ក្រុមមហាសេដ្ឋីអចលនទ្រព្យនៅសិង្ហបុរី សម្រុកដេញថ្លៃដីសាងសង់ ខណៈតម្រូវការលំនៅដ្ឋានមានសន្ទុះកើនឡើង

សុខុម

សិង្ហបុរី: មហាសេដ្ឋី Kwek Leng Beng និងមហាសេដ្ឋី Wee Cho Yaw ស្ថិតក្នុងចំណោមមហាសេដ្ឋីអចលនទ្រព្យមានជាងគេបំផុតនៅប្រទេសសិង្ហបុរី ដែលកំពុងសម្រុកដេញថ្លៃជួលដីរដ្ឋដើម្បីក្ដោបក្ដាប់ទីផ្សារអចលនទ្រព្យ ខណៈតម្រូវការលំនៅដ្ឋានក្នុងរដ្ឋបុរី (ប្រទេសមានតែក្រុង) នេះកំពុងមានសន្ទុះកើនឡើង។ នេះបើយោងតាមទស្សនាវដ្ឋី Forbes ចុះផ្សាយកាលពីថ្ងៃទី២៦ ឧសភា។

ក្រុមហ៊ុន Wee’s UOL Group របស់លោក Wee Cho Yaw បានដាក់សំណើដេញថ្លៃខ្ពស់បំផុតរហូតដល់២៨៨,២លានដុល្លារអាមេរិក សម្រាប់ទីតាំងដីជួល៩៩ឆ្នាំសម្រាប់សង់លំនៅដ្ឋាននៅតំបន់ Ang Mo Kio ប្រទេសសិង្ហបុរី ភាគខាងជើង។ ការដេញថ្លៃរបស់ក្រុមហ៊ុន UOL Group នេះធ្វើឡើងដោយចាប់ដៃគូសហការជាមួយក្រុមហ៊ុន City Developments របស់លោក Kwek Leng Beng ក្រុមហ៊ុន MCL Land ព្រមទាំងការវិនិយោគរួមគ្នារវាងក្រុមហ៊ុនឯកជន Far East Organization ដែលគ្រប់គ្រងដោយមហាសេដ្ឋីពីរនាក់បងប្អូន Robert និង Phillip Ng និងក្រុមហ៊ុនជប៉ុន Sekisui House ផងដែរ។

យោងតាមអាជ្ញាធរអភិវឌ្ឍន៍ទីក្រុងដែលគ្រប់គ្រងការដេញថ្លៃនេះឱ្យដឹងថា ទីតាំងដីខាងលើទាញបានការដេញថ្លៃសរុបចំនួន១៥។ ជាមួយនឹងផ្ទៃសរុប១២.៦៧៩ម៉ែត្រការ៉េ ទីតាំងនេះអាចអភិវឌ្ឍទៅជាអគារដែលមានផ្ទៃបាតសរុប៣១.៦៩៩ម៉ែត្រការ៉េ។

*ការដេញថ្លៃមួយទៀត

ទីតាំងលំនៅដ្ឋានរបស់រដ្ឋមួយកន្លែងផ្សេងទៀតនៅ Tengah Garden Walk ក្នុងតំបន់ Clementi បានទាក់ទាញចំណាប់អារម្មណ៍ខ្លាំងពីអ្នកដេញថ្លៃចំនួន៧នាក់។ នេះបើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍លំនៅដ្ឋានដែលគ្រប់គ្រងការដេញថ្លៃនោះ។ ក្រុមហ៊ុន Taurus Properties ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន City Developments និង MCL បានដាក់សំណើដេញថ្លៃខ្ពស់បំផុតចំនួន៣០២លានដុល្លារអាមេរិក។

ក្រុមហ៊ុន Taurus Properties បានចេញសេចក្តីថ្លែងការណ៍ថា ជាមួយនឹងផ្ទៃដីសរុប២២.០២០ម៉ែត្រការ៉េ ខ្លួនគ្រោងសាងសង់លំនៅដ្ឋានប្រមាណ៦២០យូនីតនៅលើទីតាំងដីជួល៩៩ឆ្នាំនៅតំបន់ Tengah Garden នេះ។

លោក Song Seng Wun អ្នកជំនាញសេដ្ឋកិច្ចនៅធនាគារឯកជន CIMB បានថ្លែងថា ចំណាប់អារម្មណ៍ខ្លាំងនៅក្នុងការដេញថ្លៃទីតាំងដីលំនៅដ្ឋានទាំងនេះ ឆ្លុះបញ្ចាំងពីទំនុកចិត្តលើសេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរី ដោយសារវិធានការស្ដារសេដ្ឋកិច្ចរបស់រដ្ឋាភិបាល។ រដ្ឋាភិបាលរំពឹងថា សេដ្ឋកិច្ចនឹងទទួលបានកំណើនចន្លោះពី៤%ទៅ៦%ក្នុងឆ្នាំ២០២១នេះ។

