ក្រុមហ៊ុនធំៗចំនួនបីជ្រើសរើសកម្ពុជាទីតាំងផលិតកម្មសំបកកង់យានយន្តនៅកម្ពុជា

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្រុមហ៊ុនផលិតកង់រថយន្តធំៗ ជាច្រើនបានជ្រើសរើសកម្ពុជា ទីតាំងផលិ តកម្ម ខណៈកម្ពុជាបានត្រៀមខ្លួន ក្នុងការផ្គត់ផ្កង់កៅស៊ូ ដើម្បីនាំចេញទៅទីផ្សារអន្តរជាតិ។

ក្រុមហ៊ុនផលិតកង់ចិន General Science Technology បានប្រកាសដើមខែមិថុនានេះថា ក្រុមហ៊ុននឹងសាងសង់រោងចក្រមួយ ដែលមានទឹកប្រាក់១៦៦លានផោន (១,៣ ពាន់លានយ័ន ឬជាង២៣៥លានដុល្លារ) នៅក្នុងប្រទេសកម្ពុជា ដែលមានសមត្ថភាព ផលិតសំបកកង់រថយន្តបាន៦លានសំបកក្នុងមួយឆ្នាំ។ រោងចក្រផលិតសំបកកង់ថ្មីនេះ នឹងមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ហើយរំពឹងថានឹងចាប់ផ្តើមដំណើរការនៅខែកញ្ញា ឆ្នាំ២០២២។

ជាមួយគ្នានេះ ក្រុមហ៊ុនចិន Sailun Group កំពុងពិចារណាបង្កើតរោងចក្រផលិតសំបកកង់រថយន្តដឹកអ្នកដំណើរ ដែលមានតម្លៃជាង១៨០លានដុល្លារនៅកម្ពុជា។ ក្រុមហ៊ុន Sailun បានឱ្យដឹងថា ក្រុមហ៊ុនគ្រោងសាងសង់រោងចក្រមួយ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស QiLu (ខេមបូឌា) ក្នុងខេត្តស្វាយរៀង ដែលមានសមត្ថភាពផលិតសំបកកង់រាប់ក្នុងមួយឆ្នាំ។

ចំណែកក្រុមហ៊ុន Cart Tire Co., Ltd កាលពីខែកុម្ភៈ ឆ្នាំ២០២១ គម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្ត មានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេ​សឈីលូ បាវិត ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ ១៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣៨០កន្លែង។

លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងប្រាប់នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ នេះថា លោកស្វាគមន៍ចំពោះព័ត៌មាន ដែលមានក្រុមហ៊ុនគ្រោងនឹងបង្កើតរោងចក្រសំបកកង់នេះ ដោយលោកឧកញ៉ាបានលើកឡើងថា ការចូលមករប​ស់ក្រុមហ៊ុនធំៗ ក្នុងបង្កើតជារោងចក្រផលិតសំបកកង់គ្រប់ប្រភេទនេះ គឺជាអ្វីដែលកម្ពុជាកំពុងទន្ទឹងរង់ចាំ។

លោកឧកញ៉ាបានថ្លែងថា “យើងអាចផ្គត់ផ្គង់ដល់ការផលិតបាន ដោយសារយើងមានផ្ទៃដីដាំដុះកៅស៊ូ៤០ម៉ឺនហិកតាហើយ នៅទូទាំងប្រទេស”។លោកបន្តថា “នេះគឺជាឱកាសល្អ សម្រាប់ទីផ្សារកៅស៊ូនៅប្រទេសកម្ពុជាយើង”។

លោកបានបន្តថា ពេលក្រុមហ៊ុនបង្កើតរោងចក្រផលិតលសំបកកង់នៅកម្ពុជា ក្រុមហ៊ុនក៏នឹងមានឱកាស ក្នុងការនាំចេញទីផ្សារអន្តរជាតិជាច្រើន ដោយសារកម្ពុជាមានកិច្ចព្រមព្រៀងសេរីកម្ពុជាជាច្រើនជាមួយបណ្តាប្រទេសនានា៕

ក្រសួងទេសចរណ៍ពង្រឹងសេវាកម្មបដិសណ្ឋារកិច្ចនៅភូមិភាគឥសាន្ត

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រសួងទេសចរណ៍កំពុងជំរុញ ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា (HoKa) ដើម្បីចូលរួមស្តារវិស័យទេសចរណ៍ក្នុងភូមិភាគឦសាន្ត ជាតំបន់មានសក្តានុពលទេសចរណ៍ធម្មជាតិ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា លោកប៉ាក់ សុខុម កាលពីថ្ងៃទី៧ មិថុនាកន្លងមក បានអញ្ញើញជាធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល “គ្រូបង្គោលសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ” សម្រាប់ខេត្តរតនៈគិរី តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីតំណាងអង្គការស្វីស ខន់ថាក់ គ្រូបង្គោលអាស៊ាន ប្រធានមន្ទីរទេសចរណ៍ខេត្តភូមិភាគឦសាន្ត និងសិក្ខាកាម សរុបចំនួន៧០រូប។

លោកបន្តថា “ការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ គឺជាធាតុដ៏សំខាន់មួយរបស់ផែនទីចង្អុលផ្លូវស្តីពីការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២០-២០២៥”។

សកម្មភាពសំខាន់នៅក្នុងមុំបណ្តុះបណ្តាវិជ្ជាជីវៈទេសចរណ៍ រួមមាន ទី១ពង្រឹងលក្ខណៈសម្បត្តិឱ្យបុគ្គលិកក្នុងឧស្សាហកម្មទេសចរណ៍ ត្រៀមខ្លួនឆ្ពោះទៅដំណាក់កាលស្តារឡើងវិញ តាមរយៈការពង្រឹងជំនាញវិជ្ជាជីវៈ និងសមត្ថភាពរបស់ខ្លួន ទី២ លើកកម្ពស់ផលិតភាពក្នុងឧស្សាហកម្មទេសចរណ៍ តាមរយៈពង្រឹងការបណ្តុះបណ្តាលអក្ខរកម្មឌីជីថល និងជំនាញឌីជីថលក្នុងឧស្សាហកម្មទេសចរណ៍ ទី៣ ពង្រឹងការអភិវឌ្ឍជំនាញទេសចរណ៍ក្នុងបរិកាណ៍ថ្មី រួមមានបន្ស៊ីជំនាញឌីជីថល ជាមួយនឹងការបណ្តុះប ណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ពង្រឹងការអភិវឌ្ឍជំនាញទេសចរណ៍ស្របតាមចក្ខុវិស័យ “បុគ្គលិកម្នាក់ ជំនាញមួយ” និងបន្តជំរុញកម្មវិធីកម្មសិក្សាក្នុងវិស័យទេសចរណ៍ (Internship Program)។

