ធនាគារពិភពលោកអនុម័តទឹកប្រាក់២០០លានដុល្លារដើម្បីកសាងភាពធន់ទប់ទល់នឹងស្ថានភាពអង្រួនផ្នែកសេដ្ឋកិច្ចពេលអនាគតនៅកម្ពុជា

ដោយៈ ម៉ាណេត

ភ្នំពេញៈ កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជាដើម្បីប្រយុទ្ធទៅនឹងជំងឺកូវីដ១៩ដែលកំពុងតែកើតមានឡើង និងការចាប់ផ្តើមឈានទៅស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញ បានធ្វើឱ្យក្រុមប្រឹក្សានាយកប្រតិបត្តិនៃធនាគារពិភពលោកអនុម័តកញ្ចប់ឥណទានមានតម្លៃទឹកប្រាក់ចំនួន២០០លានដុល្លារអាមេរិករបស់សមាគមន៍អភិវឌ្ឍន៍អន្តរជាតិ (IDA) នៅថ្ងៃនេះ សម្រាប់គម្រោងរៀបចំគោលនយោបាយហិរញ្ញប្បទានដើម្បីជួយសង្គ្រោះ ការរើបឡើងវិញ និងការកសាងភាពធន់របស់កម្ពុជា (Cambodia Relief, Recovery and Resilience Development Policy Financing Project/DPF) ។

គម្រោងនេះនឹងជួយកម្ពុជាក្នុងការដោះស្រាយវិបត្តិកូវីដ១៩ តាមរយៈកិច្ចអន្តរាគមន៍សង្គ្រោះទាន់ពេលវេលា និងចំគោលដៅសម្រាប់ពលរដ្ឋងាយរងគ្រោះ, ការសម្រួលឱ្យសេដ្ឋកិច្ចរើបឡើងវិញដោយស្វាហាប់តាមរយៈការកែទម្រង់ជារចនាសម្ព័ន្ធ និងការកសាងភាពធន់សម្រាប់ទប់ទល់ទៅនឹងស្ថានភាពអង្រួនផ្នែកសេដ្ឋកិច្ចនាពេលអនាគត។

ប្រទេសកម្ពុជាកំពុងតែប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចនិងសង្គមដែលមិនធ្លាប់មាន។ ជាលើកដំបូងហើយក្នុងរយៈពេល៣០ឆ្នាំដែលសេដ្ឋកិច្ចនៃប្រទេសនេះ នៅក្នុងឆ្នាំ២០២០ បានរួញទំហំអស់ ៣,១ភាគរយ ហើយពេលនេះ កម្ពុជាកំពុងស្ថិតនៅកណ្តាលស្ថានភាពដ៏អាក្រក់នៃការឆ្លងវីរុសកូវីដ១៩ ចាប់តាំងពីមានការផ្ទុះឡើងនៃការរាតត្បាតជំងឺនេះដំបូងមក។

វិស័យដែលរងផល់ប៉ះពាល់ខ្លាំងបំផុតរួមមាន ផ្នែកកាត់ដេរ ទេសចរណ៍ និងសំណង់ ហើយវិស័យទាំងនេះសុទ្ធតែបានផ្តល់ការងារច្រើនជាងគេនៅកម្ពុជា ដែលវាបានបង្កើតបន្ថែមនូវបញ្ហាប្រឈមសម្រាប់ការស្តារសេដ្ឋកិច្ចឱ្យមាននិរន្តភាពឡើងវិញ។ ខណៈដែលវិធានទប់ស្កាត់បញ្ហាប្រឈមសំខាន់ៗបំផុតនៅមិនទាន់មាន ការរាតត្បាតជំងឺនេះអាចនឹងបណ្តាលឱ្យភាពអត់ការងារធ្វើ និងភាពក្រីក្រកាន់តែកើនឡើងថែមទៀត ដែលក្នុងនោះ ពលរដ្ឋជិតមួយលាននាក់ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះទៅក្នុងភាពក្រីក្រវិញ។
ដើម្បីប្រយុទ្ធប្រឆាំងនឹងស្ថានភាពនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញវិធានការឆ្លើយតបបន្ទាន់នានា ហើយបច្ចុប្បន្នក៏កំពុងតែរៀបចំផែនការសម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ១៩ (Post-COVID-19 Economic Recovery Plan) ផងដែរ។

គម្រោង DPF នេះ នឹងជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ស្ថានការណ៍អាក្រក់ណាមួយដែលកើតចេញពីការរាតត្បាតរបស់ជំងឺនេះ ដោយជួយទ្រទ្រង់ដល់ចំណាត់ការនានាក្នុងការផ្តល់ជំនួយសង្គ្រោះផ្នែកហិរញ្ញវត្ថុដល់គ្រួសារ និង ក្រុមហ៊ុនដែលរងផលប៉ះពាល់។ ចំណាត់ការទាំងនោះរួមមានការធ្វើកំណែទម្រង់ដើម្បីកែលម្អបរិយាកាសធ្វើធុរកិច្ច ព្រមទាំងវិធានការដើម្បីពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងសមត្ថភាពរបស់ស្ថាប័នប្រមូលចំណូលរបស់រដ្ឋ។

លោកស្រី អ៊ីនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងរបស់ធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា “ច្បាស់ណាស់ ប្រទេសកម្ពុជាពិតជាត្រូវការធនធានដែលអាចយកទៅបញ្ចេញឱ្យបានរហ័សសម្រាប់ទ្រទ្រង់ដល់កម្មវិធីគ្រប់ជ្រុងជ្រោយមួយរបស់រដ្ឋាភិបាល ដើម្បីការពារជនក្រីក្របំផុតពីផលប៉ះទង្គិចរបស់វិបត្តិនេះ និងដើម្បីជួយដល់កិច្ចប្រឹងប្រែងស្តារសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសឱ្យងើបឡើងវិញ”។

គម្រោងនេះ ជាផ្នែកស្នូលមួយនៃអន្តរាគមន៍ទូលំទូលាយមួយរបស់ធនាគារពិភពលោកក្នុងការឆ្លើយតបទៅនឹងវិបត្តិកូវីដ១៩ ហើយក៏ជាផ្នែកមួយនៃកញ្ចប់ប្រតិបត្តិការទ្រទ្រង់ថវិកាពីសំណាក់ដៃគូអភិវឌ្ឍន៍មួយចំនួនរបស់កម្ពុជា មានដូចជា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), សហភាពអឺរ៉ុប (EU), និង ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)។

ចាប់តាំងពីផ្ទុះការរាតត្បាតជំងឺកូវីដ១៩មក ក្រុមធនាគារពិភពលោកបានសន្យាផ្តល់ជំនួយជាង ១២៥ប៊ីលានដុល្លារអាមេរិក សម្រាប់ការទប់ទល់ទៅនឹងផលប៉ះទង្គិចរបស់ជំងឺរាតត្បាតនេះមកលើផ្នែកសុខាភិបាល សេដ្ឋកិច្ច និងសង្គម ហើយវិធានការឆ្លើយតបវិបត្តិនេះមានភាពរហ័សរហួន និងទំហំធំធេងមិនដែលធ្លាប់មានក្នុងប្រវត្តិសាស្ត្រទេ។

