ស្ថាប័ន​ជាតិ អន្តរជាតិ​ទទួល​ស្កាល់​ថា​វិស័យ​អចលនទ្រព្យ​ជា​កំលាំងចលករ​ជួយ​សេដ្ឋកិច្ចកម្ពុជា​ឲ្យ​ងើប​ឡើងវិញ​លឿន

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ថ្នាក់ដឹកនាំ​ស្ថាប័ន​ជាតិ អន្តរជាតិ និង​អ្នកវិភាគ​សេដ្ឋកិច្ច​បានទទួល​ស្តា​ល់ថា វិស័យ​អចលនទ្រព្យ​កំពុង​ដើរតួនាទី​កាន់តែ​សំខាន់ ក្នុងការ​ជំរុញ​សេដ្ឋកិច្ចកម្ពុជា​ឲ្យ​ងើបឡើង​វិញ។

យោងតាម​របាយការណ៍​ផ្លូវការ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ADB ប្រចាំ​នៅ​កម្ពុជា​នៅ​រសៀល​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១កន្លងមក​បានបញ្ជាក់​ថា ស្រប​ពេលដែល​កំណើនសេដ្ឋកិច្ច​កម្ពុជា ដែល​ត្រូវបាន​រំពឹងថា នឹង​អាច​កើនឡើង​ក្នុង​រង្វង់​ប្រមាណ៤ភាគរយ​នៅក្នុង​ឆ្នាំ២០២១នេះ វិស័យ​អចលនទ្រព្យ​ដែល​កំពុង​ជាប់គាំង នៅពេល​បច្ចុប្បន្ន​អាច​នឹងមាន​ស្នទុះ​ងើបឡើង​វិញ​បន្តិច បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ២០២០កន្លងទៅ។

របាយការណ៍​ដដែល​បាន​បន្តថា “វិស័យ​អចលនទ្រព្យ​កម្ពុជា​ត្រូវបាន​ព្យាករ​ថា​នឹង​ងើបឡើង​វិញ ពី​ការធ្លាក់ចុះ​កាលពី​ឆ្នាំមុន ដោយមាន​និន្នាការ​ស្រដៀង​គ្នា​ទៅនឹង​ឧស្សាហកម្ម​សំណង់ ខណៈដែល​វិស័យ​ដទៃទៀត​ភាគច្រើន ក៏មាន​ការ​ងើប​ឡើងវិញ​បន្តិច​ផងដែរ” ។

វិស័យ​ដែល​នឹង​ងើប​ឡើងវិញ​នី​ឆ្នាំនេះ មានដូចជា វិស័យ​សេវាកម្ម​នឹង​អាច​ស្ទុះ​ងើបឡើង​វិញ​ក្នុង​ល្បឿនយឺតៗប្រមាណ ៣,៣ភាគរយ ក្នុង​ឆ្នាំ២០២១ ទៅ ៦,២ភាគរយ​ក្នុង​ឆ្នាំ២០២២ ។ ដោយឡែក​វិស័យ​កសិកម្ម ត្រូវបាន​រំពឹងថា​នឹង​កើនឡើង១,៣ភាគរយ ក្នុង​ឆ្នាំ២០២១ និង១,២ភាគរយ​ក្នុង​ឆ្នាំ២០២២ ដោយមាន​ការកើនឡើង នៃ​ផលិតកម្ម​កសិផល​បន្ទា​ប់​ពី​រង​ការខូចខាត ដោយ​ទឹកជំនន់​កាលពី​ឆ្នាំមុន ការបន្ត​កំណើន​វារីវប្បកម្ម និង​ការ​ហក់​ឡើង​នៃ​ការនាំចេញ​ផលិតផល​កសិកម្ម ទៅកាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

ជាមួយគ្នានេះ លោក​វ​ង្សី វិស្សុត រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធ្លាប់បាន​មានប្រសាសន៍ថា វិស័យ​សំណង់ និង​អចលនទ្រព្យ​ត្រូវបាន​ចាត់ទុកជា​ចន្ទល់​ដ៏​រឹងមាំ របស់​កម្ពុជា​ក្នុង​ការគាំទ្រ​សេដ្ឋកិច្ច ក្នុងអំឡុងពេល​នៃ​ការធ្លាក់ចុះ​ដោយសារតែ​វិបត្តិ​កូ​វីដ១៩ ។

លោក​បន្តថា “វិស័យ​សំណង់ និង​អចលនទ្រព្យ​បានរួម​ចំនែក បង្រួម​ការធ្លាក់ចុះ​សេដ្ឋកិច្ច​កាលពី​ឆ្នាំ២០២០កន្លងមក” ។

លោក​វ​ង្សី វិស្សុត​បាន​បញ្ជាក់ថា “ជា​គោល​យោ​បាយ​ត្រូវ​ថែទាំ​វិស័យ​ទាំងនេះ ដោយសារតែ​វិស័យ​ទាំង២នេះ ជា​ចន្ទល់​សេដ្ឋកិច្ច​មួយ​នៅពេល​មាន​វិបត្តិ។ រដ្ឋ​ក៏មាន​គោលនយោបាយ មិន​យកពន្ធ​ចំពោះ​អចលនទ្រព្យ​ក្រោម៧ម៉ឺន​ដុល្លារ ដូច្នេះ​ការលក់ដូរ​អចលនទ្រព្យ​តម្លៃ​ក្រោម៧ម៉ឺន​ដុល្លារ​កើនឡើង។ ចំណែកឯ​វិស័យ​ខុន​ដូ និង​ផ្ទះ​មានតម្លៃ​ថ្លៃ​ធ្លាក់ចុះ​បន្តិច” ។

ចំណែក​លោក​បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិតសភា​កម្ពុជា​បាន​លើកឡើងថា វិស័យ​អចលនទ្រព្យ និង​សំណង់ រួមជាមួយ​នឹង​វិស័យសំខាន់ៗជាច្រើន នឹង​រួមចំណែក​ស្តារ​សេដ្ឋកិច្ចកម្ពុជា ឱ្យ​ងើប​ឡើងវិញ​បាន​ឆាប់រហ័ស។

លោក​បណ្ឌិត​បានបញ្ជាក់​ថា “យើង​ទទួលស្គាល់ថា វិស័យ​អចលនទ្រព្យ​គឺជា​ចលករ​មួយ​យ៉ាងសំខាន់ ក្នុងការ​គាស់​ឱ្យមាន​កំណើន និង​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ​បាន​យ៉ាង​ល្អប្រសើរ” ។លោក​បន្តថា “ប៉ុន្តែ​ការរួមចំណែក​ពី​វិស័យ​ពាក់ព័ន្ធ​ផ្សេងទៀត​ដូចជា វិស័យ​សេវាកម្ម វិស័យ​ឧស្សាហកម្ម និង​ការវិនិយោគ​ក្រៅប្រទេស​ដោយផ្ទាល់​ផងដែរ។ ប៉ុន្តែ​អ្វី​ដែលជា​បញ្ហា​ចម្បង​នៅពេលនេះ គឺ​វិបត្តិ​ជំងឺ​កូ​វីដ​នៅ​បន្ត​រំខាន ដែល​គួរឱ្យ​ព្រួយបារម្ភ​បំផុត” ៕

