ជប៉ុនសម្រេចផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតលើលោកRCEPដែលមានកម្ពុជាចូលរួមផងដែរ

ដោយៈ ប៊ី

ភ្នំពេញៈ ជប៉ុនបានសម្រេចជាស្ថាពរលើនីតីវិធីផ្តល់សច្ចាប័ន លើកិច្ចព្រមព្រៀងពាណិជ្ជកម្មធំបំផុតលើលោក (RCEP) ដែលរួមមានទាំងចិន និងអាស៊ាន នៅក្នុងនោះក៏មានកម្ពុជាផងដែរនៅថ្ងៃសុក្រនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Kyodo News នៅល្ងាចថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០២១។

ជប៉ុន គឺជាប្រទេសទី៣ ដែលបានបញ្ចប់នីតីវិធីផ្តល់សច្ចាប័នកិច្ចព្រមព្រៀងRCEPនេះ។ វានឹងជាកិច្ចព្រមព្រៀងពាណិជ្ជកម្មលើកដំបូងរបស់ជប៉ុន ដែលពាក់ព័ន្ធជាមួយចិនផង និងកូរ៉េខាងត្បូងផង ខណៈមួយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ខ្លួន និងមួយទៀតជាដៃគូពាណិជ្ជកម្មធំលំដាប់ទី ៣។

លោក Hiroshi Kajiyama រដ្ឋមន្រ្តីសេដ្ឋកិច្ច-ពាណិជ្ជកម្មជប៉ុន បានថ្លែងយ៉ាងដូច្នេះថា “កិច្ចព្រមព្រៀងនេះ នឹងពង្រឹងចំណងទាក់ទងរវាងជប៉ុន និងតំបន់អាស៉ី-ប៉ាស៉ីហ្វិក ដែលជាមជ្ឈមណ្ឌលនៃកំណើនសេដ្ឋកិច្ចរបស់ពិភពលោក ហើយវាក៏នឹងចូលរួមចំណែកយ៉ាងវិជ្ជមាន ចំពោះកំណើនសេដ្ឋកិច្ចជប៉ុន នៅពេលចូលជាធរមានផងដែរ”។

កិច្ចព្រមព្រៀង RCEP ត្រូវបានចុះហត្ថលេខាកាលពីខែវិច្ឆិកា ឆ្នាំ២០២០ ដោយប្រទេសចំនួន ១៥ ក្នុងនោះរួមមានអាស៊ាន ចិន ជប៉ុន អូស្រ្តាលី នូវែលសេឡង់ និងកូរ៉េខាងត្បូង។ វានឹងចូលជាធរមាននៅរយៈពេល៦០ថ្ងៃ ក្រោយទទួលបានការផ្តល់សច្ចាប័នពីសំណាក់ សមាជិកអាស៊ានយ៉ាងហោច ០៦ និងប្រទេសហត្ថលេខី ៣ទៀត។ សម្រាប់ប្រទេសសិង្ហបុរី និងចិន បានបញ្ចប់នីតិវិធីផ្តល់សច្ចាប័នរៀងៗខ្លួនរួចរាល់ហើយ គឺមុនជប៉ុនទៅទៀត៕

ការអភិវឌ្ឍលំនៅឋាននៅកម្ពុជានៅតែដំណើរការធម្មតាទោះបីជាមានបញ្ហាខាងទីផ្សារ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ បើទោះបីជាទីផ្សារលំនៅឋានត្រូវបានមើលឃើញថាមានផលប៉ះពាល់ពី វិបត្តិកូវីដ១៩យ៉ាងណាក្ដី ក៏ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាននៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ នៅតែបន្តការអភិវឌ្ឍគម្រោងរបស់ខ្លួនដដែល ដោយមិនមានការផ្អាក ឬបញ្ឈប់អ្វីនោះឡើយ។

អ្នកជំនាញផ្ដល់ជាទស្សនៈថា ការអភិវឌ្ឍលំនៅឋានគួរតែផ្ដោតលើតម្រូវការទីផ្សារជាក់ស្ដែង ហើយលើកឡើងថា ទោះបីជាទីផ្សារមានបញ្ហាមែន តែសម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋាន ដែលមានទុនស្រាប់ នៅតែបន្តដោយមិនបង្អង់នោះឡើយ ជាពិសេសលំនៅឋានតម្លៃសមរម្យនៅតាមជាយៗរាជធានីភ្នំពេញ គេឃើញថានៅតែបន្តការអភិវឌ្ឍបន្តបន្ទាប់ដដែល។

លោកឌឹត ចណ្ណាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យឡាក់គី បានឱ្យដឹងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ថា រហូតមកដល់ពេលនេះ យើងឃើញថាការអភិវឌ្ឍលំនៅឋាន នៅតែបន្តអភិវឌ្ឍន៍ដដែល បើទោះបីជាកម្ពុជាបានជួបនឹងវិបត្តិដោយសារតែកូវីដ១៩យ៉ាងណាក្ដី។

លោកបានថ្លែងបន្តថា “តម្រូវការលំនៅឋាន អាចនឹងកើនឡើងវិញ នៅពេលចប់វិបត្តិកូវីដ១៩ ដូច្នេះការអភិវឌ្ឍនៅពេលនេះ នឹងជួយជំរុញទីផ្សារនៅពេលអនាគត”។

លោកបានបន្តថា នៅពេលចប់វិបត្តិកូវីដ១៩ តម្រូវការលំនៅឋានអាចនឹងហក់ឡើងខ្ពស់ជាងនៅពេលកូវីដ១៩ទៅទៀត ព្រោះអ្នករៀបការថ្មីៗ បែកចេញពីគ្រួសារក៏កាន់តែច្រើន ហើយអ្នកដែលចង់ទិញផ្ទះនៅមុន និងពេលផ្ទុះកូវីដក៏មានច្រើន ហើយក៏ត្រូវផ្អាក ដូច្នេះពេលចប់កូវីដ១៩កាលណាពួកគេនឹងស្វែងរកលំនៅឋានដើម្បី ស្នាក់នៅកាន់តែច្រើន។

