រដ្ឋាភិបាលអូស្ត្រាលីដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់WTOជុំវិញការដាក់ពន្ធរបស់ចិនលើស្រាក្រហម

ដោយៈ គៀតឈូ

អូស្ត្រាលីៈ រដ្ឋាភិបាលអូស្ត្រាលីបានប្រកាសនៅថ្ងៃសៅរ៍នេះថា ប្រទេសអូស្រ្តាលីកំពុងដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់អង្គការពាណិជ្ជកម្មពិភព (WT0) លោកជុំវិញការដាក់កាតព្វកិច្ចពន្ធរបស់ប្រទេសចិន លើការនាំចេញស្រាក្រហមអូស្ត្រាលី។ នេះបើយោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១។

រដ្ឋាភិបាលអូស្ត្រាលីបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេច ដើម្បីការពារអ្នកផលិតស្រាហមអូស្រ្តាលី ធ្វើឡើង បន្ទាប់ពីវិធានការដាក់ទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក របស់អូស្រ្តាលី ដែលប្រឆាំងនឹងពន្ធរបស់ចិនលើស្រូវសាឡីរបស់ខ្លួន និងស្របតាមការគាំទ្ររបស់រដ្ឋាភិបាលចំពោះប្រព័ន្ធពាណិជ្ជកម្មដែលផ្អែកលើច្បាប់។

ប៉ុន្តែសេចក្តីថ្លែងការណ៍បានបន្ថែមថា “អូស្រ្តាលីនៅតែបើកចំហរក្នុងចូលរួមដោយផ្ទាល់ជាមួយប្រទេសចិន ដើម្បីដោះស្រាយបញ្ហានេះ”។

វិធានការនេះធ្វើឡើង គឺចំពេលមានភាពតានតឹងរវាងប្រទេសអូស្ត្រាលី និងដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួនហើយនឹងមានការព្រមានពីនាយករដ្ឋមន្រ្តីScott Morrison ថារដ្ឋាភិបាលរបស់លោកនឹងឆ្លើយតបទៅនឹងបណ្តាប្រទេស ដែលព្យាយាមប្រើ “ការគាបសង្កត់សេដ្ឋកិច្ច”។

ភាពតានតឹងនេះបានកើតឡើងត្រឹមតែមួយសប្តាហ៍ បន្ទាប់ពីកិច្ចប្រជុំកំពូលនៃប្រទេស G7 បានគាំទ្រការអំពាវនាវរបស់អូស្រ្តាលី ឱ្យមានជំហរតឹងរឹងជាងមុនប្រឆាំងនឹងការអនុវត្តពាណិជ្ជកម្មរបស់ចិន។Beijing has

ទីក្រុងប៉េកាំងបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងតឹងរឹងលើផលិតផលអូស្រ្តាលី ក្នុងប៉ុន្មានខែថ្មីៗនេះ រួមទាំងការដាក់ពន្ធគយ លើវិស័យកសិកម្ម ដូចធ្យូងថ្ម ស្រា និងទេសចរណ៍៕

រដ្ឋាភិបាលសិង្ហបុរីដាក់ឱ្យដេញថ្លៃទីតាំងមួយកន្លែងនៅតំបន់Marina Viewក្នុងតម្លៃចាប់ពី១,៥ពាន់លានដុល្លារ

ដោយៈ គៀតឈូ

សិង្ហបុរីៈ ក្រុមអ្នកវិភាគបាននិយាយថា ទីតាំងដីឡូតិ៍មួយកន្លែងនៅតំបន់ Marina View ដែលអនុញ្ញាតឱ្យការអភិវឌ្ឍន៍អចលនទ្រព្យ ត្រូវបានលក់ ជាមួយនឹងការដេញថ្លៃក្នុងតម្លៃចាប់ពី១.៥ពាន់លានដុល្លារ ដែលជាសញ្ញាបង្ហាញពីការកើនឡើងនៃតម្រូវការលំនៅដ្ឋានលំដាប់ខ្ពស់នៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាលសឹង្ហបុរី។

អាជ្ញាធរអភិវឌ្ឍន៍ទីក្រុងសិង្ហបុរី (URA) ដែលបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ (ថ្ងៃទី ១០ ខែមិថុនា) ថា ទីតាំងនេះត្រូវបានបើកដំណើរការសម្រាប់ការសាងសង់ហើយើ តែមិនបានដាក់ឈ្មោះអ្នកអភិវឌ្ឍដែលបានដាក់ពាក្យសុំសាងសងសង់នោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Straits Times នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១។

អាជ្ញាធរអភិវឌ្ឍន៍ទីក្រុងសឹង្ហបុរី នឹងបើកដំណើរលក់ ដោយការដេញថ្លៃជាសាធារណៈនៅថ្ងៃទី២៨ ខែមិថុនាខាងមុខ។

