Vtrust Appraisalសហការជាមួយក្រេឌីតប៊ូរ៉ូ ដើម្បីវាយតម្លៃអចលនទ្រព្យតាម ប្រព័ន្ខបច្ចេកវិទ្យា

ដោយៈ គង់ ម៉ាលីន

ភ្នំពេញៈ ក្រុមហ៊ុនVtrust Appraisal បានសហការជាមួយក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា (ស៊ីប៊ីស៊ី) ដើម្បីផ្តល់សេវាកម្មវាយតម្លៃអចលនទ្រព្យ តាមបច្ចេកវិទ្យាឌីជីថលដល់គ្រឹះស្ថានហិរញ្ញវត្ថុដំបូងគេនៅកម្ពុជា ដែលនេះជាការបោះជំហានមួយកម្រិតថែមទៀតទៅក្នុងវិស័យអចលនទ្រព្យរបស់កម្ពុជា។

ការសហការគ្នារវាងក្រុមហ៊ុនទាំង២ ត្រូវចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) តាមប្រព័ន្ធវីដេអូ Zoom ដោយការព្រមព្រៀងធ្វើសមាហរណកម្មកម្មវិធីវាយតម្លៃអចលនទ្រព្យ តាមអ៊ីនឌីខេសិន ផ្លើស ភ្លេតហ្វម (Indication Plus Platform) របស់ក្រុមហ៊ុន វីត្រាស់ អឹព្រេហ្សល ទៅ ភ្លេតហ្វម នៃឧបករណ៍វាយតម្លៃឥណទានរបស់ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា (ស៊ីប៊ីស៊ី)។

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនVtrust Appraisal លោក វង្ស សុខាល បានថ្លែងនៅក្នុងពិធីចុះហត្ថលេខាកាលពីថ្ងៃទី២៧ ឧសភាកន្លងមកថា កិច្ចសហការនេះនឹងបង្កើនប្រសិទ្ធភាព ប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុ និងជំរុញឱ្យការប្រើប្រាស់សេវាវាយតម្លៃអចលនទ្រព្យកាន់តែទូលំទូលាយ ដល់ស្ថាប័នហិរញ្ញវត្ថុទាំងអស់។

លោកបានអះអាងថា “Vtrust Appraisal ជាក្រុមហ៊ុនផ្តល់សេវាកម្មវាយតម្លៃអចលនទ្រព្យ ទំនើបបែបឌីជីថលដែលអាចវិភាគ និងចេញជារបាយការណ៍វាយតម្លៃអចលនទ្រព្យសង្ខេប និងមានលក្ខណៈពេញលេញដោយស្វ័យប្រវត្តិ ដោយមានការរៀបចំចងជាប្រព័ន្ធរូបមន្តត្រឹមត្រូវដោយអ្នកជំនាញ និងតាមស្តង់ដាវាយតម្លៃអចលទ្រព្យអន្តរជាតិ”។ លោកបន្តថា “លើសពីនេះអ្នកប្រើប្រាស់ អាចពិនិត្យមើលការវិវត្តនៃដំណើរការវាយតម្លៃ ចាប់ពីពេលបានដាក់បញ្ជូនសំណើ រហូតដល់ចេញជារបាយការណ៍វាយតម្លៃសង្ខេបជាស្ថាពរ”។

តាមរយៈសេវា អ៊ីនឌីខេសិន ផ្លើស ភ្លេតហ្វម នេះ លោកអ្នកអាចចូលប្រើ និងស្នើការវាយតម្លៃអចលនទ្រព្យ] បានគ្រប់ពេលវេលា ងាយស្រួល ឆាប់រហ័សប្រកបដោយទំនុកចិត្តខ្ពស់ ព្រមទាំងបានដឹងពីតម្លៃអចលនទ្រព្យគ្រប់ទីកន្លែងនៅទូទាំងប្រទេស ដែលអ្វីៗស្ថិតក្នុងដៃរបស់លោកអ្នកតែម្តង។

លោកសុខាលបានបញ្ជាក់ថា ភ្លេតហ្វមដែលបានបង្កើតឡើង មានផ្ទុកទិន្នន័យទូលំទូលាយ និងមានវិសាលភាពនៅទូទាំងប្រទេស៕

សម្ដេចតេជោនឹងចូលរួមកិច្ចប្រជុំកំពូលដ៏មានសារសំខាន់មួយដែលរៀបចំ ដោយប្រទេសកូរ៉េ

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជានឹងអញ្ជើញចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់មួយនៅចុងខែឧសភានេះ ដែលកិច្ចប្រជុំនេះរៀបចំដោយលោកម៉ូន ជេអ៊ីនប្រធានាធិបតីនៃសាធារណៈរដ្ឋកូររ៉េ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានចេញផ្សាយនាព្រឹកថ្ងៃទី២៨ ឧសភានេះបានឱ្យដឹងថា តបតាមការអញ្ជើញរបស់លោកមូន ចេអ៊ីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ ដែលនឹងប្រព្រឹត្តិទៅតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី៣១ ឧសភា ២០២១នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។

