តើផលចំណេញពីការវិនិយោគដីធ្លីនៅកម្ពុជាមានកម្រិតណាក្នុងមួយឆ្នាំ?

ដោយៈគង់ ម៉ាលីន

ភ្នំពេញៈ ផលចំណេញពីការវិនិយោគដីធ្លីនៅកម្ពុជា នៅតែមានអត្រាខ្ពស់បើធៀបនឹងការវិនិយោគលើផ្នែកដទៃទៀត ខណៈទីផ្សារដីធ្លីបានចាប់ផ្តើម មានភាពសកម្មឡើងវិញ។

លោកស្រីអាន សុធីតាអ្នកជំនាញអចលនទ្រព្យអន្តរជាតិបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីសប្តាហ៍មុនថា ផលចំណេញពីការវិនិយោគដីធ្លីក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ស្ថិតក្នុងរង្វង់១២ភាគរយប្រចាំឆ្នាំ ខណៈបណ្តាខេត្តនានាមានកំនើនផងដែរ ប៉ុន្តែតិចឬច្រើនអាស្រ័យលើសក្តានុពលតំបន់និមួយៗ។

លោកស្រីបន្តថា “ផលចំណេញពីការវិនិយោគផ្នែកដីធ្លី នៅតែមានភាពល្អប្រសើរ សំរាប់រយៈពេល១០ឆ្នាំខាងមុខ ដោយសារកម្ពុជាមានការអភិវឌ្ឍលឿន មានការវិនិយោគច្រើនលើហេដ្ឋារចនាសម្ព័ន្ឋពីរដ្ឋាភិបាល”។

ជាមួយគ្នានេះ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រាសាសន៍ឲ្យដឹងផងដែរថា ផលចំណេញពីការវិនិយោគដីធ្លីនៅរាជធានីភ្នំពេញខ្ពស់ ដោយសារគោលនយោបាយអភិវឌ្ឍន៍របស់រដ្ឋាភិបាល ការពង្រីកទីក្រុងជាបន្តបន្ទាប់ តម្លៃដីធ្លីនៅកម្ពុជាមានកម្រិតទាប ធៀបជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន។

លោកបន្តថា “ដីធ្លីនៅទីក្រុងនឹងកើនឡើង៥ដងទៀតនាពេលអនាគត ហើយតម្លៃដីនៅជាយក្រុងនឹងកើនឡើងកាន់តែច្រើនជាងនេះ អាស្រ័យលើទីតាំង និងសក្តានុពលរបស់តំបន់និមួយៗ”៕

ផ្លូវល្បឿនលឿនភ្នំពេញ បាវិតនឹងបញ្ចប់ការសិក្សានឹងបញ្ចប់ចុងឆ្នាំនេះ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានថ្លែងថា ផ្លូវល្បឿនលឿនភ្នំពេញ បាវិតនឹងបញ្ចប់ការសិក្សានៅដំណាច់ឆ្នាំនេះ។

លោកបានមានប្រសាសន៍៍ និងកំពុងផ្សាយផ្ទាល់តាមប្រព័ន្ឋបណ្តាញទំនាក់ទំនងសង្គមfacebook នាព្រឹកថ្ងៃទី២១ មិថុនានេះថា ផ្លូវល្បឿនលឿនភ្នំពេញ បាវិត មានសារៈសំខាន់ណាស់។ ផ្លូវនេះនឹងបញ្ចប់ការសិក្សាដោយនឹងដឹងថា ចំណាយទុនប៉ុន្មាន ហើយចាប់ផ្តើមសិក្សានាពេលណា យើងនឹងដឹងនៅពេលសិក្សាបញ្ចប់។

លោកបន្តថា “មានផ្កូវល្បឿនលឿនទី១ គឺមានទី២ហើយ ប៉ុន្តែយើងត្រូវរង់ចាំការសិក្សាថាអស់ទុនប៉ុន្មាន ដើម្បីសាងសង់ផ្លូវសំខាន់នេះ”។

កន្លងមកទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន(JICA)បានសិក្សាលើការសាងសង់ផ្លូវនេះរួចហើយ ដោយត្រូវចំណាយទុន៣៨០០លានដុល្លារអាមេរិក ប៉ុន្តែបច្ចុប្បន្ននេះក្រុមហ៊ុនចិនកំពុងសិក្សាផ្លូវនេះឡើងវិញ៕

កម្ពុជាចាប់ផ្តើមបើកដំណើរការរោងចក្រទាញយកមាសលើកដំបូងនៅថ្ងៃនេះ

ដោយៈ ម៉ាណេត

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងរ៉ែនិងថាមពល ជាសេនាធិការ នៅព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១នេះ នឹងប្រារព្ធពីធីបើកដំណើរការចម្រាញ់មាសលើកដំបូង របស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី ដែលពិធីបើកដំណើរការចម្រាញ់មាសលើកដំបូងនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃក្រកម្ពុជាធ្លាប់មានប្រសាសន៍ តាមរយៈសារលិខិតផ្ញើជូនជនរួមជាតិ នាពេលកន្លងមកនេះថា ក្រុមហ៊ុនដែលអនុញ្ញាឱ្យធ្វើអាជីវកម្មរ៉ែមាសនេះ មានឈ្មោះថា រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited ជាក្រុមហ៊ុនអូស្ត្រាលី។ ក្រុមហ៊ុននេះ បានសិក្សាស្រាវជ្រាវស្វែងរុករកអស់រយៈពេលប្រមាណ១៤ឆ្នាំមកហើយ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានបន្ថែមថា ការសិក្សាបានបង្ហាញថា រ៉ែមាសដែលក្រុមហ៊ុនបានសិក្សារួចមកនោះ គឺអាចផលិតមាសសុទ្ធបានប្រមាណ៣តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំដំបូង។ ក្រុមហ៊ុនរំពឹងថានឹងអាចពង្រីកលទ្ធភាពអាជីវកម្មបន្ថែមទៀត ក្រោយរយៈពេលដំបូងនេះ។

