មេដឹកនាំចិន និងសហភាពអឺរ៉ុបចូលរួមជាមួយគ្នាក្នុងកិច្ចប្រជុំកំពូលសុខាភិបាលពិភពលោក

ដោយៈសុខុម

ប្រទេសចិន: ប្រទេសជាសមាជិកសំខាន់ៗ នៃសហភាពអឺរ៉ុប និងមហាយក្សចិន បានចូលរួមជាមួយគ្នា ក្នុងកិច្ចប្រជុំកំពូលសុខាភិបាលពិភពលោក (Global Health Summit) របស់ G20 កាលពីថ្ងៃសុក្រ ទី២១ ឧសភា។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge Markets ឱ្យដឹងថា ការចូលរួមក្នុងកិច្ចប្រជុំនេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយពីសភាសហភាពអឺរ៉ុប បង្កកការផ្តល់សច្ចាប័ន លើកិច្ចព្រមព្រៀងវិនិយោគចិន-សហភាពអឺរ៉ុប ដែលធ្វើឱ្យទំនាក់ទំនងរវាងចិន និងសហភាពអឺរ៉ុប “ល្អក់កករកាន់តែខ្លាំង”។

ក្រុមអ្នកសង្កេតការណ៍ចិនជឿថា រដ្ឋាភិបាលនៃបណ្ដាប្រទេស ជាសមាជិកសហភាពអឺរ៉ុប បានមើលឃើញយ៉ាងច្បាស់ថា កិច្ចសហប្រតិបត្តិការជាក់ស្តែង ជាមួយប្រទេសចិន គឺជាអ្វីដែលអនុលោម ទៅតាមផលប្រយោជន៍របស់អឺរ៉ុប ខណៈភាគីទាំង២មានការមូលមតិគ្នាកាន់តែទូលំទូលាយ លើពហុភាគីនិយម និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានារបស់ពិភពលោក រួមទាំងបញ្ហាសុខាភិបាលសាធារណៈផងដែរ ទោះបីជាខ្វែងគំនិតគ្នាខាងនយោបាយក៏ដោយ។

នៅទីបំផុត ស្ថាប័ន និងរដ្ឋាភិបាលកាន់តែច្រើន នៅក្នុងសហភាពអឺរ៉ុប នឹងដឹងពីការប្រើប្រាស់បញ្ហាសិទ្ធិមនុស្សធ្វើជាលេស ដើម្បីរារាំងកិច្ចសហប្រតិបត្តិការជាមួយប្រទេ​សចិន។

យោងតាមសារព័ត៌មាន Global Times ឱ្យដឹងថា ក្រុមអ្នកវិភាគនិយាយថា “សេដ្ឋកិច្ចរបស់សហគមន៍អឺរ៉ុប មិនអាចងើបឡើងវិញដោយពិតប្រាកដ ប្រសិនជាគ្មានប្រទេសចិននោះឡើយ ហើយកិច្ចសហប្រតិបត្តិការ ដើម្បីដោះស្រាយវិបត្តិកូវីដ-១៩ ក៏មិនអាចកើតឡើងដោយគ្មានប្រទេសចិននោះដែរ”។

គិតត្រឹមម៉ោងចុះផ្សាយព័ត៌មាននេះ សេតវិមានមិនបានប្រកាសថា តើប្រធា​នាធិបតីសហរដ្ឋអាមេរិក លោកចូ បៃឌិន នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនេះឬក៏អត់នោះទេ។

កិច្ចប្រជុំកំពូល ដែលប្រព្រឹត្តទៅនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលីនេះ គឺជាព្រឹត្តិការណ៍ពិសេស ដែលក្រុមប្រទេសG20 ធ្វើជាប្រធាន ហើយរៀបចំដោយប្រទេសអ៊ីតាលី ក្រោមកិច្ចសហការជាមួយគណៈកម្មការអឺរ៉ុប។

ប្រធានាធិបតីចិន លោក ស៊ី ជីនភីង ដែលទទួលបានការអញ្ជើញពីនាយករដ្ឋមន្រ្តីអ៊ីតាលី Mario Draghi និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen គ្រោងចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ និងថ្លែងសុន្ទរកថាតាម Video Conference ពីទីក្រុងប៉េកាំង កាលពីថ្ងៃសុក្រម្សិលមិញ។

លទ្ធផលដ៏សំខាន់នៃកិច្ចប្រជុំកំពូលនេះគឺ “សេចក្តីប្រកាសទីក្រុងរ៉ូម” នៃគោលការណ៍ ដែលនឹងក្លាយជាគោលការណ៍ណែនាំដ៏មានឥទ្ធិពល សម្រាប់កិច្ចសហប្រតិបត្តិការពហុភាគីបន្ថែមទៀត និងវិធានការរួម ដើម្បីទប់ស្កាត់វិបត្តិសុខាភិបាលពិភពលោកនាពេលអនាគត និងសម្រាប់ការប្តេជ្ញាចិត្តរួមគ្នា នៅក្នុងការកសាងពិភពលោក ដែលមានប្រព័ន្ធសុខាភិបាលកាន់តែរឹងមាំ កាន់តែមានសុវត្ថិភាព កាន់តែមានយុត្តិធម៌ និងកាន់តែមាននិរន្តរភាព។

កិច្ចប្រជុំកំពូលនេះ បង្ហាញពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងប្រទេសចិន និងអឺរ៉ុប ហើយភាគីទាំងពីរ ក៏មានកិច្ចសហប្រតិបត្តិការ យ៉ាងទូលំទូលាយផ្នែកបម្រែប ម្រួលអាកាសធាតុ ការការពារសន្តិសុខក្នុងតំបន់ និងពិភពលោក ក៏ដូចជាការទប់ស្កាត់ការរីកសាយភាយនៃអាវុធនុយក្លេអ៊ែរផងដែរ។

លោក Cui Hongjian ប្រធានដឺប៉ាតេម៉ង់សិក្សាអំពីអឺរ៉ុបនៃវិទ្យាស្ថានចិន ដើម្បីការសិក្សាអំពីអន្តរជាតិ China Institute of International Studies បានប្រាប់សារព័ត៌មាន Global Times កាលពីថ្ងៃសុក្រម្សិលមិញនេះថា កិច្ចប្រជុំកំពូលនេះ ឆ្លុះបញ្ចាំងពីការមូលមតិគ្នាកាន់តែទូលំទូលាយរវាងភាគីទាំង២ លើការប្រកាន់ខ្ជាប់នូវគោលការណ៍ពហុភាគីនិយម សណ្តាប់ធ្នាប់អន្តរជាតិ និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា របស់ពិភពលោក៕