ទំនុកចិត្តបែបនេះ បានជំរុញឱ្យមានការសម្រុកដេញថ្លៃជួលទីតាំងដីលំនៅដ្ឋានក្នុងប្រទេសនេះ។ កាលពីដើមខែនេះ ក្រុមហ៊ុន City Developments ដេញថ្លៃឈ្នះក្រុមហ៊ុនអភិវឌ្ឍន៍ចំនួន៩ផ្សេងទៀតសម្រាប់ទីតាំងដីលំនៅដ្ឋាន និងពាណិជ្ជកម្មចម្រុះគ្នានៅតាមបណ្ដោយផ្លូវ Northumberland Road ក្នុងប្រទេសនេះ៕

តើកត្តាអ្វីខ្លះដែលវិស័យអចលនទ្រព្យកម្ពុជានៅតែមានសក្តានុពលក្នុងការវិនិយោគ ធៀបជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន

ដោយៈសាវុធ

ភ្នំពេញៈ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានលើកឡើងថា វិស័យអចលនទ្រព្យនៅកម្ពុជា នៅតែមានភាពល្អប្រសើរជាងគេ ធៀបជាមួយបណ្តាប្រទេស នៅក្នុងតំបន់អាស៊ាន ទាក់ទងនឹងឱកាសវិនិយោគ និងការទាញយកផលចំណេញពីការវិនិយោគ ខណៈចិនឈរ នៅលំដាប់កំពូលមួយក្នុងការវិនិយោគតំបន់អាស៊ាន។

ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិសមាគមអ្នកវាយតម្លៃ និងភ្នាក់ងាអចលនវត្ថុកម្ពុជា (CVEA) លោកលឹម សុជាតិបានលើកឡើងកាលពីថ្មីៗនេះថា បច្ចុប្បន្នមានអ្នកវិនិយោគិនច្រើន មកវិនិយោគនៅកម្ពុជាក៏ពិតមែន ប៉ុន្ដែកម្ពុជាមិនស្ថិតក្នុងលំដាប់ថ្នាក់ (Top4) នៃការវិនិយោគរបស់ចិនឡើយ ក្នុងចំណោមលំដាប់ថ្នាក់ទាំង៤នេះ មានតែក្នុងប្រទេសថៃ សឹង្ហបុរី វៀតណាម និងម៉ាឡេស៊ីប៉ុណ្ណោះ។

ទោះបីជាយ៉ាងនេះក្តី លោកបានថ្លែងថា “និយាយចំពោះអចលនទ្រព្យនៅកម្ពុជា មានភាពល្អជាងបណ្ដាប្រទេសផ្សេងៗ ដោយសារតែតម្លៃធូរ ហើយមានការលក្ខខណ្ឌអនុ គ្រោះច្រើន”។

 

លោកបន្ថែមថា និយាយជារួមចំពោះតំបន់អាស៊ាន ពិសេសប្រទេសកម្ពុជា វិនិយោគិនចិន ជាកម្លាំងទិញដ៏ធំមួយ មូលហេតុដែលចិនជាកម្លាំងទិញដ៏ធំ ដោយសារតែ ៧៨ភាគរយនៃប្រជាជនចិន ដែលមានអាយុចន្លោះ៣០-៤៩ ជាវ័យធ្វើការវិនិយោគរកប្រាក់ចំនេញ ហើយមួយវិញទៀត៦៧ភាគរយ នៃប្រជាជនចិនជាប្រជាជនដែលមានជីវភាពធូរធាខ្លាំងដែរ។

លោកលឹម សុជាតិបានបញ្ជាក់ថា “ផ្អែកលើកត្តាខាងលើនេះកម្ពុជា ខ្ញុំនៅតែមានសុទ្ធនិយមថា នៅពេលស្ថានភាពល្អប្រសើរឡើងវិញ ទោះល្អតែបន្ដិចក្ដីក៏កម្ពុជា នៅតែអាចទាក់ទាញវិនិយោគិន ពីក្រៅប្រទេសមកវិនិយោគនៅកម្ពុជា ពិសេសការវិនិយោគពីប្រទេសចិននេះតែម្ដង”។

ជាមួយគ្នានេះ លោកសន សៀបអនុប្រធានប្រតិបត្តិ CVEA បានលើកឡើងថា បន្ទាប់ពីជំងឺកូវីដ១៩ បានធូរស្បើយ ចិននឹងក្លាយជាប្រទេសទី១ ក្នុងការចូលមកវិនិយោគនៅកម្ពុជា។

លោកបានថ្លែងថា “ខ្ញុំជឿជាក់ថា បន្ទាប់ពីជំងឺកូវីដបានថមថយនៅកម្ពុជា ចិននឹងឈរលំដាប់ថ្នាក់ទី១ ក្នុងការវិនិយោគនៅកម្ពុជា។ និយាយជារួមក្រៅអំពីចិន ក៏មានប្រទេ សផ្សេងៗដូចជា កូរ៉េ តៃវ៉ាន់ ជប៉ុន ម៉ាឡេស៊ី សឹង្ហបុរី និងថៃជាដើមផងដែរ”។

