ដោយៈ ម៉ាណេត
ភ្នំពេញៈ អ្នកជំនាញបានអះអាងថា រដ្ឋាភិបាលបានអនុម័តគម្រោងវិនិយោគលើការបង្កើតរោងចក្រ និងទីតាំងផលិតកម្មជាបន្តបន្ទាប់ ដែលកត្តាជំរុញឱ្យតម្រូវដីឧស្សាហកម្មមានការបន្តបន្ទាប់ ក៏ដូចជាវិស័យអចលនទ្រព្យនៅកម្ពុជា ទោះស្ថិតក្នុងវិបត្តិកូវីដ១៩ ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកច្រឹក សុខនីមបានថ្លែងប្រាប់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ អចលនទ្រព្យ ឬដីប្រភេទឧស្សាហកម្មនៅតែមានតម្រូវការបន្តបន្ទាប់ ដោសាររដ្ឋាភិបាលបានអនុម័តគម្រោងវិនិយោគលើការបង្កើតរោងចក្រ និងទីតាំងផលិតកម្មជាច្រើន ទោះស្ថិតក្នុងស្ថិតក្នុងវិបត្តិកូវីដ១៩។
លោកបានថ្លែងថា “ភាគច្រើន ដីឧស្សាហកម្ម ត្រូវបានក្រុមហ៊ុន ជ្រើសរើសយកជាទីតាំងផលិតម្ម ដោយសារតែទីតាំងទាំង២ អំណោយផលដល់ការដឹកជញ្ជូន ហើយការជ្រើសរើសដីធ្វើជាទីតាំងផលិតកម្មរបស់ក្រុមហ៊ុនទាំងនេះ ភាគច្រើន ធ្វើតាមរយៈពេលដៃគូពាណិជ្ជកម្ម និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលអាចផ្តល់ព័ត៌មានដល់ក្រុមហ៊ុនវិនិយោគទាំងនេះ”។
លោកបានថ្លែងបន្តថា ការប្រើប្រាស់ដីឧស្សាហកម្មនេះមានចំនួន២យន្តការ។ យន្តការទី១ គឺការផ្លាស់ប្តូរទីតាំងរោងចក្រពីក្នុងទីក្រុងភ្នំពេញ ទៅក្រៅក្រុងភ្នំពេញ ដែលតម្រូវឱ្យមានការរៀបចំរួចរាល់នៅចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ ហើយយន្តការទី២ រោងចក្រថ្មីៗ ដែលចាប់ផ្តើមការវិនិយោគនៅកម្ពុជា និងបំណងចង់ធ្វើជាឧស្សាហកម្មធំៗ ដើម្បីបម្រើឱ្យតម្រូវការរបស់ពួកគាត់ជ្រើសរើសទីតាំងដែលងាយស្រួលក្នុងការដឹកជញ្ជូន។
លោកបានឱ្យដឹងថា “ប្រាកដណាស់ ការឈានចូលរបស់ក្រុមហ៊ុនវិនិយោគលើវិស័យឧស្សាហកម្ម ឬរោងចក្រ នឹងលើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់ ដែលក្រុមហ៊ុនបានបោះទីទាំងផលិតកម្ម ដោយសារវានឹងបង្កើតការងារដល់ប្រជាជន និងលើកម្ពស់កម្រិតជីវភាពមួយកម្រិតទៀត”។
អ្នកជំនាញអចលនទ្រព្យជាច្រើនទៀតបានឱ្យដឹងថា នៅក្នុងដំណាក់កាលនេះ ការវិនិយោគទៅលើរោងចក្រ ដូចជា ការទិញដីសម្រាប់សង់រោងចក្រ និងការសង់ឃ្លាំងសម្រាប់ជួលបម្រើ ក្នុងវិស័យឧស្សាហកម្មកាត់ដេរ នៅតែមានកំណើនជាក់ស្ដែង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញប្រកាសជាហូរហែពីការវិនិយោគលើវិស័យរោងចក្រនេះ។
ពួកគេបានឱ្យដឹងទៀតថា នៅក្នុងពេលនេះ វិស័យ ដែលសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា គឺនៅតែជាវិស័យឧស្សាហកម្មកាត់ដេរ ដូច្នេះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់និងសម្រួលដល់ការវិនិយោគសម្រាប់វិស័យនេះ និងវិស័យផ្សេងៗជាច្រើនទៀត៕