ទី៤ គម្រោងបង្កើតសាលាជាតិវិជ្ជាជីវៈទេសចរណ៍នៅខេត្តសៀមរាប និងនិងខេត្តមណ្ឌលគិរី និងទី៥ ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ដែលជាគម្រោងរបស់ក្រសួងទេសចរណ៍ ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការ ស្វីស ខន់ថាក់ ដែលយើងកំពុងតែអនុវត្ត ជាពិសេសវគ្គបណ្តុះបណ្តាលគ្រូបង្គោលនេះតែម្តង។

លោកប៉ាក់ សុខុមបានជំរុញឲ្យប្រតិបត្តិករក្នុងវិស័យទេសចរណ៍៍ ធ្វើសកម្មភាពអាជីវកម្មរបស់ខ្លួនអោយបានល្អប្រសើរ និងត្រូវមានគំនិតសុទិដ្ឋិនិយមចំពោះការងើបឡើងវិញ នៃវិស័យទេសចរណ៍នៅពេលខាងមុខ និងត្រៀមខ្លួនដើម្បីចូលរួមពង្រឹងសេវាកម្មទេសចរណ៍នៅភូមិភាគឥសាន្តនេះ បានយ៉ាងល្អប្រសើរផងដែរ៕

តើការសិក្សាផ្នែកស្ថាបត្យកម្មនិងនគរូបនីយកម្មមានសារៈសំខាន់បែបណា?

ដោយៈគង់ សូរិយា

ភ្នំពេញៈ ឯ​ក​ទេស​ ​ស្ថាប​ត្យក​ម្ម និង​ន​គ​រូប​នីយ​ក​ម្ម គឺ​ជាឯ​​ក​ទេស​មួយ​ដែល​មាន​សារៈសំខាន់ ក្នុង​ការ​កសាង​និង​អ​ភិវ​ឌ្ឍ​ប្រទេស​ជាតិ​ លើ​វិស័យ​ហេដ្ឋា​រ​ច​នា ស​ម្ព័ន្ធ​ និង​រ​ដ្ឋបាល​គ្រប់​គ្រង​ដែន​ដី​។​

ការ​សិក្សា​ផ្តោត​ ​លើ​ការ​រ​ច​នាសំ​ណ​ង់​ទាំង​ខាង​ក្នុង​ និង​ខាង​ក្រៅ​តាម​​មាត្រ​ដ្ឋាន​ជាតិ​ និង​អន្តរ​ជាតិ​។​ ការ​រៀបចំ​ប្រព័ន្ធ​សំណ​ង់​អគារ​ ការ​កំណត់​ទី​តាំង​ និង​ប្លង់​មេ​ក្នុង​ការ​អ​ភិវ​ឌ្ឍ​ហេដ្ឋា​រ​ច​នា​ស​ម្ព័ន្ធ​។​ ប​ន្ថែម​លើ​នេះ​ ឯក​ទេស​នេះ​ ផ្តល់​ដ​ល់អ្នក​សិក្សា​នូវ​ភាព​ខុស​គ្នា រ​វាង​វិធី​សាស្ត្រ​ក្នុង​ កា​​រ​សាង​ស​ង់សំណ​ង់តូច​ធំ​តាម​រ​ច​នា​បថ​ផ្សេង​ៗ​ និង​ការ​ប​ង្កើត​គំនិត​ច្នៃ​ប្រឌិត​ វិធី​សាស្ត្រ​រ​ច​នា​ប្លង់​មេ​តាម​ បច្ចេក​វិទ្យា​កុំព្យូ​ទ័រ​ទំនើប​។

•ក​ម្មវិធី​សិក្សា
ត្រូវ​បាន​រៀប​ចំ​ឡើង​យ៉ាង​ស​ម្រិត​ សម្រាំង​ស្រប​តាម​ស្តង់​ដារ​អន្តរ​ជាតិ  ដែល​ឆ្លើយ​តប​ ទៅ​នឹង​ត​ម្រូវ​ការ​ទីផ្សារ​ការ​ងារ​ក្នុង​​ស្រុក​ ក្នុង​តំប​ន់​ និង​អ​ន្តរ​ជាតិ​ ដោយ​សង្កត់​ធ្ងន់​ទៅ​លើ​ជំនាញ​ឯ​​ក​ទេស​ វិជ្ជា​ជីវៈ​ខាង​ផ្នែក​ស្ថាប​ត្យ​ក​ម្ម និង​ន​គ​រ​រូប​នីយ​កម្ម​ តាម​រ​យៈ​ការ​សិក្សារ​យៈ​ពេល៥​ឆ្នាំ នូវ​មុខ​វិជ្ជាស្នូល​សំខាន់ចាំបាច់រួមមាន ​មូល​ដ្ឋាន​គ្រឹះស្ថាប​ត្យក​ម្ម ប្រវ​ត្តិ នៃស្ថាប​ត្យក​ម្មខ្មែរ ប្រវ​ត្តិ​ស្ថាប​ត្យក​ម្មអឺរ៉ុប ការ​គូស គំរូព្រៀង​ដោយ​ដៃ និង​តាម​ប្រព័ន្ធកុំព្យូទ័រ ការ​រៀប​ចំ​ដែន​ដី​ ការ​អភិ​រក្ស​ស្ថាបត្យ​កម្ម​។​ គ្រប់មុខវិជ្ជាទាំងអស់ ត្រូវបានសិក្សាជាមួយសៀវភៅគោលដែលបោះពុម្ពថ្មីៗ។