តាមសេចក្តីប្រកាសដដែលនេះថា “កិច្ចប្រជុំនេះបានលើកយកប្រធានបទ ការស្ដារបៃតងឡើងវិញប្រកបដោយបរិយាប័ន្ន ដើម្បីសម្រេចបាននូវអព្យាក្រឹតភាពកាបូន”។

សម្ដេចតេជោហ៊ុនសែន នឹងអញ្ជើញថ្លែងសុន្ទរកថាលើប្រធានបទ ការស្ដារបៃតងឡើងវិញ ប្រកបដោយបរិយាប័ន្នពីជំងឺកូវីដ១៩ នៅក្នុងសម័យប្រជុំកិច្ចសន្ទនារបស់ថ្នាក់ដឹកនាំ ដោយផ្ដោតទៅលើទិដ្ឋភាពសំខាន់ៗមួយចំនួន រួមមាន ១) ភាពចាំបាច់ក្នុងការកែសម្រួលគោលនយោបាយនិងធនធាន ដើម្បីអាចជម្នះដោយជោគជ័យ លើជំងឺរាតត្បាតកូវី១៩ ទី២ ផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុទៅលើសន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងទី៣ សារសំខាន់នៃការស្ដារបៃតងឡើងវិញ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ។

សម្ដេចតេជោក៏នឹងចែករំលែកអនុសាសន៍ ប្រកបដោយអត្ថន័យទូលំទូលាយ និងប្រាកដ ដល់កិច្ចប្រជុំកំពូលផងដែឬ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនិងភាពធន់ក្រោយវិបត្តិជំងឺកូវីដ១៩។

កិច្ចប្រជុំកំពូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ ជាគំនិតផ្ដួចផ្ដើមសកលដែលត្រូវបានដាក់ដំណើរការនៅឆ្នាំ ២០១៧ ។

គំនិតផ្ដួចផ្ដើមនេះ គឺជាវេទិកាពហុភាគីសម្រាប់រដ្ឋាភិបាល វិស័យធុរកិច្ច និងអង្គភាពសង្គមស៊ីវិលធ្វើការរួមគ្នា ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការផ្ដល់នូវដំណោះស្រាយ ប្រកបដោយនវានុវត្តន៍។

កិច្ចប្រជុំកំពូលនេះ នឹងផ្ដល់ឱកាសដល់សហគមន៍អន្តរជាតិ អាចបង្ហាញការប្ដេជ្ញាចិត្តរួមគ្នា ក្នុងការកសាងពិភពលោកដែលល្អប្រសើរ និងកាន់តែបៃតងឡើង ក្រោយវិបត្តិកូវីឌ១៩៕

ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អាមេរិកមកកាន់កម្ពុជាជាឱកាសមួយធ្វើ ឱ្យទំនាក់ទំនងទ្វេភាគីប្រសើរឡើង

ដោយៈ ប៊ី

ភ្នំពេញៈ លោកបណ្ឌិតគិន ភាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើការវិភាគ និងទស្សនៈជាច្រើនជុំវិញ “កម្ពុជា-អាម៉េរិក ត្រូវជួសជុលទំនាក់ទំនង ដែលប្រេះស្រាំ”។

លោកបណ្ឌិតគិន ភាបានសេរសរជាសំណេរវិភាគ ដែលបានចែកចាយលើបណ្តាញសារព៌តមានកាលពីម្សិលម៉ិញនេះថា ដំណើរទស្សនកិច្ច របស់លោកស្រី អនុរដ្ឋមន្រ្តីការបរទេសអាមេរិក Wendy R. Sherman មកកាន់កម្ពុជា ជាការអនុវត្តជាក់ស្តែង នូវនយោបាយការបរទេសថ្មី របស់សហរដ្ឋអាម៉េរិក ក្រោមរដ្ឋបាលរបស់លោក ចូ បៃដិន។

បើយើងពិនិត្យមើលទៅ រដ្ឋបាលរបស់លោក ចូ បៃដិន ហាក់ដូចជាដើរតាមមាគ៌ា របស់រដ្ឋបាលលោក អូបាម៉ា ចំពោះអាស៊ាន ប៉ុន្តែ មានការផ្តោតការយកចិត្តទុកដាក់បន្ថែមទៀត លើគូប្រជែង រវាងសហរដ្ឋអាមេរិក និងចិននៅក្នុងតំបន់។

ដំណើរទស្សនកិច្ចនៅតំបន់អាស៊ានរបស់លោកស្រីនៅតំបន់អាស៊ាន នឹងចាប់ផ្តើមពីថ្ងៃទី២៥ឧសភា ដល់ថ្ងៃទី៤មិថុនាខាងមុខនេះ។