លោកបន្ដថា វិស័យអចលនទ្រព្យ ជាវិស័យមួយដែលកម្ពុជា ទទួលបានផលដោយផ្ទាល់ ពីការវិនិយោគរបស់ចិន ជាក់ស្ដែងក្នុងក្រុងព្រះសីហនុ និងរាជធានីភ្នំពេញ។ កាលពីឆ្នាំ២០២០ ការវិនិយោគផ្ទាល់របស់ចិន មកតំបន់អាស៊ានកើន៥១ភាគរយ ហើយចំពោះកម្ពុជាការវិនិយោគរបស់ចិនកើនដល់៧០ភាគរយ៕

ប្រធានGRA: អ្នកទិញអចលនទ្រព្យមានឱកាសច្រើន អំឡុងពេលមានវិបត្តិ

ដោយៈ រតនៈ

ភ្នំពេញៈ ក្នុងអំឡុងសម័យកាល កូវីត១៩ ដែលបានអូសបន្លាយជាង២ឆ្នាំមកហើយនោះ អ្វីថ្មីបានកើតឡើង ហើយឱកាសថ្មីៗក៏បានកើតឡើងផងដែរដូចជាការធ្វើការតាមប្រព័ន្ធអនឡាញ ឬ ការលក់ដូរផ្សេងៗ ខណៈអ្នកជំនាញផ្នែកអចលនទ្រព្យក៏មើលឃើញថាឱកាសទិញអចលនទ្រព្យបានក្នុងតម្លៃល្អក៏មានច្រើនផងដែរសម្រាប់វិស័យមួយនេះ។

លោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកល (GRA) មានប្រសាសន៍ក្នុងកិច្ចសំភាសន៍ជាមួយPropertyarea នៅថ្ងៃទី ២៧ ខែឧសភានេះថា ក្នុងបញ្ហាគឺតែងតែមានឱកាស ក្នុងនោះសម្រាប់ការទិញ ដូរអចលនទ្រព្យក៏ដូចគ្នាអ្នកទិញអចលនទ្រព្យមានឱកាសច្រើនក្នុងការទិញក្នុងតម្លៃមួយសមរម្យ មិនថាតែអ្នកទិញសម្រាប់ធ្វើអាជីវកម្មទិញលក់ ឬទិញសម្រាប់ ស្នាក់នៅនោះទេ។

លោកបន្តថា អ្នកទិញអចលនទ្រព្យដែលមានឱកាសបំផុតគឺអ្នកដែលមានលុយហើយទិញដីឬផ្ទះទុកសម្រាប់ចំណេញ។

លោកសំ សុខនឿនបានបន្ថែមថា ក្នុងអំឡុងពេលមានជំងឺកូវីតនេះ គឺចំនួនអ្នកទិញអចលនទ្រព្យគឺថយចុះ ហើយការលក់វិញគឺមានមួយចំនួនតូចបញ្ចុះតម្លៃដោយសារតែអ្នកលក់ទាំងនោះមានបញ្ហាហិរញ្ញវត្ថុ និងខ្លះលក់នៅថេរ ដែលនេះជាឱកាសសម្រាប់អ្នកទិញ។

ជាមួយគ្នានេះ លោកមើលឃើញថាក្នុងអំឡុងកូវីតនេះប្រសិនបើអតិថិជនមិនអាចទិញអចលនទ្រព្យដោយប្រាក់សុទ្ធទេនោះគឺអាចបង់រំលស់ដោយប្រើរយៈពេលយូរ បើនិយាយជារួមគឺអ្នកទិញមានអំណាចក្នុងចរចារជាមួយអ្នកលក់ជាងពេលធម្មតា។

លោកក៏មើលឃើញផងដែរថា ប្រជាពលរដ្ឋហាក់យល់ច្រឡំ ដោយអ្នកខ្លះគាត់មានប្រាក់តែមិនចង់បញ្ចេញដោយគិតថាមិនគួរបញ្ចេញប្រាក់ក្នុងសម័យកូវីត ប៉ុន្តែអ្វីដែលលោក សំ សុខនឿនមើលឃើញគឺជាឱកាសល្អដែលគួរតែទិញព្រោះបើគាត់ចាំបាត់កូវីតគឺមិនមានតម្លៃល្អៗនោះទេ៕

អាជ្ញាធររាជធានីភ្នំពេញបន្ថែមតំបន់លឿងទុំក្នុងសង្កាត់ចំនួន២ បន្ទាប់ពីចំនួនអ្នកឆ្លងកើនឡើង

ដោយៈ រតនៈ

ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញកំណត់ផ្នែកខ្លះ នៃភូមិផ្សារតូច នៃសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ និងផ្នែកខ្លះនៃភូមិព្រៃទា១ នៃសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដែលមានអត្រាការឆ្លងកើនឡើងថ្មី ជា “តំបន់លឿងទុំ” សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៧ ខែឧសភា រហូតដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១។

ការកំណត់ “តំបន់លឿងទុំ” នេះគឺដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយមានអត្រាការឆ្លងកើនឡើងជាថ្មី។

សេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ចេញនៅយប់ថ្ងៃទី២៦ ខែឧសភានេះ បានឱ្យដឹងថា ផ្នែកខ្លះ នៃភូមិផ្សារតូច នៃសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ និងផ្នែកខ្លះ នៃភូមិព្រៃទា១ នៃសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដែលមានអត្រាការឆ្លងកើនឡើងជាថ្មី ត្រូវកំណត់ទៅជាតំបន់លឿងទុំ សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។

របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា បន្ទាប់ពីមានការផ្ទុះរាលដាលនៃវីរុសកូវីដ១៩ នៅក្នុងរោងចក្រ H7 នៅម្តុំផ្សារព្រៃទា គិតត្រឹមយប់ថ្ងៃទី ២៥ ខែឧសភា មានកម្មករប្រមាណជាង ២០០ នាក់ហើយបានឆ្លងជំងឺកូវីដ ១៩ ក្នុងចំណោមកម្មករ និងប្រជាពលរដ្ឋជាង ២ ០០០ នាក់ ហើយអ្នកពាក់ព័ន្ធបាននិងកំពុងបន្តយកសំណាកធ្វើតេស្ត៕

លំនៅឋានលំហែកាយនឹងក្លាយជាផ្នែកមួយពេញនិយមនៅពេលពលរដ្ឋកាន់តែមានជីវភាពធូរធា

ភ្នំពេញ ៖ គោលដៅរបស់មនុស្សម្នាក់ៗ គឺបំណងចង់បានលំនៅឋានផ្ទាល់ខ្លួនមួយសមរម្យ ហើយនៅពេលមានលំនៅឋានមួយអចិន្ត្រៃយ៍រួចហើយ ពួកគេនឹងស្វែងរកលំនៅឋានសម្រាប់លំហែកាយនៅចុងសប្ដាហ៍ឬថ្ងៃឈប់សម្រាកពេលបុណ្យទានម្ដងៗ ជាក់ស្ដែងក្នុងពេលនេះ សកម្មភាពនៃការអភិវឌ្ឍតំបន់លំហែកាយក៏ចាប់ផ្ដើមមានសកម្មភាពបន្តបន្ទាប់ផងដែរ ។

លោកច្រឹកសុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ថានៅពេលមានពលរដ្ឋកាន់តែមានជីវភាពធូរធា តម្រូវការលំនៅឋានសម្រាប់លំហែកាយនឹងមានកំណើនឡើង ដោយសារតែមនុស្សចង់សម្រាកលំហែកជួបជុំគ្រួសារពេលទំនេរពីការងារ ។

លោកបន្តថា សម្រាប់តំបន់ដែលមានសក្ដានុពលក្នុងការអភិវឌ្ឍលំនៅឋានលំហែកាយនេះគឺតំបន់ដែលមានសក្ដានុពលទេសចរណ៍បែបធម្មជាតិ ដូចជាកំពត កែប មណ្ឌលគីរី រតនគីរី តែសម្រាប់តំបន់ដែលមានសក្ដានុពលខ្លាំងគឺកំពតនិងកែបតែម្ដងព្រោះវានៅមិនឆ្ងាយពីភ្នំពេញ ។

ម្យ៉ាងវិញទៀត ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីភ្នំពេញទៅកាន់តំបន់ទាំងនោះក៏ស្រួល គេអាចធ្វើដំណើរទៅមកបានលឿននិងពេលខ្លះត្រលប់វិលល្ងាចបានស្រួលទៀតផង ។លោកថា៖« ពេលនេះមានវិនិយោគិនក្នុងនិងក្រៅស្រុកជាច្រើនក៏បានចាប់ផ្ដើមវិនិយោគលើចំការលំហែកាយ និងផ្ទះលំលែកាយជាបន្តបន្ទាប់ផងដែរ ហើយក៏មានអ្នកគាំទ្រជាច្រើន » ។

លោកបន្ថែមការអភិវឌ្ឍអចលនទ្រព្យប្រភេទនេះ នឹងកាន់តែពេញនិយមនៅពេលអនាគត នៅពេលពរលដ្ឋកម្ពុជាកាន់តែមានជីវភាពធូរធា និងចង់សម្រាកលហែជាលក្ខណៈគ្រួសារ ដោយមិនចង់ស្នាក់នៅផ្ទះសំណាក់ ឬសណ្ឋាគារ ដែលមានមនុស្សអ៊ូអរច្រើន ។

បើតាមលោកជិន ណារិន ភ្នាក់ងារអចលនទ្រព្យប្រចាំកំពតនិងកែបក៏បានឱ្យដឹងថា ពេលនេះអ្នកអភិវឌ្ឍន៍ដីធ្លីក៏បានបង្វែពីការអភិវឌ្ឍដីឡូត៏ ដែលមានទំហំ៥ម៉ែត្រគុណ២០ម៉ែត្រដូចមុនទៅជាអភិវឌ្ឍដីធ្លីមានទំហំធំៗ ដែលផ្ដោតលើលំនៅឋានលំហែកាយនៅតាមជើងភ្នំ ។ ការងារបែបនេះក៏ឃើញថាកំពុងទទួលបានការគាំទ្រពីសំណាក់ពលរដ្ឋជាពិសេសពលរដ្ឋរស់នៅរាជធានីភ្នំពេញនិងខេត្តផ្សេងៗ ។

លោកបន្តថា បើទោះបីជាមានបញ្ហាដោយសារតែកូវីដ១៩ក្ដី តែសកម្មភាពនៃការទិញលក់ដីធ្លីប្រភេទនិងដីធ្លីផ្សេងៗទៀតនៅតែសកម្មភាពជាហូរហែ ព្រោះតែការជឿជាក់លើរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺឆ្លងនេះ និងសក្ដានុពលនៃតំបន់សម្រាប់ការអភិវឌ្ឍនៅពេលឆាប់ៗនេះផងដែរ ៕

តើធនាគារណាធំជាងគេ និងមានលុយច្រើនជាងគេក្នុងពិភពលោកស្ថិតនៅ ក្នុងប្រទេសណា?