ល​ទ្ធផ​ល​នៃការ​សិក្សា
បន្ទាប់ពីប​ញ្ចប់ការ​សិក្សា​លើ ឯ​កទេសនេះ និស្សិតនឹងទទួលបានជំនាញច្បាស់​លាស់ ក្នុងការរៀបចំកែលម្អ និងរចនាសំណង់អគារតូច ធំ ស្រប តាមស្តង់ដារជាតិ និងអន្តរជាតិ។

មានសមត្ថភាពក្នុងការ វាយតម្លៃ វិភាគ តាមដានប្រតិបត្តិការ នៃការចំណាយលើ គម្រោងស្ថាបនា-។ មានចំណេះដឹងលើការរៀបចំកែលម្អ និងកសាងនូវតំបន់រដ្ឋបាលសាធារណៈ និងឯកជនប្រកប ដោយប្រសិទ្ធភាព។

ទទួលបានចំណេះដឹងបច្ចេក ទេស វិភាគ ការត្រិះរិះពិចាណា និងជំនាញធ្វើការងារជាក្រុម។ មានជំនាញភាសាអង់គ្លេស និងជំនាញកុំព្យូទ័រ លើបច្ចេកទេសស្ថាបត្យកម្ម និងនគរូបនីយកម្ម។ ទទួលបានចំណេះដឹងពីរបៀបនៃការស្រាវជ្រាវតាមបែបគុណ វិស័យ និងបរិមាណវិស័យ។ យកចំណេះដឹង និងជំនាញ ទៅអនុវត្តក្នុងពិភពការងារតាមរយៈ ការហ្វឹកហាត់ការងារ៕

ដំណឹងល្អៈប្រជាពលរដ្ឋកម្ពុជាជិត៣លាននាក់ហើយបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩

ដោយៈគង់ ម៉ាលីន

ភ្នំពេញៈ ជាដំណឹងល្អសំរាប់ប្រជាពលរដ្ឋ ក៏ដូចជាវិនិយោគិនអន្តរជាតិ ដោយរហូតមកទល់ពេលនេះប្រជាជនកម្ពុជា ជិត៣លាននាក់ហើយទទួលបានការចាក់វ៉ាក់សាំងបង្កា​រជំងឺកូវីដ១៩។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ២,៧៧០,៤៣៧នាក់។ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់បានចំនួន២៧.៧០%។

ល្បឿននៃការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាល បាននិងកំពុងធ្វើឲ្យមជ្ឈដ្ឋានជាតិ អន្តរជាតិ ពិសេសអ្នកវិនិយោគអន្តរជាតិបានកោតសរសើរ ការដឹកនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា របស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តី៕

ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ដ៏ធំស្កឹមស្កៃទំនើបដំបូងគេនៅកម្ពុជានឹងផុសរូបរាងឡើងក្នុងទីក្រុងនាគសម្តេចតេជោសែន ឆាប់ៗនេះ!

ភ្នំពេញៈ គម្រោងអភិវឌ្ឍន៍អគារពាណិជ្ជកម្ម និងលំនៅឋាន “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ដ៏ធំស្កឹមស្កៃទំនើបដំបូងគេបង្អស់មួយនឹងផុសរូបរាងឡើងនៅក្នុងទីក្រុងនាគសម្តេចតេជោសែន ភាគខាងជើងរាជធានីភ្នំពេញក្នុងពេលឆាប់ៗខាងមុខនេះហើយ។

គម្រោង“ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ដ៏ធំចម្លែកប្លែកគេថ្មីមួយនេះដែរ នឹងធ្វើការសាងសង់សម្រាប់ការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ និង អាស៊ានប៉ារ៉ាហ្គេម ក្នុងឆ្នាំ២០២៣ ដែលនឹងប្រារព្ធធ្វើឡើងនៅលើទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងនេះនឹងសាងសង់អមជាមួយស្ថាបត្យកម្មយ៉ាងវិសេសវិសាល លាតសន្ធឹងលើផ្ទៃដីជាង ៦ហិចតា ជាប់នឹងពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅក្នុងទីក្រុងនាគសម្តេចតេជោ លាតសន្ធឹងលើផ្ទៃដីចំនួន៣៥.០០០ហិចតា នៅភាគខាងជើងនៃតំបន់អភិវឌ្ឍន៍ថ្មីរបស់រាជធានីភ្នំពេញ។

សំណង់អគាររំលេចទៅដោយស្ថាបត្យកម្មដ៏ល្អឯក បូករួមនឹងសោភណ្ឌភាពដ៏គួរឲ្យចាប់អារម្មណ៍បំផុតបែបនេះ គឺជាការសាងសង់ដោយក្រុមហ៊ុន ដាប់ប៊ែលយូប៊ី ស្ព័ត វីលេច ឯ.ក ដែលជាបុត្រសម្ព័ន្ឋក្រុមហ៊ុន វើលដ៏ប្រ៊ីដគ្រុប ដែលជាអ្នកអភិវឌ្ឍ និង ជាក្រុមហ៊ុនសាងសង់លំនៅដ្ឋានដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងល្បីល្បាញក្នុងវិស័យ
អចលនទ្រព្យជាង៣០ឆ្នាំមកហើយ។

ដោយស្ថិតនៅក្នុងតំបន់ ពាណិជ្ជកម្ម “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ត្រូវបានសិក្សាយ៉ាងល្អិតល្អន់ជាមួយនឹងរចនាបថលំនៅឋានសម័យទំនើបដែលមានខុនដូ១២អាគារស្មើនឹង១៣១៩បន្ទប់ អាគារខុនដូប្រភេទស្ទូឌីយ៉ូ ១អគារស្មើនឹង ១៦៣បន្ទប់ ដែលមានកម្ពស់១៣ជាន់ ផ្ទះល្វែង ផ្ទះអាជីវកម្ម វីឡាភ្លោះ ផ្សារទំនើប សារមន្ទីរកីឡា មានចំណតធំទូលាយ ល្អឥតខ្ចោះសម្រាប់ការរស់នៅ និងវិនិយោគនាពេលអនាគត។