លោកស្រីអាន សុធីតាបង្ហាញពីហានីភ័យនៃទាំង៩ចំនុចដែលអ្នកវិនិយោគអចលនទ្រព្យត្រូវបង្ការ

ដោយៈរតនៈ

ភ្នំពេញៈ ប្រសិនបើយើងមើលមួយភ្លែត ការបណ្ដាក់ទុនលើវិស័យអចលនទ្រព្យគឺហាក់ដូចជាបានចំណេញលឿន និងងាយស្រួល ប៉ុន្តែប្រសិនបើក្រុមអ្នកបណ្ដាក់ទុនមិនបានសិក្សាពីហានិភ័យលើវិស័យមួយនេះ ឲ្យបានច្បាស់លាស់នោះទេ ភាពបរាជ័យក្នុងការបណ្ដាក់ទុនលើវិស័យមួយនេះ អាចនឹងកើតមាន ហើយធ្វើឲ្យខាតបង់ច្រើនហួសពីការស្មាន។

ឆ្លងតាមបទពិសោធន៍លើវិស័យអចលនទ្រព្យជាច្រើនឆ្នាំ លោកស្រី តាំង សុធីតា អ្នកជំនាញផ្នែកអចលនទ្រព្យលំដាប់អន្តរជាតិ មើលឃើញពីហានិភ័យ៩ចំនុចក្នុងវិស័យមួយនេះ ដែលអ្នកវិនិយោគអចលនទ្រព្យមិនគួរមើលរំលង។ ហានិភ័យទាំងនោះរួមមានដូចជា៖

ទី១ ហានីភ័យផ្លូវច្បាប់

ហានីភ័យផ្លូវច្បាប់នេះ សំដៅទៅលើបណ្ណកម្មសិទ្ធិដីធ្លី ព្រោះថាប្រសិនបើអ្នកវិនិយោគទិញនៅតំបន់ទីក្រុង គឺបណ្ណកម្មសិទ្ធិភាគច្រើនចេញ ដោយមន្ទីរសុរិយោដីខេត្ត រាជធានី(ប្លង់រឹង)ដែលស្ទើរតែមិនមានហានីភ័យ ប៉ុន្តែបើតាមតំបន់ជនបទភាគច្រើនគឺចេញដោយអាជ្ញាធរមូលដ្ឋាន(ប្លង់ទន់)ដែលអាចដីឬផ្ទះមួយកន្លែង មានបណ្ណកម្មសិទ្ធិ២ ឬ ៣ក៏មាន ដែលនេះជាហានីភ័យមួយ។

ទី២ ហានីភ័យទីតាំង

ប្រសិនបើទីតាំងដែលវិនិយោគិបោះទុនទិញ ឬអភិវឌ្ឍន៍នោះ មិនមានហេដ្ឋារចនាសម្ព័ន្ធ ទឹក ភ្លើង ប្រព័ន្ធលូត្រឹមត្រូវ ឬ មានដែរតែហាក់យឺតយ៉ាវនោះ វិនិយោគិន ខាតបង់ព្រោះមិនមានអតិថិជនទិញនោះទេ។ មួយវិញទៀត ប្រសិនបើទីតាំងដែលវិនិយោគិនទិញបានហើយ តែខុសគម្រោង ក៏មានហានីភ័យផងដែរ។

ឧទាហរណ៍ គម្រោងចង់វិនិយោគលើអចនលទ្រព្យផ្នែកកសិកម្ម ប៉ុន្តែទៅទិញដីនៅតំបន់ ដែលដីគ្មានជីជាតិមិនអំណោយផលដល់ដំណាំផ្សេងៗជាដើម។

ទី៣ ទំហំអចលនទ្រព្យ

ប្រសិនបើទំហំអចលនទ្រព្យ ដែលវិនិយោគិនចង់វិនិយោគ មិនសមល្មមជាមួយគម្រោងដែលវិនិយោគក៏ជាហានិភ័យ។

ឧទាហរណ៍ វិនិយោគិនចង់វិនិយោគលើអគារខុនដូរ តែគាត់ទិញដីនៅតូចពេក ឬធំពេក ដើម្បីមិនសមល្មម អាចធ្វើឲ្យអ្នកវិនិយោគ ចំណាយលុយឥតប្រយោជន៍ឈានទៅដល់ការខាតបង់។

ទី៤ ទម្រង់ឬរូបរាងដី
ប្រសិនបើវិនិយោគិនមិនបានមើលរូបរាងដី ឬទម្រង់ដី ឲ្យបានត្រូវជាមួយគម្រោងដែលចង់អរភិវឌ្ឍន៍នោះ អាចខាតបង់។

ឧទាហរណ៍ វិនិយោគិនទិញដីដែលមានទម្រង់ឬ រូបរាងមិនសមរម្យដោយអាងថាដីនោះថោក ប៉ុន្តែភាគខ្លះនៃដីនោះប្រើមិនបាន ឬមិនអំណោយផល ដល់គម្រោងអភិវឌ្ឍន៍នោះ គឺធ្វើឲ្យវិនិយោគិនខាតបង់ព្រោះចំណាយទុនទិញដីនោះ។

ទី៥ តម្លៃដីនៅលើទីផ្សារ

ប្រសិនបើវិនិយោគិន មិនបានពិភាក្សាជាមួយអ្នកជំនាញ អំពីតម្លៃដែលទិញ និងតម្លៃ ដែលលក់ចេញទេនោះ នឹងធ្វើឲ្យជួយហានិភ័យ ដូចជា ទិញមកថ្លៃពេកលក់មិនចេញទៅវិញ និងុំមិនបានទទួលផលចំនេញជាដើម។

ទី៦ គុណភាពអចលនទ្រព្យ

ប្រសិនបើដីដែលវិនិយោគ លើការសាងសង់អគារខ្ពស់មួយ តែវិនិយោគិនមិនបានមើលសព្វជ្រុងជ្រោយ ពីតួបង្គុំរបស់អគារនោះថា តើតួបង្គុំរបស់អគារនោះមានគុណភាពល្អកម្រិតណា សាកសម ឬទេក្នុងការវិនិយោគនោះ ហានិភ័យនឹងកើតឡើង។

ទី៧ ជំនាញក្នុងការគ្រប់គ្រងអគារ

មិនមែនថា វិនិយោគមានអគារសម្រាប់លក់ ឬជួលហើយ គឺអាចំណេញនោះទេ ប្រសិនបើវិនិយោគិន មិនចេះគ្រប់គ្រងអគារឲ្យបានល្អ គង់វង្សយូរអង្វែងនោះ អគារនោះនឹងខូចខាតឆាប់ ដែលធ្វើឲ្យអ្នកវិនិយោគត្រូវចំណាយលុយជួសជុល ឬសាងសង់ថ្មី ខណៈដែលការទាញផលពីអគារនោះ មិនទាន់រួចថ្លៃដើមនៅឡើយ។