ដោយៈឧត្តម

អន្តរជាតិៈ លោកអ្នកប្រហែលជាបានស្គាល់រួចមកហើយនូវធនាគារធំៗ និងល្បីឈ្មោះទូទាំងពិភពលោក។ ប៉ុន្តែតើអ្នកដឹងទេថា ធនាគារណាធំជាងគេ និងមានលុយច្រើនជាងគេក្នុងពិភពលោក ហើយវាស្ថិតនៅក្នុងប្រទេសណា? អញ្ចឹងតោះ! មកស្វែងយល់ត្រួសៗទាំងអស់គ្នា។

យោងតាមគេហទំព័រ fxssi.com ដែលបានចុះផ្សាយកាលពីថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០២១កន្លងមកនេះឱ្យដឹងថា ធនាគារឧស្សាហកម្ម និងពាណិជ្ជចិន(Industrial and Commercial Bank of China (ICBC) បានជាប់ឈ្មោះជាធនាគារដែលធំជាងគេ និងមានលុយច្រើនជាងគេក្នុងពិភពលោក។

យោងតាមគេហទំព័រដដែលនេះឱ្យដឹងថា ការដាក់ចំណាត់ថ្នាក់ធនាគារធំៗ បំផុតក្នុងពិភពលោក គឺធ្វើឡើងដោយយោង ទៅលើទ្រព្យសកម្មសរុបរបស់ធនាគារទាំងនោះ។

ទិន្នន័យចុងក្រោយបានបង្ហាញថា ធនាគារ ICBC មានទ្រព្យសកម្មសរុបរហូតដល់ទៅ៤.៩១៣ពាន់លានដុល្លារ ហើយមូលធនទីផ្សារ(market capitalization) របស់ធនាគារនេះ មានសរុបដល់ទៅ២៣១ពាន់លានដុល្លារ។

ធនាគារនេះត្រូវបានបង្កើតឡើងនៅថ្ងៃទី០១ មករា ឆ្នាំ១៩៨៤ ហើយបច្ចុប្បន្នមានបុគ្គលិកជាង៤៥០.០០០នាក់។

ដោយមានទីស្នាក់ការកណ្ដាល នៅក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិន ធនាគារយក្សដែលគ្រប់គ្រងដោយរដ្ឋមួយនេះ ទទួលបានទុនពីក្រសួងហិរញ្ញវត្ថុចិន។

ធនាគារផ្សេងៗគ្នារបស់មហាយក្សចិន បានជាប់ចំណាត់ថ្នាក់កំពូលនេះ រយៈប៉ុន្មានឆ្នាំជាប់ៗគ្នា ក្លាយជាធនាគារដែលធំជាងគេ និងមានលុយច្រើនជាងគេក្នុងពិភពលោក។ នោះសរបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា សេដ្ឋកិច្ចរបស់មហាយក្សនៅអាស៊ី មួយនេះរីកចម្រើនខ្លាំងមិនធម្មតាឡើយក្នុងមួយឆ្នាំៗ៕

ការស្ថាបនាផ្លូវជាតិលេខ២សម្រចបាន៣៦% ខណៈវិស័យអចលនទ្រព្យតាមបណ្តោយផ្លូវនេះកំពុងបង្ហាញសក្តានុពល

ដោយៈ វតនៈ

ភ្នំពេញៈ អ្នកនាំពាក្យក្រសួងសាធារការ និងដឹកជញ្ជូនបានឱ្យដឹងថា កំណាត់ផ្លូវជាតិលេខ២ ដែលចាប់ផ្ដើមពង្រឹក និងធ្វើឲ្យប្រសើរឡើងកាលពីឆ្នាំ២០១៩ រហូតមកដល់ពេលនេះ សម្រេចបានប្រមាណ៣៦%ហើយ ខណៈអ្នកជំនាញលើកឡើងថា វិស័យអចលនទ្រព្យនៅតាមបណ្តោយផ្លូវជាតិនេះកំពុងបង្ហាញសក្តានុពល។