ហិរញ្ញប្បទាននេះកំពុងជួយដល់ប្រទេសចំនួនជាង១០០ ឱ្យពង្រឹងការត្រៀមខ្លួនប្រយុទ្ធនឹងការរាតត្បាតជំងឺ, ក្នុងកិច្ចគាំពារជនក្រីក្រ និង ការងារ, និងក្នុងការចាប់ផ្តើមស្តារឡើងវិញក្នុងសភាពមួយដែលមានមេត្រីភាពសម្រាប់អាកាសធាតុ។ លើសពីនេះ ធនាគារពិភពលោកក៏កំពុងផ្តល់ហិរញ្ញប្បទានចំនួនទឹកប្រាក់១២ប៊ីលានដុល្លារអាមេរិកផ្សេងទៀតដល់បណ្តាប្រទេសមានចំណូលទាបមធ្យម សម្រាប់យកទៅទិញ និងបែងចែកថ្នាំវ៉ាក់សាំង, បរិក្ខារធ្វើតេស្ត និង ការព្យាបាលជំងឺកូវីដ១៩ នេះផងដែរ៕

តើក្រុមហ៊ុនសំណង់កំពូលទាំង១០ក្នុងពិភពលោក ស្ថិតនៅប្រទេសណាខ្លះ និងមានលុយច្រើនកម្រិតណា?

ដោយៈសុខុម

អន្តរជាតិៈ វិស័យសំណង់គឺជាវិស័យអាទិភាពដ៏ធំមួយ ដែលជួយក្រែប្រែមុខមាត់ និងលើកសោភ័ណភាពមិនថាទីក្រុង ឬទីជនបទនានាទូទាំងពិភពលោក ឱ្យស្រស់ឆើតឆាយទៅតាមសម័យកាលជឿនលឿន។ វិស័យនេះបានរីកចម្រើនខ្លាំងបំផុត នៅក្នុងសតវត្សរ៍ទី២១នេះ ហើយកំពុងតែបន្តរីកចម្រើនឥតឈប់ឈរ។

ក្រុមអ្នកជំនាញបានព្យាករថា ទីផ្សារសាងសង់ទូទាំងពិភពលោក អាចនឹងឈានដល់ទំហំ១០,៥ទ្រីលានដុល្លារនៅត្រឹមឆ្នាំ២០២៣។ ក្រៅពីការបំពេញតម្រូវការសាងសង់ជាមូលដ្ឋានបំផុតក្នុងពិភពលោក ក្រុមហ៊ុនសំណង់នានាមិនថាតូច ឬធំកំពុងតែជះឥទ្ធិពលយ៉ាងខ្លាំង មកលើសេដ្ឋកិច្ចរបស់យើងទូទាំងពិភពលោក។

ទោះបីឧស្សាហកម្មសំណង់ធំបំផុត ក្នុងពិភពលោកស្ថិតនៅក្នុងសហរដ្ឋអាមេរិក ជាមួយទំហំចំណាយ ដល់ទៅប្រមាណ១,៤ទ្រីលានដុល្លារក្នុងឆ្នាំ២០២០ យ៉ាងណាក្ដី ក៏ក្រុមហ៊ុនសំណង់ជាច្រើន ក្នុងចំណោមក្រុមហ៊ុនសំណង់ធំៗបំផុត ក្នុងពិភពលោកមានមូលដ្ឋាននៅអឺរ៉ុប និងប្រទេសចិន។

ជាពិសេស ក្រុមហ៊ុនទាំងនេះ កំពុងតែជំរុញការអភិវឌ្ឍនៅក្នុងប្រទេសនានា ដូចជាប្រទេសចិន ប្រទេសឥណ្ឌា និងតំបន់មជ្ឈិមបូព៌ា បន្ថែមពីលើសហរដ្ឋអាមេរិក។

ដូចនេះតើអ្នកទាំងអស់គ្នាដឹងទេថា ក្រុមហ៊ុនសំណង់កំពូលទាំង១០ក្នុងពិភពលោ​កប្រចាំឆ្នាំ២០២១ មានឈ្មោះអ្វីខ្លះ ស្ថិតនៅក្នុងប្រទេសណាខ្លះ មានចំណាស់យូរប៉ុណ្ណា និងមានលុយច្រើនកម្រិតណា? អញ្ចឹង! ដើម្បីជ្រាបច្បាស់ សូមមកតាមដានខាងក្រោមទាំងអស់គ្នា។

យោងតាមសារព័ព៌មាន Constructionblog ចុះផ្សាយកាលពី៨ ខែមេសា ឆ្នាំ២០២១ឱ្យដឹងថា ក្រុមហ៊ុនសំណង់ធំៗបំផុតទាំង១០ប្រចាំឆ្នាំ២០២១ មានដូចខាងក្រោម៖

*ចំណាត់ថ្នាក់លេខ១
ក្រុមហ៊ុន ACS Group មានទីស្នាក់ការកណ្ដាល៖ ប្រទេសអេស្ប៉ាញ មានបុគ្គលិក ១៩០.៥០០នាក់។ មានទ្រព្យសកម្មសរុប៖ ៤៦,៦៧ពាន់លានដុល្លារអាមេរិក និងត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៧។
គម្រោងគួរឱ្យកត់សម្គាល់: អគារ Torre Glòries កម្ពស់៣៨ជាន់ រាងដូចគ្រាប់កាំភ្លើង។

*ចំណាត់ថ្នាក់លេខ២
ក្រុមហ៊ុន Hochtief Aktiengesellschaft និងមានទីស្នាក់ការកណ្ដាល ប្រទេសអាល្លឺម៉ង់ មានបុគ្គលិក៤៧.០០០នាក់ និងមានទ្រព្យសកម្មសរុបចំនូន២៥ពាន់លានដុល្លារ។
ក្រុមហ៊ុននេះបង្កើតឡើង៖ ឆ្នាំ១៨៧៤ ហើយក្រុមហ៊ុននេះបានសាងសង់គម្រោងគួរឱ្យកត់សំគាល់ ស្ពានខ្សែកាព Bosphorus Bridge នៅក្រុងអ៊ីស្ទែនប៊ុល ប្រទេសតួកគី។

*ចំណាត់ថ្នាក់លេខ៣
ក្រុមហ៊ុន VINCI មានទីស្នាក់ការកណ្ដាល៖ ប្រទេសបារាំង។ ក្រុមហ៊ុននេះបុគ្គលិកសរុបចំនួន២២២.០០០នាក់ និងមានទ្រព្យសកម្មសរុប៖៥៧ពាន់លានដុល្លារអាមេរិក។

ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៩៩ ហើយគម្រោងគួរឱ្យកត់សម្គាល់: សំណង់ពីរ៉ាមីតកញ្ចក់ Louvre Entrance នៅក្រុងប៉ារីស ប្រទេសបារាំង។