ក្រុមហ៊ុនអភិវឌ្ឍន៍បានដេញថ្លៃយ៉ាងហោចណាស់១.៥០ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង១.៣៧៩ដុល្លារក្នុងមួយម៉ែត្រហ្វីតសម្រាប់ដីឡូតិ៍មួយកន្លែងនេះ។

ដីមួយកន្លែងនេះនឹងអាចអនុញ្ញាតឱ្យសាងសង់លំនៅដ្ឋានឯកជនបានចំនួន៩០៥យូនីត ដែលមានផ្ទៃដីសរុប២០០០ម៉ែត្រការ៉េនៃទំហំពាណិជ្ជកម្ម និងអាចសាងសង់សណ្ឋាគារ៥៤០បន្ទប់ ។

ដោយមានទីតាំងពាណិជ្ជកម្ម នៅក្បែរស្ថានីយ Shenton Way MRT ទីតាំងនេះនៅតំបន់ Marina View នឹងតែទទួលបានអត្ថប្រយោជន៍ពីការអភិវឌ្ឍន៍តំបន់មាត់ទឹកភាគខាងត្បូងនាពេលអនាគត ដែលលាតសន្ធឹងពី Pasir Panjang ទៅ Marina East។

លោក Nicholas Mak ប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សាយោបល់នៅក្រុមហ៊ុនERA បានមានប្រសាសន៍ថា ទីតាំងលក់ដីរបស់រដ្ឋាភិបាល (GLS) ភាគច្រើននៅតំបន់ទីប្រជុំជន Marina Bay ភាគច្រើនត្រូវបានប្រើប្រាស់សម្រាប់ការអភិវឌ្ឍការិយាល័យ។

លោកបានបន្ថែមថា ប៉ុន្តែតំបន់ Marina View គឺខុសគ្នា ពីព្រោះដីមានច្រើនសម្រាប់ការអភិវឌ្ឍលំនៅដ្ឋាន និងសណ្ឋាគារ៕

សារមន្ទីរដ៏ប្រណីតមួយនឹងត្រូវសាងសង់សម្រាប់តម្កល់ឯកសារនានាពាក់ព័ន្ធនឹងដំណើរចេញតស៊ូរបស់សម្តេចតេជោ

ដោយៈ ប៊ី

ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ នឹងអញ្ជើញអធិបតីភាព ក្នុងការបញ្ចុះឋមសិលាសាងសង់សារមន្ទីរដ៏ប្រណីតមួយ ដើម្បីតម្កល់ឯកសារនានា ពាក់ព័ន្ធនឹងដំណើរចេញតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន។

សារមន្ទីរដ៏ប្រណីត ដែលមានឈ្មោះថា “សារមន្ទីរកោះថ្ម” នេះ នឹងត្រូវសាងសង់ឡើងនៅក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីតម្កល់ឯកសារនានា ពាក់ព័ន្ធនឹងដំណើរចេញតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ដើម្បីរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧។

សារមន្ទីរកោះថ្ម ត្រូវបានសាងសង់ឡើងក្រោមរចនាបថខ្មែរដែលមានក្បូរក្បាចគួរឱ្យទាក់ទាញ។ ភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាអតីតទីបញ្ជាការដ្ឋានវរសេនាធំតំបន់២១ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ហើយក៏ជាកន្លែងមូលដ្ឋានដែលសម្តេចតេជោ ហ៊ុន សែន បានឈរជើងផងដែរ។

ទីតាំងនេះហើយជាចំណុចចាប់ផ្តើមដែលសម្តេចតេជោ ហ៊ុន សែន បានភាសខ្លួនចូលទៅប្រទេសវៀតណាមស្វែងរកកិច្ចអន្តរាគមន៍ ដើម្បីរំដោះប្រទេស និងប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយឈានទៅការវាយផ្តួលរំលំដោយជោគជ័យនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។

សារមន្ទីរកោះថ្មនឹងក្លាយជាកន្លែងដែលតម្កល់នូវឯកសារ និងប្រវត្តិរឿងរ៉ាវពាក់ព័ន្ធប្រវត្តិតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន៕

ក្រុមហ៊ុនន័រវែស Adevinta និងក្រុមហ៊ុនយក្សអាមេរិក eBay ឆ្លងផុតឧបសគ្គចុងក្រោយសម្រាប់កិច្ចព្រមព្រៀងសហការតម្លៃ១៣ពាន់លានដុល្លារ