ទី៨ ហានិភ័យក្នុងការទិញ ឬជួល

ប្រសិនបើវិនិយោគិន គ្រាន់តែឃើញអគារមួយស្អាត ហើយមិនបានគិតពីគោលដៅរបស់អតិថិជនដែលចង់ជួយ ទិញបន្តនោះ គឺជួយហានិភ័យខ្ពស់ ព្រោះបើមិនបានសិក្សាពីការចង់បានរបស់អតិថិជនទេ ហើយបែជាចង់សាងសង់អគារខុនដូ ឬអាផាតមិន តាមតែចិត្តនោះ គឺដូចជា យកប្រាក់វិនិយោគទៅចោលផងដែរ ដោយសារតែមិនមានចំណូលមកវិញ។

ទី៩ ហានិភ័យការគណនាថ្លៃដើម

មិនមែនមានន័យថាយើងទិញអចលនទ្រព្យរួចហើយ ពេលលក់ទៅវិញបានច្រើនជាងតម្លៃទិញមកតិចតួចបានន័យថា ចំណេញនោះទេព្រោះថា វិនិយោគិនត្រូវគិតពីថ្លៃដើមទាំងអស់បញ្ចូលគ្នា ដូចជា ថ្លៃទិញអចលនទ្រព្យ ថ្លៃការប្រាក់នៃតម្លៃអចលនទ្រព្យ ថ្លៃធ្វើកម្មសិទ្ធិដីធ្លី ការបង់ពន្ធដីធ្លី និងតម្លៃដើមផ្សេងៗផងដែរ៕

អបអរសាទរៈក្បឿងខ្មែរស្រកាលេញបង្ហាញពីអន្តរសញ្ញាណខ្មែរលើឆាកអន្តរជាតិ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុន KRock បានខិតខំធ្វើការយ៉ាងស្វិតស្វាញ ក្នុងការរចនា ពង្រឹងគុណភាព និងធ្វើទំនើបកម្មក្បឿងខ្មែរស្រកាលេញ ពីក្បឿងដីដុតធម្មតាគ្មានអ្នកស្គាល់ ឱ្យក្លាយជាក្បឿងខ្មែរខេរ៉ក ដែលបានចុះបញ្ជីកម្មសិទ្ធិបញ្ញា បង្ហាញអត្តសញ្ញាណខ្មែរជាមួយ ប្រទេសជាច្រើនលើសកលលោក។

លោកឧកញ៉ាលី ឈួង ម្ចាស់ក្រុមហ៊ុន ខេរ៉កបានឱ្យដឹងកាលពីពេលថ្មីៗនេះថា “គោលបំណងរបស់យើង គឺចង់ឱ្យខ្មែរមានមោទនភាពលើផលិតផលខ្មែរ។ ចង់ឱ្យខ្មែរជឿជាក់ថា ផលិតខ្មែរក៏មានគុណភាព និងការរចនាមិនចាញ់បរទេសដែរ។ ហេតុនេះទើបយើងខិតខំប្រឹងប្រែងផលិតក្បឿងដែលល្អបំផុត”។

ក្រោយពីយើងផលិតក្បឿងល្អហើយ យើងត្រូវឱ្យពិភពលោកទទួលស្គាល់ មានន័យថា ត្រូវតែគ្មានអ្នកចម្លងម៉ូតពីយើង ទើបយើងសម្រេចចិត្តចុះបញ្ជីកម្មសិទ្ធិបញ្ញាជាមួ​យប្រទេសជាច្រើន។ នេះគឺជាការបង្ហាញអត្តសញ្ញាណ ភាពច្នៃប្រឌិត និងអរិយធម៌របស់ខ្មែរ ទៅលើឆាកអន្តរជាតិ។

ក្បឿងខ្មែរស្រកាលេញ គឺជាឈ្មោះដែលខ្មែរយើងគ្រប់ជំនាន់ តែងតែហៅតៗគ្នា ហើយពាក្យថា “ស្រកាលេញ”នេះ ជាឈ្មោះចេញពីស្រកាត្រីលេញ ដែលមានពន្លឺចាំងផ្លេក។

ដោយសម្លឹងឃើញពីគុណសម្បត្តិ និងប្រវត្តិដ៏យូរលង់របស់ក្បឿងខ្មែរបុរាណមួយប្រភេទនេះ ក្រុមហ៊ុនខេរ៉ក់បានសម្រេចចិត្តធ្វើទំនើបកម្ម ដោយរក្សារចនាបទខ្មែរឱ្យនៅដដែល តែប្តូរពីទម្រង់សន្លឹកតូចៗ មកជាទម្រង់សន្លឹកធំ ហើយផលិតចេញពីល្បាយបេតុង ដែលមានកម្លាំងសង្កត់ខ្ពស់ជាប់មាំ ខុសពីក្បឿងបុរាណដែលផលិតពីដីដុត។

លោកឧកញ៉ា លី ឈួងបានបន្តថា ការផលិតក្បឿងខេរ៉ក គឺផ្ដោតសំខាន់លើអតិថិជនជាចម្បង ពោលគឺក្រុមហ៊ុនបានសិក្សាពីតម្រូវការ និងបញ្ហាដែលអ្នកប្រើប្រាស់ជួបប្រទះ ហើយយកបញ្ហាទាំងនោះមកដោះស្រាយ ហើយបញ្ចូលក្នុងក្បឿងខ្មែរខេរ៉ក់៕

ធនាគារហូឡង់ FMO ស្នើដាក់ទុន១០លានដុល្លារដើម្បីជួយសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងឡាវ

ដោយៈ ប៊ី

ភ្នំពេញៈ ធនាគារវិនិយោគហូឡង់សហគ្រាសហិរញ្ញវត្ថុហូឡង់ (FMO) បានស្នើបោះទុនវិនិយោគទឹកប្រាក់១០លានដុល្លារ ក្នុងមូលនិធិឯកជន ASEAN Frontier Markets LP ដែលផ្តោតលើការវិនិយោគនៅក្នុងសហគ្រាសធុនតូច និងមធ្យមទាំងនៅក្នុងប្រទេសកម្ពុជា និងឡាវ។ នេះបើយោងតាមការចេញផ្សាយរបស់គេទំព័រ Deal Street Asia កាលពីថ្មីៗនេះ។

ការវិនិយោគដែលបានស្នើសុំឡើងនេះ នឹងត្រូវធ្វើឡើង តាមរយៈមូលនិធិសហគ្រា សខ្នាតតូច និងខ្នាតតូច (MASSIF) ដែលគ្រប់គ្រងដោយធនាគារ FMO ក្នុងនាមរដ្ឋាភិបាលហូឡង់។ MASSIF ផ្តល់នូវសេវាហិរញ្ញវត្ថុមួយចំនួន ដូចជាគណនីធនាគារ សេវាកម្មសន្សំ និងប្រាក់កម្ចី សម្រាប់សហគ្រិនខ្នាតតូច និងមធ្យម។