កិច្ចព្រមព្រៀង​ពាណិជ្ជកម្មធំៗចំនួន​ពីរ នឹង​ជួយ​ឱ្យ​សេដ្ឋកិច្ចកម្ពុជា​កាន់តែ​រឹងមាំ

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ដោយសារ​ការរីក​រាល​ដាល​សកល​នៃ​ជំងឺ​កូ​វីដ១៩ សេដ្ឋកិច្ចកម្ពុជា​ក្នុង​ឆ្នាំ២០២០ ធ្លាក់ចុះ​លើកដំបូង​គិត​ចាប់​តាំង ចាប់តាំងពី​ឆ្នាំ១៩៩៤ ។

ទោះជា​យ៉ាងណា ក៏ដោយ​កំណើនសេដ្ឋកិច្ច​កម្ពុជា ត្រូវបាន​រំពឹងថា​នឹង​ស្ទុះ​ងើប​ឡើងវិញ​រង្វង់៤ភាគរយ​នៅ​ឆ្នាំនេះ ដោយសារ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម សេរី​ទ្វេភាគី ដែល​បាន​ចុះហត្ថលេខា​ថ្មី ជាមួយ​មហា​យក្ស​ចិន និង​កិច្ច​ព្រម​ដៃគូ​សេដ្ឋកិច្ច​គ្រប់គ្រង​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) ។

កិច្ច​សហ​ប្រតប​ត្តិ​ការ​ជាមួយ​ចិន

លោក​វេ​ង សាខុន​រដ្ឋមន្ត្រីក្រសួង​កសិកម្ម កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ បានបង្ហាញ​ការ​សាទរ​ចំពោះ​ប្រទេស​ចិន ដែល​បានអនុម័ត​ជា​ផ្លូវការ នូវ​ការនាំចេញ​ផ្លែស្វាយ​ស្រស់​របស់​កម្ពុជា​ទៅកាន់​ប្រទេស​ចិន។

លោក​បាន​មានប្រសាសន៍ថា “នេះ​គឺជា​សមិទ្ធិផល​ថ្មី ដែល​កើតចេញពី​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អប្រសើរ​រវាង​កម្ពុជា និង​ចិន” ។

លោក​ស៊ា​ង ថៃ​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​មានប្រសាសន៍ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន ដែល​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នឹង​ផ្តល់នូវ​ការចេញ​ទៅកាន់​ទីផ្សារ​កា​ន់​តែ​ធំ សម្រាប់​ផលិតផល​កម្ពុជា។

លោក​បាន​មានប្រសាសន៍ថា “យើង​មាន​ទំនុកចិត្ត​ថា តាមរយៈ​ទំនាក់ទំនង​ជិតស្និទ្ធ និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​របស់​យើង ចិន​នឹង​បន្ត​គាំទ្រ​ដល់​កម្ពុជា ក្នុង​ការកសាង​សេដ្ឋកិច្ច​ឡើងវិញ ក្នុងកំឡុងពេល និង​ក្រោយពេល​មាន​វិបត្ដិ​កូ​វីដ១៩” ។ លោក​បន្ថែមថា “នៅពេល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន​ចូល​ជា​ធរមាន ខ្ញុំ​សង្ឃឹមថា​ផលិតផល​កម្ពុជា​ជាពិសេស​ផលិតផល​កសិកម្ម និង​ផលិតផល​សក្តានុពលផ្សេងៗទៀត​នឹងត្រូវ​នាំចេញ​ទៅកាន់​ប្រទេស​ចិន​កាន់តែច្រើន” ។

លោក​បណ្ឌិត​ម៉ី កល្យាណ​សេដ្ឋវិទូ​នៅ​កម្ពុជា និង​ប្រធាន​វិទ្យាស្ថាន​ធនធាន​អភិវឌ្ឍន៍​កម្ពុជា បាន​មានប្រសាសន៍ថា វា​មានសំណាង​ណាស់ ដែល​សេដ្ឋកិច្ច​ចិន​បច្ចុប្បន្ននេះ​ភាគច្រើន មិនមាន​ផលប៉ះពាល់​អវិជ្ជមាន​ពី​ជំងឺ​កូ​វីដ១៩ ដូច្នេះ​ចិន​មាន “សមត្ថ​ភាពល្អ” ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ក្នុង​តំបន់ រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ។

លោក​បណ្ឌិត​បាន​ថ្លែងបន្តថា “អ្វីដែល​យើង​រំពឹង​ពី​ប្រទេស​ចិន គឺ​គោលនយោបាយ Push and Pull (ជំរុញ​និង​ទាញ)។ ឧទាហរណ៍ ចិន​នឹង​បន្ត​ក្លាយជា​ទីផ្សារ​ធំ សម្រាប់​ទំនិញ​នាំចេញ​របស់​យើង ហើយ​ទន្ទឹមនឹងនេះ​បន្ថែម​ការវិនិយោគ​បន្ថែមទៀត ដើម្បី​បង្កើន​សមត្ថភាព​ផលិត​ក្នុងស្រុក​នៅ​កម្ពុជា ដូច្នេះ​សេដ្ឋកិច្ច​អាច​ងើប​ឡើងវិញ​ជាសន្សឹម” ។

ជាមួយគ្នានេះ​លោក​បណ្ឌិត​ឈាង វណ្ណា​រិ​ទ្ធ​ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI) បាន​មានប្រសាសន៍ថា កម្ពុជា និង​ចិន​ត្រូវតែ​ធ្វើការ​រួមគ្នា ដើម្បី​ពង្រឹង មិន​ត្រឹមតែ​ហេដ្ឋារចនាសម្ព័ន្ធ​រឹង ប៉ុន្តែ​ថែទាំ​ង​ហេដ្ឋារចនាសម្ព័ន្ធ​ទន់​នៅ​កម្ពុជា​ផងដែរ។

លោក​បន្តថា “ការអភិវឌ្ឍ​ជំនាញ ការកសាង​សមត្ថភាព​ស្ថាប័ន និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល គឺជា​អន្តរាគមន៍​គោលនយោបាយ​ដ៏​សំខាន់ ដើម្បី​លើកកម្ពស់​ភាព​ធន់​នៃ​សង្គម និង​សេដ្ឋកិច្ចកម្ពុជា” ។

សារៈសំខាន់​នៃ​កិច្ចព្រមព្រៀង RCEP

កិច្ចព្រមព្រៀង RCEP ត្រូវបាន​បង្កើតឡើង ដោយ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន)ក្នុង​ឆ្នាំ២០១២ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​គ្រប់​ជ្រុងជ្រោយ កម្រិត​តំបន់ (RCEP) គឺជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដ៏​ធំ​មួយ រវាង​ប្រទេស​ជា​សមាជិក​ទាំង១០ និង​ដៃគូ​ពាណិជ្ជកម្ម​សេរី​ចំនួន៥ ដែល​រួ​មាន​ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និង​នូ​វែ​ល​ហ្សេ​ឡង់។