ដោយ សុខុម

ក្រុងអូស្លូ: ក្រុមហ៊ុនន័រវែស Adevinta ទម្លាយឱ្យដឹងកាលពីថ្ងៃសុក្រ ទី១៨ មិថុនាថា ខ្លួន និងក្រុមហ៊ុនយក្សអាមេរិក eBay ដែលជាក្រុមហ៊ុនពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce) ទទួលបានការអនុម័តពីក្រុមនិយ័តករដំណាក់ការចុងក្រោយហើយសម្រាប់កិច្ចព្រមព្រៀងចាប់ដៃគូសហការក្នុងអាជីវកម្មផ្សាយពាណិជ្ជកម្ម (Classified Ads) របស់ខ្លួនទូទាំងពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge Markets។

ស្ថិតក្រោមកិច្ចព្រមព្រៀងមួយចុះកាលពីឆ្នាំ២០២០ ក្រុមហ៊ុន Adevinta នឹងទិញយកក្រុមហ៊ុនបុត្រសម្ព័ន្ធ Classifieds Group របស់ក្រុមហ៊ុនមេ eBay ជាថ្នូរនឹងទឹកប្រាក់ចំនួន២,៥ពាន់លានដុល្លារ និងភាគហ៊ុនចំនួន៥៤០លានភាគហ៊ុន ដែលធ្វើឱ្យប្រតិបត្តិការជួញដូរនេះមានតម្លៃប្រហែល១៣ពាន់លានដុល្លារបើគិតពីតម្លៃទីផ្សារភាគហ៊ុនបច្ចុប្បន្ន។

ការអនុម័តពីនិយ័តករដំណាក់កាលចុងក្រោយនេះ គឺចេញពីស្ថាប័នឃ្លាំមើលការប្រកួតប្រជែងរបស់ប្រទេសអូទ្រីស ដោយឆ្លងផុតឧបសគ្គចុងក្រោយដែលរាំងស្ទះដល់កិច្ចព្រមព្រៀងនេះ ក្រោយទទួលបានការបើកភ្លើងខៀវពីអាជ្ញាធរទទួលបន្ទុកការប្រកួតប្រជែង និងទីផ្សារ (Competition and Markets Authority) របស់ប្រទេសអង់គ្លេស កាលពីដើមខែនេះ។

ក្រុមហ៊ុន Adevinta ដែលចុះបញ្ជីនៅក្រុងអូស្លូ បានចេញសេចក្តីថ្លែងការណ៍ថា “ក្រុមហ៊ុន Adevinta មានក្ដីសោមនស្សរីករាយសូមប្រកាសថា ប្រតិបត្តិការជួញដូរនេះអាចនឹងបញ្ចប់ជាស្ថាពរនៅថ្ងៃទី២៥ មិថុនា ដ៏ខ្លីខាងមុខនេះ”។

ប្រតិបត្តិការជួញដូរនេះធ្វើឱ្យម្ចាស់ភាគហ៊ុនធំជាងគេបំផុតរបស់ក្រុមហ៊ុនថ្មី eBay Adevinta កាន់កាប់ភាគហ៊ុនសរុប៤៤% និងទទួលបានសំឡេងឆ្នោតគាំទ្រ៣៣,៣% ហើយក្រុមហ៊ុនអាមេរិក eBay ទទួលបាន២អាសនៈនៅក្នុងប្រឹក្សានាយករបស់ក្រុមហ៊ុនថ្មីនេះ ចំណែកឯក្រុមហ៊ុនន័រវែស Adevinta ទទួលបានសំឡេងឆ្នោតគាំទ្រ៣៩,៤%។

ប៉ុន្តែជាផ្នែកមួយនៃកិច្ចព្រមព្រៀងជាមួយអាជ្ញាធរទទួលបន្ទុកការប្រកួតប្រជែងសហព័ន្ធ (Federal Competition Authority (FCA)) របស់ប្រទេសអូទ្រីស ក្រុមហ៊ុន eBay ត្រូវកាត់បន្ថយផលប្រយោជន៍ហិរញ្ញវត្ថុរបស់ខ្លួនក្នុងក្រុមហ៊ុន Adevinta មកនៅត្រឹមចំនួនមិនឱ្យលើសពី៣៣%ក្នុងរយៈពេល១៨ខែនៃការបិទបញ្ចប់ប្រតិបត្តិការជួញដូរនេះ៕

រយៈពេល៥ខែដំបូងចំណូលកំពង់ផែស្វយ័តក្រុងភ្នំពេញកើនឡើង១០ភាគរយទោះជាមានការយាយីពីកូវីដ១៩