លោកសំ សុខនឿនប្រធានសមាគមអ្នកចលនទ្រព្យសកល ក៏បានលើកឡើងថា ទីផ្សារលំនៅឋាននៅក្នុងប្រទេសកម្ពុជាមានផលប៉ះពាល់ខុសៗគ្នា ក្នុងនោះលំនៅឋានតម្លៃក្រោម៥ម៉ឺនដុល្លារមានផលប៉ះពាល់ពី១០ទៅ១៥ភាគរយនៃទីផ្សារ លំនៅឋានចាប់ពី៥ម៉ឺនដុល្លារទៅ១០ម៉ឺនដុល្លារមានផលប៉ះពាល់ប្រមា២០ភាគរយ លំនៅឋានតម្លៃចាប់ពី១០ម៉ឺនទៅ២០ម៉ឺនដុល្លារមានផលប៉ះពាល់នៃទីផ្សារប្រមាណ២៥ភាគរយ ហើយជាប្រភេទលំនៅឋានដែលមានផលប៉ះពាល់ខ្លាំងជាងគេផងដែរ។

លោកបានថ្លែងបន្តថា ដោយឡែកសម្រាប់លំនៅឋានដែលមានតម្លៃខ្ពស់ចាប់ពី២០ម៉ឺនដុល្លារទៅ៥០ម៉ឺន ឬរាប់លានដុល្លារអាមេរិក មិនសូវប៉ះពាល់ទេ ព្រោះ អ្នកដែលទិញលំនៅឋានប្រភេទនេះជាក្រុមអ្នកមានលុយស្រាប់ ហើយទោះបីជាមានផលប៉ះពាល់កូវីដ១៩ក្ដី ក៏មិនធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូលនិងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់គេដែរ។ បើគេមានតម្រូវការទិញហើយគឺយ៉ាងណាក៏ត្រូវតែទិញដែរ៕

ទីក្រុងសៀមរាបទទួលពានរង្វាន់ទេសចរណ៍ប្រណិតលេខ១លំដាប់ពិភពឆ្នាំ២០២១ពីTripadvisor

ដោយៈ ម៉ាណេត និងគៀតឈូ

សៀមរាបៈ ទោះបីវិបត្តិកូវីដ១៩ បង្កផលប៉ះពាល់វិស័យទេសចរណ៍ខ្លាំងក៏ដោយ ប៉ុន្តែក្រុមការងាររបស់ Tripadvisor នៅតែបន្តតាមដាន និងសិក្សាតំបន់ទេសចរណ៍ និងផ្តល់ពានរង្វាន់ដល់តំបន់ដែលប្រជាប្រិយភាព សម្រាប់ការធ្វើដំណើរកម្សាន្ត ជាក់ស្តែង ទីក្រុងសៀមរាប បានឈ្នះពានរង្វាន់ទេសចរណ៍ប្រណិតលេខ១ ក្នុងឆ្នាំ២០២១។

ទីក្រុងសៀមរាប បានឈ្នះពានរង្វាន់ទេសចរណ៍ប្រណិតលេខ១ លំដាប់ពិភពលោករបស់ Tripadvisor ឆ្នាំ២០២១ [2021 Travellers’ Choice® “Best of the Best” Things to Do Awards] សម្រាប់ដំណើរកម្សាន្តរយៈពេល៣ថ្ងៃ លើទឹកដីអង្គរ ទឹកជ្រោះ ភូមិបណ្តែតទឹក និងប្រាសាទបន្ទាយស្រី។ នេះយោងតាមគេហទំព័រ TTR WEEKLY នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។

គេទំព័រ Tripadvisor បានប្រកាសពីអ្នកឈ្នះរង្វាន់នេះ កាលពីថ្ងៃពុធ សម្រាប់ពាន Travellers’ Choice® “Best of the Best” ឆ្នាំ២០២១។ ដើមឡើយ គេហៅថាពានរង្វាន់ Choice Awards for Experiences បន្ទាប់មកបានប្តូរទៅពានរង្វាន់ Things to Do Awards ដែលទទួលស្គាល់រាល់សកម្មភាពល្អបំផុត លើប្រភេទដំណើរកម្សាន្តជាច្រើន។

បញ្ជីដំណើរកម្សាន្តនេះ រាប់បញ្ចូលទាំងសកម្មភាពផ្តោតលើធម្មជាតិនិងការឡើងភ្នំ រហូតដំណើរកម្សាន្តលើទឹក និងសោធន៍ដំណើរកម្សាន្តជាច្រើនទៀត ដែលឆ្លុះបញ្ចាំងពីសកម្មភាពដែលគួរឱ្យចាប់អារម្មណ៍ ចាប់តាំងពីជំងឺរាតត្បាត។

Tripadvisor ធ្វើបញ្ជីលើសកម្មភាពកម្សាន្ត ក្នុងណោះមានសកម្មភាពជិត៤០០.០០០ ដែលអាចធ្វើការកម្សាន្តបាន។

លោកស្រី អ្នកគ្រប់គ្រងទូទៅរបស់ Tripadvisor បានថ្លែងថា “នៅពេលដែលខ្ញុំគិតអំពីអ្វីដែលធ្វើឱ្យដំណើរកម្សាន្ត មិនអាចបំភ្លេចបាន វាជាសកម្មភាពកម្សាន្ត ដែលមិនគួរឱ្យខកខាន និងប្លែក ដូចជាជិះទូកពេលថ្ងៃលិចជាមួយក្រុមគ្រួសារ ដំណើរកម្សាន្តដោយការជិះកង់ជាមួយមគ្គុទេ្ទសក៍ទេសចរណ៍ដែលគួរឱ្យចង់ស្តាប់ និងមានចំណេះដឹងបំផុត។

កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១ គេហទំព័រទេសចរណ៍ដ៏ល្បីល្បាញ TripAdvisor បានចេញបញ្ជីឈ្មោះគោលដៅទេសចរណ៍ប្រជាប្រិយបំផុតប្រចាំឆ្នាំ២០២១ (Popular Destinations-World)។ សៀមរាបស្ថិតក្នុងគោលដៅឈានមុខគេចំនួន២៥ ដែលជាជម្រើសរបស់អ្នកទេសចរ (Travelers’ Choice Best of the Best)។