សម្តេចតេជោ ក៏បានបញ្ជាក់ដែរថា មុននឹងឈានដល់ការទទួលបាននូវសមិទ្ធផលដ៏វិសេសវិសាលនេះ រាជរដ្ឋាភិបាល និងក្រុមហ៊ុនបានពុះពារក្នុងការសិក្សាស្រាវជ្រាវជម្រករ៉ែមាស ដើម្បីអាចឈានទៅដល់ការធ្វើអាជីវកម្មបាន ព្រោះត្រូវចំណាយពេលវេលានិងថវិកាជាច្រើន ហើយលំបាកនៅក្នុងការវាយតម្លៃលក្ខខណ្ឌ សេដ្ឋកិច្ចនិងបច្ចេកទេសអាជីវកម្មធនធានរ៉ែឱ្យត្រឹមត្រូវតាមនិយាមអន្តរជាតិ។

សម្តេចតេជោ បានឱ្យដឹងផងដែរថា រ៉ែមាសដែលក្រុមហ៊ុនធ្វើអាជីវកម្មនេះ នឹងផ្តល់ផលប្រយោជន៍ ជាចំណូលដុលជាមធ្យមប្រមាណ១៨៥លានដុល្លារក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗជាមធ្យមប្រមាណ ៤០លានដុល្លារ ក្នុងមួយឆ្នាំ។

សម្តេចតេជោ បានគូសបញ្ជាក់ទៀតថា ថវិកាទាំងនេះនឹងត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការចាប់ផ្តើមអាជីវកម្មរ៉ែមាសនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ការខិតខំរបស់រាជរដ្ឋាភិបាល នាពេលកន្លងមកនៅក្នុងវិស័យរ៉ែ ពិតជាអាចទាញយកធនធានធម្មជាតិក្រោមដី មកបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិយើងបានប្រកបដោយ ការទទួលខុសត្រូវខ្ពស់ លើការការពារផលប្រយោជន៍បរិស្ថាន និងសង្គម៕

តើកត្តាអ្វីខ្លះកំពុងជម្រុញសក្តានុពលខណ្ឌចំនួន២នៅភាគខាងត្បូងនៃទីក្រុងភ្នំពេញ?

ដោយគង់ សូរិយា

ភ្នំពេញៈ ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានមើលឃើញថា ខណ្ឌចំនួន២នៅភាគខាងត្បូង នៃទីក្រុងភ្នំពេញនាពេលបច្ចុប្បននេះ បាននឹងកំពុងសក្តានុពល និងរីកចំរើនខ្លាំង លើវិស័យសំណង់ និងអចលនទ្រព្យ បើធៀបជាមួយនឹងបណ្តាទិសផ្សេ​ងទៀត។

លោកស្រីចេវ សុឃុនអតីតៈប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានមានប្រសាសន៍ប្រាប់គេហទំព័រ Propertyarea.asia កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ខណ្ឌចំនួនពីរ ដែលលោកស្រី មើលឃើញដែលកំពុងមានសក្តានុពល លើវិស័យអចលនទ្រព្យនេះ គឺខណ្ឌមានជ័យ និង ខណ្ឌដង្កោរ របស់រាជធានីភ្នំពេញ។

លោកស្រីថ្លែងថា “តំបន់ដែលមានសក្តានុពលខ្លាំង នាពេលបច្ចុប្បន្ននេះយើ​ងឃើ​ញនៅតំបន់ភាគខាងត្បូងមានសន្ទុះខ្លាំង ជាពិសេសនៅខាងខណ្ឌដង្កោរ ក៏ដូចជានៅខាងងខណ្ឌមានជ័យ នៅតំបន់គម្រោងផ្សារទំនើបអេអន៣ (តំបន់ផ្លូវ៦០ម៉ែត្រ) ដែលអ្នកអភិវឌ្ឍន៍មួយចំនួនកំពុងអនុវត្តគម្រោងធំៗរបស់ខ្លួន”។

លោកស្រីបន្ថែមថា នៅតំបន់នេះ មានគម្រោងអភិវឌ្ឍន៍ធំៗជាច្រើន ដែលបាននិងកំពុងដុះឡើង និងកំពុងអភិវឌ្ឍន៍ ដែលនឹងជួយឱ្យវិស័យអចលនទ្រព្យ កាន់តែមានសន្ទុះរីកចំរើនកាន់តែខ្លាំង តែយ៉ាងណានៅតំបន់ផ្សេងៗ ទៀតក៏មានការរីកចំរើនផងដែរ។

ជាមួយគ្នានេះ លោកស្រីតាំង ហ៊ួរ នាយិការក្រុមហ៊ុនអចលនទ្រព្យ Amatak Property Service ធ្លាប់បានឱ្យដឹងដែរថា តំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញបាន និងកំពុងរីកចំរើនខ្លាំង លើវិស័យអចលនទ្រព្យច្រើន ជាងបណ្តាជាយក្រុងនានា ជាពិសេសតំបន់ផ្លូវ៦០ម៉ែត្រ ឬមហាវិថីសម្តេចតេជោហ៊ុនសែន ដោយសារមានគម្រោងធំៗជាច្រើនទៅកាន់ទីនោះ។

លោកស្រីបន្តថា “តំបន់ផ្លូវ៦០ម៉ែត្រ ហាក់មានសកម្មភាពរស់រវើកខ្លាំងជាង ដោយ​សារតែតំបន់នេះ មានគម្រោងធំៗជាច្រើន កំពុងរីកដុះដាល់នៅតំបន់នេះ ជាពិសេសមានគម្រោងផ្សារទំនើប AEON Mall៣ ដោយពេលខ្លះ អ្នកវិយោគស្វែងរកទិញនៅតំបន់នេះមិនបាន ព្រោះវាមានតម្លៃខ្ពស់”។

ទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោកយិន លាងគង់បានមានប្រសាសន៍ថា ការរីកចម្រើនភាគខាងត្បូងក្រុងភ្នំពេញ មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែវាកើតឡើងដោយលក្ខខ័ណ្ឌមួយចំនូនដូចជា ការរីកចម្រើននៃនគរូបនីយកម្ម ការកើនឡើងនូវចំនួនប្រជាពលរដ្ឋចូលមករស់នៅក្រុងភ្នំពេញ (កត្តាប្រជាសាស្រ្ត) ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋធំៗរបស់រដ្ឋាភិបាល ដូចជា ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ផ្លូវក្រវ៉ាត់ក្រុងទី៣ ជាពិសេសតំបន់ភាគខាងត្បូងទីក្រុងភ្នំពេញ មានហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់ទៅ​កាន់បណ្តាញផ្កូវជាតិធំៗជាច្រើន ដូចជាផ្លូវជាតិលេខ២ ផ្លួវជាតិលេខ៣ ផ្លូវជាតិលេខ៤ជាដើម។

លោកបន្តថា “ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ ដោយសារកត្តាសុខសន្តិភាព ពិតជាតម្លៃស្នូលមិនអាចខ្វះបាន ដែលជំរុញឲ្យប្រទេសកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័​ស និងឈានទៅកាន់លំដាប់ថ្មីមួយទៀត”៕

លោកយិន លាងគង់ៈ គួរអានព៌តមានឲ្យបានច្រើនដើម្បីដឹងពីតិចនិកនៃការវិនិយោគក្នុងវិស័យអចលនទ្រព្យ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ព៌តមានដើរតួនាទីសំខាន់ណាស់ នៅក្នុងមុខជំនួញឬការវិនិយោគលើវិស័យអចលនទ្រព្យ ដែលអ្នកវិនិយោគឆ្លាតវៃតែងតែយកពេលវេលា តាមដានព៌តមាន និងការវិវត្តនៃសេដ្ឋកិច្ចសង្គម។

លោកយិន លាងគង់ស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia និងគេហទំព័រ Cambodiafinancialtimes.com បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទថា ការដឹងពីមូលដ្ឋានព៌តមានជាក់លាក់ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីយកមកធ្វើជាមូល​ដ្ឋានវិភាគ ពិចារណា មុនសម្រេចចិត្តវិនិយោគនៅតំបន់ណាមួយ ព្រោះអ្នកសារព៌តមានបានធ្វើការជិតស្និទ្ឋជាមួយមន្រ្តីរដ្ឋាភិបាល ដែលពួកគេអាចច្បិចនិងចាប់យកមូលដ្ឋានព៌តមានយកមកចែកជូន លោកអ្នកបានដឹង។

លោកបន្តថា “ជាឧទាហរណ៍គេហទំព័រ Propertyarea.asia តែងតែនាំមុខគេលើព៌តមានធំៗដូចជា គម្រោងព្រលានយន្តហោះអន្តរជាតិខេត្តមណ្ឌលគិរី គំរោងព្រលានយន្តហោះខេត្តកោះកុង គំរោងផ្លូវក្រវ៉ាត់ក្រុងទី៣ ក្រវ៉ាត់ក្រុងទី៤ និងគំរោងអភិវឌ្ឈន៍ជាច្រើនទៀត យើងតែងតែនាំមុខគេ”។ លោកបន្តថា “ដោយសារល្បឿន ព៌តមានអាចទុកចិត្តបា​ន និងឈរលើមូលដ្ឋានក្រមសីលធ៌មវិជ្ជាជីវៈ ទើបយើងទទួលបានទំនុកចិត្តខ្ពស់ពីមិត្តអ្នកអានជាតិ អន្តរជាតិ”។

លោកយិន លាងគង់បានបន្តថា ដោយឆ្លងកាត់បទពិសោធន៍ជាង២០ឆ្នាំ លើវិស័​យសារគមនាគមន៍ (វិស័យសារព៌តមាន) យើងបាននិងកំពុងនាំមកនូវមូលដ្ឋានព៌តមានថ្មីៗ ចំណេះដឹង អត្ថបទវិភាគស៊ីជម្រៅកម្រិតជាតិ និងអន្តរជាតិសម្រាប់អ្នកអាន។ ដោយបដិសេធមិនផ្សព្វផ្សាយព៌តមានបំពុល បំប៉ោង បំភ្លៃ ទើបយើងអាចឈរជើងបានក្នុងសមរភូមិព៌តមាននាពេលនេះ។

លោកបន្តថា ការអានព៌តមានជាប្រចាំ ក៏អាចធ្វើឲ្យលោក អ្នកបានដឹងពីព្រឹត្តិការ​ណ៍ជាតិ និងអន្តរជាតិធំៗ ពិសេសមូលដ្ឋានវិភាគលើបញ្ហានយោបាយ សេដ្ឋកិច្ច សង្គម​នានានៅជុំវិញពិភពលោកផងដែរ។

លោកយិន លាងគង់បានបន្តថា ហេតុនេះការអានព៌តមានជាប្រចាំ មុនសម្រេចចិត្តវិនិយោគលើដីធ្លី អចលនទ្រព្យដទៃទៀត ឬអភិវឌ្ឍន៍គំរោងអ្វីមួយ គឺជារឿងចាំបាច់ ដែលអ្នកវិនិយោគជាតិ អន្តរជាតិល្បីៗ និងជោគជ័យតែងតែធ្វើជាប្រចាំ ហើយពួកគេបានចាត់់ទុកព៌តមានជាអាហារប្រចាំថ្ងៃរបស់ពួកគេផងដែរ៕

វិស័យអចលនទ្រព្យក្នុងខេត្តចំនួន៣ទទួលបានផលវិជ្ជមានពីការសាងសង់ផ្លូវក្រវាត់ក្រុងទី៣ និងទី៤

ដោយៈ ប៊ី

ភ្នំពេញៈ វិស័យអចលនទ្រព្យនៅខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល និងផ្នែកខ្លះនៃខេត្តព្រៃវែងនឹងទទួលបានផលវិជ្ជមាន ពីការអភិវឌ្ឍផ្លូវក្រវាត់ក្រុងទី៣ និងទី៤ ដែលនឹងផ្ដល់សក្ដានុពលខ្ពស់ នៃការអភិវឌ្ឍន៍នៃទាំងសេដ្ឋកិច្ច និងវិស័យអចលនទ្រព្យ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកច្រឹក សុខនីម បានថ្លែងនៅចុងសប្តាហ៍កន្លងមកនេះថា ផ្លូវក្រវាត់ក្រុងទី៣និងទី៤ និងការអភិវឌ្ឍន៍មុំ ៣៦០ឌឺក្រេនៃទីក្រុងភ្នំពេញ នឹងផ្ដល់សក្ដានុពលខ្ពស់ នៃការអភិវឌ្ឍនៃសេដ្ឋកិច្ច និងវិស័យអចលនទ្រព្យតំបន់៣នេះ រួមមានខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល និងផ្នែកខ្លះនៃខេត្តព្រៃវែងជាដើម។

