តើកត្តាអ្វីខ្លះបានជាវិនិយោគិនដីធ្លីបោះទុនច្រើននៅតាមជាយក្រុងជាជាងក្នុងក្រុង?

ដោយៈ សហការី

ភ្នំពេញៈ អ្នកជំនាញបានឱ្យដឹងថា ការប្រតិបត្តិការលើកវិនិយោគលើវិស័យដីធ្លីនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង និងជាយក្រុងកំពុងមានសន្ទុះរីកចំរើនច្រើន ជាងនៅក្នុងក្រុង ខណៈដីធ្លីនៅក្នុងក្រុងស្ថិតនៅក្នុងតម្លៃខ្ពស់។

អ្នកជំនាញអចលនទ្រព្យលំដាប់អន្តរជាតិ លោកស្រីអាន សុធិតា បានប្រាប់គេហទំព័រ propertyarea.asia កាលពីពេលថ្មីៗនេះថា ការធ្វើប្រតិបត្តិការ និងការវិនិយោគដីធ្លីនៅតាមជាយក្រុង ជាពិសេសនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ ហាក់មានសន្ទុះរីកចម្រើនខ្លាំងជាងនៅក្នុងទីក្រុងភ្នំពេញ។

លោកស្រីបន្តថា “មានកត្តាជាច្រើន ដែលធ្វើឱ្យការធ្វើប្រតិបត្តិការវិនិយោគលើវិស័យដីធ្លីនៅតាមជាយក្រុង និង នៅតាមផ្លូវក្រវ៉ាត់ក្រុងមានការកើនឡើង ដោយសារតែតម្លៃដីនៅក្នុងទីក្រុងមានការកើនឡើងខ្ពស់ និងមានតម្រូវការកើនឡើងជាបន្តបន្ទាប់កក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ”។

ជាមួយគ្នានេះ លោក ស៊ា ឆៃលីន អគ្គនាយកក្រុមហ៊ុន Chailin Sear Realty Co., Ltd បានឯកភាពជាមួយលោកស្រីអាន សុធីតាដែរថា នាពេលបច្ចុប្បន្ននេះសន្ទុះ នៃការប្រតិបត្តិការទិញលក់អចលនវត្ថុនៅតាមជាយក្រុង គឺមានសន្ទុះរីកចំរើនខ្លាំងជាង នៅក្នុងទីក្រុងភ្នំពេញ ជាពិសេសដីធលីនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង។

លោកពន្យល់ថា “មូលហេតុដែលធ្វើឱ្យដីធ្លី នៅតាមជាយក្រុងមានសន្ទុះរីកចំរើនខ្លាំងជាពិសេសផ្លូវក្រវ៉ាត់ក្រុងទី៣ គឺដោយសារមានហេដ្ឋារចនាសម្ព័ន្ធល្អ តម្លៃដីធ្លីស្ថិតនៅក្នុងតធូថ្លៃជានៅក្នុងក្រុង និងជាពិសេសគឺហេដ្ឋារចនាសម្ព័ន្ធថ្មី ដែលរដ្ឋាភិបាលបាននឹងកំពុងអនុវត្ត ដោយមិនមែនស្ថិតនៅក្នុងគម្រោង”។

លោកបន្តថា “មូលហេតុដែលការទិញលក់ដីធ្លី នៅក្នុងក្រុងធ្លាក់ចុះ ដោយសារតែតម្លៃដីខ្ពស់ អ្នកដែលចង់ទិញហើយខ្វះទីផ្សារ ក្នុងការវិនិយោគ ដូចជាការសាងសង់អគារខ្ពស់ៗ និងមនុស្សមួយចំនួនសម្រុកទិញផ្ទះក្នុងបុរី ជាដើម”។

ទោះជាយ៉ាងណា លោក ហៃ រ៉ាវី នាយកក្រុមហ៊ុន Daily Realty Group បានឱ្យដឹងថា សន្ទុះនៃការវិនិយោគដីធ្លីនៅក្នុងទីក្រុងភ្នំពេញ ហាក់មានសន្ទុះរីកចំរើនខ្លាំ​ង ជាងនៅតាមជាយក្រុង ដោយសារតែនៅទីក្រុងភ្នំពេញមានការតម្រូវការច្រើន ដូចជាសាងសង់ខុនដូ អគារពាណិជ្ជកម្ម និងអគារការិយាល័យជាដើម។

លោកបន្តថា “ដីធ្លីនៅតាមតំបន់ឆ្ងាយៗពីជាយក្រុង ហាក់មិនសូវមានសន្ទុះ ដោយសារតែវានៅឆ្ងាយ ពិបាកធ្វើដំណើរមកធ្វើការនៅក្នុងក្រុង និងមិនសូវមានតម្រូវការ”៕

តើមូលដ្ឋានគ្រឹះនៃការគិតថ្លៃសេវានិងកម្រៃជើងសាទិញអចលនទ្រព្យត្រូវកំណត់យ៉ាងដូចម្តេច?

