កម្ពុជានិងសិង្ហបុរីត្រៀមបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីជំរុញវិស័យទេសចរណ៍ឱ្យងើបឡើងវិញ

ដោយៈ សាវុធ

ភ្នំពេញៈ កម្ពុជានិងសិង្ហបុរីត្រៀមបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីជំរុញវិស័យទេសចរណ៍ឱ្យឡើងវិញ ខណៈសិង្ហបុរីចង់រៀបចំពិព័រណ៍ទេសចរណ៍ជាមួយកម្ពុជា ក្នុងពេលសមស្របណាមួយ។

លោកស្រី ត្យូ ឡេឆេង (Teo Lay Cheng) ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មីប្រចាំនៅកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលសាធារណរដ្ឋសិង្ហបុរី នៅតែគាំទ្រកិច្ចសហការជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍កម្ពុជា ក្នុងការស្ដារវិស័យទេសចរណ៍ឡើងវិញ។

ការលើកឡើងរបស់លោកស្រីឯកអគ្គរដ្ឋទូតសិង្ហបុរី ដែលទើបទទួលបេសកកម្មថ្មីរូបនេះ បានធ្វើឡើងក្នុងឱកាសជួបពិភាក្សាការងារជាមួយលោកថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងទេសចរណ៍។

លោករដ្ឋមន្ត្រីថោង ខុនបានលើកឡើងអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា និងសិង្ហបុរី ដែលបានធ្វើឱ្យកំណើនទេសចរទៅមកប្រទេសទាំងពីរមានការកើនឡើង នៅមុនពេលផ្ទុះជំងឺកូវីដ-១៩។ ប៉ុន្តែដោយសារជួបនូវវិបត្តិសកលនេះហើយ កំណើនទេសចរអន្តរជាតិនៅកម្ពុជាក៏មានការធ្លាក់ចុះ។

លោករដ្ឋមន្ត្រីបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តដាក់ចេញ «ផែនទីចង្អុលផ្លូវស្ដីពីផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិកូវីដ-១៩» ដើម្បីធ្វើជាត្រីវិស័យក្នុងការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ជាតិកម្ពុជាឡើងវិញ ហើយកម្ពុជាក៏ត្រូវការកិច្ចសហប្រតិបត្តិការពីបណ្ដាប្រទេសជាដៃគូ ក្នុងនោះក៏មានភាគីសិង្ហបុរីផងដែរ។

នៅពេលទទួលជ្រាបអំពីបញ្ហានេះហើយ លោកស្រីត្យូ ឡេឆេងបានបង្ហាញការគាំទ្រ និងពេញចិត្តចំពោះកិច្ចសហប្រតិបត្តិនេះយ៉ាងខ្លាំង ហើយលោកស្រីបានបញ្ជាក់ថា “រដ្ឋាភិបាលសាធារណរដ្ឋសិង្ហបុរី ក៏ដូចជាស្ថានទូតសិង្ហបុរីប្រចាំនៅកម្ពុជា នៅតែគាំទ្រកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងទេសចរណ៍ ក្នុងការអនុវត្តផែនការស្ដារវិស័យទេសចរណ៍កម្ពុជាឡើងវិញ និងនៅតែបន្តកិច្ចសហប្រតិបត្តិការផ្សេងទៀតជាមួយមិត្តកម្ពុជាផងដែរ”។

លោកស្រីឯកអគ្គរដ្ឋទូតបានបន្តថា នៅពេលដែលវិបត្តិជំងឺកូវីដ-១៩ បានធូរស្រាលទៅវិញ នឹងបង្កើនកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមក ពិសេសលើការបណ្ដុះបណ្ដាលធនធានមនុស្ស ការបើកឱ្យមានចលនាទេសចរទៅមកប្រទេសទាំងពីរ ដែលគោរពតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាលនៃប្រទេសទាំងពីរ។

ជាមួយគ្នានេះដែរ សាធារណរដ្ឋសិង្ហបុរីក៏បានគាំទ្រយ៉ាងពេញទំហឹងចំពោះប្រទេសកម្ពុជា ដែលត្រៀមធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ «វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២» និង «ព្រឹត្តិការណ៍កីឡាស៉ីហ្គេម ឆ្នាំ២០២៣» ផងដែរ។

លោកស្រីឯកអគ្គរដ្ឋទូត បានស្នើសុំកិច្ចសហការជាមួយក្រសួងទេសចរណ៍កម្ពុជា ដើម្បីរៀបចំព្រឹត្តិការណ៍ទេសចរណ៍ ឬព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍ នៅក្នុងពេលសមស្របណាមួយ ដែលស្របនឹងវិធានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ក្នុងគោលដៅរួមចំណែកស្ដារ និងលើកស្ទួយវិស័យទេសចរណ៍នៃប្រទេសមិត្តទាំងពីរឡើងវិញ។

ស្ថានទូតសិង្ហបុរីក៏បានបង្ហាញការគាំទ្រចំពោះការគិតគូរបស់ក្រសួងទេសចរណ៍និងក្រសួងសុខាភិបាលកម្ពុជាក្នុងការរៀបចំយុទ្ធសាស្ត្រត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិទាំងឡាយណា ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដរួចហើយនោះ៕

ដំណឹងល្អ! ការសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មីសម្រេចបាន៤២ភាគរយហើយ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ គម្រោងអភិវឌ្ឍន៍ធំៗរបស់រដ្ឋាភិបាល និងវិស័យឯកជននៅតែបន្តទៅមុខជាលំដាប់ បើទោះបីជាកម្ពុជាបានជួបវិបត្តិនឹងជំងឺកូវីដ១៩ក្ដី ជាក់ស្ដែងគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប រហូតមកដល់ពេលនេះសម្រេចបាន៤២ភាគរយហើយ។

