អ្នកវិទ្យាសាស្រ្តអង់គ្លេសកំពុងសិក្សាបន្ថែមលើប្រសិទ្ឋភាពឳសថមួយប្រភេទដែលផលិតដោយជប៉ុនដែលអាចសម្លាប់មេរោគកូវីដ

          ដោយៈគង់ សូរិយា

          អង់គ្លេសៈ អ្នកវិទ្យាសាស្រ្តអង់គ្លេសកំពុងសិក្សាបន្ថែម លើកម្រិតប្រសិទ្ឋភាពរបស់ឳសថម្យ៉ាង ដែលផលិតដោយប្រទេសជប៉ុន ហើយអាចសម្លាប់មេរោគកូវីដ១៩បានយ៉ាងលឿន។

ប្រសិនជាមានប្រសិទ្ឋភាពមែននោះ ឳសថនេះត្រូវបានគេបង្ហើបថា ជាក្តីសង្ឃឹមរបស់ពិភពលោកក្នុងការបញ្ចប់វិបត្តិជំងឺកូវីដ-១៩។

អ្នកវិទ្យាសាស្ត្រអះអាងថា ថ្នាំផ្តាសាយ Favipiravir មានសក្តានុពលក្នុងការសម្លាប់មេរោគ SARS-CoV-2 ក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ការសាកល្បងដំណាក់កាលដំបូងនៅអង់គ្លេស ចំពោះថ្នាំប្រឆាំងវីរុសមួយនេះ ត្រូវបានគេជឿជាក់ថា បានទទួលជោគជ័យ ខណៈលទ្ធផលនឹងបញ្ចេញក្នុងរយៈពេល៦ខែទៀត។

យោងតាមកាសែត The Mirror បានរាយការណ៍ថា ថ្នាំFavipiravir ដែលត្រូវបានអភិវឌ្ឍនៅក្នុងប្រទេសជប៉ុន កាលពីកំឡុងឆ្នាំ២០១៤ កំពុងត្រូវបានគេសិក្សាយ៉ាងយកចិត្តទុកដាក់ថា តើវាបញ្ឈប់អ្នកជំងឺកូវីដពីការធ្លាក់ខ្លួនឈឺធ្ងន់ដែរឬទេ។

លោកសាស្រ្តាចារ្យ Kevin Blyth ប្រធានសិក្សានៃការសាកល្បងមកពីសកលវិទ្យាល័យ Glasgow បាននិយាយថា “វានឹងក្លាយជាជំហានដ៏ធំមួយឆ្ពោះទៅមុខ ប្រសិនបើថ្នាំប្រឆាំងវីរុសនេះ មានប្រសិទ្ធភាព។ លោកបន្តថា “អ្នកនឹងមិនមានសេវាមន្ទីរពេទ្យណាត្រូវរងសម្ពាធខ្លាំងទៀតនោះទេ ព្រោះតែអ្នកជំងឺលែងមកមន្ទីរពេទ្យទៀតហើយ ក្រោយលេបថ្នាំនេះ”។

ប្រសិនបើការសាកល្បងបង្ហាញពីភាពជោគជ័យ ថ្នាំរាប់លានដូស នឹងត្រូវប្រគល់ទៅឲ្យសេវាសុខភាពជាតិអង់គ្លេស (NHS)។

ប្រសិនបើការសាកល្បងGETAFIX ដំណាក់កាលទី២ និងទី៣បង្ហាញថាថ្នាំ Favipiravir មានប្រសិទ្ឋភាពពិតប្រាកដមែនោះ វាអាចជាថ្នាំព្យាបាលប្រឆាំងវីរុសកូវីដ-១៩ អាការស្រាលដំបូងគេបំផុត។

អ្នកក្រុង Glasgow អាចស្ម័គ្រចិត្តសម្រាប់ការសាកល្បងនេះ ភ្លាមៗនៅពេលពួកគេបញ្ចេញរោគសញ្ញា។ ការសាកល្បងដាច់ដោយឡែកមួយទៀត ក៏កំពុងធ្វើឡើងដោយប្រើថ្នាំដូចគ្នានេះដែ នៅក្នុងទីក្រុងឡុងដ៍៕

ប្រភព៖ Daily Star

រដ្ឋាភិបាលកំពុងពន្លឿនការរៀបចំប្លង់គោលអភិវឌ្ឍន៍នៅខេត្តព្រះសីហនុ

          ដោយៈគង់ សូរិយា

          ព្រះសីហនុៈ មន្រ្តីជំនាញក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្មីៗនេះ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពន្លឿនបញ្ចប់ការរៀបចំការរៀបចំប្លង់គោលនៃការប្រើប្រាស់ដីនៅខេត្តព្រះសីហនុ។

គោលដៅនៃការរៀបចំប្លង់គោលនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីធ្វើឱ្យសក្ដានុពលខេត្តនេះកាន់តែមានសន្ទុះជាងមុន។

តាមរយៈកិច្ចប្រជុំ ដែលធ្វើឡើងថ្ងៃទី២៧ ខែមេសា កន្លងមកនេះបានបញ្ជាក់ថា ការរៀបចំផែនការនេះ បានផ្ដោតសំខាន់លើប្លង់គោលប្រើប្រាស់ដីពីរចំណុចធំៗ គឺទីតាំងក្រុងព្រះសីហនុ (ចក្ខុវិស័យដល់ឆ្នាំ ២០៣៨) និងទីតាំងតំបន់បឹងធំកង្កែប។

រដ្ឋលេខាធិកាក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ លោកបណ្ឌិត ប៉ែន សុផលបានមានប្រសាសន៍ឲ្យដឹងថា ការរៀបចំប្លង់មេប្រើប្រាស់ដីនេះ ធ្វើឡើងមួយរយៈហើយ ដោយដំណើរការនៅតែបន្តទៅយ៉ាងរលូន។ បច្ចុប្បន្ន ក្រុមការងារនឹងបន្តជំរុញធ្វើយ៉ាងណាឱ្យបញ្ចប់បានលឿនបំផុត។

ខេត្តព្រះសីហនុ ជាខេត្តដែលកំពុងមានសក្ដានុពលមួយ ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ជាក់ស្ដែងដូចជាគម្រោងផ្លូវ៣៤ខ្សែ ដែលទើបតែបញ្ចប់ផ្លូវ១១ខ្សែ ដែលកំពុងតែសាងសង់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ គម្រោងពង្រីកកំពង់ផែ និងព្រលានយន្តហោះ ក៏ដូចជាគម្រោងអភិវឌ្ឍអចលនទ្រព្យឯកជននានា។

លោកបណ្ឌិតវ៉ាន់ វ៉ាតអ្នកឯកទេសផ្នែកនគរូបនីយកម្ម ដែលបានដឹកនាំរៀបចំប្លង់គោលប្រើប្រាស់ដីធ្លី និងផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋទូទាំង ខេត្តកណ្តាលបានទទួលជោគជ័យមុនគេបានមានប្រសាសន៍ថា ការរៀបចំប្លង់គោលអភិវឌ្ឈន៍ ដែលបានរៀបចំលំអិតលើ់ផែនការប្រើប្រាស់ដីធ្លីមានសារៈសំខាន់ណាស់ ដើម្បីយើងអាចបែងចែក​បានច្បាស់លាស់ពីហេដ្ឋារចនាសម្ព័ន្ឋ ពីផែនការអភិវឌ្ឍន៍តំបន់ណាមួយឲ្យបានច្បាស់លាស់។

