គំរោងស្ពានធំៗឆ្លងកាត់ទន្លេមេគង្គនិងទន្លេសាបចំនួន៦ស្ថិតក្នុងផែនការសាងសង់ ដោយរដ្ឋាភិបាល

        ដោយៈគង់ សូរិយា

        ភ្នំពេញៈ គំរោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គចំនួន៥ បាននិងកំពុងស្ថិតក្នុងផែនការសាងសង់ ដោយរដ្ឋាភិបាល និងជំនួយពីបណ្តាប្រទេសជាមិត្ត ដើម្បីសម្រួលការ​ដឹកជញ្ជូន និងលើកកំពស់សេដ្ឋកិច្ចជាតិ។

ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ

ស្ពានដែលគ្រោងសាងសង់នាពេលឆាប់ៗនេះ គឺស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ តភ្ជាប់ទៅកាន់ខេត្តកំពង់ធំ ដែលស្ពាននេះជាហិរញ្ញប្បទានរបស់ចិន។ ស្ពាននេះមានប្រវែងជាង១៧០០ម៉ែត្រ។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា គំរោងស្ពាននេះបានសិក្សាចប់់រួចហើយ រង់ចាំតែការអនុម័តពីសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាប៉ុណ្ណោះ។ ពេលសម្តេចតេជោអនុម័ត ស្ពាននេះអាចសាងសង់បានហើយ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តីស៊ុន ចានថុលបានថ្លែងថា “ទោះបីកម្ពុជាមានបញ្ហាជំងឺកូវីដ១៩ក្តី ប៉ុន្តែការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋនានាមិនបានផ្អាកនោះទេ”។

ស្ពានតភ្ជាប់តំបន់ជ្រោយចង្វារទៅកាន់ស្វាយជ្រុំ

        លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលបានឲ្យដឹងកាលពីដើមសប្តាហ៍នេះផងដែរថា ស្ពាននេះត្រូវបានភាគីកូរ៉េសិក្សា ប៉ុន្តែគំរោងនេះសិក្សាចប់នាពេលណា និងអាចចាប់ផ្តើម​សាងសង់នាពេលណា យើងមិនទាន់មានព៌តមានជាក់លាក់នៅឡើយទេ។

ស្ពាននេះជាចំណងដៃរបស់សាធារណៈរដ្ឋកូរ៉េ និងកម្ពុជា ដែលបានស្នើសុំដោយប្រមុខរដ្ឋាភិបាលកម្ពុជា អំឡុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់សាធារណៈ​រដ្ឋកូរ៉េកាលពីឆ្នាំ២០១៩។

ស្ពានតភ្ជាប់ពីទីក្រុងកោះនរា ទៅកាន់អរិយក្សត្រ

        តាមផែនការលើកឡើងកន្លងមក ស្ពាននេះគ្រោងតភ្ជាប់ពីតំបន់ក្តីតាកុយ ទៅកាន់តំបន់អរិយក្សត្រ ប៉ុន្តែទីតាំងស្ពាននេះអាចនឹងផ្លាស់ប្តូរ ដោយការសាងសង់នឹងចេញពីទីក្រុងកោះនរា ព្រោះទី១ ទីតាំងនេះមានចម្ងាយជិត ទី២ ជួយលើកកំពស់សោភ័ណភាពរាជធានីភ្នំពេញ ទី៣ ធ្វើឲ្យទីក្រុងកោះនរាកាន់តែមានភាពទាក់ទាញ និងទី៤ បើសាងសង់ចេញពីក្តីតាកុយ នឹងត្រូវកាត់លើទីក្រុងកោះនរា ដែលធ្វើឲ្យខូចទេសភាពនៅតំបន់នេះ។

ស្ពានតភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅកាន់តំបន់ទីក្រុងរណបជ្រោយចង្វារ

        ស្ពាននេះបាននិងកំពុងសាងសង់ដោយក្រុមហ៊ុនOCIC ដែលវិនិយោគទឹកប្រាក់ប្រមាណ៣០លានដុល្លារអាមេរិក។ វាជាប្រភេទស្ពានយោងដោយខ្សែកាប ដែលមានខ្សែកាបនៅចំកណ្តាល។

ស្ពាននេះមានប្រវែងប្រមាណ៥០០ម៉ែត្រ និងមានគន្លងរថយន្តពីរទៅពីរមក ហើយ​សមិទ្ឋផលនេះ នឹងធ្វើឲ្យទីក្រុងរណបជ្រោយចង្វារកាន់តែមានភាពទាក់ទាញថែមទៀត។

ស្ពានតភ្ជាប់ពីក្រុងកំពង់ឆ្នាំងទៅកាន់ខេត្តកំពង់ធំ

        ក្នុងឱកាសអញ្ជើញជាអធិបតី បើកពិធីបុណ្យទន្លេនៅក្រុងកំពង់ឆ្នាំង ប្រមុខរដ្ឋាភិ​បាលកម្ពុជាបានប្រកាសាងសង់ស្ពានតភ្ជាប់ពីទីក្រុងកំពង់ឆ្នាំង ទៅកាន់ស្រុកកំពង់លែង និងតភ្ជាប់ជាមួយខេត្តកំពង់ធំ ដោយគ្រោងចំណាយទឹកប្រាក់ប្រមាណ២០០លានដុល្លារអាមេរិក។

ប្រសិនជាស្ពាននេះសាងសង់បញ្ចប់ វានឹងក្លាយជាស្ពានវែងជាងគេនៅកម្ពុជា ដោយស្ពាននេះមានប្រវែងរហូតដល់ប្រមាណ៣០០០ម៉ែត្រ។

ស្ពានតភ្ជាប់ពីផ្លូវជាតិលេខ៦ទៅកាន់កោះដាច់

        ស្ពាននេះស្ថិតនៅក្នុងផែនការ នៃការតភ្ជាប់ដោយផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលធ្លាប់បានលើកឡើងដោយអតីតៈអភិបាលរាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស ប៉ុន្តែក្រោយមកគំរោងនេះហាក់ស្ងប់ស្ងាត់ទៅវិញ ប៉ុន្តែបើតាមការបង្ហើបពីមន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងមន្រ្តីសាលារាជធានីភ្នំពេញ ស្ពាននេះនឹងសាងសង់នាពេលខាងមុខ។

ការសាងសង់ស្ពាននេះលឿន ឬយឺតអាស្រ័យលើកញ្ចប់ថវិការបស់រដ្ឋាភិបាល ក៏ដូចជា តើគំរោងនេះមានភាពចាំបាច់ និងបន្ទាន់ក្នុងកម្រិតណាប៉ុណ្ណោះ៕