យោងតាម TripAdvisor បានឱ្យដឹងថា អង្គរវត្ត ប្រាសាទបាយ័ន សារមន្ទីរមីន រមណីដ្ឋាន ទីតាំង និងសកម្មភាព ជាង២០០០ទៀត សុទ្ធតែជាចំណែកទាក់ទាញទេសចរឲ្យទៅកាន់ខេត្តសៀមរាប ជាពិសេសនៅពេលដែលស្ថានភាពវិលទៅប្រក្រតីវិញ ក្រោយវិបត្តិកូវីដ-១៩៕

វ៉ាក់សាំងស៊ីណូវ៉ាក់១លានដូសទៀតនឹងមកដល់កម្ពុជានៅស្អែកនេះ

ដោយៈ ប៊ី

ភ្នំពេញៈ ស្អែកនេះទី២៦ ខែមិថុនា ឆ្នាំ២០២១ វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន១លានដូសទៀត នឹងដឹកពីចិន មកដល់ប្រទេសកម្ពុជា។ នេះបើយោងតាមការលើកឡើងរបស់លោកស្រីយក់ សម្បត្តិរដ្ឋលេខាធិការក្រសួងសុខាភិបាលនៅថ្ងៃទី២៦ ខែមិថុនា។

កម្ពុជា ក្នុងខែមិថុនា ឆ្នាំ២០២១នេះ ទទួលបានវ៉ាក់សាំងពីចិនរហូតដល់ទៅ៣លានដូស បូករួមទាំងវ៉ាក់សាំង២លានដូស ដែលនឹងមកដល់នៅក្នុងសប្តាហ៍នេះ។

លោកស្រីយក់ សម្បត្តិក៏បានឱ្យដឹងថា នៅខែកក្កដាខាងមុខ វ៉ាក់សាំងប្រមាណ៣លានដូសទៀត ក៏នឹងត្រូវដឹកពីប្រទេសចិន មកកាន់កម្ពុជាផងដែរ។

វ៉ាក់សាំងបានក្លាយទៅជាវិធានការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងជួយការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺឆ្លងសាកលមួយនេះ។ វត្តមានវ៉ាក់សាំងជាបន្តបន្ទាប់នេះ នឹងជួយឱ្យកម្ពុជាសម្រេចផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋប្រមាណ ១៣លាននាក់ ឱ្យបានលឿន និងទៅតាមការគ្រោងទុក។

គិតត្រឹមថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ កម្ពុជាទទួលបានវ៉ាក់សាំងសរុបជាង ៩លានដូសរួចហើយ។ តាមរយៈវត្តមានវ៉ាក់សាំងទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងពន្លឿនលើការងារចាក់វ៉ាក់សាំងវ៉ាក់សាំងផងដែរ។

ក្រៅតែពីរាជធានីភ្នំពេញ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងពង្រីកការចាក់វ៉ាក់សាំងទៅកាន់ខេត្តកណ្តាល ព្រះសីហនុ កោះកុង កំពង់ស្ពឺ និងតាកែវផងដែរ។

គិតពីថ្ងៃទី១០ ខែកុម្ភៈ ដល់ត្រឹមថ្ងៃទី២៤ ខែមិថុនា កម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជាង ៣.៧លាននាក់ហើយ៕

រដ្ឋាភិបាលគ្រោងចំណាយ១៦០លានដុល្លារសម្រាប់គម្រោងសាច់ប្រាក់ពលកម្មនៅកម្ពុជា

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ រាជរដ្ឋាភិបាលក៏គ្រោងនឹងចំណាយ១៦០លានដុល្លារអាមេរិកបន្ថែមទៀត សម្រាប់គម្រោងសាច់ប្រាក់ពលកម្មសម្រាប់ទ្រទ្រង់ដល់សេដ្ឋកិច្ចពីវិបត្តិកូវីដ១នៅឆ្នាំ២០២១នេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្នុងជំនួបជាមួយលោកស្រី Victoria Kwakwaអនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក តាមប្រព័ន្ធអនឡាញ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ លោកអូន ព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា ដើម្បីរក្សាលំនឹងសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន កម្ពុជាបានបង្កើនថវិកាចំណាយពីលើច្បាប់ហិរញ្ញវត្ថុ។

លោកបានបន្តថា ជាក់ស្ដែងរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការអន្តរាគមន៍ជាច្រើនជុំ ហើយវិធានការជុំទី៩ ស្ដីពីការស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុង និងក្រោយពីវិបត្តិកូវីដ១៩ ក៏នឹងដាក់ចេញបន្ថែមទៀតនៅក្នុងពេលខាងមុខនេះ។

លោកបន្តថា កញ្ចប់អន្តរាគមន៍ជាក់ស្ដែងទាំងនោះ រួមមាន ១. ចំណាយលើការទប់ស្កាត់ និងព្យាបាលជំងឺកូវីដ១៩តាមរយៈក្រសួងសុខាភិបាល ២. ចំណាយលើការបណ្ដុះបណ្ដាលជំនាញ និងឧបត្ថម្ភកម្មករពេលព្យួរកិច្ចសន្យាការងារ តាមរយៈក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជមានជីវៈ ៣. គម្រោងសាច់ប្រាក់ពលកម្មចំនួន១០០លានដុល្លារ នៅឆ្នាំ២០២០ និង១៦០លានដុល្លាអាមេរិកនៅឆ្នាំ ២០២១នេះ ៤. កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រ-១ ក្រ-២ និងជនងាយរងគ្រោះ ៥ ចំណាយផ្នែកសន្តិសុខស្បៀង និងការជំរុញចលនាផលិតស្បៀងនិងចំណាយផ្សេងៗ និង៦ ចំណាយអន្តរាគមន៍ផ្នែកសេដ្ឋកិច្ចជួយដល់សហគ្រាសធុនតូច និងមធ្យមតាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងធនាគារសហគ្រាសធុនតូច និងមធ្យម និងក្រុមហ៊ុនសាជីវកម្មធានាឥណទាននៅកម្ពុជា។