លោកបានថ្លែងថា “អ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យ គួរវិនិយោគនៅតំបន់ជាយក្រុងភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួនទៀត ដែលកំពុងផ្សារជាប់ជាមួយរាជធានីភ្នំពេញ ដូចជាខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល ផ្នែកខ្លះនៃខេត្តព្រៃវែង ដែលជាតំបន់ និងខេត្តមានសក្ដានុពលខ្ពស់ ព្រមទាំងអភិវឌ្ឍន៍លឿន”។

លោកបានបន្ថែមថា “ដោយសារតែខេត្ត និងតំបន់ទាំងនេះជាកន្លែង ដែលផ្សារជាប់ដោយផ្លូវក្រវាត់ក្រុងទី៣ ទី៤ និងការអភិវឌ្ឍន៍មុំ ៣៦០ឌឺក្រេនៃរាជធានីភ្នំពេញ ដូច្នេះតំបន់ទាំងអស់នេះនឹងផ្ដល់សក្ដានុពលខ្ពស់ នៃការអភិវឌ្ឍន៍នៃសេដ្ឋកិច្ច និងវិស័យអច​លនទ្រព្យ”។

ជាមួយគ្នានេះដែរលោកបានឱ្យដឹងថា ក្រៅអំពីរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដែលបាន និងកំពុងមានសក្ដានុពលខ្ពស់ទាំងផ្នែកអចលនទ្រព្យ និងវិស័យទេសចរណ៍ គឺមានខេត្តកែប សៀមរាប និងខេត្តកំពត ដែលជាខេត្តដែលមានសក្ដានុពលខ្ពស់ និងជាខេត្តដែលទាក់ទាញភ្ញៀវទេសចរ និងជំរុញដល់វិស័យអចលនទ្រព្យ។

លោកសុខនីមបានបន្ដថា នៅក្នុងខេត្តកែប មានការអភិវឌ្ឍន៍លំនៅដ្ឋានមួយចំនួនធំ ពិសេសរីស៊តតូចៗ កំពុងមានវឌ្ឍនភាព រីឯខេត្តកំពតក៏ចាប់ផ្ដើមឡើងពីកំពង់ផែ ជាផ្នែកតូចមួយ សម្រួលការដឹកជញ្ជូន។ ចំណែកខេត្តសៀមរាប ជាខេត្តដែលផ្ដល់សក្ដានុពលខ្ពស់ ក្នុងការទទួលភ្ញៀវទេសចរ រាប់លាននាក់ក្នុងមួយឆ្នាំៗ។

លោកបានឱ្យដឹងទៀតថា មានកត្តាជាច្រើនធ្វើឲ្យខេត្តទាំងនេះ មានសក្ដានុពលខ្ពស់លើវិស័យទេសចរណ៍ ខេត្តសម្បូរដោយធនធានធម្មជាតិ មានប្រាសាទដែលជាកេរ្ដិ៍តំណែលពីដូនតា៕

លោកឧកញ៉ាតេង រិទ្ធីបោះទុនជាង៣០លានដុល្លារសាងសង់បុរីនៅជិតទីរួមខេត្តត្បូងឃ្មុំ

ដោយស៊ីវ ម៉េង

ត្បូងឃ្មុំៈ ដោយមើលឃើញសក្តានុពលនៃតំបន់មួយ ស្ថិតនៅក្បែរទីរួមខេត្តត្បូងឃ្មុំ លោកឧកញ៉ាតេង រិទ្ធីអគ្គ បានសម្រេចចិត្តបោះទុនវិនិយោគ ជាង៣០លានដុល្លារសាងសង់បុរី Krek City Garden។

បុរីដែលផ្តោតចម្បង លើសំណង់ស្ថាបត្យកម្មបែបឆ្លាតវៃ ដែលផ្តល់នូវផាសុខភាពដល់អ្នករស់នៅ ជាមួយនឹងសំណង់ប្រកបដោយសោភ័ណភាព ទាក់ទាញ និងផាសុខភាព។

លោកឧកញ៉ាតេង រិទ្ធីម្ចាស់បុរី Krek City Gardden និងជាស្ថាបត្យករ ដែលបានបញ្ចប់ការសិក្សាលើជំនាញស្ថាបត្យកម្ម នៅក្រៅប្រទេសបានមានប្រសាសន៍៍ឲ្យដឹងថា ការសាងសង់បុរីដែលមានផ្ទៃដីជិត២០ហិកតា នាពេលបច្ចុប្ប​ន្ននេះ យើងផ្តោតសំខាន់លើគុណភាព សោភ័ណភាព និងផាសុខភាពដល់ការរស់នៅរបស់អ្នករស់នៅក្នុងបុរីនេះ។

លោកបន្តថា “បុរីនេះផ្តោតសំខាន់លើសំណង់ជាពិសេស ដោយផ្តោតលើលំហរនៃការប្រើប្រាស់ក្នុងការរស់នៅ លំហណាមិនប្រើប្រាស់ យើងមិនផលិតវាឡើងនោះទេ។ ឧទាហរ​ណ៍ផ្ទះអាជីវកម្មរបស់យើង យើងមិនធ្វើឡៅតឿនោះទេ ដោយសារវាមិនមានលំហរគ្រប់គ្រាន់ ដែលមើលទៅមានសភាពចង្អៀត និងមិនមានខ្យល់ចេញចូលគ្រប់គ្រាន់”។ លោកបន្តថា “ជំនួសជាន់ឡៅតឿ យើងបានធ្វើឡើងមួយជាន់ទៀត ពិសេសទំហំផ្ទះយើងសាងសង់ទទឹង៤,៥ម៉ែត្រ ដើម្បីមានលំហគ្រប់គ្រាន់ ធ្វើឲ្យផ្ទះមានភាពទូលាយ និងធ្វើឲ្យបរិ​យាកាសក្នុងផ្ទះត្រជាក់ និងមានភាពសុខដុម”។