មហាយក្សចិននឹងបង្កើនចំនួនមហាសេដ្ឋីកាន់តែច្រើនដើម្បីវ៉ាដាច់សហរដ្ឋអាមេរិក

ដោយៈ គៀតឈូ

ហុងកុងៈមហាយក្សចិននឹងបង្កើតចំនួនមហាសេដ្ឋីក្នុងល្បឿនលឿនជាងសហរដ្ឋអាមេរិកក្នុងរយៈពេល៥ឆ្នាំ រហូតដល់ឆ្នាំ ២០២៥ ខណៈការងើបឡើងវិញយ៉ាងឆាប់រហ័សពីវិបត្តិសុខភាពសកលជួយក្រុមហ៊ុនសាជីវកម្មចិនទទួលបានចំណូលខ្ពស់។ នេះបើយោងតាមរបាយការណ៍ទ្រព្យសម្បត្តិជាសកលដោយក្រុមហ៊ុន Credit Suisse។

យោងតាមក្រុមហ៊ុន Credit Suisse បានឱ្យដឹថា ចំនួនមហាសេដ្ឋី (ដែលមានទ្រព្យគិតជាដុល្លារអាមេរិក) នៅក្នុងប្រទេសចិននឹងកើនឡើង៩២,៧ភាគរយដល់១០,១៧លាននាក់ គិតត្រឹមឆ្នាំ២០២៥ បើធៀបនឹងចំនួនមហាសេដ្ឋីនៅអាមេរិក មានកំណើន២៧,៨ភាគរយ នៅអាមេរិក ថ្មើនឹង២៨,០៦លាននាក់ ក្នុងរយៈពេលដូចគ្នានេះ។ បើយោងតាមការព្យាកររបស់អ្នកផ្តល់ប្រាក់កម្ចីស្វីស។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។

លោក Anthony Shorrocks សេដ្ឋវិទូនិងជាអ្នកនិពន្ធរបាយការណ៍នេះ បាននិយាយនៅក្នុងសន្និសីទវីដេអូកាលពីថ្ងៃអង្គារថា “ការកើនឡើងនៃទ្រព្យសម្បត្តិរបស់ចិននៅចន្លោះឆ្នាំ២០០០ និង២០២០ គឺស្ទើរតែស្មើនឹង៨០ ឆ្នាំ នៃការកើនឡើងនៃទ្រព្យសម្បត្តិនៅសហរដ្ឋអាមេរិកពីឆ្នាំ១៩២៥ រហូតដល់ឆ្នាំ២០០៥។ យើងរំពឹងថានឹងមានកំណើនរឹងមាំនៅក្នុងឆ្នាំខាងមុខ ទាំងនៅក្នុងប្រទេសចិននិងឥណ្ឌា”។

របាយការណ៍ Credit Suisse គឺជាការសិក្សាប្រចាំឆ្នាំ ដែលចងក្រងពីទិន្នន័យស្តីពីការកាន់កាប់ទ្រព្យសម្បត្តិរបស់មនុស្សពេញវ័យចំនួន៥,២ពាន់លាននាក់នៅក្នុងប្រមាណ២០០ប្រទេស ហើយជារបាយការណ៍ទ្រព្យសម្បត្តិទូលំទូលាយបំផុតទូទាំងពិភពលោក ហើយអាចនិយាយថា ប្រទេសចិននឹងរក្សាប្រជាជន ដែលមានទ្រព្យស្តុកស្តម្ភច្រើនជាងគេលំដាប់ទី២ នៅលើពិភពលោក ដោយនាំមុខប្រទេសជប៉ុន បារាំង និងកាណាដានតែនៅពីក្រោយអាមេរិកតិចតូច។

របាយការណ៍បានឱ្យដឹងថា ក្នុងចំណោមការទទួលបានទ្រព្យសម្បត្តិជាសកលសរុបចំនួន២៨,៧ទ្រីលានដុល្លារកាលពីឆ្នាំមុន ប្រទេសចិនបានចូលរួមចំណែកចំនួន៤,២ទ្រីលានដុល្លារអាមេរិក។ ប្រទេសមហាអំណាចសេដ្ឋកិច្ចទី២លើពិភពលោកមាន៩,៤ភាគរយនៃមហាសេដ្ឋីពិភពលោកនៅឆ្នាំ២០២០ ដោយមានចំនួន៥,៣លាននាក់នៅពីក្រោយសហរដ្ឋអាមេរិក ដែលមានមហាសេដ្ឋីចំនួន៣៩ភាគរយនៅលើពិភពលោក ឬ២២លាននាក់។ ប្រទេសជប៉ុនឈរនៅលំដាប់ទី៣ មាន៦,៦%៕

កាវិនិយោគ៖ លក្ខណៈពិសេសនៃការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា

ដោយ៖ ចិន្ដា

ថ្ងៃពុធ ទី 16 ខែមិថុនា ឆ្នាំ 2021

ភ្នំពេញ ថ្ងៃទី 16 ខែមិថុនា ឆ្នាំ 2021 – កម្ពុជា គឺជាប្រទេសដែលមានការអភិវឌ្ឍដ៏ឆាប់រហ័សបំផុតនៅ ក្នុងអាស៊ាន ក៏ដូចជាប្រទេសដែលមានភាពទាក់ទាញបំផុតសម្រាប់វិនិយោគគិននៅក្នុងសតវត្សន៍ទី 21 នេះ។ កំណើនដ៏គួរឲ្យកត់សម្គាល់នេះ គឺជាលទ្ធផលនៃភាពនឹងនរផ្នែកនយោបាយជាមួយនឹងការកើន ឡើងនៃវិស័យសំណង់ វាយនភ័ន្ឌ និងវិស័យកាត់ដេរ វិស័យទេសចរណ៍ និងវិស័យកសិកម្ម។ ជាមួយនឹងភាពនឹងនរនៃកំណើនសេដ្ឋកិច្ចជាមធ្យម 7% ក្នុងមួយឆ្នាំ ក្នុងរយៈពេលមួយ ទស្សវត្សចុងក្រោយនេះ ព្រមជាមួយនឹងរបាយប្រជាជនជាង60% ដែលមានអាយុក្រោម 30 ឆ្នាំ ប្រទេសកម្ពុជា មានទាំងធនធានមនុស្ស និងតម្រូវការអ្នកប្រើប្រាស់ដ៏ច្រើនលើសលប់។

 

ថ្វីបើសេដ្ឋកិច្ចមានភាពប្រសើរឡើងជាលំដាប់ ជម្រើសនៃការវិនិយោគក៏មានកំណត់ផងដែរ។ ការដោះដូររូបិយប័ណ្ណជាអន្តរជាតិ រូបិយបណ្ណ Crypto មូលបត្រកម្មសិទ្ធ មូលបត្របំណុល និងការដោះដូរ វត្ថុធាតុដើមនៅមិនទាន់មានការផុសផុលនៅឡើយក្នុងប្រទេសកម្ពុជា។ ប្រភេទនៃការវិនិយោគបែបនេះត្រូវបានចាត់ទុកថាជាប្រភេទនៃការវិនិយោគដែលប្រកបដោយគ្រោះថ្នាក់មួយសម្រាប់អ្នកវិនិយោគ ខណៈពេលដែលការវិនិយោគតាមបែបប្រពៃណីដូចជា អចលនទ្រព្យត្រូវបានចាត់ទុកថាជាការ វិនិយោគដែលមានផលចំណេញខ្ពស់។