ធនាគារ FMO បានបញ្ជាក់ថា ការវិនិយោគនេះនឹងអនុញ្ញាតឱ្យពួកគេបន្តគាំទ្រដល់ដៃគូក្នុងស្រុកនៅក្នុងប្រទេសទាំងពីរ។

ASEAN Frontier Markets Fund LP គឺជាមូលនិធិទី៣ ដែលគ្រប់គ្រងដោយក្រុមប្រឹក្សាយោបល់ ការវិនិយោគទីផ្សារកំពុងរីកចម្រើន (EMIA)។ មូលនិធិនេះ ផ្តោតលើទីផ្សារជួរមុខ ដូចជាប្រទេសកម្ពុជា និងឡាវ ដែលជាប្រទេសកំពុងមានសក្តានុពល។

មូលនិធិនេះនឹងផ្តោតលើការវិនិយោគ​ នៅដំណាក់កាលដំបូង ហើយត្រូវបានរំពឹងថានឹងបន្ថែមតម្លៃ តាមរយៈការបង្កើតការងារ បណ្តុះបណ្តាលការធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ចអាជីវកម្ម ការកែលម្អការអនុវត្តការងារ និងការបង្កើតផលិតផល និងសេវាកម្មថ្មីៗនៅក្នុងប្រទេសកម្ពុជា និងឡាវ។

កាលពីសប្តាហ៍មុន ធនាគារ FMO បានផ្តល់ប្រាក់កម្ចីចំនួន២០លានដុល្លារដល់ធនាគារស្ថាបនា ដើម្បីជួយធនាគារពង្រីកហិរញ្ញប្បទាន ដល់សហគ្រាសធុនតូច និងមធ្យម និងបង្កើនប្រាក់បម្រុង៕

សារកក់ក្តៅពីមិត្តចិនៈ ប្រទេសចិនតែងតែផ្តល់តម្លៃខ្ពស់ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយកម្ពុជា

ដោយៈគង់ ម៉ាលីន

ប៉េកាំងៈ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានអះអាងថា ប្រទេសចិនតែងតែផ្តល់តម្លៃខ្ពស់ ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយកម្ពុជា ហើយចិន បានផ្តល់ជំនួយ ហើយក៏នឹងបន្តផ្តល់បន្ថែមទៀតតាមអ្វីដែលអាចធ្វើបាន ដើម្បីជួយសម្រួ​ល​ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

ការអះអាងរបស់ អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើឡើងក្នុងសន្និសីទមួយ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ ដោយឆ្លើយតបទៅនឹង ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយបានចោទសួរឡើងក្នុងសន្និសីទអន្តរជាតិស្តីពី ”អនាគតរបស់អាស៊ី” ដែលរៀបចំឡើងដោយក្រុមហ៊ុននីកេ (Nikkei) របស់ជប៉ុន តាមរយៈប្រព័ន្ធវីដេអូ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ថា “បើខ្ញុំមិនពឹងចិន តើឱ្យខ្ញុំពឹងនរណា? ទុកឱ្យប្រជាជនកម្ពុជាឆ្លងទន្លេ ឆ្លងព្រែកដោយជិះទូកដរ ដោយឆ្លងស្ពានឫស្សី ឬឈើប្រកបដោយគ្រោះថ្នាក់ ដោយគ្មានផ្លូវដើរ ឬយ៉ាងណា?”។

អ្នកនាំពាក្យក្រសួងការបរទេសចិន បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចតេជោ ហ៊ុន សែន ដោយចាត់ទុកថា សម្តេចគឺជារដ្ឋបុរសជើងចាស់ម្នាក់ក្នុងតំបន់ ហើយក៏ជាមិត្តចាស់របស់ប្រជាជនចិន ជាមួយនឹងការយល់ដឹងខាងនយោបាយយ៉ាងមុតស្រួច ព្រមទាំងមានចក្ខុវិស័យជាយុទ្ធសាស្ត្រ ដ៏វែងឆ្ងាយ ដោយសម្តេចតែងតែ ប្រកាន់គោលជំហរច្បាស់លាស់ និងត្រឹមត្រូវលើបញ្ហាសំខាន់ៗ។

លោក Zhao បានបន្ថែមថា “សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនត្រឹមតែបានចូលរួមចំណែកដ៏ធំធេងក្នុងការលើកកម្ពស់ និងជំរុញការអភិវឌ្ឍជាតិ និងការការពារសេចក្តីថ្លៃថ្នូរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានខិតខំប្រឹងប្រែងជាវិជ្ជមាន ដើម្បីគាំទ្រប្រជាធិបតេយ្យូបនីយកម្ម នៃទំនាក់ទំនងអន្តរជាតិ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍទាំងក្នុងតំបន់ និងពិភពលោក”។

អ្នកនាំពាក្យក្រសួងរូបនេះបានបន្តថា “ប្រទេសចិនតែងតែផ្តល់តម្លៃខ្ពស់ ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយកម្ពុជា។ ប្រទេសយើងទាំងពីរប្តេជ្ញាឆ្ពោះទៅមុខ ឆ្ពោះទៅរកមិត្តភាពជាប្រពៃណី និងកសាងសហគមន៍មួយ នៃអនាគតរួមគ្នាសម្រាប់ចិននិងកម្ពុជា”។

លោកបន្តទៀតថា “ដូចអ្វីដែលសម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានមានប្រសា​សន៍អ៊ីចឹង ជំនួយរបស់ចិនមកកម្ពុជាគឺបានធ្វើឡើងស្មោះត្រង់ និងគ្មានលក្ខខណ្ឌ។ ប្រទេសចិនបានផ្តល់ជំនួយ ហើយក៏នឹងបន្តផ្តល់បន្ថែមទៀត តាមអ្វីដែលអាចធ្វើបាន ដើម្បីជួយសម្រួលដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា”។ លោកបន្តថា “ដូច្នេះប្រជាជននៃប្រទេសទាំងពីរ ជាពិសេសប្រជាជនកម្ពុជាតែម្តងនឹងទទួ​លបានអត្ថប្រយោជន៍ជាក់ស្តែង ពីកិច្ចសហប្រតិបត្តិការឈ្នះឈ្នះរវាងចិន-កម្ពុជានេះ”។​

បន្ទាប់ពីផ្តល់ជំនួយ និងហិរញ្ញប្បទានសម្បទាន ជាមួយនឹងលំហូរវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់មកកាន់ប្រទេសកម្ពុជា មហាយក្សចិន បានចូលរួមជួយយ៉ាងខ្លាំងក្លាដល់ប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាពិសេសការកើតឡើងនូវព្រឹត្តការណ៍សហគមន៍២០កុម្ភៈ។ ភាគីចិន បានផ្តល់ជំនួយ និងលក់វ៉ាក់សាំងដល់ប្រទេសកម្ពុជា ប្រមាណជាង៤លានដូស ខណៈដែលប្រកាសបន្តជួយបន្ថែមទៀត។