ដោយ មករា

ភ្នំពេញ ៖ ទោះបីជានៅរយៈពេលដើមឆ្នាំ២០២១នេះ កម្ពុជាបានជួបនឹងវិបត្តិកូវីដ១៩ ទ្រង់ទ្រាយធ្ងន់ជាងឆ្នាំ២០២០ក៏ដោយ ក៏វិស័យទ្រទ្រង់សេដ្ឋកិច្ច និងចំណូលសំខាន់ៗនៅតែមានសញ្ញាវិជ្ជមាន ជាក់ស្ដែងចំណូលពីកំពង់ផែស្វយ័តក្រុងភ្នំពែញ រយៈពេល៥ខែដំបូងមានកំណើនប្រមាណ១០ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០កន្លងទៅ ។

យោងតាមរបាយការណ៍របស់កំពង់ផែស្វយ័តក្រុងភ្នំពេញ នៅពេលថ្មីៗនេះ ឱ្យដឹងថា ចំណូលដែលបានពីកំពង់ផែស្វយ័តក្រុងភ្នំពែញរយៈពេល៥ខែមានចំនួន១២,៥០លានដុល្លារអាមេរិកខណៈនៅខែឧសភា ២០២១នេះ ចំណូលពីកំពង់ផែស្វយ័តក្រុងភ្នំពេញ មានចំនួនប្រមាណ២,៣៩លានដុល្លារកើនឡើងប្រមាណ៣៧ភាគរយបើធៀបនឹងខែឧសភា ២០២០កន្លងទៅ ។

បើយោងតាមបាយការណ៍កន្លងទៅនេះ ក៏បានឱ្យដឹងផងដែរ កំពង់ផែក្រុងភ្នំពេញក៏កំពុងពង្រីកប្រតិបត្តិការរបស់ខ្លួនបន្ថែម ស្របពេលដែលប្រតិបត្តិការរបស់កំពង់ផែនេះ កំពុងតែមានសកម្មភាពកើនឡើងជាបន្តបន្ទាប់ ។

បើយោងតាមរបាយការណ៍របស់ធនាគារពិភពលោកប្រចាំកម្ពុជាចេញផ្សាយកាលពីពេលថ្មីៗនេះក៏បានបញ្ជាក់ផងដែរថា ទោះបីជាដើមឆ្នាំ២០២១នេះ តម្លៃដឹកជញ្ជូនបានកើនឡើងជាងឆ្នាំមុនក្ដី តែការនាំចេញរបស់កម្ពុជានៅតែមានកំណើន ទាំងការដឹកជញ្ជូនតាមផ្ឡូវទឹក និងផ្លូវគោក ។

បើតាមសមាគមភស្តុភារកម្មកម្ពុជា ក៏បានលើកឡើងពីការកើនឡើងនៃតម្លៃដឹកជញ្ជូនឡើងថ្លៃ ក្នុងឆ្នាំ២០២១នេះដែរ ដែលជាបញ្ហាកង្វល់មួយចំនួនដល់ការនាំចេញ ៕

រដ្ឋាភិបាលកំពុងពន្លឿននិងផ្តើមអាទិភាពដល់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត

ដោយៈ ប៊ី

ភ្នំពេញៈ រដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជិញ្ជូន នឹងផ្តល់អាទិភាពដល់គម្រោងផ្លូវល្បឿនលឿនទី២ ដែលភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត ខេត្តស្វាយរៀងនៅជាប់ព្រំដែនប្រទេសវៀតណាម។

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជិញ្ជូនលោក ស៊ុន ចាន់ថុលបានបញ្ជាក់ដូច្នេះក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក (American Chamber of Commerce In Cambodia) នៅកម្ពុជា ដឹកនាំដោយលោក Anthony Galliano ប្រធាន AmCham ក្នុងសប្តាហ៍នេះថា គម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងអស់កំពុងដំណើរការដូចការគ្រោងទុកដោយគ្មានការរំខានពីជំងឺរាតត្បាតកូវីដ-១៩ ឡើយ។

លោកបានបន្តថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតគឺជាគម្រោងមួយក្នុងចំណោមគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ដែលរួមមានផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងគម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ និងទី ៤ ។

លោកវ៉ា ស៊ឹមសុរិយាអ្នកនាំពាក្យក្រសួងសាធារណការត្រូវបានដកស្រង់សម្តីពីសារអន្តរជាតិមួយ ដោយ លោកនិយាយថា រដ្ឋាភិបាលបានអនុញ្ញាតិឱ្យក្រុមហ៊ុនចិនធ្វើការសិក្សាលើផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ប៉ុន្តែការសិក្សានេះមិនទាន់ត្រូវបានគេរាយការណ៍នៅឡើយទេ។

លោកបានឱ្យដឹងទៀតថា ក្រុមហ៊ុនត្រូវបានស្នើសុំព័ត៌មានលំអិតទៅលើការសិក្សាគម្រោងនេះ ក្រោយក្រសួងធ្វើការពិនិត្យលើរបាយការណ៍ដំបូង។