មិនតែប៉ុណ្ណោះ “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” មានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់យ៉ាងសម្បូរបែបហ៊ុមព័ទ្ធទៅដោយ ស្ពាន ផ្លូវគមនាគមន៍ខ្វាត់ខ្វែង ប្រព័ន្ធដឹកជញ្ជូនសាធារណៈ មន្ទីរពេទ្យ សាលារៀនជាតិ និងអន្តរជាតិ ក្លឹបហាត់ប្រាណ កន្លែងវាយកូនហ្គោលលំដាប់ផ្កាយ៥ និង ផ្សេងៗទៀត។

បន្ទាប់ពី ការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ត្រូវបានបញ្ចប់ យើងមានជំនឿយ៉ាងមុតមាំថា “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” នឹងផ្លាស់ប្តូរមុខមាត់តែស្រស់អស្ចារ្យ នឹងចូលរួមចំណែកលើកសម្រស់រាជធានីភ្នំពេញទៅជាទីក្រុងកីឡា និង ជាទីប្រជុំជនដែលមានទំនើបកម្មក្នុងតំបន់ជាក់ជាពុំខានឡើយ។

ស្ថិតនៅក្នុងរង្វង់នៃពហុកីឡដ្ឋានជាតិមរតកតេជោ “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” មានចំងាយត្រឹមតែ ១៥ នាទីប៉ុណ្ណោះពីតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម ដោយសារតែមានការតភ្ជាប់នូវហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់នាពេលបច្ចុប្បន្ន និង ការពង្រីកហេដ្ឋារចនាសម្ព័ន្ធទៅកាន់តំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សេងៗទៀត ដែលក្នុងនោះ មានស្ពានជាង៤កន្លែង ផ្លូវគមនាគមន៍ខ្វាត់ខ្វែងទាំងចាស់ទាំងថ្មី ប្រព័ន្ធដឹកជញ្ជូនសាធារណៈ ក៏ដូចជាគម្រោងផ្លូវខ្សែរថភ្លើងលើអាកាសដែលតភ្ជាប់ទៅកាន់តំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលត្រូវបានរចនាឡើងសម្រាប់ទទួលបាននូវភាពជោគជ័យយូរអង្វែង រួមជាមួយកន្លែងផ្សេងទៀតដែលត្រូវបានសាងសង់ឡើងសម្រាប់ការប្រកួតកីឡាផងដែរ។

លើសពីនេះទៅទៀត ក្រុមហ៊ុនវើលប្រ៊ីដគ្រុបដែលធ្លាប់មានបទពិសោធន៍ពេញលេញក្នុងការអភិវឌ្ឍអគារខ្ពស់ទំនើបៗ និង លំនៅឋានដ៏ប្រណីតៗនៅកម្ពុជា នឹងធ្វើការប្តេជ្ញាចិត្តក្នុងការនាំមកនូវបទពិសោធន៍ថ្មីៗ និង ភាពជឿជាក់ក្នុងការរស់នៅរបស់អតិថិជន។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺការពន្លឿនការសាងសង់ ដោយផ្តោតជាចម្បងលើគុណភាពសំណង់ និងលក្ខខណ្ឌបង់ប្រាក់ងាយស្រួលសម្រាប់អតិថិជន គឺជាផ្នែកមួយនៃភាពជោគជ័យរបស់គម្រោង“ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” នេះផងដែរ។

ជាពិសេសក្នុងដំណាក់កាលនេះ គម្រោង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ មានប្រូម៉ូសិនពិសេសដែល…………………
សូមទំនាក់ទំនងអាសយដ្ឋាន៖ ការិយាល័យលក់ អាគារ The Bridge SOHO វិថីរដ្ឋសភា សង្កាត់ទន្លេបាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។ ជាមួយនឹងការបង់រំលស់លំនៅដ្ឋានដូចជា៖ ខុនដូ វីឡាភ្លោះ ថោនហៅស៍ រ៉ូហៅស៍ រហូតដល់ ៦០ខែ ដោយគ្មានការប្រាក់ (0% Interest) ។ មិនតែប៉ុណ្ណោះ អតិថិជនអាចមានឱកាសឈ្នះរង្វាន់ជាច្រើនដូចជា៖
សាឡុងមួយឈុត ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់សំលៀកបំពាក់ ម៉ាស៊ីនបូមធូលី និងសំភារៈប្រើប្រាស់ក្នុងផ្ទះជាច្រើនទៀត 🤩
☎️ កក់ឥលូវនេះដើម្បីទទួលបានតំលៃពិសេស: 085 611 147 / 087 611 147

ស្ថានទូតចិនអះអាងថា ចិននឹងបន្តជួយកម្ពុជារហូតយកឈ្នះលើជំងឺកូវីដ១៩ទាំងស្រុង

ដោយៈ ម៉ាណេត

ភ្នំពេញៈ ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា រដ្ឋាភិបាលនិងប្រជាជនចិនតែងតែឈរជាមួយរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជារួមគ្នាពុះពាររាល់ឧបសគ្គទាំងឡាយ ពិសេសយកឈ្នះលើជំងឺកូវីដ១៩ទាំងស្រុង។

ស្ថានទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា ភាគីចិនយកចិត្តទុកដាក់ចំពោះចំណងមិត្តភាពដូចបងប្អូនរវាងចិននិងកម្ពុជា។ ក្នុងកិច្ចការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសកូវីដ-១៩ រដ្ឋាភិបាលនិងប្រជាជនចិនតែងតែឈរជាមួយរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជារួមគ្នាពុះពាររាល់ឧបសគ្គទាំងឡាយ។

ស្ថានទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា “ស្ថិតក្នុងស្ថានភាពដែលប្រទេសកម្ពុជាកំពុងតែប្រឈមជាមួយជំងឺវីរុសយ៉ាងតាងតឹង ភាគីចិននឹងបន្តជំរុញយ៉ាងមុតមាំនូវកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរលើការទប់ស្កាត់នឹងជំងឺវីរុសតាមគ្រប់មធ្យោបាយ រហូតដល់កម្ពុជាអាចយកឈ្នះលើជំងឺវីរុសមួយនេះទាំងស្រុង”។