អាស្រ័យលើកំណើននៃសេដ្ឋកិច្ចដ៏ខ្លាំងក្លា និងការវិនិយោគធំៗ ធ្វើឲ្យតម្លៃដីធ្លីនៅក្នុងប្រទេសកម្ពុជា កើនឡើងជាលំដាប់រហូតដល់ 279% ចាប់ពីឆ្នាំ 2010 រហូតដល់ឆ្នាំ 2019។ តម្លៃដីធ្លីក៏មានការកើនឡើងច្រើនគួរឲ្យកត់សម្គាល់នៅតាមបណ្ដាខេត្តដូចជាខេត្តសៀមរាប និងខេត្ត ព្រះសីហនុ។ ភ្នំពេញដែលជារាជធានីនៃប្រទេសកម្ពុជាទទួលបានការវិនិយោគភាគច្រើនពីអ្នក វិនិយោគនៅក្នុងស្រុក និងបរទេសផងដែរ។

 

ភ្នំពេញមានគ្រប់យ៉ាងដែលទីក្រុងទំនើបទូទៅមាន រួមបញ្ចូលទាំងអាគារខ្ពស់ៗ អាផាតមិន ការកម្សាន្ត ផ្សារលក់ទំនិញ ផ្សារក្នុងស្រុក និងតំបន់ពាណិជ្ជកម្ម។ ទីផ្សារអចលនទ្រព្យនៅទីក្រុងភ្នំពេញមាន ផលចំណេញខ្ពស់ជាងគេបង្អស់បើធៀបទៅនឹងតំបន់ផ្សេងៗទៀតនៅក្នុងប្រទេស។ ដីធ្លី សំណង់លំនៅឋាន និងបុរី មានប្រជាប្រិយភាពខ្លាំងក្នុងចំណោមអ្នកវិនិយោគក្នុងស្រុកទាំងអស់ ខណៈពេលដែលខុនដូ និងអាផាតមិន មានអ្នកវិនិយោគភាគច្រើនជាជនបរទេស។

អត្រានៃការជួលនៅក្នុងប្រទេសកម្ពុជាសម្រាប់អចលនទ្រព្យលំនៅឋានមានពី 6% ទៅ 8% ក្នុងមួយឆ្នាំជាមួយនឹងរយៈពេលជួលជាមធ្យម 12 ខែ។ អត្រាជួលខ្ពស់មានភាពទាក់ទាញខ្លាំងបំផុត សម្រាប់អ្នកដែលចង់ស្វែងរកចំណូលពីច្រើនផ្នែកដើម្បីបង្កើតនូវលំហូរសាច់ប្រាក់ជាវិជ្ជមានសម្រាប់ អត្ថប្រយោជន៍ផ្ទាល់របស់ពួកគេ។ បន្ថែមពីលើនេះ កំណើននៃមូលធនក្នុងទីក្រុងភ្នំពេញអាច កើនឡើងរហូតដល់ជាង 29% ប៉ុន្តែទោះជាយ៉ាងនេះក្ដីអត្រានេះគឺអាស្រ័យទៅលើប្រភេទនៃ អចលនទ្រព្យ និងទីតាំងផងដែរ។ នាពេលបច្ចុប្បន្ននេះ ខណ្ឌដែលមានកំណើនមូលធនខ្ពស់ជាងគេ បំផុតគឺខណ្ឌសែនសុខ ខណ្ឌជ្រោយចង្វារ ខណ្ឌច្បារអំពៅ ខណ្ឌចំការមន និងខណ្ឌទួលគោក។

 

រាជរដ្ឋាភិបាលក្រុងភ្នំពេញ បានព្យាយាមអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទ្រង់ទ្រាយធំដើម្បី ទទួលនូវការវិនិយោគផ្ទាល់កាន់តែច្រើនពីក្រៅប្រទេសក៏ដូចជាការគាំទ្រដល់នគរូបនីយកម្មផងដែរ។ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ និងការស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ – ក្រុងព្រះសីហនុគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីក្រុងមាន ភាពប្រសើរឡើង។ ជាមួយនឹងការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ទីផ្សារនៃអចលនទ្រព្យមានភាព ខុសប្លែកពីគ្នា ដូច្នេះហើយទាំងអ្នកវិនិយោគនៅក្នុងស្រុក និងក្រៅប្រទេសគប្បីមានស្វែងរកនូវការ វិនិយោគអចលនទ្រព្យប្រភេទផ្សេងៗទៀតផងដែរ។ ជាទូទៅ អចលនទ្រព្យលំនៅឋានគឺជាប្រភេទ នៃការវិនិយោគដ៏មានសុវត្ថិភាពបំផុតសម្រាប់មនុស្សភាគច្រើន ខណៈពេលដែលអចលនទ្រព្យ បែបពាណិជ្ជកម្មគឺជាជម្រើសដ៏ល្អបំផុតសម្រាប់ការវិនិយោគនៅក្នុងប្រទេសកម្ពុជា និងទូទាំងប្រទេស ផងដែរ។

 

ផ្សារជីស៊ី អូរឫស្សីគឺជាឱកាសមាសមួយសម្រាប់អ្នកវិនិយោគទាំងអស់ដែលចង់ប្រឡូកនៅក្នុងវិស័យអចលនទ្រព្យបែបពាណិជ្ជកម្មក្នុងទីក្រុងភ្នំពេញ។ គម្រោងនេះគឺជាធ្វើឲ្យគុណភាពផ្សារក្នុងស្រុកមានភាព ប្រសើរឡើងជាមួយនឹងទំនើបកម្មនៃការធ្វើអាជីវកម្មរបស់អាជីវករទាំងអស់នៅក្នុងយុគសម័យនៃ បច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ននេះ។ ទីនេះត្រូវបានរាប់បញ្ចូលជាទីតាំងដែលស្នងបន្តពីផ្សារ ក្នុងស្រុកទាំងអស់ ដោយការរួមបញ្ចូលគ្នានូវស្ថាបត្យកម្មបែបខ្មែរ និងការប្រើប្រាស់នូវលំហូរខ្យល់ និងម្លប់ធម្មជាតិ។​ ទីនេះនឹងក្លាយជាផ្នែកមួយនៃផ្សារក្នុងស្រុកទាំងអស់។ ជាមួយនឹងរចនាបទបែប ទំនើបលាយជាមួយនឹងរចនាបទបែបខ្មែរបុរាណ ផ្សារជីស៊ីអូរឫស្សីគឺជាស្ថាបត្យកម្មដែលមានរួម បញ្ចូលនូវស្ថាបត្យកម្មប្រវត្តិសាស្ត្រ រួមបញ្ចូលជាមួយនឹងការរចនាបែបប្រពៃណីទំនើប។ នៅក្នុងឆ្នាំ 2024 ផ្សារជីស៊ី អូរឫស្សីនឹងក្លាយជាទីតាំងដ៏ល្បីល្បាញបំផុតមួយសម្រាប់ប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរណ៍ដែលតំណាងឲ្យប្រវត្តិសាស្ត្រ និងអត្តសញ្ញាណដែលផ្សារភ្ជាប់នូវអតីតកាល មកបច្ចុប្បន្នកាល និងទៅកាន់អនាគត កាលផងដែរ។ បេតិកភណ្ឌវប្បធម៌ខ្មែរមានតម្លៃដ៏ច្រើន លើសលប់ លើសពីតម្លៃនៃអចលនទ្រព្យផ្ទាល់ ដោយតំណាងឲ្យគុណតម្លៃ និងចំណេះដឹង ប្រពៃណី និងទំនៀមទម្លាប់ ជំនាញ និងទ្រព្យសម្បត្តិ ត្រូវផ្ទេរបន្តពីមួយជំនាន់ទៅមួយជំនាន់។