ក្នុងសន្និសីទអន្តរជាតិស្តីពី “អនាគតរបស់អាស៊ី” នេះដែរ សម្តេចតេជោ បានលើកឡើងថា “សូម្បីតែវ៉ាក់សាំង ដែលខ្ញុំរកមកចាក់ជូនប្រជាពលរដ្ឋជាង២លាននាក់ បើគ្មានជំនួយពីចិន និងការផ្គត់ផ្គង់ពីចិនដោយការលក់ យើងខ្ញុំក៏គ្មានវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាជនកម្ពុជា”។

សម្តេចបន្តថា “ក្រៅពីខូវ៉ាក់ ដែលបានផ្តល់ជាង៣០ម៉ឺនដូស តើមានប្រទេសណាមួយ បានហារមាត់បញ្ជូន ឬបញ្ជូនមកដល់កម្ពុជា ហើយឬនៅនូវវ៉ាក់សាំងសម្រាប់ការចាក់?”៕

ដំណឹងរីករាយៈ រដ្ឋបាលរាជធានីប្រកាសបិទបញ្ចប់បំរាមគោចរ និងអនុញ្ញាត្តឲ្យអាជីវកម្មនានានៅតំបន់លឿនបើកដំណើរការឡើងវិញ

ដោយៈគង់ សូរិយា

ភ្នំពេញៈ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានចេញសេចក្ដីសម្រេចបិទបញ្ចប់បំរាមគោចរ និងការអនុញ្ញាតគោលការណ៍ពិសេស ចំពោះអាជីវកម្មដ្ឋានមួយចំនួនក្នុង “តំបន់លឿង” នៃភូមិសាស្ដ្ររាជធានីភ្នំពេញ គិតចាប់ពីម៉ោងសូន្យថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះតទៅ។
ប្រការ១ នៃសេចក្ដីសម្រេចនេះបានបញ្ជាក់យ៉ាងដូច្នេះថា “ត្រូវបានបិទបញ្ចប់បម្រាមគោចរ និងអនុញ្ញាតគោលការណ៍ពិសេស ចំពោះអាជីវកម្មដ្ឋានមួយចំនួនក្នុង តំបន់លឿង នៃភូមិសាស្ត្ររាជធានីភ្នំពេញ គិតចាប់ពីម៉ោងសូន្យនាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១តទៅ ដូចខាងក្រោម

ទី១ បិទបញ្ចប់បម្រាមគោចរនៅក្នុង “តំបន់លឿង” ដែលមុននេះបានហាមឃាត់ជាបណ្តោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាពការងារ មុខរបរឬអាជីវកម្មនៅចន្លោះម៉ោង២០ (ម្ភៃ) ដល់ម៉ោង៣ (បី)។

ទី២ គ្រប់ទីផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ អាចដំណើរការអាជីវកម្មជាប្រក្រតីនិងអាចទទួលអតិថិជន ឲ្យចូលមកទទួលទាន ក្នុងបរិវេណអាជីវកម្មដ្ឋានឡើងវិញ។

ទី៣ បិទបញ្ចប់ការផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ។

រដ្ឋបាលរាជធានី​ភ្នំពេញបានបន្ថែមទៀតថា សកម្មភាពការងារ មុខរបរ និងអាជីវកម្ម ដែលបានអនុញ្ញាតឱ្យបើកដំណើរការដូចក្នុងប្រការ១ នៃសេចក្តីសម្រេចនេះ ត្រូវអនុវត្តវិធានការសុវត្ថិភាព ផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ ការ ស្កេន QR Code និងត្រូវអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ “៣ការពារ និង៣កុំ” របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនាំឱ្យតំបន់អាស៊ានទទួលបានកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព

ដោយៈសុខុម

អាស៊ានៈ ទ្វីបអាស៊ី ដែលដឹកនាំដោយមហាយក្សចិន គឺជាតំបន់ទី១លើពិភពលោកដែលសេដ្ឋកិច្ច បានងើបឡើងវិញយ៉ាងឆាប់រហ័ស ក្រោយពីរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩។ នេះបើយោងតាមសារព័ត៌មាន The Business Times ចុះផ្សាយនៅថ្ងៃទី២១ ឧសភា នេះ។

ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ច ក្រោយវិបត្តិឆ្លងរាតត្បាតវីរុសកូវីដ-១៩ រដ្ឋាភិបាលនានាក្នុងតំបន់អាស៊ាន និងប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងៗទៀត បានត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់ផ្តើមការវិនិយោគជុំថ្មីលើហេដ្ឋារចនាសម្ព័ន្ធ។

ទន្ទឹមនឹងការជួយបង្កើតការងារ និងបង្កើនផលិតភាព ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដោយប្រយ័ត្នប្រយែងមានឥទ្ធិពលយ៉ាងខ្លាំងក្លា ដោយជំរុញកំណើនសេដ្ឋកិច្ចដល់ទៅ២,៧ដង ដោយផ្អែកលើទិន្នន័យ ពីបណ្ដាប្រទេសអភិវឌ្ឍន៍ដូចជាសហរដ្ឋអាមេរិក ជាដើម។
ហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាព កាន់តែខ្ពស់ក៏ជះឥទ្ធិពលជាវិជ្ជមាន លើវិស័យសុខាភិបាល និងវិស័យអប់រំផងដែរ។

នៅក្នុងកញ្ចប់ថវិការបស់ខ្លួន រដ្ឋាភិបាលសិង្ហបុរី បានបង្ហាញផែនការចំណាយធំៗ រយៈពេលវែងទៅលើហេដ្ឋារចនាសម្ព័ន្ធ រួមទាំងប្រព័ន្ធផ្លូវដែករបស់ប្រទេសនេះ សម្រាប់ដឹកអ្នកដំណើរផងដែរ។ ទន្ទឹមនឹងនេះដែរ ប្រទេសវៀតណាម បានប្រកាសគម្រោងដឹកជញ្ជូនធំៗចំនួន រួមមានទាំងផ្លូវល្បឿនលឿន North-South Expressway តម្លៃ៥ពាន់លានដុល្លារអាមេរិក ផងដែរ។ ប្រទេសនេះ ក៏បានដាក់ចេញច្បាប់មួយស្ដីពី ការចាប់ដៃគូសហការរវាងវិស័យរដ្ឋ និងឯកជនកាលពីដើមឆ្នាំនេះផងដែរដើម្បីជំរុញការវិនិយោគ។

លទ្ធផលមួយ ក្នុងចំណោមលទ្ធផលដ៏គួរឱ្យចាប់អារម្មណ៍ ដែលទទួលបានពីវិបត្តិកូវីដ-១៩ គឺកំណើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ដោយអាស៊ានទទួលបានអ្នកប្រើប្រាស់អ៊ីនធឺណេតថ្មីៗ រហូតដល់ទៅ៤០លាននាក់ក្នុងឆ្នាំ២០២០។