នាពីថ្ងៃទី៨ ខែមិថុនា វ៉ាក់សាំងកូវីដចំនួន៥០ម៉ឺនដូស ដែលជាជំនួយឥតសំណងជំហានទី៤របស់ភាគីចិនជូនចំពោះភាគីកម្ពុជាបានដឹកជញ្ជូនមកដល់រាជធានីភ្នំពេញ។ នេះគឺជាជំនួយឥតសំណងជាវ៉ាក់សាំងជំហានទី៤ ដែលរដ្ឋាភិបាលចិនជូនចំពោះកម្ពុជាបន្ទាប់ពីជំហានទី១ចំនួន៦០ម៉ឺនដូស ជំហានទី២ចំនួន៧០ម៉ឺនដូស និងជំហានទី៣ចំនួន៤០ម៉ឺនដូស។

ចំពោះវ៉ាក់សាំងដែលបានដឹកជញ្ជូនមកដល់កម្ពុជានាលើកនេះ ក៏មានវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន៥០ម៉ឺនដូសបន្ថែមទៀតដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា។ សហគ្រាសចិនកំពុងខិតខំផលិតយ៉ាងមមាញឹក ដើម្បីប្រគល់វ៉ាក់សាំងទាំងនេះដល់ភាគីកម្ពុជាទាន់ពេលវេលា ជួយភាគីកម្ពុជាលើការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសមួយនេះ។ ទាំងនេះបានបង្ហាញអំពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅបំផុតរបស់ប្រជាជនចិនជូនចំពោះប្រជាជនកម្ពុជា។

ស្ថានទូតចិនប្រចាំកម្ពុជា បានឱ្យដឹងទៀតថា យើងជឿជាក់យ៉ាងមុតមាំថា ស្ថិតក្រោមម្លប់បារមីដ៏ត្រជាក់ត្រជំរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រជាជនកម្ពុជាប្រាកដជាអាចពុះពាររាល់ឧបសគ្គ និងអាចយកឈ្នះយ៉ាងជោគជ័យជាមួយជំងឺវីរុសកូវីដ-១៩ក្នុងពេលឆាប់ៗនេះជាមិនខាន៕

ក្រុមហ៊ុនKrisEnergyកំពុងបូមប្រេងនៅកម្ពុជាប្រកាសក្ស័យធន់

ដោយៈ វឌ្ឍនៈ

ភ្នំពេញ៖ ក្រុម KrisEnergy ដែលកំពុងទាញយកធនធានប្រេងពីឈូងសមុទ្រកម្ពុជា បានប្រកាសក្ស័យធន់និងស្នើសុំបិទដំណើរការក្រុមហ៊ុនរបស់ខ្លួន ដោយសារតែមិនមានទុនក្នុងការសងបំណុល។ នេះបើតាមសេចក្តី ប្រកាសព័ត៌មានរបស់ក្រុមហ៊ុនKrisEnergy ដែលជាក្រុមហ៊ុនធ្វើប្រតិបត្តិការបូមប្រេងពីកម្ពុជាកាលពីដើមខែមិថុនានេះ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីពេលថ្មីៗនេះ ថាក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីបានដាក់ពាកក្យទៅកាន់តុលាការនៃកោះ Cayman នៃប្រទេសអង់គ្លេស ដើម្បីស្នើសុំបិទដំណើរការក្រុមហ៊ុនដោយសារបំណុលរបស់ក្រុមហ៊ុនច្រើនលើសពីតម្លៃទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ដែលនាំឱ្យក្រុមហ៊ុនមិនអាចស្នើម្ចាស់បំណុលបន្ធូរបន្ថយការបង់សងត្រលប់បាន ដូច្នេះក្រុមហ៊ុនក៏គ្មានជំរើសអ្វីក្រៅពីបិទក្រុមហ៊ុននោះដែរ។

ក្រុមហ៊ុន KrisEnergy ដែលជាក្រុមហ៊ុនប្រតិបត្តិករបូមយកប្រេងចេញពីទឹកដីកម្ពុជា បានដាក់ពាក្យសុំបិទដំណើរការក្រុមហ៊ុន ដោយសារបំណុលរបស់ក្រុមហ៊ុនមានច្រើន។បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនកាលពីថ្ងៃទី ៤ មិថុនានេះ។

សេចក្តីប្រកាសដដែលថា មកដល់ពេលនេះ តុលាការនៃកោះ Cayman នៃប្រទេសអង់គ្លេសមិនទាន់បានកំណត់កាលបរិច្ឆេទនៃថ្ងៃបើកសវនាកា ចំពោះពាក្យស្នើសុំរបស់ក្រុមហ៊ុន KrisEnergy នៅឡើយទេ។ប្រសិនបើមានការយល់ព្រមមែនមានន័យថា រាល់គម្រោងប្រតិបត្តិការណ៍គម្រោងរបស់ក្រុមហ៊ុននេះនឹងត្រូវបិទទាំងអស់ផងដែរ ។

ដោយឡែកក្រលេកទៅមើលផលិផលប្រេងដែលក្រុមហ៊ុននេះបានបូមពីកម្ពុជាក៏មិនទាន់លក់បញ្ចេញនៅឡើយដែរ ដោយនៅថ្ងៃទី៩មិថុនា ២០២១នេះ ប្រេងដែលក្រុមហ៊ុនបូមបាននឹងយករក្សាទុកនៅ សារមន្ទីរនៃវិមានឈ្នះឈ្នះរង់ចាំការនាំចេញនៅពេលក្រោយ ។