យើងដឹងហើយថា អាស៊ីអាគ្នេយ៍ គឺជាតំបន់យុទ្ធសាស្ត្រមួយទាក់ទង នឹងជម្លោះភូមិសាស្ត្រនយោបាយ ដោយសារតែសារៈសំខាន់ របស់តំបន់នេះ ដូចជាសេរីភាព នៃការធ្វើនាវាចរណ៍នៅសមុទ្រចិនខាងត្បូង និងកម្លាំងពលកម្ម និងទីផ្សារធំរបស់អាស៊ាន។ ទន្ទឹមនឹងនោះ នៅមានហេតុផលមួយចំនួនទៀត គឺប្រទេសមួយចំនួន នៅក្នុងប្លុកអាស៊ាន ដូចជា ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម និង ប្រ៊ុយណេ ត្រូវបានគេមើលឃើញថា កំពុងប្រឈមុខជាមួយប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ច លំដាប់ទី២ នៅលើពិភពលោក។

ប្រទេស ដែលជាសមាជិកអាស៊ាន ដែលមានទំនាស់អធិបតេយ្យ នៅដែនសមុទ្រចិនខាងត្បូង ហាក់មានទំនោររកការគាំទ្រ ពីសហរដ្ឋអាម៉េរិក។

ដូច្នេះ ដំណើរទស្សនកិច្ច របស់លោកស្រី Sherman មកកាន់អាស៊ាន គឺបង្ហាញថា សហរដ្ឋអាមេរិក កំពុងពង្រីកអំណាច របស់ខ្លួននៅក្នុងតំបន់ និងកំពុងប្រមូលសម្ព័ន្ធមិត្តរបស់ពួកគេ ដើម្បីទប់អំណាចរបស់ចិននៅក្នុងតំបន់។

ដំណើរទស្សនកិច្ច របស់លោកស្រី Sherman មកកាន់កម្ពុជា សង្ឃឹមថា ជាឱកាសមួយ ដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី ដោយឆ្ពោះទៅរកការបង្កើតរបៀបវារៈ នាពេលអនាគត ប៉ុន្តែទំនងជាមិនអាចផ្លាស់ប្តូរអ្វីបានច្រើនទេ ដ្បិតទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក មិនសូវមានភាពរលូននាពេលកន្លងមក។

ប្រទេសទាំងពីរ ហាក់មានចំណុចមួយចំនួន នៅមិនយល់គ្នា ដូចជា មានភាពខុសគ្នាយ៉ាងខ្លាំង លើបញ្ហាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស និងកង្វះការទុកចិត្ត និងទំនុកចិត្តផ្នែកនយោបាយ ជាដើម។

បញ្ហានយោបាយផ្ទៃក្នុងកម្ពុជា ហាក់ដូចជាត្រូវបានសហរដ្ឋអាមេរិក ប្រើប្រាស់ ដើម្បីថ្នូរក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយកម្ពុជា។ ដូច្នេះ នាំឱ្យមានគេមើលឃើញថា សហរដ្ឋអាមេរិក បានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា ដោយផ្តល់ការគាំទ្រដល់គណបក្សប្រឆាំង និងលើកទឹកចិត្ត ដល់ក្រុមសង្គមស៊ីវិលក្នុងស្រុក និងអន្តរជាតិ ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយមូយចំនួន ដើម្បីបង្កើតការយល់ឃើញ “អវិជ្ជមាន” ចំពោះប្រទេសកម្ពុជា ដែលធ្វើឱ្យខូចមុខមាត់កម្ពុជា នៅលើឆាកអន្តរជាតិ។

ម្យ៉ាងវិញទៀត ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ហាក់ដូចស្ថិតក្រោមស្រមោលចិន។ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសប្រតិបត្តិការ ក្នុងការកសាងសហគមន៍ ដែលមានជោគវាសនារួមគ្នា រវាងកម្ពុជា និងចិន ធ្វើឱ្យកម្ពុជា ត្រូវបានគេចាត់ទុកថា ជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ចិន នៅអាស៊ីអាគ្នេយ៍ ខណៈដែលសហរដ្ឋអាមេរិក កំពុងប្រឈមមុខជាមួយចិន។ ដូច្នេះ ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ទំនងជាមិនមានការផ្លាស់ប្តូរអ្វីច្រើនទេ។

ឥរិយាបថ អ្នកការទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជាកន្លងមក ក៏ជះឥទ្ធិពលអវិជ្ជមាន ចំពោះទំនាក់ទំនង រវាងប្រទេសទាំងពីរដែរ។

ប៉ុន្តែឯកអគ្គរដ្ឋទូតថ្មី របស់សហរដ្ឋអាមេរិក លោកPatrick Murphy ជាអ្នកការទូតជើងចាស់ ប្រកបដោយវិជ្ជាជីវៈ និងចំណេះដឹងពីសង្គម និង វប្បធម៌កម្ពុជាច្រើន យើងកត់សម្គាល់ឃើញថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ មានស្ថិរភាព និងមានភាពប្រសើរឡើង។

យើងសង្ឃឹមថា “តាមរយៈសមត្ថភាពការទូត ប្រកបដោយវិជ្ជាជីវៈ របស់លោក Patrick Murphy និងតាមរយៈដំណើរទស្សនកិច្ច របស់លោកស្រី Sherman មកកាន់កម្ពុជា វាជាពេលវេលាមួយ ដែលប្រទេសទាំងពីរ ត្រូវជួសជុលទំនាក់ទំនងដែលប្រេះស្រាំ និងកសាងទំនុកចិត្តនិងភាពជឿជាក់គ្នាឡើងវិញ និងយល់ពីផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ផងគ្នាទៅវិញទៅមក”។