លោកបន្តថា “បើសិនជាយើងមិនបានរៀបចំប្លង់គោលប្រើប្រាស់ដីធ្លី និងហេដ្ឋារចនាសម្ព័ន្ឋបានត្រឹមត្រូវទេ រដ្ឋាភិបាលនឹងនឹងខាតពេលវេលា និងថវិកា លើការដដោះស្រាយបញ្ហាប្រឈម ដែលកើតមានឡើងជាបន្តបន្ទាប់”។លោកបន្តថា “នៅពេលយើងបានរៀបចំប្លង់គោលប្រើប្រាស់ដីលំអិត ផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋរួច រដ្ឋាភិបាលនឹងមិនឈឺក្បាលនឹងបញ្ហា ដែលកើតឡើងនោះទេ ព្រោះយើងមានផែនទីចង្អូលឬផែនកា​រមេបានច្បាស់លាស់រួចហើយ”៕

ADB បានព្យាករថា វិស័យអចលនទ្រព្យនៅកម្ពុជានឹងងើបឡើងវិញនៅក្នុងឆ្នាំនេះ

ដោយៈ ប៊ី

ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ បានព្យាករថា វិស័យអចលនទ្រព្យនៅកម្ពុជា នឹងងើបឡើងវិញនៅក្នុងឆ្នាំនេះ ពីការធ្លាក់ចុះកាលពីឆ្នាំមុន បើទោះបីព្រឹត្តិការណ៍ថ្ងៃ២០ កុម្ភៈនៃការឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍មិនទាន់ផុតរលត់។

ADB បានឱ្យដឹងថា “វិស័យអចលនទ្រព្យត្រូវបានព្យាករថា នឹងងើបឡើងវិញ ពីការធ្លាក់ចុះកាលពីឆ្នាំមុន ដោយមាននិន្នាការស្រដៀងគ្នាទៅនឹងឧស្សាហកម្មសំណង់”។

នាយិកាប្រចាំប្រទេសកម្ពុជារបស់ADB លោកស្រី Sunniya Durrani-Jamal បានថ្លែងថា រាជរដ្ឋាភិបាលបានឆ្លើយតបយ៉ាងឆាប់រហ័សចំពោះករណីថ្មីៗ ដែលបានកើតឡើង ហើយយើងរំពឹង ថាសេដ្ឋកិច្ចនឹងវិលត្រឡប់មករកកំណើនវិញ ក្នុងឆ្នាំ២០២១។

លោកស្រីបានឱ្យដឹងទៀតថា “កំណើននេះ នឹងជួយបង្កើនប្រាក់ចំណូល គ្រួសារ ប៉ុន្តែមិនមែនគ្រប់វិស័យ និងតំបន់ទាំងអស់ នឹងទទួលបានប្រយោជន៍នេះស្មើគ្នានោះទេ ដូច្នេះវាចាំបាច់ណាស់ ក្នុងការតាមដានមើលជីវភាពគ្រួសារទាំងឡាយ ក៏ដូចជាតម្រូវការគាំទ្របន្ថែមឱ្យបានដិតដល់”។

វិស័យអចលនទ្រព្យនៅកម្ពុជា ត្រូវមើលឃើញថា មានការងើបឡើងវិញនៅដើមឆ្នាំ២០២១នេះ ប៉ុន្តែបន្ទាប់ពីការផ្ទុះឡើងនៃការឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ព្រឹត្តិការ​ណ៍២០ កុម្ភៈនេះ បានធ្វើវិនិយោគិនជាតិ និងអន្តរជាតិស្ទាក់ស្ទើក្នុងការមកវិនិយោគនៅកម្ពុជា។

លោក James Hodge អគ្គនាយកក្រុមហ៊ុន CBRE Cambodia បានថ្លែងកាលពី  ថ្មីៗនេះថា ការផ្ទុះឡើងនៃការឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ព្រឹត្តិការណ៍២០ កុម្ភៈនេះ បានធ្វើឱ្យអ្នកទិញនិងអ្នកជួលមួយចំនួន ប្រកាន់យកនូវយុទ្ធសាស្ត្រ “រង់ចាំនិងមើល” (wait and see) ដែលបានកាត់បន្ថយសកម្មភាពបន្ថែមទៀតនៅលើទីផ្សារ ព្រោះវាទំនងជានឹងនាំឱ្យមានសម្ពាធបន្ថែម លើតម្លៃអចលនទ្រព្យ និងការជួល។

លោកបានថ្លែងថា “ការផ្ទុះឡើងនៃការឆ្លងចូលក្នុងសហគមន៍កាន់តែយូរ ការរំខាននិងផលប៉ះពាល់ដល់វិស័យអចលនទ្រព្យ នឹងមានរយៈពេលកាន់តែយូរខែទៅមុខទៀត”។ លោកឱ្យដឹងទៀតថា “ទីផ្សារអចលនទ្រព្យនៅក្រៅប្រទេស បានចាប់ផ្តើមងើបឡើងវិញ នៅដើមឆ្នាំ២០២១នេះ ហើយប្រទេសកម្ពុជា មានសញ្ញាងើបឡើងវិញដូចគ្នាដែរ ប៉ុន្តែព្រឹត្តិការណ៍២០កុម្ភៈ បានធ្វើឱ្យទីផ្សារបាត់បង់នូវទំនុកចិត្តមួយចំនួន និងប៉ះពាល់ដល់ដំណាក់កាលងើបឡើងវិញ”។

លោកបានបន្តថា ការអូសបន្លាយនៃបញ្ហានេះ បានបណ្តាលឱ្យមានការព្រួយបារម្ភមួយចំនួន ដែលខុសពីការព្យាករណ៍លើកដំបូង។ ជាមួយគ្នានេះដែរ វាទាមទារឱ្យមានទំនុកចិត្តនៅក្នុងទីផ្សារ ដើម្បីជំរុញសកម្មភាពគ្រប់កម្រិតនៅក្នុងវិស័យអចលនទ្រព្យ។

ជាមួយគ្នានេះ លោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកលបានថ្លែងថា នៅក្នុងអំឡុងពេលនៃការបិទខ្ទប់ទីក្រុងភ្នំពេញ ក្រុមហ៊ុនអចលនទ្រព្យនានា គឺមិនអាចធ្វើអ្វីបាននោះទេ ក្រៅតែពីការស្នាក់នៅក្នុងផ្ទះ និងចូលរួមជាមួយនឹងរាជរដ្ឋភិបាល ក្នុងការប្រយុទ្ធប្រឆាំងនូវជំងឹកូវីដ១៩ ដែលកំពុងរីករាលនៅក្នុងប្រទេស។

លោកបានថ្លែងថា “តាមការរំពឹងទុករបស់ខ្ញុំ បន្ទាប់ពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈបានបញ្ចប់ ដោយយើងរួមគ្នាទប់ស្កាត់បាន នោះទីផ្សារអចលនទ្រព្យ វានឹងវិលត្រឡប់មកវិញ ហើយចលនានៃការអភិវឌ្ឍន៍ ចលនាការសាងសង់ ចលនានៃការទិញលក់ក៏នឹងត្រឡប់មកវិញ ប៉ុន្តែនេះគ្រាន់តែការព្យាករទុកតែប៉ុណ្ណោះ ចំពោះស្ថានភាពជាក់ស្តែងគឺមិនទាន់ដឹងនោះទេ”៕

