ដោយៈគង់ សូរិយា
ភ្នំពេញៈ រចនាសម្ព័ន្ឋក្រុងបូកគោទាំងមូល នឹងប្រារពពិធីប្រកាសជាផ្លូវការនៅព្រឹកថ្ងៃទី១២ សីហានេះហើយ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សា និងសមាជិកក្រុមប្រឹក្សារួចកាលពីពេលថ្មីៗនេះ។
លោកជាវ តាយ អភិបាលខេត្តកំពតក៏បានលើកឡើងកាលពីពេលថ្មីៗនេះថា មានបញ្ហាមួយចំនួនពាក់ព័ន្ធ ការធ្វើសមាហរណកម្មមន្ត្រីរាជការ ក្នុងក្របខណ្ឌរដ្ឋបាលក្រុង ដែលមានអ្នកស្ម័គ្រចិត្តចំនួនតិចតួច និងមានការលំបាកក្នុងផ្ទេរពីក្រសួងសាម៉ី ដែលបញ្ហានេះអាចធ្វើឱ្យការឆ្លើយតបតម្រូវការមន្រ្តី ក្នុងរចនាសម្ព័ន្ធក្របខណ្ឌរដ្ឋបាល ក្រុងបង្កើតថ្មីមានការពិបាក ដែលតម្រូវឱ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជួយអន្តរាគមន៍ក្នុងរឿងនេះ។
លោកលើកឡើងបែបនេះ អំឡុងពេលបើកកិច្ចប្រជុំជាមួយលោកសក់ សេដ្ឋារដ្ឋលេខាធិការក្រសួងមហាផ្ទៃកាលពីពេលថ្មីៗនេះ។
ការបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សា និងសមាជិកក្រុមប្រឹក្សាក្រុងនាពេលកន្លងមកនេះ នេះមានអង្គបោះឆ្នោតចំនួន១៧រូប ជាសមាជិកក្រុមប្រឹក្សាឃុំ មកពីឃុំចំនួន៣ ដែលត្រូវបង្កើតក្រុងបូកគោនេះ គឺឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត។ ជាលទ្ធផល នៃសង្កេតការណ៍ក្នុងដំណើរការរាប់សន្លឹកឆ្នោត ក្នុងមណ្ឌលបោះឆ្នោតត្រូវបានទទួលលទ្ធផល ទៅលើគណបក្សប្រជាជនកម្ពុជា ទទួលបានសម្លេងសន្លឹកឆ្នោតគាំទ្រចំនួន១៧ លើ១៧សំលេង៕