ទន្ទឹមនឹនោះដែរ ដំណើរទស្សនកិច្ចរបស់លោកស្រី Sherman មកកាន់កម្ពុជា ដើម្បីគាំទ្រឱ្យកម្ពុជា និងប្រទេសអាស៊ាន រួមគ្នាដោះស្រាយបញ្ហានៅភូមា គឺវាច្បាស់ណាស់ថា បញ្ហាភូមានឹងមិនអាចដោះស្រាយ បានចប់សព្វគ្រប់នៅឆ្នាំនេះទេ។ បញ្ហានេះ នឹងអូសបន្លាយរហូតដល់ឆ្នាំក្រោយ ឬយូរជាងនេះ ខណៈដែលឆ្នាំក្រោយនេះ ប្រទេសកម្ពុជា នឹងធ្វើជាប្រធានអាស៊ាន។

លោកស្រី Sherman មិនអាចទៅធ្វើទស្សនកិច្ចនៅភូមានោះទេ បើធ្វើដូច្នោះគឺហាក់ដូចជាសហរដ្ឋអាម៉េរិក ទទួលស្គាល់របបសឹកភូមា។ ដូច្នេះ សហរដ្ឋអាម៉េរិក ចាំបាច់ប្រើប្រាស់យន្តការអាស៊ាន និងជំរុញប្រទេសនានា ឱ្យជួយដោះស្រាយបញ្ហាភូមាវិញ។

ជាមួយគ្នានេះដែរ ដំណើរទស្សនកិច្ច របស់លោកស្រី Sherman មកកាន់កម្ពុជា ក៏បង្ហាញឱ្យឃើញពីចេតនា របស់សហរដ្ឋអាម៉េរិក ក្នុងការបង្កើតទំនាក់ទំនងល្អ ររវាងកម្ពុជា និងសហរដ្ឋអាម៉េរិក នាពេលបច្ចុប្បន្ននេះ “គឺសហរដ្ឋអាមេរិកដែលកំពុងព្យាយាមដាក់បញ្ចូលរបៀបវារៈ ដែលខ្លួនចង់បាន ទៅក្នុងរបៀបវារៈអាស៊ាន នៅពេលដែលប្រទេសកម្ពុជា ធ្វើជាប្រធានអាស៊ាន៕

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញគ្រោងបង្កើនការចែកចាយទឹកស្អាត និងបង្កើនចំណូលឲ្យបានខ្ពស់ជាងឆ្នាំមុន

ដោយៈតារា

ភ្នំពេញៈ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងបង្កើនចំណូលពីការធ្វើអាជីវកម្មទឹកស្អាតឲ្យបានជាង៣៤ម៉ឺនលានរៀល ខ្ពស់ជាងឆ្នាំ២០២០ប្រមាណជាង៦ភាគរយ ខណៈនៅក្នុងឆ្នាំ២០២០ ការប្រមូលចំណូលពីទឹកស្អាត បានជាង៣២ម៉ឺនលានរៀលប៉ុណ្ណោះ។

អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញលោកស៊ឹម ស៊ីថាបានឱ្យដឹងកាលពីម្សិលម៉ិញនេះថា ការអភិវឌ្ឍវិស័យទឹកស្អាតនេះ ផ្អែកតាមផែនការដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានអនុវត្តនាដើមឆ្នាំ និងការអនុម័តនៅក្នុងក្រុមប្រឹក្សាភិបាល ក្នុងនោះការចាំបាច់ គឺត្រូវផ្គត់ផ្គង់ទឹកស្អាតឲ្យគ្រប់ ទៅតាមគម្រោងផែនការដែលបានរៀបចំទុក ជាក់ស្តែងនៅក្នុងស្ថានភាព នៃការរីករាលដាលជំងឺកូវីដ-១៩ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅតែជំរុញការផលិតទឹកឲ្យបានគ្រប់គ្រាន់។

លោកបន្តថា នាពេលថ្មីៗនេះ ក្រុមប្រឹក្សាភិបាល បានសម្រេចបង្កើនចំណូលនៅក្នុងឆ្នាំ២០២១ ឱ្យខ្ពស់ជាងឆ្នាំ ២០២០ ដោយផ្អែកទៅលើផែនការ ដែលបានដាក់ចេញ រួមមាន៖ ការផលិតទឹកឲ្យបានច្រើន បង្កើនបណ្តាញចែកចាយ បង្កើនអតិថិជន ដែលជាអ្នកប្រើប្រាស់ និងការបង្កើនកិច្ចការពារ ទប់ស្កាត់ទឹកបាត់បង់។

ក្រៅពីនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏មានចំណូលអំពីការធ្វើសេវាកម្មផ្សេងៗផងដែរ ។