យោងតាមការសិក្សាថ្មី ដែលធ្វើឡើងដោយក្រុមហ៊ុន Google ក្រុមហ៊ុន Temasek និងក្រុមហ៊ុន Bain & Company ឱ្យដឹងថា សេដ្ឋកិច្ចអ៊ីនធឺណេតក្នុងតំបន់អាស៊ាន ដែលរួមបញ្ចូលទាំងអាជីវកម្មតាមអនឡាញ ឬ E-commerceផង អាចនឹងមានទំហំលើសពី៣០០ពាន់លានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០២៥។

ការប្រើប្រាស់អ៊ីនធឺណេត បានកើនឡើងខ្លាំងទាំងនៅផ្ទះ និងនៅកន្លែងធ្វើការ ហើយអាជីវកម្មតាមអនឡាញ ក៏មានសន្ទុះខ្លាំងគួរឱ្យភ្ញាក់ផ្អើល ដោយសារការរឹតបន្តឹងការធ្វើដំណើរ និងការប្រាស្រ័យទំនាក់ទំនងគ្នាដោយផ្ទាល់ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតវីរុសកូវីដ-១៩។

និន្នាការនេះបង្ហាញយ៉ាងច្បាស់ថា តម្រូវការហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដូចជាមជ្ឈមណ្ឌលទិន្នន័យ និងអង់តែនទូរគមនាគមន៍ជាដើម បានកើនឡើងខ្លាំងនៅក្នុងតំបន់អាស៊ាន។ តម្រូវការនេះ នឹងកើនឡើងបន្ថែមទៀត ដោយសារ
ការចែកចាយបច្ចេកវិទ្យាអ៊ីនធឺណិតល្បឿនលឿន5Gដែលគេរំពឹងថា នឹងកើតឡើងនៅទូទាំងតំបន់អាស៊ាន ក្នុងរយៈពេល៤ទៅ៥ឆ្នាំខាងមុខ៕

ផ្លូវជាតិសំខាន់ៗចំនួន៣នឹងជម្រុញសក្តានុពលខេត្តភូមិភាគពាយ័ព្យកាន់តែប្រសើរឡើង

ដោយៈរតនៈ
ពាយ័ព្យៈ ផ្លូវជាតិសំខាន់ៗចំនួនបីបាន និងកំពុងជម្រុញសក្តានុពលសេដ្ឋកិច្ច និងលើកកំពស់បរិយាកាសវិនិយោគ នៅភូមិភាគពាយ័ព្យ តាមរយៈសម្រួលការធ្វើដំណើរ ការដឹកជញ្ជូនទំនិញ ដើម្បីផ្លាស់ប្តូរពាណិជ្ជកម្មជាមួយប្រទេសជិតខាង។

អភិបាលរងខេត្តពោធិ៍សាត់ លោក ចេង ឡៃបានប្រាប់Propertyareaនៅថ្ងៃទី ២១ ខែ ឧសភានេះថា ផ្លូវធំៗចំនួន២ខែ្សគឺមានជាយូរមកហើយ គឺផ្លូវជាតិលេខ៥ និងផ្លូវស្របតាមផ្លូវរថភ្លើងតែផ្លូវទាំង២ខែ្សនេះ បាននិងកំពុងពង្រីកឲ្យកាន់តែធំ ដើម្បីសម្រួលដល់ការធ្វើដំណើរ ទាំងនៅក្នុងខេត្តពោធិ៍សាត់ និងឆ្លងទៅខេត្តផ្សេងៗ។

ដោយឡែកផ្លូវជាតិលេខ១០ ដែលបានស្ថាបនាពីខេត្តបាត់ដំបង មកកាន់ខេត្តពោ​ធិ​សាត់ និងតភ្ជាប់ទៅកាន់ខេត្តកោះកុង ក៏បាននិងកំពុងសាងសង់យ៉ាងសកម្មផងដែរ។ រហូតមកទល់ពេលនេះ ការស្ថាបនាផ្លូវនេះសម្រេចបានជាង៥០ភាឡគរយហើយ។

លោកចេង ឡៃបានបន្តថា ទីតាំងដែលអភិវឌ្ឍន៍ និងធ្វើឲ្យប្រែមុខមាត់ខេត្តពោធិ៍​សាត់ខ្លាំងជាងគេ គឺស្រុកវាលវែងដែលជាស្រុកទើបបង្កើតថ្មីមួយ ព្រោះថាមានផ្លូវសំខាន់ៗឆ្លងកាត់ដូចជា ផ្លូវលេខ១០ដែលកំពុងសាងសង់នេះ ក៏កាត់ស្រុកពោធិ៍សាត់ ផ្លូវជាតិលេខ៥៥ ដែលតភ្ជាប់ពីក្រុងពោធិ៍សាត់ ទៅទៅព្រំដែនខ្មែរ ថៃ ថ្មដារ បូករួមទាំងសម្រស់ធម្មជាតិនៅក្នុងស្រុកនេះ បានធ្វើឲ្យមានអ្នកវិនិយោគជាច្រើនចាប់អារម្មណ៍ដាក់ទុកលើវិស័យអចលនទ្រព្យនៅទីនោះ។

តែទោះជាយ៉ាងណាលោកថា តម្លៃដីដែលកើនឡើងលឿនជាងគេ ក្នុងខេត្តពោធិ៍​សាត់ គឺដីដែលនៅតាមបណ្ដោយផ្លូវជាតិលេខ៥។

លោកចេង ឡៃបានបន្តថា ក្រៅពីការពីផ្លូវសំខាន់ទាំង៣ខែ្ស ការអភិឌ្ឍសំណង់ក្នុងក្រុងពោធិ៍សាត់ ដូចជាបុរី ផ្ទះល្វែង និងសំណង់ផ្សេងៗទៀតបានកែប្រែមុខមាត់ខេត្តពោធិ៍សាត់ជាច្រើនផងដែរ។

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកវ៉ាស៊ីម សូរិយាបានមានប្រ​សាសន៍ថា ការកសាងហេដ្ឋារចនាសម្ព័ន្ឋ ជាទិសដៅអាទិភាពរបស់រដ្ឋាភិបាល ដើម្បីជំរុញកំនើនសេដ្ឋកិច្ចជាតិ ព្រោះបើចង់ឲ្យសេដ្ឋកិច្ចរីកចម្រើនបន្ថែមទៀត រដ្ឋាភិបាលត្រូវតែវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ឋ។