ដោយសារតែការអភិវឌ្ឍពាណិជ្ជកម្មនៅតែបន្តបង្កើតឡើងឥតឈប់ឈរ គម្រោងដូចជា ផ្សារជីស៊ី អូរឫស្សីនឹងក្លាយជាប្រភេទនៃការវិនិយោគដ៏ទាក់ទាញមួយសម្រាប់ឲ្យអ្នកវិនិយោគប្រឡូកចូល ក្នុងទីផ្សារអចលនទ្រព្យបែបពាណិជ្ជកម្មក្នុងប្រទេសកម្ពុជា។ អ្នកវិនិយោគប្បីចាប់យកនូវឱកាស ឲ្យបានឆាប់រហ័សដោយសារតែតម្លៃនៃអចលនទ្រព្យប្រភេទនេះតែងតែមានកំណើនជាលំដាប់។ អ្នកវិនិយោគអាចលក់តូបវិញនៅក្នុងតម្លៃខ្ពស់ ឬក៏អាចជួលតូបទាំងនេះសម្រាប់ជាចំណូលបន្ថែម មួយដល់លំហូរសាច់ប្រាក់ជាវិជ្ជមានរបស់ពួកគេ។

បញ្ចប់

 

ចិន្ដា គឺជាអ្នកវិភាគ និងនិពន្ធអំពីការវិនិយោគរយៈពេលវែង។ អត្ថបទនេះ គឺជាការយល់ឃើញទាំងស្រុងរបស់លោក។

រដ្ឋាភិបាលគ្រោងចំណាយជាង១០០លានដុល្លារអាមេរិកលើគម្រោងបែងចែកដីសម្បទានសង្គមកិច្ច

ភ្នំពេញ ៖ គម្រោង បែងចែកដីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ នឹងត្រូវចំណាយថវិកាសរុប ១០៧លានដុល្លារ រយៈពេល៦ឆ្នាំ ក្រោមឥណទានពីធនាគារពិភពលោក និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ។នេះបើយោមសេចក្ដីប្រកាសព័ត៌មាន នៅក្នុងសិក្ខាសាលាមួយដោយមានការចូលរួមពីលោកជា សុផារ៉ារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ លោកវេងសាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោកស្រី Mariam J. Sherman នាយិកាធនាគារពិភពលោកប្រចាំកម្ពុជា ឡាន និងមីយ៉ាន់ម៉ា នៅថ្ងៃទី២៤ មិថុនា ២០២១នេះ។

បើតាមឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឱ្យដឹងថា គម្រោងបែងចែកដីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASEDIII) គឺជាគម្រោង ដែលមានសកម្មភាព ដើម្បីគាំទ្រដល់ការអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ចរបស់រាជរដ្ឋាភិបាល ដើម្បីបែងចែកដីដល់អ្នកក្រីក្រគ្មានដី តាមរយៈសម្បទានដីសង្គមកិច្ចដើម្បីលើកកម្ពស់ជីវភាពរបស់គ្រួសារក្រីក្រ និងក្រុមងាយរងគ្រោះ ។ គម្រោងអនុវត្តការធ្វើសម្បទានដីសង្គមកិច្ចតាមមូលដ្ឋានឃុំ ដែលជាការផ្ទេរដីឯកជនរបស់រដ្ឋទៅដល់ជនក្រីក្រសម្រាប់គោលបំណងប្រើប្រាស់ជាលំនៅដ្ឋាន និងការធ្វើកសិកម្មតាមគ្រួសារ។ តាមគម្រោងក្រសួង នឹងចែកដីរបស់រដ្ឋដែលសមស្របសម្រាប់ផ្នែកកសិកម្ម រួមជាមួយនឹងសេវាកម្មគាំទ្រសមស្របទៅដល់គ្រួសារក្រីក្រគ្មានដីធ្លី និងមានដីធ្លីតិចតួចដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងណែនាំ និងអនុវត្តដំណើរការដោយតម្លាភាពនិងស្តង់ដារដើម្បីពង្រីកការអនុវត្តសម្បទានដីសង្គមកិច្ចដែលផ្តួចផ្តើម ឡើងនៅមូលដ្ឋាន។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ក៏បានឱ្យដឹងថាគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ជាគម្រោងរបស់រាជរដ្ឋាភិបាល ដែលមានថវិកាសរុប១០៧លានដុល្លារអាមេរិក ក្នុងនោះ ឥណទានធនាគារពិភពលោកចំនួន៩៣លានដុល្លារអាមេរិក និងបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន១៤លានដុល្លារអាមេរិក សហការអនុវត្តន៍ដោយក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ សម្រាប់រយៈពេល៦ឆ្នាំ ដោយគ្រោងនឹងបញ្ចប់នៅដំណាច់ខែធ្នូ ២០២៦ ក្នុងភូមិសាស្ត្រខេត្តគោលដៅដែលមានដីសមស្រប និងនៅទីតាំងចំនួន៧១ក្នុងនោះ ២៦ទីតាំង សម្រាប់ការងារសម្បទានដីសង្គមកិច្ច និង៤៥ទីតាំង សម្រាប់សហគមន៍ជនជាតិដើមភាគតិច មានផ្ទៃដីសរុប៣ម៉ឺនហិចតា ។

លោកជា សុផារ៉ាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងរៀបចំដីនគរូបនីយកម្មនិងសំណង់បានឱ្យដឹថា គម្រោងនេះនឹងរួមចំណែកសាងសង់ហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តជាមូលដ្ឋានបណ្ដុះបណ្ដាលលើការងារកសិកម្ម និងធ្វើការផ្សារភ្ជាប់ជាមួយទីផ្សារ ដើម្បីបង្កើនប្រាក់ចំណូលលើកកម្ពស់កម្រិតជីវភាពរស់នៅ កាត់បន្ថយចំណាកស្រុក និងកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ ៕

ធនាគារហត្ថាត្រៀមដំឡើងដំឡើងប្រព័ន្ធធនាគារស្នូលរបស់ខ្លួនដើម្បីធ្វើឱ្យសេវាហិរញ្ញវត្ថុកាន់ប្រសើរឡើងសម្រាប់អតិថិជន