*ចំណាត់ថ្នាក់លេខ៤
ក្រុមហ៊ុន China Communications Construction Group Ltd.
ទីស្នាក់ការកណ្ដាល៖ ក្រុងប៉េកាំង ប្រទេសចិន
បុគ្គលិក៖ ១៤៧,០០០នាក់
ទ្រព្យសកម្មសរុប៖ ៧៩,៨ពាន់លានដុល្លារ
បង្កើតឡើង៖ ឆ្នាំ២០០៥
គម្រោងគួរឱ្យកត់សម្គាល់៖ ផ្លូវហាយវ៉េ Yangtze River Highway

*ចំណាត់ថ្នាក់លេខ៥
ក្រុមហ៊ុន Bouygues
ទីស្នាក់ការកណ្ដាល៖ ប្រទេសបារាំង
បុគ្គលិក៖ ១៣០.៥០០នាក់
ទ្រព្យសកម្មសរុប៖ ៤២,៤ពាន់លានដុល្លារ
បង្កើតឡើង៖ ឆ្នាំ១៩៥២
គម្រោងដែលគួរឱ្យកត់សម្គាល់៖ សារមន្ទីរ Musée d’Orsay

*ចំណាត់ថ្នាក់លេខ៦
ក្រុមហ៊ុន Strabag
ទីស្នាក់ការកណ្ដាល៖ ប្រទេសអូទ្រីស
បុគ្គលិក៖ ៧៤.០០០នាក់
ទ្រព្យសកម្មសរុប៖ ១៨,៧ពាន់លានដុល្លារ
បង្កើតឡើង៖ ឆ្នាំ១៨៣៥
គម្រោងគួរឱ្យកត់សម្គាល់៖ អគារប៉ម Alte Weser Lighthouse ក្នុងទឹកសមុទ្រ North Sea។

*ចំណាត់ថ្នាក់លេខ៧
ក្រុមហ៊ុន Power Construction Corp. of China
ទីស្នាក់ការកណ្ដាល៖ ទីក្រុងប៉េកាំង ប្រទេសចិន
បុគ្គលិក៖ ១៣៣.០០០នាក់
ទ្រព្យសកម្មសរុប៖ ៣,២ពាន់លានដុល្លារ
បង្កើតឡើង៖ ឆ្នាំ២០១១
គម្រោងគួរឱ្យកត់សម្គាល់៖ កសិដ្ឋានផលិតអគ្គិសនី ដើរដោយកម្លាំងខ្យល់ Adama Wind Farm។

*ចំណាត់ថ្នាក់លេខ៨
ក្រុមហ៊ុន China State Construction Engineering Corp. Ltd
ទីស្នាក់ការកណ្ដាល៖ ទីក្រុងប៉េកាំង ប្រទេសចិន
បុគ្គលិក៖ ៣៣៥.០០០នាក់
ទ្រព្យសកម្មសរុប៖ ១,៨៣ពាន់លានដុល្លារ
បង្កើតឡើង៖ ឆ្នាំ១៩៥៧
គម្រោងគួរឱ្យកត់សម្គាល់៖ អគារមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក ក្រុងសៀងហៃ (Shanghai World Financial Center)។

*ចំណាត់ថ្នាក់លេខ៩
ក្រុមហ៊ុន Skanska AB
ទីស្នាក់ការកណ្ដាល៖ ប្រទេសស៊ុយអែត
បុគ្គលិក៖ ៣១.០០០នាក់
ទ្រព្យសកម្មសរុប៖ ១៨,៩ពាន់លានដុល្លារ
បង្កើតឡើង៖ ឆ្នាំ១៨៨៧
គម្រោងគួរឱ្យកត់សម្គាល់៖ ពហុកីឡដ្ឋាន MetLife Stadium

*ចំណាត់ថ្នាក់លេខ១០
ក្រុមហ៊ុន TechnipFMC
ទីស្នាក់ការកណ្ដាល៖ ប្រទេសអង់គ្លេស
បុគ្គលិក៖ ៣៧.០០០នាក់
ទ្រព្យសកម្មសរុប៖ ១៣ពាន់លានដុល្លារ
បង្កើតឡើង៖ ឆ្នាំ២០១៧
គម្រោងគួរឱ្យកត់សម្គាល់៖ នាវាបូមប្រេង FPSO Dalia៕

តើអ្វីជាតិចនិចនៃការចចារនិងការលក់អចលនទ្រព្យឲ្យទទួលបានជោគជ័យ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ សិល្បៈនៃការចចារ និងការបិទលក់អចលនទ្រព្យ ពិតជាមានសារៈសំខា​ន់ណាស់ ដើម្បីឲ្យការលក់របស់ខ្លួនទទួលបានជោគជ័យ។

ហេតុនេះការសិក្សាសិល្បៈនៃការចចា ​និងវិធីសាស្រ្តក្នុងការបិទការលក់ឲ្យបានជោគជ័យមានសារៈសំខាន់ណាស់ ដើម្បីឲ្យភាពជាភ្នាក់ងាររបស់យើងទទួលបានកម្រៃជើងសារ។

១. តិចនិចនៃការចរចា
តម្រូវការទិញលក់ក្នុងពេលបច្ចុប្បន្ន មានការកើនឡើង ប៉ុន្តែការប្រើប្រាស់ភ្នាក់ងារអចលនទ្រព្យ ហាក់នៅមានកម្រិតនៅឡើយ ដោយសារគេសម្រេចចិត្តចរចា ជាមួយអ្នកលក់ដោយខ្លួនឯង។ ប៉ុន្តែជាធម្មតា ការចរចាតែងភ្ជាប់មួយអារម្មណ៍ ដែលឧបសគ្គយ៉ាងខ្លាំងក្នុងការសម្រេចចិត្ត ឬធ្វើឲ្យអ្នកមិនអាចទទួលបានផ្ទះ ក្នុងតម្លៃដែលអ្នកចង់បាន​។

ចំណែកភ្នាក់ងារអចលនទ្រព្យ ដែលប្រកបដោយវិជ្ជាជីវៈ មានសមត្ថភាពបញ្ចុះបញ្ចូលអ្នកលក់ឲ្យម្ចាស់ផ្ទះព្រមបញ្ចុះតម្លៃ ទៅតាមការចង់បានរបស់អ្នក ។ ដូច្នេះ អ្នកមិនចាំបាច់ចូលនិយាយចរចាដោយផ្ទាល់នោះទេ។

២. ច្បាស់លាស់លើលិខិតស្នាមផ្សេងៗ
ជាទូទៅ លិខិតស្នាមផ្លូវច្បាប់តែងត្រូវបានភ្ជាប់ មកជាមួយនៅពេលដែលអ្នកមានសកម្មភាពសេដ្ឋកិច្ចអ្វីមួយ។ លើសពីនេះទៅទៀត លិខិតស្នាមក្នុងវិស័យអចលនទ្រព្យប្រហែលជាមានលក្ខណៈស្មុគស្មាញច្រើន ប្រសិនបើអ្នកមិនមែនជាអ្នកប្រឡូក ក្នុងវិស័យនោះ។ អ្នកអាចជួបបញ្ហាច្រើន ដូចជាការឆបោកផ្សេងៗ ដែលកំពុងតែកើតមានច្រើននៅក្នុងវិស័យអចលនទ្រព្យសព្វថ្ងៃនេះ។