លោកស៊ីន ចាន់សេរីវុត្ថាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ថ្លែងប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកមួយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះថា គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប រហូតមកដល់ពេលនេះសម្រេចបាន៤២ភាគរយ ហើយនឹងបញ្ចប់ទៅតាមពេលវេលាកំណត់នៅឆ្នាំ២០២៣ ទោះបីជាពេលនេះមានការរំខានពីការវិបត្តិជំងឺកូវីដ១៩ក៏ដោយ។

លោកបានថ្លែងបន្តថា តាមរយៈការសិក្សាព្រលានយន្តហោះអន្តរជាតិថ្មីនេះអាចទទួលអ្នកដំណើរបាន១០លាននាក់ ក្នុងឆ្នាំ២០៣០ និង២០លាននាក់ត្រឹមឆ្នាំ២០៥។

ព្រលានយន្តហោះអន្តរជាតិថ្មីនេះ ទទួលបានសិទ្ធិវិនិយោគដោយក្រុមហ៊ុន អាកាសយានដ្ឋានអន្តរជាតិសៀមរាប (AIAI) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Yunnan Investment Holdings, Ltd របស់ចិន ក្នុងតម្លៃទុនវិនិយោគ ៨៨០លានដុល្លារ និងត្រូវបានសាងសង់លើផ្ទៃដី ៧៥០ហិកតា នៅស្រុកសូទ្រនិគម ជាយក្រុងសៀមរាប។

គម្រោងនេះនឹងត្រូវបានសាងសង់៣ដំណាក់កាល ហើយចាប់ផ្តើមដំណើរការសាងសង់នៅខែមីនា ឆ្នាំ ២០២០ នឹងចំណាយពេល ៣៦ខែក្នុងការសាងសង់ ដែលគ្រោងបញ្ចប់ជាស្ថាពរនៅឆ្នាំ ២០២៣។

ក្រុមហ៊ុននឹងវិនិយោគជាង៥០០លានដុល្លារ សម្រាប់ដំណាក់កាលទី ១ និង ២ ដែលនឹងអាចឱ្យយន្តហោះដឹកអ្នកដំណើរទំហំមធ្យម និងចម្ងាយឆ្ងាយដូចជាយន្តហោះ Boeing 737 និងយន្តហោះ Airbus A320 ចុះចតបាន។

ទឹកប្រាក់៣០០លានដុល្លារផ្សេងទៀតនឹងត្រូវបម្រុងទុកសម្រាប់ដំណាក់កាលទី៣។ ក្រៅពីព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប កម្ពុជាក៏កំពុងសម្រុកសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នៅខេត្ត

កណ្ដាល យ៉ាងមមាញឹកផងដែរ ដើម្បីឱ្យបញ្ចប់តាមការគ្រោងទុករបស់ផែនការ និងត្រៀមទទួលអ្នកដំណើរឆ្លងកាត់និងចុះចតនៅក្នុងប្រទេសកម្ពុជា។

ក្រៅពីនោះ ព្រលានយន្តហោះអន្តរជាតិតារាសាគរក្នុងទឹកដីខេត្តកោះកុងក៏បានបង្ហាញរូបរាងនិងត្រៀមបើកដំណើរសាកល្បងនៅពេលឆាប់ៗនេះ ដែលបញ្ជាកឱ្យច្បាស់ពីសក្ដានុពលរបស់កម្ពុជាក្នុងវិស័យអាកាសចរណ៍នេះ៕

រាជរដ្ឋាភិបាលប្រកាសអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥ជាផ្លូវការ

ដោយៈ ប៊ី

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់អនុវត្ត “ក្របខណ្ឌគោលនយោបាយសេដ្ឋ-កិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥” ជាផ្លូវការ ដែលជាម៉ូដែលកំណើនសេដ្ឋកិច្ចថ្មី ដើម្បីឆ្លើយតប និងបង្កើនភាពធន់ខ្ពស់ទៅនឹងការផ្លាស់ប្ដូរនិម្មាបនកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិនាពេលអនាគតផង ជាពិសេសការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ១៩។

យោងតាមសេចក្តីប្រកាសរបស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥” ត្រូវបានរៀបចំ ស្របតាមតម្រូវការជាក់-ស្ដែង សក្តានុពល ធនធាន និងសមត្ថភាព ទាំងនៅក្នុងវិស័យសាធារណៈ និង ទាំងនៅក្នុងវិស័យឯកជន។

ម៉ូដែលកំណើនសេដ្ឋកិច្ចថ្មីនេះត្រូវរៀបចំធ្វើឡើង ដើម្បីធ្វើការតម្រង់ទិសការអភិវឌ្ឍ និងដំណើរនៃបរិវត្តកម្មឌីជីថលនៅកម្ពុជា ដោយឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសុខសន្តិភាពពេញលេញ បូរណភាពទឹកដី សាមគ្គីភាពជាតិ និង ស្ថិរភាពនយោបាយ ក៏ដូចជា ការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គម ដែលកម្ពុជាសម្រេចបានជាងបីទសវត្សរ៍កន្លងទៅ។