នៅក្នុងឆ្នាំ២០២១នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានដាក់ទិសដៅផលិតទឹកស្អាតឲ្យបានជាង២២៧លានម៉ែត្រគីប ការបង្កើនអតិថិជនប្រើប្រាស់ថ្មីឲ្យបានចំនួន២៧ពាន់បណ្តាញ ខណៈនៅឆ្នាំ២០២០ ការតបណ្តាញជូនអតិថិជនថ្មី បានត្រឹមជាង១៧ពាន់បណ្តាញ៕

ប្លង់គោលអភិវឌ្ឍន៍៍របស់សហគ្រាសកាណាឌីយ៉ានៅលើផ្លូវជាតិលេខ៥១បង្ហាញ រូបរាងពិតប្រាកដហើយ

ដោយៈគង់ ម៉ាលីន
ភ្នំពេញៈ នៅទីបំផុតប្លង់មេនៃគម្រោងសួនឧស្សាហកម្ម របស់សហគ្រាសកាណាឌីយ៉ានៅតាមបណ្តោយផ្លូវជាតិលេខ៥១ ដែលមានទំហំ៦០០ហិកតា និងកំពុងពង្រីកបន្ថែមបានបង្ហាញរូបរាងពិតហើយ។

ប្រធានគ្រប់គ្រងគំរោងសួនឧស្សាហកម្មរបស់គ្រាសកាណាឌីយ៉ា ផ្លូវជាតិលេខ៥១លោកគូ បូរិនបានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា សកម្មភាពអភិវឌ្ឍន៍ និងសាងសង់គំរោងនេះ បានចាប់ផ្តើមយ៉ាងសកម្ម ដោយបច្ចុប្បន្នក្រុមហ៊ុនកំពុងសាងសង់ផ្លូវមេទំហំ២០ម៉ែត្រ រៀបចំប្រព័ន្ឋលូធំៗ និងហេដ្ឋារចនាសម្ព័ន្ឋដទៃទៀត ខណៈបច្ចុប្បន្នក្រុមហ៊ុនកូរ៉េ ចិន និងក្រុមហ៊ុនមកពីប្រទេសមួយចំនួនទៀត កំពុងចាប់ផ្តើមត្រៀមចូលមកវិនិយោគក្នុងគំរោងនេះបណ្តើរៗហើយ។

លោកបន្តថា “ខ្ញុំមិនអាចបញ្ជាក់ថាគំរោងនេះ នឹងបញ្ចប់នាពេលណានោះទេ ព្រោះក្រុមហ៊ុន មានផែនការពង្រីកបន្ថែមនាពេលអនាគត ខណៈបច្ចុប្បន្នគំរោងនេះមានទំហំផ្ទៃដី៦០០ហិកតារួចហើយ”។ លោកបន្តថា “ក្នុងគំរោងនេះ នឹងមានដីសំរាប់លក់ ដីជួល និងឃ្លាំងសម្រាប់ជួល លើសពីនេះយើងក៏មានផ្សារផងដែរ”។

លោកគូ បូរិនបានបន្តឲ្យដឹងទៀតថា ដោយសារវាជាគម្រោងមានទំហំធំ យើងមិនអាចប៉ាន់ប្រមាណដឹងពីចំនួនភាគរយ ដែលយើងសម្រេចបាននៅឡើយទេ ប៉ុន្តែយើងអាចបញ្ជាក់បានថា ការងារកំពុងដើរទៅមុខយ៉ាងរលូន ជាមួយនឹងការអនុវត្តន៍តាមផែនការមេ និងទស្សនទានអភិវឌ្ឍន៍ដែលបានគូរដោយអ្នកជំនាញចិន៕

ទំនាក់ទំនងពាណិជ្ជកម្មរវាងអាមេរិកនិងប្រទេសចិនកំពុងវិវត្តន៍ល្អប្រសើរ

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ភាពតានតឹងនៃការធ្វើពាណិជ្ជកម្ម រវាងមហាអំណាចទាំងពីរទំនងជាធូរស្រាល និងអាចឈានទៅបញ្ចប់សង្រ្គាមពាណិជ្ជកម្ម ដែលបានបង្កឡើងក្នុងរដ្ឋបាលលោកប្រធានាធិបតីដូណាល់ ត្រាំ។

ក្រសួងពាណិជ្ជកម្មរបស់ចិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថា មន្ត្រីពាណិជ្ជកម្មមកពីសហរដ្ឋអាមេរិក និងចិនបានបើកកិច្ចពិភាក្សាដោយចំហ និងជាក់ស្តែង ដែលជាកិច្ចពិភាក្សាលើកដំបូង ក្រោមអាណត្តិរបស់លោកប្រធានាធិបតី បៃដិន ពេលដែលទីក្រុងវ៉ាស៊ីនតោនបានតាមដានថា តើទីក្រុងប៉េកាំង កំពុងបញ្ចប់កិច្ចព្រមព្រៀងកតិកាសញ្ញាពាណិជ្ជកម្មរបស់ខ្លួនឬយ៉ាងណា។

សង្គ្រាមពាណិជ្ជកម្មដែលរាលដាល ក្រោមអាណត្តិរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ បណ្តាលឲ្យមានតារាងពន្ធគយដាក់ទណ្ឌកម្ម លើទំនិញមួយចំនួនដែលត្រូវលក់រវាងប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទាំង២ នៅលើពិភពលោករងផលប៉ះពាល់យ៉ាងខ្លាំង។

ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលគេស្គាល់ថា “ដំណាក់កាលទី១” កាលពីខែមករាឆ្នាំ២០២០ ដែលទីក្រុងប៉េកាំងសន្យា បង្កើននូវការទិញរបស់ខ្លួនចំពោះផលិតផល និងសេវាកម្មរបស់ប្រទេសអាមេរិក យ៉ាងហោចណាស់តម្លៃ២០០ពាន់លានដុល្លារនៅឆ្នាំ ២០២០ និង២០២១។

អ្នកដឹកនាំការចរចាពាណិជ្ជកម្មជាន់ខ្ពស់អាមេរិក អ្នកស្រី Katherine Tai បានមានប្រសាសន៍៍ថា អ្នកស្រីកំពុងវិភាគថា តើលក្ខខណ្ឌនៃកតិកាសញ្ញាត្រូវបានបំពេញ ដោយភាគីចិនឬទេ ដោយអ្នកជំនាញខ្លះបាននិយាយថា ទីក្រុងប៉េកាំងខកខានបំពេញរហូតដល់ទៅ ៤០ភាគរយ លើកិច្ចព្រមព្រៀង ដើម្បីទិញទំនិញអាមេរិក។

នៅថ្ងៃព្រហស្បតិ៍នេះ សេចក្តីថ្លែងការណ៍ក្រសួងពាណិជ្ជកម្មចិន បានលើកឡើងថា ឧបនាយករដ្ឋមន្ត្រី ចិន លោក Liu He និង អ្នកស្រី Tai បានមានប្រសាសន៍ក្នុងការជជែកប្រកបដោយការស្ថាបនា ក្នុងឥរិយាបថស្មើភាព និងការគោរពគ្នាទៅវិញទៅមក។

កិច្ចព្រមព្រៀងដំណាក់កាលទី១ មានបំណងដើម្បីបញ្ចប់ នូវសង្គ្រាមពាណិជ្ជកម្ម រយៈពេលពីរឆ្នាំដែលបែកបាក់ បង្ហាញឡើងដោយអតីតប្រធានាធិបតី ត្រាំ ដែលធ្វើឲ្យស្រាំ ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន មិនបានដើរតាមវោហារសាស្ត្រពាណិជ្ជកម្មដ៏តឹងរឹងនោះទេ ដោយទទូចថាខ្លួននឹងរក្សាពន្ធគយនៅពេលនេះ។

ទីក្រុងវ៉ាស៊ីនតោន បានរក្សាតារាងពន្ធគយលើប្រភេទទំនិញចិន និងសម្ភារៈឧស្សាហកម្មមានតម្លៃ២៥០ពាន់លានប្រចាំឆ្នាំ។

នៅលើភាគីរបស់ខ្លួន ប្រទេសចិនរក្សាអត្រាពន្ធលើផលិតផល នាំចូលពីអាមេរិកដដែល៕

 

ក្រុមហ៊ុនOCICនឹងសាងសង់គម្រោងដ៏អស្ចារ្យមួយនៅលើទីក្រុងកោះនរា នាពេលខាងមុខ

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនOCICបានឲ្យដឹងថា ក្រុមហ៊ុននឹងសាងសង់គម្រោងមានភាពទាក់ទាញ និងអស្ចារ្យមួយនៅទីក្រុងកោះនរា ដែលកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ឋយ៉ាងសកម្មនាពេលនេះ។

អគ្គនាយករងក្រុមហ៊ុនOCIC លោកទូច សំណាងបានមានប្រសាសន៍ឲ្យដឹងថា គម្រោងត្រៀមនឹងសាងសង់នាពេលខាងមុខ វាជាគម្រោងដែលមានភាពទាក់ទាញដ៏ខ្លាំងមួយ សម្រាប់លើកស្ទួយមុខមាត់ទីក្រុងកោះនរា ដែលទស្សនទាននៃការអភិវឌ្ឍន៍មានភាពស្រដៀងគ្នានឹងទីក្រុងកោះពេជ្រផងដែរ។

ទោះជាយ៉ាងណាលោកមិនទាន់បង្ហើបឲ្យដឹងពីគំរោងនេះ មានទំហំបែបណា ជាគំរោងអ្វី និងបោញទុនវិនិយោគប៉ុន្មានរយលានដុល្លារនៅឡើយទេ។

លោកបន្តថា “ដើមឡើយគំរោងនេះ គ្រោងប្រកាសនិងបើកការដ្ឋានសាងសង់នៅខែមិថុនាឆ្នាំនេះ ប៉ុន្តែដោយសារជំងឺកូវីដ១៩ យើងបានពន្យាពេលគំរោងនេះ ហើយការងារជាក់ស្តែងរបស់ក្រុមហ៊ុន បានថមថយសកម្មភាពប្រមាណ៥០ភាគរយ ដោយសារបញ្ហាកង្វះកម្មករ និងបញ្ហាមួយចំនួនបណ្តាលមកពីជំងឺកូវីដ១៩។