ប៉ុន្តែភ្នាក់ងារអចលនទ្រព្យ អាចជួយដោះស្រាយបញ្ហានេះបាន ដោយសារតែពួកគេបានទទួលការហ្វឹកហ្វឺនទាក់ទងនឹងផ្នែកនេះ។ គុណសម្បត្តិមួយគឺអាចជួយឲ្យអ្នកជៀ​សវាងបានពីបញ្ហាផ្សេងៗ និងការឆបោកផងដែរ។

៣. ភ្នាក់ងារអចលនទ្រព្យបានចំណេះដឹងច្រើនជាងអ្នក
ដោយសារតែភ្នាក់ងារអចលនទ្រព្យ ប្រឡូកក្នុងវិស័យនេះ និងបានចំណាយពេលវេលាច្រើនជាមួយនឹងអចលនវត្ថុ ពួកគេដឹងច្រើនពីស្ថានភាពផ្សេងៗរបស់ផ្ទះ ដី អចលនទ្រព្យណាមួយ ពាក់ព័ន្ធនឹងទីតាំង ប្រព័ន្ធលូ ច្បាប់ទំលាប់ផ្សេងៗ។

ប្រសិនបើអ្នកទិញដោយខ្លួនឯង អ្នកអាចនឹងមិនដឹងពីព័ត៌មានទាំងអស់នេះ ដែលធ្វើឲ្យប៉ះពាល់ដល់អ្នកនៅពេលដែលអ្នកចូលទៅរស់នៅ។ ការជួលភ្នាក់ងារអចលនទ្រព្យអាចធ្វើឲ្យអ្នកដឹងពីស្ថានភាពទាំងនេះ និងធ្វើឲ្យអ្នកសម្រេចចិត្តបានយ៉ាងត្រឹមត្រូវ។​

៤. ជួយបិទការលក់ដោយជោគជ័យ
ការចុះកិច្ចសន្យាជាផ្លូវការអាចមានដំណើរការយូរ ដែលធ្វើឲ្យអ្នកមានភាពធុនទ្រាន់។ ប៉ុន្តែបើអ្នកមានជំនួយពីភ្នាក់ងារតាមដំណាក់កាលនីមួយៗ អ្នកនឹងមិនស្មុកស្មាញច្រើននោះទេ។

លើសពីនេះ ក្រោយពីអ្នកបានសម្រេចចិត្ត​ទិញផ្ទះនោះហើយ អ្នកក៏នៅតែមានរឿងជាច្រើនទៀតត្រូវគិតគូរ ដូចជា ការបង់ពន្ធ ការផ្ទេរទ្រព្យសម្បត្តិជាដើម។​ ប្រសិនបើអ្នកមិនមានភ្នាក់ងារអចលនទ្រព្យនោះទេ អ្នកប្រហែលជាពិបាកក្នុងតំណាក់កាលន្តិច។ដូច្នេះការមានភ្នាក់ងារចាំជួយយើង រាល់កិច្ចការស្មុគស្មាញទាំងនេះ វាក៏ជួយយើងឲ្យធូស្រាលមួយកម្រិតទៀតដែរ៕

អ្នកជំនាញអះអាងថា ការអភិវឌ្ឍក្នុងវិស័យក្នុងសំណង់និងអចលនទ្រព្យនៅកម្ពុជាចាប់ផ្តើមវិវត្តន៍ល្អប្រសើរ

ដោយៈ ម៉ាណេត

ភ្នំពេញៈ អ្នកជំនាញបានលើកឡើថា ការអភិវឌ្ឍក្នុងវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា បានវិលមករកសភាពធម្មតាឡើងវិញ ដោយផ្នែកខ្លះនៃវិស័យបាន និងកំពុងរើបឡើងវិញលឿនជាងគេ។

ប៉ុន្តែទុនវិនិយោគក្នុងវិស័យនេះ អាចនឹងធ្លាក់ចុះនៅក្នុងឆ្នាំនេះ ដោយសារការអូសបន្លាយពេលនៃវិបត្តិកូវីដ១៩ ដែលធ្វើឱ្យអ្នកអភិវឌ្ឍន៍ និងវិនិយោគិនធំៗពីបរទេសពិបាកធ្វើដំណើរមកវិនិយោគនៅកម្ពុជា។

ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានថ្លែងប្រាប់នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះថា ទោះបីជាស្ថិតនៅពេលវិបត្តិកូវីដ១៩ ដែលបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក រួមមានកម្ពុជាផងដែរ ក៏ការអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យ បានកំពុងដំណើរជាធម្មតា ប៉ុន្តែស្ថិតនៅក្នុងដំណើរមួយយឺតៗ ធៀបនឹងមុនស័យកូវីដ១៩។

លោកបន្តថា “បញ្ហាប្រឈមនៅក្នុងវិបត្តិកូវីដ១៩ បង្កប៉ះពាល់ដល់សេដ្ឋកិច្ចជាតិយើង ក្នុងនោះចំពោះវិស័យអចលនទ្រព្យ ក៏ជាផ្នែកមួយក្នុងការប៉ះពាល់ ដោយសារវិបត្តិជម្ងឺនេះផងដែរ ដែលជាការរាំងស្ទះដល់ការអភិវឌ្ឍន៍វិស័យនេះ និងការបាត់បង់អ្នកវិនិយោគទុន ជាពិសេសអ្នកវិនិយោគទុនបរទេសជាដើម”។

លោកបានបន្តថា ស្ថិតនៅក្នុងដំណាក់កាលនេះ ការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ បានកំពុងដំណើរជាធម្មតា ប៉ុន្តែស្ថិតនៅក្នុងល្បឿនយឺត តែទោះបីជាយ៉ាងចំពោះការអភិវឌ្ឍន៍វិស័យសំណង់រួមមាន គម្រោងសាងសង់លំនៅឋាន កំពុងមានភាពលេចធ្លោ រួមជាមួយការអភិវឌ្ឍន៍ទីក្រុងថ្មីៗ និងផ្នែកគម្រោងខុនដូ ក៏ជាផ្នែកយ៉ាងសំខាន់នៃការអភិវឌ្ឍន៍ ដោយឡែកចំពោះវិស័យដីធ្លីក៏បន្តមានចរន្តជាហូរហែរផងដែរ។

ទាក់ទងទុនវិនិយោគក្នុងវិស័យសំណង់ លោកស្រីអាន សុធីតាអ្នកជំនាញអន្តរជាតិមួយរូប ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាប្រាប់ថា ដោយសារស្ថានភាពការឆ្លងរាលដាលជំងឺកូវីដ១៩នៅកម្ពុជាមិនទាន់មានភាពធូរស្រាល វិនិយោគិនបរទេសក្នុងវិស័យអចលនទ្រព្យមិនទាន់អាចធ្វើដំណើរមកកាន់កម្ពុជាបាន ដូច្នេះទុនវិនិយោគវិស័យសំណង់នៅក្នុងឆ្នាំ២០២១ អាចនឹងធ្លាក់ចុះបន្ថែមទៀតធៀបនឹងឆ្នាំ២០២០។