តាមរយៈក្របខណ្ឌគោលនយោបាយនេះ កម្ពុជាកំណត់យកចក្ខុវិស័យ “កសាងសេដ្ឋកិច្ច និង សង្គមឌីជីថលរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយក និងបរិវត្តកម្មឌីជីថលនៅក្នុងគ្រប់តួអង្គសង្គម ទាំងរដ្ឋ ទាំងពលរដ្ឋ និង ទាំងធុរជន ដើម្បីជំរុញសម្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម តាមគន្លងប្រក្រតីភាពថ្មី” ក្នុងគោលបំណងកសាងសេដ្ឋ-កិច្ចឌីជីថលឱ្យក្លាយជាចន្ទល់កំណើនសេដ្ឋកិច្ចថ្មីផង និង ជាប្រព័ន្ធអេកូឡូស៊ីរួមចំណែកបង្កើនផលិតភាព និង ប្រសិទ្ធភាពសេដ្ឋកិច្ច និង លើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋនៃសង្គមឌីជីថលកម្ពុជាផង ។

ដើម្បីសម្រេចនូវចក្ខុវិស័យ និង គោលបំណងនេះ, ក្របខណ្ឌគោលនយោបាយនេះកំណត់យកគោលដៅចម្បងៗ ដែលជាគ្រឹះ និង សសរស្ដម្ភ នៃការកសាងសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ដោយក្នុងនោះ គ្រឹះចំនួន ២ រួមមាន៖ (១). ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, និង (២). ការកសាងទំនុកចិត្តនិងភាពជឿជាក់លើប្រព័ន្ធឌីជីថល និង សសរស្ដម្ភចំនួន ៣ រួមមាន៖ (១). ការកសាងពលរដ្ឋឌីជីថល, (២). ការកសាងរដ្ឋាភិបាលឌីជីថល និង (៣). ការជំរុញធុរកិច្ចឌីជីថល ក្នុងរយៈពេល ១៥ ឆ្នាំ ចាប់ផ្ដើមពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០៣៥ ។

ជាមួយគ្នានេះដែរ ភាពជោគជ័យនៃក្របខណ្ឌគោលនយោបាយនេះ នឹងសម្រេចបានដោយទាមទារនូវកិច្ចសហប្រតិបត្តិការ និង ការសម្របសម្រួលរវាងក្រសួង-ស្ថាប័នទទួលបន្ទុកអនុវត្ត ក្នុងស្មារតីម្ចាស់ការ សាមគ្គី-ភាពរឹងមាំ និង ការទទួលខុសត្រូវខ្ពស់ ដោយមានការចូលរួមយ៉ាងសកម្មពីភាគីពាក់ព័ន្ធ ដែលរួមមាន វិស័យឯកជន និង ប្រជាពលរដ្ឋទាំងអស់។

ជាមួយគ្នានេះ កម្ពុជាក៏នឹងទាញយកផលប្រយោជន៍បន្ថែមពីការចូលរួមក្នុងកិច្ចសហ-ប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រ ក៏ដូចជាគំនិតផ្ដួចផ្ដើមឌីជីថលអន្តរជាតិ ស្ដីពីសេដ្ឋកិច្ច, សង្គម, ធុរកិច្ច, ហិរញ្ញ-វត្ថុ, ការសិក្សាស្រាវជ្រាវ, និង ការប្រើប្រាស់ ព្រមទាំងការអភិវឌ្ឍបច្ចេកវិទ្យា និង សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខណ្ឌទ្វេភាគី និង ពហុភាគី ទាំងក្នុងកម្រិតអនុតំបន់ តំបន់ និង សកល៕

រដ្ឋាភិបាលអារ៉ាប់រួមអេមីរ៉ាតដាក់ចេញកម្មវិធីលិខិតអនុញ្ញាតលក់ផ្ទះតាមទូរស័ព្ទដើម្បីសម្រួលការលក់ផ្ទះ

ដោយៈ សុខុម

ឌូបៃ: ជាធម្មតា វិនិយោគិនអចលនទ្រព្យនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមអេមីរ៉ាត ត្រូវទៅការិយាល័យក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដោយផ្ទាល់ ដើម្បីដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត (NOC) សម្រាប់ការលក់ផ្ទះរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន Khaleej Times ចុះផ្សាយកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។

ប៉ុន្តែពេលនេះកាន់តែមានភាពងាយស្រួលជាងមុន ដោយពួកគេអាចស្នើសុំលិខិតអនុញ្ញាត (NOC) ដើម្បីលក់ផ្ទះរបស់ខ្លួនបានយ៉ាងងាយស្រួលតាមកម្មវិធី (App) ទូរស័ព្ទ។

មន្ទីរដែនដីក្រុងឌូបៃ (DLD) បានប្រកាសថា វិនិយោគិនដែលចង់លក់អចលនទ្រព្យរបស់ខ្លួនអាចដាក់ពាក្យសុំលិខិតអនុញ្ញាតអេឡិចត្រូនិក (eNOC) តាមរយៈកម្មវិធីទូរស័ព្ទដែលមានឈ្មោះថា Dubai REST។ App នេះជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ក្រុងឌូបៃ ដើម្បីធ្វើប្រតិបត្តិការលក់ ដោយមិនចាំបាច់មានលិខិតស្នាមជាក្រដាសនៅត្រឹមដំណាច់ឆ្នាំនេះ។