លោកទូច សំណាងបានបន្តថា ទីក្រុងកោះនរា ដែលមានទំហំ១២៥ហហិកតានេះ បាននិងកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ ដែលគ្រោងចំណាយទឹកប្រាក់២០០០លានដុល្លារអាមេរិក និងគ្រោងបញ្ចប់ហេដ្ឋារចនាសម្ព័ន្ឋទាំងអស់ នៅឆ្នាំ២០២៣ខាងមុខនេះ។

អ្នកឧកញ៉ាពុង ឃាវសែអគ្គនាយកក្រុមហ៊ុនOCIC និងក្រុមហ៊ុនជាច្រើនទៀតបានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ ស្ពានតភ្ជាប់ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងកោះនរាក្រោមអធិបតីសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា គម្រោងអភិវឌ្ឈន៍កោះនរា នឹងចូលររួមចំណែកក្នុងការលើកស្ទួយ សេដ្ឋកិច្ចកម្ពុជាយ៉ាងច្រើន ដោយមួយឆ្នាំទីក្រុងនេះ អាចផ្តល់ផលចំណូលដល់រដ្ឋាភិបាល លើទឹកប្រាក់ចំនួន២៥០លានដុល្លារអាមេរិក៕

ក្រុមហ៊ុនដ៏ធំOffspring Inc របស់ម៉ាឡេស៊ីប្រកាសឈានចូលទីផ្សារកម្ពុជា

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្រុមហ៊ុនដ៏ធំ Offspring Inc របស់ម៉ាឡេស៊ី បានប្រកាសឈានជើងចូលទីផ្សារកម្ពុជា និងហ្វាំងឡង់ តាមរយៈការដាក់ចេញនូវផលិតផលរបស់ខ្លួន នៅប្រទេសទាំងពីរ។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ Scandasia នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១។

ក្រុមហ៊ុន Offspring Inc ដែលមានភាគហ៊ុន៥១% គ្រប់គ្រងដោយក្រុមហ៊ុនបច្ចេកវិទ្យាម៉ាឡេស៊ី Sedania ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាសុខភាព គឺផ្តោតលើផលិតផលសម្រាប់កុមារ ដែលក្នុងនោះក៏មានផលិតផលទារក សរីរាង្គគុណភាពខ្ពស់ផងដែរ។

យោងតាមសេចក្តីថ្លែងការណ៍នាពេលថ្មីៗនេះក្រុមហ៊ុន Sedania បានឱ្យដឹងថា ផលិតសម្រាប់ថែទាំកុមារ ដំបូងរបស់Offspring បច្ចុប្បន្នត្រូវបាននាំចេញទៅកាន់ប្រទេសសិង្ហបុរី ហ្វីលីពីន សហរដ្ឋអាមេរិក ប្រ៊ុយណេនិងរុស្ស៊ី ហើយផលិតផលរបស់ក្រុមហ៊ុននឹងត្រូវបានដាក់លក់នៅតាមបណ្តាញអនឡាញ សម្រាប់ប្រទេសទាំង៤ ប្រទេស រួមមានកម្ពុជា ហ្វាំងឡង់ អេស្បាញ និងកូរ៉េខាងត្បូង។

លោកAzrin Mohd Noor នាយកគ្រប់គ្រងក្រុមហ៊ុនSedania បានពន្យល់ថា ហាងលក់តាមប្រព័ន្ធអនឡាញ ត្រូវបានត្រួតពិនិត្យច្បាស់លាស់ ដោយក្រុមទីស្នាក់ការរបស់ពួកគេ ដែលជាផ្នែកមួយនៃកម្មវិធីចែកចាយអន្តរជាតិ ដ៏ទូលំទូលាយរបស់ក្រុមហ៊ុន។

លោក Azrin Mohd Noor បានបន្ថែមទៀតថា ប្រទេសមួយចំនួននេះ ក៏កំពុងប្រើប្រាស់វេទិកាទិញទំនិញ តាមគេហទំព័រល្បីៗ ដូចជា Lazada, Shopee និង Amazon ដើម្បីពង្រីកទីផ្សាររបស់ខ្លួនបន្ថែមទៀត៕

ដំណឹងល្អៈក្រុមហ៊ុនរុករករ៉ែមាសនឹងចាប់ផ្តើមទាញយកធនធានរ៉ែមាស នៅចុងឆ្នាំនេះ ក្នុងខេត្តមណ្ឌលគិរី

ដោយៈ គង់ សូរិយា

មណ្ឌលគិរីៈ ទីបំផុតដំណឹងល្អបានមកដល់ហើយ ស្របពេលដែលក្រុមហ៊ុនស្រាវជ្រាវរ៉ុករករ៉ែមាស បានប្រកាសពីវឌ្ឈនភាពរបស់ខ្លួន ដោយអាចទាញយករ៉ែមាសពីខេត្តមណ្ឌកគិរីនៅចុងឆ្នាំនេះ។