អាគារការិល័យថ្មីដ៏ស្កឹមស្កៃរបស់ធនាគារហត្ថានឹងបញ្ចប់នៅត្រីមាសទី១ឆ្នាំ២០២៤

ដោយៈ ម៉ាណេត

ភ្នំពេញៈ ធនាគារ ហត្ថា ម.ក បានចេញសេចក្តីជូនដំណឹងមួយដោយបានឱ្យដឹងថាថា ចាប់ពីម៉ោង២រសៀល ថ្ងៃពុធ ទី៣០ ខែមិថុនា ដល់ថ្ងៃអាទិត្យ ទី៤ ខែកក្កដា ឆ្នាំ២០២១ ធនាគារ ហត្ថា ម.ក នឹងដំឡើងប្រព័ន្ធធនាគារស្នូលរបស់ខ្លួន ដើម្បីធានាឱ្យបាននូវភាពងាយស្រួល ក៏ដូចជាភាពរីកចម្រើនខ្ពស់ទៅកាន់អតិថិជនក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុ។

សេចក្ដីជូនដំណឹងបានបន្ថែមទៀតថា គ្រប់សាខាទាំងអស់ របស់ធនាគារ ហត្ថា ម.ក នៅបើកដំណើរការជាធម្មតា ដោយផ្តល់សេវាកម្ម ត្រឹមតែការផ្តល់ព័ត៌មាន ផលិតផលនិងសេវាកម្ម ការស្នើសុំបើកគណនី និងការបង់សងប្រាក់កម្ចី។

សេវាកម្មតាមបណ្តាញ ឌីជីថល ដូចជា៖ ម៉ាស៊ីនអេធីអឹម កម្មវិធីធនាគារទូរស័ព្ទចល័តហត្ថា ប្រតិបត្តិការរវាងប្រព័ន្ធបាគង និងធនាគារ ហត្ថា និងការសងប្រាក់កម្ចីតាមរយៈ ភ្នាក់ងារវីង នឹងត្រូវផ្អាកជាបណ្តោះអាសន្ន ក្នុងអំឡុងពេលនេះ។ គ្រប់សេវាកម្មរបស់ធនាគារ ហត្ថា ម.ក ទាំងអស់ នឹងដំណើរការជាធម្មតាវិញ ចាប់ពីថ្ងៃចន្ទ ទី៥ ខែកក្កដា ឆ្នាំ២០២១តទៅ។

ជាមួយគ្នានេះដែរ យោងតាមផេកហ្វេសប៊ុកផ្លូវការរបសធនាគារ ហត្ថា ម.ក បានឱ្យដឹងថាស្របតាមយុគសម័យនៃបច្ចេកវិទ្យាឌីជីថលក្នុងសតវត្សទី២១នេះ បរិបថសង្គម និងការរស់នៅត្រូវបានផ្លាស់ប្តូរយ៉ាងច្រើន។

ក្នុងនាមជាធនាគារមួយក្នុងចំណោមធនាគារឈានមុខផ្សេងទៀតនៅកម្ពុជា ធនាគារ ហត្ថា បានយល់យ៉ាងច្បាស់ពីតម្រូវការ និងនិន្នាការទាំងនោះ ហើយជាការឆ្លើយតប ធនាគារ ហត្ថា នឹងធ្វើការដំឡើងនូវប្រព័ន្ធធនាគារស្នូលរបស់ខ្លួន ដើម្បីធានាឱ្យបាននូវភាពងាយស្រួល ក៏ដូចជាភាពរីកចម្រើនខ្ពស់ទៅកាន់អតិថិជនក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុ។

ធនាគារបានឱ្យដឹងថា “យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថាតាមរយៈការដំឡើងនូវប្រព័ន្ធថ្មីនេះ នឹងធ្វើឱ្យអតិថិជនរបស់យើងកាន់តែរីករាយ និងទទួលបានអត្ថប្រយោជន៍កាន់តែច្រើនបន្ថែមទៀតពីការប្រើប្រាស់សេវាកម្មរបស់ ធនាគារ ហត្ថា”។

រាល់ចម្ងល់នានា សូមទាក់ទងមកដោយផ្ទាល់ មកការិយាល័យធនាគារ ហត្ថា ម.ក ដែលនៅជិតបំផុត ឬទំនាក់ទំនងមកភ្នាក់ងារសេវាកម្ម និងគាំទ្រអតិថិជនតាមរយៈ ទូរស័ព្ទលេខ: ០២៣ ៩៩៩ ២៦៦ ឬ ១៨០០ ២១២ ២២២ យើងខ្ញុំសូមអធ្យាស្រ័យ និងសុំការយោគយល់ ចំពោះការអាក់ខាននេះ៕

រដ្ឋភិបាលសិង្ហបុរីគ្រោងចំណាយទុន២,៨ពាន់លានដុល្លារដើម្បីបន្តជំរុញវិស័យឌីជីថល

ដោយៈ គៀតឈូ

សិង្ហបុរីៈ ទីភ្នាក់ងារបច្ចេកវិទ្យារដ្ឋាភិបាលសិង្ហបុរីបានឱ្យដឹងនៅថ្ងៃទី២៣ ខែមិថុនាមន្លងមកនេះថា សិង្ហបុរីនឹងចំណាយថវិកាប្រាក់ប្រមាណ៣,៨ពាន់លានដុល្លារសិង្ហបុរី (ប្រមាណ២,៨ពាន់លានដុល្លារ) ដើម្បីជំរុញវិស័យបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) នៅឆ្នាំនេះ កើនឡើងជិត១០ភាគរយបើប្រៀបធៀបនឹងឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។

ការចំណាយដែលបានត្រៀមគ្រោងទុកនេះ នឹងឆ្ពោះទៅរកការផ្លាស់ប្តូរសេវាកម្មឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់រដ្ឋាភិបាល។

ទីភ្នាក់ងារខាងលើបានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា វានឹងបង្កើនសន្ទុះបន្ថែម ដែលបានមកពីការវិនិយោគពីមុន និង“ការទទួលបានការរីកចម្រើននៃវិស័យឌីជីថល អំឡុងពេលវិបត្តិកូវីដ១៩”។

សហគ្រាសធុនតូច និងមធ្យមក៏នឹងទទួលបានឱកាសកាន់តែច្រើនដែរ។ ភ្នាក់ងារបានឱ្យដឹងថា សហគ្រាសធុនតូច និងមធ្យមអាចចូលរួមបានជិត៨៣ភាគរយក្នុងវិស័យឌីជីថលនេះ។

ថវិកាប្រមាណ៧០ភាគរយ ឬ២,៧ពាន់លានដុល្លារសិង្ហបុរីនឹងត្រូវចំណាយលើគម្រោងចំនួន២៥០ ដើម្បី“ ផ្លាស់ប្តូរ ធើ្វសមាហរណកម្ម និងពង្រីកសេវាកម្មឌីជីថល ”ដែលត្រូវបានប្រើប្រាស់ដោយទាំងប្រជាជន និងអាជីវកម្មនៅទូទាំងវិស័យផ្សេងៗគ្នា។

ជាមួយគ្នានេះដែរ វារួមបញ្ចូលនូវការចុះបញ្ជីអាជីវកម្មថ្នាក់ជាតិ និងប្រព័ន្ធបទបញ្ញត្តិ ក្រោមអាជ្ញាធរគណនេយ្យ និងសាជីវកម្ម ដែលនឹងប្រើទិន្នន័យ និងបច្ចេកវិទ្យាឌីជីថល ដើម្បីផ្តល់សេវាកម្មឥតខ្សែរ និងធ្វើឱ្យប្រសើរឡើងនូវការអនុវត្តបទប្បញ្ញត្តិ។