លោកបន្តថា “បន្ទាប់ពីបានធ្វើការសិក្សារួច ក្រុមហ៊ុនបានបញ្ជូនរបាយការណ៍នេះទៅក្រសួង ដើម្បីពិនិត្យបន្ថែម ប៉ុន្តែក្រុមហ៊ុនត្រូវបានស្នើសុំឲ្យធ្វើការសិក្សាបន្ថែម ជាមួយព័ត៌មានលម្អិតផងដែរ”។

នៅពេលដែលរដ្ឋាភិបាលយល់ព្រមលើគម្រោងនេះ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនឹងក្លាយជាផ្លូវល្បឿនលឿនទី២ នៅកម្ពុជាបន្ទាប់ពីការស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។

ការសិក្សាលើផ្លូវល្បឿនលឿនលើកទី២ត្រូវបានបញ្ចប់ដោយប្រទេសជប៉ុន ប៉ុន្តែថ្លៃដើមនៃគម្រោងដែលបានលើកឡើងនៅក្នុងរបាយការណ៍មានសភាពខ្ពស់ជាងថវិកាដែលមាន។

ការសិក្សាដំបូងប៉ាន់ស្មានលើការចំណាយអស់ជាង២ពាន់លានដុល្លារ។ គម្រោងនេះនឹងមានប្រវែងសរុប ១៣៥ គីឡូម៉ែត្រឆ្លងកាត់ខេត្តកណ្តាល ព្រៃវែង និងស្វាយរៀងមុនពេលទៅដល់ច្រកទ្វារបាវិតជាប់ព្រំដែនវៀតណាម។

ផ្លូវល្បឿនលឿនដែលមានប្រវែង១៩០គីឡូម៉ែត្រដំបូងបង្អស់របស់ប្រទេសត្រូវបានចំណាយថវិកាជាង២ពាន់លានដុល្លារ ដោយភ្ជាប់ពីភ្នំពេញទៅឆ្នេរសមុទ្រក្រុងព្រះសីហនុ បច្ចុប្បន្នកំពុងសាងសង់ និងត្រូវបានរាយការណ៍ឲ្យដឹងថាការសាងសងសម្រេចលទ្ធផលបានជាង៥០ភាគរយហើយ៕

កម្ពុជាទទួលបានទុនវិនិយោគ១១១លានដុល្លារតាមរយៈការចូលមករបស់ក្រុមហ៊ុនចំនួន៧

ដោយៈ ម៉ាណេត

ភ្នំពេញៈ កម្ពុជាទទួលបានទុនវិនិយោគ១១១លានដុល្លារតាមរយៈការចូលមករបស់ក្រុមហ៊ុនចំនួន៧ក្នុងរយៈពេលជាងពីរសប្តាហ៍កន្លមកនេះ គិតចាប់ពីដែមខែមិថុនា ដល់១៨ ខែមិថុនា ឆ្នាំ២០២១។

cdc

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនទាំង៧រួចរាល់។

ក្រុមហ៊ុន ដែលទទួលបានវិញ្ញាបនបត្រមានដូចខាងក្រោម៖

ទី១ J.A.K GARMENT CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំង វិនិយោគស្ថិតនៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ២,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០៥៣កន្លែង។

ទី២ PREMIER TECH GARMENT (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងឈូក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ៤,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៧៤៨កន្លែង។

ទី៣- CHANCO TEXTILES (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ភួយ ស្រោមពូក និងស្រោមខ្នើយ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៨,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤២៤កន្លែង។

ទី៤ IMPAK (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រផលិតវ៉ាលិស និងកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់កោះ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦០៣កន្លែង។

ទី៥ WING CHENG PACKAGING CO., LTD: គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ប្រអប់ក្រដាស ថង់ក្រដាស និងបោះពុម្ព ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៥,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៣៧កន្លែង។

ទី៦ CAMBODIAN GOME FARM FOOD CO., LTD: គម្រោងបង្កើតរោងចក្រកែច្នៃផ្លែស្វាយ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្បែស ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៦,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥០០កន្លែង។

ទី៧ CONTINENT CROWN INVESTMENT MANAGEMENT CO., LTD: គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៤ ចំនួន២៧៥បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ១៦៧៩ ផ្លូវសហព័ន្ធរុស្ស៊ី ភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៧៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៧៨កន្លែង៕