លោកវ៉ាស៊ឹម សុរិយាអ្នកនាំពាក្យក្រសួងសាធារការ និងដឹកជញ្ជូន បានប្រាប់បានថ្លែងប្រាប់ Propertyarea.asia នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះថា ក្នុងគម្រោងធ្វើឲ្យប្រសើរឡើងផ្លូវជាតិលេខ២ និង២២នេះ ក្រុមការងារក្រសួងបានបែកចែកជាច្រើនក្រុម គឺក្រុមការងារក្នុងគម្រោង គណៈកម្មការត្រួតពិនិត្យគម្រោង និងក្រុមការងារពិសេសរបស់រដ្ឋមន្ត្រីក្រសួង ដែលតែងតែចល័តចុះពិនិត្យការសាងសង់ ដោយមិនបានប្រាប់មុន។

លោកបានថ្លែងបន្តថា រហូតដល់ពេលនេះគឺការសាងសង់សម្រេចបានប្រមាណ៣៦%នៃគម្រោងហើយ ។ លោកបានដឹងទៀតថា ពីដំបូងការអនុវត្តគម្រោងហាក់យឺតយ៉ាវបន្តិច ប៉ុន្តែមិនអាចថា គម្រោងទាំងស្រុងយឺតនោះទេ ព្រោះថាម្ចាស់គម្រោងអាចនឹងពន្លឿនការសាងសង់នៅចុងគម្រោង។

លោកឌឹត ចាណ្ណាអគ្គនាយកក្រុមហ៊ុន Lucky Real Estate មានប្រសាសន៍ថា ផ្លូវជាតិលេខ២ គឺជាផ្លូវមួយខ្សែនៅភាគខាងត្បូងរាជធានីភ្នំពេញ ហើយកំណាត់ផ្លូវដែលកំពុងតែសាងសង់នេះគឺមិនឆ្ងាយពីរាជធានីភ្នំពេញនោះទេ។

លោកបានបន្តថា ក្រៅពីផ្លូវជាតិលេខ២ នៅតាមបណ្ដោយផ្លូវនេះមានសំណង់សំខាន់មួយទៀតគឺ ព្រលានយន្តហោះអន្តរជាតិ ដែលកំពុងសាងសង់ បូករួមតាំងតំបន់ពាណិជ្ជកម្មធំទៀតផងដែរ ដែលធ្វើឲ្យតាមបណ្ដោយផ្លូវនេះមានសក្ដានុពលលើវិស័យអចលនទ្រព្យ មិនថាពេលនេះ ឬទៅខាងមុខនោះទេ។

គម្រោងធ្វើឲ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២នេះ បានបើកការដ្ឋានសាង សង់ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយគម្រោងផ្លូវនេះមានប្រវែងសរុប៧២,១៧គីឡូម៉ែត្រ ក្នុងនោះ កំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ មាគម្រោងធ្វើឲ្យប្រសើរឡើងវិញនេះគ្រោងចំណាយថវិកា៥៦,១លានដុល្លារ ដែលជា ហិរញ្ញប្បទានពីរដ្ឋាភិបាលកូរ៉េខាងត្បូង និងថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា។

គម្រោងនេះ សាងសង់ដោយក្រុមហ៊ុន Hasan Engineering & Constructions Co., Ltd និងត្រួតពិនិត្យបច្ចេកទេសសាងសង់ ដោយសម្ព័ន្ធក្រុមហ៊ុន Dasan Constructions Co., Ltd, Dong II Engineering Consultants Co., Ltd និង Seoyoung Engineering Co., Ltd Join Venture ប្រើប្រាស់រយៈពេល៣០ខែ គឺពីខែតុលា ឆ្នាំ២០១៩ ដល់ខែមេសា ឆ្នាំ២០២២៕

IMF រំពឹងថាសេដ្ឋកិច្ចកម្ពុជានឹងកើនឡើង៤,២ភាគរយនៅឆ្នាំនេះនិង៦ភាគរយនៅឆ្នាំ២០២២

ដោយៈ លក្ខិណា

ភ្នំពេញៈ មូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ថា IMF បានព្យាករនិងរំពឹងថាសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានតាមការព្យាកររបស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិផ្សេងទៀត ដូចជាស្ថាប័នធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី ដោយនឹងកើន៤,២ភាគរយ ក្នុងឆ្នាំ២០២១នេះ និង៦ភាគរយនៅក្នុងឆ្នាំក្រោយ។

ការព្យាកររបស់ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិមួយនេះធ្វើឡើងនៅក្នុងវេទិកានៃថ្នាក់ដឹកនាំធនាគារ លើកទី១ឆ្នាំ២០២១កាលពីពេលថ្មីនៗនេះតាមប្រព័ន្ធវីដេអូអនឡាញ។

យោងតាមបទបង្ហាញរបស់អ្នកតំណាង IMF ប្រចាំប្រទេសកម្ពុជា និងជាសេដ្ឋវិទូជាន់ខ្ពស់របស់ IMF លោក Yasuhisa Ojima បានថ្លែងថា IMF រំពឹងថាសេដ្ឋកិច្ចកម្ពុជានឹងកើនឡើង៤,២ភាគរយនៅឆ្នាំនេះ និង៦ភាគរយនៅឆ្នាំ២០២២ បន្ទាប់ពីការធ្លាក់ចុះ៣,៥ភាគរយនៅឆ្នាំ២០២០។ ការព្យាករអំពីកំណើននឹងត្រូវបានពិនិត្យឡើងវិញ ដោយឆ្លុះបញ្ចាំងពីការកើនឡើងនៃការឆ្លងវីរុសកូវីដ១៩នាពេលថ្មីៗនេះ ជាពិសេសបន្ទាប់ពីមានព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ។