មន្ទីរដែនដីក្រុងឌូបៃ បានលើកឡើងថា “ជាផ្នែកមួយនៃការបន្តដំណើររបស់មន្ទីរដែនដីក្រុងឌូបៃ ឆ្ពោះទៅកាន់ការធ្វើឌីជីថលនីយកម្មសេវាកម្មរបស់ខ្លួនស្របទៅនឹងយុទ្ធសាស្រ្តគ្មានក្រដាសរបស់ក្រុងឌុយបៃ (Dubai Paperless Strategy) ដើម្បីពង្រឹងឋានៈក្រុងឌូបៃ ជាគោលដៅអចលនទ្រព្យល្អដាច់គេលើពិភពលោកជាមួយនវានុវត្តន៍ថ្មី ការជឿទុកចិត្ត និងសុភមង្គល មន្ទីរដែនដីក្រុងឌូបៃ បានចាប់ផ្តើមដំណើរការលិខិតអនុញ្ញាតអេឡិចត្រូនិក (eNOC) តាមរយៈ App ទូរស័ព្ទ Dubai REST ដែលមិនតម្រូវឱ្យអ្នកលក់អចលនទ្រព្យទៅដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត (NOC) ដល់ការិយាល័យរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដោយផ្ទាល់”។

ការបង្កើនការធ្វើឌីជីថលនីយកម្មសេវាកម្មដោយមន្ទីរដែនដីក្រុឌូបៃ និងសុទិដ្ឋិនិយមល្អប្រសើរជាងមុនចំពោះទីផ្សារអចលនទ្រព្យក្នុងស្រុក បានជំរុញឱ្យការលក់អចលនទ្រព្យកើនឡើងខ្ពស់រយៈពេល១១ឆ្នាំនៅត្រីមាសទី១ ដើមឆ្នាំ២០២១។

យោងតាមក្រុមហ៊ុនផ្ដល់ប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យ ValuStrat ឱ្យដឹងថា ក្រុងឌូបៃ បានកត់ត្រាការលក់ផ្ទះសង់រួចស្រេចជាង៦.០០០ខ្នង ដែលមានតម្លៃសរុបប្រមាណ៣,៦៧ពាន់លានដុល្លារអាមេរិក និងផ្ទះមិនទាន់សង់រួចចំនួន៣.៦០០ខ្នង ដែលមានតម្លៃសរុបប្រមាណ១,៣៦ពាន់លានដុល្លារអាមេរិក។

មន្ទីរដែនដីក្រុងឌូបៃ បានបន្ថែមថា “នវានុវត្តន៍ថ្មីនៃបច្ចេកវិទ្យានេះគឺស្របទៅនឹងបេសកកម្មរបស់មន្ទីរដែនដីក្រុងឌូបៃ ដើម្បីធានាថា សេវាកម្មនានាត្រូវបានអភិវឌ្ឍ និងកែលម្អឱ្យកាន់តែប្រសើរឡើងដើម្បីធ្វើឱ្យអតិថិជនសប្បាយចិត្ត និងទទួលបានផាសុកភាព ព្រមទាំងបង្កើតបរិយាកាសទីផ្សារអចលនទ្រព្យប្រកបដោយភាពច្នៃប្រឌិត និងប្រកបដោយនិរន្តរភាពដែលនឹងលើកកម្ពស់ក្រុងឌូបៃ ជាទីក្រុងដ៏រីករាយបំផុតរបស់ពិភពលោកតាមរយៈសេវាកម្មបំពាក់បច្ចេកវិទ្យាឆ្លាតវៃ មនុស្សប្រកបដោយជំនាញវិជ្ជាជីវៈ និងសម្បូរធនធានហិរញ្ញវត្ថុ និងច្បាប់អចលនទ្រព្យប្រកបដោយបរិយាបន្ន”៕

អ្នកជំនាញនៅតែជឿជាក់ថារដ្ឋាភិបាលនឹងអាចគ្រប់គ្រងការឆ្លងសហគមន៍បានដែលជួយឱ្យអចលនទ្រព្យស្ទុះងើបឡើងវិញលឿន

ដោយៈ ម៉ាណេត និងសុខ ហេង

ភ្នំពេញៈ សព្វថ្ងៃការចាក់វ៉ាក់សាំងនៅកម្ពុជា ប្រព្រឹត្តទៅយ៉ាងរលូនដោយគ្មានផលរំខាននោះទេ ស្របពេលដែលអត្រាឆ្លង និងជាមានឡើងមានចុះ ដែលធ្វើឲ្យអ្នកជំនាញវិស័យអចលនទ្រព្យមួយចំនួនមើលឃើញថា រដ្ឋាភិបាលអាចនឹងបិទបញ្ចប់ព្រឹត្តិការណ៍សហគម២០កុម្ភៈបានក្នុងអំឡុង១ខែទៀត។ នេះបើតាមបញ្ជាក់ លោកប៉ូ អ៊ាវគង់អគ្គនាយកក្រុមហ៊ុន Advance Real Estate កាលពីថ្មីៗនេះ។

លោកបានថ្លែងថា សន្ទុះនៃការចូលរួមចាក់វ៉ាក់សាំងស្ម័គ្រចិត្តរបស់ពលរដ្ឋ បូកនិងការពន្លឿនការចាក់ក៏មានសន្ទុះមួយខ្លាំង ចំណែកការបញ្ជាទិញវ៉ាក់ និងការផ្ទុកវ៉ាក់សាំងនៅក្នុងប្រទេសកម្ពុជាក៏មានចំនួនមួយច្រើនដែរ បើប្រៀបធៀបទៅនិងបណ្តាប្រទេសមួយចំនួននៅក្នុងប៉ែកអាស៊ីយើងនេះ។

លោកជឿជាក់ថា “ឆាប់ៗខាងមុខនេះយើងអាចនិងគ្រប់គ្រង់ស្ថានការនេះបាន ហើយនៅពេលអាចគ្រប់គ្រងព្រឹត្តិការណ៍២០កុម្ភៈនេះបាន នោះវិស័យសេដ្ឋកិច្ចនិងមានសន្ទុះងើបឡើងវិញ លឿន”។

