ឧកញ៉ាល្បីៗនៅកម្ពុជាកំពុងសម្លឹងទៅរកការអភិវឌ្ឍលំនៅឋានតម្លៃរាប់លានដុល្លារ

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ទោះស្ថិតវិបត្តិកូវីដ១៩ ការអភិវឌ្ឍលំនៅឋាននៅក្នុងប្រទេសកម្ពុជា នៅតែបន្តសកម្មភាពដោយរលូន ក្នុងនោះដែរអ្នកវិនិយោគក្នុងស្រុកមួយចំនួន បាននិងកំពុងសម្លឹងមើលពីសក្ដានុពលអភិវឌ្ឍន៍លំនៅឋានតម្លៃខ្ពស់ (រាប់លានដុល្លារអាមេរិក) សម្រាប់ផ្ដល់ជូនអតិថិជននៅក្នុងប្រទេសកម្ពុជា។

អ្នកអភិវឌ្ឍន៍លំនៅឋានពីររូបនៅកម្ពុជាបានប្រកាសពីការអភិវឌ្ឍលំនៅឋានតម្លៃរាប់លាននៅជាយរាជធានីភ្នំពេញ ក្នុងនោះ មានអ្នកឧកញ៉ាឡេង ណាវ៉ាត្រា និងលោកឧកញ៉ាបណ្ឌិត គីមហ៊ាង។ វិនិយោគិនទាំងពីររូបនេះត្រូវបានគេស្គាល់ជាអ្នកអភិវឌ្ឍន៍លំនៅឋាននៅក្នុងប្រទេសកម្ពុជា និងមានការគាំទ្រពីអតិថិជនជាច្រើនផងដែរ។

នៅលើបណ្ដាញសង្គមរបស់លោកឧកញ៉ាបណ្ឌិតគីមហ៊ាង បានសរសេរលោកចង់អភិវឌ្ឍន៍លំនៅឋានលក្ខណៈជាភូមិគ្រឹះ។ លោកសរសេរផ្ទះដែលត្រូវសាងសង់លើផ្ទៃដី១៥០០ម៉ែត្រការ៉េ ហើយស្ថិតនៅទីតាំងប្រមាណ៥គីឡូម៉ែត្រពីផ្សារទំនើបអ៊ីអន២ ស្ថិតនៅក្នុងតំបន់សម្រាប់អ្នកមានរស់នៅ ដោយលោកគ្រោងនឹងសង់ប្រមាណ១០ផ្ទះប៉ុណ្ណោះ ក្នុងតម្លកៃ២លានដុល្លារអាមេរិក។

កន្លងមកអ្នកឧកញ៉ាឡេង ណាវ៉ាត្រាក៏បានប្រកាសពីការអភិវឌ្ឍគម្រោងវិមាន ដែលមានតម្លៃប្រមាណជិត៣លានដុល្លារអាមេរិក មានទីតាំងស្ថិតនៅបណ្ដោយផ្លូវជាតិលេខ៦អា ដែលជាតំបន់សក្ដានុពលមួយសម្រាប់ទីផ្សារលំនៅឋាន និងជាតំបន់នៅជិតគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលជាច្រើនផងដែរ។

បើតាមលោកសំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកលបានលើកឡើងថា សម្រាប់ទីផ្សារលំនៅឋានតម្លៃខ្ពស់នៅកម្ពុជា ក្នុងបរិបទកូវីដ១៩នេះ គឺមិនសូវជារងផលប៉ះពាល់នោះទេ ឬស្ទើរតែមិនប៉ះពាល់តែម្ដង ខណៈទីផ្សារលំនៅឋានតម្លៃចាប់ពី៥ម៉ឺនដល់១០ម៉ឺនដុល្លារគឺមានផលប៉ះពាល់ខ្លាំងជាងគេ។

លោកបន្តថាអ្នកដែលទិញ ឬគ្រោងនឹងទិញផ្ទះតម្លៃថ្លៃៗ រាប់លានដុល្លារអាមេរិកនោះ គឺជាប្រភេទអ្នកមានដូច្នេះបើពួកគាត់ចង់ទិញហើយគឺពួកគាត់នឹងទិញ ព្រោះពួកគាត់មានលុយស្រាប់ អត់ត្រូវការខ្ចីធនាគារមកទិញផ្ទះឬក៏រំលស់នោះទេ។ លោកថា “ទីផ្សារលំនៅឋានប្រភេទនេះក្នុងបរិបទកូវីដ១៩គឺមានផលប៉ះពាល់ប្រមាណតែ៥ភាគរយប៉ុណ្ណោះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here