លោកបន្តថា “ជាក់ស្តែងផ្លូវជាតិលេខ១០ ដែលបានតភ្ជាប់ពីភូមិភាគពាយ័ព្យ មកកាន់តំបន់ឆ្នេរ ខេត្តកោះកុង មិនត្រឹមតែជាការធ្វើសមាហរណកម្មផ្ទៃក្នុងកម្ពុជានោះទេ តែជាការធ្វើឲ្យកម្ពុជា កាន់តែមានឯករាជ្យភាពខាងសេដ្ឋកិច្ច”។ លោកបន្តថា “ផ្លូវនេះនឹងសម្រួលការដឹកជញ្ជូនកសិផល ដ៏សម្បូរបែបពីភូមិភាគពាយ័ព្យ ទៅកាន់កំពង់ផែទឹកជ្រៅ ខេត្តកោះកុង ដើម្បីនាំចេញទៅកាន់ប្រទេសទី៣ ដោយកាត់បន្ថយការពឹងផ្អែកប្រទេសជិតខាង”។

ជាមួយគ្នានេះ លោកស្រីGrace Rachny Fongនាយិកាក្រុមហ៊ុនCentury21 Cambodiaបានមានប្រសាសន៍ថា តំបន់ភូមិភាគពាយ័ព្យមានសក្តានុពលខ្ពស់ លើការវិនិ​យោគផ្នែកអចលនទ្រព្យ ដែលបណ្តាខេត្តនានាដូចជាពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ ពិសេសក្រុងប៉ោយប៉ែតបាន និងកំពុងមានភាពរីកចម្រើន ប៉ុន្តែពីមុនមិនមានក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិអាចទុកចិត្តបាន ដែលធ្វើឲ្យទំនុកចិត្តក្នុងវិស័យនេះនៅមានកម្រិត។

លោកស្រីបន្តថា “ហេតុនេះការមានវត្តមានរបស់Century21 ទៅបើកការិយាល័យនៅតំបន់នេះ នឹងធ្វើឲ្យវិស័យអចលទ្រព្យមានភាពរីកចម្រើនខ្លាំងនាពេលអនាគត”៕

ក្រុមហ៊ុនចិនធំមួយប្រកាសវិនិយោគលើគម្រោងរមណីយដ្ឋានទេសចរណ៍ខ្នាតយក្ស នៅខេត្តកោះកុង

ដោយៈ ប៊ី
កោះកុងៈ

ក្រុមហ៊ុនហ្សេងហេងគ្រុប (ZHENG HENG GROUP) របស់វិនិយោគិនចិនបានប្រកាសថា ខ្លួនបាននិងកំពុងវិនិយោគលើគម្រោង Long Bay ដែលជាគម្រោងរមណីយដ្ឋានទេសចរណ៍វប្បធម៌ខ្នាតធំមានក្រឡាផ្ទៃ និងមានផ្ទៃដីសាងសង់២លានម៉ែត្រការ៉េនៅខេត្តកោះកុង។

លោកឧកញ៉ាតឹង ភីពីង ប្រធានក្រុមហ៊ុនហ្សេងហេងគ្រុបបានឲ្យដឹងថា គម្រោង Long Bay ជាគម្រោងរមណីយដ្ឋាន ទេសចរណ៍វប្បធម៌ខ្នាតធំមានក្រឡាផ្ទៃ និងមានផ្ទៃដីសាងសង់២លានម៉ែត្រការ៉េ។

លោកឧកញ៉ាបានឱ្យដឹងថា “នាពេលអនាគតគម្រោង Long Bayនេះ នឹងបង្កើតបានជាក្រុមសណ្ឋាគារ ដ៏ប្រណីតបំផុតមួយ ដែលរួមបញ្ចូលគ្នាដោយសណ្ឋាគារលំដាប់អន្តរជាតិជាច្រើន នឹងក្លាយទៅជាមជ្ឍមណ្ឌល សម្រាប់លំហែរកាយ វិស្សមកាល ការថែរក្សាសុខភាព និងការកម្សាន្តជាដើមដែលមានទំហំធំ និងមានប្រព័ន្ធគ្រប់គ្រងល្អ ឈានមុខគេបំផុតនៅក្នុងខេត្តកោះកុង ក៏ដូចជាប្រទេសកម្ពុជាបច្ចុប្បន្ន ព្រមទាំងដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មទេសចរណ៍ ក្នុងខេត្តកោះកុង និងប្រទេសកម្ពុជា”។

លោកឧកញ៉ាតឹង ភីពីងបានឲ្យដឹងថា រហូតមកដល់ពេលនេះ គម្រោងLong Bay មាននិយោជិត ក្នុងស្រុកជាង៨០០នាក់ ហើយនាពេលអនាគត ប្រមាណ២ឆ្នាំទៀតតម្រូវការនិយោជិត ក្នុងស្រុកនឹងមានចំនួនកើនដល់រាប់ម៉ឺននាក់។

លោកបានបញ្ជាក់ថា “ខេត្តកោះកុងបានទាក់ទាញខ្លួន តាមរយៈធនធានធម្មជាតិ និងបរិស្ថានដ៏ស្រស់បំព្រងនៅពេលដែលបាន មកទស្សនាខេត្តនេះជាលើកដំបូង”។

ជាមួយគ្នានេះដែរ លោកស្រីមិថុនា ភូថងអភិបាលនៃគណៈអភិបាលខេត្តកោះកុង បានបង្ហាញការគាំទ្រចំពោះការវិនិយោគគម្រោង រមណីយដ្ឋានលំហែកាយខ្នាតធំ (Long Bay) របស់ក្រុមហ៊ុនហ្សេងហេងគ្រុប (ZHENG HENG GROUP) ក្នុងឱកាសជួបសំណេះសំណាល ជាមួយលោកឧកញ៉ា តឹង ភីពីង ប្រធានក្រុមហ៊ុនហ្សេងហេងគ្រុប។

លោកស្រីមិថុនា ភូថងបានបញ្ជាក់ថា “ខ្ញុំ និងអាជ្ញាធរខេត្ត ពិតជាមានការគ្រាំទ្រ និងថ្លែងអំណរគុណ ចំពោះក្រុមហ៊ុនហ្សេងហេងគ្រុប និងលោកឧកញ៉ា តឹង ភីពីង ដែលបានមកវិនិយោគក្នុងខេត្តកោះកុង”។

លោកជំទាវបន្តថា នេះជាការផ្លាស់ប្តូរ និងសមិទ្ធិផលនៃការវិនិយោគធនធានទេសចរណ៍ និងការដោះស្រាយបញ្ហាកង្វះខាតការងារ ក្នុងស្រុកដែលគម្រោង Long Bay បានផ្តល់សម្រាប់ខេត្តកោះកុង ដែលចំណាយតែពីរឆ្នាំប៉ុណ្ណោះ ហើយបានកោតសរសើរ ចំពោះលោកឧកញ៉ា តឹង ភីពីងសម្រាប់ការយល់ឃើញដ៏ឈ្លាសវៃ និងការសំរេចចិត្តដ៏ត្រឹមត្រូវ ក្នុងការវិនិយោគមកលើខេត្តកោះកុង ការវិនិយោគរបស់លោកឧកញ៉ា តឹង ភីពីង ដូចនឹងសុភាសិតចិនមួយឃ្លាថា «ប្រែដុំថ្មទៅជាមាស»។