ដោយ៖ ម៉ាណេត

ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញផ្សាយសេចក្តីប្រកាសច្បាប់ស្តីពី ថ្លៃសេវា និងកម្រៃជើងសាវិជ្ជាជីវៈ សម្រាប់ការផ្តល់សេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុដល់ក្រុមហ៊ុនអចលនទ្រព្យនានា នៅក្នុងប្រទេសកម្ពុជាទូទាំងគ្រប់ខេត្តក្រុង។

យោងតាមឧបសម្ព័ន្ធនៃការប្រកាសលេខ៧៦១.សហវ.ប្រក ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ រូបមន្តនៃការគណនា និងមូលដ្ឋាននៃការកំណត់ថ្លៃសេវា និងកម្រៃជើងសាវិជ្ជាជីវៈ សម្រាប់ការបំពេញសេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ ដែលត្រូវទិញលក់ ត្រូវបានកំណត់ដូចជាៈ

សម្រាប់ក្រុមហ៊ុនវាយតម្លៃ

តម្លៃអចលនទ្រព្យដូចជាដីធ្លីនិងផ្ទះសម្បែងដែលទិញ ឬលក់ មានតម្លៃស្មើនឹង៖
– ១០០,០០០ ដុល្លារ ឬក្រោមនេះ ត្រូវកំណត់ថ្លៃសេវាវិជ្ជាជីវៈ០,១៧០% ឬអប្បបរិមាស្មើនឹង១៧០ដុល្លា។
– ១,០០០,០០១ – ៥,០០០,០០០ដុល្លារ ត្រូវកំណត់ថ្លៃសេវាវិជ្ជាជីវៈ០,០៥0%។
– ៥,០០០,០០១ – ១០,០០០,០០០ដុល្លារ ត្រូវកំណត់ថ្លៃសេវាវិជ្ជាជីវៈ០,០៣០%។
– លើសពី ១០,០០០,០០០ដុល្លារ ត្រូវកំណត់ថ្លៃសេវាវិជ្ជាជីវៈ០,០២៥%។

សម្រាប់ក្រុមហ៊ុនភ្នាក់ងារអចលទ្រព្យ និងក្រុមហ៊ុនគ្រប់គ្រងអចលនវត្ថុ

១. ការទិញ និងលក់ អចលនវត្ថុ ដូចជាដីធ្លីនិងផ្ទះសម្បែង
ចំពោះការទិញ និងលក់ទាំងអស់ត្រូវបានកំណត់ថ្លៃសេវាវិជ្ជាជីវៈ អប្បបរិមា៣% ក្នុងរយៈពេលដែលមិនកំណត់។

២. ការជួលអចលនវត្ថុ
– ការជួលអចលនវត្ថុ ដែលមានរយៈពេលក្រោម១ឆ្នាំ កម្រៃសេវាវិជ្ជាជីវៈអាចកំណត់ទៅបានតាមកិច្ចព្រមព្រៀងរវាងភាគីទាំងសងខាងគឺអ្នកជួល និងម្ចាស់អចលនវត្ថុ។

– ការជួលអចលនវត្ថុរយៈពេល១ឆ្នាំ កម្រៃសេវាវិជ្ជាជីវៈ គឺត្រូវតែស្មើនឹងតម្លៃជួលអចលនទ្រព្យ១ខែ។
– ការជួលអចលនទ្រព្យលើសពី១ឆ្នាំ កម្រៃសេវាវិជ្ជាជីវៈ គឺត្រូវតែស្មើនឹងតម្លៃជួលអចលនទ្រព្យ១ខែ បូករួមនឹងចំនួន២៥%បន្ថែម ទៅតាមសមាមាត្រនៃការជួលតាមឆ្នាំនីមួយ៕

សហរដ្ឋអាមេរិក អាចផលិតវ៉ាក់សាំងកូវីដ-១៩ បានរហូតដល់១ពាន់លានដូសត្រឹមដំណាច់ឆ្នាំ២០២១

Syringes with prepared doses of the Johnson & Johnson Janssen Covid-19 vaccine and bandages at San Rafael Commons in San Rafael, California. Photographer: David Paul Morris/Bloomberg

សុខុម

វ៉ាស៊ីនតោន: លោកប្រធានាធិបតី ចូ បៃឌិន បានលើកឡើងកាលពីថ្ងៃសុក្រ ទី២១ ឧសភា ថា សហរដ្ឋអាមេរិក អាចផលិតវ៉ាក់សាំងកូវីដ-១៩ បានរហូតដល់១ពាន់លានដូសនៅត្រឹមដំណាច់ឆ្នាំ២០២១។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយនៅថ្ងៃទី២២ ឧសភា នេះ។

ក្រោយជំនួបថ្ងៃទី១នៅសេតវិមានជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in លោក ចូ បៃឌិន បានថ្លែងថា “ក្តីសង្ឃឹម និងការរំពឹងទុក” គឺនៅតែមានសម្រាប់ឆ្នាំ២០២១ ហើយសហរដ្ឋអាមេរិក នឹង “អាចចាក់វ៉ាក់សាំងឱ្យពលរដ្ឋអាមេរិក បានគ្រប់រូប”។

