ដោយៈសុខុម
សិង្ហបុរី: ការសិក្សាស្រាវជ្រាវថ្មីមួយ ធ្វើឡើងដោយក្រុមហ៊ុនប្រឹក្សាយោបល់ចលនទ្រព្យអង់គ្លេស Knight Frank កាលពីពេលថ្មីៗនេះបង្ហាញថា ខណៈកម្រិតជីវភាពពលរដ្ឋក្នុងប្រទេសសិង្ហបុរី កាន់តែប្រសើរឡើង តម្រូវការលំនៅដ្ឋានប្រណីតក្នុងប្រទេសនេះក៏កំពុងកើនឡើងជាលំដាប់។
ការសិក្សាខាងលើបង្ហាញថា នៅឆមាសទី១ ឆ្នាំ២០២១ ប្រតិបត្តិការទិញលក់អចលនទ្រព្យប្រភេទលំនៅដ្ឋាន ប្រណីតបានឈានដល់៧,៥ពាន់លានដុល្លារសិង្ហបុរី (ជាង៥,៥៣ដុល្លារមេរិក)។
ចំនួននៃការលក់សរុប សម្រាប់អចលនទ្រព្យប្រភេទលំនៅដ្ឋាន ដែលសាងសង់លើដីជួលពីរដ្ឋ (Non-landed Residential Properties) ក្នុងឆមាសទី១ ឆ្នាំ២០២១ បានឈានដល់២ពាន់លានដុល្លារសិង្ហបុរី (ជាង១,៤៧ពាន់លានដុល្លារអាមេរិក) ជាតួលេខខ្ពស់បំផុតចាប់តាំងពីឆមាសទី២ ឆ្នាំ២០១០ ដែលការលក់នៅក្នុងផ្នែកទីផ្សារលំនៅដ្ឋានប្រណីតមានចំនួនសរុប មានត្រឹមតែប្រមាណ២,៤ពាន់លានដុល្លារសិង្ហបុរី (ជាង១,៨៤ពាន់លានដុល្លារអាមេរិក)។
ដោយងើបឡើងវិញពីវិបត្តិសេដ្ឋកិច្ច ដែលបង្កឡើងដោយការរីករាលដាលនៃវីរុសកូវីដ-១៩ នៅក្នុងឆ្នាំ២០២០ សកម្មភាពលក់ក្នុងឆមាសទី១ ឆ្នាំ២០២១ បានកើនឡើងទ្វេដង បើធៀបនឹងចំនួន១ពាន់លានដុល្លារសិង្ហបុរី (៧៣៨លានដុល្លារអាមេរិក) ដែលត្រូវបានកត់ត្រាក្នុងឆមាសទី២ ឆ្នាំ២០២០ ហើយបានកើនលើស១.៧ពាន់លានដុល្លារសិង្ហបុរី (ជាង១,២៥ពាន់លានដុល្លារអាមេរិក) ក្នុងឆ្នាំ២០២០ ទាំងមូល។
ជាការកតសម្គាល់ ប្រតិបត្តិការទិញលក់លំនៅដ្ឋាន ដែលសាងសង់លើដីជួលពីរដ្ឋក្នុងឆមាសទី១ ២០២១ រួមមានទាំងការលក់យូនីតទាំងអស់នៅអគារ Eden ដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Swire Properties ក្នុងតម្លៃ២៩៣លានដុល្លារសិង្ហបុរី (ជាង២១៦លានដុល្លារអាមេរិក)ផងដែរ ជាមួយនឹងតម្លៃជាមធ្យម៤.៨២៧ដុល្លារសិង្ហបុរី (៣.៥៦០ដុល្លារអាមេរិក) ក្នុងមួយហ្វីតការ៉េ (១ម៉ែត្រការ៉េ=១០,៧៦ហ្វីតការ៉េ)។ តួលេខនេះ បង្ហាញពីតម្រូវការកើនឡើងសម្រាប់ផ្ទះជាងមុន ដែលសាងសង់លើដីជួលពីរដ្ឋនៅក្នុងសង្កាត់ដែលមានដីមានហាងឆេងខ្ពស់។
ប្រតិបត្តិការទិញ លក់គួរឱ្យកត់សម្គាល់ផ្សេងទៀត នៅក្នុងផ្នែកនេះរួមមានទាំងអគារខុនដូ Les Maisons Nassim (តម្លៃ៣៩លានដុល្លារសិង្ហបុរី ឬ ២៨,៨លានដុល្លារអាមេរិក តម្លៃជាមធ្យម៥.៩៣០ដុល្លារសិង្ហបុរី ឬ៤.៣៨០ដុល្លារអាមេរិក ក្នុងមួយហ្វីតការ៉េ) និងគារខុនដូ Park Nova (តម្លៃ៣៤.៤លានដុល្លារសិង្ហបុរី ឬ ២៥,៤លានដុល្លារអាមេរិក តម្លៃជាមធ្យម៥.៨៣ដុល្លារសិង្ហបុរី ឬ ៤.៣១០ដុល្លារអាមេរិកក្នុងមួយហ្វីតការ៉េ) ផងដែរ។
ទន្ទឹមនឹងនេះ ចំនួននៃការលក់សរុប សម្រាប់អចលនទ្រព្យប្រភេទលំនៅដ្ឋាន ដែលសាងសង់លើដីឯកជន (Landed Residential Properties) មានចំនួន៤,៣ពាន់លានដុល្លារសិង្ហបុរី (ជាង៣,១៧ពាន់លានដុល្លារអាមេរិក)។ តម្រូវការនេះបានហក់ឡើងខ្ពស់ដោយសារកត្តាមួយចំនួនដូចជា អ្នកមានផ្ទះរួច ប៉ុន្តែចង់បានផ្ទះធំទូលាយជាងមុន ព្រមទាំងពលរដ្ឋ លក់ផ្ទះឯកជនរបស់ពួកគេចេញក្នុងតម្លៃខ្ពស់ ដោយសារទីផ្សារផ្ទះឯកជនមានភាពសកម្ម និងរឹងមាំ។ នេះបើយោងតាមការសិក្សាស្រាវជ្រាវដដែល៕