សណ្ឋាគារធំៗនៅកម្ពុជាដែលគាំទ្រដោយក្រុមហ៊ុនអន្តរជាតិTKHS នៅតែបន្តដំណើរការអំឡុងវិបត្តិកូវីដ

ដោយៈឧត្តម

ភ្នំពេញ:  បើទោះបីជាកម្ពុជា និងពិភពលោកកំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ១៩ក្តី ប៉ុន្តែសណ្ឋាគារ ដែលគាំទ្រការវិនិយោគដោយក្រុមហ៊ុនTKHS នៅតែបន្តដំណើរការនៅកម្ពុជា។

គម្រោងអភិវឌ្ឍន៍សណ្ឋាគារធំៗ នៅជុំវិញពិភពលោករួមទាំងនៅកម្ពុជា យើងផង ដែលផ្ដល់សេវាគាំទ្រដោយក្រុមហ៊ុនអន្តរជាតិTurn Key Hospitality Services’ (TKHS) នៅតែអាចបន្តដំណើរការដោយរលូន ទោះជាស្ថិតក្នុងវិបត្តិកូវីដ-១៩ យ៉ាងណាក្ដី។ នេះបើយោងតាមសារព័ត៌មាន tophotel.news ចុះផ្សាយកាលពីថ្ងៃទី២៧ មេសា។

អំឡុងឆ្នាំ២០២០ ក្រុមហ៊ុន TKHS ដែលជាអ្នកឯកទេសខាងផ្ដល់ការសេវាគាំទ្រដល់អ្នកអភិវឌ្ឍន៍គម្រោងសណ្ឋាគារ លំដាប់ស្ដង់ដារអន្តរជាតិ នៅតែបន្តផ្ដល់សេវាគាំទ្រផ្នែក FF&E (គ្រឿងតាំងភ្ជាប់ គ្រឿងសង្ហារិម និងសម្ភារៈបរិក្ខារ) និង  OS&E (សម្ភារៈប្រើប្រាស់ដូចជា ម៉ាស៊ីនផ្លុំសក់ ឆ្នាំងអ៊ុត តម្ពក់ព្យួរខោអាវ កន្សែងពោះគោ ចានឆ្នាំង និងកែវជាដើម)សម្រាប់គម្រោងអភិវឌ្ឍន៍សណ្ឋាគារ នៅជុំវិញពិភពលោករាប់ចាប់ពីប្រទេសស៊ីប នៅអឺរ៉ុប និងប្រទេសដែនកោះម៉ាល់ឌីវ នៅមហាសមុទ្រឥណ្ឌា រហូតដល់ប្រទេសអូស្ត្រាលី។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ ក្រុមហ៊ុនTKHS មានមោទនភាពណាស់ ដែលទទួលបានឱកាសផ្ដល់សេវាគាំទ្រ ដល់ក្រុមហ៊ុន Chip Mong Group សម្រាប់គម្រោងអភិវឌ្ឍន៍ សណ្ឋាគារផ្កាយ៥ស្តង់ដារ លំដាប់ពិភពលោកHyatt Regency Phnom Penh នៅរាជធានីភ្នំពេញ។

សណ្ឋាគារលំដាប់ពិភពលោកនេះ មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៧៨ ក្រោយព្រះបរមរាជវាំង ជិតសារមន្ទីរជាតិដែលជាបេះដូង នៃរាជធានីភ្នំពេញ ។ សណ្ឋាគារនេះមានកម្ពស់១៤ជាន់ សាងសង់នៅលើដីប្រមាណ១៤.០០០ម៉ែត្រការ៉េ មាន​បន្ទប់សរុបចំនួន២៤៧បន្ទប់ ព្រមជាមួយនឹងសេវាកម្ម ភោជនីយដ្ឋាន កន្លែងហាត់ប្រាណ ស្ប៉ា បន្ទប់ប្រជុំ អាងហែលទឹក និងSkybar ដែលអាចមើលឃើញទេសភាពដ៏ស្រស់ត្រកាលនៃព្រះបរមរាជវាំង ទន្លេមេគង្គ និងទន្លេសាប។

ទោះបីជាជួបបញ្ហាប្រឈមជាច្រើន ដោយសារការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ទូទាំងពិភពលោក និងការរឹតបន្តឹងលើការដឹកជញ្ជូនតាមនាវាពីអឺរ៉ុប និងអាស៊ី យ៉ាងណាក្ដី ក៏ក្រុមហ៊ុននេះ នៅតែប្រឹងប្រែងរិះរកគ្រប់មធ្យោបាយ ដឹកជញ្ជូនសម្ភារៈផ្គត់ផ្គត់បានទាន់ពេលវេលាគួរឱ្យស្ញើចសរសើរ។

ប្រទេសកម្ពុជា មានលក្ខខណ្ឌតម្រូវខុសគេ និងមានលក្ខណៈស្មុគស្មាញនៅក្នុងការជម្រះពន្ធគយ។ ទោះជាយ៉ាងណា ដោយសារក្រុមហ៊ុន TKHS មានចំណេះដឹង និងបទពិសោធន៍គ្រប់គ្រាន់ក្នុងវិស័យនេះ លក្ខខណ្ឌ និងដំណើរការជម្រះពន្ធគយត្រូវបានដោះស្រាយដោយរលូន និងមានប្រសិទ្ធភាព៕

ការលក់ពាណិជ្ជកម្មរបស់Google ក្នុងត្រីមាសទី១កើនឡើង៣២ភាគរយធ្វើឱ្យប្រាក់ចំណេញ

ដោយៈសុខុម

កាលីហ្វ័រញ៉ា:  ក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនមេ របស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ Google បានប្រកាសកាលពីថ្ងៃអង្គារទី២៧ មេសា ខ្លួនទទួលបានប្រាក់ចំណូលប្រចាំត្រីមាសខ្ពស់ជាងការរំពឹងទុកគួរឱ្យសាទរ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃទី២៨ មេសានេះ។

ក្នុងពេលជាមួយគ្នានេះ ក្រុមហ៊ុនAlphabet ក៏បានប្រកាសទិញយកវិញនូវភាគហ៊ុនដែលមានតម្លៃ រហូតដល់ទៅ៥០ពាន់លានដុល្លារផងដែរ នៅពេលការងើបឡើងនៃសេដ្ឋកិច្ច និងការកើនឡើងនូវការប្រើប្រាស់ សេវាកម្មអនឡាញរួមបញ្ចូលគ្នាបានជំរុញសន្ទុះអាជីវកម្មផ្សាយពាណិជ្ជកម្ម និងCloud របស់ខ្លួនកើនឡើងខ្លាំង។

លោកស្រី Ruth Porat ប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុនមេ Alphabet បានលើកឡើងតាមរយៈសេចក្ដីថ្លែងការណ៍ថា លទ្ធផលនេះ “ឆ្លុះបញ្ចាំងពីការកើនឡើងសកម្មភាពរបស់អ្នកប្រើប្រាស់តាមអនឡាញ និងកំណើនប្រាក់ចំណូលផ្នែកផ្សាយពាណិជ្ជកម្ម”។

ការលក់ Ad ពាណិជ្ជកម្មរបស់ក្រុមហ៊ុនGoogle បានកើនឡើង៣២%នៅក្នុងត្រីមាសទី១ លើសពីការរំពឹងទុករបស់ក្រុមអ្នកវិភាគ បើធៀបទៅនឹងឆ្នាំមុន។ ការលក់សេវាកម្ម Cloud បានកើនឡើង៤៥,៧%ស្របតាមការរំពឹងទុក។