ក្រុមហ៊ុន Renaissance Minerals (Cambodia) គ្រោងនឹងចាប់ផ្តើមជីករ៉ែមាស ក្នុងតំបន់អាជ្ញាបណ្ណរបស់ខ្លួន នៅខេត្តមណ្ឌលគីរី ចុងឆ្នាំ២០២១នេះ ខណៈបច្ចុប្បន្នក្រុមហ៊ុនកំពុងពន្លឿនរៀបចំការងារត្រៀមជីក។

អគ្គនាយករ៉ែ នៃក្រសួងរ៉ែ និងថាមពល លោកយស់ មុន្នីរ៉ាត់ បានមានប្រសាសន៍ ឱ្យដឹងនៅក្នុងសប្តាហ៍នេះថា ការជីកយករ៉ែមាសនេះ នឹងធ្វើឡើងនៅលើអណ្តូងចំនួនមួយ ដែលមានជម្រៅប្រមាណ១០០ម៉ែត្រ។លោកបន្តថា ក្រោយពេលជីកបានហើយ ក្រុមហ៊ុននឹងនាំចេញទៅកែច្នៃនៅក្រៅប្រទេស ដោយសារតែកម្ពុជាមិនមានសេវាកម្មធ្វើបន្សុទ្ធមាសនោះទេ។

លោកបន្តថា “តាមផែនការទន្និផលមាស ដែលជីករំពឹងថានឹងមានបរិមាណ១០ម៉ឺនសអោន ក្នុងមួយឆ្នាំ ហើយរ៉ែមាសនឹងត្រូវនាំចេញ ទៅកាន់ប្រទេសទទួលស្គាល់គុណភាពរ៉ែមាស ដូចជាប្រទេសសឹង្ហបុរី និងអូស្រ្តាលី ដើម្បីបន្សុទ្ធមាសទឹក៩៩,៩ភាគរយ”។

លោកយស់ មុន្នីរ៉ាត់បានមានប្រសាសន៍ឲ្យដឹងទៀតថា ក្នុងបរិមាណដីទម្ងន់មួយតោន ក្នុងអណ្តូងរ៉ែមាសរបស់ក្រុមហ៊ុន មានបរិមាណរ៉ែមាសជាមធ្យម២,២ក្រាម៕

 

រដ្ឋាភិបាលអនុម័តទុនវិនិយោគលក្នុងទឹកប្រាក់ជាង១១៥លានដុល្លារសម្រាប់ខែឧសភា

ដោយៈ វឌ្ឈនៈ
ភ្នំពេញៈ ក្នុងខែឧសភាឆ្នាំ២០២១នេះ ក្នុងរយៈពេល៤សប្ដាហ៍កន្លង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន៩គម្រោង គិតជាទឹកប្រាក់ចំនួន ១១៥,៥លានដុល្លារអាមេរិក និងបង្កើតការងារប្រមាណជាង៤០០០កន្លែង។

យោងតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា តាំងពីដើមខែឧសភា២០២១ គម្រោងទាំង៩ដែលស្ថាប័ននេះបានអនុម័តឱ្យវិនិយោគ រួមមាន ១.គម្រោងបង្កើតរោងចក្រកែច្នៃម្ហូបអាហារ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១០កន្លែង។

២. គម្រោងបង្កើតរោងចក្របោកគក់ ជ្រលក់ពណ៌ និងបោះពុម្ព ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្រាំងទ្រា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៣,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១៨កន្លែង។

៣. គម្រោងបង្កើតរោងចក្រផលិតបំពង់ទីប ទុយោជ័រ និងបរិក្ខារបំពង់ជ័រ (PVC pipe fittings) គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិព្រៃរកា និងភូមិត្រពាំងជូន ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៩,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០១កន្លែង។

៤ គម្រោងបង្កើតរោងចក្រផលិតឱសថ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានទុនវិនិយោគចំនួន១២,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២១៥កន្លែង។
៥. គម្រោងបង្កើតរោងចក្រផ្គុំដំឡើង គ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទ គ្រឿងបន្លាស់អេឡិចត្រូនិក ម៉ាស់អេឡិចត្រូនិក និងឧបករណ៍បន្សុទ្ធខ្យល់ គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ២៩,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦២៨កន្លែង។

៦ គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន១៩៥បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ៤៨,៧លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួន៣៨០នាក់ ។

៧. គម្រោងបង្កើតរោងចក្រផលិតជីវគីមី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានទុនវិនិយោគប្រមាណ ២,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២១៣កន្លែង។

៨. គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃស្តេច ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ២,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៨៨នាក់ ។

៩. គម្រោងរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងនៅភូមិសំរោងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ភ្នំពេញ មានទុនវិនិយោគប្រមាណ៤,៥លានដុល្លារនិងបង្កើតការងារបានចំនួន១.៩២៩កន្លែង។
តាមការបង្កើតអនុម័តរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទៅលើគម្រោងវិនិយោគជាបន្តបន្ទាប់នេះ សបញ្ជាក់ថា កម្ពុជានៅតែទទួលបានការវិនិយោគជាហូរហែ ក្នុងបរិបទនៃវិបត្តិជំងឺកូវីដ១៩នេះ៕