លោក Ojima បានបន្ថែមទៀតថាវិស័យហិរញ្ញវត្ថុមើលទៅមានស្ថិរភាព ដោយសារតែវិធានការណ៍គោលនយោបាយជាមួយនឹងការបន្ធូរបន្ថយលក្ខខណ្ឌហិរញ្ញវត្ថុ រួមមាន (LPCO, ទុនបម្រុងកាតព្វកិច្ចទាប) និងអនុញ្ញាតឱ្យមានការរៀបចំឥណទានឡើងវិញ រហូតដល់ដំណាច់ឆ្នាំ២០២១។

លោកបានបន្តថា ប៉ុន្តែ ភាពមិនច្បាស់លាស់នៅតែមានចំពោះសេដ្ឋកិច្ច ជាពិសេសឥណទានទៅលើវិស័យអចលនទ្រព្យនិងសំណង់ ដែលឥណទានខ្លះមិនស្ថិតនៅក្នុងប្រព័ន្ធធនាគារ និងភាពមិនច្បាស់លាស់នៃវិស័យទេសចរណ៍។ ដរាបណាភាពមិនប្រាកដប្រជានៅតែមាន គោលនយោបាយកម្រិតនៃការរឹតត្បិតនៃការបែងចែកចាយដើមទុននឹងត្រូវបានធានាដោយហេតុផលប្រុងប្រយ័ត្នបំផុត។

លោកបណ្ឌិតអ៊ិន ចាន់នីប្រធានសមាគមធនាគារនៅកម្ពុជា បានមានប្រសាសន៍ថា ពេលវេលានៃការពិភាក្សានេះគឺចំពេលបំផុត នៃវិបត្តិសេដ្ឋកិច្ច ខណៈពេលដែលធនាគារជាតិនៃកម្ពុជាទើបតែបានពន្យារលើយន្តការនៃការធ្វើឥណទានរៀបចំឡើងវិញរបស់វិស័យធនាគារនិងហិរញ្ញវត្ថុរហូតដល់ចុងឆ្នាំ២០២១នេះ ដូច្នេះហើយ ស្ថាប័នហិរញ្ញវត្ថុទាំងអស់នៅតែចាំបាច់នូវការយល់ ថាតើសេដ្ឋកិច្ចកម្ពុជានឹងវិវត្តយ៉ាងដូចម្តេចក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

លោកបន្តថា ដោយសារតែអតិថិជននៃគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជាច្រើនជួបប្រទះការលំបាកក្នុងការទូទាត់សងប្រាក់កម្ចី ហើយប្រហែល១២ភាគរយនៃឥណទានទាំងអស់ ត្រូវបានស្នើសុំររៀបចំឡើងវិញ ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចគឺមានសារៈសំខាន់បំផុតសម្រាប់អតិថិជនដែលទទួលកម្ចីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក៏ដូចជាស្ថាប័នហិរញ្ញវត្ថុដូចគ្នា៕

ប្រធានពាណិជ្ជកម្មអាមេរិក: សហរដ្ឋអាមេរិក នៅតែប្រឈមមុខនឹង “បញ្ហាប្រឈមធំៗ” ជាមួយមហាយក្សចិន

សុខុម
វ៉ាស៊ីនតោន/ប៉េកាំង- លោកស្រី Katherine Tai តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានលើកឡើងកាលពីថ្ងៃពុធ ទី២៦ ឧសភា ថា សហរដ្ឋអាមេរិក នៅតែប្រឈមមុខនឹង “បញ្ហាប្រឈមធំៗ” ក្នុងទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ខ្លួនជាមួយមហាយក្សចិន ដែលទាមទារឱ្យរដ្ឋការរបស់លោក ចូ បៃឌិន ផ្ដោតការយកចិត្តទុកដាក់ឱ្យបានខ្ពស់។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃទី២៧ ឧសភា នេះ។

លោកស្រីបាននិយាយជាមួយទីភ្នាក់ងារព័ត៌មាន Reuters ក្នុងបទសម្ភាសន៍មួយ មុនពេលចាប់ផ្ដើមកិច្ចសន្ទនាជាលើកដំបូងតាម Video Call ជាមួយលោក Liu He ឧបនាយករដ្ឋមន្ត្រីចិន ហើយក្នុងជំនួបនោះលោកស្រីបានលើកឡើងអំពី “ក្ដីកង្វល់នានា”។

ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) និយាយថា “អំឡុងកិច្ចសន្ទនាគ្នានោះ លោកស្រី Tai បានពិភាក្សាអំពីគោលការណ៍ណែនាំនៃគោលនយោបាយពាណិជ្ជកម្មផ្ដោតលើកម្មករនិយោជិតរបស់រដ្ឋការលោក ចូ បៃឌិន និងការបន្តពិនិត្យឡើងវិញរបស់លោកស្រីនូវទំនាក់ទំនងពាណិជ្ជកម្មសហរដ្ឋអាមេរិក-ចិន ហើយទន្ទឹមនេះក៏បានលើកឡើងពីក្ដីបារម្ភនានាផងដែរ”។