រដ្ឋនានាកំពុងដាក់ចេញវិធីផ្សេងៗប្រកបដោយភាពច្នៃប្រឌិត ដើម្បីទាក់ទាញពលរដ្ឋឱ្យទៅទទួលវ៉ាក់សាំង។ តួយ៉ាងរដ្ឋ Oregon រួមជាមួយរដ្ឋមួយចំនួនទៀតបានផ្តល់ឱកាសផ្សងសំណាងឱ្យពលរដ្ឋឈ្នះឆ្នោតរង្វាន់ធំសម្រាប់ពលរដ្ឋណាដែលបានចាក់វ៉ាក់សាំង ដោយពលរដ្ឋម្នាក់អាចឈ្នះឆ្នោតដល់ទៅ១លានដុល្លារ។ រដ្ឋញូវយ៉ក រដ្ឋ Ohio រដ្ឋ Maryland និងរដ្ឋ Kentucky ក៏កំពុងផ្តល់រង្វាន់ឆ្នោតផងដែរដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋទៅចាក់វ៉ាក់សាំង ខណៈល្បឿននៃការចាក់វ៉ាក់សាំងមានសន្ទុះយឺតនៅទូទាំងប្រទេស។

ក្នុងសន្និសីទកាសែតរួមជាមួយលោក Moon Jae-in លោក ចូ បៃឌិន បានគូសបញ្ជាក់ថា នៅក្នុងប្រទេសកូរ៉េខាងត្បូង ទាហានប្រហែល៥៥០.០០០នាក់ដែលទំនាក់ទំនងស្និទ្ធជាមួយកងកម្លាំងសហរដ្ឋអាមេរិក ក៏នឹងត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ ដែរ។

ប្រទេសកូរ៉េខាងត្បូង ពិតជាចង់ទទួលបានការផ្គត់ផ្គង់វ៉ាក់សាំងពីសហរដ្ឋអាមេរិក ដែលប្រទេសមហាអំណាចពិភពលោកមួយនេះបានអនុញ្ញាតឱ្យនាំចេញកាលពីពេលថ្មីៗនេះ។ យោងតាម Bloomberg Vaccine Tracker ឱ្យដឹងថា វ៉ាក់សាំងជាង៥លានដូសត្រូវបានចែកចាយនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលគ្របដណ្តប់ប្រហែល៥%នៃចំនួនប្រជាជនសរុប។ ស្ថិតក្នុងអត្រាចាក់វ៉ាក់សាំងនាពេលបច្ចុប្បន្ន គេប៉ាន់ប្រមាណថា ប្រទេសនេះនឹងត្រូវការពេល២ឆ្នាំកន្លះដើម្បីចាក់បាន៧៥%នៃប្រជាជនសរុបរបស់ខ្លួន។ យុទ្ធនាការចាក់វ៉ាក់សាំងបានចាប់ផ្តើមប្រហែល១១សប្តាហ៍មុននៅក្នុងប្រទេសនេះ។

លោក ចូ បៃឌិន ថ្លែងថា លោក និងលោក Moon Jae-in បានពិភាក្សាអំពីលទ្ធភាពដែលក្រុមហ៊ុនផលិតវ៉ាក់សាំងមួយរបស់សហរដ្ឋអាមេរិក អាចចាប់ដៃគូសហការជាមួយប្រទេសកូរ៉េខាងត្បូង។ លោកបានបន្តថា “ជាមួយជំនួយពីក្រុមហ៊ុននោះ កូរ៉េខាងត្បូង នឹងអាចផលិតវ៉ាក់សាំងបានច្រើនសម្រាប់ខ្លួនពួកគេ”។

កាលពីព្រឹកថ្ងៃសុក្រ ម្សិលមិញ រដ្ឋមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក លោកស្រី Gina Raimondo បានថ្លែងថា “ក្រុមហ៊ុនផលិតវ៉ាក់សាំងនានារបស់សហរដ្ឋអាមេរិក កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋការលោក ចូ ពៃឌិន ដើម្បីផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រទេសកូរ៉េ”។

សេតវិមានបានប្រកាសនៅសប្តាហ៍នេះថា ខ្លួនគ្រោងនឹងបង្កើនការនាំចេញវ៉ាក់សាំងជាសកលនៅត្រឹមដំណាច់ខែមិថុនា។

លោក ចូ បៃឌិន បាននិយាយកាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះថា លោកនឹងនាំចេញវ៉ាក់សាំងចំនួន២០លានដូសពីក្រុមហ៊ុន Pfizer Inc ក្រុមហ៊ុន Moderna Inc ឬ ក្រុមហ៊ុន Johnson & Johnson បន្ថែមពីលើវ៉ាក់សាំងចំនួន៦០លានដូសរបស់ក្រុមហ៊ុន AstraZeneca Plc ដែលលោកគ្រោងផ្តល់ឱ្យប្រទេសផ្សេងៗទៀត៕

ទីផ្សារអចលនទ្រព្យនៅអាស៊ីនៅតែបង្កើតបង្កើតឱកាសល្អប្រសើរសម្រាប់វិនិយោគ

ដោយៈ ប៊ី
ភ្នំពេញៈ ទិន្នន័យថ្មីមយយបានបង្ហាញថា អចលនទ្រព្យ (លំនៅដ្ឋាន) នៅអាស៊ីមានតម្លៃសរុបប្រមាណ៩០ទ្រីពាន់លានដុល្លារអាមេរិក ដែលមានន័យថា អាស៊ីមានការអភិវឌ្ឍអចលនទ្រព្យយ៉ាងរីកចម្រើនក្នុងពិភពលោក។ នេះបើយោងតាមចេញផ្សាយរបស់គេហទំព័រ e27 កាលពីថ្មីៗនេះ។