ប្រហែល១៧%នៃពលរដ្ឋនៅសហរដ្ឋអាមេរិក ដែលជាប្រភពប្រាក់ចំណូលធំបំផុតរបស់ក្រុមហ៊ុន Alphabet ត្រូវបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញនៅត្រឹមដំណាច់ត្រីមាសតី១។

ការលក់សរុបរបស់ក្រុមហ៊ុនAlphabet បានកើនឡើង៣៤%ដល់៥៥,៣ពាន់លានដុល្លារ ខ្ពស់ជាងការរំពឹងទុកត្រឹម៥១,៧ពាន់លានដុល្លារ របស់ក្រុមអ្នកវិភាគ ឬកើនឡើង២៦%ធៀបនឹងត្រីមាសទី១ ឆ្នាំមុន ដែលពេលនោះការលក់ Ad បានធ្លាក់ចុះខ្លាំងនៅរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយ។

ប្រាក់ចំណេញប្រចាំត្រីមាសរបស់ក្រុមហ៊ុន Alphabet បានកើនឡើង១៦២%ដល់១៧,៩ពាន់លានដុល្លារ ឬស្មើនឹង២៦,២៩ដុល្លារក្នុងមួយហ៊ុន ដែលលើសពីការរំពឹងទុកត្រឹម១៥,៨៨ដុល្លារក្នុងមួយភាគហ៊ុន៕

ADBបន្តមានសុទិដ្ឋិនិយមលើសេដ្ឋកិច្ចកម្ពុជាថានឹងមានកំណើន៤ភាគរយនៅឆ្នាំនេះ

          ដោយៈលក្ខិណា

ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ីADB)បានព្យាករណ៍ ដោយបន្តសុទិដ្ឋិនិយមលើ សេដ្ឋកិច្ចកម្ពុជាថា នឹងនៅតែមានកំណើនជាវិជ្ជមាន ដោយកើន៤ភាគរយក្នុងឆ្នាំ២០២១នេះ និងកើនឡើង៥,៥ភាគរយនៅឆ្នាំ២០២២ខាងមុខ។

លោកស្រីSunniya Durrani-Jamal នាយិកាប្រចាំប្រទេសកម្ពុជានៃធនាគារអភិវឌ្ឍន៍អាស៊ី បានឱ្យដឹងក្នុងរបាយការណ៍របស់ខ្លួន ដែលបានចេញផ្សាយនាព្រឹកថ្ងៃទី២៨មេសានេះថា សេដ្ឋកិច្ចកម្ពុជាបានធ្លាក់ចុះ៣,១ភាគរយកាលពីឆ្នាំ២០២០ ដោយសារតែការរាតត្បាតជាសកលនៃជំងឺកូវីដ១៩។

ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា បានឆ្លើយតបយ៉ាងឆាប់រហ័ស ចំពោះករណីថ្មីៗដែលបានកើតឡើង ហើយយើងរំពឹងថាសេដ្ឋកិច្ចនឹងវិលត្រលប់ មករកកំណើនវិញក្នុងឆ្នាំ២០២១នេះ ។ កំណើននេះ នឹងជួយបង្កើនប្រាក់ចំណូលគ្រួសារ ប៉ុន្តែមិនមែនគ្រប់វិស័យនិងតំបន់ទាំងអស់ នឹងទទួលបានប្រយោជន៍នេះស្មើគ្នានោះទេ ដូច្នេះវាចាំបាច់ណាស់ ក្នុងការតាមដានមើលជីវភាពគ្រួសារទាំងឡាយ ក៏ដូចជាតម្រូវការគាំទ្របន្ថែម ឱ្យបានដិតដល់ ។

យោងតាមរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ីឱ្យដឹងថា ឆ្នាំ២០២១ ផលិ​តកម្មឧស្សាហកម្ម ត្រូវបានគេរំពឹងថានឹងកើនឡើង៧,១ភាគរយ និង៧ភាគរយក្នុងឆ្នាំ២០២២ ដោយសារតែការងើបឡើងវិញ នៃវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងទំនិញសម្រាប់ធ្វើដំណើរ ក៏ដូចជា កំណើននៃឧស្សាហកម្មធនស្រាលផ្សេងទៀត ដូចជាផលិតផលអេឡិចត្រូនិកនិងកង់។

វិស័យកសិកម្ម ត្រូវបានរំពឹងថានឹងកើនឡើង១,៣ភាគរយ ក្នុងឆ្នាំ២០២១ និង១,២ភាគរយក្នុងឆ្នាំ២០២២ ដោយមានការកើនឡើង នៃផលិតកម្មកសិផល បន្ទាប់ពីរងការខូចខាតដោយទឹកជំនន់កាលពីឆ្នាំមុន ការបន្តមានកំណើននៃវារីវប្បកម្ម និងការហក់ឡើងនៃការនាំចេញផលិតផលកសិកម្ម ទៅកាន់សាធារណប្រជាមានិតចិន។

របាយការណ៍ដដែលបានបង្ហាញថា វិស័យសេវាកម្មនឹងស្ទុះងើបឡើងវិញក្នុងល្បឿ​នយឺតៗ ពោលគឺប្រមាណ៣,៣ភាគរយ ក្នុងឆ្នាំ២០២១ ទៅ៦,២ភាគរយក្នុងឆ្នាំ២០២២ ។ កិច្ចប្រឹងប្រែងក្នុងការគ្រប់គ្រងការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅក្នុងស្រុកដែលបានចាប់ផ្ដើមក្នុងខែកុម្ភៈ ២០២១ កំពុងធ្វើឱ្យសកម្មភាពវិស័យសេវាកម្មធ្លាក់ចុះ។ ការរឹតបន្តឹងការធ្វើដំណើរ ត្រូវបានរំពឹងថា នឹងបន្តស្ទើរតែពេញមួយឆ្នាំក្នុងឆ្នាំ២០២១ ។ វិស័យអចលនទរ្ព្យត្រូវបានព្យាករថានឹងងើបឡើងវិញ ពីការធ្លាក់ចុះកាលពីឆ្នាំមុន ដោយមាននិន្នាការស្រដៀងគ្នាទៅនឹងឧស្សាហកម្មសំណង់៕

តើ​ក្រុមហ៊ុន Coldwell Banker Cambodia កំពុង​ចាប់យក​ចំណែក​ទីផ្សារខុសពី​គេ​យ៉ាងដូចម្តេច?