ប្រទេស​នៅ​អាស៊ី-ប៉ាស៊ីហ្វិក​ទាំង១៥នេះ បាន​ចុះហត្ថលេខា​លើក​កិច្ចព្រមព្រៀង​នេះ កាលពី​ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយបាន​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ធំ​បំផុត​នៅលើ​ពិភពលោក។ ការផ្តល់​សច្ចាប័ន​រប​ស់​ប្រទេស​សមាជិក​អាស៊ាន​ចំនួន៦ និង​ប្រទេស​មិនមែនជា​សមាជិក​អាស៊ាន​ចំនួន៣ គឺ​ចាំបាច់​សម្រាប់​ការ​ឈានដល់​ការចូល​ជា​ធរមាន សម្រាប់​កិច្ចព្រមព្រៀង​នេះ។

លោក​ស៊ា​ង ថៃ​បាន​និយាយថា កម្ពុជា​កំពុង​ព​ន្លឿ​ន​នីតិវិធី​ផ្ទៃក្នុង ឆ្ពោះទៅរក​ការផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​នេះ​ឱ្យបាន​ឆាប់​បំផុត។

លោក​បញ្ជាក់ថា “បច្ចុប្បន្ននេះ កម្ពុជា​បានបញ្ចប់​ការបកប្រែ​កិច្ចព្រមព្រៀង​ពី​ភាសា​អង់គ្លេស​ទៅជា​ភាសា​ខ្មែរ ហើយនឹង​បញ្ជូនទៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បី​ពិនិត្យភ្លាមៗ មុនពេល​ស្នើសុំ​ការផ្តល់​សច្ចាប័ន​ពី​រដ្ឋសភា និង​ព្រឹទ្ធសភា” ។ លោក​បាន​បន្ថែមថា “កម្ពុជា​រំពឹងថា កិច្ចព្រមព្រៀង​នេះ​នឹងត្រូវ​ផ្តល់​សច្ចាប័ន​នៅក្នុង​ឆមាស​ទី២ ឆ្នាំ២០២១នេះ ប្រសិនបើ​ស្ថានភាព​នៃ​កូ​វីដ១៩ ស្ថិតក្រោម​ការគ្រប់គ្រង​បាន​ឆាប់” ។

លោក​បណ្ឌិត​ម៉ី កល្យាណ​បាន​មានប្រសាសន៍ថា កិច្ចព្រមព្រៀង RCEP មាន​អត្ថន័យ​ណាស់ សម្រាប់​កម្ពុជា​ក្នុង​រយៈពេល​មធ្យម និង​វែង ហើយ​កម្ពុជា​ត្រូវការ​កែលម្អ​ប្រព័ន្ធ និង​យន្តការ​របស់ខ្លួន​បន្ថែ​ម​ទៀត ដើម្បី​សម្រួល​ដល់​លំហូរ​ពាណិជ្ជកម្ម និង​ការវិនិយោគ​កាន់តែ​រលូន៕ Xinhua៕

សភាពាណិជ្ជកម្ម​កម្ពុជា​គាំទ្រ​ឱ្យមាន​ការបង្កើត​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​គ្រប់គ្រង​បែបឌីជីថល​ក្នុង​ទីផ្សារ​ក​សិ-ឧស្សាហកម្ម

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ស្រប​ពេលដែល​កម្ពុជា ត្រូវ​បានទទួល​ការអនុញ្ញាត​ពី​រដ្ឋាភិបាល​ចិន ក្នុងការ​នាំយក​កសិផល​ស្រស់ និង​កែច្នៃ​មួយចំនួន​ចូលក្នុង​ទីផ្សារ​របស់ខ្លួន អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច ក៏ដូចជា សភាពាណិជ្ជកម្ម​កម្ពុជា​បានបង្ហាញ​ពី​ការ​សាទរ និង​គាំទ្រ​ឱ្យមាន​ការបង្កើត​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​គ្រប់គ្រង​បែប​ឌីជីថល​ក្នុង​ទីផ្សារ​ក​សិ-ឧស្សាហកម្ម ដើម្បី​ជំរុញ​ការនាំចេញ និង​ពង្រឹង​ផលិតភាព​តម្រូវ​តាម​ការចង់បាន​របស់​ទីផ្សារ។

លោក​ឧកញ៉ា​លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​មានប្រសាសន៍​កាលពី​ល្ងាច​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ថា ក្នុងនាម​តំណាង​សភាពាណិជ្ជកម្ម​កម្ពុជា​សូម​បង្ហាញ​នូវ​ក្ដី​សាទរ ចំពោះ​សមិទ្ធផល​ថ្មី នៃ​ការទទួលបាន​កិច្ច​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​កម្ពុជា​ចំនួន៥ នាំ​ផលិតផល​កសិផល ទៅកាន់​ទីផ្សារ​ប្រទេស​ចិន ដែលជា​ទីផ្សារ​គោលដៅ​ដ៏​ធំ​របស់​បណ្តា​ប្រទេស​ផ្សេងទៀត​នៅក្នុង​តំបន់។

លោក​ឧកញ៉ា​បាន​បញ្ជាក់ថា “កាលដែល​យើង​ទទួលបាន​ការអនុញ្ញាត​ពី​អគ្គ​រដ្ឋបាល​គយ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅពេលនេះ គឺ​កើតចេញពី​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា តាមរយៈ​ក្រសួងកសិកម្ម និង​ក្រសួងពាណិជ្ជកម្ម រួម​នឹង​ក្រសួង​ពាក់ព័ន្ធ​ផងដែរ” ។ លោក​បន្តថា “ការទទួលបាន​ការនាំ​ចេញ ដោយ​ស្របច្បាប់​ពេញសិទ្ធិ​នេះ បាន​នាំមក​នូវ​ផលប្រយោជន៍​យ៉ាងច្រើន​ចំពោះ​កម្ពុជា ក៏ដូចជា​ប្រជាកសិករ​ផងដែរ” ។

លោក​បន្តថា ប៉ុន្តែ​អ្វីដែល​យើង​ត្រូវ​យកចិត្តទុកដាក់​នោះ គឺ​ការពង្រឹង​សមត្ថភាព និង​លទ្ធភាព ក្នុង​ការផលិត​ឱ្យមាន​គុណភាព សុវត្ថិភាព ស្របតាម​បទដ្ឋាន​ដែល​ទីផ្សារ​ចង់បាន បើ​យើង​ខ្វះ​សមត្ថភាព ឬ​គុណភាព​របស់​កសិផល​ស្ថិត ក្នុង​កម្រិត​ទាប​វា​នៅតែ​ជា​បញ្ហា​ដល់​ការនាំចេញ​ដដែល” ។

លោក​ឧកញ៉ា​លឹម ហេង​បាន​បន្តថា មានការ​លើកឡើង​ពី​ការចង់ឱ្យ​មានការ​បង្កើត​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​គ្រប់គ្រង​បែប​ឌីជីថល​ទៅលើ​ទីផ្សារ​ក​សិ-ឧស្សាហកម្ម ដើម្បី​ជាម​ធ្យ​បាយ​កាន់តែ​ងាយស្រួល ក្នុងការ​ផ្សព្វ​ផ្សាយដំណឹង ឬ​បញ្ជូន​ជា​ព័ត៌មាន ផ្តល់​ចំណេះដឹង​ដល់​គ្រប់​មជ្ឈដ្ឋាន​ដែលជា​អ្នក​ផលិត ជាពិសេស​ប្រជាកសិករ ក្នុង​គោលបំណង​ធ្វើយ៉ាងណា​ឱ្យ​ពួកគាត់​អាចមាន​ចំណេះ ដឹង​ក្នុង​ការផលិត ដឹង​ពី​តម្រូវការ​ទីផ្សារ និង​ការត្រៀមខ្លួន​ក្នុង​ការផលិត ឱ្យ​ត្រូវ​តាម​ការចង់បាន​របស់​ទីផ្សារ​ក្រៅ​ស្រុក។

លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ អ្នកវិភាគ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិតសភា​កម្ពុជា​បាន​មាន​ប្រសា​ស​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ និង​គ្រប់គ្រង​ទីផ្សារ​ក​សិ-ឧស្សាហកម្ម​បែប​ឌីជីថល ពិតជា​មាន​សារសំខាន់​បំផុត ហើយនឹង​ផ្តល់នូវ​ផលប្រយោជន៍​យ៉ាងច្រើន ប្រសិនបើ​អាចបង្កើត​បាន។

លោក​បន្តថា “ទោះបីជា​យើង​មាន​ទីផ្សារ​ក្រៅ​ស្រុក ធំ​ទូលាយ​ដែល​រង់ចាំ​ទទួល​ទិញ ប៉ុន្តែ​បើ​របស់​យើង​គ្មាន​គុណភាព គ្មាន​សុវត្ថិភាព តាម​ការចង់បាន​រប​ស់​ទីផ្សារ​ក៏​គេ​មិន​ទទួលយក​ដែរ។ ដូច្នេះ​យើង​អាច​នាំ​ផលិតផល​របស់​យើង ចូល​ទីផ្សារ​គេ​បាន​ទាល់តែ​របស់​យើង​មានគុណ​ភាពល្អ” ។

លោក​បន្តថា “ខ្ញុំ​លើក​ឧ​ទារ​ហណ៍​ពី​ផ្លែ​ស្វាយកែវ​ល្មៀត ទីផ្សារ​នៅ​ប្រទេស​ចិន​ក៏មាន ទីផ្សារ​នៅ​ប្រទេស​កូរ៉េ​ក៏មាន ប៉ុន្តែ​ហេតុអ្វី​បានជា​ការនាំចេញ​មាន​ឧបសគ្គ នោះ​គឺ​ព្រោះតែ​របស់​យើង​គ្មាន​គុណភាព សុវត្ថិភាព​តាម​ការចង់បាន​របស់​ពួកគេ ហើយ​លទ្ធផល​នៃ​ការនាំចេញ​មាន​ចំនួន​តិច ខណៈដែល​ផ្លែ​ស្វាយកែវ​ល្មៀត នៅក្នុង​ស្រុក​ចាក់គរ​គ្មាន​ទីផ្សារ។

ចំណុច​នេះ អាចពាក់ព័ន្ធ​ទៅនឹង​ចំណេះដឹង​ពី​ការដាំដុះ ការថែទាំង ការដឹង​ពី​តម្រូវការ​ទីផ្សារ ជាពិសេស​ដឹង​ពី​របៀប​ស្វែងរក​ទីផ្សារ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក” ។

លោក​បាន​លើកឡើងថា “ប្រសិនបើ​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ឌីជីថល ដែល​អាច​បញ្ជូន​សារ ទៅដល់​បណ្តា​ប្រជាកសិករ​ដែលជា​អ្នក​ផលិត ក៏ដូចជា អ្នកជំនួញ​ក្នុង​វិស័យ​ពាក់ព័ន្ធ​បាន​ទូលាយ​នោះ​ភាពល្អប្រសើរ អាច​នឹង​កើតមាន​ជាង​នេះ​ជាក់​ជាមិនខាន” ៕

ក្រុមហ៊ុន​លំដាប់​យក្ស UMC របស់​តៃវ៉ាន់​គ្រោង​បោះទុន៣.៦ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​បង្កើត​សមត្ថភាព​ផលិត

ដោយៈ​សុខុម

ក្រុង​តៃប៉ិ: ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប​យក្ស United Microelectronics Corp (UMC) របស់​តៃវ៉ាន់ បានប្រកាស​កាលពី​ថ្ងៃ​ពុធ ទី២៨ មេសា​ថា ខ្លួន​គ្រោង​បោះទុន​វិនិយោគ​ដល់​ទៅ៣.៥៩ពាន់​លាន​ដុល្លារ​អាមេរិក សម្រាប់​រយៈពេល៣ឆ្នាំ​ខាងមុខ ដើម្បី​បង្កើន​សមត្ថភាព ផលិត​នៅ​រោងចក្រ​មួយ​លើ​កោះ​តៃវ៉ាន់ ស្របពេល​ចំពេល​ពិភពលោក​កំពុង​ខ្វះខាត​បន្ទះ​ឈី​ប។

លោក Jason Wang សហប្រធាន​ក្រុមហ៊ុន​នេះ​បាន​បញ្ជាក់ថា ការបង្កើន​សមត្ថភាព​ផលិត​នេះ នឹងធ្វើ​ឡើង​នៅ​រោងចក្រ UMC ចាស់​មួយកន្លែង​នៅ​ឧទ្យាន Tainan Science Park ដោយ​ផលិតកម្ម គ្រោង​នឹង​ចាប់ផ្ដើម​ចាប់ពី​ត្រីមាស​ទី២ ដើមឆ្នាំ២០២។

លោក​បានបញ្ជាក់​បន្ថែម​ថា ការវិនិយោគ​សរុប​នៅ​ឧទ្យាន​ខាងលើនេះ នឹង​ឈានដល់៥,៣៨ពាន់​លាន​ដុល្លារ​អាមេរិក នៅ​រយៈពេល៣ឆ្នាំក្រោយ។

លោក​បាន​ថ្លែងថា “ស្របពេល​មាន​កង្វះខាត​បន្ទះ​ឈី​ប យើង​កំពុងធ្វើការ​ជាមួយ​អតិថិជន អ្នកផ្គត់ផ្គង់ និង​ដៃគូ​របស់​យើង ដើម្បី​បង្កើន​សមត្ថភាព​ផលិត នៅក្នុង​សង្វាក់​ផ្គត់ផ្គង់​ទាំងមូល” ។

ពីដំបូង កង្វះ​បន្ទះ​ឈី​ប​ទូទាំង​ពិភពលោក បាន​បង្ខំ​ឱ្យ​ក្រុមហ៊ុន​ផលិត​រថយន្ត​នានា​កាត់បន្ថយ​ការផលិត ប៉ុន្តែ​ឥឡូវនេះ​ក៏​កំពុង​ធ្វើឱ្យប៉ះពាល់ ដល់​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​យួរដៃ និង​គ្រឿងអគ្គិសនី​ប្រើប្រាស់​ក្នុងផ្ទះ​ផងដែរ ហើយ​បណ្ដា​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប កំពុង​ប្រឹងប្រែង​បង្កើន​សមត្ថភាព​ផលិត​របស់ខ្លួន ដើម្បី​បំពេញ​ឱ្យទាន់​តម្រូវការ។

គូប្រជែង​ធំ​របស់​ក្រុមហ៊ុន UMC គឺ​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប​យក្ស​តៃវ៉ាន់ Taiwan Semiconductor Manufacturing Co (TSMC) ដែលជា​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប​ធំ​បំផុត​របស់​ពិភពលោក ក៏បាន​ប្រកាស​នៅ​ខែ​នេះដែរ​ថា ខ្លួន​គ្រោង​បោះទុន​វិនិយោគ១០០ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​រយៈពេល៣ឆ្នាំ​ខាងមុខ ដើម្បី​បង្កើន​សមត្ថភាព​នៅតាម​រោងចក្រ​របស់ខ្លួន។