ជាមួយគ្នានេះ ជណ្តើរផ្ទះក៏យើងមិនធ្វើចោទខ្លាំងនោះទេ ហេតុនេះទើបយើងធ្វើជណ្តើរមិនឲ្យមានការបាំងផ្ទះ ដែលកាំនិមួយៗមានកំពស់ល្មម និងមិនហត់ និងងាយស្រួលឡើងចុះ មិនលំបាកចោទខ្លាំងធ្វើឲ្យមានគ្រោះថ្នាក់នោះឡើយ។

លោកបណ្ឌិតតេង រិទ្ឋីបានបញ្ជាក់ថា “ហេតុនេះនៅក្នុងប្លង់ស្ថាបត្យកម្ម យើងមិនគិ
តតែពីផលចំណេញមួយមុខទេ ប៉ុន្តតែយើងគិតដល់គុណភាពជីវិត ធ្វើយ៉ាងណាឲ្យអ្នករស់នៅមានភាពងាយស្រួល កក់ក្តៅ ប្រកបដោយផាសុខភាព និងសុខដុមរមនាក្នុងលំ​នៅដ្ឋាន”។លោកបន្តថា “យើងផ្តោតលើអ្វីដែលស្អាត និងប្រើប្រាស់មានភាពងាយស្រួល​ ព្រោះអ្វីយើងផ្តោតលើស្ថាបត្យកម្មមានភាពងាយស្រួល ប៉ុន្តែអ្នកសាងសង់ខ្លះមិនផ្តោតលើពន្លឺក្នុងផ្ទះនោះទេ ដោយធ្វើបង្អួចតូចៗ ដែលមិនផ្តល់ពន្លឺនិងខ្យល់អាកាសចេញ​ចូលបានស្រួលឡើយ”។

ផ្ទះខ្លះយើងបានសាងសង់ចិញ្ចើមមុខផ្ទះ នៅសល់១៥ម៉ែត្រ ខ្លះ៣៥ម៉ែត្រ ដែលមានសួនច្បារ និងដាំដើមឈើខៀវស្រងាត់ ពិសេសមានផ្លូវថ្មើជើង កន្លែងហាត់ប្រាណ និងផ្សារដែលមានស្តង់ទំហំធំៗចាប់ពី៣ម៉ែត្រ គុណនឹង៣ម៉ែត្រ និងទំហំ៤ម៉ែត្រ គុណនឹង​៤ម៉ែត្រ ដោយផ្តោតលើភាពស្អាត អនាម័យជាមួយមុខទំនិញសម្បូរបែប ដោយបើកលក់ពេលព្រឹក ថ្ងៃត្រង់ រហួតដល់ពេលរាត្រី។

លោកបណ្ឌិតតេង រិទ្ឋីបានបន្តឲ្យដឹងទៀតថា ជាមួយនឹងផ្តោតការលើបរិយាកាសនៃ​ការរស់នៅ បែបផែនជីវិតសម័យថ្មី បរិបទនៃការប្រែប្រួលអាកាសធាតុ ស្ថាបត្យកម្មសំណង់បុរី Krek City Garden ក៏បានគិតពីពីបែបផែនសំណង់ស្ថាបត្យកម្ម ដែលឆ្លើយតប​នឹងលក្ខខ័ណ្ឌភូមិសាស្រ្ត នគរូបនីយកម្ម និងលក្ខខ័ណ្ឌអាកាសាធាតុផងដែរ។លោកបន្តថា ជាមួយនឹងការគិតគូយ៉ាងចម្បងនេះ ការសាងសង់លំនៅដ្ឋានក្នុងបុរីនេះ បានធ្វើកំពស់រហូតដល់៦ម៉ែត្រ គិតពីជាន់ក្រោមដល់ជាន់ទី១ ដែលធ្វើឲ្យអ្នករស់នៅដកដង្ហើមស្រួល សម្រាកលំហែរ នេះជាអ្វីដែលប្រជាពលរដ្ឋចង់បាន។

លោកបន្តថា “នេះជាភាពច្នៃប្រឌិត និងទស្សនវិស័យវែងឆ្ងាយ ដែលធ្វើឲ្យយើងមានផលចំណេញតិច ប៉ុន្តែយើងគិតពីជីវិត ព្រោះយើងមិនចង់ឲ្យប្រជាជនដកដង្ហើមក្នុងប្រអប់ទេ វាមានគ្រោះថ្នាក់់ណាស់ដល់សុខភាព ហើយប្រជាជនយើងបច្ចុប្បន្នកំពុងប្រឈ​មបញ្ហានេះ”។ លោកបន្តថា “បន្ទប់ទឹកក៏ជាប្រភពនៃបញ្ហាផងដែរ ព្រោះវាយើងរៀបចំមិនបានល្អ វានឹងធ្វើឲ្យសាយភាយខ្យល់កខ្វក់ និងសាយភាយមេរោគ ដែលប៉ះពាល់ដល់សុខភាពដល់អ្នករស់នៅ”។

លោកបណ្ឌិតតេង រិទ្ឋីបានបន្តទៀតថា គំរោងធំៗដែលលោកបានចូលរួមដេញថ្លៃកន្លងមក គឺយើងឈ្នះលើ Master Plan ហ្នឹងតែម្តង ដោយយើងបានឌីសាញផ្លូវនិមួយៗមានទំហំធំ ផ្លូវមិនទាល់ ជាក់ស្តែងនៅបុរី Krek City Garden មានផ្លូវព័ទ្ឋជុំវិញ មិនទាល់ឡើយ ហើយមានផ្លូវរំដោះចរា​ចរណ៍ ករណីមានអគ្គិភ័យនៅប្លុកណាមួយកើតឡើង។ លោកបន្តថា ពីផ្លូវមួយទៅផ្លូវមួយពីអាគារមួយ ទៅអាគារមួយមានប្រវែង៥០ម៉ែត្រ ដែលធ្វើឲ្យបរិយាកាស នៃការរស់នៅមានខ្យល់ចេញចូល ដែលផ្ទះខ្លះមានមុខផ្ទះចន្លោះ១៥ ទៅ៣៥ម៉ែត្រ។