ចំណេះដឹង! ជៀសវាងទម្លាប់មិនល្អទាំងនេះ ដើម្បីធ្វើឱ្យការសន្សំរបស់អ្នកបានជោគជ័យ

ដោយៈ សាវុធ

ភ្នំពេញៈ មូលហេតុចំបងដែលនាំឱ្យអ្នកដែលធ្វើអោយការសន្សំរបស់អ្នកមិនបានជោគជ័យ ដោយសារតែអ្នកមិនដឹងថា អ្នកបានចាយលុយរបស់អ្នកទៅលើអ្វីខ្លះទេ។ ដើម្បីដោះស្រាយបញ្ហាទាំងនេះ មុនដំបូងអ្នកគួរស្វែងយល់ពីបង្ហូរហិរញ្ញវត្ថុរបស់អ្នកជាមុនសិន។ ជៀសវាងការចំណាយដែលមិនចាំបាច់ទើបជាការសំខាន់បំផុត បន្ទាប់ពីអ្នកបំបាត់ទម្លាប់មិនល្អនៃការចាយប្រាក់ ទើបអ្នកអាចរក្សាប្រាក់សម្រាប់សន្សំបាន។

ទី១ អ្នកមិនដឹងច្បាស់ពីចំនួនលុយដែលអ្នកមានក្នុងខ្លួន
មនុស្សមួយចំនួនធំ មិនមានទម្លាប់ក្នុងការរាប់លុយដែលខ្លួនមានឡើយ។ គេមិនសូវជាយល់ចិត្តទុកដាក់ប៉ុន្មានទេថា គេមានលុយប៉ុន្មាន? ថ្ងៃនេះអាចចាយបានប៉ុន្មាន ត្រូវទុកប៉ុន្មានសម្រាប់ស្អែក?
ភាគច្រើនគឹថា គេមានប៉ុណ្ណា ចាយប៉ុណ្ណឹងតែម្ដង។ ប៉ុន្តែ ការចាយលុយបែបនេះមិនមែនជាទម្លាប់មួយដែលល្អទេ ព្រោះថា បើអ្នកមិនប្រយ័ត្នទេនោះ អ្នកអាចនឹងច្រលំចាយលុយសម្រាប់ថ្ងៃស្អែកក្នុងថ្ងៃនេះ ចាយលុយដែលត្រូវទុកសម្រាប់សប្តាហ៍ក្រោយក្នុងសសប្តាហ៍នេះ ហើយដល់ពេលយូៗទៅ អ្នកនឹងឆ្ងល់ថា អ្នកមានចំនូលច្រើនដែរ តែហេតុអ្វីអោយតែដល់ចុងខែ អ្នកដឹងតែដាច់លុយចឹង។

ទី២ ការដកប្រាក់ពីទូ ATM ពេលគ្មានប្រាក់ចាយ
អ្នកប្រហែលជាឆ្ងល់ថា វាមានអ្វីខុសទៅ? ប្រាក់ដែលអ្នកដកគឺជា ប្រាក់របស់អ្នកសោះនឺង។ ប៉ុន្តែ អ្នកមានបានពិចារណាទេថា ប្រសិនបើពេលដែលអ្នកចាយលុយក្នុងកាបូបអស់ ក៏ទៅដកប្រាក់ពីគណនីរបស់អ្នកមកចាយទៀតដដែល ចឹងអ្នកខំបើកគណនីដាក់ប្រាក់ទាំងនោះសន្សំធ្វើអ្វី?

ទី៣ ឱ្យតែមានការបញ្ចុះតម្លៃ ឬប្រម៉ូសិនផ្សេងៗដឹងតែទិញ
មនុស្សមួយចំនួនចូលចិត្តណាស់របស់បញ្ចុះតម្លៃ អោយតែកម្មវិធីមានប្រម៉ូសិនម្ដងៗ គឺមិនដែលបាត់មុខគាត់យ៉ាងម៉េច។ តែមុននឹងអ្នកទិញរបស់នោះ សូមអ្នកគិតផងថា អ្នកពិតជាត្រូវការវាមែនឬ? បើអ្នកពិចារណាហើយ អ្នកពិតជាត្រូវការមែន សូមទិញចុះ តែបើអ្នកទិញដោយសារតែទំនិញនោះមានតម្លៃថោក ប៉ុន្ដែអ្នកមិនចាំបាច់មានការបាន សូមគិតម្ដងទៀតមុននឹងអ្នកចំនាយប្រាក់ទៅលើរបស់នោះ។

ទី៤ ចេះតែចង់ទិញ ទំនិញចេញថ្មី
មនុស្សគ្រប់រូបសុទ្ធតែមានរបស់ដែលអ្នកចូលចិត្ត ចង់បាន ចង់ទិញ។ សម្រាប់មនុស្សស្រី វាអាចជា គ្រឿងសំអាង សម្លៀកបំពាក់ គ្រឿងអលង្ការជាដើម។ សម្រាប់មនុស្សប្រុសអាចជា គ្រឿងអេឡិចត្រូនិច សំភារៈកីឡា។ល។ ការដែលអ្នកទិញវត្ថុដែលអ្នកចូលចិត្ត វាមិនមែនទេបញ្ហានោះទេ តែវានឹងក្លាយជាបញ្ហា នៅពេលដែលអ្នកចេះតែចំនង់ចង់ទិញរហូត។