លោកសង្កត់ធ្ងន់ថា ការស្ទុះងើបឡើងវិញនោះ រួមមានសកម្មភាពទិញ លក់ និងជួល និងការប្រើប្រាស់អាគារអាចចាប់ផ្តើមឡើង បើសិនជាBusiness ក្នុងវិស័យសេដ្ឋកិច្ចកើនឡើង។ ប៉ុន្តែចំពោះកំណើនតម្លៃវិញ លោកគិតថា៖ ទាំងតម្លៃជួលក៏ដោយ ទាំងតម្លៃដីធ្លីក៏ដោយ ពិសេសក្នុងរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២១នេះ នៅតែអាចរក្សាកំណើនបានដូចដើម ដោយមិនមានការប្រែប្រួលច្រើននោះទេ។

លោកបានឱ្យដឹងទៀតថា បើប្រៀបធៀបតម្លៃជួលទៅនិងឆ្នាំ២០១៩ ការជួលអាចធ្លាក់ចុះបន្តិច ដោយសារតែមានបន្ទប់ទំនេរច្រើនក្នុងឆ្នាំនេះ ប៉ុន្តែចំពោះវិស័យទិញ លក់ ដីធ្លី វាអាចស្ថិតនៅទ្រឹង។ បើសិនជាគិតនៅក្នុងGlobal លោកគិតថា ប្រទេសផ្សេងក៏មិនខុសគ្នាប៉ុន្មាននោះពីកម្ពុជាដែរ ព្រោះជំងឺកូវីតនៅបន្តរាតត្បាត ដោយប្រទេសខ្លះអាចធ្ងន់ជាងយើងឬប្រហាក់ហែលយើងដែរ។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងប្រាប់ ថា ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ទាមទារឱ្យប្រជាជន និងស្ថាប័នអស់ទាំងអស់រួមគ្នាទប់ស្កាត់វិបត្តិមួយនេះ ដើម្បីឈានដល់ការបិទព្រឹត្តិការណ៍ក្នុងពេលខាងមុខដ៏ឆាប់។

លោកបានថ្លែងថា “ខ្ញុំគិតថា សម្រាប់វិស័យអចលនទ្រព្យ វានឹងមានភាពប្រសើរឡើងវិញផងដែរ បន្ទាប់មានការចូលរួមពីប្រជាជន និងស្ថាប័ន្ធទាំងអស់ក្នុងការបិទព្រឹតិ្តការណ៍ឆ្លងចូលសហគមន៍មួយនេះ”។

លោកបានថ្លែង បន្ទាប់ពីប្រកាសបិទព្រឹត្តិការណ៍២០ កុម្ភៈនេះ អ្នករកស៊ីទទួលទានក្នុងអចលនទ្រព្យនឹងចាប់ផ្តើមសកម្មភាពវិនិយោគ ឬទិញលក់ឡើងវិញ៕

អ្នកជំនាញនៅតែជឿជាក់ថារដ្ឋាភិបាលនឹងអាចគ្រប់គ្រងការឆ្លងសហគមន៍បានដែលជួយឱ្យអចលនទ្រព្យស្ទុះងើបឡើងវិញលឿន

ដោយៈ ម៉ាណេត និងសុខ ហេង

ភ្នំពេញៈ សព្វថ្ងៃការចាក់វ៉ាក់សាំងនៅកម្ពុជា ប្រព្រឹត្តទៅយ៉ាងរលូនដោយគ្មានផលរំខាននោះទេ ស្របពេលដែលអត្រាឆ្លង និងជាមានឡើងមានចុះ ដែលធ្វើឲ្យអ្នកជំនាញវិស័យអចលនទ្រព្យមួយចំនួនមើលឃើញថា រដ្ឋាភិបាលអាចនឹងបិទបញ្ចប់ព្រឹត្តិការណ៍សហគម២០កុម្ភៈបានក្នុងអំឡុង១ខែទៀត។ នេះបើតាមបញ្ជាក់ លោកប៉ូ អ៊ាវគង់អគ្គនាយកក្រុមហ៊ុន Advance Real Estate កាលពីថ្មីៗនេះ។

លោកបានថ្លែងថា សន្ទុះនៃការចូលរួមចាក់វ៉ាក់សាំងស្ម័គ្រចិត្តរបស់ពលរដ្ឋ បូកនិងការពន្លឿនការចាក់ក៏មានសន្ទុះមួយខ្លាំង ចំណែកការបញ្ជាទិញវ៉ាក់ និងការផ្ទុកវ៉ាក់សាំងនៅក្នុងប្រទេសកម្ពុជាក៏មានចំនួនមួយច្រើនដែរ បើប្រៀបធៀបទៅនិងបណ្តាប្រទេសមួយចំនួននៅក្នុងប៉ែកអាស៊ីយើងនេះ។

លោកជឿជាក់ថា “ឆាប់ៗខាងមុខនេះយើងអាចនិងគ្រប់គ្រង់ស្ថានការនេះបាន ហើយនៅពេលអាចគ្រប់គ្រងព្រឹត្តិការណ៍២០កុម្ភៈនេះបាន នោះវិស័យសេដ្ឋកិច្ចនិងមានសន្ទុះងើបឡើងវិញ លឿន”។