លោកស្រីបានថ្លែងថា “សូម្បីវិស័យអចលនទ្រព្យ ក៏មិនទាន់មានល្អឡើងវិញដែរក្នុងឆ្នាំនេះ”។ លោកស្រីអះអាងថា “ខ្ញុំគិតឃើញថា ទុនវិនិយោគក្នុងឆ្នាំ២០២១នេះ នឹងបន្តធ្លាក់ចុះទៀត ដោយសារការអូសបន្លាយពេលនៃវិបត្តិកូវីដ១៩ ដែលធ្វើឱ្យអ្នកអភិវឌ្ឍន៍ និងវិនិយោគិនធំៗពីបរទេស មិនអាចធ្វើដំណើរដើម្បីស្វែងរកវិនិយោគនៅកម្ពុជា”៕

ប្រធាន GRA លំនៅឋានតម្លៃសមរម្យនិងខ្ពស់បំផុតនៅកម្ពុជាមិនសូវរងផលប៉ះពាល់វិបត្តិកូវីដ

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ ផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ១៩ ទៅលើវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា ក៏ដូចជា ពិភពលោកពិតជាជៀសមិនផុតមែន ហើយផលប៉ះពាល់ទាំងនេះ ក៏មានស្រាលមានធ្ងន់ ទៅតាមប្រភេទនៃអចលនទ្រព្យ។

លោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកល ( GRA ) លោកមានប្រសាសន៍ថា ផលប៉ះពាល់ទៅលើទីផ្សារលំនៅឋាន និងអ្នកអ្នកទិញលំនៅឋានប្រភេទខុសៗគ្នា នៅកម្ពុជាផងដែរ។

លោកបានបង្ហាញពីទឡ្ហីកមួយចំនួន ចំពោះផលប៉ះពាល់ទៅលើលំនៅឋានតម្លៃផ្សេងៗគ្នា ក្នុងនោះលំនៅឋានតម្លៃក្រោម៥ម៉ឺនដុល្លារអាមេរិក លោកថាមិនមានផលប៉ះពាល់ខ្លាំងនោះទេ ឬស្ទើរតែមិនប៉ះពាល់សោះ ពីព្រោះអ្នកទិញលំនៅឋានប្រភេទនេះ ភាគច្រើនគឺជាអ្នកដែលពឹងផ្អែកលើប្រាក់ខែ ហើយអ្នកទទួលប្រាក់ខែជាប្រចាំខែ នៅក្នុងវិបត្តិកូវីដ១៩នៅតែទទួលបានប្រចាំខែ និងមានមួយចំនួនពិតជាបានកាត់ប្រាក់ខែ ប៉ុន្តែពួកគេនៅតែអាចមានលទ្ធភាព ក្នុងការបង់រំលស់ប្រចាំខែ ទៅកាន់អ្នកអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យក្រោម៥ម៉ឺនដុល្លារបានដដែល។

លោកបន្តថា “អតិថិជនដែលទិញលំនៅឋានប្រភេទនេះ រងផលប៉ះពាល់ប្រមាណត្រឹមតែ១០ទៅ១៥ភាគរយប៉ុណ្ណោះ”។

សម្រាប់លំនៅឋាន ដែលមានតម្លៃចាប់ពី៥ម៉ឺនដុល្លារ ទៅដល់១០ម៉ឺនដុល្លារ ភាគច្រើន នៃអតិថិជនដែលទិញ គឺជាអ្នកដែលមានអាជីវកម្មដោយខ្លួនឯង ដូចជាបើកជាភោជនីយដ្ឋានខ្នាតតូច ហាងកាហ្វេ ជាលក្ខណៈគ្រួសារ។
លោកសំ សុខនឿនបានបន្តថា អតិថិជនប្រភេទនេះ ពិតជារងផលប៉ះពាល់ ពី​ព្រោះចំណូលរបស់គាត់ មិនមែនជាចំណូលថេរដោយពឹងលើអាជីវកម្ម ។

នៅក្នុងវិបត្តិកូវីដ១៩ ជាពិសេសនៅក្នុងពេលកម្ពុជា បិទខ្ទប់តំបន់មួយចំនួន អាជីវកម្មនៅក្នុងតំបន់បិទខ្ទប់ក៏ត្រូវបានផ្អាក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ដែរ។

ផលប៉ះពាល់នៃលំនៅឋានតម្លៃប្រភេទនេះ គឺរងផលប៉ះពាល់ប្រមាណ២០ភាគរយ ព្រោះថាអាជីវកម្មអ្វីៗជៀសមិនផុត ពីផលប៉ះពាល់នោះឡើយ ក្នុងវិបត្តិកូវីដ១៩ ។

លោកសំ សុខនឿនបានបន្តថា សម្រាប់លំនៅឋានតម្លៃចាប់ពី១០ម៉ឺនដុល្លារទៅ២០ម៉ឺនដុល្លារ ក៏មានផលប៉ះពាល់មិនខុសពីលំនៅឋាន ដែលមានតម្លៃចាប់ពី៥ម៉ឺនដុល្លារទៅ១០ម៉ឺនដុល្លារដែរ ដោយសារតែអ្នកទិញលំនៅឋានប្រភេទនេះ ជាអ្នកដែលមានចំណូ​លលើមធ្យម ហើយអ្នកមានចំណុលលើមធ្យម គឺជាអ្នកដែលប្រកបអាជីវកម្ម។

ដូចបានដឹងហើយក្នុងវិបត្តិកូវីដ១៩ អាជីវកម្មភាគច្រើនសុទ្ធតែរងផលប៉ះពាល់ និងបាត់ចំណូលយ៉ាងច្រើន ហើយផលប៉ះពាល់ទីផ្សារលំនៅឋានតម្លៃនេះ គឺមានប្រមាណរហូតដល់២៥ភាគរយឯណោះ។

ដោយឡែកសម្រាប់ទីផ្សារលំនៅឋាន ដែលមានតម្លៃចាប់ពី២០ម៉ឺនដុល្លារ ៥០ម៉ឺនដុល្លារឬដល់រាប់លានដុល្លារ បែរជាមិនសូវរងផលប៉ះពាល់ទៅវិញ ពីព្រោះអតិថិជនដែលទិញលំនៅឋានប្រភេទនេះ គឺជាអ្នកមាន ហើយមានលុយដំកល់ក្នុងធនាគារ ក៏ច្រើនដែរ ហើយនៅពេលដែលគាត់សម្រេចចិត្តថា ទិញគឺគាត់នៅតែទិញមិនរុញរា ដូចអ្នកមានចំណូលទាប ឬមធ្យមឬក៏អ្នកដែលពឹងលើអាជីវកម្មលក្ខណៈគ្រួសារឡើយ ។ លំនៅឋានប្រភេទនេះ មានផលប៉ះពាល់យ៉ាងច្រើនត្រឹម៥ភាគរយតែប៉ុណ្ណោះ ។

ជាការកត់សម្គាល់ នៅក្នុងវិបត្តិកូវីដ១៩នេះ ការអភិវឌ្ឍលំនៅឋាននៅក្នុងប្រទេសកម្ពុជា នៅតែបន្តគម្រោងជាបន្តបន្ទាប់ ជាពិសេសការអភិវឌ្ឍដោយផ្ដោតលើអតិថិជន ក្នុងស្រុក ខណៈអតិថិជនជាជនបរទេស មិនសូវជាមានប៉ុន្មានទេនៅក្នុងបរិបទកូវីដ១៩នេះ ខណៈជនបរទេសនៅតែមិនអាចធ្វើដំណើរចេញចូល បានសេរីដូចកាលមុនវិបត្តិកូវីដ១៩៕

តើអ្នកលក់អចលនទ្រព្យពូកែត្រូវមានគុណសម្បត្តិបែបណាខ្លះ?