ការប្រកាស​នោះ​ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​សហរដ្ឋអាមេរិក Intel Corp បានប្រកាស​ផែនការ​បោះទុន​វិនិយោគ២០ពាន់​លាន​ដុល្លារ ដើម្បី​បង្កើន​សមត្ថភាព​ផលិត​បន្ទះ​ឈី​ប​របស់ខ្លួន៕

សម្តេចតេជោៈយើងមានវ៉ាក់សាំងជាង១លានដូសក្នុងដៃនិងមកជាបន្តបន្ទាប់ទៀត

          ដោយៈគង់ សូរិយា

          ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា រដ្ឋាភិបាលមានវ៉ាក់សាំងជាង១លានដូសក្នុងដៃ និងត្រៀមមកដល់ជាបន្តបន្ទាប់ទៀត ដែលយើងត្រូវរៀបចំយុទ្ននាការថ្នាក់ជាតិ ដែលមានកងទ័ពជាអ្នកចូលររួមតែម្តង។

សម្តេចបានបន្តទៀតថា យើងត្រូវផ្តោតលើ៤ខ័ណ្ឌ ដែលជាតំបន់ក្រហម ហើយត្រូវចាក់ជូនប្រជាជនគ្រប់គ្នា មកពីទីណាក៏ដោយ យើងត្រូវចាក់ជូនពួកគាត់ ដែលចាប់ផ្តើមពីអាយុ១៨ឆ្នាំឡើង។

សម្តេចបន្តថា “យើងត្រូវផ្តោតលើតំបន់ក្រហម ដោយឲ្យកងទ័ពចូលបំពេញការ​ងារនេះ”។

សម្តេចតេជោហ៊ុន សែនបានបន្តថា ក្រុងភ្នំពេញ និងក្រុងតាខ្មៅមានមនុស្សប្រមា​ណ៣លាននាក់ ដែលត្រូវការវ៉ាក់សាំង៦លានដូស ហេតុនេះយើងត្រូវផ្តោតលើរាជធានីភ្នំពេញជាមុន ដោយមានការស្នើសុំពីតាមបណ្តាខេត្ត យើងមិនទាន់អនុញ្ញាត្តទេ ដោយយើងត្រូវផ្តោតលើ់ការចាក់ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ដែលមាន៤ខ័ណ្ឌ នៅទូទាំងរាជធានីភ្នំពេញ និងក្រុងតាខ្មៅជាមុនសិន៕

៤ជំហ៊ាន ដែលជនបរទេសត្រូវធ្វើដើម្បីអាចមានលទ្ឋភាពទិញដីនៅកម្ពុជាបាន

          ដោយៈគង់ ម៉ាលីន

          ភ្នំពេញៈ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ដែលជាច្បាប់កំពូលរបស់កម្ពុជាបានចែងថា មានតែរូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានសញ្ជាតិខ្មែរប៉ុណ្ណោះ ទើបមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដីធ្លី។

ប៉ុន្តែច្បាប់កំពូលនេះ មិនបានចែងហាមឃាត់ជនបរទេសមិនឱ្យទិញ ឬវិនិយោគដីនៅកម្ពុជានោះទេ។ តើជនបរទេសអាចទិញដីនៅស្រុកខ្មែរបាន តាមរយៈមធ្យោបាយបែបណាខ្លះ?

តាមការអនុវត្តជាក់ស្តែង ច្បាប់កម្ពុជាក៏បានទុកលទ្ធភាពឱ្យជនបរទេស អាចទិញដីធ្លីនៅស្រុកខ្មែរបានដែរ ពោលគឺត្រូវធ្វើឡើងតាមរយៈ៤ វីធីសាស្រ្តសំខាន់ៗ រួមមាន៖

១) តាមរយៈតំណាងជាជនជាតិខ្មែរ

បរទេសអាចទិញដីបាន តាមរយៈតំណាងជនជាតិខ្មែរ ប៉ុន្តែនៅលើប័ណ្ណកម្មសិទ្ធិត្រូវដាក់ឈ្មោះអ្នកតំណាងជាជនជាតិខ្មែរ។ ដើម្បីការពារដល់អ្នកវិនិយោគបរទេសទាំងនោះ ពួកគេត្រូវតែមានកិច្ចសន្យាធានាជាមួយអ្នកតំណាងរបស់ខ្លួន។

កិច្ចសន្យាធានា អាចធ្វើឡើងជាច្រើនប្រភេទដូចជា កិច្ចសន្យាហ៊ីប៉ូតែក កិច្ចសន្យាជួលរយៈពេលវែង ឬកិច្ចសន្យាកម្ចីជាដើម។ ប៉ុន្តែកិច្ចសន្យាដែលពេញនិយម និងមានសុវត្ថិភាពជាងគេ គឺកិច្ចសន្យាហ៊ីប៉ូតែក។ មានន័យថា ជនជាតិខ្មែរម្នាក់នោះសុំកម្ចីពីបរទេសមកទិញដី ដូច្នេះប្លង់ដីត្រូវជាប់ហ៊ីប៉ូតែក ដូចក្នុងករណីដែលយើងខ្ចីលុយធនាគារទិញដីដូច្នោះ ដែរ។

និយាយឱ្យងាយយល់ អ្នកតំណាងខ្មែរមានឈ្មោះលើប្លង់មែន តែគ្មានសិទ្ធិលក់ ឬផ្ទេរ កម្មសិទ្ធិដោយគ្មានការអនុញ្ញាតិ ពីម្ចាស់ហ៊ីប៉ូតែកដែលជាជនបរទេសឡើយ។ ដូច្នេះ ភាគីទាំង២ ត្រូវយកប្លង់ដីនោះទៅដាក់ហ៊ីប៉ូតែក ជាមួយនឹងសុរិយោដីឱ្យបានត្រឹមត្រូវ។

២) តាមរយៈក្រុមហ៊ុនសាជីវកម្ម ដែលមានម្ចាស់ខ្មែរយ៉ាងហោច ៥១% ឬហៅថា Land Holding Company

វិធីនេះ ជនបរទេសអាចកាន់កាប់ដី ក្នុងនាមជាក្រុមហ៊ុនដែលមានសញ្ជាតិជាខ្មែរកាន់កាប់ភាគហ៊ុនយ៉ាងហោច៥១% ហើយជនបរទេសកាន់កាប់៤៩%។ តាមរយៈវិធីនេះ ជនបរទេស ត្រូវបានការពារសិទ្ធិដោយកិច្ចសន្យាភាគហ៊ុន។

វិធីនេះទៀតសោត គឺមានចំណាយខ្ពស់។ បើជនបរទេសនោះមានគោលបំណងបើកក្រុមហ៊ុនថ្មី ត្រូវចំណាយយ៉ាងហោចណាស់៤០០០ ទៅ ១២០០០ ដុល្លារ អាស្រ័យលើសេវាកម្មមេធាវី។ លើសពីនេះការបើកជាក្រុមហ៊ុនដើម្បីទិញដីបែបនេះ ជនបរទេសត្រូវមានកាតព្វកិច្ចបង់ពន្ធតាមផ្លូវច្បាប់ ដូចជាពន្ធលើប្រាក់ចំណូល២០%ជាដើម។ ដូច្នេះ វិធីនេះគួរប្រើ ក្នុងករណីមានការវិនិយោគទ្រង់ទ្រាយធំ។

