ដោយ សុខុម
បាងកក: បន្ទាប់ពីការបិទខ្ទប់ត្រូវបានពន្យារពេលរហូតដល់ខែសីហា នេះ ការធ្លាក់ចុះនៃទីផ្សារការិយាល័យនឹងនៅតែបន្តក្នុងត្រីមាសទី៣ នេះ ហើយអត្រាជួលការិយាល័យនឹងធ្លាក់ចុះបន្ថែមទៀត។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃទី៥ សីហា។
លោកស្រី Neeranuch Kanokvilairat នាយកគ្រប់គ្រងផ្នែកស្រាវជ្រាវ និងប្រឹក្សាយោបល់នៃក្រុមហ៊ុនអចលនទ្រព្យថៃ Edmund Tie & Co Thailand លើកឡើងថា អ្នកជួលការិយាល័យមួយចំនួនបានកាត់បន្ថយការប្រើប្រាស់ផ្ទៃ ឬ space ការិយាល័យ នៅពេលពួកគេជម្រុះបុគ្គលិកដើម្បីកាត់ចំណាយដោយសារវិបត្តិរីករាលដាលនៃវីរុសកូវីដ-១៩។
នៅក្នុងត្រីមាសទី២ ឆ្នាំ២០២១ អត្រាជួលការិយាល័យក្នុងសង្កាត់ពាណិជ្ជកម្មនៃក្រុងបាងកក បានធ្លាក់ចុះពី៩០,៨៥%ក្នុងត្រីមាសទី១ មកនៅត្រឹម៨៩,៤៣%។
និន្នាការធ្លាក់ចុះនេះនឹងនៅតែបន្តក្នុងត្រីមាសទី៣នេះ ក្រោយពីមានវិធានការបិទខ្ទប់ក្នុងខែកក្កដា កន្លងទៅ និងខែសីហា នេះ។ លោកស្រី Neeranuch Kanokvilairat បានគូសបញ្ជាក់ថា វាជាការធ្លាក់ចុះជាប់ៗគ្នាចាប់តាំងពីត្រីមាសទី២ ឆ្នាំ២០២០ ដែលជាការធ្លាក់ចុះលើកដំបូងមិនធ្លាប់មានក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។
អត្រាជួលជាមធ្យមក្នុងសង្កាត់ពាណិជ្ជកម្មនៃក្រុងបាកក ក៏បានធ្លាក់ចុះពីមួយម៉ែត្រការ៉េតម្លៃ១.០៦៥បាត (៣២,០២ដុល្លារ) ក្នុងមួយខែនៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២១ មកនៅត្រឹមមួយម៉ែត្រការ៉េតម្លៃ១.០៥៥បាត (៣១,៧២ដុល្លារ) ក្នុងត្រីមាសទី២ ផងដែរ ពោលគឺធ្លាក់ចុះ១%។
ការធ្លាក់ចុះប្រចាំត្រីមាសដែលធ្ងន់ធ្ងរបំផុតគឺនៅក្នុងត្រីមាសទី២ ឆ្នាំ២០២០ ដែលបានធ្លាក់ចុះជិត២%។
ចំពេលមានវិបត្តិកូវីដ-១៩ ដែលបានបង្កការឆ្លងក្នុងចំនួនច្រើនក្នុងទីក្រុងបាងកក និងខេត្តមួយចំនួនទៀតរបស់ថៃ មានការរំពឹងទុកថា បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍នឹងពន្យារពេលបើកដំណើរការអគារការិយាល័យថ្មីៗរហូតដល់ដំណាច់ឆ្នាំនេះ។
លោកស្រី Neeranuch Kanokvilairat ថ្លែងថា ផលប៉ះពាល់ដែលបង្កឡើងដោយសារការរីករាលដាលនៃវីរុសកូវីដ-១៩ នឹងបណ្ដាលឱ្យអាជីវកម្មកាន់តែច្រើនបិទទ្វារ ហើយបង្ខំឱ្យអាជីវកម្មជាច្រើនទៀតពង្រីកវិធានការកាត់បន្ថយការចំណាយ ឬកាត់បន្ថយប្រតិបត្តិការរបស់ខ្លួន។ ក្រុមហ៊ុនជាច្រើននឹងពិនិត្យមើលតម្រូវការផ្ទៃការិយាល័យរបស់ខ្លួនឡើងវិញ ដែលកត្តានេះបានដាក់សម្ពាធបន្ថែមទៀតមកលើអត្រាជួល។
ម្ចាស់អគារការិយាល័យទំនងជាបន្តអនុវត្តវិធានការបន្ធូរបន្ថយផ្នែកហិរញ្ញវត្ថុដូចជា ការផ្អាកយកថ្លៃឈ្នួលជាបណ្ដោះអាសន្ន និងការបញ្ចុះថ្លៃឈ្នួលជាដើម ដើម្បីរក្សាទុកអ្នកជួលដែលមានស្រាប់ស្របពេលមិនសូវមានតម្រូវការជួល។ ទន្ទឹមនេះការផ្គត់ផ្គង់ការិយាល័យដ៏ច្រើននៅក្នុងទីផ្សារក៏បង្ខំឱ្យពួកគេបត់បែនជាងមុនផងដែរ ជាពិសេសអត្រាថ្លៃឈ្នួល និងលក្ខខណ្ឌជួលដើម្បីជួលការិយាល័យឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
អគារការិយាល័យថ្មីៗនឹងត្រូវបំពាក់ដោយបច្ចេកវិទ្យាស្វ័យប្រវត្តិ និងស៊ិនស័រ (sensor) និងការច្នៃប្រឌិតផ្នែកឌីជីថលដើម្បីធ្វើឱ្យការិយាល័យរបស់ពួកគេកាន់តែមានភាពទំនើប ស៊ីវិល័យស្របទៅនឹងសម័យកាលឌីជីថល។
យោងតាមកំណត់ត្រាបង្ហាញថា ការផ្គត់ផ្គង់ការិយាល័យក្នុងក្រុងបាងកក មានសរុបចំនួន៩លានម៉ែត្រការ៉េ ដោយធ្លាក់ចុះតិចតួចចំនួន០,៨%បើធៀបទៅនឹង៨,៩លានម៉ែត្រការ៉េនៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២០៕