លោកស្រី Victoria Kwakwaអនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក បានបញ្ជាក់ពីជំហរគាំទ្រយ៉ាងពេញទំហឹង របស់ធនាគារពិភពលោក ក្នុងការរួមចំណែកគាំទ្ររាជរដ្ឋាភិបាល ក្នុងការអនុវត្តផែនការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ១៩នេះ ដោយសន្យាពិនិត្យឡើងវិញ និងកែសម្រួលឯកសារក្របខ័ណ្ឌនៃភាពជាដៃគូរវាងរាជរដ្ឋាភិបាល ជាមួយធនាគារពិភពលោកឱ្យឆ្លើយតបទៅនឹងបរិកាណ៍បច្ចុប្បន្ននៃជំងឺកូវីដ១៩ និងស្របតាមផែនការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ១៩ឆ្នាំ២០២១-២០២៣របស់រាជរដ្ឋាភិបាល។

វិបត្តិកូវីដដ១៩ បានធ្វើឱ្យការចំណាយរបស់រដ្ឋាភិបាលកើនឡើងជាងឆ្នាំមុនជាក់ស្ដែងកាលពីឆ្នាំ២០២០កន្លងទៅ រដ្ឋាភិបាលចំណាយបន្ថែម១០០លានដុល្លារសម្រាប់គម្រោងសាច់ប្រាក់ពលកម្មសម្រាប់ទ្រទ្រង់ដល់សេដ្ឋកិច្ចពីវិបត្តិកូវីដ១៩៕

អ្នកជំនាញៈ រៀងរាល់៥ឆ្នាំម្តង រាជធានីភ្នំពេញត្រូវការពង្រីកខ្លួនបន្ថែមដើម្បីឆ្លើយតបនឹងកំណើនសេដ្ឋកិច្ចនិងប្រជាសាស្ត្រ

ដោយៈ ម៉ាណេត

ភ្នំពេញៈ អ្នកជំនាញអះអាងថា កំណើនសេដ្ឋកិច្ច និងកំណើនប្រជាសាស្ត្រ នឹងទាមទារឱ្យមានការពង្រីកទំហំទីរាជធានីភ្នំពេញកាន់ធំបន្ថែមទៀត ខណៈទីក្រុងភ្នំពេញគឺជាបណ្តុំនៃសេដ្ឋកិច្ច ហើយជាចំណុចកណ្តាលមួយ ដែលទាក់ទាញការវិនិយោគ និងការធ្វើពាណិជ្ជកម្មខ្លាំងជាងគេនៅកម្ពុជា។

លោកយិន លាងគង់ទីប្រឹក្សាសមាគមអ្នកអភិវឌ្ឍនដីឡូតិ៍កម្ពុជា បានថ្លែងប្រាប់នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះថា កំណើននៃការរីកចម្រើនទីក្រុង ការកើនឡើងកត្តាប្រជាសាស្ត្រ និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធធំៗរបស់រដ្ឋាភិបាល បាននិងកំពុងធ្វើឱ្យរាជធានីភ្នំពេញ កាន់តែពង្រីកខ្លួនកាន់តែធំ។

លោកបានថ្លែងថា ដើម្បីជំរុញគោលនយោបាយបង្ខិតទីក្រុង និងតំបន់ជនបទ កាន់តែខិតជិតគ្នា ទើបរៀងរាល់៥ឆ្នាំម្តង រាជរដ្ឋាភិបាលតែងតែពិនិត្យមើលឡើងវិញនូវផែនការពង្រីកទីក្រុង ដើម្បីជំរុញការរីកចម្រើននៅតាមតំបន់ជនបទ ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ក៏ដូចធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានប្រសើរឡើង។

លោកបានឱ្យដឹងទៀតថា ការរីកចម្រើននៃរាជធានីភ្នំពេញក្នុងរយៈពេល២០ឆ្នាំចុងក្រោយ បានធ្វើឱ្យទីក្រុងនេះលេចមុខមាត់ ហើយត្រូវបានទទួលស្គាល់នៅលើឆាកអន្តរជាតិ។

លោកបានបន្តថា ប្រទេសកម្ពុជាបានក្លាយជាប្រទេសមួយស្ថិតក្នុងក្រសែរភ្នែករបស់អ្នកវិនិយោគអន្តរជាតិ និងប្រៀបដូចកូនក្រមុំមួយ ដែលមានសម្រស់ដ៏ស្រស់ស្អាត ប៉ុន្តែការមានសម្រស់ដ៏ស្រស់ ឬមានសក្តានុពល ក៏ត្រូវមានការផ្សារភ្ជាប់ទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ ព្រោះប្រសិនបើគោលនយោបាយរបស់រាជរដ្ឋាភិបាលមិនមានការបើកចំហរ មិនមានភាពបត់បែន និងមិនមានការផ្តល់បរិយាកាសវិនិយោគកាន់តែប្រសើរទេ ក៏មិនអាចទាក់ទាញការវិនិយោគបានរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗផងដែរ។

លោកបានថ្លែងដូច្នេះថា “លំហូរទុនវិនិយោគពីបរទេស ឬFDI នេះហើយនេះ ដែលធ្វើឱ្យរាជធានីភ្នំពេញកាន់រីកធំ កាន់តែមានសក្តានុពល និងកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះការពង្រីកទីក្រុងបន្ថែមទៀតជាទិសដៅត្រឹមត្រូវមួយរបស់រាជរដ្ឋាភិបាល”។

លោកសាស្ត្រាចារ្យទួស សាភឿនអគ្គលេខាធិការរងនៃគណៈស្ថាបត្យករកម្ពុជាធ្លាប់ថ្លែងប្រាប់ថា ភ្នំពេញគឺជាបណ្តុំនៃសេដ្ឋកិច្ច ហើយជាចំណុចកណ្តាលមួយ ដែលមានការវិនិយោគ ការរស់នៅ និងការធ្វើពាណិជ្ជកម្មច្រើន ដូច្នេះតម្រូវការទីផ្សារខ្ពស់។