លោកសង្កត់ធ្ងន់ថា ការស្ទុះងើបឡើងវិញនោះ រួមមានសកម្មភាពទិញ លក់ និងជួល និងការប្រើប្រាស់អាគារអាចចាប់ផ្តើមឡើង បើសិនជាBusiness ក្នុងវិស័យសេដ្ឋកិច្ចកើនឡើង។ ប៉ុន្តែចំពោះកំណើនតម្លៃវិញ លោកគិតថា៖ ទាំងតម្លៃជួលក៏ដោយ ទាំងតម្លៃដីធ្លីក៏ដោយ ពិសេសក្នុងរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២១នេះ នៅតែអាចរក្សាកំណើនបានដូចដើម ដោយមិនមានការប្រែប្រួលច្រើននោះទេ។

លោកបានឱ្យដឹងទៀតថា បើប្រៀបធៀបតម្លៃជួលទៅនិងឆ្នាំ២០១៩ ការជួលអាចធ្លាក់ចុះបន្តិច ដោយសារតែមានបន្ទប់ទំនេរច្រើនក្នុងឆ្នាំនេះ ប៉ុន្តែចំពោះវិស័យទិញ លក់ ដីធ្លី វាអាចស្ថិតនៅទ្រឹង។ បើសិនជាគិតនៅក្នុងGlobal លោកគិតថា ប្រទេសផ្សេងក៏មិនខុសគ្នាប៉ុន្មាននោះពីកម្ពុជាដែរ ព្រោះជំងឺកូវីតនៅបន្តរាតត្បាត ដោយប្រទេសខ្លះអាចធ្ងន់ជាងយើងឬប្រហាក់ហែលយើងដែរ។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងប្រាប់ ថា ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ទាមទារឱ្យប្រជាជន និងស្ថាប័នអស់ទាំងអស់រួមគ្នាទប់ស្កាត់វិបត្តិមួយនេះ ដើម្បីឈានដល់ការបិទព្រឹត្តិការណ៍ក្នុងពេលខាងមុខដ៏ឆាប់។

លោកបានថ្លែងថា “ខ្ញុំគិតថា សម្រាប់វិស័យអចលនទ្រព្យ វានឹងមានភាពប្រសើរឡើងវិញផងដែរ បន្ទាប់មានការចូលរួមពីប្រជាជន និងស្ថាប័ន្ធទាំងអស់ក្នុងការបិទព្រឹតិ្តការណ៍ឆ្លងចូលសហគមន៍មួយនេះ”។

លោកបានថ្លែង បន្ទាប់ពីប្រកាសបិទព្រឹត្តិការណ៍២០ កុម្ភៈនេះ អ្នករកស៊ីទទួលទានក្នុងអចលនទ្រព្យនឹងចាប់ផ្តើមសកម្មភាពវិនិយោគ ឬទិញលក់ឡើងវិញ៕

ប្រធានាធិបតីអាមេរិកដាក់ចេញបទបញ្ជាថ្មីដោយគ្រោងហាមឃាត់កម្មពិធីទូរស័ព្ទដៃចិនជាច្រើន

ដោយៈ គៀតសូ

វ៉ាស៊ីនតោនៈ បទបញ្ជាថ្មីរបស់លោកប្រធានាធិបតីចូ បៃដិន (Joe Biden) ក្នុងគោលបំណងការពារទិន្នន័យឯកជនភាពរបស់ជនជាតិអាមេរិក នឹងជំរុញក្រុមហ៊ុនកម្មវិធីកម្សាន្តលើទូរស័ព្ទដៃរបស់ចិនមួយចំនួន ចាត់វិធានការតឹងរឹងជាងមុន ដើម្បីបង្កើនការការពារព័ត៌មានឯកជន ប្រសិនបើពួកគេចង់ឈរជើងនៅទីផ្សារសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១។

គោលដៅនេះនៃបទបញ្ជានេះ គឺដើម្បីរារាំងក្រុមហ៊ុនចិន និងរុស្ស៊ីពីការទទួលបានព័ត៌មានអាជីវកម្មផ្ទាល់ខ្លួននិងកម្មសិទ្ធិជាច្រើនពីប្រជាជនរបស់ខ្លួន។

ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកអាចចេញបទបញ្ជា ដើម្បីប្រមូលព័ត៌មានអំពីកម្មវិធីកុំព្យូទ័រ ស្មាតហ្វូន និងកុំព្យូទ័រលើតុ។ ក្រសួងអាចនឹងចរចាលក្ខខណ្ឌសម្រាប់ការប្រើប្រាស់របស់ពួកគេនៅសហរដ្ឋអាមេរិក ឬឈានដល់ការហាមឃាត់កម្មវិធីទូរស័ព្ទណាមួយតែម្តង។

បទបញ្ជានៅថ្ងៃទី៩ ខែមិថុនារបស់លោកបៃដិនជំនួសឱ្យបទបញ្ជាហាមឃាត់ឆ្នាំ២០២០ របស់អតីតប្រធានាធិបតីដូណាល់ ត្រាំប្រឆាំងនឹងកម្មពិធី WeChat របស់ចិនដែលគ្រប់គ្រងដោយក្រុមហ៊ុន Tencent Holdings Co និងកម្មពិធី TikTok ក្រុមហ៊ុន ByteDance ដែលតុលាការសហរដ្ឋអាមេរិកបានដកបម្រាមទាំងនោះចេញ។

មន្រ្តីសហរដ្ឋអាមេរិកបានបង្ហាញក្តីកង្វល់ចំពោះបទបញ្ជារបស់លោកត្រាំ ដែលហាមឃាត់កម្មពិធី TikTok នេះ ។ ពួកគេខ្លាចថា ប្រទេសចិនអាចតាមដានទីតាំងរបស់បុគ្គលិករដ្ឋាភិបាលសហរដ្ឋអាមេរិក កសាងសំណុំទិន្នន័យផ្ទាល់ខ្លួនសម្រាប់ការគំរាមកំហែង និងធ្វើចារកម្មសាជីវកម្ម។