ដោយៈ​រ៉ា​ណេ​ត

ភ្នំពេញៈ ជាមួយនឹង​សន្ទុះ នៃ​ភាព​រីកចម្រើន​វិស័យ​អចលនទ្រព្យ និង​សំណង់​នៅ​កម្ពុជា ដែល​កំពុង​ពង្រីក​សក្តានុពល វត្តមាន​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​ដ៏​ធំ និង​ល្បីឈ្មោះ​លំដាប់​ពិភពលោក Coldwell Banker Cambodia ដែល​បាន​ដំណើរការ​កាលពីដើមឆ្នាំ២០២០កាន់តែ​ជួយ​បង្ហាញ​ពី​ភាពរឹងមាំ នៃ​វិស័យ​មួយ​នេះ​នៅ​កម្ពុជា​បន្ថែមទៀត។

អគ្គនាយក​ក្រុមហ៊ុន Coldwell Banker Cambodia លោក Ken Lo បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​ចុង​សប្ដាហ៍​កន្លងទៅនេះ​ថា គ្រប់​ក្រុមហ៊ុន​អន្តរជាតិធំៗទាំងអស់ មុនពេល​ចូលមក​ចាប់​ដំណើរ​ប្រតិបត្តិការ របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា គឺ​សុទ្ធតែ​បាន​ឆ្លងកាត់​នូវ​ការសិក្សា​យ៉ាង​លម្អិត និង​ស្គា​ល់ពី​ស្ថានភាព ស្ថិរភាព​នយោបាយ សន្តិសុខ​សង្គម ជាពិសេស សក្ដានុពល​នៃ​វិស័យ​អចលនទ្រព្យ​ដែល​កំពុង និង​បន្ត​មាន​តម្រូវការ​ទីផ្សារ​ផងដែរ។

ខាងក្រោម​នេះ​ជា​កិច្ចសម្ភាសន៍​ផ្ទាល់ រវាង​អ្នកយកព័ត៌មាន​គេហទំព័រ​អចលនទ្រព្យ www.propertyarea.asia ជាមួយ​លោក Ken Lo អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ Coldwell Banker Cambodia ពី​ការចាប់យក​ចំណែក​ទីផ្សារ ចក្ខុវិស័យ​របស់​ក្រុមហ៊ុន​នៅក្នុង​ប្រទេស​កម្ពុជា។

Q : តើ​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ Coldwell Banker ទីស្នាក់ការ​កណ្តាល​នៅ​ប្រទេស​ណា និង​បង្កើតឡើង​តាំងពី​ឆ្នាំ​ណា? ហើយ​ហេតុអ្វី​បានជា​លោក​សម្រេចចិត្ត នាំយក​ក្រុមហ៊ុន​លំដាប់​ពិភពលោក​មួយ​នេះ ចូលមក​កាន់​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា ?

A : ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ Coldwell Banker ដែល​ទើបតែ​បង្ហាញ​វត្ត​មាននៅ​កម្ពុជា កាលពីដើមឆ្នាំ២០២០កន្លងទៅនេះ មាន​ទីស្នាក់ការ​កណ្តាល​នៅ​សហរដ្ឋអាមេរិក ដែលជា​ក្រុមហ៊ុន​ដ៏​ធំ និង​ល្បីឈ្មោះ​លំដាប់​ទី៣ជា​សាកល ដែល​រហូតមក​ដល់ពេលនេះ ក្រុមហ៊ុន​នេះ​មាន​អាយុកាល១១៣ឆ្នាំ និង​បាន​បង្កើត​ការិយាល័យ​តំណាង​ចំនួន៤៥ប្រទេស ដែល​ក្នុងនោះ​រាប់ទាំង​ប្រទេស​កម្ពុជា​ផងដែរ។

ឆ្លើយតប​ទៅនឹង​សំណួរ​សួរថា ហេតុអ្វី​បានជា​ខ្ញុំ​សម្រេចចិត្ត នាំយក​ក្រុមហ៊ុន​លំដាប់​ពិភពលោក​មួយ​នេះ ចូលមក​កាន់​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា ព្រោះ​ខ្ញុំ​បាន​ស្គាល់​ច្បាស់​ពី​ស្ថានភាព និង​សក្ដានុពល​នៃ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ដែល​ស័ក្ដិសម​ទៅនឹង​វត្តមាន​ក្រុមហ៊ុនធំៗ ខណៈដែល​នៅ​កម្ពុជា មិនទាន់មាន​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ​បែបនេះ​ច្រើន​នៅឡើយ។

Q : បច្ចុប្បន្ន នៅក្នុង​ទីផ្សារ​អចលនទ្រព្យ មាន​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​ជាតិ និង​អន្តរជាតិ​ជាច្រើន​កំពុងតែធ្វើការ​ប្រកួតប្រជែង​គ្នា តើ​លោក​មាន​ទំនុកចិត្ត និង​យុទ្ធសាស្ត្រ​បែបណា​ដើម្បី​អាច​ទទួលបាន​ចំណែក​ទីផ្សារ?

A : ថ្វី​ដ្បិត​យើង​មក​ក្រោយ​គេ ប៉ុន្តែ​ជំនឿ​ចិត្ត​ក្នុងការ​ទទួលបាន​ចំណែក​ទីផ្សារ​គឺ​យើង​មាន​ខ្ពស់ ព្រោះ​ក្រុមហ៊ុន​ភាគច្រើន ដែល​កំពុងដំណើរការ​នៅលើ​ទីផ្សារ​រួម ភាគច្រើន​មិនមែនជា​ដៃគូ​ប្រកួតប្រជែង​របស់​យើង​នោះទេ។ ទីផ្សារ​គោលដៅ​របស់​យើង​ខុសពី​គេ។ ក្រុមហ៊ុន​ភ្នាក់ងារ​ជាច្រើន ដែល​កំពុងដំណើរការ​សព្វថ្ងៃនេះ គឺ​ពួកគេ​ធ្វើ​សេវាកម្ម​ចំរុះ បានន័យថា មិន​ថា​អចលនវត្ថុ​នោះ​មាន​កម្រិត​តូច ធំ ឬ​មធ្យម​នោះទេ គឺ​ធ្វើ​ទាំងអស់ ប៉ុន្តែ​សម្រាប់​ទីផ្សារ​គោលដៅ របស់​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ ដែលមាន​ប្រភព​មកពី​សហរដ្ឋអាមេរិក Coldwell Banker Cambodia គឺ​ខុសពី​គេ។

យើង​ទទួល​បម្រើសេវា និង​ប្រឹក្សា​តែ​ចំពោះ​អចលនវត្ថុ​ទាំងឡាយណា ដែលមាន​តម្លៃ​ខ្ពស់​អាច​ចាប់ពី៨០ម៉ឺន​ដុល្លា ឬ១លាន​ដុល្លារ​រ​ឡើងទៅ ក្នុងនោះ​មិន​ថា​ជា​ប្រភេទ អគារ​ពាណិជ្ជកម្ម ខុន​ដូ លំនៅដ្ឋាន ទីតាំង​ជួល​ដូចជា Commercial Land, Commercial Industrial, Property Residence ឱ្យតែ​ស្ថិតនៅ​ក្នុងតម្លៃ ដែល​បានកំណត់​ទើប​យើង​ទទួល​ធ្វើ។

Q : តើ​វិសាលភាព​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា ធំ​ទូលាយ​សមស្រប​ទៅ​គោលដៅ​របស់​ក្រុមហ៊ុន Coldwell Banker Cambodia ដែរឬទេ ហើយ​ត្រូវ​ចំណាយពេល​ប៉ុន្មាន​ឆ្នាំ​ដើម្បី​ទទួលបាន​ចំណែក​ទីផ្សារ? 