ដោយៈគង់ ម៉ាលីន

ភ្នំពេញៈ ការធ្វើជាភ្នាក់ងារលក់អចលនទ្រព្យ មិនលំបាកនោះទេ តែការប្រែក្លាយខ្លួនឯងឲ្យក្លាយជាភ្នាក់ងារ ឬអ្នកពូកែលក់ទើបជារឿងសំខាន់ ហេតុនេះហើយ ទើបអ្នកពូកែលក់ តែងតែទទួលបានជោគជ័យ។

តើលក្ខណៈពិសេសទូទៅ ដែលភ្នាក់ងារអចលនទ្រព្យដ៏ល្អម្នាក់ គួរតែមានគឺជារឿងសំខាន់ណាស់ ដែលគុណសម្បត្តិទាំងនោះមានដូចជា៖

ទី១ សមត្ថភាពដើម្បីបំពេញកិច្ចការ តាមការរំពឹងទុកនៅក្នុងដំណាក់កាលនីមួយៗនៃការលក់ ឬជួល។

ទី២ យល់ពីច្បាប់ដីធ្លីកម្ពុជាច្បាប់ជួល និងការអនុវត្តទូទៅនៅក្នុងដែនកំណត់។ ទី៣ មានអតិថិជនចាស់ណែនាំ និងសរសើរ។

ទី៤ មានចំណេះដឹងច្បាស់លាស់ ទៅលើអចលនទ្រព្យស្រដៀងគ្នាសម្រាប់លក់ ឬជួលនៅក្នុងទីផ្សារ ដែលពាក់ព័ន្ធ (មានសារៈសំខាន់ណាស់ពេលលក់ ឬជួលអចលនទ្រព្យនៅទីក្រុងភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ កំពត ប៉ោយប៉ែត)។

ទី៤ មានភាពស្មោះត្រង់ ទៅលើការសម្រេចគោលដៅរបស់អ្នកក្នុងការលក់ ឬជួលអចលនទ្រព្យ ណាមួយ៕

ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីមួយប្រកាសពង្រីកជើងហោះបែបឯកជនមកកាន់កម្ពុជា

ដោយៈ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុន Yugo ដែលជាវេទិកាអាកាសចរណ៍ឯកជន មានមូលដ្ឋាននៅសិង្ហបុរី ប្រកាសពង្រីកជើងហោះហើរបែបឯកជនមកកាន់ថៃ កម្ពុជា ម៉ាឡេស៊ី និងហ្វីលីពីន ដែលក្រុមហ៊ុនអាកាសចរណ៍ឯកជនសិង្ហបុរីមួយនេះ កំពុងរៀបចំត្រៀមបង្កើនវត្តមានខ្លួនៅនៅអាស៊ី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុននៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។

ជាមួយបង្រីកបណ្តាញផ្លូវឧទ្ធម្ភាគចក្រ និងយន្ដហោះឯកជន (Private Jet) របស់ខ្លួន Yugo ក្លាយជាវេទិកាចល័ត តាមផ្លូវអាកាសដំបូងគេ ដែលភ្ជាប់ទៅតំបន់អាស៊ីអាគ្នេយ៍ ទៅកាន់ទ្វីបអាស៊ីប៉ាស៊ីហ្វិកទាំងមូល។

អតិថិជនអាចស្នើសុំ និងស្វែងរកជើងហោះហើរតាមយន្តហោះ និងឧទ្ធម្ភាគចក្រឯកជនពីបញ្ជីជើងហោះហើរ និងផ្លូវអាកាសជាច្រើន។

បច្ចុប្បន្នក្រុមហ៊ុន កំពុងប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ហើយចំនួនអតិថិជន និងជើងហោះហើររបស់ខ្លួន កំពុងកើនឡើងក្នុងតំបន់ ក្នុងរយៈពេលតិចជាងមួយឆ្នាំ អំឡុងពេលវិបត្តិកូវីដ១៩។

លោក Camille Ngo ប្រធានផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុន Yugo បាននិយាយថា “បេសកកម្មរបស់យើង គឺផ្តល់លទ្ធភាពដល់អតិថិជនរបស់យើង ក្នុងការហោះហើរឯកជនបំផុតទៅគ្រប់ទីកន្លែង គ្រប់ពេល ទាំងតាមឧទ្ធម្ភាគចក្រ ឬយន្ដហោះឯកជន (private jet)”។

លោក Camille បានបន្ថែមថា “យើងមានគោលបំណង ដើម្បីរក្សាវិស័យអាកាសចរណ៍ឱ្យប្រកបដោយនិរន្តរភាព ដោយគិតគូរពីទិដ្ឋភាពបរិស្ថាន និងទំនួលខុសត្រូវសង្គម” ។

ជាមួយគ្នានេះ លោក Jim Baldy នាយកប្រតិបត្តិក្រុមហ៊ុន Yugo បានថ្លែងថា “វិបត្តិកូវីដ១៩ បានផ្លាស់ប្តូរឧស្សាហកម្មទេសចរណ៍ ចាប់តាំងពីឆ្នាំ២០២០។ នេះជាបញ្ហាប្រឈាមខ្លាំងបំផុត សម្រាប់វិស័យអាកាសចរណ៍ ហើយវាបានសាកល្បងជាមួយភាពធន់របស់យើង។ យើងបានកែសម្រួលយុទ្ធសាស្ត្ររបស់យើង ដើម្បីបម្រើអតិថិជនរបស់យើងបានយ៉ាងល្អបំផុត តាមមធ្យោបាយបត់បែន និងសុវត្ថិភាពបំផុត ពីជំងឺកូវីដ១៩”។

លោកបានថ្លែងបន្តថា “ជាមួយនឹងឧបសគ្គទាំងអស់ដែលយើងបានជួប យើងត្រូវរកវិធីដើម្បីកែច្នៃរបៀបថ្មី រក្សាសមិទ្ធផលរបស់យើង និងឆ្ពោះទៅមុខរហូត”៕

លោកឧកញ៉ាលឹម ហេងៈតុលាការពាណិជ្ជកម្មនឹងអាចចាប់ផ្តើមចុងឆ្នាំនេះឬដើមឆ្នាំក្រោយ

ដោយៈគង់ សូរិយា

ភ្នំពេញៈ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងថា តុលាការពាណិជ្ជកម្មកម្ពុជាអាចនឹងត្រូវបង្កើតឡើងនៅចុងឆ្នាំនេះ ឬដើមឆ្នាំ២០២២ខាងមុខនេះ ប្រសិនជាគ្មាន​ការប្រែប្រួលទេនោះ។