ខណៈពេលដែលការបញ្ជាថ្មីមិនដាក់ឈ្មោះក្រុមហ៊ុន បទបញ្ជានេះនឹងអាចហាមឃាត់កម្មពិធីទូរស័ព្ទចិនជាច្រើនបទបញ្ជារបស់លោកត្រាំ ហើយតឹងរឹងជាង នៅពេលឡើងដល់តុលាការ។ រ៉

ប្រភពមួយបាននិយាយថា មន្រ្តីសហរដ្ឋអាមេរិកក៏បានចាប់ផ្តើមនិយាយជាមួយសម្ព័ន្ធមិត្ត អំពីការប្រកាន់យកវិធីសាស្រ្តស្រដៀងគ្នានេះផងដែរ៕

កម្ពុជាកំពុងពង្រឹងប្រព័ន្ធដឹកជញ្ជូនដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាមួយប្រទេសជិតខាង

ដោយៈ គង់ សូរិយា

ភ្នំពេញៈ កម្ពុជាកំពុងពង្រឹងប្រព័ន្ធដឹកជញ្ជូនដើម្បីជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មកម្ពុជានៅតាមច្រកទ្វារព្រំដែនអន្តរជាតិនានារវាង កម្ពុជា-ថៃ-វៀតណាម។

លោកស្រីកុយ សុដានីរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារ កាលពីម្សិលមិញ បានដឹកនាំកិច្ចប្រជុំពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពនៃការអនុវត្តគម្រោង ស្តីពីការធ្វើឱ្យប្រសើរ ឡើងនូវប្រព័ន្ធភស្តុភារកម្មកម្ពុជារបស់ក្រុមប្រតិបត្តិការងារគណៈកម្មការគ្រប់គ្រងគម្រោង (PMU) ដោយ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក ជំនាញការជប៉ុន និងភាគីពាក់ព័ន្ធ តាមប្រព័ន្ធវីដេអូពីចម្ងាយ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីស្ដាប់របាយការណ៍វឌ្ឍនភាពនៃការអនុវត្តគម្រោងមួយចំនួន ទាក់ទងនឹងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មកម្ពុជានៅតាមច្រកទ្វារព្រំដែនអន្តរជាតិនានារវាង កម្ពុជា-ថៃ-វៀតណាម ពីក្រុមប្រតិបត្តិការងារគណៈកម្មការគ្រប់គ្រងគម្រោង (PMU)

ការណ៍នេះគឺសំដៅធ្វើយ៉ាងណាជំរុញឱ្យការអនុវត្តគម្រោងទាំងនោះប្រព្រឹត្តទៅដោយរលូន បញ្ចប់តាមផែនការគ្រោងទុក សំដៅបង្កលក្ខណៈងាយស្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនបានឆាប់រហ័សគ្មានការកកស្ទះ។

អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ការរៀបចំសម្ភារនិងមធ្យោបាយ សម្រាប់ត្រួតពិនិត្យការដឹកជញ្ជូនឆ្លងកាត់តំបន់ព្រំដែន ការគ្រប់គ្រងខ្សែសង្វាក់នៃការដឹកជញ្ជូន និងរបាយការណ៍អង្កេត និងវាយតម្លៃពីក្រុមប្រតិបត្តិការងារគណៈកម្មការគ្រប់គ្រងគម្រោងផងដែរ។

ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ លោកស្រីកុយ សុដានីបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹង ប្រែងបំពេញការងារប្រកបដោយផ្លែផ្ការបស់ក្រុមប្រតិបត្តិការងារគណៈកម្មការគ្រប់គ្រងគម្រោង (PMU) និងបានជំរុញលើកទឹកចិត្តឱ្យក្រុមការងារខិតខំប្រឹងប្រែងបន្តទៀតប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេស ត្រូវមានកិច្ចសហការល្អជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីប្រសិទ្ធភាពការងារខ្ពស់៕

ក្រុមហ៊ុនដឹកជញ្ជូនធំៗពីចិន ថៃនិងសិង្ហបុរីប្រកាសឈានចូលទីផ្សារកម្ពុជាទោះសិ្ថតក្នុងអំឡុងមានវិបត្តិ

ដោយៈ ម៉ាណេត

ភ្នំពេញៈ កម្ពុជាបង្ហាញឱកាសវិនិយោគជាច្រើន សម្រាប់ក្រុមហ៊ុន ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី និងដៃគូអន្តរជាតិ លើវិស័យដឹកជញ្ជូន ដោយសារបរិយាកាសពាណិជ្ជកម្មរស់រវើកនៅប្រទេសកម្ពុជា និងកំណើនសេដ្ឋកិច្ចក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។

ជាក់ស្តែង ក្រុមហ៊ុន BEST Inc., ផ្តល់ដំណោះស្រាយខ្សែសង្វាក់ផ្គត់ផ្គង់ឆ្លាតវៃឈានមុខគេ និងជាអ្នកផ្តល់សេវាកម្មដឹកជញ្ជួននៅប្រទេសចិន បានប្រកាសពង្រីកបន្ថែមទៀតរបស់ខ្លួនទៅកាន់អាស៊ីអាគ្នេយ៍ រួមមានកម្ពុជាផងដែរ។