នោះហើយជាមូលហេតុបង្ហាញថា អាស៊ីបង្ហាញឱកាសដ៏ទាក់ទាញ សម្រាប់ការវិនិយោគលើវិស័យអចលនទ្រព្យ។

អចលនទ្រព្យតំបន់អាស៊ីមានចំនួនប្រហែល៤៥ភាគរយ នៃតម្លៃអចលនទ្រព្យសរុប (លំនៅដ្ឋាន) ទូទាំងពិភពលោក ទោះបីជាតម្លៃទិញជាមធ្យមដែលទាបជាងនៅអឺរ៉ុប ឬអាមេរិកខាងជើងក៏ដោយ។

ប្រតិបត្តិការទិញលក់អចលនទ្រព្យឆ្លងកាត់ព្រំដែនខណៈពេលដែលការគណនាតម្លៃសរុបនៃទ្រព្យសម្បត្តិអចលនទ្រព្យនៅអាស៊ី យើងក៏បានព្យាយាមធ្វើការប៉ាន់ស្មាន នៃប្រតិបត្តិការអចលនទ្រព្យលំនៅដ្ឋានឆ្លងកាត់ព្រំដែន។ ប៉ុន្តែប្រតិបត្តិការទិញលក់ឆ្លងកាត់ព្រំដែនពិបាកនឹងធ្វើការប៉ាន់ប្រម៉ាណ ហើយមិនមានទិន្នន័យជាក់លាក់ណាមួយដែលយកប្រើប្រាស់បាន លើកលែងតែទិន្នន័យនៅចិនដីគោក។

ការប៉ាន់ស្មានរបស់ក្រុមហ៊ុន Juwai IQI បង្ហាញថា គ្រាន់តែអ្នកទិញជនជាតិចិន បានទិញអចលនទ្រព្យលំនៅដ្ឋាននៅក្រៅប្រទេសប្រមាណ២០២,៨ពាន់លានដុល្លារក្នុងឆ្នាំ២០១៥ ដល់ឆ្នាំ២០២០ ដែលជាវិនិយោគលើវិស័យអចលនទ្រព្យនៅប្រទេសខ្លួនដ៏ខ្ពស់គួរឱ្យកត់សម្គាល់។

ក្រុមហ៊ុន Juwai IQI បានយកតំបន់អាស៊ីមកធ្វើជាគំរូទីផ្សារអចលនទ្រព្យ ដោយបានលើកឡើងថា អាស៊ីមានប្រជាជនចំណយន៤,៥ពាន់លាននាក់ ដែលអាចធ្វើឱ្យតម្រូវអចលនទ្រព្យនៅតំបន់នេះ កើនឡើងប្រជាចាំ ហើយនឹងក្លាយជាឱកាសសម្រាប់ការវិនិយោគិន និងក្រុមហ៊ុនអចលនទ្រព្យ៕

អ្នកជំនាញៈចង់វិនិយោគដីធ្លីទទួលបានចំណេញឆាប់កុំវិនិយោគក្បែរក្រុង

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ វិស័យអចលនទ្រព្យបានរីកចម្រើន ជាបន្តបន្ទាប់នៅក្នុងរយៈជាង១០ឆ្នាំមកនេះ ហើយការអភិវឌ្ឍក៏សាយភាយទៅកាន់តំបន់ជាយៗក្រុង ធ្វើឱ្យតម្លៃដីនៅជាយក្រុងក៏កាន់តែមានហាងឆេងជាបន្តបន្ទាប់។

ដូច្នេះហើយទើបអ្នកជំនាញបានផ្ដល់ជាយោបល់ថា បើចង់វិនិយោគដីធ្លី សូមកុំសម្លឹងមើនៅក្បែរៗក្រុង តែសូមស្វែងរកដីនៅតំបន់ជាយក្រុងវិញប្រសើរជាង។

លោកសន សៀបស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យឃីរៀលអ៊ីស្ទេតបានឱ្យដឹងកាលពីថ្ងៃព្រហស្បត៍ថា តម្លៃដីធ្លីនៅក្បែរក្រុងៗ គឺបានហក់ឡើងខ្ពស់ទៅហើយ ហើយអ្នកទិញដីទាំងនោះ មិនមែនសម្រាប់ទុកវិនិយោគនោះទេ តែគេទិញដើម្បីអភិវឌ្ឍន៍តែម្ដង។ ដូច្នេះហើយបើចង់វិនិយោគដីធ្លី ដើម្បីចំណេញគួរតែរកទៅរកតំបន់ណារាងឆ្ងាយពីក្រុងបន្តិច ហើយក៏ត្រូវចេះមើលពីតំបន់ណា ដែលមានសក្ដានុពលសម្រាប់ការវិនិយោគដីធ្លីដែរ។