លោកបានថ្លែងថា “យើងគិតថា ទីក្រុងភ្នំពេញមានទំហំធំ ប៉ុន្តែសម្រាប់ខ្ញុំគិតថា វាមិនធំនោះទេ។ ពីមួយថ្ងៃទៅមួយថ្ងៃ ឥទ្ធិពលនៃទីក្រុងភ្នំពេញ បានរីកសាយទៅតំបន់ជិតខាង ដែលនឹងធ្វើឱ្យទីក្រុងភ្នំពេញ ត្រូវការពង្រីកខ្លួនបន្ថែម ដើម្បីឆ្លើយតបនឹងតម្រូវការទាំងអស់ទាំងនេះ”។ លោកលើកបែបនេះ សំដៅកាន់តម្រូវការទីផ្សារ កំណើនប្រជាជន និងកំណើនសេដ្ឋកិច្ច។

លោកបានថ្លែងទៀតថា ក្នុងរយៈពេលចុងក្រោយនេះ ការសាងសង់អាគារខ្ពស់ៗ បានកើតឡើងច្រើន ហើយទោះបីជាមានវិបត្តិកូវីដ១៩ សាងសង់អាគារខ្ពស់ៗ នៅតែកើតឡើង ប៉ុន្តែមិនច្រើន ដូចមុនសម័យកូវីដនោះទេ។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិតហុង វណ្ណៈធ្លាប់បានលើកឡើងដែរថា សម្រាប់ផែនការនៃការបង្កើតខណ្ឌថ្មី បានផ្តល់ផលប្រយោជន៍សំខាន់ៗជាច្រើន ដែលក្នុងនោះរួមមានការពង្រីករដ្ឋបាលសាធារណៈ វិស័យសេដ្ឋកិច្ចនៅក្នុងតំបន់ ក៏ដូចជាវិស័យទេសចរណ៍ផងដែរ។

លោកបានបន្តទៀតថា “តំបន់ដែលស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលនេះ ជាតំបន់ដែលមានសក្ដានុពលខ្លាំង ដែលអាចបម្រើនូវផលប្រយោជន៍ជាច្រើន”។ លោកបន្តថា “ក្រោយពេលមានស្ពានឆ្លងកាត់ ខណ្ឌថ្មីនេះនឹងមានសកម្មភាពលើវិស័យផ្សេងៗជាច្រើន ជាពិសេសបម្រើដល់វិស័យដឹកជញ្ជូនទាំងផ្លូវគោក និងផ្លូវទឹកផងដែរ”។

លោកបន្តទៀតថា នៅពេលមានការអភិវឌ្ឍ នឹងទាក់ទាញមនុស្សឱ្យចូលទៅរស់នៅកាន់តែច្រើន ដែលអាចនឹងអភិវឌ្ឍន៍ទៅជាទីក្រុងរណបថ្មីមួយទៀត ស្របទៅនឹងគោលដៅរបស់រដ្ឋាភិបាល៕

រដ្ឋមន្ត្រីការបរទេសចិន: គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវនៅតែបោះជំហានឆ្ពោះទៅមុខដោយភាពរឹងមាំទោះស្ថិតក្នុងវិបត្តិកូវីដ-១៩

ដោយៈ សុខុម

ប៉េកាំង: រដ្ឋមន្ត្រីការបរទេសចិន បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១នេះថា កិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសក្នុងគម្រោង “គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ” (Belt and Road Initiative) នៅតែបោះជំហានឆ្ពោះទៅមុខដោយភាពរឹងមាំ និងភាពធន់ទ្រាំ ទោះស្ថិតក្នុងវិបត្តិកូវីដ-១៩ ក្ដី។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន TASS ឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាង យី (Wang Yi) បានថ្លែងបែបនេះក្នុងសន្និសីទតាម Video Conference ស្ដីពីកិច្ចសហប្រតិបត្តិការដែលជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ្វិក នេះ។

ក្រសួងការបរទេសចិន បានដកស្រង់សម្តីលោក វ៉ាង យី ដូច្នេះថា “កាលពីឆ្នាំមុន ចំពេលផ្ទុះឡើងភ្លាមៗនូវវិបត្តិកូវីដ-១៩ កិច្ចសហប្រតិបត្តិការក្នុងគម្រោង ‘គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ’ មិនត្រឹមតែមិនជាប់គាំងទេ ប៉ុន្តែថែមទាំងឈ្មុសឈ្មុលឆ្លងផុតព្យុះភ្លៀងនេះទៀតផង ដែលបង្ហាញពីភាពធន់ទ្រាំ និងភាពស្វាហាប់”។

មន្ត្រីការទូតកំពូលរបស់មហាយក្សចិន រូបនេះបានគូសបញ្ជាក់ថា បណ្ដាប្រទេសជាសមាជិកដែលចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ បានជួយសម្របសម្រួលកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងវិបត្តិកូវីដ-១៩។ លើសពីនេះទៀត សន្និសីទអន្តរជាតិរាប់សិបត្រូវបានរៀបចំឡើងដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកទាក់ទិននឹងការជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

លោកវ៉ាង យីក៏បានធ្វើការកត់សម្គាល់ផងដែរថា ទោះបីប្រឈមនឹងស្ថានភាពឆ្លងរាលដាលវីរុសកូវីដ-១៩ ក្នុងឆ្នាំ២០២០ យ៉ាងណាក្ដី ក៏ពាណិជ្ជកម្មរវាងប្រទេសចិន និងបណ្តាប្រទេសជាសមាជិកដែលចូលរួមក្នុងកម្រោង “គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ” បានឈានដល់កម្រិតខ្ពស់មិនធ្លាប់មានក្នុងទំហំ១,៣៥ទ្រីលានដុល្លារ ដែលរួមចំណែកជួយឱ្យសេដ្ឋកិច្ចមានស្ថិរភាព និងការពារសុខុមាលភាពរបស់ប្រជាជន។

“គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ” ត្រូវបានប្រធានាធិបតីចិន លោក ស៊ី ជីនភីង ដាក់ចេញក្នុងឆ្នាំ២០១៣ ដើម្បីបង្កើនគម្រោងពាណិជ្ជកម្ម និងវិនិយោគអន្តរជាតិពហុភាគីដែលមានការចូលរួមពីប្រទេសជាច្រើនតាមដែលអាចធ្វើទៅបាន និងប្រើប្រាស់មូលនិធិវិនិយោគចិន និងបរទេស។ គិតមកទល់ពេលនេះ មានប្រទេស និងស្ថាប័នអន្តរជាតិជាង១៥០ហើយដែលបានចូលរួមក្នុងគម្រោងយក្សនេះ។

