារ ខណៈផ្ទះShophouse មានតម្លៃចាប់ពី២០ឡើងទៅ អាស្រ័យទៅលើទីតាំង ហើយតម្លៃលំនៅដ្ឋានវាអាស្រ័យទៅទីតាំង និងគម្រោងនីមួយៗ។ លោកស្រីបានបន្តថា រយៈពេល២ ឬ៣ឆ្នាំទៅមុខ តម្លៃនឹងកើនឡើងខ្ពស់ជាងនេះ។

លោកស្រីអាន សុធីតាអ្នកនាញអចលនទ្រព្យអន្តរជាតិមួយរូប ដែលមានបទពិសោធន៍ជាច្រើន បានលើកឡើងនៅថ្ងៃដដែលថា ផ្លូវជាតិលខ៦ គឺស័ក្កសមជាលំនៅដ្ឋាន ហើយយើងឃើញមានការរីកចម្រើនខ្លាំង ទាក់ទងនឹងលំនៅដ្ឋានក្នុងរយៈ២ឬ៣ឆ្នាំចុងក្រោយនេះ។

លោកស្រីបានបន្តទៀតថា បច្ចុប្បន្ន យើងឃើញថា មានការអភិវឌ្ឍនលំនៅដ្ឋានតម្លៃសមរម្យជាច្រើនចាប់ផ្តើមទៅទីនោះផងដែរ ប៉ុន្តែនៅចំណុចខ្វះខាតមួយ គឺអ្នកអភិវឌ្ឍន៍អន្តរជាតិ និងខ្វះតំបន់ពាណិជ្ជកម្មនៅឡើយ។ លោកស្រីបានថ្លែង តំបន់នេះសម្រុកលើលំនៅដ្ឋានមុន ហើយលំពាណិជ្ជកម្មនឹងអាចដើរតាមក្រោយការអភិវឌ្ឍលំនៅដ្ឋាន។

លោកស្រីបានឱ្យដឹងទៀតថា “ខ្ញុំគិតថា ក្នុងរយៈពេល៥ខាងមុខ តំបន់ជ្រោយចង្វារតំបន់ពាណិជ្ជកម្មថ្មីមួយ ដោយសារតំបន់នឹងទទួលបានការអភិវឌ្ឍអចលនទ្រព្យចម្រុះ”។

បច្ចុប្បន្ន គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានធំៗជាច្រើន ដូចជាបុរីប៉េងហួត បុរីជីបម៉ុង បុរីអូគីដេ បុរីហាយលែន បុរីMorgan និងបុរីធំជាច្រើនទៀត៕