ដោយៈសហការី
ភ្នំពេញៈ នៅពេលទិញលំនៅឋានមិនថាសម្រាប់វិនិយោគ ឬសម្រាប់ការរស់នៅនោះទេ ជាទូទៅយើងតែងតែសម្លឹងមើលលើស្ថានភាពលំនៅដ្ឋាន៣ប្រភេទគឺ លំនៅឋានដែលសាងសង់រួចរាល់ លំនៅឋានកំពុងតែសាងសង់ និងលំនៅឋានមុនគម្រោងសាងសង់។
ថ្ងៃនេះយើងនឹងលើកយកនូវហេតុផលសំខាន់ៗចំនួន៣ មកបកស្រាយថាតើហេតុអ្វីបានជាអ្នកគួរតែទិញលំនៅឋានមុនគម្រោងសាងសង់។
ហេតុផលទីមួយ
ប្រសិនបើអ្នកទិញលំនៅឋានមុនគម្រោង អ្នកនឹងអាចទិញបាននៅក្នុងតម្លៃក្រោមទីផ្សារ។ ជាធម្មតាអ្នកអភិវឌ្ឍន៍នៅកម្ពុជា តែងតែត្រូវការដើមទុនបន្ថែម ដោយធ្វើយុទ្ធសាស្រ្តទីផ្សារយ៉ាងណា ដើម្បីអាចលក់ចេញនូវយូនីតមួយចំនួន ទៅកាន់វិនិយោគិនដែលចង់វិនិយោគលើវិស័យនេះក្នុងរយៈពេលខ្លី ឬវែង។
ដើម្បីទទួលបាននូវដើមទុនបន្ថែមនេះ អ្នកអភិវឌ្ឍន៍មួយចំនួននឹងលក់លំនៅឋានមុនគម្រោងសាង់សង់នៅក្នុងតម្លៃក្រោមទីផ្សារទៅកាន់អតិថិជនគោលដៅរបស់ពួកគាត់។ ដូច្នេះប្រសិនបើអ្នកចង់ទិញលំនៅឋានមុនគម្រោងសាងសង់ ក្នុងគោលបំណងវិនិយោគ ឬសម្រាប់ស្នាក់នៅនេះគឺជាឱកាសមាស ពីព្រោះថានៅពេលដែលគម្រោងត្រូវបានបញ្ចប់១០០ភាគរយ អចលនទ្រព្យរបស់អ្នកអាចនឹងឡើងថ្លៃតិច ឫច្រើនទៅតាមទីផ្សារជាក់ស្ដែង។
មូលហេតុទីពីរ
មូលហេតុដែលអ្នកគួរតែទិញលំនៅឋាន មុនគម្រោងសាងសង់នោះគឺ អ្នកអាចជ្រើសរើសយូនីតដែលអ្នកពេញចិត្តមុនគេ ដោយអាចជ្រើសយកទីតាំងល្អណាមួយ និងអាចធ្វើការតុបតែងជាច្រើនផ្សេងទៀត។
ចុងក្រោយ អ្នកអាចទទួលបានលក្ខខណ្ឌបង់ប្រាក់ងាយស្រួល ជាមួយអត្រាការប្រាក់ទាបពីម្ចាស់គម្រោង នៅពេលដែលអ្នកទិញលំនៅឋានមុនគម្រោងសាងសង់នេះ។ ទោះបីជាយ៉ាងណាក៏ដោយ ការទិញលំនៅឋានមុនគម្រោងសាងសង់នេះ ក៏អាចមានហានិភ័យផងដែរ។
ប្រសិនបើម្ចាស់គម្រោងអភិវឌ្ឍមិនមានកេរ្តិ៍ឈ្មោះល្អ ក្នុងការសាងសង់គម្រោងពីមុនមកទេ និងមិនមានប្រភពទុនច្បាស់លាស់ វាអាចបណ្ដាលអោយគម្រោងត្រូវជាប់គាំង ឬលុបចោលទាំងស្រុង។
ដូច្នេះ មុននឹងសម្រេចទិញលំនៅឋានមុនគម្រោងសាង់សង់ អ្នកគួរតែសិក្សាស្វែងយល់អំពីម្ចាស់គម្រោងអភិវឌ្ឍនោះ ឱ្យបានច្បាស់លាស់ជាមុនសិនអំពីប្រភពទុន អាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតការសាងសង់ជាដើម។ ប្រសិនបើលោកអ្នកមិនចង់ខាតបង់ក្នុងការវិនិយោគលើគម្រោងណាមួយ លោកអ្នកអាចស្វែងរកភ្នាក់ងារអចលទ្រព្យ ឫក្រុមហ៊ុនអចលនទ្រព្យណាមួយ តាមរយៈគេហទំព័រអចលនទ្រព្យដែលនាំមុខគេនៅកម្ពុជា ដើម្បីប្រឹក្សាយោបល់ និងជួយលោក អ្នកក្នុងការជ្រើសរើសគម្រោង ដែលអាចជឿទុកចិត្តបាន៕
ប្រភព៖ Harbor Property