បើទោះបីជាវិបត្តិកូវីដ១៩ មិនទាន់បង្ហាញភាពធូរស្បើយយ៉ាងក្តី ក្រុមហ៊ុន Flash Express របស់ថៃបានបង្ហាញមហិច្ឆតារបស់ខ្លួន ដោយប្រកាសថា ក្រុមហ៊ុនត្រៀមឈានជើងចូលទីកម្ពុជា មីយ៉ាន់ម៉ា និងវៀតណាម នៅ២០២២។

ក្រុមហ៊ុន Grab ដែលទីស្នាក់ការកណ្តាលនៅសឹង្ហបុរី ក៏បានប្រកាសពង្រីកសេវាកម្មដឹកជញ្ជួនម្ហូបអាហាររបស់ខ្លួន “GrabMart” ទៅក្នុងទីផ្សារកម្ពុជា និងបណ្តាប្រទេសចំនួន៧ នៅតំបន់អាស៊ីអាគ្នេយ៍។

ប្រធានក្រុមហ៊ុន YCH លោក Robert Yap មានប្រសាសន៍ថា ប្រទេសកម្ពុជាមានកំណើនផលិតផលក្នុងស្រុកសរុបខ្ពស់ ហើយមានសក្តានុពលសម្រាប់ការវិនិយោគនាពេលខាងមុខ។

លោកបានពន្យល់ថា “ហេដ្ឋារចនាសម្ព័ន្ធភស្តុភាររបស់ប្រទេសកម្ពុជាមិនទាន់មានការអភិវឌ្ឍគ្រប់គ្រាន់នៅឡើយទេនាពេលបច្ចុប្បន្ន នេះដែលជាហេតុមានការបង្កើតមជ្ឈមណ្ឌលចែកចាយរបស់ក្រុមហ៊ុនពហុជាតិជាច្រើនស្ថិតនៅក្នុងប្រទេសផ្សេងទៀតដូចជាថៃ ឬវៀតណាម”។

លោកបានថ្លែងថា “ដោយបានពិគ្រោះជាមួយអតិថិជនមួយចំនួនរបស់យើង ដែលកំពុងដំណើរការបណ្តាញផ្គត់ផ្គង់នៅអាស៊ាន ខ្ញុំគិតថាពួកគេនឹងដាក់បណ្តាញចែកចាយរបស់ពួកគេនៅក្នុងប្រទេសកម្ពុជា ប្រសិនបើប្រទេសនេះមានហេដ្ឋារចនាសម្ព័ន្ធអន្តរជាតិ។ ដូច្នេះនេះគឺជាឱកាសមួយ សម្រាប់ប្រទេសកម្ពុជាក្នុងការប្រកួតប្រជែងមួយនេះ”៕

រដ្ឋមន្ត្រីស៊ុន ចាន់ថុលៈ មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញនឹងអាចបើកការដ្ឋានសាងសង់នៅឆ្នាំក្រោយ

ដោយៈ ប៊ី

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា កម្ពុជានឹងអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទានជាមួយក្រុមហ៊ុន YCH និងឈានទៅបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញនេះបាន ក្នុងឆ្នាំ២០២២ខាងមុខនេះ។

លោកស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានបានថ្លែងក្នុងអង្គប្រជុំស្តីពី “ការតភ្ជាប់ ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម” កាលពីម្សិលមិញថា ក្រសួងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្របខណ្ឌជាមួយក្រុមហ៊ុនYCH របស់ប្រទេសសឹង្ហបុរី ដោយមានការគាំទ្រពីក្រុមហ៊ុនInfrastructure Asia (IA) ដើម្បីសិក្សាគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ក្នុងរយៈពេល៩ខែ និងឈានទៅ រកការចរចាកិច្ចព្រមព្រៀងសម្បទាន។

លោកបានថ្លែងដូច្នេះថា “ក្នុងឆ្នាំ២០២២ខាងមុខនេះ នៅពេលកម្ពុជាធ្វើជា ម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន យើងអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទានជាមួយក្រុមហ៊ុន YCH និងឈានទៅបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញនេះបាន”។

លោកស៊ុន ចាន់ថុលក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT) និងក្រុមហ៊ុន YCH មានមូលដ្ឋាននៅប្រទេសសិង្ហបុរីកាលខែមីនា ឆ្នាំ២០២១ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ (AF) សម្រាប់ការបង្កើតគម្រោងមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (PPLC) ដែលជាការរួមចំណែកមួយក្នុងការជំរុញការធ្វើសមាហរណកម្មភ័ស្តុភាររបស់កម្ពុជាទៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់តំបន់ និងពិភពលោក។

ការសម្រេចបានកិច្ចព្រមព្រៀងក្របខ័ណ្ឌនេះកើតមានបន្ទាប់ពីដើមខែមករា ឆ្នាំ២០២០ រដ្ឋាភិបាលបានសម្រេចអនុម័តលើសេចក្តីព្រាងផែនការមេអន្តរកាលស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភ័ស្តុភារកម្មដែលជាផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍវិស័យនេះ និងជួយកាត់បន្ថយតម្លៃសេវាក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទិក។

សេចក្តីព្រាងផែនការមេអន្តរកាលស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភ័ស្តុភារកម្មត្រូវបានរៀបចំដោយក្រសួងសាធារណការ និងដឹកជញ្ជូនសហការជាមួយអង្គការ JICA ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៨។ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ទាំង MPWT និង YCH បានចាប់ផ្តើមការពិភាក្សាលើគម្រោង PPLC នេះដែលមានទីតាំងនៅលើដី៩៨ហិកតា ក្នុងឃុំសំរោងក្រោម ខណ្ឌដង្កោ នៅប៉ែកខាងលិចព្រលានយន្តហោះអន្តរជាតិភ្នំពេញ៕