ប៉ុន្តែករណីបរទេសមិនចង់បើកក្រុមហ៊ុនដោយខ្លួនឯង បរទេសក៏អាចប្រើក្រុមហ៊ុនសាជីវកម្ម ជាអ្នកតំណាងទិញ តាមរយៈកិច្ចកិច្ចសន្យាចងផ្សេងៗ ដូចជា កិច្ចសន្យាហ៊ីប៉ូតែក កិច្ចសន្យាជួលរយៈពេលវែង ឬកិច្ចសន្យាកម្ចី ដូចគ្នានឹងវិធីទី១ដូច្នោះដែរ។

៣) ទិញតាមរយៈក្រុមហ៊ុនបរធនបាល ឬ Trust Company

ច្បាប់ស្តីពីបរធនបាលកិច្ចឆ្នាំ២០១៩ បរទេសអាចទិញដីនៅកម្ពុជាបាន តាមរយៈក្រុមហ៊ុនបរធនបាល ដែលបានចុះបញ្ជីបរធនបាលកិច្ច នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រឹមត្រូវ។ ការទិញនេះក៏ត្រូវធ្វើលិខិតបរធនកិច្ច ឬកិច្ចព្រមព្រៀងឈរឈ្មោះអនុលោមទៅតាមលក្ខខណ្ឌនៃច្បាប់ផងដែរ។

ក្រុមហ៊ុនប្រភេទនេះ ជាក្រុមហ៊ុនកាន់កាប់ ឬគ្រប់គ្រងទ្រព្យសម្បត្តិ ដែលអ្នកបង្កើតធនបាលកិច្ច (ហៅថាអនុប្បទានយី, អាណត្តិទាយក ឬបរធនបាលទាយក) ផ្ទេរទ្រព្យសម្បត្តិនោះទៅកាន់បរធនបាល ដែលជាអ្នកគ្រប់គ្រងទ្រព្យសម្បត្តិ ដើម្បីប្រយោជន៍អ្នកដទៃ (ហៅថា អត្ថាគាហក)។

និយាយឱ្យងាយយល់ គឺទិញតាមរយៈក្រុមហ៊ុនដែលមានកេរ្តិ៍ឈ្មោះ នឹងមានទំនួលខុសត្រូវខ្ពស់ ដោយក្រុមហ៊ុននៅដើរតួ ជាអ្នកគ្រប់គ្រងទ្រព្យសម្បត្តិឱ្យជនបរទេស ដោយគ្មានសិទ្ធិយកទៅលក់បន្តឡើយ ទោះជាដីនោះជាឈ្មោះកម្មសិទ្ធិ របស់ក្រុមហ៊ុនក៏ដោយ។

ការទិញដោយវិធីនេះ ជនបរទេសនឹងទទួលបានទំនុកចិត្តខ្ពស់ ហើយមិនបាច់ខាតបង់ចំណាយបើកក្រុមហ៊ុនដោយខ្លួនឯង។

៤) ការចូលសញ្ញាតិខ្មែរ

មធ្យោបាយមួយទៀតនោះ គឺតាមច្បាប់ចូលសញ្ជាតិកាលពីឆ្នាំ១៩៩៦ របស់កម្ពុជា បានចែងថា ជនបរទេសទាំងឡាយ ដែលទទួលបានសញ្ជាតិខ្មែរពីព្រះមហាក្សត្រ មានសិទ្ធិទិញដី និងក្លាយជាម្ចាស់កម្មសិទ្ធិលើដីធ្លី ដូចពលរដ្ឋកម្ពុជាស្របច្បាប់ដែរ។

យ៉ាងណាក្ដីសម្រាប់ ជនបរទេសដែលមិនចង់ស្មុគស្មាញក្នុងការទិញដី ពួកគេអាចក្លាយជាម្ចាស់កម្មសិ ទ្ធិលើអគារសហកម្មសិទ្ធិចាប់ពីជាន់ទី១ ឡើងទៅបានដោយងាយស្រួល និងស្រប់ច្បាប់ ឧទាហរណ៍អគារខុនដូចជាដើម។ ប្រភពconstruction&Property៕

ក្រសួងសុខាភិបាលបង្ហាញវិធីសាស្រ្ត៤ ដើម្បីយកឈ្នះជំងឺកូវីដ១៩

          ដោយៈ គង់ សូរិយា

          ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល លោកស្រី ឪ វណ្ណឌីនបានមានប្រ​សា​សន៍ថា “វិធានការ ៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំងកូវីដ-១៩ + នៅផ្ទះបើមិនចាំបាច់ចេញក្រៅនេះ ជាអាវុធដ៏ស័ក្តសិទ្ធ សម្រាប់យកឈ្នះសត្រូវអត់ស្រមោលកូវីដ-១៩។

ថ្លែងតាមបណ្តាញសង្គម នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ លោកជំទាវ ឱ វណ្ណឌីនរដ្ឋលេខាធិការក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា ក្នុងបរិបទនៃការវាយលុក របស់វីរុសកូវីដ-១៩នេះដែរ អ្នកឈឺ កើតទុក្ខ អ្នកស្លាប់ បាត់មុខ និងអ្នកជា ត្រេកអរ ជាគ្នានោះដែរតែសម្រាប់បុគ្គលគ្រប់រូប គឺសភាពមួយណាក៏មិនចង់ជួបដែរ ហើយអ្វីដែលក្រសួងសុខាភិបាលចង់បានវិញនោះ គឺមិនមានអ្នកឈឺ មិនមានអ្នកស្លាប់ និងបើមិនមានអ្នកឈឺហើយ ក៏មិនចាំបាច់មានអ្នកជាដោយសារជំងឺកូវីដ-១៩ នេះដែរ។

ជាមួយគ្នានោះ លោកស្រី ឱ វណ្ណឌីន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចងចាំ និងអនុវត្តទាំងអស់គ្នាក្នុងស្មារតីសាមគ្គីភាព ជួយគ្នាទៅវិញទៅមក សូមឱ្យមានសុខភាពល្អទាំងអស់គ្នា ចៀសផុតនូវការឆ្លងជំងឺដ៏កាចសាហាវនេះ និងសូមអរគុណនូវរាល់ការអនុវត្តន៍វិធានការ ៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំងកូវីដ១៩ + នៅផ្ទះបើមិនចាំចាប់ចេញក្រៅនេះ ដើម្បីចៀសផុតពីគ្រោះមហន្តរាយសុខភាពសាធារណ: និងសេដ្ឋកិច្ចទាំងអស់គ្នា៕

ក្រុមហ៊ុន TOTAL ផ្អាកគម្រោងឧស្ម័នធម្មជាតិរាវ (LNG) តម្លៃ២០ពាន់លានដុល្លារនៅម៉ូសំប៊ិក ដោយគ្មានរយៈពេលកំណត់