លោកបន្តថា “ដីនៅតំបន់ជិតៗក្រុង វាបានហក់ឡើងខ្ពស់រួចហើយ ដូចជាផ្លូវ៦០ម៉ែត្រប៉ែកខាងត្បូងរាជធានីភ្នំពេញជាដើម វាបានឡើងរាប់លានដុល្លារអាមេរិកទៅហើយក្នុងមួយហិចតា”។លោកបន្តថា “តំបន់ខ្លះជាយក្រុង ក៏មានតម្លៃលានដុល្លារអាមេរិកដែរក្នុងមួយហិចតា ដូច្នេះការទិញដីក្នុងតម្លៃខ្ពស់ ដើម្បីទុកលក់ចំណេញវាមិនមែនជាការងាយស្រួលទេ ព្រោះថាវាបានឡើងដល់កម្រិតមួយរួចហើយ”។

ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក៏បានឱ្យដឹងផងដែរថា ទិញដី នៅជិតក្រុង ឬកណ្ដាលក្រុងជាអ្នកអភិវ ឌ្ឍន៍ ហើយការអភិវឌ្ឍរបស់ពួកគេភាគច្រើនផ្ដោតលើខុនដូ និងអគារខ្ពស់ៗ ពីព្រោះការអភិវឌ្ឍប្រភេទនេះ អាចឱ្យគេរកបានចំណេញច្រើន តែបើសិនជាទិញដើម្បីទុកលក់បន្តទៀតវាប្រហែលជាមិនមាននោះទេ។

ដោយឡែកអ្នកអភិវឌ្ឍន៍លំនៅឋានជាបុរី ក៏មិនទិញដីដែលមានតម្លៃថ្លៃៗ ដើម្បីអភិវឌ្ឍន៍ដែរ ព្រោះបើកាលណាទិញដីថ្លៃ ពួកគេក៏ត្រូវលក់ផ្ទះថ្លៃដែរ ដែលធ្វើឱ្យអ្នកមានលទ្ធភាពទិញភាគតិច ដូច្នេះគេត្រូវសម្លឹងទៅមើលតំបន់ឆ្ងាយៗពីក្រុងបន្តិច ដើម្បីអភិវឌ្ឍន៍ជាបុរី ។

លោកបន្តថា “អ្នកដែលទិញដីដើម្បីចំណេញនៅពេលអនាគត ក៏ត្រូវតែចេះមើលពីទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលផងដែរ បើទិញត្រូវទិសដៅអភិវឌ្ឍន៍ ពួកគេនឹងទទួលបានការចំណេញមកវិញលឿន ដូច្នេះហើយអ្នកដែលឆ្លាតត្រូវចេះរកព័ត៌មានពីការអភិវឌ្ឍនានាដូចជានៅ សាលាក្រុង នៅមន្ទីរឬក្រសួងពាក់ព័ន្ធជាដើម”។

បើតាមលោកសុខនីមថា នៅជុំវិញរាជធានីភ្នំពេញសឹងតែ៣៦០ដឺក្រេហើយ សុទ្ធតែមានការអភិវឌ្ឍដូចគ្នា គ្រាន់តែតំបន់ខ្លះមានបែបផែននៃការអភិវឌ្ឍខុសគ្នា ហើយតម្លៃដីក៏មានការខុសគ្នាតិចតួចប៉ុណ្ណោះ តែលោកមើលឃើញថា ទៅប៉ែកខាងលិចរាជធានីភ្នំពេញហាក់ទទួលបានការវិនិយោគច្រើន ជាងតំបន់ជាយក្រុងផ្សេងៗទៀត៕

រដ្ឋបាលខេត្ពពោធិ៍សាត់គ្រោងបង្កើតឃុំថ្មីបន្ថែមនៅក្នុងស្រុកតាលោសែនជ័យ

ដោយៈរតនៈ

ពោធិសាត់ៈ រដ្ឋបាលខេត្តពោធិសាត់ គ្រោងបង្កើតឃុំថ្មីបន្ថែមទៀត នៅស្រុកតាលោសែនជ័យ ដែលជាស្រុកស្រុងចុងក្រោយមួយ នៃដែនរដ្ឋបាលខេត្តពោធិ៍សាត់ដែលមានតែ២ឃុំប៉ុណ្ណោះ។

យ៉ាងនេះក្តីអាជ្ញាធរខេត្តឲ្យដឹងថា រដ្ឋបាលខេត្តគ្រោងបង្កើតឃុំថ្មីបន្ថែម ក្នុងស្រុកកូនពៅមួយនេះ ឲ្យបានមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។

អភិបាលរងខេត្តពោធិ៍សាត់ លោក ចេង ឡៃបានប្រាប់Propertyareaនៅថ្ងៃទី ២២ខែ ឧសភានេះថា ដោយសារតែឃុំតាលោសែនជ័យ ដែលទើបបង្កើតថ្មីនេះមានជាង២០ភូមិ ដែលជាចំនួនមួយច្រើន និងមានទំហំដីធំ ដូចនេះរដ្ឋបាលខេត្តគ្រោងបង្កើតឃុំផ្សេងទៀតលើផ្ទៃដីដដែល ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង។