ក្នុងភាពជាតំណាងឲ្យអ្នកឧកញ៉ា គិត ម៉េង លោកឧកញ៉ាលឹម ហេងបានដឹកនាំសភាពាណិជ្ជកម្មកម្ពុជា បើកកិច្ចប្រជុំពិភាក្សាស្តីពី តុលាការពាណិជ្ជកម្ម ដែលដឹកនាំដោយលោក ជីវ សុងហាក់ ប្រធានគណៈកម្មការបង្កើតតុលាការពាណិជ្ជកម្ម អ្វីដែលជាចំណុចសំខាន់ និងបានឯកភាពគ្នានោះ គឺបង្កើតតុលាការប្រកបដោយតម្លាភាព យុត្តិធម៌ កាត់ក្ដីអោយបានរហ័ស និងគ្មានអំពើពុករលួយ។

លោកបន្តថា “បើសិនជាគ្មានការប្រែប្រួល និងនិតោវិធីរៀបចំឡើងបានដោយរលូន តុលាការនេះនឹងអាចដាក់អោយដំណើរការនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ”៕

កម្ពុជានិងចិនចុះMOUដើម្បីបណ្តុះបណ្តាលធនធានមនុស្សលើជំនាញសាងសង់ហេដ្ឋរចនាសម្ព័ន្ធធំៗ

ដោយៈ ម៉ាណេត

ភ្នំពេញៈ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និង វិទ្យាស្ថាន Zejiang Institute of Communication នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន បានលចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីជម្រុញការបណ្តុះបណ្តាលធនធានមនុស្ស និងឆ្លើយតបទៅនឹងតម្រូវការការងារតាមគម្រោងការដ្ឋានហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍរបស់ប្រទេសជាតិ។

នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ លោកហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា(MOU) រវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន(TSIPWT) និង វិទ្យាស្ថាន Zejiang Institute of Communication(ZJIC) នៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Video Conference)។

ជាមួយនឹងទំនាក់ទំនង និងភាពជាដៃគូនេះ វិទ្យាស្ថានទាំងពីរ (TSIPWT និង ZJIC) បានឯកភាពគ្នាលើគោលការណ៍ជាច្រើននៃកិច្ចសហប្រតិបត្តិការ ក្នុងការផ្លាស់ប្តូរបទពិសោធន៍លើការអប់រំ ការបណ្តុះបណ្តាល ការផ្លាស់ប្តូរវប្បធម៌ ការអភិវឌ្ឍកម្មវិធីសិក្សា ការផ្លាស់ប្តូរCreditsទៅវិញទៅមក បង្កើតDual Degree Program, Internship Program ការផ្លាស់ប្តូរនិស្សិត សាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវ ការផ្លាស់ប្តូរព័ត៌មាន ទិន្នន័យ បណ្ណាល័យ ការបោះពុម្ព ការបង្កើតសន្និសីទសារព័ត៌មាន និងសិក្ខាសាលា និងការផ្លាស់ប្តូរធនធាន ផ្សេងៗទៀតជាដើម។
តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះលោកហឿន សំនៀងសង្ឃឹមយ៉ាងមុតមាំថា វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងកាន់តែមានឱកាសបន្ថែមទៀត ក្នុងការផ្ដល់ចំណេះដឹងទាំងផ្នែកបច្ចេកទេស និងទ្រឹស្តីដល់និស្សិតរបស់យើង ដើម្បីប្រែក្លាយខ្លួនជាអ្នកមានជំនាញច្បាស់លាស់ បទពិសោធន៍ និងមានគុណធម៌ សីលធម៌ ដែលអាចដឹកនាំ និងអភិវឌ្ឍនៅក្នុងសង្គមបាននាពេលអនាគត។

វិទ្យាស្ថាន ក៏នឹងផ្ដល់នូវចំណេះដឹងយ៉ាងទូលំទូលាយដល់និស្សិត និងប្ដេជ្ញាចិត្តខិតខំប្រឹងប្រែង ដើម្បីយកនិស្សិតឆ្នើម និងសាស្ត្រាចារ្យល្អៗ ទៅដកស្រង់បទពិសោធន៍ជាក់ស្តែងនៅតាមការដ្ឋានក្នុងស្រុក ក៏ដូចជាបណ្តាប្រទេសនានាដូចជា៖ ប្រទេសចិន ជប៉ុន កូរ៉េ ដែលជាដៃគូសហការរបស់ក្រសួងផងដែរ។

ទន្ទឹមនឹងនេះ វិទ្យាស្ថានតេជោសែន សាធាណការ និងដឹកជញ្ជូន គ្រោងពង្រីកទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍន៍នានាដទៃទៀត ទាំងក្នុង និងក្រៅប្រទេស ទាំងបណ្តាក្រុមហ៊ុនវិស័យឯកជន និងអង្គភាពស្ថាប័នរដ្ឋ សំដៅជម្រុញដល់ការរួមគ្នាអភិវឌ្ឍ និងបណ្តុះបណ្តាលធនធានមនុស្ស ឆ្លើយតបទៅនឹងតម្រូវការការងារតាមគម្រោងការដ្ឋានហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍរបស់ប្រទេសជាតិផងដែរ។

ក្រោមការចង្អុលបង្ហាញប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ វិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន បានកំពុងខិតខំបណ្តុះបណ្តាលដល់និស្សិតទាំងអស់ ឱ្យក្លាយខ្លួន ជាវិស្វករកម្ពុជា នាថ្ងៃអនាគតយ៉ាងពិតប្រាកដ មានជំនាញច្បាស់លាស់ ដើម្បីបន្តយកទៅអភិវឌ្ឍខ្លួន សេដ្ឋកិច្ច សង្គម និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត។

ចាប់តាំងពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ រហូតមក និស្សិតចំនួន ១៩១នាក់ បានចាប់ផ្តើមចូលរៀនថ្នាក់សិក្សាឆ្នាំមូលដ្ឋានរបស់ខ្លួន ជាមួយនឹងការបង្រៀនផ្ទាល់ពីបន្ទប់រៀន នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន តាមរយៈប្រព័ន្ធអនឡាញ ដើម្បីជៀសផុតពីការរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈការផ្ទុះឡើងនៃជំងឺនេះ កំពុងស្ថិតក្រោមការគ្រប់គ្រងតាមដាននៅឡើយ។

ចុងក្រោយថ្នាក់ដឹកនាំនៃភាគីទាំងពីរ បានអញ្ជើញសមភាគីទៅវិញទៅមក ឱ្យធ្វើទស្សនកិច្ចជាផ្លូវការ នាថ្ងៃខាងមុខឆាប់ៗនេះ ក្រោយពីស្ថានភាពកូវីដ-១៩ បានធូរស្រាល ដើម្បីពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហ ប្រតិបត្តិការឱ្យកាន់តែទូលាយ និងស៊ីជម្រៅថែមទៀត។