A : បើ​យើង​សម្លឹងមើល​តែមួយ​ជ្រុង យើង​ឃើញថា​ទីផ្សារ​មាន​ទំហំ​តូច ប៉ុន្តែ​យើង​មើល​ឱ្យ​ទូលាយ​ជាង​នេះ នោះ​នឹង​ឃើញច្បាស់​ពី​វិសាលភាព នៃ​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា។  Coldwell Banker Cambodia បាន​សិក្សា និង​ស្គាល់​ច្បាស់​ពី​ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ប្រទេសមួយ​នេះ ហើយ​យើង​ក៏​មិន​ធ្វើ​តែ​នៅ​ក្នុ​ប្រទេស​កម្ពុជា​នោះដែរ។

តាមរយៈ​Coldwell Banker Cambodia នឹងធ្វើ​ការផ្សព្វផ្សាយ​បន្ថែម ពី​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា ទៅកាន់​បណ្តា​ប្រទេស​នានា​នៅ​ទូទាំង​សាកលលោក ជាពិសេស​ប្រទេស​គោលដៅ ដូចជា​សហរដ្ឋអាមេរិក អូស្ត្រាលី ញ៉ូ​ហ្សា​លែ​ន កាណាដា និង​ប្រទេស​មួយចំនួនទៀត​នៅ​ប៉ែក​អឺរ៉ុប។

យើង​នឹង​នាំយក​អចលនទ្រព្យ​នៅ​កម្ពុជា ទៅ​លក់​នៅលើ​ទីផ្សារ​ក្រៅប្រទេស ហើយក៏​នាំយក​អចលនទ្រព្យ នៅក្រៅ​ប្រទេស​មក​លក់​នៅ​ប្រទេស​កម្ពុជា​វិញ​ផងដែរ ដូចជា​ប្រទេស​អូស្ត្រាលី​ជាដើម ដែលមាន​ប្រជាជន​ខ្មែរ​ទៅ​រស់នៅ និង​សិក្សា​បន្ត​នៅ​ទីនោះ​ច្រើន។ សម្រាប់​អ្នក​ដែលមាន​កូនចៅ​រៀន​ចប់​នៅក្នុង​ស្រុក ហើយ​ត្រូវ​បញ្ជូនទៅ​សិក្សា​បន្ត​នៅ​ប្រទេស​អូ​ស្ត្រា ឬ​កាណាដា ពួកគាត់​អាច​ទិញ​អចលនទ្រព្យ ឬ​លំនៅដ្ឋាន​តាមរយៈ Coldwell Banker Cambodia ដែលជា​ក្រុមហ៊ុន មានការ​ទទួលស្គាល់​លំដាប់​ពិភពលោក។ ក្រោយពេល​ពួកគាត់​ទិញ កូន​របស់​ពួកគាត់​មិន​ពិបាក ចំណាយ​ប្រាក់​បន្ថែម​ទៅលើ​ការជួល​ទីតាំង​ស្នាក់នៅ ក៏ដូចជា​ផ្តល់​ភាពងាយស្រួល ដល់​ក្រុមគ្រួសារ​ដែល​ទៅលេង​ម្ដងម្កាល​ផងដែរ។

យើង​ដឹងថា សម្រាប់​ការចាប់យក​ចំណែក​ទីផ្សារ​នៅក្នុង​ប្រទេស​កម្ពុជា អចលនវត្ថុ​ដែលមាន​តម្លៃ​ចាប់ពី១លាន​ដុល្លារ​ឡើង លើ​គឺ​ត្រូវ​ចំណាយពេល​យូរ និង​ធនធាន​ច្រើន​បន្តិច ប៉ុន្តែ​បន្ទាប់ពី​បាន​បញ្ជ្រាប​ខ្លួន​បាន​គ្រប់គ្រាន់ អតិថិជន ក៏ដូចជា​ចំណែក​ទីផ្សារ​នៃ​វិស័យ​មួយ​នេះ នឹង​រត់​មកប្រើប្រាស់​សេវាកម្ម​របស់​ក្រុមហ៊ុន​យើង ដែលជា​ក្រុមហ៊ុន​លំដាប់​ពិភពលោក​មួយ​នេះ​ជាក់​ជាមិនខាន។

យើង​មានកេរ្តិ៍ឈ្មោះ​ល្បី​លើ​ការផ្តល់​ប្រឹក្សា ផ្តល់ជូន​សេវាកម្ម​ល្អ​ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់ ជាពិសេស ពួកយើង​មាន​ជំនាញ​ច្បាស់លាស់ មាន​ក្រប​សីលធម៌ វិជ្ជាជីវៈ ជាមួយនឹង​ភាពស្មោះត្រង់​ជាមួយ​អតិថិជន ក៏ដូចជា​ក្រុមហ៊ុន​ដែលជា​ដៃគូ​ផងដែរ៕

ក្រុមហ៊ុន​ដ៏​ធំ​មួយ​គ្រោង​បង្កើត​ទីក្រុង​អេកូ​កសិកម្ម​លើ​ផ្ទៃដី១០ម៉ឺន​ហិកតា នៅ​ស្រុក​ឳ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ក្រុមហ៊ុន HLH Agriculture (Cambodia) ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Hong Lai Huat បានទទួល​ការអនុម័ត​ជាគោលការណ៍ ពី​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​អភិវឌ្ឍ​ទីក្រុង​អេកូ​កសិកម្ម។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន The Edge Singapore កាលពីថ្មីៗនេះ។

ទីក្រុង ដែល​នឹងត្រូវ​អភិវឌ្ឍ​លើដី​របស់​ក្រុមហ៊ុន HLH Agriculture នៅ​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​នេះ នឹង​រួមបញ្ចូល​ទាំង​ការអភិវឌ្ឍ​ចម្រុះ ឃ្លាំងទំនិញ និង​មជ្ឈមណ្ឌល​ដឹកជញ្ជូន ក៏ដូចជា​ឧស្សាហកម្ម​កសិកម្ម និង​ការរស់នៅ​បែប​សហគមន៍​ជាដើម។

យោងតាម​ក្រុមហ៊ុន​បានឱ្យដឹងថា គម្រោង​នេះ​ត្រូវបាន​រំពឹងថា នឹង​ទាក់ទាញ​តម្លៃ​វិនិយោគ​ប្រមាណ១០ពាន់​លាន​ដុល្លារ​អាមេរិក (១៣,៥ពាន់​លាន​ដុល្លារ​សិង្ហ​បុរី) ហើយនឹង​ទាក់ទាញ​អ្នកវិនិយោគ​ក្នុងស្រុក សិង្ហ​បុរី និង​វិនិយោគិន​អន្តរជាតិ។

ទីតាំង​គម្រោង​នេះ ស្ថិតនៅ​ចម្ងាយ​ប្រមាណ១០០គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ និង​នៅ​ចន្លោះ​ទីក្រុង និង​ខេត្ត​ព្រះសីហនុ ដែលជា​កន្លែង​ដែលមាន​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ។

គម្រោង​នេះ នឹង​អភិវឌ្ឍន៍​លើ​ផ្ទៃដី​ប្រមាណ១០០.០០០ហិកតា ហើយនឹង​ត្រូវបាន​អភិវឌ្ឍ​ជា​ដំណាក់កាល ស្របតាម​ផែនការ ដែល​បានអនុម័ត និង​ការពិភាក្សា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។

គម្រោង​នេះ​រំពឹងថា នឹង​បង្កើត​ឱកាស​ការងារ​ដោយផ្ទាល់ និង​ដោយ​ប្រយោល​ជាង៥០០.០០០នៅក្នុង​ប្រទេស​កម្ពុជា។

លោក Ong Jia Jing អគ្គនាយក​និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Hong Lai Huat បានឱ្យដឹងថា “នៅក្នុង​ពិភពលោក ដែល​រង​ឥទ្ធិពល​យ៉ាងខ្លាំង​ដោយ​ជំងឺ​កូ​វីដ១៩ អស់​រយៈពេល​ជាង​មួយឆ្នាំ​ហើយ សន្តិសុខ​ស្បៀង​គឺជា​បញ្ហាសំខាន់​មួយ ដែល​ប្រទេស​ទាំងអស់​កំពុង​ស្វែងរក​ដំណោះស្រាយ” ។