ក្នុងចំណោមទឹកប្រាក់២,៧ពាន់លានដុល្លារសិង្ហបុរី ជិតពាក់កណ្តាល(៤៤ភាគរយ) នឹងត្រូវអភិវឌ្ឍសេវាកម្មឌីជីថលជាមួយបច្ចេកវិទ្យាCloud៕

រដ្ឋភិបាលសិង្ហបុរីគ្រោងចំណាយទុន២,៨ពាន់លានដុល្លារដើម្បីបន្តជំរុញវិស័យឌីជីថល

ដោយៈ គៀតឈូ

សិង្ហបុរីៈ ទីភ្នាក់ងារបច្ចេកវិទ្យារដ្ឋាភិបាលសិង្ហបុរីបានឱ្យដឹងនៅថ្ងៃទី២៣ ខែមិថុនាមន្លងមកនេះថា សិង្ហបុរីនឹងចំណាយថវិកាប្រាក់ប្រមាណ៣,៨ពាន់លានដុល្លារសិង្ហបុរី (ប្រមាណ២,៨ពាន់លានដុល្លារ) ដើម្បីជំរុញវិស័យបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) នៅឆ្នាំនេះ កើនឡើងជិត១០ភាគរយបើប្រៀបធៀបនឹងឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។

ការចំណាយដែលបានត្រៀមគ្រោងទុកនេះ នឹងឆ្ពោះទៅរកការផ្លាស់ប្តូរសេវាកម្មឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់រដ្ឋាភិបាល។

ទីភ្នាក់ងារខាងលើបានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា វានឹងបង្កើនសន្ទុះបន្ថែម ដែលបានមកពីការវិនិយោគពីមុន និង“ការទទួលបានការរីកចម្រើននៃវិស័យឌីជីថល អំឡុងពេលវិបត្តិកូវីដ១៩”។

សហគ្រាសធុនតូច និងមធ្យមក៏នឹងទទួលបានឱកាសកាន់តែច្រើនដែរ។ ភ្នាក់ងារបានឱ្យដឹងថា សហគ្រាសធុនតូច និងមធ្យមអាចចូលរួមបានជិត៨៣ភាគរយក្នុងវិស័យឌីជីថលនេះ។

ថវិកាប្រមាណ៧០ភាគរយ ឬ២,៧ពាន់លានដុល្លារសិង្ហបុរីនឹងត្រូវចំណាយលើគម្រោងចំនួន២៥០ ដើម្បី“ ផ្លាស់ប្តូរ ធើ្វសមាហរណកម្ម និងពង្រីកសេវាកម្មឌីជីថល ”ដែលត្រូវបានប្រើប្រាស់ដោយទាំងប្រជាជន និងអាជីវកម្មនៅទូទាំងវិស័យផ្សេងៗគ្នា។

ជាមួយគ្នានេះដែរ វារួមបញ្ចូលនូវការចុះបញ្ជីអាជីវកម្មថ្នាក់ជាតិ និងប្រព័ន្ធបទបញ្ញត្តិ ក្រោមអាជ្ញាធរគណនេយ្យ និងសាជីវកម្ម ដែលនឹងប្រើទិន្នន័យ និងបច្ចេកវិទ្យាឌីជីថល ដើម្បីផ្តល់សេវាកម្មឥតខ្សែរ និងធ្វើឱ្យប្រសើរឡើងនូវការអនុវត្តបទប្បញ្ញត្តិ។

ក្នុងចំណោមទឹកប្រាក់២,៧ពាន់លានដុល្លារសិង្ហបុរី ជិតពាក់កណ្តាល(៤៤ភាគរយ) នឹងត្រូវអភិវឌ្ឍសេវាកម្មឌីជីថលជាមួយបច្ចេកវិទ្យាCloud៕

គម្រោងក្រុងរាមថ្មីតម្លៃ១៦ពាន់លានដុល្លារនៅតែបន្តសាងសង់ទោះស្ថិតក្នុងវិបត្តិជំងឺកូវីដ១៩ក្ដី

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ គម្រោងវិនិយោគអភិវឌ្ឍន៍ទីក្រុងថ្មីមួយនៅខេត្តព្រះសីហនុ “ទីក្រុងរាម” ក្រោមទុនវិនិយោគ១៦ពាន់លានដុល្លារ នៅតែបន្តអភិវឌ្ឍន៍ជាបន្តបន្ទាប់ ដោយមិនមានការផ្អាក ឬពន្យារពេលនោះឡើយ ទោះស្ថិតនៅក្នុងវិបត្តិនៃជំងឺរាតត្បាតសកលបែបនេះក្ដី។ នេះបើតាមលោកឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុមានប្រសាសនតាមទូរសព្ទនៅព្រឹកថ្ងៃទី២៤ មិថុនា ២០២១នេះ ។

លោកឃាង ភារម្យបានមានប្រសាសន៍ថា “រហូតមកដល់ពេលនេះ យើងមើលឃើញថា ដំណើរការនៃការអភិវឌ្ឍន៍គម្រោងរបស់ក្រុមហ៊ុន ដែលអភិវឌ្ឍន៍លើទីក្រុងរាមនៅតែមានសកម្មភាព មិនមានការផ្អាក ឬបញ្ឈប់អ្វីឡើយ តែសម្រាប់បានប៉ុន្មានភាគរយនោះ ក្នុងនាមខេត្តក៏មិនដឹងច្បាស់ដែរ ព្រោះវាមិនមែនជាគម្រោងរបស់រដ្ឋឬរបស់ខេត្ត”។

លោកបានបន្តថា តាមរយៈការអភិវឌ្ឍគម្រោងរបស់ក្រុមហ៊ុនព្រីនស៍ទៅលទីក្រុងរាមនេះ វាជាមោទនភាពមួយសម្រាប់ខេត្តព្រះសីហនុ ដែលមានវិនិយោគិនតូចធំចូលបណ្ដាក់ទុនជាបន្តបន្ទាប់ ហើយគម្រោងនេះដែរ នឹងផ្ដល់អត្ថប្រយោជន៍ច្រើនជាងគុណវិបត្តិ ព្រោះពេលនេះបានផ្ដល់ការងារបណ្ដើរៗដល់ប្រជាពលរដ្ឋក្នុងខេត្តក៏ដូចជាពលរដ្ឋមកពីតំបន់ផ្សេងៗជាដើម។

លោកបានឱ្យដឹងទៀតថា នៅពេលគម្រោងនេះបានសាងសង់រួចរាល់បណ្ដើរៗ វាក៏នឹងទាក់ទាញដល់បណ្ដាវិនិយោគិនផ្សេងៗទៀតចូលមកក្នុងខេត្តព្រះសីហនុជាបន្តបន្ទាប់ផងដែរ។