លោកជំទាវមិថុនា ភូថង បានបន្ថែមនូវការកោតសរសើរ លោកឧកញ៉ា តឹង ភីពីង ដែលមកដល់ប្រទេសកម្ពុជាជិត២០ឆ្នាំកន្លងមក បង្កើតបានសមិទ្ធិផលគួរឲ្យកោតសរសើរ និងអស្ចារ្យយ៉ាងខ្លាំង។ លើសពីនេះទៀតគម្រោង Long Bay នឹងបន្តការគ្រប់គ្រង និងយកចិត្តទុកដាក់យ៉ាងតឹងរឹងលើការបង្ការ និងទប់ស្កាត់ជម្ងឺរាតត្បាត ទោះក្រោយរយៈពេលនៃការឆ្លងរាលដាល។

លោកជំទាវបញ្ជាក់ថា ការខិតខំការពារ និងគ្រប់គ្រងការរាតត្បាតជាសកល របស់រាជរដ្ឋាភិបាលកម្ពុជា នឹងជំរុញឱ្យនិយោជិកយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការការពារ និងការត្រួតពិនិត្យលើជំងឺរាតត្បាត ដើម្បីឱ្យកម្ពុជាវិលត្រឡប់មករកភាពប្រក្រតីវិញ ក្នុងពេលឆាប់ៗនេះ។

លោកជំទាវបានជូនដំណឹង ដល់មន្ទីររដ្ឋបាល និងប៉ូលីសរដ្ឋបាលខេត្ត ផ្តល់នូវកិច្ចសហប្រតិបត្តិការ និងការគាំទ្រពេញទំហឹង ដើម្បីឆ្លើយតបនឹងការការពារ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ និងសកម្មភាពវិនិយោគប្រចាំថ្ងៃនៃគម្រោង Long Bay៕

អ្នកនាងឆយ ហ្រ្វីដាត្រូវបានតែងតាំងជាទីប្រឹក្សាទទួលបន្ទុកផ្នែកទីផ្សារសំរាប់ គេហទំព័រPropertyarea

ដោយៈគង់ សូរិយា

ភ្នំពេញៈ អ្នកនាងឆយ ហ្រ្វីដានាយិកាក្រុមហ៊ុនអចលនទ្រព្យAngel Realty Co, Ltd ត្រូវបានតែងតាំងជាទីប្រឹក្សាគេហទំព័រPropertyarea.asia ដើម្បីរួមចំណែកជួយផ្សព្វផ្សាយពីកិត្តិនាមគេហទំព័រនេះ ពិសេសជួយលើការងារផ្នែកទីផ្សារឯករាជ្យ។

លោកយិន លាងគង់ស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia និងCambodiafinancialtimes.comលោកយិន លាងគង់បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២១ ឧសភានេះថា ក្រុមការងារនៃគេហទំព័រទាំងពីរមានក្តីសោមនស្សរីករាយ ដែលអ្នកនាងឆយ ហ្រ្វីដាបានចែករំលែកនូវពេលវេលាខ្លះៗ ដើម្បីជួយលើការងារផ្សព្វផ្សាយពីកិត្តិនាម ក៏ដូចជាជួយធ្វើទីផ្សារ និងស្វែងរកពាណិជ្ជកម្មសំរាប់គេហទំព័រនេះ។

លោកបន្តថា “អ្នកនាងឆយ ហ្រ្វីដានឹងធ្វើការងារក្នុងនាមជាប្រធានផ្នែកទីផ្សារឯករាជ្យ សំរាប់គេហទំព័រនេះ ហើយយើងនឹងធ្វើការក្នុងនាមជាដៃគូសហការ និងចែកផលលាភចំពោះគ្នាទៅវិញទៅមក អាស្រ័យលើលទ្ឋផលការងារ ដែលអ្នកនាងទទួលបាន”។លោកបន្តថា “អ្នកនាងឆយ ហ្រ្វីដាមានសមត្ថភាពខ្ពស់ ធ្លាប់ទទួលបានការបណ្តុះបណ្តាលផ្នែកអចលនទ្រព្យទាំងក្នុងនិងក្រៅប្រទេស ពិសេសអ្នកនាងមានទំនាក់ទំនងល្អក្នុងសង្គមជំនួញជាច្រើនផងដែរ”។

ជាមួយគ្នានេះ អ្នកនាងឆយ ហ្រ្វីដាបានមានប្រសាសន៍ថា តាមការសង្កេតជាក់ស្តែង និងការធ្វើការងារក្នុងនាមជាភ្នាក់ងារអចលនទ្រព្យ និងការវិនិយោគ អ្នកនាងបានទទួលព៌តមាន និងការកោតសរសើរពីបណ្តាក្នាក់ងារ និងអ្នកវិនិយោគផ្នែកអចលនទ្រព្យនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ចំពោះគេហទំព័រPropertyarea.asia ដែលបានផ្សព្វផ្សាយព៌តមានបានលឿនរហ័ស អាចទុកចិត្តបាន និងឈរលើមូលដ្ឋានក្រមសីលធ៌មវិជ្ជាជីវៈច្បាស់លាស់។

អ្នកនាងបន្តថា “តាមខ្ញុំបានតាមដានគេហទំព័រនេះកន្លងមក ខ្ញុំបានសង្កេតឃើញថា គេហទំព័រនេះផ្តលឥព៌តមានបានលឿន និងឈានមុខគេពីគំរោងអភិវឌ្ឍន៍របស់រដ្ឋាភិបាល វិស័យឯកជនដូចជា គំរោងព្រលានយន្តហោះខេត្តមណ្ឌលគិរី គំរោងសាងសង់ស្ពានតភ្ជាប់កោះពេជ្រ និងកោះនរា គំរោងផ្លូវក្រវ៉ាត់ក្រុងទី៣ និងទី៤ជាដើម”។

អ្នកនាងឆយ ហ្រ្វីដាបានបន្តថា ដោយបានតានដាមព៌តមាន ដែលអាចទុកចិត្តនិងជឿជាក់បានពីគេហទំព័រនេះ និងចងង់រួមចំណែកផ្តល់ព៌តមានល្អៗ ពីការអភិវឌ្ឍនៅកម្ពុជា ខ្ញុំមានក្តីរីករាយក្នុងការរួមចំណែកពេលវេលា តាមការជាក់ស្តែងដើម្បីជួយដល់គេហទំព័រនេះ អាចបន្តបេសកកម្មផ្សព្វផ្សាយព៌តមានល្អៗពីរដ្ឋាភិបាល ពីទិដ្ឋភាពនៃការអភិវឌ្ឍថ្មីៗរបស់កម្ពុជាទៅកាន់ប្រជាពលរដ្ឋកម្ពុជា និងបណ្តាវិនិយោគិនជាតិ និងអន្តរជាតិ៕