ទី៥ អ្នកមិនមានគោលដៅច្បាស់លាស់
ភាគច្រើននៃអ្នកដែលសន្សំប្រាក់មិនបានជោគជ័យគឺដោយសារតែគេគ្មានគោលដៅសម្រាប់អនាគតមួយដែលច្បាស់លាស់។

ប្រសិនបើអ្នកបានគិតអំពីគោលដៅនៅថ្ងៃខាងមុខនោះទេ អ្នកក៏មិនបានគិតផងដែរ អំពីប្រាក់ដែលត្រូវទុកសម្រាប់ប្រើការនៅថ្ងៃអនាគតនោះទេ ចឹងហើយ អ្នករឹតតែមិនមានមូលហេតុចាំបាច់អ្វីដែលត្រូវសន្សំប្រាក់ទៀតទៅហើយ៕

ការសិក្សាគម្រោងរថភ្លើងMonorailលើអាកាសនិងក្រោមដីនៅភ្នំពេញបានបញ្ចប់ដើម្បីត្រៀមកាត់បន្ថយការកកស្ទះចរាចរណ៍

ដោយៈ ប៊ី

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន ប្រកាសថាបានបញ្ចប់បានគម្រោងសិក្សាសាងសង់រថភ្លើង Monorailនិងរថភ្លើងក្រោមដី(Subway) ដើម្បីត្រៀមកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។

លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសបែបនេះកាលពីម្សិលមិញ ក្នុងការជួបសម្តែងការគួរសមសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាដើម្បីគោរពរាយការណ៍ជូន អំពី សមិទ្ធផលការងារសម្រេចបានក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដោយមានការអញ្ជើញចូលរួមអមដំណើរពីសំណាក់ថ្នាក់ដឹកនាំក្រសួង។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីសមិទ្ធផលការងាររបស់ក្រសួងថា ក្រសួងបានសហការជាមួយទីភ្នាក់ងារ JICAដើម្បីបង្កើតគម្រោងកំពង់ផែPort EDI គម្រោងសាងសង់កំពង់ផែសមុទ្រទឹកជ្រៅ១៤,៥ម៉ែត្រ ត្រៀមនឹងបញ្ចប់ឆ្នាំ២០២៥ គម្រោងពង្រីកកំពង់ផែស្វ័យតក្រុងភ្នំពេញ គម្រោងអភិវឌ្ឍន៍កំពង់ផែទេស ចរណ៍នៅកំពត បានរៀបចំយុទ្ធសាស្ត្រសម្រាប់ការដឹកជញ្ជូនតាមផ្លូវដែក និងបានពិភាក្សាជាមួយភាគី វៀតណាមដើម្បីតភ្ជាប់ផ្លូវដែកពីហូជីមិញមកបាវិត-ម៉ុកបៃ។

លោកបានថ្លែងបន្តថា បានបញ្ចប់គម្រោងសិក្សាសាងសង់រថភ្លើង Monorailនិងរថភ្លើងក្រោមដី(Subway) ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ បានបញ្ចប់ផែនការមេភស្តុភារកម្មដើម្បីទាក់ទាញវិនិយោគិននិងដើម្បីប្រែក្លាយកម្ពុជាជាកន្លែងស្តុក ទំនិញឆ្លងកាត់ និងជាតំបន់ចែកចាយទំនិញនៅក្នុងតំបន់ បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនYCH របស់ប្រទេសសឹង្ហបុរីដើម្បីបង្កើតមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ និងបានបង្កើតផែនការមេសម្រាប់គ្រប់ គ្រងទឹកកខ្វក់ ដើម្បីធ្វើឱ្យប្រសើរឡើងសុខមាលភាពសាធារណៈផងដែរ។

គម្រោងរថភ្លើង Monorail និងរថភ្លើងក្រោមដី ក្រុមហ៊ុនចិនជាអ្នកសិក្សា ហើយគម្រោងនេះអាចនឹងប្រើប្រាស់ថវិកាប្រមាណ ចន្លោះពី១ពាន់លានដុល្លារ ទៅ១,៤ពាន់លានដុល្លារ៕

កម្ពុជានិងសិង្ហបុរីត្រៀមបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីជំរុញវិស័យទេសចរណ៍ឱ្យងើបឡើងវិញ

ដោយៈ សាវុធ

ភ្នំពេញៈ កម្ពុជានិងសិង្ហបុរីត្រៀមបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីជំរុញវិស័យទេសចរណ៍ឱ្យឡើងវិញ ខណៈសិង្ហបុរីចង់រៀបចំពិព័រណ៍ទេសចរណ៍ជាមួយកម្ពុជា ក្នុងពេលសមស្របណាមួយ។