លោក Khong Weng Fook នាយកគ្រប់គ្រងក្រុមហ៊ុន Canopy Sands Development បានឱ្យដឹងថា បច្ចុប្បន្នប្រទេសកម្ពុជាកំពុងទទួលរងនូវផលប៉ះពាល់ពីរលកមួយទៀតនៃការរីករាលដាលនៃជម្ងឺកូវីដ-១៩ ហើយសេដ្ឋកិច្ចកំពុងរងគ្រោះពីការបាត់បង់ចំណូលពីវិស័យទេសចរណ៍ស្របពេលមានការបិទខ្ទប់ដែលកំពុងបន្តអនុវត្តន៍នៅក្នុងប្រទេស រីឯគម្រោងនៅក្នុងក្រុងព្រះសីហនុដែលយើងកំពុងអភិវឌ្ឍន៍នឹងមានសារៈសំខាន់ក្នុងការជួយប្រទេសឱ្យមានជំហររឹងមាំឡើងវិញបន្ទាប់ពីបានឆ្លងកាត់ស្ថានភាពដ៏សែនលំបាកអស់រយៈពេល ១៨ ខែមកនេះ ។

លោកបន្តថា ពេលនេះជាពេលវេលាដ៏សែនលំបាក ព្រោះតែវិបត្តិនៃជំងឺកូវីដ១៩ ប៉ុន្តែអ្វីដែលយើងកំពុងធ្វើនៅថ្ងៃនេះ នឹងក្លាយជាចំណែកមួយក្នុងការជួយឱ្យងើបឡើងវិញនៃសេដ្ឋកិច្ចនៅពេលដែលជម្ងឺរាតត្បាតនេះត្រូវបានកម្ចាត់ ។

លោកបន្ថែមថា នៅឆ្នាំ២០២៥ យើងនឹងឃើញដំណាក់កាលទី១នៃទីក្រុងរាមបញ្ចប់រួចរាល់ដោយមានហេដ្ឋារចនាសម្ព័ន្ធនិងគ្រឿងបរិក្ខារជាច្រើនរួចជាស្រេច ដែលពិតជាគួរឱ្យរំភើបណាស់។
លោកបានថ្លែងបន្តថា យើងក៏នឹងឃើញប្រជាជនក្នុងស្រុកជាច្រើនឈានទៅរកការអភិវឌ្ឍនិងកម្រិតការងារមានការកើនឡើង ដែលជាកត្តាបន្ថែមដ៏ល្អមួយជម្រុញដល់សេដ្ឋកិច្ចក្នុងស្រុក ហើយក៏នឹងឃើញពីអត្ថប្រយោជន៍នៃអ្វីៗដែលកើតឡើងនៅពេលដែលក្រុមហ៊ុនអភិវឌ្ឍន៍ ដូចជាពួកយើងអាចធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍មូលដ្ឋាន និងជាដៃគូសហការជាមួយរាជរដ្ឋាភិបាល។

បើតាមលោកសន សៀបនាយកប្រតិបត្តិក្រុមហ៊ុនឃី រៀលអ៊ីស្ទេតក៏បានឱ្យដឹងផងដែរថា ខេត្តព្រះសីហនុជាខេត្តមួយទាក់ទាញ ដល់ការវិនិយោគពីបរទេសជាពិសេសវិនិយោគិនជនជាតិចិន ហើយខេត្តនេះដែរ ក៏នឹងក្លាយជាបណ្ដុំសហគមន៍វិនិយោគិនជនជាតិចិនមួយនៅពេលអនាគតដ៏ខ្លីនេះដែរ៕

សហរដ្ឋអាមេរិក ចេញបម្រាមថ្មីមិនឱ្យនាំចូលវត្ថុធាតុដើមសម្រាប់ផលិតបន្ទះសូឡាពីក្រុមហ៊ុនចិន

ដោយៈ សុខុម

វ៉ាស៊ីនតោន: ប្រភពបានទម្លាយឱ្យដឹងថា រដ្ឋការរបស់លោក ចូ បៃឌិន កាលពីថ្ងៃពុធ ទី២៣ មិថុនា បានចេញបម្រាមមិនឱ្យសហរដ្ឋអាមេរិក នាំចូលវត្ថុធាតុដើមសំខាន់ៗសម្រាប់ផលិតបន្ទះសូឡាពីក្រុមហ៊ុនចិន Hoshine Silicon Industry ឡើយ ដោយសារការចោទប្រកាន់អំពីការចាប់បង្ខំមនុស្សឱ្យធ្វើការ។

យោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃទី២៤ ខែមិថុនានេះ ឱ្យដឹងថា ក្រសួងពាណិជ្ជកម្មអាមេរិក បានធ្វើការរឹតបន្តឹងដាច់ដោយឡែកលើការនាំចេញចំពោះក្រុមហ៊ុន Hoshine Silicon Industry និងក្រុមហ៊ុនចិនចំនួន៣ផ្សេងទៀត ព្រមទាំងក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋចិន Xinjiang Production and Construction Corps (XPCC) ផងដែរ ដោយអះអាងថា ក្រុមហ៊ុនទាំងនេះជាប់ពាក់ព័ន្ធនឹងការចាប់បង្ខំជនជាតិភាគតិចវីហ្គួរ និងជនជាតិភាគតិចកាន់សាសនាអ៊ីស្លាម ផ្សេងៗទៀតនៅតំបន់ស៊ីនជាំង (Xinjiang) ឱ្យធ្វើការជាទម្ងន់។

ក្រុមហ៊ុនចិន ចំនួន៣ផ្សេងទៀតដែលជាប់ក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិក រួមមានក្រុមហ៊ុន Xinjiang Daqo New Energy ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Daqo New Energy Corp ក្រុមហ៊ុន Xinjiang East Hope Nonferrous Metals ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនយក្ស East Hope Group មានមូលដ្ឋាននៅក្រុងសៀងហៃ និងក្រុមហ៊ុន Xinjiang GCL New Energy Material ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន GCL New Energy Holdings។

ក្រសួងពាណិជ្ជកម្មអាមេរិក បាននិយាយថា ក្រុមហ៊ុនទាំងនេះ និងក្រុមហ៊ុន XPCC “បានជាប់ពាក់ព័ន្ធការរំលោភសិទ្ធិមនុស្ស និងការរំលោភបំពាននៅក្នុងការអនុវត្តយុទ្ធនាការបង្ក្រាបរបស់ប្រទេសចិន ការឃុំឃាំងមនុស្សតាមអំពើចិត្ត ការចាប់បង្ខំមនុស្សឱ្យធ្វើការជាទម្ងន់ ការឈ្លបយកការណ៍សម្ងាត់ដោយប្រើបច្ចេកវិទ្យាជាន់ខ្ពស់ប្រឆាំងជនជាតិភាគតិចវីហ្គួរ ជនជាតិភាគតិចកាហ្សាក់ស្ថាន និងជនជាតិភាគតិចកាន់សាសនាអ៊ីស្លាម ផ្សេងៗទៀតនៅតំបន់ស៊ីនជាំង”។