វិទ្យាស្ថាន Zejiang Institute of Communication(ZJIC) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៥៨ នៃសាកលវិទ្យាល័យ Zejiang University និងបានបណ្តុះបណ្តាលសិស្សនិស្សិតលើជំនាញបច្ចេកទេសសរុបជាង៤០ជំនាញ ក្នុងដេប៉ាតឺម៉ង់ចំនួន៩ រួមមាន៖ ដេប៉ាតឺម៉ង់ផ្លូវថ្នល់និងស្ពាន ដេប៉ាតឺម៉ង់ផ្លូវទឹក ដេប៉ាតឺម៉ង់គ្រប់គ្រងដឹកជញ្ជូន ដេប៉ាតឺម៉ង់ដឹកជញ្ជូនឆ្លាតវៃ និងដេប៉ាតឺម៉ង់Rail Transit ។ល៕

ក្រុមហ៊ុនអចលនទ្រព្យធំបំផុតទី២របស់ចិនEvergrandeលក់ភាគហ៊ុនបុត្រសម្ព័ន្ធ៥៧០លានដុល្លារអាមេរិកដើម្បីដោះទាល់

ដោយៈ សុខុម

ប៉េកាំង: យោងតាមឯកសារផ្លូវការបង្ហាញថា ក្រុមហ៊ុន Evergrande Group បានលក់ភាគហ៊ុនក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធអ៊ីនធឺណិតរបស់ខ្លួនក្នុងតម្លៃ៥៧០លានដុល្លារអាមេរិក ដើម្បីដោះទាល់វិបត្តិហិរញ្ញវត្ថុរបស់ខ្លួន។

សារព័ត៌មាន The Business Times បានចុះផ្សាយកាលពីថ្ងៃអង្គារ ទី២២ ខែមិថុនាកន្លងមកនេះថា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតទី២ នៅប្រទេសចិន មួយនេះបានលក់ភាគហ៊ុនចំនួន៧៣៨,៨លានហ៊ុនក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ HengTen Networks Group ដែលចុះបញ្ជីនៅក្រុងហុងកុង ដោយក្នុងមួយភាគហ៊ុនលក់ក្នុងតម្លៃ៦ដុល្លារហុងកុង (០,៧៧ដុល្លារអាមេរិក) កាលពីថ្ងៃអាទិត្យ ទី២០ ខែមិថុនា។

ឯកសារដាច់ដោយឡែកមួយបានបង្ហាញថា លោក Ke Liming ដែលជាម្ចាស់ផលិតកម្មភាពយន្ត Pumpkin Films បានទិញយកភាគហ៊ុនទាំងនេះ។ ផលិតកម្មភាពយន្ត Pumpkin Films ត្រូវបានក្រុមហ៊ុន HengTen ទិញយកកាលពីខែតុលា។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមទាំងសារព័ត៌មាន Oriental Daily ផងសុទ្ធតែបានចុះផ្សាយអំពីដំណឹងនេះនៅមុននេះ។

ក្រុមហ៊ុន Evergrande បានជ្រើសយកវិធីលក់ចេញទ្រព្យសកម្មរបស់ខ្លួនដើម្បីដោះទាល់ ខណៈខ្លួនព្យាយាមបំពេញឱ្យបានតាមលក្ខខណ្ឌតម្រូវ “ខ្សែបន្ទាត់ក្រហមទាំង៣” (Three Red Line) ដែលទប់អនុបាតបំណុលរបស់ក្រុមហ៊ុនអភិវឌ្ឍន៍។ កាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលជំពាក់បំណុលច្រើនបំផុតរបស់ប្រទេសចិន មួយនេះបានប្រកាសថា ខ្លួននឹងលក់ភាគហ៊ុនក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ Evergrande។

លោក Hui Ka Yan ស្ថាបនិកក្រុមហ៊ុន Evergrande បានបញ្ចុះបញ្ចូលមិត្តភក្ដិដែលមានលុយមហាសាល និងអ្នកគាំទ្រក្នុងសកម្មភាពកៀរគរមូលនិធិបន្ថែមដើម្បីទប់វិបត្តិសន្ទនីយភាព (Liquidity)។ សន្ទនីយភាព៖ កម្រិតដែលទ្រព្យសកម្ម ឬសញ្ញាប័ណ្ណអាចត្រូវបានទិញ ឬលក់នៅក្នុងទីផ្សារដោយពុំមានការប៉ះពាល់ដល់តម្លៃទ្រព្យសកម្មនោះ។ ទ្រព្យសកម្មដែលមានភាពងាយស្រួលក្នុងការទិញ និងលក់ អាចចាត់ទុកជាទ្រព្យសកម្មដែលមានសន្ទនីយភាព។ សន្ទនីយភាពឆ្លុះបញ្ចាំងពីសមត្ថភាពក្នុងការបំប្លែងទ្រព្យសកម្មមួយឱ្យទៅជាសាច់ប្រាក់។

យោងតាមឯកសារបង្ហាញថា ចំនួនភាគហ៊ុនរបស់លោក Ke Liming ក្នុងក្រុមហ៊ុន HengTen នឹងកើនឡើង៣២,៣៦%ដល់ប្រហែល៤០,៤% បន្ទាប់ពីការជួញដូរនេះ។

សារព័ត៌មាន Bloomberg បានចុះផ្សាយកាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះថា នៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ ធនាគារចិន ធំៗមួយចំនួនបានសម្រេចមិនបន្តផ្ដល់ឥណទាន ឬប្រាក់កម្ចីទៀតឡើយសម្រាប់ក្រុមហ៊ុនណាដែលដល់ពេលកំណត់ត្រូវសងបំណុលក្នុងឆ្នាំនេះ។

ក្រុមអ្នកវិភាគមកពី Bloomberg Intelligence ដែលដឹកនាំដោយលោក Daniel Fan បានលើកឡើងថា ក្រុមហ៊ុន Evergrande ប្រហែលជាត្រូវលក់ចេញទ្រព្យសកម្មបន្ថែមទៀតដើម្បីកៀរគរមូលនិធិបន្ថែម។ លោក Daniel Fan ថ្លែងថា ទ្រព្យសកម្មសំខាន់ៗផ្សេងទៀតរបស់ក្រុមហ៊ុន Evergrande ដែលអាចលក់ចេញជាលុយរួមមានអចលនទ្រព្យប្រភេទទេសចរណ៍ អាជីវកម្មរថយន្តអគ្គិសនី សេវាកម្មអចលនទ្រព្យ និង Platform លក់តាមអនឡាញ Fangchebao ផងដែរ។ លោកបានបន្ថែមថា ទ្រព្យសកម្មទាំងនោះអាចមានតម្លៃ១០៨ពាន់លានដុល្លារអាមេរិក។

ភាគហ៊ុនរបស់ក្រុមហ៊ុន HengTen បានធ្លាក់ចុះ៩%នៅក្រុងហុងកុង កាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះ ដោយធ្លាក់ចុះ៦៣%បើធៀបនឹងកម្រិតខ្ពស់មិនធ្លាប់មានរបស់ខ្លួនកាលពីខែកុម្ភៈ ដើមឆ្នាំនេះ។ ភាគហ៊ុនរបស់ក្រុមហ៊ុន Evergrande បានហក់ឡើង០,៧%ជិតដល់១០,៩ដុល្លារហុងកុង (១,៤០ដុល្លារអាមេរិក) ក្នុងមួយភាគហ៊ុន៕