ដោយៈសុខុម

ប៉ារីស: ក្រុមហ៊ុនប្រេងឥន្ធនៈ និងឧស្ម័នខ្នាតយក្ស TOTAL បានផ្អាកគម្រោងឧស្ម័នធម្មជាតិតម្លៃ២០ពាន់លានដុល្លារ របស់ខ្លួននៅក្នុងប្រទេសម៉ូសំប៊ិក ដោយគ្មានរយៈពេលកំណត់ដោយសារការកើនឡើងអំពើហិង្សានៅក្នុងតំបន់នោះ រួមទាំងការវាយប្រហារកាលពីខែមីនា ដោយពួកសកម្មប្រយុទ្ធអ៊ីស្លាម ផងដែរ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចុះផ្សាយកាលពីថ្ងៃទី២៦ មេសា។

ការសម្រេចនេះគឺជាការវាយប្រហារដ៏ធំមួយចំពោះក្រុមហ៊ុនបារាំង មួយនេះដែលបានទិញយកភាគហ៊ុនធ្វើប្រតិបត្តិការនៅក្នុងគម្រោងនេះក្នុងតម្លៃ៣,៩ពាន់លានដុល្លារក្នុងឆ្នាំ២០១៩ ដោយសង្ឃឹមថានឹងអាចចាប់ផ្តើមនាំចេញឧស្ម័នធម្មជាតិរាវ (LNG) នៅត្រឹមដំណាច់ឆ្នាំ២០២៤។ ដំណាក់កាលទី១នៃគម្រោងនេះគ្រោងផលិតឧស្ម័នធម្មជាតិរាវ ឱ្យបានជាង១៣លានតោនក្នុងមួយឆ្នាំ។

ក្រុមហ៊ុន TOTAL បានបន្តដំណើរការលើគម្រោងនេះកាលពីខែមុន បន្ទាប់ពីជាប់គាំងចាប់តាំងពីខែមករា ដោយសារការគំរាមកំហែងផ្នែកសន្តិសុខ ខណៈពួកឧទ្ទាមជាង១០០នាក់បានឆ្មក់ចូលទីក្រុងតូច Palma ដែលនៅក្បែរទីតាំងគម្រោង។ មនុស្សរាប់សិបនាក់បានបាត់បង់ជីវិត ទ្រព្យសម្បត្តិតម្លៃរាប់លានដុល្លារ ត្រូវបានបំផ្លិចបំផ្លាញ ដូច្នេះហើយក្រុមហ៊ុនក៏បានប្រកាសផ្អាកគម្រោងនេះភ្លាមៗតែម្ដង។

ស្ថានភាពសន្តិសុខដែលកាន់តែអាក្រក់ទៅៗ ក៏ជាឧបសគ្គដ៏ធំមួយសម្រាប់ប្រទេសម៉ូសំប៊ិក ដែលកំពុងតែប្រឈមនឹងចំនួនអ្នកស្លាប់កើនឡើង ហើយពលរដ្ឋរាប់សែននាក់ចាកចោលលំនៅដ្ឋានផងដែរ។ ការនាំចេញឧស្ម័ននេះអាចនឹងជួយសម្រាលទុក្ខលំបាកដល់ប្រទេសនេះ ដែលស្ថិតក្នុងចំណោមប្រទេសក្រីក្របំផុតមួយនៅលើពិភពលោក។

ក្រុមហ៊ុននេះបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃច័ន្ទ ទី២៦ មេសាថា អំពើហិង្សាថ្មីនៅភាគខាងជើងនៃខេត្ត Cabo Delgado “នាំឱ្យក្រុមហ៊ុន TOTAL ក្នុងនាមជាប្រតិបត្តិករនៃគម្រោងឧស្ម័នធម្មជាតិរាវ (LNG) នៅប្រទេសម៉ូសំប៊ិក ប្រកាសប្រធានស័ក្ដិ”។

ក្រុមហ៊ុននេះបានបន្ថែមថា “នេះជាមធ្យោបាយតែមួយគត់ដើម្បីការពារផលប្រយោជន៍គម្រោង រហូតទាល់តែការងារអាចដំណើរការឡើងវិញ”។

ប្រធានស័ក្ដិជាខមួយនៃកិច្ចសន្យាដែលអនុញ្ញាតឱ្យគូភាគីផ្អាក ឬបញ្ចប់កិច្ចសន្យាដោយសារតែហេតុការណ៍ដែលកើតឡើងហួសពីការគ្រប់គ្រងរបស់គូភាគីដូចជាសង្គ្រាម ឬគ្រោះមហន្តរាយធម្មជាតិជាដើម៕

រដ្ឋមន្ត្រីពាណិជ្ជកម្ម ៖ ការលក់ស្បៀង និងគ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហមគឺធ្វើឡើងតាមសន្ទស្សន៍ថ្លៃទំនិញប្រចាំថ្ងៃ

ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថាការលក់ស្បៀង និងគ្រឿងឧបភោគបរិភោគរបស់ក្រសួងពាណិជ្ជកម្ម ជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ នៅភូមិសាស្ត្ររាជធានីភ្នំពេញ (តំបន់ក្រហម) គឺធ្វើឡើងតាមសេចក្ដីណែនាំ ស្ដីពីវិធានការលម្អិតដើម្បីរឹតបន្តឹងការអនុវត្តសេចក្ដីសម្រេចស្ដីពីការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងក្រោមការតាមដានត្រួតពិនិត្យ គុណភាព និងសន្ទស្សន៍ថ្លៃទំនិញជាប្រចាំ ។

លោកមានប្រសាសន៍បន្តថា ការផ្គត់ផ្គង់ស្បៀង និងគ្រឿងឧបភោគបរិភោគចាំបាច់ជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ក្រសួងពាណិជ្ជកម្ម បានបញ្ចេញស្បៀងឱ្យចរាចរក្នុងទីផ្សារ តាមរយៈទីផ្សារអនឡាញ (shop.moc.gov.kh) និងរថយន្តចល័តរបស់ក្រុមហ៊ុន ហ្គ្រីនត្រេដ និងរថយន្តក្រសួងចំនួន៨គ្រឿង ព្រមទាំងបើកស្ដង់លក់ទំនិញចំនួន ១១ទីតាំង ដែលមាន២៥ស្តង់ ដើម្បីទ្រទ្រង់ស្ថិរភាពថ្លៃទំនិញដែលជាស្បៀងមូលដ្ឋាន ក្នុងនោះរួមមាន៖ អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ ឆៃប៉ូវ និងស្បៀងមូលដ្ឋានមួយចំនួនទៀត ដែលត្រូវបានត្រួតពិនិត្យគុណភាព និងតម្លៃ យ៉ាងយកចិត្តទុកដាក់ដោយ អគ្គនាយកដ្ឋាន ក.ប.ប. ដោយក្រសួងបានចាត់មន្ត្រីជំនាញរបស់ខ្លួនឱ្យបន្តចុះត្រួតពិនិត្យ និងតាមដានសន្ទស្សន៍ថ្លៃទំនិញតាមទីផ្សារជាប្រចាំ ដើម្បីទប់ស្កាត់ការបន្លំគុណភាព ការលក់ដូរបំប៉ោងតម្លៃទំនិញ ព្រមទាំងណែនាំដល់អាជីវករទាំងអស់ឱ្យបិទស្លាកថ្លៃនៅលើមុខទំនិញ និងកុំឱ្យមានការផ្លាស់ប្តូរថ្លៃទំនិញតាមអំពើចិត្តលើសពីតម្លៃទំនិញដែលបានលក់មុនពេលបិទខ្ទប់។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងករណីមានការលួចបន្លំ ដំឡើងថ្លៃណាមួយកើតឡើង ក្រសួងលើកទឹកចិត្តដល់ពលរដ្ឋអាចរាយការណ៍ជាបន្ទាន់មកកាន់អាជ្ញាធរមានសមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធរបស់ក្រសួង ឬមន្ត្រីប្រចាំការនៅតាមស្តង់លក់ទំនិញ ដើម្បីចាត់វិធានការ ឱ្យបានទាន់ពេលវេលា ៕