ទំហំពាណិជ្ជកម្មសរុបរបស់ប្រទេសចិន ជាមួយបណ្តាប្រទេសដែលចូលរួមក្នុងគម្រោង “គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ” បានកើនលើសពី៩,២ទ្រីលានដុល្លារ ហើយក្នុងរយៈពេល៨ឆ្នាំចុងក្រោយនេះ៕

វិនិយោគិន២រូបបោះទុនរួមគ្នាលើគំរោងសាងសង់ផ្ទះវីឡាលំហែរនិងគំរោងដីឡូតិ៍លំនៅដ្ឋានទំហំ១០ហិកតាលើផ្លូវជាតិលេខ៣

ដោយៈ គង់ សូរិយា

ភ្នំពេញៈ វិនិយោគិនវ័យក្មេងក្នុងស្រុក២រូប ដោយទទួលបានជោគជ័យជាមួយគម្រោងវិនិយោគជាបន្តបន្ទាប់ និងមានការមានគាំទ្រ បានសម្រេចចិត្តចាប់ផ្តើមបោះទុនបន្ថែមលើគំរោងថ្មីមួយ ដើម្បីសាងសង់ផ្ទះវីឡា និងគំរោងដីឡូតិ៍លំនៅដ្ឋានទំហំ១០ហិកតា ស្ថិតនៅតំបន់ផ្លូវជាតិលេខ៣ ខណៈតំបន់នេះកំពុងបង្ហាញសក្តានុពលទាក់ទាញការវិនិយោគ ដោយសារកំណើនប្រជាពលរដ្ឋ។

អគ្គនាយកក្រុមហ៊ុនShow Up Real Estate លោកអ៊ិន ណាងបានមានប្រសាសន៍ឲ្យដឹងកាលពីថ្មីៗនេះថា លោក និងក្រុមការងារដៃគូ បានសម្រេចវិនិយោគគំរោងអភិវឌ្ឍន៍ដីឡូតិ៍លំនៅដ្ឋាន Show Up Land និង គម្រោងផ្ទះវិឡាទោលទំនើប The Show Up Villa ផ្លូវជាតិលេខ៣ ដោយមើលឃើញនិន្នាការរីកចម្រើននៅតំបន់នេះ ពិសេសភាពប្រសើរឡើង នូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់នេះ ក៏ដូចជាទូទាំងប្រទេស។

លោកបានបន្តថា ការបើកលក់លំនៅដ្ឋានបែបវីឡាទំនើបនេះ ក្រុមហ៊ុនមានផ្តល់ជូននូវPromotion ពិសេសចាប់ពីពេលបុកគ្រឹះនេះ សម្រាប់គម្រោងផ្ទះវីឡាទោល លក់ជូនក្នុងតម្លៃត្រឹមតែជាង៤៩០០០ដុល្លារ និងបញ្ចុះតម្លៃជូន៥០០០អាមេរិក សំរាប់ការបង់ផ្តាច់។

ជាមួយគ្នានេះ ក្រុមហ៊ុនក៏ផ្តល់ជូននូវPromotion ពិសេសសម្រាប់ការបើកលក់ដីឡូតិ៍លំនៅដ្ឋានប្លុកថ្មី បញ្ចុះតម្លៃ 1500$/ឡូតិ៍ភ្លាមសម្រាប់ការបង់ផ្តាច់។ ដីឡូតិ៍ដែលបាននឹងកំពុងលក់ និងទទួលបានការគាំទ្រពីអតិថិជនមានទំហំចាប់ពី ៥គុណនឹង២០ម៉ែត្រទំហំ៧គុណនឹង២០ម៉ែត្រ និងទំហំ៨គុណនឹង២០ម៉ែត្រ។ ក្នុងគំរោងនេះ មានផ្លួវបេតុងទំហំ៩ម៉ែត្រ បង្គោលភ្លើងខ្នាតធំស្តង់ដា មានបំពាក់សឡាបំភ្លឺតាំងពីដើមផ្លូវរហូតដល់ចុងផ្លូវ និងមាន ប្រព័ន្ធទឹក ភ្លើង មួយកំប្លេរ។

អ្វីពិសេសសម្រាប់អតិថិជន គឺទីតាំង មានភាពអំណោយផលដល់ការរស់នៅ ការវិនិយោគធ្វើអាជីវកម្ម តំបន់ស្ថិតនៅជុំវិញគម្រោងនេះ មានបន្ទប់ជួល ដោយសារមានបណ្តុំរោងចក្រ សហគ្រាស សាលារៀន មណ្ឌលសុខភាព មជ្ឈមណ្ឌលពាណិជ្ជកម្ម និងសេវាកម្មបំរើឲ្យការរស់នៅជាច្រើនទៀតដូចជា រមណីយដ្ឋាន ភោជនីយដ្ឋានជាដើម។ គំរោងនេះមានទីតាំងនៅក្បែរផ្លូវក្រវ៉ាត់ក្រុងទី៤ និងមានចម្ងាយ៧០០ម៉ែត្រប៉ុណ្ណោះពីផ្សារដើមរកាផ្លូវជាតិលេខ៣។

លោកអ៊ិន ណាងបានមានប្រសាសន៍ឲ្យដឹងទៀតថា ដោយសារនិន្នាការរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពស៊ីវិល័យ និងប្រកបដោយផាសុកភាព ក្រុមហ៊ុនShow Up Real Estateបាននិងកំពុងសាងសង់វីឡាទំនើប ដែលគិតគូរទាំងគុណភាព សោភ័ណភាពសំណង់ និងហេដ្ឋារចនាសម្ព័ន្ឋធំទូលាយផងដែរ។

លោកបានថ្លែងថា “ការជ្រើសរើសលំនៅដ្ឋានសម្រាប់ការរស់នៅ ឲ្យមានផាសុកភាព និងសុខដុមរមនា ជាអ្វីដែលក្រុមហ៊ុនបានផ្តោត និងផ្តល់ជូនអតិថិជន”។