លោក​បាន​បន្តថា “យើង​ជឿជាក់ថា​គម្រោង​នេះ នឹង​អនុញ្ញាតឱ្យ​យើង​ចូលរួម​វិភាគទាន​ដល់​ប្រទេស​កម្ពុជា ក៏ដូចជា​ប្រទេស​សិង្ហ​បុរី​ផងដែរ” ៕

វិស័យ​អចលនទ្រព្យ​នឹង​វិល​ទៅ​ស្ថានភាព​ល្អប្រសើរ​ឡើងវិញ ប្រសិនបើ​ការធ្វើដំណើរត្រូវបាន​បើកចំហរ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ វិស័យ​អចលនទ្រព្យ រួមជាមួយ​នឹង​វិស័យ​ផ្សេងទៀត កំពុង​ទទួលរង​នូវ​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ជាពិសេស​ការបិត​ខ្ទប់​ទីក្រុង​ភ្នំពេញ ក្នុង​រយៈ​ប៉ុន្មាន​សប្តាហ៍​កន្លងមកនេះ ប៉ុន្តែ​វិស័យនេះ​អាច​នឹង​វិលត្រឡប់ ទៅរក​ស្ថានភាព​ល្អប្រសើរ​បន្តិច​ឡើង​វិញ ប្រសិនបើ​ស្ថាន​ឆ្លង​ជំងឺ​ត្រូវបាន​ថមថយ ហើយ​រដ្ឋាភិបាល​ដក​បំ​រាម និង​បើក​ឱ្យ​ចរាចរណ៍​ក្នុង​ទីក្រុង​ភ្នំពេញ​ឡើងវិញ។

ប្រធាន​សមាគម​អចលនទ្រព្យ​សកល លោក​សំ សុខ​នឿន បាន​មានប្រសាសន៍​នៅ​ល្ងាច​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ថា នៅក្នុង​អំឡុងពេល​នៃ​ការបិទ​ខ្ទប់​ទីក្រុង​ភ្នំពេញ ក្រុមហ៊ុន​អចលនទ្រព្យ​នានា គឺ​មិន​អាចធ្វើ​អ្វី​បាន​នោះទេ ក្រៅតែពី​ការ​ស្នាក់នៅ​ក្នុងផ្ទះ និង​ចូលរួម​ជាមួយនឹង​រាជ​រដ្ឋ​ភិ​បាល ក្នុងការ​ប្រយុទ្ធប្រឆាំង​នូវ​ជំ​ងឹ​កូ​វីដ១៩ ដែល​កំពុង​រីក​រាល​នៅក្នុង​ប្រទេស។

លោក​បាន​បន្តថា “នៅក្នុង​អំឡុង​ពេលនេះ គ្មាន​អ្វីដែល​ល្អប្រសើរ​នោះទេ ទាំង​ប្រតិបត្តិ​ការទិញ​លក់ និង​សកម្មភាពផ្សេងៗទៀត ហើយ​បច្ចុប្បន្ននេះ មាន​អចលនទ្រព្យ​ដែលមាន​តម្លៃ​សមរម្យ ប៉ុន្តែ​គ្មាន​អ្នកទិញ​នោះទេ” ។

លោក​សំ សុខ​នឿន បាន​បញ្ជាក់ថា នៅពេលដែល​ប្រជាពលរដ្ឋ​បាន​ចូលរួម​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភៈ ហើយ​អាចមាន​ភាព​ថមថយ​កាន់តែ​លឿន ដែល​អាចឱ្យ​រដ្ឋាភិបាល​ពិចារណា ក្នុងការ​បញ្ចប់​ការបិទ​ខ្ទប់​ទីក្រុង​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ផ្សេង និង​អនុញ្ញាតឱ្យ​ធ្វើឱ្យ​អាជីវកម្ម គ្រប់​ប្រភេទ​ឡើងវិញ នោះអ្វីៗនឹង​អាច​វិល​មករក​ស្ថានភាព​ដើម​វិញ​ជាបណ្ដើរ។

លោក​បន្តថា “តាម​ការរំពឹងទុករ​បស់​ខ្ញុំ បន្ទាប់ពី​ព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ​បានបញ្ចប់ ដោយ​យើង​រួមគ្នា​ទប់ស្កាត់បាន នោះ​ទីផ្សារ​អចលនទ្រព្យ វា​នឹង​វិលត្រឡប់​មកវិញ ហើយ​ចលនា​នៃ​ការអភិវឌ្ឍន៍ ចលនា​ការសាងសង់ ចលនា​នៃ​ការទិញ​លក់​ក៏​នឹង​ត្រឡប់មកវិញ ប៉ុន្តែ​នេះ​គ្រាន់តែ​ការ​ព្យាករ​ទុក​តែប៉ុណ្ណោះ ចំពោះ​ស្ថានភាព​ជាក់ស្តែង​គឺ​មិនទាន់​ដឹង​នោះទេ” ។

ជាមួយគ្នានេះ លោក ឡុង គឹមសួគ៌ អគ្គនាយក​ក្រុមហ៊ុន Century 21 Advance បាន​ទទួលស្គាល់ថា នៅក្នុង​អំឡុងពេល​នៃ​ការបិទ​ខ្ទប់ ទីក្រុង​ភ្នំពេញ​បានធ្វើឱ្យ ក្រុមហ៊ុន​អចលនទ្រព្យ​ភាគច្រើន បាត់បង​ចំណូល​របស់ខ្លួន​ស្ទើរតែ១០០ភាគរយ រហូត​ធ្វើឱ្យ​អ្នករក​ស៊ីក្នុង​វិស័យនេះ​បាត់បង់​ចំណូល ជួប​បញ្ហា​ហិរញ្ញវត្ថុ និង​ត្រូវ​ចំណាយ​ជាប្រចាំ។

លោក​ថា “បើ​ស្ថានភាព​វិល​មករក​ប្រក្រតីភាព​វិញ កាន់តែ​លឿន នោះ​វា​នឹង​ជំរុញ  ឱ្យ​សកម្មភាព​ទីផ្សារ​គ្រប់​វិស័យ​កើតមាន​ដែរ ទាំង​ប្រតិបត្តិការ ទាំង​ការទិញ​លក់ និង​អាជីវកម្មផ្សេងៗ ហើយ​ក្នុងនោះ​ក្រុមហ៊ុន​អចលនទ្រព្យ និង​ភ្នាក់ងារ ក៏​អាច​ប្រតិបត្តិការ​អាជីវកម្ម​វិញ​បានដែរ។ ពេលនោះអ្វីៗ នឹង​ល្អប្រសើរ​ជាង​ពេលនេះ” ។

រាជរដ្ឋាភិបាល​កបាន​សម្រេច​បន្ត​ការបិទ​ខ្ទប់ ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល ដើម្បី​ប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ-១៩ សម្រាប់​រយៈពេល ៧ (ប្រាំពីរ) ថ្ងៃ​បន្តទៀត រហូតដល់​ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ។

ទោះជា​យ៉ាងណាក៏ដោយ យោងតាម​សេចក្តីសម្រេច​លេខ៥៤ សសរ ចុះ​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១របស់​រាជរដ្ឋាភិបាល បញ្ជាក់ថា រយៈពេល​នៃ​ការបិទ​ខ្ទប់​នេះ អាច​ត្រូវបាន​បន្ត​បន្ថែមទៀត អាស្រ័យ​លើ​ការចូលរួម​អនុវត្តន៍ របស់​ប្រជាពលរដ្ឋនៅក្នុង​តំបន់​បិទ​ខ្ទប់ និង​ស្ថានភាព​នៃ​ការវិវត្ត​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ ៕

តើ​ផ្នែក​អ្វីខ្លះ​នៃ​វិស័យ​អចលនទ្រព្យ​នៅតែមាន​តម្រូវការ​ខ្ពស់​នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត?