ក្រុមហ៊ុនធំៗមួយចំនួនដែលជាប់ក្នុងបញ្ជីខ្មៅរបស់ក្រសួងពាណិជ្ជកម្មអាមេរិក គឺជាក្រុមហ៊ុនផលិតស៊ីលីខូនម្យ៉ាងឱ្យឈ្មោះថា monocrystalline silicon និងប៉ូលីស៊ីលីខូន polysilicon ដែលជាវត្ថុធាតុដើមដ៏សំខាន់ប្រើប្រាស់នៅក្នុងការផលិតបន្ទះសូឡា។

ទោះជាយ៉ាងណា ភ្លាមៗក្រុមហ៊ុនទាំងនេះ ឬក្រុមហ៊ុនមេរបស់ពួកគេមិនបានធ្វើការឆ្លើយបំភ្លឺឡើយជុំវិញបញ្ហានេះ ចំណែកឯក្រុមហ៊ុន XPCC មិនអាចទាក់ទងបានតែម្ដង។

ដោយឡែក នៅពេលសុំការបំភ្លឺជុំវិញបញ្ហានេះ ស្ថានទូតចិន ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន បានបន្ទរតាមការលើកឡើងរបស់លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន ដែលបានច្រានចោលការចោទប្រកាន់ជុំវិញអំពើប្រល័យពូជសាសន៍ និងការបង្ខំឱ្យមនុស្សធ្វើការជាទម្ងន់នៅតំបន់ស៊ីនជាំង ថា “គ្មានអ្វីក្រៅពីពាក្យចចាមអារ៉ាមដែលបង្កប់នូវហេតុផលលាក់កំបាំង និងការភូតកុហកយ៉ាងច្បាស់ក្រឡែត”៕

តម្លៃដីនៅតំបន់អារិយក្សត្របន្តកើនឡើងបន្ទាបពីការបង្ហើមពីគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ

ដោយៈ ម៉ាណេត

ភ្នំពេញៈ វិស័យអចលនទ្រព្យនៅនៅតំបន់អារិយក្សត្រនៅបន្តមានភាពរីកចម្រើនឥតឈប់ឈរ ពិសេសតម្លៃដីធ្លីនៅតំបន់នេះកើនឡើងជាបន្តបន្ទាប់ បន្ទាប់ពីមានផ្សព្វផ្សាយព័ត៌មានពីគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ពីតំបន់ជ្រោយចង្វារ ទៅកាន់ស្វាយជ្រុំ។

លោកស៊ុន ចានថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហើបឱ្យដឹងកាលពីថ្មីៗនេះថា គម្រោងសិក្សាលទ្ធភាពសាងសង់ស្ពាន ឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ពីតំបន់ជ្រោយចង្វារ ទៅកាន់ស្វាយជ្រុំ ភាគីកូរ៉េកំពុងសិក្សានៅឡើយ។

លោកបានមានប្រសាសន៍ក្នុងពេលចុះពិនិត្យផ្លុវល្បឿនលឿនភ្នំពេញ ព្រះសីហនុកាលពូម្សិលម៉ិញនេះថា បច្ចុប្បន្នសាធារណរដ្ឋកូរ៉េខាងត្បូង បានឯកភាពសំណើកម្ពុជាហើយ តែស្ថិតក្នុងការសិក្សានៅឡើយទេ។ លោកបន្តថា “តបតាមសំណើររបស់សម្តេច តេជោ ហ៊ុន សែន ពេលនេះភាគីកូរ៉េបានយល់ព្រមឯកភាពជួយសង់ស្ពាននេះហើយ”។ លោកស៊ុន ចាន់ថុលបានបន្តថា ទោះជាយ៉ាងណាបច្ចុប្បន្ននេះ មិនទានមានផែនការអ្វីជាក់លាក់ទេ ព្រោះភាគីកូរ៉េកំពុងសិក្សានៅឡើយទេ។

ដោយមានទីតាំងនៅស្រុកខ្សាច់កណ្តាលខេត្តកណ្តាលស្វាយជ្រុំគឺជាភូមិមួយ ដែលស្ថិតនៅខាងជើងខាងជើងនៃឃុំអរិយក្សត្រ ស្រុកល្វាឯម។

លោកយិន លាងគង់ទីផ្សារប្រឹក្សាសមាគមអចលនទ្រព្យសកលបានថ្លែងប្រាប់ថា តំបន់នឹងកាន់តែមានសក្តានុពលនាពេលអនាគត ដោយរងចាំស្ពានសាងសង់រួចរាល់ ដែលនឹងធ្វើឱ្យតំបន់នេះមានសកម្មភាពអភិវឌ្ឍន៍កាន់តែខ្លាំង។

លោកបានថ្លែងបន្តថា បច្ចុប្បន្ន មានគម្រោងបុរីមួយចំនួនបានមកអភិវឌ្ឍន៍នៅតំបន់នេះ ដូចជាបុរីចត្តុមុខ បុរីទួលសង្កែ និងបុរីលំនៅដ្ឋានជាច្រើនទៀត កំពុងបង្ហាញជារូបរាងបណ្តើរៗ និងចាប់ផ្តើមសាងសង់ផង ដូច្នេះតំបន់នឹងក្លាយជាទីក្រុងថ្មីមួយនាពេលអនាគត។

លោកបានមានប្រសាសន៍ដូច្នេះថា “ក្នុងរយៈពេល៥ទៅ១០ឆ្នាំខាងមុខ តំបន់នេះនឹងក្លាយជាទីក្រុងមួយ នៅពេលដែលស្ពានសាងសង់រួចរាល់ ព្រោះអ្នកវិនិយោគធំៗ និងបុរីធំៗបានទិញដីនៅតំបន់ទុកសម្រាប់ការអភិវឌ្ឍនាពេលមុខ”។

លោកសុខ ឌឺនអ្នកគួកជេដីតំបន់អារិយក្សត្របានឱ្យដឹងដែរថា តម្លៃដីនៅតំបន់អារិយក្សត្រកើនឡើង៥ដងក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ខណៈបច្ចុប្បន្ន ការទិញលក់នៅក្នុងតំបន់នេះនៅតែមានចរន្តកើនឡើង។

យោងតាមសុខ ឌឺនបានឱ្យង ក្នុងតំបន់នេះ តម្លៃដីនាពេលប្ចុច្បន្ននៅបណ្តោយផ្លូវ៦០ម៉ែត្រមានតម្លៃចន្លោះពី៧០ទៅដល់១៣០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលកាលពី៥ឆ្នាំមុនជាង១០ដុល្លារមួយម៉ែត្រការ៉េ ហើយដីលើតាមបណ្តោយផ្លូវ7NG ភាគច្រើនជាផ្លូវធំៗ ដែលមានតម្លៃចន្លោះ៣៥ទៅ៤០ដុល្លារមួយម៉េត្រការ៉េ ហើយនៅដីតាមបណ្តោយមានទំហំចាប់ពី៣០ហិកតា ទៅ១០០ហិកតា។

លោកបានថ្លែងថា “តំបន់នេះកំពុងមានសក្តានុពលខ្លាំង ហើយនាពេលបច្ចុប្បន្ន ចរន្តនៃការទិញលក់នៅក្នុងតំបន់នេះមានច្រើន និងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ”៕