លោកបន្តថា “ខ្ញុំចង់ផ្តល់បរិយាកាសរស់នៅ ដូចនៅប្រទេសជឿនលឿននានាដូចជាអាមេរិក បារាំងជាដើម ជាក់ស្តែងទីក្រុងឌូបៃពីអាគារមួយ ទៅអាគារមួយជាមួយផ្លូវកាត់ទទឹងមានប្រវែង២០០ម៉ែត្រ”។ លោកបន្ថែមថា “ហេតុនេះទើបខ្ញុំសង់ផ្លូវធំៗ ព្រោះទស្សនរបស់ខ្ញុំ មានផ្លូវធំ គឺមានក្តីសង្ឃឹមធំ”៕

រោងចក្រសហគ្រាសជាច្រើនបានចាប់ផ្តើមបង្ហាញវត្តមាននៅផ្លូវជាតិលេខ៥១

ដោយៈគង់ សូរិយា

កណ្តាលៈ បណ្តារោងចក្រ សហគ្រាសជាច្រើនបាន និងកំពុងបង្ហាញវត្តមាននៅលើផ្លូវជាតិលេខ៥១ ស្ថិតក្នុងស្រុកពញ្ញាឮ និងស្រុកអង្គស្នូល ខេត្តកណ្តាល ជាតំបន់ដែលមន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការបង្ហើបថា ផ្លូវក្រវ៉ាត់ក្រុងទី៤អាចចាប់ផ្តើមចេញពីតំបន់នេះ។

ទីប្រឹក្សាសមាគមអចកនទ្រព្យសកល លោកយិន លាងគង់បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី២០ មិថុនាកន្លងមកថា ដោយសាររដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញគោលនយោបាយថ្មី ដោយរុញរោងចក្រ សហគ្រាសចេញពីរាជធានីភ្នំពេញ បានធ្វើឲ្យរោងចក្រ សហគ្រាសនានាបានចាប់យកទីតាំងផ្លូវជាតិលេខ៥១ ផ្លូវជាតិលេខ៤១ និងផ្លូវជាតិលេខ៤៤ជាមូលដ្ឋានផលិតកម្មរបស់ពួកគេជំនួសវិញ។

លោកបន្តថា “មូលដ្ឋានផលិតកម្មនៃរោងចក្រ សហគ្រាសនៅលើផ្លូវសំខាន់ៗទាំងនេះ ពិតជាមិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែផ្លូវសំខាន់ៗទាំងនេះបានក្លាយជាច្រកចេញសំខាន់ ទៅកាន់ផ្លូវជាតិសំខាន់ៗជាច្រើន ដូចជា ផ្លូវជាតិលេខ៣ លេខ៤ ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុជាដើម”។

លោកយិន លាងគង់បានបន្តថា ការណ៍នេះហើយ បានធ្វើឲ្យតម្លៃដីធ្លីនៅលើផ្លូវជាតិសំខាន់ៗទាំងនេះ កើនឡើងក្នុងរង្វង់៥ដង ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ដោយ​បច្ចុប្បន្នដីនៅលើបណ្តោយផ្លូវនេះ មានតម្លៃចន្លោះពី៣៥ ទៅ១៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ គិតជាមធ្យម អាស្រ័យលើទីតាំង ទំហំដី និងសក្តានុពលនៃតំបន់និមួយៗ។

បច្ចុប្បន្នតំបន់ជុំវិញភ្នំឧត្តុង តំបន់ស្របតាមផ្លូវជាតិលេខ៥១ ស្ថិតក្នុងស្រុកពញ្ញាឮតម្លៃដីបានកើនឡើងយ៉ាងគំហុក ស្របពេលរោងចក្រ សហគ្រាសថ្មីៗកំពុងបង្ហាញខ្លួនត្រៀមត្រា ប៉ុន្តែបញ្ហាកង្វះកម្មករអាចក្លាយជាចំណោទមួយផងដែរនាពេលអនាគត។

លោកវ៉ី សំណាងអភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនផងដែរថា បច្ចុប្បន្នរដ្ឋបាលខេត្តជម្រុញការអភិវឌ្ឍ នៅលើផ្លូវជាតិសំខាន់ៗចំនួន៣ គឺផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៥១ និងផ្លូវជាតិលេខ៤៤ ដោយសារតំបន់នេះបានក្លាយជាមូលដ្ឋានចាប់អារម្មណ៍ខ្ពស់ពីអ្នកវិនិយោគជាតិ និងអន្តរជាតិ។

លោកបន្តថា “ការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ មានសារៈសំខាន់ណាស់ ដើម្បីធ្វើយ៉ាងណាឲ្យតំបន់នេះកាន់តែទាក់ទាញការវិនិយោគ”៕

រដ្ឋមន្ត្រីសេដ្ឋកិច្ចៈគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥ រៀបចំឡើងដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥ នឹងផ្ដោតលើសមាសធាតុចំនួន៥ ដែលនឹងក្លាយជាផ្នែកដ៏សំខាន់នៃក្របខណ្ឌផែនការស្តារសេដ្ឋកិច្ចឡើងវិញ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការទាក់ទាញវិនិយោគក្នុងស្រុក និងពីបរទេស ការជំរុញការបង្កើតធុរកិច្ចថ្មី ការបង្កើនផលិតភាព និងការលើកកម្ពស់ភាពប្រកួតប្រជែងសេដ្ឋកិច្ច។

លោកអូន ព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងដូច្នេះក្នុងរបា​យការណ៍ស្តីពី ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥ ដែលគេហទំព័រ Propertyarea.asia ទទួលបាននៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។

ក្នុងនីតិកាលទី៦ នៃរដ្ឋសភាដែលបានចាប់ផ្ដើមក្នុងឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ “យុទ្ធសាស្តចតុកោណ-ដំណាក់កាលទី៤” ដែលបានតម្រង់ទិសការអភិ​វឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈការពន្លឿនពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច និងការពង្រឹងភាពប្រកួតប្រជែង។