លោកបន្តថា ហេតុនេះទើបយើងសម្រេចជ្រើសរើស និងគិតគូជាចម្បងដល់សហគមន៍របស់យើង តាមរយៈការសាងសង់ផ្ទះលើទំហំដី១០ គុណនឹង២០ម៉ែត្រ ទំហំផ្ទះ៧ គុណនឹង១១ម៉ែត្រ ហើយទីធ្លាមុខផ្ទះសល់ទំហំ៧ម៉ែត្រ ដោយមានបន្ទប់គេង២ និងបន្ទប់ទឹកចំនួន៣ បន្ទប់ទទួលភ្ញៀវ១ និងផ្ទះបាយ១ និងចំណតរថយន្ត១។ លើសពីនេះ ក្រុមហ៊ុនក៏ផ្តល់ជូននូវសម្ភារៈផ្ទះបាយមួយកំភ្លេ ផ្តល់ជូនប្លង់ស្របច្បាប់១០០ភាគរយ។

អ្វីកាន់តែពិសេសសំរាប់អតិថិជន ដែលទិញផ្ទះវីឡា និងដីឡូតិ៍អំឡុងពេលនេះ នឹងទទួលបានសន្លឹកឆ្នោត សម្រាប់ចាប់យករង្វាន់ Toyota Prius មួយគ្រឿង ទូរទឹកកក 3 គ្រឿង និង Iphone 12 Pro Max 2 គ្រឿង និង រង្វាន់ផ្សេងៗជាច្រើនទៀត។

លោកព្រំ សុធាក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនShow Up Real Estateបានមានប្រសាសន៍ថា ទីតាំងមានសារៈសំខាន់ណាស់ ហេតុនេះទើបក្រុមហ៊ុនសម្រេចបោះទុនវិនិយោគលើគំរោងនេះ ដែលមានទាំងដីឡូតិ៍ និងវីឡាទំនើប ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជន ពិសេសការកើនឡើងនូវតម្រូវការលំនៅដ្ឋាន ដោយសារជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។

លោកបន្តថា “ទីតាំងនេះ ជាតំបន់ដែលមានសេវាកម្មគ្រប់បែបយ៉ាង សំរាប់បំរើឲ្យការរស់នៅ ហើយអ្នកវិនិយោគនៅក្នុងគំរោងនេះ នឹងមានភាពចំណេញខ្ពស់នាពេលអនាគត ព្រោះតំបន់នេះនឹងក្លាយជាទីក្រុងថ្មីមួយ ដោយសារកំណើនប្រជាពលរដ្ឋ កំណើនការធ្វើដំណើរ កំណើននៃការវិនិយោគនៅក្នុងតំបន់នេះ ពីវិនិយោគិនជាតិ និងអន្តរជាតិ”៕
ទំនាក់ទំនងព័ត៌មានបន្ថែមផ្នែកលក់(Smart) 010 784 177 (Cellcard) 012 555 265 ។

កំណើនសេដ្ឋកិច្ចអាមេរិកហក់ឡើងក្នុងអត្រា៦,៤%ខណៈ២០២១ជាឆ្នាំល្អបំផុតសម្រាប់សេដ្ឋកិច្ចអាមេរិក

ដោយៈ គៀតឈូ

វ៉ាស៊ីនតោនៈ សេដ្ឋកិច្ចសហរដ្ឋអាមេរិកកើនឡើងក្នុងអត្រា៦,៤%ក្នុងរយៈពេល៣ខែដំបូង ឆ្នាំនេះ ដែលធ្វើឱ្យអ្នកសេដ្ឋកិច្ចជឿថា វាអាចជាឆ្នាំមួយល្អប្រសើរបំផុតសម្រាប់សេដ្ឋកិច្ចអាមេរិកក្នុងរយៈពេលប្រហែល៧ទសវត្សរ៍ចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១។

ក្រសួងពាណិជ្ជកម្មបានឱ្យដឹងកាលពីថ្ងៃទី២៤ ខែមិថុនានេះថា កំណើននៃផលិតផលក្នុងស្រុកសរុប ទំនិញ និងសេវាកម្មមិនមានការផ្លាស់ប្តូរ ពីការប៉ាន់ស្មានចំនួនពីរ លើកមុន ដែលជាការកើនឡើង ពី៤,៣%នៃត្រីមាសទី៤ ឆ្នាំមុន។

សេដ្ឋវិទូជឿជាក់ថា កំណើនសេដ្ឋកិច្ចបានបន្តបង្កើនល្បឿននៅក្នុងត្រីមាសបច្ចុប្បន្ន ដែលបញ្ចប់នៅខែនេះខណៈការចាក់វ៉ាក់សាំងកាន់តែទូលំទូលាយ ហើយជនជាតិអាមេរិក ដែលចង់ចេញទៅខាងក្រៅ ត្រូវបានស្វាគមន៍ដោយអាជីវកម្ម ដែលត្រូវបានអនុញ្ញាតឱ្យបើកឡើងវិញ។ ការកើនឡើងនូវសកម្មភាពពីអ្នកប្រើប្រាស់កំពុងត្រូវបានជម្រុញមួយផ្នែក ដោយកញ្ចប់ថវិកា៣ទ្រីលានដុល្លារក្នុងការគាំទ្រផ្នែកហិរញ្ញវត្ថុ ដែលរដ្ឋាភិបាលបានអនុម័តចាប់តាំងពីខែធ្នូ កន្លងទៅនេះ។

ទិន្នន័យសេដ្ឋកិច្ចបានបន្ថែមថា ការចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ក៏បានចង្អុលបង្ហាញពីប្រជាជាតិមួយដែលកើនឡើងយ៉ាងលឿន បន្ទាប់ពីត្រូវបានវាយប្រហារដោយជំងឺរាតត្បាតកូវីដ១៩។

លោកLydia Boussourអ្នកសេដ្ឋកិច្ចអាមេរិកផ្នែកសេដ្ឋកិច្ចOxford បានមានប្រសាសន៍ថា “រដូវក្តៅនេះនឹងមានស្ថានភាពល្អសម្រាប់សេដ្ឋកិច្ចអាមេរិក។ នៅពេលដែលស្ថានភាពសុខភាពបន្តប្រសើរឡើង អតិថិជនមានប្រាក់សន្សំច្រើន នឹងផ្តល់ការជំរុញលើសេវាកម្ម និងបង្កើនលើការចំណាយបន្ថែម”។

