ដោយៈ សុជាតា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចេញកញ្ចប់ថវិការ១៥០លានដុល្លារ ដើម្បីស្ថាបនាផ្លូវចំនួន៣៨ខ្សែឡើងវិញក្នុងក្រុងសៀមរាប ដោយរំពឹងថាបញ្ចប់នៅចុងឆ្នាំ២០២១នេះ ខណៈការសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនេះនឹងជួយលើកកម្ពស់តម្លៃចលនទ្រព្យនៅក្នុងទីក្រុងនេះបន្ថែម។
លោកឧកញ៉ានួន រិទ្ធីអគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal បានប្រាប់គេហទំព័រ Property Area asia នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ថា ទន្ទឹមនឹងវិបត្តិកូវីដ១៩ នេះ គម្រោងផ្លូវ៣៨ខ្សែនឹងកែប្រែមុខមាត់ខេត្តសៀមរាបថ្មីឡើងវិញ ពិសេសវិស័យអចលនទ្រព្យនៅទីក្រុង ក្នុងខេត្តមួយនេះ។
លោកឧកញ៉ាបានថ្លែងថា ជាក់ស្តែង ការបង្កើនសោភ័ណនៃទីក្រុង សុវត្ថិភាព និងអនាម័យល្អ នឹងធ្វើទេសចរមកទស្សនាកាន់តែច្រើន និងជំរុញឱ្យសេដ្ឋកិច្ចក្នុងតំបន់នេះកាន់តែប្រសើរឡើង។ លោកឧកញ៉ាបានបន្តថា ការអភិវឌ្ឍន៍នៅតំបន់ផ្សារថ្មី និងផ្លូវក្រវ៉ាត់ក្រុង ការតភ្ជាប់ផ្លូវថ្មីទៅប្រលានយន្តហោះខាងកើតសៀមរាប និងការកសាងផ្លូវ៣៨ខែ្សនៅខេត្តសៀមរាប នឹងពិតជាធ្វើឱ្យអចលនទ្រព្យមានទីផ្សារល្អប្រសើរ នៅថ្ងៃអនាគតផងដែរ។
ជាមួយគ្នានេះដែរ យោងលោកឧកញ៉ានួន រិទ្ធីបានឱ្យដឹងថា ចំពោះ ដីនៅតំបន់ទីប្រជុំជន commercial land កម្រិតទីមួយមានតម្លៃ១៥០០ដុល្លារ ទៅ២៥០០ដុល្លារក្នុងមួយការ៉េ កម្រិតទីពីរចាប់ពី១០០០ដូល្លារ ទៅដល់ ១៥០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ កម្រិតទីបី៥០០ ដុល្លារទៅដល់ ១០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
យោងតាមក្រសួងសារធារណការ និងដឹកជញ្ជូន ផ្លូវទាំង ៣៨ខ្សែដែលមានប្រវែងសរុបជាង៩៨គីឡូម៉ែត្រ ដែលជាបណ្តុំបណ្ដាញផ្លូវមេយ៉ាងប្រទាក់ក្រឡាក្នុងក្រុងសៀមរាប នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ក្នុងខេត្តនេះផងដែរ។
ក្រសួងបានអះអាងថា គម្រោងផ្លូវនេះ នឹងចូលរួមជំរុញ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច តាមរយៈតំបន់ទេសចរណ៍នានា ជាពិសេសតំបន់ភាគខាងត្បូង និងការធ្វើសមាហរណកម្មប្រជាពលរដ្ឋដែលនៅជាយក្រុងដាច់ស្រយាល មកកាន់តែជិតក្រុងតភ្ជាប់ទីប្រជុំជនក្រុងសៀមរាប។
ក្រសួងទេសចរណ៍បានបង្ហាញគម្រោងបង្កើតទីក្រុងសៀមរាបថ្មី មានទីតាំងនៅជិត អាកាសយានដ្ឋានសៀមរាបថ្មី ដែលកំពុងស្ថិតនៅក្រោមការសាងសង់ ស្រុកសូត្រនិគម ខេត្តសៀមរាប ។ គម្រោងទីក្រុងថ្មីនេះស្ថិតនៅក្នុងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តសៀមរាប ។
គម្រោងធំៗទាំងនេះ និងគម្រោងផ្សេងៗទៀតកំពុងធ្វើឱ្យតម្លៃដីធ្លីមានការកើនឡើងក្រោយពីខេត្តសៀមរាបទទួលបានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគជាច្រើនបន្តបន្ទាប់ធ្វើឱ្យខេត្តមួយនេះក្លាយជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា៕