ក្រសួងពាណិជ្ជកម្មចិន បានចាត់ទុកកិច្ចពិភាក្សានេះថាជា “ការផ្លាស់ប្តូរយោបល់ប្រកបដោយភាពស្មោះត្រង់ មានហេតុផល និងមានលក្ខណៈស្ថាបនា”។ “ភាគីទាំងពីរចាត់ទុកថា ការអភិវឌ្ឍពាណិជ្ជកម្មទ្វេភាគីពិតជាមានសារៈសំខាន់ណាស់។ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកលើបញ្ហាក្ដីបារម្ភនានា ហើយបានឯកភាពគ្នារក្សាទំនាក់ទំនង”។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងប៉េកាំង បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ កាលពីខែមករា ឆ្នាំ២០២០ បន្ទាប់ពីផ្ទុះសង្គ្រាមពន្ធដាររយៈពេល២ឆ្នាំរវាងប្រទេសទាំង២ដែលសុទ្ធតែជាសេដ្ឋកិច្ចយក្សរបស់ពិភពលោក។

រដ្ឋការរបស់លោក ចូ បៃឌិន កំពុងធ្វើការពិនិត្យផ្ទៀងផ្ទាត់យ៉ាងទូលំទូលាយលើគោលនយោបាយពាណិជ្ជកម្មសហរដ្ឋអាមេរិក-ចិន មុនពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ ផុតសុពលភាពនៅចុងឆ្នាំ២០២១។

លោកស្រី Katherine Tai ថ្លែងថា “បញ្ហាប្រឈមជារួមដែលយើងមានជាមួយប្រទេសចិន គឺនៅតែមានដដែល ហើយបញ្ហាប្រឈមទាំងនោះធំខ្លាំងណាស់”។

នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ ខាងលើនេះតម្រូវឱ្យរដ្ឋាភិបាលក្រុងប៉េកាំង បង្កើនការទិញទំនិញកសិកម្ម ផលិតផលកែចនៃ ថាមពល និងសេវាកម្មរបស់សហរដ្ឋអាមេរិក ឱ្យបានច្រើន៕

រដ្ឋាភិបាលលើកទឹកចិត្តដល់វិស័យឯកជនឱ្យអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យឱ្យបាន១លានយូនីត

ដោយៈ ប៊ី

ភ្នំពេញៈ រដ្ឋាភិបាលកំពុងលើកទឹកចិត្តដល់វិស័ដោយយឯកជន ដើម្បីសាងសង់លំនៅដ្ឋានតម្លៃសមរម្យរហូតដល់ទៅ១លានយូនីត (ឯកតា) បន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

គោលនយោបាយនេះត្រូវបានពិភាក្សា ក្នុងសិក្ខាសាលា Rainmaking Cambodia តាមប្រព័ន្ធវីដេអូនៅប្រទេសកម្ពុជា ដោយលោកបេងហុង សុជាតិខេមរ៉ូអគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅដ្ឋាននៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីថ្មីៗនេះ។

លោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តក្នុងកាជំរុញគម្រោងអភិវឌ្ឍន៍គេហដ្ឋានតម្លៃសមរម្យ ជាពិសេសនៅភ្នំពេញ សៀមរាប ព្រះសីហនុ និងបាត់ដំបង។

លោកបានបន្ថែមថា ដ្ឋាភិបាលកំពុងពិនិត្យលើការលើកលែងពន្ធ និងការលើកទឹកចិត្តផ្សេងៗ ដូចជាការកាត់បន្ថយពន្ធកាត់ទុក ប្រាក់ចំណូល និងអាករលើតម្លៃបន្ថែម សម្រាប់ក្រុមហ៊ុន ដែលបានរៀបចំវិនិយោគក្នុងគម្រោងលំនៅដ្ឋានតម្លៃសមរម្យ។

គំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលក្នុងការបង្កើតហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដូចជាការតភ្ជាប់ផ្លូវថ្នល់ ការផ្គត់ផ្គង់ទឹក ប្រព័ន្ធបង្ហូរទឹក និងប្រព័ន្ធលូ ក៏ដូចជាការកែលម្អបណ្តាញអគ្គិសនីជាតិ ក៏ផ្តល់នូវមូលដ្ឋានចាំបាច់ សម្រាប់ការកសាងលំនៅដ្ឋានតម្លៃសមរម្យ។

ដើម្បីទទួលស្គាល់ថាជាគម្រោងតម្លៃមានតំលៃសមរម្យ លំនៅដ្ឋានតម្លៃសមរម្យនឹងត្រូវមានតម្លៃរង្វង់៣ម៉ឺនដុល្លារអាមេរិក តាមនិយមន័យជាសកលនៃគេហដ្ឋានតម្លៃសមរម្យដោយផ្អែកលើប្រាក់ចំណូលជាមធ្យមរបស់ប្រជាជនកម្ពុជាបច្ចុប្បន្ន៕