លោកBoussour បានព្យាករថា កំណើនGDPនៅត្រីមាស ខែមេសា-មិថុនា នឹងកើនឡើងដល់អត្រាប្រចាំឆ្នាំ ១២% ហើយកំណើនសម្រាប់ពេញមួយឆ្នាំនឹងកើនឡើងដល់៧,៥%។ នោះគឺជាការដំណើរការសេដ្ឋកិច្ចប្រចាំឆ្នាំល្អបំផុត ចាប់តាំងពីឆ្នាំ១៩៥១។

សូម្បីតែអ្នកសេដ្ឋកិច្ច ដែលេធ្លាប់ព្យាករពីកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២១ក្នុងអត្រាពី៦ភាគរយ ទៅ៧ភាគរយជឿថា កំណើននៅឆ្នាំនេះនឹងកើនឡើងដល់៧,២% គិតចាប់ពីឆ្នាំ១៩៨៤ នៅពេលសហរដ្ឋអាមេរិកកំពុងងើបឡើងពីវិបត្តិសេដ្ឋកិច្ច៕

រដ្ឋបាលខេត្តព្រះសីហនុអះអាងថាបានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍វិនិយោគិនជាតិនិងអន្តរជាតិ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ទោះបីជាកម្ពុជាជាប់ដៃប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ក្ដី តែកម្ពុជាក៏មិនភ្លេចក្នុងការអភិវឌ្ឍប្រទេសរបស់ខ្លួនដែរ និងបានត្រៀមខ្លួនក្នុងការទទួលស្វាគមន៍វិនិយោគិន នៅពេលចប់វិបត្តិកូវីដ១៩ខាងមុខនេះ ជាក់ស្តែង ខេត្តព្រះសីហនុក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលស្វាគមន៍វិនិយោគិនជាតិ និងអន្តរជាតិ។

លោកឃាង ភារម្យអ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានថ្លែងប្រាប់នៅថ្ងៃ២៤ ខែមិថុនា ឆ្នាំ២០២១នេះថា ទោះបីជាស្ថានភាពកូវីដ១៩ នៅតែបង្កជាបញ្ហាដល់ខេត្តសម្រាប់ដោះស្រាយក្ដី តែយើងក៏មិនភ្លេចពីការអភិវឌ្ឍខេត្ត ដើម្បីស្វាគមន៍ដល់វិនិយោគិនជាតិ និងអន្តរជាតិមកបណ្ដាក់ទុនរកស៊ី នៅពេលចប់វិបត្តិកូវីដ១៩នោះទេ។

លោកបានថ្លែងបន្តថា ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅក្នុងខេត្ត គឺជាកត្តាទាក់ទាញមួយដល់វិនិយោគិនជាតិ និងអន្តរជាតិ សម្រាប់មកបណ្ដាក់ទុននៅពេលខាងមុខឆាប់នេះ ខណៈហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីរាជធានីក៏កំពុងតែស្ថាបនាយ៉ាងមមាញឹក ដើម្បីសម្រួលដល់បណ្ដាអ្នកវិនិយោគ ដែលមានបំណងមកកាន់ខេត្តព្រះសីហនុ។

លោកបានបន្តថា “ក្នុងខេត្តព្រះសីហនុ យើងមានផ្លូវជាច្រើនខ្សែខ្វាត់ខ្វែង ដែលជាការទាក់ទាញទេសចរជាតិនិងអន្តរជាតិ ចូលមកកាន់ខេត្តព្រះសីហនុ ខណៈនៅខេត្តនេះក៏មានព្រលានយន្តហោះអន្តរជាតិអាចតភ្ជាប់ជើងហោះហើរពីក្រុងព្រះសីហនុទៅកាន់គោលដៅប្រទេសជាច្រើនទៀតលើពិភពលោក។ ទាំងនេះ សុទ្ធសឹងតែអ្វីដែលយើងបានត្រៀមចំពោះការទទួលស្វាគមន៍វិនិយោគិនចូលមកបណ្ដាក់ទុន”។

លោកបន្ថែមថា អ្វីដែលសំខាន់នោះ ខេត្តព្រះសីហនុក៏បាននិងកំពុងជំរុញការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ជូនប្រជាពលរដ្ឋឱ្យបានកាន់តែច្រើន និងអាចឱ្យអាជីវកម្មនិងសកម្មភាពសេដ្ឋកិច្ចនៅក្នុងខេត្តនេះវិលទៅរកប្រក្រតីភាពឡើងវិញនៅពេលខាងមុខឆាប់នេះ។

លោកបានបន្តថា ទោះបីជាយើងបានចាក់វ៉ាក់សាំងជូនពលរដ្ឋនៅក្នុងខេត្តព្រះសីហនុរួចហើយក្ដី ក៏យើងត្រូវតែអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាលក៏ដូចជាប្រមុខរាជរដ្ឋាភិបាលគឺ៣កុំ ៣ការពារ ដើម្បីទប់ស្កាត់ការឆ្លងរីករាលនៃជំងឺនេះនៅក្នុងខេត្តក៏ដូចជាក្នុងប្រទេសកម្ពុជា។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា ក៏បានឱ្យដឹងថាទោះបីជាកូវីដ១៩មិនទាន់បញ្ចប់មែនក្ដី តែយើងក៏ត្រូវតែត្រៀមខ្លួនឱ្យរួចរាល់ ដើម្បីស្វាគមន៍វិនិយោគិនបរទេសដែលនឹងត្រលប់មកកម្ពុជាវិញនៅពេលឆាប់ៗខាងមុខនេះ។

លោកបានថ្លែងបន្តថា ការត្រៀមខ្លួនមិនមែនទាល់តែវិបត្តិចប់នោះទេ គឺត្រូវត្រៀមចាប់ពីពេលនេះឱ្យរួចរាល់។ អ្វីដែលយើងត្រូវត្រៀមនោះ គឺធនធានមនុស្សទៅតាមវិស័យនីមួយៗនិងភាពស្របច្បាប់នៃការរកស៊ីនៅក្នុងប្រទេសកម្ពុជា៕