កម្ពុជាបាននិងកំពុងជំរុញការបង្កើនភាពធន់ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ១៩

ដោយៈ ម៉ាណេត

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជាបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ក្នុងការបង្កើនភាពធន់ បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ និងស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិមួយនេះ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ (ESCAP) បានធ្វើសេចក្តីថ្លែងការណ៍តាមប្រព័ន្ធវីដេអូ ក្នុងកិច្ចប្រជុំបណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDCs) ក្នុងតំបន់អាស៉ី និងប៉ាស៉ីហ្វិក នៃអង្គសន្និបាតប្រចាំឆ្នាំលើកទី៧៧ របស់ UNESCAP ស្តីអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើនភាពធន់បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ និងឆន្ទៈរបស់កម្ពុជា ក្នុងការស្តារឡើងវិញក្រោយវិបត្តិតាមរយៈកិច្ចសហប្រតិបត្តិការតំបន់ នៅក្នុងតំបន់អាស៉ី និងប៉ាស៉ីហ្វិក នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។
ក្នុងសេចក្តីថ្លែងការណ៍នោះ លោកទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើង ៥ចំណុច រួមមាន៖

ទី១) កម្ពុជាដែលជាប្រទេសមានការអភិវឌ្ឍតិចតួចមួយ បានខិតខំធ្វើកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសនានា ជុំវិញពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងសម្រេចបាននូវភាពមិនរើសអើងគ្នា និងការស្តីបន្ទោសឱ្យគ្នាទៅវិញទៅមក ដែលអាចនាំមកនូវភាពបែកបាក់នៃការរួបរួម។

ជាក់ស្តែង ក្នុងស្មារតីមនុស្សធម៌ និងសាមគ្គីភាពអន្តរជាតិ កម្ពុជាបានអនុញ្ញាតឱ្យនាវាកម្សាន្ត Westerdam ចុះចត និងស្វាគមន៍អ្នកដំណើរចំនួន ២ ២០០នាក់ ក្នុងខែកុម្ភៈ ឆ្នាំ២០២០ ហើយបច្ចុប្បន្នកម្ពុជា មិនត្រឹមតែផ្តល់ការព្យាបាលដោយឥតគិតថ្លៃ ដល់ប្រជាជនខ្លួនប៉ុណ្ណោះទេ តែបានផ្តល់ការព្យាបាលដោយឥតគិតថ្លៃ ដល់ជនបរទេសផងដែរ។

ទី២) កម្ពុជា មើលឃើញថា ការប្រយុទ្ធប្រឆាំនឹងជំងឺកូវីដ-១៩ ទាមទារឱ្យមានការសម្រេចចិត្តរួមគ្នា ដោយប្រុងប្រយ័ត្ន នៅក្នុងក្របខ័ណ្ឌនៃពហុភាគី ដោយគោរពតាមច្បាប់អន្តរជាតិ និងអធិបតេយ្យភាពរបស់ប្រជាជាតិនីមួយៗ ដោយមិនត្រូវគិតពីភាពមាន ឬក្រ។

សារៈសំខាន់ និងភាពបន្ទាន់ នៃការផ្គត់ផ្គង់ និងចែកចាយវ៉ាក់សាំងកូវីដ-១៩ ដែលជាទំនិញសាធារណៈសកល ត្រូវប្រព្រឹត្តទៅក្នុងស្មារតីមនុស្សធម៌សម្រាប់ប្រទេសទាំងអស់ ជាពិសេសប្រទេសដែលងាយរងគ្រោះ។

ទី៣) កម្ពុជាជឿជាក់ថា បណ្តាប្រទេសនានា គួរចៀសវាងគោលនយោបាយគាំពារនិយម ហើយជួយគាំទ្រប្រទេសដែលងាយរងគ្រោះ ជាពិសេសគាំទ្រជាថវិកាដល់ការផលិតវ៉ាក់សាំង ដើម្បីធានាថាប្រទេសទាំងនោះមានលទ្ធភាពក្នុងការទទួលបានវ៉ាក់សាំងគ្រប់គ្រាន់។

ទី៤) កម្ពុជាជំរុញដល់អ្នកតាក់តែងគោលនយោបាយ គួរអនុវត្តការប្តេជ្ញាចិត្តក្នុងការបញ្ចៀសផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ដោយមើលឃើញនូវការធ្លាក់ចុះ នៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ក្នុងអំឡុងពេលនៃជំងឺកូវីដ-១៩។

ទី៥) កម្ពុជាជំរុញសហគមន៍អន្តរជាតិ ត្រូវតែធ្វើសកម្មភាពភ្លាមៗ ដើម្បីចៀវវាងការកើតឡើងជាថ្មី នៃគ្រោះមហន្តរាយនេះ ដោយការបង្កើតនូវឃ្លាំងរក្សាសម្ភារៈចាំបាច់ និងឧបករណ៍ការពារ ការផ្តល់ថវិកាសម្រាប់ការស្រាវជ្រាវ និងគាំទ្រប្រព័ន្ធសុខភាពសាធារណៈ និងការដាក់ចេញនូវគំរូប្រកបដោយប្រសិទ្ធភាព សម្រាប់ការផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដល់អ្នកដែលត្រូវការបំផុត។

លោកទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ទៀតថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមជាមួយបណ្តាប្រទេសក្នុងតំបន់ និងដៃគូអភិវឌ្ឍន៍នានា ក្នុងកិច្ចប្រឹងប្រែងស្តារឡើងវិញនូវស្ថានភាពសេដ្ឋកិច្ច-សង្គម ដើម្បីបន្តសម្រេចឲ្យបាននូវចក្ខុវិស័យអភិវឌ្ឍន៍ប្រកបដោចីរភាព។

កិច្ចប្រជុំបណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDCs) ក្នុងតំបន់អាស៉ី និងប៉ាស៉ីហ្វិក នៃអង្គសន្និបាតប្រចាំឆ្នាំលើកទី ៧៧ របស់ UNESCAP មានការថ្លែងសុន្ទរកថាបើកដោយ លោកស្រី អារមីដា សាល់ស៉ីយ៉ា អាលីសចាបាណា អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធាន UNESCAP ព្រមទាំងមានការចូលរួមថ្លែងការណ៍ពីតំណាងជាន់ខ្ពស់របស់អង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការប្រទេស ដែលមានការអភិវឌ្ឍតិចតួច ក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គម និងរដ្ឋមន្រ្តីនៃបណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួច៕