ដោយៈ គង់ ម៉ា​លីន

ភ្នំពេញៈ ផ្នែក​ចំនួន៣នៃ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា រួមមាន លំនៅឋាន ដីធ្លី និង​ខុន​ដូ កំពុង​តែមាន​តម្រូវការ​ខ្ពស់​ជាងគេ បើ​ប្រៀបធៀប​ទៅនឹង​ផ្នែក​ដទៃទៀត នៃ​វិស័យ​មួយ​នេះ​ក្នុងពេល​បច្ចុប្បន្ន។ នេះ​បើតាម​ការបញ្ជាក់​ពី​ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា។

អ​តី​តៈ​ប្រធាន​សមាគម​អ្នកជំនាញ​អចលនវត្ថុ​កម្ពុជា (CREA) លោកស្រី​ចេ​វ សុ​ឃុន បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ កាលពីពេលថ្មីៗនេះ​ថា នៅលើ​ទីផ្សារ​អចលនទ្រព្យ​នៅពេល​បច្ចុប្បន្ននេះ ផ្នែក​ចំនួន៣ រួមមាន លំនៅឋាន ដីធ្លី និង​ខុន​ដូ កំពុង​តែមាន​តម្រូវការ​ឈានមុខ​គេ លើ​កម្លាំង​បញ្ជា​ទិញ ហើយ​នៅតែ​បន្តទៅ​ថ្ងៃ​ខាងមុខ​ទៀត ជាពិសេស​ក្រោយពេល​វិបត្តិ​ជំងឺឆ្លង​ជា​សាកល ត្រូវ​ផុតរលត់​ទាំងស្រុង។

លោកស្រី​បញ្ជាក់ថា “ប្រជាជន​កម្ពុជា​នៅតែ​បន្ត​មាន​តម្រូវការ លំនៅឋាន​សម្រាប់​ស្នាក់នៅ​ជាច្រើន​ទៀត ជាពិសេស​ប្រភេទ​លំនៅដ្ឋាន​តម្លៃ​សមរម្យ ដែល​ការផ្គត់ផ្គង់​នៅពេល​បច្ចុប្បន្ននេះ នៅ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​នោះទេ” ។ លោកស្រី​បន្តថា “លំនៅឋាន ជា​តម្រូវ​ការចាំបាច់​មុនគេ​របស់​មនុស្ស​គ្រប់រូប ដូច្នេះ​បន្ទាប់ពី​តម្រូវការ​អាហារ គឺ​លំនៅដ្ឋាន​នេះ​តែម្ដង។ ក្រោយពី​បំពេញតម្រូវការ​ទាំង២នេះ​គ្រប់គ្រាន់ ទើប​បំបែក​គោលបំណង​ទៅលើ​ការ​សន្សំទុក​នូវ​ទ្រព្យ តាមរយៈ​ការធ្វើ​អាជីវកម្ម និង​មុខ​ជំនួញផ្សេង” ។

ក្រៅពី​តម្រូវការ​ទីផ្សារ​ផ្នែក​លំនៅឋាន សម្រាប់ ដីធ្លី និង​ខុន​ដូ ក៏ត្រូវ​បាន​គេ​សម្លឹង​ឃើញថា មាន​ស្ថានភាព​ល្អប្រសើរ ក្នុងខណៈ​ពេលដែល​ផ្នែក​ដទៃទៀត នៅក្នុង​វិស័យ​អចលនទ្រព្យ​កំពុង​ជួប​ភាពជាប់គាំង។

លោកស្រី ចេ​វ សុ​ឃុន បាន​មានប្រសាសន៍ថា “ដីធ្លី​ដែលមាន​តម្លៃ​ទាប​ជាង​ទីផ្សារ និង​មានតម្លៃ​ចាប់ពី៥០ម៉ឺន​ដុល្លារ​ចុះក្រោម នៅតែមាន​តម្រូវការ ខណៈពេលដែល​អ្នកជំនួញ​នៅក្នុង​ផ្នែក​មួយ​នេះ នៅតែ​បន្ត​ស្វែងរក​ទិញ​ទុក​ធ្វើការ​វិនិយោគ​បន្ត​យកចំណេញ។ លោកស្រី​បន្ថែមថា “ដោយឡែក​ចំពោះ​ប្រភេទ​ដី​ឡូ​តិ៍ ក៏មាន​តម្រូវការ​ពី​អ្នក​ដែលមាន​ធនធាន​តិច ដែល​ចង​ទិញ​ទុក​ដោយ​ការ​សន្សំ ឬ​បង់​រំ​លោះ​សម្រាប់​សង់​លំនៅឋាន​ស្នាក់នៅ​ផងដែរ” ។

ដោយឡែក​សម្រាប់​ទីផ្សារ​ខុន​ដូ ត្រូវបាន​លោកស្រី​បញ្ជាក់ថា “បច្ចុប្បន្ន​ទីផ្សារ​ខុន​ដូ ក៏មាន​តម្រូវការ​ដូចគ្នា គ្រាន់តែ​មិន​ផុសផុល​ខ្លាំង​ដូច​កាលពី​ចុងឆ្នាំ២០១៩ ដែល​ភាគច្រើន​អ្នកទិញ​ជា​អតិថិជន​ក្នុងស្រុក ដែលមាន​តម្រូវការ​ប្រភេទ​ខុន​ដូ​តម្លៃ​សមរម្យ ដោយ​ក្នុងចំណោម​អ្នកទិញ​ទាំងនោះ​មាន២ប្រភេទ គឺ​អ្នកទិញ​ដែលមាន​តម្រូវការ​ជាក់ស្ដែង​ក្នុងការ​ស្នាក់​ដោយផ្ទាល់ និង​អ្នកទិញ​ទុក​សម្រាប់​វិនិយោគ​បន្ត” ។

សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​មានប្រសាសន៍​កាលពីដើម​សប្ដាហ៍​នេះ ក្នុង​ពិធី​ចុះ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការដ្ឋាន​សាងសង់ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​នៅ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ថា ប្រជាពលរដ្ឋ​ខ្មែរ នៅតែមាន​លទ្ធភាព​ទិញ​លំនៅឋាន នៅតាម​គម្រោង​សាងសង់​លំនៅឋាន​នានា បើទោះជា​មានការ​រីក​រា​ល​ដាល​ជំងឺ Covid-19 ។

សម្ដេច​បាន​មានប្រសាសន៍​បន្តថា “ក្រុមហ៊ុនធំៗ ដែល​សម្តេច​បាន​ជួប​បាន​លើកឡើងថា ការលក់​គម្រោង​លំនៅឋាន​នានា នៅតែមាន គ្រាន់​តែមាន​ចំនួន​តិចជាង​មុន ដែល​នេះ​បាន​ឆ្លុះបញ្ចាំង​ថា ប្រជាជន​ខ្មែរ​នៅតែមាន​លទ្ធភាព​ទិញ​លំនៅឋាន ទោះបី​មាន​វិបត្តិ Covid-19 ក៏ដោយ” ៕