លោកស្រី ត្យូ ឡេឆេង (Teo Lay Cheng) ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មីប្រចាំនៅកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលសាធារណរដ្ឋសិង្ហបុរី នៅតែគាំទ្រកិច្ចសហការជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍កម្ពុជា ក្នុងការស្ដារវិស័យទេសចរណ៍ឡើងវិញ។

ការលើកឡើងរបស់លោកស្រីឯកអគ្គរដ្ឋទូតសិង្ហបុរី ដែលទើបទទួលបេសកកម្មថ្មីរូបនេះ បានធ្វើឡើងក្នុងឱកាសជួបពិភាក្សាការងារជាមួយលោកថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងទេសចរណ៍។

លោករដ្ឋមន្ត្រីថោង ខុនបានលើកឡើងអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា និងសិង្ហបុរី ដែលបានធ្វើឱ្យកំណើនទេសចរទៅមកប្រទេសទាំងពីរមានការកើនឡើង នៅមុនពេលផ្ទុះជំងឺកូវីដ-១៩។ ប៉ុន្តែដោយសារជួបនូវវិបត្តិសកលនេះហើយ កំណើនទេសចរអន្តរជាតិនៅកម្ពុជាក៏មានការធ្លាក់ចុះ។

លោករដ្ឋមន្ត្រីបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តដាក់ចេញ «ផែនទីចង្អុលផ្លូវស្ដីពីផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិកូវីដ-១៩» ដើម្បីធ្វើជាត្រីវិស័យក្នុងការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ជាតិកម្ពុជាឡើងវិញ ហើយកម្ពុជាក៏ត្រូវការកិច្ចសហប្រតិបត្តិការពីបណ្ដាប្រទេសជាដៃគូ ក្នុងនោះក៏មានភាគីសិង្ហបុរីផងដែរ។

នៅពេលទទួលជ្រាបអំពីបញ្ហានេះហើយ លោកស្រីត្យូ ឡេឆេងបានបង្ហាញការគាំទ្រ និងពេញចិត្តចំពោះកិច្ចសហប្រតិបត្តិនេះយ៉ាងខ្លាំង ហើយលោកស្រីបានបញ្ជាក់ថា “រដ្ឋាភិបាលសាធារណរដ្ឋសិង្ហបុរី ក៏ដូចជាស្ថានទូតសិង្ហបុរីប្រចាំនៅកម្ពុជា នៅតែគាំទ្រកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងទេសចរណ៍ ក្នុងការអនុវត្តផែនការស្ដារវិស័យទេសចរណ៍កម្ពុជាឡើងវិញ និងនៅតែបន្តកិច្ចសហប្រតិបត្តិការផ្សេងទៀតជាមួយមិត្តកម្ពុជាផងដែរ”។

លោកស្រីឯកអគ្គរដ្ឋទូតបានបន្តថា នៅពេលដែលវិបត្តិជំងឺកូវីដ-១៩ បានធូរស្រាលទៅវិញ នឹងបង្កើនកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមក ពិសេសលើការបណ្ដុះបណ្ដាលធនធានមនុស្ស ការបើកឱ្យមានចលនាទេសចរទៅមកប្រទេសទាំងពីរ ដែលគោរពតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាលនៃប្រទេសទាំងពីរ។

ជាមួយគ្នានេះដែរ សាធារណរដ្ឋសិង្ហបុរីក៏បានគាំទ្រយ៉ាងពេញទំហឹងចំពោះប្រទេសកម្ពុជា ដែលត្រៀមធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ «វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២» និង «ព្រឹត្តិការណ៍កីឡាស៉ីហ្គេម ឆ្នាំ២០២៣» ផងដែរ។

លោកស្រីឯកអគ្គរដ្ឋទូត បានស្នើសុំកិច្ចសហការជាមួយក្រសួងទេសចរណ៍កម្ពុជា ដើម្បីរៀបចំព្រឹត្តិការណ៍ទេសចរណ៍ ឬព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍ នៅក្នុងពេលសមស្របណាមួយ ដែលស្របនឹងវិធានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ក្នុងគោលដៅរួមចំណែកស្ដារ និងលើកស្ទួយវិស័យទេសចរណ៍នៃប្រទេសមិត្តទាំងពីរឡើងវិញ។

ស្ថានទូតសិង្ហបុរីក៏បានបង្ហាញការគាំទ្រចំពោះការគិតគូរបស់ក្រសួងទេសចរណ៍និងក្រសួងសុខាភិបាលកម្ពុជាក្នុងការរៀបចំយុទ្ធសាស្ត្រត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិទាំងឡាយណា ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដរួចហើយនោះ៕