យោងតាមគេហទំព័រអេឡិចត្រូនិកស៊ីស៊ីថាមស៍ថា ក្រុមហ៊ុន Kris Energy បានចុះកិច្ចព្រមព្រៀងជាមួយកម្ពុជា កាលពីឆ្នាំ ២០១៧ សម្រាប់ការអភិវឌ្ឍន៍ អណ្តូងប្រេងកាតនៅក្នុងប្លុង A នៃដែនសមុទ្រកម្ពុជា។ គឺបន្ទាប់ពីក្រុមហ៊ុនយក្សរបស់អាមេរិកឈ្មោះ Chevron បានដកខ្លួនចេញ។ ក្រុមហ៊ុន Kris Energy បានជួយឱ្យប្រទេសកម្ពុជាសម្រេចបាននូវ “ ក្តីសុបិន្តប្រេង” ដែលបានរង់ចាំជាយូរមកហើយ។គិតមកដល់ពេលបច្ចុប្បន្នេះ ក្រុមហ៊ុនបានបូមប្រេងបានជិត៣០ម៉ឺបារ៉ែលហើយ ចំពោះទីផ្សារលក់មិនទាន់មាន៕

Blue Circle:ដល់ពេល កម្ពុជាត្រូវយកទាញយកប្រយោជន៍ពីវិស័យថាមពលអគ្គីសនីដើរដោយកម្លាំងខ្យល់ហើយ

ដោយៈ សុខុម

ភ្នំពេញៈ យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ឱ្យដឹងថា តម្រូវការថាមពលអគ្គិសនីនៅអាស៊ីអាគ្នេយ៍ បានកើនឡើងជាង៨០%ចាប់តាំងពីឆ្នាំ២០០០ ហើយតាមការរំពឹងថានឹងកើនឡើង៦០%ទៀតនៅត្រឹមឆ្នាំ២០៤០។ នេះបើយោងតាមលើកឡើងរបស់ក្រុមហ៊ុន The Blue Circle កាលពីថ្មីៗនេះ។

តម្រូវការអគ្គិសនីនៅក្នុងតំបន់បានកើនឡើង៦%ក្នុងមួយឆ្នាំៗ នៅមុនពេលការផ្ទុះការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ដោយតម្រូវការនៅក្នុងប្រទេសមួយចំនួនដូចជាប្រទេសកម្ពុជា ជាដើមបានកើនឡើងកាន់តែលឿន។

នៅពេលសហភាពអឺរ៉ុប កំពុងអនុវត្ត “កិច្ចព្រមព្រៀងបៃតង” (Green Deal) ហើយសហរដ្ឋអាមេរិក កំពុងតែអនុវត្តយុទ្ធសាស្ត្រ “Building Back Better” (ជាយុទ្ធសាស្ត្រកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ) តាមរយៈការពន្លឿនការវិនិយោគលើថាមពលកកើតឡើងវិញដើម្បីប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ និងលើកកម្ពស់ការងារស្តារឡើងវិញនោះ ប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍ កំពុងគ្រោងប្រើប្រាស់ផែនទីចង្អុលបង្ហាញផ្លូវតែមួយនេះ។

ក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីបម្រែបម្រួលអាកាសធាតុ (COP26) នៅទីក្រុង Glasgow ស្កុតលែន ក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ រដ្ឋាភិបាលដែលជាម្ចាស់ហត្ថលេខីទាំងអស់នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស (រួមទាំងបណ្ដាប្រទេសជាសមាជិកអាស៊ាន ផង) នឹងត្រូវប្រកាសជាថ្មីនូវការប្តេជ្ញាចិត្តដ៏មុតមាំ និងដែលចងភ្ជាប់កាតព្វកិច្ចចំពោះការបន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត (CO2) របស់ខ្លួនយោងទៅតាមយុទ្ធនាការ Race to Zero (យុទ្ធនាការកាត់បន្ថយការបំភាយឧស្ម័នកាបូនឱ្យមកនៅកម្រិតសូន្យ) របស់អង្គការសហប្រជាជាតិ។

យោងតាម Rystad Energy ដែលជាក្រុមហ៊ុនពិគ្រោះយោបល់ឈានមុខខាងផ្នែកថាមពលបង្ហាញថា តាមការព្យាករថា បណ្តាប្រទេសជាសមាជិកអាស៊ាន នឹងសាងសង់គម្រោងថាមពលកកើតឡើងវិញកម្លាំង៦ជីហ្គាវ៉ាត់ (6 GW) នៅឆ្នាំ២០២១ ហើយនឹងបង្កើនការវិនិយោគប្រចាំឆ្នាំរបស់ខ្លួនឱ្យឈានដល់១១ជីហ្គាវ៉ាត់ (11 GW) នៅត្រឹមឆ្នាំ២០២៥។ គម្រោងថាមពលអគ្គិសនីដើរដោយកង្ហារខ្យល់លើគោកនឹងមានចំណែកស្មើនឹង១ភាគ៣ នៃរោងចក្រផលិតថាមពលកកើតឡើងវិញថ្មីៗទាំងអស់នៅក្នុងតំបន់។ គ្រាន់តែនៅប្រទេសវៀតណាម ក្នុងលិខិតមួយចុះថ្ងៃទី២២ ខែមីនា ផ្ញើទៅកាន់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម (MOIT) អគ្គិសនីវៀតណាម (EVN) បានរាយការណ៍ថា គម្រោងថាមពលអគ្គិសនីថ្មីដែលដើរដោយកម្លាំងខ្យល់កម្លាំង៤.៤៣២មេហ្គាវ៉ាត់ (4,432 MW) កំពុងស្ថិតក្នុងដំណើរការសាងសង់នៅឆ្នាំនេះ (ភាគច្រើននៅវៀតណាមខាងត្បូង)។

