អាជ្ញាធរក្រុងប៉េកាំងចាត់វិធានការណ៍បញ្ឈប់លើករណីលែងលះក្លែងក្លាយ ដើម្បីអាចទិញផ្ទះបន្ថែមទៀត

0

ដោយ សុជាតា

ប៉េកាំងៈ បើយោងតាមការចេញផ្សាយ South china morning post បានបង្ហាញអោយដឹងថា នាពេលបច្ចុប្បន្ននេះ ក្រុមគ្រួសារដែលបានលែងលះគ្នា ហើយមិនអាចទិញអចលនទ្រព្យបន្ថែមទៀតសម្រាប់រយៈពេលបីឆ្នាំ។

អាជ្ញាធរក្រុងប៉េកាំង ប្រទេសចិន បានចាប់ផ្តើមអនុវត្តន៍វិធានការថ្មីមួយ ដើម្បីគ្រប់គ្រងសកម្មភាពកំពុងពុះកញ្ជ្រោលខ្លាំង ក្នុងទីផ្សារអចលនទ្រព្យក្នុងក្រុងប៉េកាំង ដែលបង្កឡើងដោយការទិញទុករង់ចាំឡើងថ្លៃ ហើយកត្តានេះបានជះឥទ្ធិពលដល់ អ្នកដែលត្រូវការលំនៅឋានសម្រាប់រស់នៅពិតប្រាកដ ។

មុនពេលមិនទាន់មានវិធានការនេះ អាជ្ញាធរក្រុងប៉េកាំងបានបញ្ជាក់ថា គូស្វាមី ភរិ​យា អាចមានសិទ្ធិទិញផ្ទះមិនលើសពីពីរល្វែង។ ការកំណត់ចំនួនបែបនេះ បានធ្វើឱ្យគូស្វាមីភរិយា ដែលមានជីវភាពធូរធារ ប្រើមធ្យោយលែងលះគ្នាក្លែងក្លាយ ដើម្បីអាចទិញលំនៅឋានបន្ថែមទៀត ដើម្បីទុកលក់យកចំណេញ។

ដោយសារសកម្មភាពបែបនេះកើនឡើងជាច្រើនករណី ឬទោះបីមានការលែងលះគ្នាពិតប្រាកដក៏ដោយ អាជ្ញាធរក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុនបានចាប់ផ្តើមអនុវត្តន៍វិធានការថ្មីមួយ ដោយដាក់កំហិតមិនអនុញ្ញាត ឱ្យទិញលំនៅឋានថ្មីផ្សេងទៀតក្នុងរយៈពេលបីឆ្នាំ បន្ទាប់ពីប្រកាសលែងលះគ្នា ទោះក្នុងរូបភាពក្លែងក្លាយ ឬពិប្រាកដក៏ដោយ។

លោក Yan Yuejin អគ្គនាយកវិទ្យាស្ថានអភិវឌ្ឍន៍ និងស្រាវជ្រាវប្រទេសចិន បានបញ្ជាក់ថា វិធានការថ្មីនេះ នឹងធ្វើឡើងបន្តបន្ទាប់ទៀតនៅទីក្រុងសៀងហៃ និងស៊ិនជិនដែលមានតម្លៃអចលនទ្រព្យខ្ពស់។ វិធានការរបស់រដ្ឋាភិបាលកណ្តាលនេះ ដើម្បីទប់ស្កាត់បញ្ហាលំបាករបស់អ្នកតាំងទីលំនៅថ្មី និងប្រជាជនវ័យក្មេងផងដែរ។

ទិន្ន័យពីវិទ្យាស្ថាន E-house China Research and Development បានបង្ហាញថា តម្លៃផ្ទះក្នុងប្រទេសចិនមានតម្លៃជាមធ្យម១៦០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ គិតត្រឹមខែមិថុនា ឆ្នាំ២០២១។ ហើយតម្លៃលំនៅឋាន នៅតាមក្រុងធំៗមួយចំនួននៅប្រទេសចិនបន្តកើនឡើង ដែលជាក់ស្តែងតម្លៃលំនៅឋាននៅក្រុងប៉េកាំង មានកំណើនជាង៣ភាគរយក្នុងឆមាសទី១ឆ្នាំនេះធៀបនឹងឆ្នាំមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here