តែទោះជាយ៉ាងណាលោកចេង ឡៃ មិនបានឲ្យដឹងថា ស្រុកកូនពៅនៃខេត្តពោធិ៍សាត់នេះ នឹងត្រូវបង្កើតឃុំចំនួនប៉ុន្មានទៀតនោះទេ។

តាលោសែនជ័យ គឺជាស្រុកថ្មីដែលទើបបង្កើតឡើងក្នុងឆ្នាំ២០១៩។ ស្រុកនេះបានបង្កើតឡើងដោយកាត់យកឃុំចំនួនពីរគឺ ឃុំតាលោ នៃស្រុកបាកាន និងឃុំផ្ទះរុង នៃស្រុកភ្នំក្រវាញ របស់ខេត្តពោធិ៍សាត់។ ក្រៅពីនេះគេកាត់យកភូមិចំនួនពីរ គឺភូមិកោះស្វាយ និងភូមិកោះវត្ត នៃឃុំខ្នារទទឹង របស់ស្រុកបាកានមកឱ្យឃុំតាលោទៀត៕

កំណាត់ផ្លូវជាតិជាច្រើនខ្សែត្រូវបានជួសជុលថែទាំដើម្បីសម្រួលដល់ការធ្វើ ដំណើររបស់ប្រជាពលរដ្ឋ

ដោយៈ ប៊ី

ភ្នំពេញៈ កំណាត់ផ្លូវជាតិជាច្រើនខ្សែ ត្រូវបានបន្តខិតខំយកចិត្តទុកដាក់ជួសជុលថែទាំ ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូន និងការធ្វើដំណើរឆ្លងកាត់របស់បងប្អូនប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពងាយស្រួលថែមទៀត។
នេះបើយោងតាមការបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។

នៅថ្ងៃទី២០-២១ ខែឧសភា ឆ្នាំ២០២១ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង ឧត្តរមានជ័យ ព្រះវិហារ កំពង់ឆ្នាំង ត្បូងឃ្មុំ និងខេត្តរតនគីរី បានបន្តខិតខំយកចិត្តទុកដាក់ចុះត្រួតពិនិត្យគុណភាពផ្លូវថ្នល់ និងបានធ្វើការជួសជុលថែទាំលើ កំណាត់ផ្លូវជាតិលេខ៥ លេខ៨ លេខ៥២ លេខ៥៦ លេខ៦២ លេខ៦៤ លេខ៧២ លេខ៧៨ លេខ៩៥ លេខ៥៧B លេខ៧៨-៥ លេខ៥៧B1 និងផ្លូវថ្នល់មួយចំនួនផ្សេងទៀត ដែលបានរងការខូចខាតក្លាយជាជង្ហុកសំបុកមាន់ ត្រូវបានជួសជុលផងដែរ។

រដ្ឋាភិបាលកម្ពុជា បាននិងកំពុងបង្ហាញសកម្មភាពយ៉ាងសកម្ម ចំពោះការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ នៅទូទាំងប្រទេស រួមទាំងគម្រោងកែលម្អគម្រោងហេដ្ឋរចនាសម្ព័ន្ធផេងៗ នៅតាមបណ្តាខេត្ត និងជនបទជាដើម ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងវិស័យដឹកជញ្ជួន ដែលជាការរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ច។

ការកែលម្អនឹងត្រូវធ្វើទៅលើផ្នែកជាច្រើន នៃតាមផ្លូវជាតិ និងផ្លូវខេត្ត ដែលជាលទ្ធផលជួយកាត់បន្ថយថ្លៃចំណាយ លើការដឹកជញ្ជូន និងហានិភ័យគ្រោះថ្នាក់ ដោយសារតែផ្លូវខូច និងជួយសម្រួលដល់ខ្សែចង្វាក់ផ្គត់ផ្គង់ ក្នុងវិស័យកសិកម្ម និងការអភិវឌ្ឍវិស័យទេសចរណ៍ផងដែរ។

ជាមួយនេះដែរ មានការលើកឡើងថា ការអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធ គឺដើម្បីពង្រីកសសៃឈាមសេដ្ឋកិច្ច ក៏ដូចជាការចូលរួមចំណែកកាត់ថ្លៃ ធ្វើដំណើររបស់ប្រជាពលរដ្ឋ និងវិស័យដឹកជញ្ជួន ដើម្បីឈានដល់ការប្រកួតប្រជែងក្នុងតំបន់ទៀតផង។

លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនធ្លា ប់លើកឡើងថា ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ នឹងចូលរួមចំណែកយ៉ាងខ្លាំងក្លានៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ពីព្រោះវាជាកត្តាដែលនាំឱ្យមានការបង្កើតនូវឱកាសការងារ ជំរុញកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងពង្រឹង និងពង្រីកទំនាក់ទំនងជាមួយបណ្តាប្រទេសនានាក្នុងតំបន់ និងសង្គមជាតិដ៏មានប្រសិទ្ធភាព៕

ក្រសួងអប់រំត្រៀមរួចហើយសំរាប់បើកសាលារៀនឡើងវិញ ក្រោយបិទបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ

ដោយៈគង់ ម៉ាលីន

ភ្នំពេញៈ ក្រសួងអប់រំ យុវជននិងកីឡាបានដាក់ចេញយុទ្ឋសាស្រ្ត និងប្រជុំគ្នារួចហើយ ដើម្បីបើកសាលារៀនឡើងវិញ ក្រោយបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ នាពេលខាងមុខនេះ។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចាថ្លែងឲ្យដឹងថា ក្រសួងអប់រំបានប្រជុំកំណត់រួចជាស្រេចនូវយុទ្ធសាស្ត្រ ត្រៀមបើកសាលារៀនឡើងវិញ ក្រោយការប្រកាសបិទព្រឹត្តិការណ៍ ២០ កុម្ភៈ។ ប៉ុន្ដែការបើកសាលារៀនឡើងវិញ គឺត្រូវផ្តោតលើគោលការណ៍សុវត្ថិភាព សុខភាពស្របតាមវិធានការសុខាភិបាល។

លោកបន្តថា “ក្រសួងអប់រំ យុវជន និងកីឡា បានប្រជុំកំណត់រួចជាស្រេចនូវយុទ្ធសាស្ត្រត្រៀមបើកសាលារៀនឡើងវិញ ក្រោយការប្រកាសបិទព្រឹត្តិការណ៍២០ កុម្ភ:។ ជារួមការបើកសាលារៀនឡើងវិញ នាពេលណាមួយខាងមុខនេះ ផ្តោតលើគោលការណ៍សុវត្ថិភាពសុខភាព ស្របនឹងវិធានការសុខាភិបាល ដើម្បីលើកកម្ពស់គន្លងជីវិតថ្មីក្នុងវិស័យអប់រំ”។

លោករស សុវាចាបានបញ្ជាក់ថា “ក្រសួងអប់រំ នឹងជម្រាបជូនសាធារណជននាពេលក្រោយស្តីពី ព័ត៌មានពាក់ព័ន្ធនឹងការបើកសាលារៀនឡើងវិញ និងទិដ្ឋភាពពាក់ព័ន្ធ”។

មកដល់ពេលនេះ បុគ្គលិកអប់រំ និងលោកគ្រូ-អ្នកគ្រូចំនួន៨៥% នៃចំនួនសរុប ១៥៨,០០០ នាក់ នៅទូទាំងប្រទេសបានទទួលការចាក់វ៉ាក់សាំងរួចរាល់ហើយ។

លោកបានថ្លែងថា ចំពោះមុខនេះសិស្សានុសិស្សនៅទូទាំង ២៥ ខេត្ត-រាជធានី ត្រូវបន្តអនុវត្តវិធានការ៣ការពារ ៣កុំ និងអាចរៀនអនឡាញបាន តាមរយ:មាតិកាឌីជីថលរបស់ក្រសួងអប់រំ យុវជន និងកីឡា។

លោកបង្ហាញថា មាតិកាឌីជីថលទាំងនោះរួមមាន កម្មវិធីស្វ័យសិក្សា MoEYS E-Learning ដែលមានវីដេអូ
សិក្សាពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ សៀវភៅសិក្សាអេឡិចត្រូនិកដូចជា សៀវភៅសិក្សាគោល សៀវភៅកំណែអំណានទូទៅ ចំណេះដឹងសកល រឿងនិទាន កម្មវិធីតេស្តសមត្ថភាពសិស្ស និងទំព័រព័ត៌មានអប់រំ៕

ដំណឹងល្អៈវ៉ាក់សាំងចំនួន១លានដូសទៀតនឹងមកដល់កម្ពុជានៅថ្ងៃស្អែក ខណៈប្រជាជនជាង២លាននាក់រួចហើយបានចាក់វ៉ាក់សាំងរួច

ដោយៈគង់ សូរិយា

ភ្នំពេញៈ ប្រទេសកម្ពុជានឹងទទួលបាន វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ចំនួន ១ លានដូសទៀត ដែលរាជរដ្ឋាភិបាលបញ្ជាទិញពីប្រទេសចិន នឹងដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃទី ២៣ ខែឧសភាស្អែក។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានបង្ហាញថា គិតត្រឹមយប់ថ្ងៃទី ២១ ខែឧសភានេះ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដល់មន្រ្តីរាជការប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធសរុបនៅទូទាំងប្រទេសបានចំនួន ២ ២២៦ ៤៤៦ នាក់។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងក្នុងពេលទៅទទួលវ៉ាក់សាំងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅព្រឹកថ្ងៃទី ១៦ ឧសភាថា វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ១ លានដូស ដែលនឹងដឹកមកដល់កម្ពុជានៅថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២១ គឺជាវ៉ាក់សាំងលើកទី៥ ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ។

ក្នុងនោះលើកទី១ មានចំនួន ១,៥ លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី ២៦ ខែមីនា, លើកទី២ មានចំនួន ៥០ ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី ១៧ ខែមេសា, លើកទី៣ មានចំនួន ៥០ ម៉ឺនដូស បានដឹកមកដល់កម្ពុជាកាលពីថ្ងៃទី ១១ ខែឧសភា និងលើកទី៤ បានដឹកមកដល់កម្ពុជាកាលពីថ្ងៃទី ១៦ ខែឧសភា កន្លងទៅថ្មីៗនេះ។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាធ្លាប់បានមានប្រសាសន៍ថា វ៉ាក់សាំងកូវីដ ១៩ គឺជាផ្នែកមួយដ៏សំខាន់បន្ថែមទៀត ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ និងជួយការពារសុខភាពរបស់មនុស្សពីការវាយប្រហារដោយជំងឺនេះ។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះ ឱ្យបានលឿនតាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។