ផែនការអភិវឌ្ឍន៍ថាមពល (Power Development Plan) ចុងក្រោយដែលត្រូវបានប្រគល់ជូននាយករដ្ឋមន្រ្តីថៃ កាលពីខែមីនា បានស្នើឱ្យដំឡើងកង្ហារខ្យល់ដើម្បីផលិតថាមពលឱ្យបានយ៉ាងតិច១១.៣២០មេហ្គាវ៉ាត់ (11,320 MW) នៅត្រឹមឆ្នាំ២០២៥ និង១៦.០១០មេហ្គាវ៉ាត់ (16,010 MW) នៅត្រឹមឆ្នាំ២០៣០ ។
ប្រទេសថៃ តាមរយៈការអនុវត្តផែនការនេះដើម្បីឱ្យការចរាចររថយន្តអគ្គិសនី (EV) មានចំណែកស្មើនឹង៥០%នៃរថយន្តទាំងអស់ដែលលក់នៅក្នុងប្រទេសត្រឹមឆ្នាំ២០៣០ កំពុងរៀបចំផែនការថាមពលថ្នាក់ជាតិថ្មីរបស់ខ្លួនជាមួយនឹងគម្រោងដំឡើងថាមពលដើរដោយកម្លាំងខ្យល់ចាប់ពី៦ជីហ្គាវ៉ាត់ (6 GW) ទៅ១០ជីហ្គាវ៉ាត់ (10 GW) នៅត្រឹមឆ្នាំ២០៣៧។ គិតមកទល់បច្ចុប្បន្ន ប្រទេសវៀតណាម ដំឡើងកង្ហារខ្យល់ផលិតថាមពលបាន៥៨២មេហ្គាវ៉ាត់ (582 MW) ហើយប្រទេសថៃ បាន១.៥៣៨មេហ្គាវ៉ាត់ (1,538 MW)។ ប្រទេសទាំង២គ្រោងដំឡើងគម្រោងថ្មីដែលមានកម្លាំងយ៉ាងតិច៦.០០០មេហ្គាវ៉ាត់ (6,000 MW) នៅត្រឹមឆ្នាំ២០២៥។

បើធ្វើការប្រៀបធៀប ប្រទេសកម្ពុជា បានដាក់បញ្ចូលថាមពលអគ្គិសនីដើរដោយកម្លាំងខ្យល់កម្លាំងត្រឹមតែ៨០មេហ្គាវ៉ាត់ (80 MW) ប៉ុណ្ណោះទៅក្នុងផែនការមេអគ្គិសនីអគ្គិសនីឆ្នាំ២០៣០ (2030 Electrical Master Plan) របស់ខ្លួននៅត្រឹមឆ្នាំ២០២៤។ ទោះបីជាគោលដៅដំឡើងកង្ហារខ្យល់ដើម្បីផលិតថាមពលឱ្យបានសរុប១៧.៦៧៧មេហ្កាវ៉ាត់ (17,677 MW) នៅត្រឹមឆ្នាំ២០៣០ ដែលបានកំណត់ក្នុងឆ្នាំ២០១៩ ត្រូវបានកាត់បន្ថយ៣០%ដោយសារការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ក្ដី ក៏ចំណែកថាមពលដើរដោយកម្លាំងខ្យល់អាចផ្ដល់បានត្រឹមតែ០.៦៤%ប៉ុណ្ណោះនៃកម្លាំង១៧.៦៧៧មេហ្កាវ៉ាត់ (17,677 MW) នៅត្រឹមឆ្នាំ២០៣០។ ក្នុងក្របខ័ណ្ឌដដែលនេះ ផែនការមេអគ្គិសនីបានរាប់បញ្ចូលថាមពលដើរដោយពន្លឺព្រះអាទិត្យ១.៧៤០មេហ្គាវ៉ាត់ (1,740 MW) ដែលនឹងត្រូវដំឡើងនៅត្រឹមឆ្នាំ២០៣០ ដែលមានចំណែកស្មើនឹង១២,១%នៃសមត្ថភាពសរុបរបស់ប្រទេសកម្ពុជា ហើយគ្រោងនឹងឈានដល់៥៤០មេហ្គាវ៉ាត់ (540 MW) នៅមុនឆ្នាំ២០២៣។

ប្រទេសជាសមាជិកអាស៊ាន ទាំងអស់ដែលសុទ្ធតែមានប្រភពថាមពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យដ៏ល្អក្រៅពីប្រទេសកម្ពុជា ជាពិសេសហ្វីលីពីន ថៃ និងវៀតណាម រំពឹងថានឹងអាចផលិតថាមពលកកើតឡើងវិញដែលមានតម្លៃធូរថ្លៃឱ្យបានកាន់តែច្រើន។ ក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកថាមពល Rystad Energy ព្យាករថា អាស៊ីអាគ្នេហ៍ នឹងដំឡើងកង្ហារខ្យល់លើគោក និងផ្ទាំងសូឡាដើម្បីផលិតថាមពលកកើតឡើងវិញប្រចាំឆ្នាំឱ្យបានចន្លោះពី៣ជីហ្គាវ៉ាត់ (3 GW) ទៅ៤ជីហ្គាវ៉ាត់ (4 GW) នៅរយៈពេល៥ឆ្នាំក្រោយ។

ដូចនេះ តើកម្ពុជា នឹងពង្រឹងសមត្ថភាពរបស់ខ្លួនឡើងវិញដើម្បីងើបពីវិបត្តិកូវីដ-១៩ តាមរយៈការបន្ថែមថាមពលដើរដោយកម្លាំងខ្យល់ទៅលើមហិច្ឆតាថាមពលដើរដោយថាមពលពន្លឺព្រះអាទិត្យរបស់ខ្លួនដែរឬទេ? តើអគ្គិសនីកម្ពុជា (EDC) នឹងវិវឌ្ឍទៅហួសពីគម្រោងហថាមពលដើរដោយកម្លាំងខ្យល់៨០មេហ្គាវ៉ាត់ (80 MW) ដំបូងរបស់ខ្លួនដែលកំពុងស្ថិតក្នុងដំណាក់កាលអនុវត្តន៍នៅឡើយ ហើយដើរតាមបណ្ដាប្រទេសជិតខាង ដើម្បីទាញយកថាមពលខ្យល់របស់ខ្លួនជាមួយគម្រោងដ៏ទូលំទលាយមួយដែរឬទេ? ឥឡូវនេះគឺដល់ពេលសម្រាប់កម្ពុជា ហើយ! ៕