យុទ្ធសាស្ត្រនេះ បានចង្អុលយ៉ាងច្បាស់អំពីភាពចាំបាច់ ក្នុងការត្រៀមខ្លួន ដើម្បីចាប់យកសេដ្ឋកិច្ចឌីជីថល និងឆ្លើយតបទៅនឹង “បដិវត្តន៍ឧស្សាហកម្មទី៤” សំដៅទាញប្រយោជន៍ពីភាពរីកចម្រើននៃបច្ចេកវិទ្យា។ ឱកាស និងប្រយោជន៍ដែលផ្តល់ដោយបច្ចេកវិទ្យាឌីជីថល មិនបានកំណត់ត្រឹមតែវិស័យ ឬធុរកិច្ច ដែលពឹងផ្អែកផ្ទាល់លើបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវតម្លៃបន្ថែមដល់គ្រប់វិស័យនៃសេដ្ឋកិច្ចទាំងមូល។

លោកអូន ព័ន្ធមុនីរ័ត្នបានថ្លែងថា ជាក់ស្ដែង ស្ទើរគ្រប់វិស័យសេដ្ឋកិច្ច និងសង្គម បាន និងកំពុងទទួលរងឥទ្ធិពលពីបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល ហើយបាននិងកំពុងកែប្រែរបៀបនៃការធ្វើធុរកិច្ច ការធ្វើការងារ និងធ្វើឱ្យមានការផ្លាស់ប្ដូរទម្លាប់រស់នៅផងដែរ។ ក្នុងបរិបទនេះ ឌីជីថលូបនីយកម្មបានក្លាយជានិន្នាការដ៏មានឥទ្ធិពល និងជាកម្លាំងចលករជំរុញកំណើន សេដ្ឋកិច្ចតំបន់ និងសកលលោកក្នុងសតវត្សរ៍ទី២១នេះ។

ក្នុងទិសដៅ និងនិន្នាការខាងលើ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រគល់ភារកិច្ចជូន ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដឹកនាំសម្របសម្រួល និងរៀបចំក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា សម្រាប់ជាមគ្គុទេសក៍ក្នុងការអភិវឌ្ឍវិស័យនេះ តាមរយៈការធ្វើបរិវត្តកម្មសេដ្ឋកិច្ច និងសង្គមកម្ពុជា ទាំងមូលឲ្យស្របតាមនិន្នាការតំបន់ និងពិភពលោក។

ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា បានកំណត់យកនូវចក្ខុវិស័យ “កសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម ផ្អែកលើ ប្រក្រតីភាពតាមគន្លងថ្មី”។

ចក្ខុវិស័យនេះត្រូវសម្រេចឱ្យបានក្នុងរយៈពេល១៥ឆ្នាំ ចាប់ផ្តើមពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣៥ ហើយអនុលោមតាមគោលការណ៍ចំនួនបីគឺ: “ការកសាងមូលដ្ឋានគ្រឹះឌីជីថល-ការចាប់យកឌីជីថល ការធ្វើបរិវត្តកម្មឌីជីថល” ដែលក្នុងនោះរាល់វិធានការ គោលនយោបាយត្រូវអនុវត្តដំណាលគ្នា ប៉ុន្តែផ្តល់អាទិភាពទៅលើវិធានការ ដែលឆ្លើយតបទៅនឹងគោលការណ៍នីមួយៗ។

វាមានន័យថា បរិវត្តកម្មឌីជីថលគឺជាគោលដៅចុងក្រោយ ដែលសំដៅសម្រេចបាននូវការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល ដោយពឹងផ្អែកលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល យ៉ាងទូលំទូលាយក្នុងចំណោមភ្នាក់ងារសេដ្ឋកិច្ច និងគ្រប់សកម្មភាពសេដ្ឋកិច្ច ដែលផ្សារភ្ជាប់ មានអន្តរទំនាក់ទំនងជាមួយគ្នា និងបំពេញបន្ថែមឱ្យគ្នា។

លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានថ្លែងដូច្នេះថា “បន្ថែមលើនេះ ក្របខណ្ឌគោលនយោបាយនេះផ្ដោតលើសមាសធាតុចំនួនប្រាំ ដែលចែកចេញជាគ្រឹះចំនួនពីរ រួមមាន: (១)ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់បរិវត្តកម្មឌីជីថល និង (២)ការកសាងទំនុកចិត្ត និង ភាពជឿជាក់លើប្រព័ន្ធឌីជីថល និង សសរស្ដម្ភចំនួនបីរួមមាន: (១)ការកសាងពលរដ្ឋឌីជីថល, (២)ការកសាងរដ្ឋាភិបាល ឌីជីថល និង (៣) ការជំរុញធុរកិច្ចឌីជីថល”។

ឈរលើគោលគំនិត “ទាញយកប្រយោជន៍ពីសេដ្ឋកិច្ច និងសង្គមឌីជីថលឱ្យបានជាអតិបរមា ព្រមទាំងស្រូបយក និងកាត់បន្ថយផលប៉ះពាល់ ឬបច្ច័យអវិជ្ជមានឱ្យស្ថិតក្នុងកម្រិត អប្បបរមា” វិធានការគោលនយោបាយត្រូវបានរៀបចំ ទៅតាមសមាសធាតុនីមួ​យៗ គួបផ្សំនឹងការគិតគូរក្នុងទិដ្ឋភាព សេដ្ឋកិច្ច និងសង្គម ដើម្បីធានាបាននូវការកាត់បន្ថយបច្ច័យអវិជ្ជមានផងដែរ។

ស្ថិតនៅក្នុងបរិការណ៍នៃវិបត្តិជំងឺកូវីដ-១៩ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥ នឹងក្លាយជាផ្នែកដ៏សំខាន់ នៃក្របខណ្ឌផែន​ការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការទាក់ទាញវិនិយោគក្នុងស្រុក និងពីបរទេស ការជំរុញការបង្កើតធុរកិច្ចថ្មី ការបង្កើនផលិតភាព និងការលើកកម្ពស់ភាពប្រកួតប្រជែងសេដ្ឋកិច្ច។