គិតមកដល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងជាង ៤,៥ លានដូសរួចមកហើយ ក្នុងនោះមានវ៉ាក់សាំង ស៊ីណូហ្វាមជាជំនួយរបស់រដ្ឋាភិបាលចិន ១,៧ លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់ ជាការបញ្ជាទិញពីចិន ២,៥ លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា ៣២៤ ០០០ ដូស ជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក។

សម្តេចតេជោហ៊ុន សែន បានបញ្ជាក់ថា កម្ពុជានឹងស្វះស្វែងរកវ៉ាក់សាំងឱ្យបានរហូតដល់ទៅជាង ២០ លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋឱ្យបានជាង ១០ លាននាក់ ក្នុងការបង្កើតភាពស៊ាំ និងទទួលបានជោគជ័យ ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ដើម្បីធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចបានប្រសើរឡើងវិញនាពេលខាងមុខ៕

ប្រធាន CVEA: វិនិយោគិនអចលនទ្រព្យបរទេសនឹងចាប់ផ្តើមត្រឡប់វិនិយោគនៅកម្ពុជាឡើងវិញនៅចុងឆ្នាំនេះ

ដោយៈ ម៉ាណេត

ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអលនវត្ថុកម្ពុជា (CVEA) រំពឹងថា វិនិយោគិនបរទេសលើវិស័យអចលនទ្រព្យ នឹងចាប់ផ្តើមត្រឡប់មកចូលវិនិយោគនៅកម្ពុជាឡើងវិញនៅចុងឆ្នាំនេះ ដែលនឹងធ្វើឱ្យវិស័យមួយនេះ ងើបឡើងវិញយ៉ាងចាប់រហ័ស។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអលនវត្ថុកម្ពុជា បានថ្លែងក្នុងសន្និសីទសារព៌តមាន ទាក់ទងនឹងបច្ចុប្បន្នភាពអចលនទ្រព្យមួយកាលពីថ្មីៗនេះថា វិស័យអចលនទ្រព្យនៅចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ នឹងមានកំណើនសក្តានុពលឡើងវិញ ព្រោះនៅពេលវិបត្តិកូវិដ១៩ ត្រូវបានគ្រប់គ្រងក្នុងថ្នាក់ជាតិ តំបន់ និងពិភពលោក ដូច្នេះចរន្តនៃការធ្វើដំណើររបស់ប្រជាជនកម្ពុជា ក៏ដូចជាលើពិភពលោក មានច្រើន ដែលធ្វើឱ្យចរន្តនៃការធ្វើជំនួញមានការកើនឡើងវិញ។

លោកបានថ្លែងបន្តថា “ការត្រឡប់មកវិញរបស់វិនិយោគិនបរទេស នាខាងមុខនេះកើនឡើងច្រើន ពិសេសវិនិយោគជនជាតិចិន ដែលនឹងត្រៀមមកកម្ពុជាឡើងវិញ ហើយពួកគេមកវិនិយោគមិនត្រឹមតែនៅភ្នំពេញនោះទេ ប៉ុន្តែថែមបណ្តាខេត្តផ្សេងៗ ពិសេសនៅខេត្តព្រះសីហនុ”។

លោកបានឱ្យដឹងទៀតថា ការធ្វើពាណិជ្ជកម្មនៅក្នុងវិស័យជាច្រើន គឺត្រូវតែមានកំណើនខ្ពស់ជាងមុន។ មូលហេតុ គឺដោយសារកំណើននៃការវិនិយោគកាន់កើនឡើង វិនិយោគិនជាតិ និងជនជាតិបរទេសចាប់ផ្តើម ចូលមកវិនិយោគនៅកម្ពុជាឡើងវិញ ដោយពួកគាត់នឹងមើលឃើញអំពីទំនុកចិត្ត និងឱកាសក្នុងការវិនិយោគ ដែលនឹងធ្វើឱ្យវិស័យអចលនទ្រព្យនមានការរីកចម្រើនជាងមុន។

ជាមួយគ្នានេះ លោកលឹម សុជាតិប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា បានលើកឡើងថា វដ្តសេដ្ឋកិច្ចហាក់ដូចកើតឡើងរៀងរាល់១០ម្តង ទាក់ទងនឹងវិបត្តិសេដ្ឋកិច្ច ប៉ុន្តែបន្ទាប់ពីវដ្តនៃការធ្លាក់ចុះ នៃសេដ្ឋកិច្ចនេះ សេដ្ឋកិច្ចនឹងកើនឡើងខ្លាំង។

លោកសង្ឃឹមថា “កំណើនសេដ្ឋកិច្ច ពិសេសវិស័យអចលនទ្រព្យ នឹងកើនឡើងវិញខ្លាំងជាងមុនកម្រិតវិបត្តិកូវីដ១៩”៕