មហាយក្សចិនជំរុញទំនាក់ទំនងជាមួយអាស៊ានបន្ថែមដើម្បីកសាងសហគមន៍រួមគ្នានាអនាគត

ដោយៈ គៀតឈូ

ភ្នំពេញៈ សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិន និងរដ្ឋមន្ត្រីការបរទេសលោកវ៉ាង យីកាលពីថ្ងៃចន្ទបានអំពាវនាវឱ្យសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រចិន-អាស៊ានបន្ថែម និងកសាងសហគមន៍រួមគ្នាឱ្យកាន់តែជិតស្និទ្ធនាអនាគត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CGTN នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១។

លោកបានអំពាវនាវដូច្នេះ អំឡុងពេលដែលលោកធ្វើជាសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិនក្នុងពិធីអបអរសាទរខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងកិច្ចសន្ទនាចិន-អាស៊ាន។

លោកវ៉ាង យីបានមានប្រសាសន៍ថា “ក្នុងរយៈពេល៣០ឆ្នាំកន្លងមក តាមរយៈការខិតខំរួមគ្នា យើងបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុត និងជាដៃគូយុទ្ធសាស្ត្រ ដែលមានភាពស្វាហាប់បំផុត”។ ជាមួយគ្នានេះដែរ ទំហំពាណិជ្ជកម្មរវាងចិន និងអាស៊ានបានកើនឡើងពីជាង៨ពាន់លានដុល្លារ ទៅដល់៦៨៤,៦ពាន់លានដុល្លារកើនឡើង៨០ដង។

លោកបានបន្ថែមទៀតថា “បទពិសោធន៍ជាច្រើនបង្ហាញពីទំនាក់ទំនងការបរទេស ដោយផ្តោតលើកិច្ចសហប្រតិបត្តិការជាក់ស្តែង ប្រកាន់ខ្ជាប់នូវស្មារតីនៃភាពជាដៃគូ ដោយបើកចំហរចំពោះគ្នាទៅវិញទៅមក និងដោះស្រាយភាពខុសគ្នា”។

ដោយកត់សម្គាល់ថាប្រទេសចិន និងអាស៊ានគួរតែផ្តោតលើរយៈពេល៣០ឆ្នាំខាងមុខ លោកវ៉ាង យីបានដាក់ចេញនូវសំណូមពរដល់ភាគីទាំងពីរឱ្យរួមគ្នាស្វែងយល់ រក្សា និងអភិវឌ្ឍផ្នៃកកិច្ចសហប្រតិបត្តិការក្នុងតំបន់ជាមួយលក្ខណៈអាស៊ីបូព៌ា ពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រចិន-អាស៊ាន និងបង្កើនភាពកាន់តែជិតស្និទ្ធជាមួយគ្នានឹងអនាគតរួមគ្នា។

លោកបានអំពាវនាវឱ្យមានការបង្កើនចំណងមិត្តភាពចិន-អាស៊ានឱ្យមានភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងឈានដល់កិច្ចព្រមព្រៀងដំបូងស្តីពីក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC)៕

ពន្ធដារក្រើនរំលឹកដល់ម្ចាស់អចលនទ្រព្យរួសរាន់ដាក់ប្រកាសបង់ពន្ធមុនកាលកំណត់

ដោយៈ លក្ខិណា

ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធដារ ដែលជាស្ថាប័នសំខាន់ក្នុងការប្រមូលចំណូលផ្ទៃក្នុង បានក្រើនរំលឹកដល់អ្នកជាប់ព័ន្ធលើអចលនទ្រព្យរួសរាន់ចូលរួមបង់ពន្ធជូនទៅកាន់អគ្គនាយកដ្ឋានពន្ធដារមុនកាលកំណត់។

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធការនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ការបង់ពន្ធលើអចលនទ្រព្យ និងការបង់ពន្ធ លើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ ២០២១នេះ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០កញ្ញា ឆ្នាំ២០២១ខាងមុខនេះ ដូច្នេះអ្នកដែលមានចលនទ្រព្យនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តទាំងនោះ មេត្តារួសរាន់បង់ពន្ធឱ្យបានទាន់ពេលវេលា ។

ក្នុងសេចក្តីជូនដំណឹងឱ្យដឹងទៀតថា រហូតមកដល់ពេលនេះ អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា មានម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធប្រភេទទាំងនេះនៅឡើយ។

ដូចនេះ ដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យនិងពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ ២០២១នេះ បានអស់លទ្ធភាព ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងចៀសវាងបាននូវការកកស្ទះ ការប្រជ្រៀតគ្នាមកប្រកាសបង់ពន្ធនៅថ្ងៃជិតផុតកំណត់ ដែលអាចនាំឱ្យមានបាតុភាពអសកម្មដោយប្រការណាមួយ អគ្គនាយកដ្ឋានពន្ធដារសូមក្រើនរំលឹក ដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធមេត្តារួសរាន់អញ្ជើញប្រកាសបង់ពន្ធឱ្យបានទាន់ពេលវេលាកំណត់ ត្រឹមថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ២០២១នេះ។

ចំពោះការខកខានមិនបានដាក់លិខិតប្រកាសបង់ពន្ធទាន់ពេលវេលាកំណត់ទេ ម្ចាស់អចលនទ្រព្យនឹងត្រូវរងនូវទោសទណ្ឌតាមច្បាប់ជាធរមាន។

ពន្ធអចលនទ្រព្យគឺជាពន្ធដែលប្រមូលចំពោះអចលនទ្រព្យដែលមានតម្លៃលើសពី១០០លានរៀល និងមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្ររដ្ឋបាលរាជធានី និងខេត្តនៃព្រះរាជាណាចក្រកម្ពុជា ។ពន្ធនេះ ជាប្រភេទពន្ធផ្ទាល់ដែលតម្រូវឱ្យអ្នកជាប់ពន្ធ ដែលជាកម្មសិទ្ធករ ឬអ្នកកាន់កាប់ឬអ្នកទទួលផលប្រយោជន៍ចុងក្រោយមកចុះបញ្ជីអចលនទ្រព្យ និងធ្វើការប្រកាសបង់ពន្ធយ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញាជារៀងរាល់ឆ្នាំ ។ ការប្រមូលពន្ធលើអចលនទ្រព្យនេះ គឺសម្រាប់ជាផលប្រយោជន៍ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ៕