ក្នុងន័យនេះ ការអនុវត្តក្របខណ្ឌគោលនយោបាយនេះ ចាំបាច់ត្រូវមានការចូលរួមប្រកបដោយស្មារតីម្ចាស់ការ កិច្ចសហការគ្នា និងការទទួលខុសត្រូវខ្ពស់របស់ក្រសួងស្ថាប័នពាក់ព័ន្ធ, វិស័យឯកជន និង ប្រជាពលរដ្ឋទាំងអស់។ លើសពីនេះ កម្ពុជា ក៏ត្រូវចូលរួមក្នុងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រ ក៏ដូចជាគំនិតផ្តួចផ្តើមឌីជីថលអន្តរជាតិស្តីពីសេដ្ឋកិច្ច សង្គម ធុរកិច្ចហិរញ្ញវត្ថុ ការសិក្សាស្រាវជ្រាវ ការប្រើប្រាស់ ព្រមទាំងការអភិវឌ្ឍបច្ចេកវិទ្យា និងសន្តិសុខតាម ប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។ ប្រការនេះ ទើបអាចធានាបាននូវការសម្រេចជោគជ័យ តាមការរំពឹងទុក៕

ការស្វែងទិញដីធ្លីទាំងសម្រាប់ការវិនិយោគនិងអភិវឌ្ឍន៍ចាប់ផ្ដើមមានភាពមមាញឹកឡើងវិញ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ទោះបីជាស្ថានភាពនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជានៅតែមានស្ថានភាពធ្ងន់ធ្ងរក្ដី តែបើក្រលេកទៅមើលស្ថានភាពអាជីវកម្ម ចរាចរណ៍ និងការធ្វើមុខជំនួញនានា បានចាប់ផ្ដើមប្រសើរឡើងវិញ ក្នុងនោះ អ្នកស្វែងទិញដីធ្លីទាំងសម្រាប់ការវិនិយោគ ឬអភិវឌ្ឍន៍ក៏បានចាប់ផ្ដើមឡើងវិញជាមួយគ្នានេះដែរ។

ជាមួយគ្នានេះដែរ សកម្មភាពនៃការទិញលក់ដីធ្លីនៅក្នុងពេលនេះក៏ឃើញថា ចាប់ផ្ដើមមានកំណើនឡើងវិញផងដែរ។ ជាក់ស្ដែងបើតាមភ្នាក់ងារលក់ដីធ្លីជាច្រើនបានបង្ហាញថា ខ្លួនចាប់ផ្ដើមមានការមមាញឹកឡើងវិញហើយ បន្ទាប់ពីស្ងប់ស្ងាត់រយៈពេលជាង២ខែ ដោយសារតែការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

លោកជិន ណារិនភ្នាក់ងារអចលនទ្រព្យមួយរូបបានឱ្យដឹងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះថា កាលពីពេលដែលរដ្ឋាភិបាលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ រូបលោកក៏ដូចជាក្រុមការងារដទៃទៀត មិនបានចេញទៅណាមកណា ឬជូនភ្ញៀវមើលដីធ្លីនោះឡើយ ព្រោះពេលនោះភ្ញៀវក៏មិនហ៊ានចេញដែរ ព្រោះខ្លាចខុសបម្រាមរដ្ឋាភិបាល តែនៅពេលរដ្ឋាភិបាលប្រកាសបើកចរាចរណ៍ និងសកម្មភាពអាជីវកម្មឡើងវិញ រូបលោក និងក្រុមការងារផ្សេងទៀតក៏បានចេញធ្វើសកម្មភាពស្វែងរកដីធ្លី សម្រាប់ផ្ដល់ព័ត៌មានជូនភ្ញៀវអ្នកទិញ។

កាលពីពេលថ្មីៗនេះ សាលារាជធានីភ្នំពេញក៏បានប្រកាសឱ្យអាជីវកម្មទាំងអស់នៅតាមផ្សាររដ្ឋនានាទូទាំងរាជធានីភ្នំពេញបើកដំណើរការឡើងវិញ ជាមួយនឹងវិធានការពាររបស់ក្រសួងសុខាភិបាល ដែលការបើកអាជីវកម្មទាំងនេះឡើងវិញ ធ្វើឱ្យអាជីវករ ដែលបាត់បង់ចំណូលកាលពីបិទខ្ទប់នោះ បានទទួលចំណូលត្រលប់មកវិញខ្លះៗ។

ប្រធានសមាគមសេដ្ឋកិច្ចឯករាជ្យក្រៅប្រព័ន្ធ លោកវន់ ពៅបានឱ្យដឹងថា ការបើកដំណើរការ អាជីវកម្មឡើងវិញគឺជារឿងល្អប្រសើរ សម្រាប់អាជីវករ ដែលពឹងលើអាជីវកម្មតែមួយមុខ ដែលអាចឱ្យពួកគេទទួលបានចំណូលត្រលប់មកវិញ តែយ៉ាងណាអាជ្ញាធរគួរតែមានវិធីក្នុងការទប់ស្កាត់ការឆ្លង និងចម្លងកូវីដ១៩បន្តទៀត ដើម្បីកុំឱ្យប៉ះពាល់ដល់អាជីវកម្មរបស់ពលរដ្ឋបន្តទៅទៀត។

យ៉ាងណាក៏ដោយបើក្រលេកមកមើលចំនួនអ្នកឆ្លងកូវីដ១៩នៅក្នុងប្រទេសកម្ពុជានៅពេលបច្ចុប្បន្ននេះ នៅតែមានតួលេខខ្ពស់ ហើយអ្នកស្លាប់ក៏មានជារៀងរាល់ថ្ងៃ តែរដ្ឋាភិបាលនៅតែបន្តអនុញ្ញាតឱ្យអាជីវកម្មមួយចំនួនបើកដំណើរការវិញនិងតម្រូវឱ្យមានការ ការពារត្រឹមត្រូវជាក់លាក់ បើពុំទេ បើសិនជាមានការឆ្លងកាន់តែមានទ្រង់ទ្រាយធំបន្តទៀត អាជីវកម្មអាចនឹងត្រូវរឹតបន្តឹងសាជាថ្មី ៕